កម្ពុជាឆ្នាំ២០១៨តាមរយៈរូបថត

ពលរដ្ឋនៅរាជធានីភ្នំពេញគយគន់មើលប្រទីបរដ្ឋសភា ដាក់តាំងនៅមុខព្រះបរមរាជវាំងពេលរាត្រី ក្នុងឱកាសអបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប ​អកអំបុកនិង​សំពះព្រះខែ ដែល​​ប្រព្រឹត្ត​ទៅ​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ វិច្ឆិកា ឆ្នាំ ២០១៨ ដោយ​មាន​ការ​តាំង​ពិព័រណ៍ និង​ការ​ប្រ

ព្រឹត្តិការណ៍កម្ពុជាសំខាន់ខ្លះៗក្នុងឆ្នាំ២០១៨ តាមរយៈរូបភាព

ខែមករា

រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨

គ្រឿង​អលង្ការ​ធ្វើពីមាសនិង​សំរិទ្ធិ​តាំង​ពី​សម័យ​អង្គរ ត្រូវបាន​ប្រគល់ឲ្យ​ប្រទេស​កម្ពុជា​វិញ ដោយ​ក្រុមហ៊ុនមួយនៅចក្រភពអង់គ្លេស។ គ្រឿង​អលង្ការ​មួយចំនួន ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​សារមន្ទីរ​ជាតិ ចាប់ពីខែមករា ដល់​ខែកុម្ភៈ ឆ្នាំ២០១៨។

(រូបថតដោយ ទុំ ម្លិះ នៃ វីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨

ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ជំនួយ​និង​កញ្ចប់​វិនិយោគ​សរុប​ចំនួន​១៩ ក្នុង​ពិធី​ចុះ​ហត្ថលេខា​ពង្រឹង​ទំនាក់ទំនង​របស់​ប្រទេស​ទាំង​ពីរ នៅពេល​ប្រទេស​កម្ពុជា​ងាក​ចេញ​ឆ្ងាយ​ពី​ប្រទេស​លោក​ខាង​លិច​ដែល​ផ្តល់​ជំនួយ។ កិច្ចព្រមព្រៀង​នេះ​រួមមាន​កិច្ចព្រមព្រៀង​រវាង​សារជីវកម្ម​វិនិយោគ​បរទេស​នៅ​កម្ពុជា Overseas Cambodia Investment Corporation និង​ធនាគារ​អភិវឌ្ឍន៍​ចិន​ China Development Bank សម្រាប់​ការផ្តល់ប្រាក់​កម្ចី​ធ្វើ​អាកាសយានដ្ឋាន​ថ្មី​នៅ​សៀមរាប និង​កិច្ច​ព្រមព្រៀង​មួយ​ទៀត​ដើម្បី​ធ្វើ​ផ្លូវ highway ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ខេត្តព្រះ​សីហនុ​ ដែល​ជា​បណ្តុំ​វិនិយោគទុន​របស់​ចិន។

(រូបថតឯកសារដោយ AP)

រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «‍សេរីភាព​ក្នុង​ពិភពលោក​ឆ្នាំ​២០១៨៖ លទ្ធិប្រជាធិបតេយ្យ​កំពុង​ជួប​វិបត្តិ» ឬ​ Freedom in the World 2018: Democracy in Crisis បាន​បង្ហាញ​ថា ឆ្នាំ​២០១៧ គឺ​ជា​ឆ្នាំ​ទី​១២​ហើយ ដែល​សេរីភាព​នៅ​ជុំវិញ​ពិភពលោក បាន​ធ្លាក់​ចុះ​ជាប់ៗ​គ្នា​រហូត​ក្នុង​រយៈពេល​ជាង​១ទសវត្សរ៍​មក​នេះ។ ក្នុង​នោះ ប្រទេស​ចំនួន​៧១​រួម​ទាំង​កម្ពុជា​ផង ក្នុង​ចំណោម​ប្រទេស​១៩៥នៅ​លើ​ពិភពលោក បាន​ទទួលរង​ការ​ធ្លាក់​ចុះ​នូវ​សិទ្ធិ​នយោបាយ​និង​សេរីភាព​របស់​ពលរដ្ឋ ហើយ​ប្រទេស​តែ​៣៥​ប៉ុណ្ណោះ ដែល​មាន​ការ​កើន​ឡើង​ខាង​សិទ្ធិ​សេរីភាព​នេះ។

(រូបថតដោយ ខាន់ សុគុំមនោ នៃ វីអូអេ)

ឃុំរកា ខេត្តបាត់ដំបង ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨

កាល​ពី​ចុង​ឆ្នាំ​២០១៤ មាន​ករណី​ផ្ទុះ​ការ​ឆ្លង​មេរោគ​អេដស៍​ដ៏​ច្រើន​នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ ដោយ​មាន​អ្នក​ភូមិ​ជិត​៣០០​នាក់​បាន​ឆ្លង​មេរោគ​អេដស៍។ នៅ​បី​ឆ្នាំ​ក្រោយ​មក​ អ្នក​បាន​ឆ្លង​មេរោគ​អេដស៍២៩​នាក់​បាន​ស្លាប់ ហើយ​សព្វ​ថ្ងៃ​នេះ​ អ្នក​នៅ​រស់រាន​កំពុង​ប្រឈម​បញ្ហា​ជីវភាព​ធ្ងន់​ធ្ងរ។

(រូបថតដោយ ស៊ុន ណារិន នៃ វីអូអេ)

ខេត្តសៀមរាប ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨

ភ្ញៀវទេសចរ​នាំគ្នាទស្សនាប្រាង្គប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏ធំមួយរបស់ប្រទេសកម្ពុជា។ នៅខែមករានេះ ក្រសួងទេសចរណ៍ និង​អាជ្ញាធរ​អប្សរា បាន​ឲ្យដឹងថា ចំនួន​ទេសចរ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា​ ​បាន​កើន​ឡើង​ដល់​ទៅ​៥លាន​៦​សែន​នាក់​ នៅ​ក្នុង​ឆ្នាំ​២០១៧​ ​គឺ​កើន​ជិត​១២​ភាគ​រយ​ធៀប​នឹង​ឆ្នាំមុន​ ហើយ​បាន​ទាញ​យកចំណូល​រួម​ដែល​មាន​ប្រមាណ​ ​៣,៦​ ​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ​គឺ​កើន​ប្រមាណ​១៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៦។

(រូបថតឯកសារដោយ AP)

ខែកុម្ភៈ

រាជធានីភ្នំពេញ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨

មេធាវីម្នាក់របស់លោក កឹម សុខា បាន​ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្រៅសាលាឧទ្ធរណ៍ បន្ទាប់ពី​សវនាការសុំនៅក្រៅឃុំរបស់លោក កឹម សុខា បានបញ្ចប់។ សាលា​ឧទ្ធរណ៍បានសម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​អតីត​ប្រធាន​គណបក្សសង្គ្រោះជាតិ​ទៅ​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ភ្នំពេញ​ ​បើទោះ​ជា​ក្រុម​មេធាវី​របស់​លោក​ ​កឹម សុខា​ ​បញ្ជាក់​ថា​ ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​កំពុង​មាន​ជំងឺ​ដែល​ចាំបាច់ត្រូវ​ព្យាបាល​នៅក្រៅ​ពន្ធនាគារ​ក៏​ដោយ។

(រូបថតដោយលោក អូន ឆេងប៉រ នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨

លោក​ នេត សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ប្រកាស​ បាន​ថ្លែងនៅក្នុងពិធីសន្និបាទសរុប​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គមប្រចាំឆ្នាំ២០១៧ ថា​ ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​នេះ​ដាក់​ពន្ធនាគារ​ ​គឺ​ជា​ជោគជ័យ​ដ៏​ធំធេង​ដែល​នគរបាល​ជាតិ​កម្ពុជា​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៧​ ​ដើម្បី​រក្សា​សុខ​សន្តិភាព​ជូន​ប្រជាជន​កម្ពុជា។​

(រូបថតដោយលោក អូន ឆេងប៉រ នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨

ស្ត្រី​សកម្មជនដីធ្លីនៅតំបន់បឹងកក់ ជួបជុំគ្នាតវ៉ាឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី ឲ្យ​នៅក្រៅឃុំ បន្ទាប់ពីតុលាការដំបូងរាជធានីភ្នំពេញ បាន​សម្រេច​ឃុំ​ខ្លួន​អ្នកស្រី​កាលពី​ខែសីហា ឆ្នាំ២០១៦។ នៅថ្ងៃពុធនេះ តុលាការ​កំពូល​បាន​សម្រេច​តម្កល់​សាលដីកា​របស់​តុលាការភ្នំពេញ ដែល​បាន​កាត់​ទោស​អ្នកស្រី​ ទេព វន្នី ​សកម្មជន​ដីធ្លី​នាំ​មុខ​នៅ​សហគមន៍​បឹងកក់ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ និង​៦ខែ។

(រូបថតឯកសារដោយលោក ហ៊ុល រស្មី នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨

លោក Carl C. Risch ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការកុងស៊ុល ថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មានមួយនៅរាជធានីភ្នំពេញ បន្ទាប់ពីលោកបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសកម្ពុជាដោយបានជួបពិភាក្សាជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​បិទទ្វារ​រវាង​លោក​ ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​និង​លោក Carl C. Risch​ ​កម្ពុជា​បានឯកភាព​តាម​ការ​ស្នើ​ក្នុង​ការ​បន្ត​អនុវត្ត​ការធ្វើ​មាតុភូមិនិវត្តន៍ជនជាតិខ្មែរ​ពី​សហរដ្ឋអាមេរិក​មកវិញ។

(រូបថតដោយលោក អូន ឆេងប៉រ នៃវីអូអេ)

ខេត្តកោះកុង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨

លោក ឌឹម គុនឌី (ឆ្វេង) និងលោក ហ៊ុន វណ្ណៈ (ស្តាំ)​ រួមទាំងក្រុមគ្រួសារ ថតរូបនៅមុខសាលាដំបូងខេត្តកោះកុង បន្ទាប់ពីអ្នកទាំងពីរ ដែលជាសកម្មជន​បរិស្ថាននៃចលនាមាតាធម្មជាតិ ត្រូវបានតុលាការខេត្តដោះលេង​ឲ្យ​នៅក្រៅឃុំ។ សកម្មជនទាំងពីររូបត្រូវបានឃុំខ្លួន និងបាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ «ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល»​ និង​ ​«ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»​ ហើយដែល​បាន​ទទួល​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​មួយ​ឆ្នាំ​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​ ២០១៨​ តែ​ទោស​របស់​ពួក​គេ​ត្រូវ​បាន​ព្យួរ។​

(រូបថតផ្តល់ឲ្យដោយ CCHR)


អូស្ត្រាលី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨

ភរិយាលោក កែម ឡី អ្នកស្រី ប៊ូ រចនា និងកូនៗ បន្ទាប់ពីបានទៅដល់ប្រទេសអូស្រ្តាលី ក្រោយពីទទួលបានសិទ្ធិជ្រកកោន។ អ្នកស្រី រចនា និងកូនទាំងប្រាំនាក់ បានភៀសខ្លួនទៅ​រស់នៅបណ្តោះអាសន្ននៅប្រទេសថៃរយៈពេល​ជិត​១៨ខែ បន្ទាប់ពីស្វាមីរបស់អ្នកស្រី គឺលោក​បណ្ឌិត កែម ឡី ត្រូវបាន​ឃាតករធ្វើឃាតនៅកណ្តាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

(រូបថតដោយ SK Media Inc.)

រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨

ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​បាន​ផ្អាក​ទិដ្ឋាការ​អាទិភាព​សម្រាប់​ការ​ធ្វើ​ដំណើរ​ឯកជន​ដោយ​សមាជិក​រដ្ឋាភិបាល​កម្ពុជា ​រួម​ទាំង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បន្ទាប់​ពី​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​គណបក្ស​ប្រឆាំង​ សង្គម​ស៊ីវិល​និង​បណ្តាញ​ព័ត៌មាន​ឯករាជ្យ។

(រូបថតឯកសារដោយ Reuters)

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨

មន្ត្រីក្រុមប្រឹក្សាសង្កាត់មួយរូប កំពុងបោះឆ្នោតនៅការិយាល័យបោះឆ្នោតព្រឹទ្ធសភាមួយកន្លែងនៅក្រុងភ្នំពេញ។ ការបោះឆ្នោតព្រឹទ្ធសភាសម្រាប់នីតិកាលទី៤ ឆ្នាំ២០១៨នេះ ត្រូវបានធ្វើឡើងដោយគ្មានការប្រកួតប្រជែងពីគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយកាលពីឆ្នាំ២០១៧។ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស​កាន់អំណាច បាន​ឈ្នះអាសនៈទាំងអស់នៅព្រឹទ្ធសភា។ ជ័យជម្នះ​គណបក្ស​ប្រជាជន​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ បង្ហាញ​ជា​ផ្លូវការ​ថា ​គណបក្ស​កាន់​អំណាច​កាន់​កាប់​ស្ថាប័ន​រដ្ឋ​ម្នាក់​ឯង។​

(រូបថតដោយលោក អូន ឆេងប៉រ នៃវីអូអេ)

វ៉ាស៊ីនតោន ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨

បន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០១៨ បាន​ប្រព្រឹត្តទៅដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឈ្នះភ្លូកទឹកភ្លូកដីមក នៅថ្ងៃទី២៧ ខែកុម្ភៈ រដ្ឋាភិបាលអាមេរិកបានសម្រេច​កាត់​ជំនួយទៅកម្ពុជា​ គឺ​កម្មវិធី​ជំនួយ​របស់​ក្រសួង​រតនាគារ ​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ (USAID) និង​ជំនួយ​យោធា។ បើ​តាម​ទីភ្នាក់ងារ​ AFP រាយការណ៍​ឱ្យ​ដឹង​ថា​ ជំនួយ​ដែល​ត្រូវ​ប៉ះពាល់​មាន​ទឹក​ប្រាក់​ប្រហែល​៨,៣​លាន​ដុល្លារ

(រូបថតដោយ Reuters)

ខែមីនា

អូស្ត្រាលី ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨

ពលរដ្ឋខ្មែរអូស្រ្តាលី បាននាំគ្នាដុតរូបរបស់លោក ហ៊ុន សែន ហើយលោក ហ៊ុន សែន បានប្រាប់ឲ្យអ្នកដុតរូបរបស់លោក ប្តូរទៅដុតរូបនាគ ឬវាយកម្ទេចរូបនាគនៅតាមវត្តអារាមនានាវិញ។

(រូបថតដោយ SK Media Inc.)


រាជធានីភ្នំពេញ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨

លោក យឹង យន (ស្តាំទី២) ច្រៀងនៅមុនពេលមានសនិ្នសីទកាសែតមួយ នៅរាជធានីភ្នំពេញ។ លោក យឹង យន បាន​ទទួល​ការ​ឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក ដើម្បី​ផ្សព្វផ្សាយអំពី​សហរដ្ឋអាមេរិក តាមរយៈ​បទចម្រៀង និងតន្ត្រី​របស់លោក។

(រូបថតដោយ Reuters)

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨

អ្នកស្រី រ៉ូណា ស្មីត (ឆ្វេង) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ធ្វើសន្និសីទព័ត៌មាន អំពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា ក្នុងទីក្រុងភ្នំពេញ ដោយបានលើកឡើងថា កម្ពុជា​បាន​មក​ដល់​ផ្លូវបំបែក ហើយ​លទ្ធិ​ប្រជាធិបតយ្យ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​បើ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម​ការបោះឆ្នោត។

(រូបថតដោយលោក ហ៊ុល រស្មី នៃវីអូអេ)

ខេត្តកំពង់ស្ពឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨

ទាហាន​កម្ពុជា​និង​ទាហាន​ចិន ចូលរួម​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​ខេត្ត​កំពង​ស្ពឺ ដែល​ផ្តោត​លើ​ការ​ប្រឆាំង​អំពើ​ភេរវ​កម្ម ​និង​ការជួយ​សង្គ្រោះ​ដែល​បង្ហាញ​ពី​ចំណង​ទាក់ទង​យ៉ាង​រឹង​មាំ​រវាង​ប្រទេស​ទាំងពីរ ចំពេល​ទំនាក់​ទំនង​រវាងប្រទេស​កម្ពុជា​និង​ស.រ.អា.​មាន​សភាព​តឹង​តែង។​

(រូបថតដោយ Reuters)

ខេត្តកំពង់ធំ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨

យុវជន​កម្ពុជា​កំពុង​លេង​កីឡា​បេស្បល​នៅ​ទីលាន​មួយ​ ក្នុង​ឃុំបល្ល័ង ភូមិ​ដូងស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ។ កីឡា​បេស្បល​ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​បង្អស់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០២​ ​នៅ​ក្នុង​ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង​ ​ដោយ​លោក​ ​Joe Cook​ ​ជនជាតិ​ខ្មែរ​អាមេរិកាំង។

(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨

លោក Ayumi «Sanoizm» Chisolm អ្នកជំនាញគូរគំនូលើជញ្ជាំងនៃកម្មវិធីកម្រិតបន្ទាប់ Next Level និងជាគ្រូបង្រៀនម្នាក់ផងដែរ កំពុងគូររូបអ្នកនាង កាក់ ចន្ធី តារាចម្រៀងរ៉ក់ខេនរ៉ូលខ្មែរ ដែលទើបតែបាត់បង់ជីវិតកាលពីថ្ងៃទី២០ ខែមីនាកន្លងទៅ ក្នុងសន្និសីទបើកកម្មវិធី Next Level។

(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)

ខែមេសា

រាជធានីភ្នំពេញ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨

យុវជនកម្ពុជាអាយុចាប់ពី១៣ដល់២៣ឆ្នាំ កំពុងហាត់រាំ Hip Hop រយៈពេលពីរសប្តាហ៍ជាមួយអ្នកសិល្បៈមួយក្រុមមកពីសហរដ្ឋអាមេរិក នៅក្នុងមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh។

(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)

ខេត្តឧត្តរមានជ័យ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨

អ្នកស្រី អ៊ឹម ចែម អតីតកម្មាភិបាលខ្មែរក្រហម ដែលបានចូលសាសនាគ្រិស្តកាលពីខែមករា ឆ្នាំ២០១៨ បានផ្តល់បទសម្ភាសន៍ដល់ VOA នៅផ្ទះរបស់អ្នកស្រីនៅក្នុងភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

(រូបថតដោយលោក ស៊ុន ណារិន នៃវីអូអេ)

ខេត្តសៀមរាប ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨

នាយករដ្ឋមន្រ្តីនៃបណ្តាប្រទេសជាប់ទន្លេមេគង្គ រួមមានថៃ ឡាវ កម្ពុជា និងវៀតណាម ចូលរួមក្នុងកិច្ចប្រជុំកំពូលទន្លេមេគង្គ ដែលធ្វើឡើងនៅខេត្តសៀមរាប នៃប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។

(រូបថតដោយលោក ស៊ុន ណារិន នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨

រថភ្លើងត្រៀមចេញដំណើរពីស្ថាននីយរថភ្លើងជាលើកដំបូងទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។

(រូបថតដោយលោក ហ៊ុល រស្មី នៃវីអូអេ)

ខេត្តសៀមរាប ថ្ងៃទី១៤ ខែមេសា​ ឆ្នាំ២០១៨

ពលរដ្ឋចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងថ្ងៃទីមួយ នៅ​ខេត្តសៀមរាប​ ដែលមាន​ភ្ញៀវទេសចរចូលរួមជាង៥លាននាក់។

(រូបថតដោយលោក ប៉ូច រាសី នៃវីអូអេ)

ទីក្រុង Silver Spring រដ្ឋម៉ារីឡែន សហរដ្ឋអាមេរិក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨

កូនស្រី​ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​ម្នាក់ ត្រៀម​រាំ​របាំ​ប្រពៃណី​ខ្មែរ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលពលរដ្ឋខ្មែររស់នៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោនយ៉ាងច្រើនកុកករបានចូលរួម។

(រូបថតដោយលោក ចាប ចិត្រា នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨

លោក អ៊ួន ឈិន និងលោក យាង សុធារិន អតីតអ្នករាយការណ៍របស់វិទ្យុអាស៊ីសេរី អង្គុយនៅក្នុងរថយន្តដឹកអ្នកទោស នៅពេលដែលពួកគេបានមកដល់តុលាការឧទ្ធរណ៍ នៅរាជធានីភ្នំពេញ។ សាលា​ឧទ្ធរណ៍​ច្រានចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ជា​លើក​ទីពីរ។

(រូបថតដោយ Reuters)

រាជធានីភ្នំពេញ ថ្ងៃ២៣ ខែមេសា ឆ្នាំ២០១៨

ប្រជាពលរដ្ឋពីខេត្តក្រចេះដែលរងជម្លោះដីធ្លី ទល់នឹងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឡើងមកដង្ហែញាត្តិតាមដងផ្លូវនៅរាជធានីភ្នំពេញ ទាមទារសុំការដំណោះស្រាយដោយរដ្ឋាភិបាលទៅលើការបាត់បង់ដីធ្លីដែលពួកគាត់អះអាងថាជារបស់ពួកគាត់។ នេះជាលើកទី២។

(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨

តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដោះលែង​ លោក​ ញឹក ប៊ុនឆៃ ​ឲ្យស្ថិត​នៅក្រៅ​ឃុំជា​បណ្តោះអាសន្ន ​នៅថ្ងៃ​ច័ន្ទ​ ទី​៣០ ខែ មេសា ​ឆ្នាំ២០១៨​នេះ។ លោក ​ញឹក ប៊ុនឆៃ ​ជាអតីត​ប្រធាន​គណបក្ស​ខ្មែររួបរួមជាតិ​ និង​ធ្លាប់​ជា​អតីត​ឧបនាយក​រដ្ឋមន្ត្រី​ ត្រូវ​អាជ្ញាធរ​ចាប់ឃុំ​ខ្លួន​កាលពី​ដើម​ខែសីហា​ ឆ្នាំ​២០១៧ ​ពី​បទ​ពាក់ព័ន្ធ​នឹង​ការ​សម​គំនិត​រឿង​គ្រឿង​ញៀន​ និង​នាំ​ចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿង​ញៀន​កាលពី​ឆ្នាំ​២០០៧។

(រូបថតឯកសារដោយកញ្ញា ហ៊ាន សុជាតា នៃវីអូអេ)

ខែឧសភា

រាជធានីភ្នំពេញ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨

ក្រុមកម្មករសំណង់ កាន់បដាទាមទារឲ្យមានការអនុវត្តដ៏ត្រឹមត្រូវនិងមានប្រសិទ្ធភាពនៃរបបសន្តិសុខសង្គម (បសស) នៅក្នុងពិធីជួបជុំប្រារព្ធទិវាពលកម្មអន្តរជាតិប្រចាំឆ្នាំ២០១៨។

(រូបថតដោយលោក ហ៊ុល រស្មី នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨

កុមារីម្នាក់ដែលត្រូវជាកូនរបស់ពលទាហានមួកខៀវកម្ពុជា ឈរនៅក្នុងពិធី​ជូន​ដំណើរ​ដល់​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ ៤២៨​នាក់​ ដែល​នឹង​ចេញ​ដំណើរ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្នុងប្រទេស​ម៉ាលី និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង នា​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង។

(រូបថតដោយលោក អូន ឆេងប៉រ នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨

លោក កៃ គឹមសុង (ពាក់វែនតា) និពន្ធនាយកកាសែតឌឹ​ភ្នំពេញ​ប៉ុស្តិ៍ និយាយទៅកាន់អ្នកសារព័ត៌មានក្រោយពីរូបលោកត្រូវបានបណ្តេញចេញពីការងារ។

(រូបថតដោយ AP)


រាជធានីភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨

លោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam) និងក្រុមការងារ ចាប់ផ្ដើមមើលប័ណ្ណសារផ្ទាល់ខ្លួនរបស់ឧត្ដមសេនីយ៍ ឡេះ កូសែម ដែលត្រូវបានបរិច្ចាគនាពេលថ្មីៗដល់មជ្ឈមណ្ឌលនេះ សម្រាប់ការសិក្សាស្រាវជ្រាវ។

(រូបថតដោយលោក អូន ឆេងប៉រ នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨

ម្ចាស់ថ្មីរបស់កាសែតភ្នំពេញប៉ុស្តិ៍ លោក Siva Kuma Ganapathy ធ្វើសន្និសីទសារព័ត៌មានជាលើកដំបូង ដោយច្រានចោល​ការ​ចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹង​រដ្ឋាភិបាលកម្ពុជា។

(រូបថតដោយលោក ស៊ុន ណារិន នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨

ទិដ្ឋភាពនៃការសម្តែងក្នុងទិវាជាតិនៃ​ការ​ចង​ចាំ អំពី​ការ​ឈឺចាប់​ពីឧក្រិដ្ឋ​កម្មក្នុងរបប​ខ្មែរក្រហម ដែលបាន​ធ្វើ​ឡើង​កាលពីថ្ងៃ​ទី​២០ ខែឧសភា​ ឆ្នាំ២០១៨ នៅឯ​មជ្ឈ​មណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក រាជធានីភ្នំពេញ។

(រូបថតដោយលោក ហ៊ុល រស្មី នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨

ក្រុមយុវតី Five Infinities ធ្វើបទបង្ហាញគំនិតពាណិជ្ជកម្ម នៅការប្រកួតថ្នាក់ជាតិសម្រាប់ Technovation Cambodia នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

(រូបថតដោយកញ្ញា នូវ ពៅលក្ខិណា នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨

សៀវភៅ «The Royal House of Cambodia‍» ​ទាក់ទង​នឹងរាជវង្ស​ខ្មែរ ត្រូវបាននិពន្ធ និងរៀបរៀង​ដោយ​អ្នក​សរសេរ​ប្រវត្តិរបស់​រាជវង្សខ្មែរ​ គឺ​លោក​ Julio A. Jeldres។

(រូបថតដោយ វីអូអេខ្មែរ)

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨

មន្ត្រីនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត បាន​ចាប់លេខរៀងឲ្យគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ដោយទទួលបានលេខ២០ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិទី៦ ដែលប្រព្រឹត្តឡើងដោយគ្មានការចូលរួមពីគណបក្សប្រឆាំងដ៏ធំមួយគឺគណបក្សសង្គ្រោះជាតិ​ដែលត្រូវបានតុលាការរំលាយកាលពីឆ្នាំ២០១៧។

(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨

រូបថតតំណាងធ្វើត្រាប់តាមការប្រគល់លិខិតឆ្លងដែន និងប្រាក់ចំនួន១១៥ដុល្លារ ដែលលើសតម្លៃកំណត់ត្រឹមតែ១០០ដុល្លារ សម្រាប់សេវាធ្វើលិខិតឆ្លងដែនធម្មតា។

(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)

ខែមិថុនា

រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨

ស​ហរដ្ឋ​អាមេរិក​បាន​សម្រេច​នៅ​ថ្ងៃ​អង្គារ​នេះ​ដាក់ទណ្ឌកម្ម​លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង​ អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមភូមិន្ទ និង​ជា​មេបញ្ជាការ​នៃបញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ដោយសារតែ​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​និង​វាយប្រហារ​លើជនរងគ្រោះជាច្រើនក្នុងនោះមានពលរដ្ឋ​អាមេរិកាំង​ម្នាក់ផងដែរ។

(រូបថតឯកសារដោយ Reuters)

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨

រូបថត​អ្នក​ម្នាង​ ​អ៊ុក ផល្លា​ ​ភរិយារបស់សម្តេច​ក្រុម​ព្រះ​នរោត្តម ​រណឫទ្ធិ​ ដែលបានបាត់​បង់​ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីថ្ងៃទី១៧ ខែមិថុនា។

(រូបថតដោយ AP)


រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨

ថ្មដែលអ្នកអវកាសសហរដ្ឋអាមេរិកយកមកពីឋានព្រះច័ន្ទត្រូវបានផ្តល់អោយប្រទេសកម្ពុជា នៅឆ្នាំ ១៩៧៣ ត្រូវបានដាក់បង្ហាញជាសារធារណនៅក្នុងសារមន្ទីរជាតិនៃកម្ពុជា។

(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨

សន្តិសុខដែលត្រូវបានស្ថានទូតសហរដ្ឋអាមេរិកបញ្ឈប់កាលពីប៉ុន្មានខែមុននិងគ្រួសាររបស់ពួកគេ បានមកធ្វើបាតុកម្មតវ៉ារកយុត្តិធម៌ដោយអហិង្សានៅខាងមុខស្ថានទូតអាមេរិករាជធានីភ្នំពេញ​។

(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨

គ្រឿងញៀនដែល​ត្រូវបានរឹបអូស ត្រូវបានដុតបំផ្លាញនៅក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ។

(រូបថតដោយ Reuters)

ខែកក្កដា

រាជធានីភ្នំពេញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨

អ្នកចូលរួមម្នាក់ត្បាញក្រមាលើកីតម្បាញ ដែលដាក់សម្រាប់កម្មវិធីត្បាញក្រមាខ្មែរវែងជាងគេ ឲ្យបានប្រវែង ១០០០ ម៉ែត្រ ដើម្បីចុះក្នុងកំណត់ត្រាឯតទគ្គកម្មពិភពលោក សម្រាប់កម្ពុជាក្នុងឆ្នាំ២០១៨ នៅក្នុងវាលព្រះមេរុ នៅរាជធានីភ្នំពេញ។ នៅថ្ងៃទី១ ខែកុម្ភៈនេះ កម្ពុជា​បានឈ្នះ​ពាន​រង្វាន់​កំណត់ត្រា​ពិភពលោក ​Guinness សម្រាប់​ក្រមា​វែង​បំផុត​។

(រូបថតឯកសារដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)

ខេត្តកណ្តាល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨

កម្មកររោងចក្រថតរូបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខេត្តកណ្តាល មុន​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិទី៦ ឈានមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ខាង​មុខនេះ។ ​ការ​ចុះ​ជួបកម្មករ កម្មការិនីក្នុងរយៈ​ពេលជាង​១០​ខែ​មក​នេះ​ ​លោក​ ​ហ៊ុន សែន​ ​បាន​ចំណាយ​ថវិកា​ជាតិ​អស់​ជាង​៣លាន​៤​សែន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។

(រូបថតដោយ Reuters)

រាជធានីភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨

លោក ញឹក ប៊ុន​ឆៃ​ ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​មុន​ពេល​ចេញ​ដំណើរ​នៅ​ថ្ងៃ​ដំបូង​នៃ​ការឃោសនា​ស្វែង​រក​សំឡេង​គាំទ្រ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦។

(រូបថតដោយកញ្ញា ទី អូលីហ្សា នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨

អ្នកគាំទ្រគណបក្សឆន្ទ:ខ្មែរ នៅក្នុងការធ្វើសមាជ នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅក្នុងទីស្នាក់ការគណបក្ស។

(រូបថតដោយលោក គី ម៉េងលី នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨

ក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ នៅតាមបណ្ដោយផ្លូវរដ្ឋសភា នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំង​តំណាងរាស្ត្រអាណត្តិទី៦។

(រូបថតដោយកញ្ញា​ ទី អូលីហ្សា នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨

​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន (គប​ម) ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​អណត្តិ​ទី៦​។

(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨

កងកម្លាំងប្រដាប់អាវុធសរុប​ចំនួន​៤៦២៥​នាក់ ​ដែល​បំពាក់កាំភ្លើង​ស្វ័យ​ប្រវត្តិ​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ពហុ​កីឡាដ្ឋាន​អូឡាំពិក ដើម្បីត្រៀមបង្ក្រាប​ការតវ៉ា​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត។ ​លោក​ ជួន សុវណ្ណ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថា ​កង​កម្លាំង​ទាំង​នេះ​នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ទូទាំង​ទីក្រុង​ដើម្បី​រក្សា​សន្តិសុខ ​នៅ​ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃ​អាទិត្យ។

(រូបថតដោយ Reuters)

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨

ប្រទេស​ជប៉ុន​ បាន​និយាយ​នៅថ្ងៃ​ពុធនេះ​ថា ​ខ្លួន​នឹង​មិន​បញ្ជូន​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ មក​សង្កេត​ការណ៍​បោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នៅកម្ពុជា ដែលនឹងប្រព្រឹត្តឡើងដោយគ្មានការចូលរួមពីគណបក្សប្រឆាំងដ៏ធំមួយគឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយកាលពីឆ្នាំ២០១៧។​

(រូបថតឯកសារដោយ AP)

រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨

ក្រុមអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កំពុងលើទង់ជ័យអបអរសាទរចំពោះប្រសាសន៍របស់លោកខឹម វាសនា នៅលើកំណាត់ផ្លូវតេជោហ៊ុន សែន នាថ្ងៃចុងក្រោយនៃការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ដែលគ្មានការចូលរួមពីគណបក្សប្រឆាំងដ៏ធំមួយ គឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយកាលពីឆ្នាំ២០១៧។

(រូបថតដោយលោក គី ម៉េងលី នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង​មុន​នឹងការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ចុងក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦​ ដោយសន្យានាំ​សន្តិភាព​និង​ការ​អភិវឌ្ឍ។

(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨

គេហទំព័រវីអូអេ និងគេហទំព័រព័ត៌មាន១៤ផ្សេងទៀត ត្រូវបានរារាំងមិនឲ្យចូល​ទៅមើលបាន មួយថ្ងៃមុន​ថ្ងៃបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦​។

(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨

ពលរដ្ឋតម្រង់​ជួរ​រង់​ចាំ​បោះឆ្នោត​ នៅ​ការិយាល័យ​បោះឆ្នោត​មួយកន្លែង ​ក្នុង​សាលាបឋមសិក្សា ព្រះ​នរោត្តម រាជធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលធ្វើឡើងដោយគ្មានការចូលរួមពីគណបក្សប្រឆាំងដ៏ធំមួយ គឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកាលពីឆ្នាំ២០១៧។

(រូបថតដោយលោក ស៊ុន ណារិន នៃវីអូអេ)


ខេត្តកណ្តាល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមការបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយ នៅក្រុងតាខ្មៅ។

(រូបថតដោយ Reuters)


រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨

មន្ត្រីរៀបចំការបោះឆ្នោតលើកបង្ហាញសន្លឹកឆ្នោតមិនបានការមួយសន្លឹក បន្ទាប់ពីការិយាល័យ​បោះឆ្នោតនៅទូទាំងប្រទេសបានបិទ នៅសង្កាត់បឹងកេង​កង២ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។

(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨

បុរស​ម្នាក់​ទម្លាក់​សន្លឹក​ឆ្នោត​របស់​លោក​ទៅ​ក្នុង​ហិប​ឆ្នោត ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលធ្វើឡើងដោយគ្មានការចូលរួមពីគណបក្សប្រឆាំងដ៏ធំមួយ គឺគណបក្សសង្គ្រោះជាតិ​ដែលត្រូវបានតុលាការរំលាយកាលពីឆ្នាំ២០១៧។

(រូបថតដោយកញ្ញា ទី អូលីហ្សា នៃវីអូអេ)

​រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨

ពលរដ្ឋខ្មែរនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ដោយចាត់ទុកការបោះឆ្នោតនេះជាការបោះឆ្នោតក្លែងក្លាយ។

(រូបថតដោយកញ្ញា យូ សុធារី នៃវីអូអេ)


រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨

អ្នក​នាំ​ពាក្យ​សេតវិមាន​ លោកស្ត្រី Sarah Huckabee Sanders ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។ សេតវិមាន​កាល​ពី​ល្ងាចថ្ងៃ​អាទិត្យ​ទី​២៩ ខែ​កក្កដា​នេះ បាន​ចេញ​សេចក្តីការណ៍មួយ​ថ្កោល​ទោស​ការ​បោះឆ្នោត​កម្ពុជា​ ដែល​មិន​មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង​សំខាន់​ជាង​គេ និង​ព្រមាន​ចាត់​វិធានការ​ទណ្ឌកម្ម​បន្ថែម​ទៀត។

(រូបថតដោយ AP)

រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨

គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសថា ខ្លួនឈ្នះបាន ១២៥អាសនៈនៅរដ្ឋសភា ក្រោយលទ្ធផលបឋមនៃការបោះឆ្នោតថ្នាក់ជាតិចជ្រើសតាំងតំណាងរាស្រ្តអណត្តិទី៦ ត្រូវបានប្រកាស។

(រូបថតដោយកញ្ញា ខាន់ សុគុមនោ និងលោក អូន ឆេងប៉រ នៃវីអូអេ)

ខែសីហា

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨

អ្នកជំងឺខូចតម្រងនោម ឬជំងឺខូចគ្រលៀន លាងឈាមក្នុងមជ្ឈមណ្ឌលមួយនៅទីក្រុងភ្នំពេញ។ ការលាងឈាម ជាការត្រងកាកសំណល់នានា ដើម្បីបន្សុទ្ធឈាម ដោយប្រើម៉ាស៊ីន ពីព្រោះតម្រងនោម មិនអាចបំពេញមុខងាររបស់វាបាន។

(រូបថតដោយកញ្ញា ខាន់​ សុគុំមនោ នៃវីអូអេ)


ខេត្តពោធិ៍សាត់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកក្រគរថតរូបជាមួយលោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងភរិយាគឺលោកស្រី សុទ្ធី ហៃដ៍ រួមទាំងមន្រ្តីផ្សេងៗ បន្ទាប់ពីពិធីកាត់ខ្សែបូរនៅមជ្ឈមណ្ឌលសុខភាពក្រគរ ក្នុងខេត្តពោធិ៍សាត់។

(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨

លោក James Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្ត្រាលី បានលើកដៃ នៅពេលដែលលោកត្រូវបាននាំខ្លួនមកដល់សាលាដំបូងរាជធានីភ្នំពេញ។ តុលាការបានចេញសេចក្តីសម្រេចបន្តឃុំខ្លួនលោករង់ចាំដំណើរការកាត់សេចក្តីបន្តទៀត ពីបទ​ចោទ​ប្រកាន់​ពី​បទចារកម្ម ​ដែល​បាន​ចែង​ក្នុង​មាត្រា​៤៤៦​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។

(រូបថតដោយ Reuters)


រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨

សិស្សស្រីពីរនាក់កំពុងបរិភោគអាហារថ្ងៃត្រង់ បន្ទាប់ពីបាន​ចូលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។

(រូបថតដោយកញ្ញា ទី អូលីស្សា នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨

អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លី សំពះអរគុណអ្នកគាំទ្រអ្នកស្រី ក្រោយពេលដែលអ្នកស្រីត្រូវបានដោះលែង​ពី​ពន្ធនាគារ​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី។

(រូបថតដោយ Reuters)


រាជធានីភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨

លោក អ៊ួន ឈិន និងលោក យាង សុធារិន អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី កំពុងនិយាយទូរស័ព្ទ ក្រោយពេលដែលអ្នកទាំងពីរត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន បន្ទាប់ពីជាប់ពន្ធនាគាររយៈពេលជាង៩ខែ ពីបទចោទប្រកាន់ចារកម្ម។

(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)

ឥណ្ឌូនេស៊ី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨

កីឡាការិនីកូនខ្មែរអាមេរិកឈ្មោះ ខាត់ ចេសា អាយុ១៦ឆ្នាំ បានផ្តួលគូប្រកួត ដោយឈ្នះទទួលបានមេដាយមាស ក្នុងការប្រកួតកីឡាបោកចំបាប់និងក្លេ ជឺជីតស៊ូ (Ju Jitsu) ក្នុងការប្រកួតកីឡាអាស៊ីលើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី។

(រូបថតដោយ Reuters)

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨

សកម្មជន និងសមាជិកគណបក្សប្រឆាំងទាំង១៤នាក់ ដែលត្រូវបានព្រះរាជទានទោសដោយព្រះមហាក្សត្រ បានមកធ្វើស្រោចទឹកប្រោះព្រំ មួយថ្ងៃក្រោយពីត្រូវបានដោះលែង។

(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)

ខែកញ្ញា

រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨

តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ទាំង១២៥រូប រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបអនុស្សាវរីយ៍ជាមួយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធនេះ។

(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨

ការសម្តែងល្ខោនខោល នាល្ងាចសៅរ៍នៅក្នុងសមាគមសុវណ្ណភូមិ នៅរាជធានីភ្នំពេញ។ ថ្មីៗនេះ មានការខ្វែងគំនិតគ្នារវាងពលរដ្ឋថៃ និងពលរដ្ឋខ្មែរ អំពីម្ចាស់កម្មសិទ្ធិ និងប្រភពនៃរបាំល្ខោនខោលនេះ ដែលប្រទេសទាំងពីរអះអាងថា ជាកម្មសិទ្ធិរៀងៗខ្លួន​។

(រូបថតដោយលោក ណឹម សុភ័ក្រ្តបញ្ញា នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨

លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ដោះលែង​ពី​ឃុំ​ក្នុង​ពន្ធនាគារ​ ​ក៏ប៉ុន្តែ​ត្រូវ​ដាក់ឱ្យ​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ​ជំនួស​វិញ​ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​អ្នក​គាំទ្រ ​ឬ​ចូលរួម​សកម្ម​ភាព​នយោបាយ​អ្វី​នោះ​ទេ។

(រូបថតឯកសារដោយ Reuters)

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨

អ៊ុំ​ ដារ៉ូ ​ណែនាំ​សមា​ជិក​ក្រុម​លេង​ឧបករណ៍​ត្រុំប៉ុង ​ក្នុង​ការ​ហាត់​សម​ដើរ​ព្យុហយាត្រា​មួយ។ ដារ៉ូ គឺជាសមាជិកម្នាក់នៃសមាជិកសរុបចំនួន២៥នៃក្រុមតន្ត្រីព្យុហយាត្រាភ្នំពេញ។

(រូបថតដោយលោក រិទ្ធី ឧត្តម នៃវីអូអេ)


ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨

ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង និង​ភរិយា​របស់​លោក​គឺ​លោកស្រី ​ប៉េង លីយួន​កាលពី​ថ្ងៃពុធ​ បាន​ចូល​គាល់​ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ ​នរោត្តម​សីហមុនី និង ​ព្រះមហាក្សត្រិយានី ​សម្តេចម៉ែ​ នរោត្តម មុនីនាថសីហនុ ​មុន​ពិធីបុណ្យ​សែន​ព្រះខែ ​នៅក្រុង​ប៉េកាំង។

(រូបថតដោយ AP)


រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨

ប្រជាពលរដ្ឋខ្មែរថ្វាយបង្គំព្រះ នៅ​ថ្ងៃ​កាន់​បិណ្ឌ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​វត្ត​កោះ​ ក្នុង​ក្រុង​ភ្នំពេញ។

(រូបថតដោយលោក ណឹម សុភ័ក្រ្តបញ្ញា នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨

អ្នកស្រីលឹម មុនី ឱប​ភរិយា​លោកនី ចរិយា ក្រោយ​ចេញ​ពី​ស្តាប់​តុលាការ​ប្រកាស​សាលក្រម​កាត់​ទោស​រូបលោកស្រី និង​មន្រ្តីអាដហុក​កម្ពុជា៤នាក់ផ្សេងទៀត ឲ្យ​ជាប់​ពន្ធនាគារ​ប្រាំឆ្នាំ ពីបទសូកបាន់សាក្សីពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។

(រូបថតដោយកញ្ញា កាន់ វិច្ឆិកា នៃវីអូអេ)


ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨

ពលរដ្ឋមកពីបណ្តារដ្ឋនានាក្នុងសហរដ្ឋអាមេរិក និងកាណាដា បានចូលរួមស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងញូវយ៉ក នៅពេលលោកហ៊ុន សែន មកចូលរួមមហាសន្និបាតនៃអង្គការសហប្រជាជាតិ។

(រូបថតដោយលោក សុខ ខេមរា នៃវីអូអេ)

ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។

(រូបថតដោយលោក ស៊ុន ណារិន នៃវីអូអេ)

ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨

ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិករាប់រយនាក់ ប្រមូលផ្តុំគ្នានៅក្បែរទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ដើម្បីតវ៉ាប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅអង្គការសហប្រជាជាតិ។

(រូបថតដោយលោក ស៊ុន ណារិន នៃវីអូអេ)

ខែតុលា

រាជធានីភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨

ភ្ញៀវជាតិនិងអន្តរជាតិ កំពុងមើលស្នាដៃថតរូបដែលត្រូវបានដាក់បង្ហាញនៅតាមជញ្ជាំងស្ថានទូតបារាំង នៅក្នុងមហោស្រព​រូបថត​ភ្នំពេញ ឆ្នាំ​២០១៨ ​លើក​ទី៩។

(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨

ពុទ្ធសាសនិកនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ក្នុងវត្តមួយនៅជាយក្រុងភ្នំពេញ។ ពុទ្ធសាសនិក​ខ្មែរ បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​ឯ​វត្តដើម្បី​ឧទ្ទិស​កុសល​ដល់​ជីដូន​ជីតា និង​ញាតិមិត្ត​ដែល​បាន​ចែកឋាន។ បុណ្យ​ភ្ជុំបិណ្ឌ គឺ​ពិធី​បុណ្យ​ផ្នែក​ព្រះពុទ្ធ​សាសនា​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ពិធី​បុណ្យ​ប្រពៃណីជាតិ​របស់​កម្ពុជា។⁠

(រូបថតដោយលោក ណឹម សុភ័ក្រ្តបញ្ញា នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨

រូបថតថតដោយលោក Michael Vickery ដែលត្រូវបានដាក់បង្ហាញនៅក្នុងពិពរណ៌រូបថតនៅមជ្ឈមណ្ឌលបុប្ផាណា កាលពីថ្ងៃព្រហស្បតិ៍នេះ។

(រូបថតដោយលោក ណឹម សុភ័ក្រ្តបញ្ញា នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨

លោក ធុល រិទ្ធី សហស្ថាបនិកនៃកុំព្យូទ័រយួរដៃម៉ាក Koompi ថ្លែងនៅក្នុងពិធីសម្ពោធកុំព្យូទ័រយួរដៃថ្មីនេះនៅក្នុងសន្និសីទបច្ចេកវិទ្យា BarCamp ASEAN ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២០ដល់២១ ខែតុលា ឆ្នាំ២០១៨។ Koompi គឺជាកុំព្យូទ័រយួរដៃដំបូងគេបង្អស់ដែលត្រូវបានផលិតដោយយុវជនកម្ពុជា គឺលោក ធុល រិទ្ធី។

(រូបថតផ្តល់​ឲ្យ​ដោយ Koompi)


ខេត្តបាត់ដំបង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨

សាសនិក Baha'i កំពុងតែអង្គុយក្នុងពេលសម្រាកពីការប្រជុំប្រចាំខែនៅក្នុងបរិវេណទីសក្ការៈគោរពបូជា ដែលមានទីតាំងនៅខេត្តបាត់ដំបង។ សាសនានេះមានសាសនិកប្រមាណ ១២០០០ នាក់នៅក្នុងខេត្តបាត់ដំបង។

(រូបថតដោយលោក រិទ្ធី ឧត្តម នៃវីអូអេ)


ខេត្តបាត់ដំបង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨

អ្នកចូលរួមទស្សនាកំពុងតែអងេ្កតមើលរូបថត និងរឿងរ៉ាវពិតរបស់អ្នកតស៊ូមតិដើម្បីសន្តិភាពនៅកម្ពុជា នៅសាលតាំងពិព័រណ៍សន្តិភាពនៅកម្ពុជា ប្រចាំខេត្តបាត់ដំបង។

(រូបថតដោយលោក ហោ ស៊ិញហ៊ួរ នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃពុធ​នេះ​បាន​ប្រកាស​រៀបចំ​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​រយៈពេល​៣យប់​៣ថ្ងៃ​ ​ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី២០​នៃ​ការ​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​តាមរយៈ​គោល​នយោបាយ​ឈ្នះ-ឈ្នះ​របស់​លោក។​

(រូបថតហ្វេសប៊ុកនៃ Win-Win Memorial)

ខែវិច្ឆិកា

រាជធានីភ្នំពេញ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨

កងទ័ពមួកខៀវធ្វើការស្បថស្បែរក្នុងពិធីជូនដំណើរកងវិស្វកម្មលេខ៥៩៤ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមស្លាកអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨

កងកម្លាំងមកពីគ្រប់អង្គភាព នៃក្រសួងការពារជាតិ ឈរនៅខាងមុខព្រះបរមរាជវាំងដើម្បីអបរអរពិធីបុណ្យឯករាជ្យជាតិលើកទី៦៥។

(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨

ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី ឈរក្នុងព្រះទីនាំង ខណៈដែលព្រះអង្គយាងចេញដំណើរទៅកាន់ព្រះបរមរាជវាំង បន្ទាប់ពីបានប្រទានភ្លើងជ័យនៅក្នុងវិមានឯករាជ្យ ក្នុងពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦៥។ ក្នុងឱកាសនេះ ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការ​សាមគ្គី​ និង​ការ​បង្រួប​បង្រួម​ជាតិ ។

(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)

ខេត្តសៀមរាប

កញ្ញា សំ​ ថារ័ត្ន (កណ្តាល) ជា​តួរ​អង្គម្នាក់​ក្នុងខ្សែភាពយន្តឯកសារ Surviving Bokator​ ដែល​នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​ទី​ក្រុង Philadelphia​ សហរដ្ឋអាមេរិក នៅខែវិច្ឆិកានេះ។

(រូបថតផ្តល់ឲ្យ)


រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨

អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា នួន ជា រង់ចាំចៅក្រមប្រកាសសាលក្រមលើសំណុំរឿង០០២/០២ នៅតុលាការខ្មែរក្រហម។ នៅព្រឹកថ្ងៃសុក្រនេះ សាលាក្តី​ខ្មែរ​ក្រហម​កាត់ទោស ​នួន ជា អាយុ៩២ឆ្នាំ ឱ្យ​ជាប់​ទោស​១​ជីវិត​ចំពោះ​អំពី​ប្រល័យ​ពូជសាសន៍។

(រូបថតដោយ AP)


រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨

ខៀវ សំផន អតីតប្រមុខរដ្ឋ​នៃ​របប​កម្ពុជាប្រជាធិបតេយ្យ នៅពេលចៅក្រមប្រកាសសាលក្រមលើសំណុំរឿង០០២/០២ នៅតុលាការខ្មែរក្រហម។ នៅព្រឹកថ្ងៃសុក្រនេះ សាលាក្តី​ខ្មែរ​ក្រហម​កាត់ទោស ​ខៀវ សំផន អាយុ៨៧ឆ្នាំ ឱ្យ​ជាប់​ទោស​១​ជីវិត​ចំពោះ​អំពី​ប្រល័យ​ពូជសាសន៍។

(រូបថតដោយ ​AP)


រាជធានីភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក William A. Heidt (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាគ្នាដើម្បីជំរុញទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិកនិងកម្ពុជា មុននឹងលោកឯកអគ្គរដ្ឋទូត Heidt បញ្ចប់បេសកកម្មរបស់លោកនៅកម្ពុជា។

(រូបថតដោយ US Embassy of Phnom Penh)

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨

កីឡាករចែវទូកហាត់សម មុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨

ពលរដ្ឋនៅរាជធានីភ្នំពេញគយគន់មើលប្រទីបរដ្ឋសភា ដាក់តាំងនៅមុខព្រះបរមរាជវាំងពេលរាត្រី ក្នុងឱកាសអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣។

(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨

ការសម្តែងល្ខោនខោលនាល្ងាចសៅរ៍នៅក្នុងសមាគមសុវណ្ណភូមិ នៅរាជធានីភ្នំពេញ។ នៅថ្ងៃពុធនេះ ល្ខោន​ខោល​ខ្មែរ​ត្រូវ​បាន​ដាក់​បញ្ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​របស់​អង្គការ​យូ​ណេស្កូ។

(រូបឯកសារដោយលោក ណឹម សុភ័ក្រ្តបញ្ញា នៃវីអូអេ)


ខេត្តស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨

ផ្ទះរបស់ប្រជាពលរដ្ឋដែលត្រូវបានលិចលង់ ដោយសារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង។

(រូបថតដោយលោក ស៊ុន ណារិន នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨

លោកស្រី ម៉ែន សុភី អាយុ៣៨ឆ្នាំ ជាក្រុមប្រឹក្សាឃុំឃ្លាំងមាស ខេត្តបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា បានចូលរួមក្នុងគម្រោង«ស្រ្តីក្នុងវិស័យនយោបាយ» ដែលបានទទួលការឧបត្ថម្ភពីសហភាពអឺរ៉ុប។ ចំនួន​ស្រ្តី​នៅ​ក្នុង​វិស័យ​នយោបាយ​នៅ​មាន​កម្រិត​នៅ​ឡើយ ​បើ​គិត​មក​ដល់​ពេល​នេះ​ បើ​ទោះ​ជា​មាន​ការ​ជំរុញ​ជា​បន្ត​បន្ទាប់​ក៏​ដោយ។ ​ឃុំ​សង្កាត់​រាប់​រយ​ក្នុង​ចំណោម​ឃុំ​ជាង​១៦០០​នៅ​ទូទាំង​ប្រទេស ​មិន​មាន​វត្តមាន​ស្រ្តី​ជា​ក្រុម​ប្រឹក្សា​ ឬ​មេ​ឃុំ​នោះ​ទេ។

(រូបថតដោយលោក ស៊ុន ណារិន នៃវីអូអេ)

ខែធ្នូ

រាជធានីភ្នំពេញ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨

អ្នកចូលរួមម្នាក់ កំពុងអានសៀវភៅ នៅក្នុងការតាំងពិព័រណ៍សៀវភៅកម្ពុជាលើកទី៧ នៅបណ្ណាល័យជាតិ ក្រុងភ្នំពេញ។

(រូបថតដោយលោក ណឹម សុភ័ក្រ្តបញ្ញា នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨

អង្គការសង្គមស៊ីវិល ក្រុមសហជីព និងសកម្មជន និងប្រជាពលរដ្ឋនានា ចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូលើកទី៧០ នៅទីលានប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញ។

(រូបថតដោយលោក អូន ឆេងប៉រ នៃវីអូអេ)

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨

នេះជាប្រភេទអង្ករដែលបានដាក់លក់នៅតូបមួយក្នុងផ្សារអូរឬស្សី រាជធានីភ្នំពេញ។ ថ្មីៗនេះ គណៈ​កម្មការ​សហភាព​អឺរ៉ុប​ កំពុង​បន្ត​នីតិវិធី​ក្នុង​ការ​សម្រេច​ដាក់​វិធាន​ការ​គាំពារ​មក​លើ​ការ​នាំ​ចូល​អង្កររបស់​កម្ពុជា​ទៅ​ក្នុង​ទីផ្សារ​របស់​សហគមន៍​ដ៏ធំ​មួយ​នេះ​ ​បន្ទាប់​ពី​មាន​ប្រទេស​សមាជិក​នៃ​សហភាពអឺរ៉ុបចំនួន​ពីរ ​បាន​ប្តឹងថា​ ​ប្រទេស​កម្ពុជា​បាន​នាំចូល​អង្ករចំនួន​ច្រើន ​និង​មាន​តម្លៃ​ថោក​ ដែល​បាន​បង្ក​ការ​លំបាក​ដល់​កសិករ​របស់​ខ្លួន។​

(រូបថតឯកសារដោយលោក ប៉ាង ចំណាន នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨

លោករ៉ាត់ រ័ត្នមុន្នី អ្នកបកប្រែ​ជនជាតិ​កម្ពុជា​ម្នាក់​ដែល​ជួយ​បកប្រែ​ភាពយន្ត​ឯកសារ​អំពី​ការជួញដូរ​ផ្លូវភេទ​ឲ្យ​បណ្តាញ​សារព័ត៌មាន Russia Today ឬ​ RT ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី​ ត្រូវ​បាន​ចាប់​បញ្ជូន​ពី​ប្រទេសថៃ​ត្រឡប់​ទៅ​កម្ពុជា​វិញតាមការស្នើរបស់អាជ្ញាធរកម្ពុជា​ ​ក្រោមបទចោទ​ថា ​បាន​ជួយបង្កើត​ព័ត៌មាន​ក្លែងក្លាយ។

(រូបថតហ្វេសប៊ុក រ៉ាត់ រ័ត្នមុន្នី)


ខេត្តកណ្តាល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨

ភ្លុក​ដំរី​១០២៦​ដុំ ទម្ងន់​ជិត​៣តោន​កន្លះ ត្រូវ​បាន​អាជ្ញាធរ​រឹបអូសពី​កុងតឺន័រ​មួយ​ដែល​ត្រូវ​បាន​រក្សា​ទុក គ្មាន​ម្ចាស់​មក​យក​ជាង​១​ឆ្នាំ​មក​ហើយនៅកំពង់ផែរាជធានីភ្នំពេញ។

(រូបថតដោយ AFP)


រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨

ពលរដ្ឋដើរកាត់​គំនរ​សម្រាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មួយ​ថ្ងៃ​ បន្ទាប់​ពី​បុគ្គលិកក្រុម​ហ៊ុន​ស៊ីនទ្រី​ មិន​មក​ប្រមូលក្នុង​បាតុកម្ម​ទាមទារ​តម្លើង​ប្រាក់​បៀវត្ស​។

(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨

កងកម្លាំងទាហានស្លៀកពាក់សកំពុងឈរនៅខាងក្រោមវិមាននយោបាយឈ្នះ-ឈ្នះ ក្នុងពិធីសម្ពោធវិមាននយោបាយឈ្នះ-ឈ្នះ។

(រូបថតដោយលោក គី ម៉េងលី នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨

លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន និងភរិយា ដើរជាមួយនឹងរដ្ឋមន្រ្តីការពារជាតិវៀតណាម លោក Ngo Xuanlich (កណ្តាល) និងរដ្ឋមន្រ្តីការពារជាតិកម្ពុជាលោក ទៀ បាញ់ បន្ទាប់ពីកាត់ខ្សែបូររួចក្នុងទិវានយោបាយឈ្នះៗនិងសម្ពោធវិមានឈ្នះ-ឈ្នះ។

(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)


រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨

កម្មករ​ប្រមាណជាង​២០០០នាក់​នៅ​រោងចក្រ​កាត់ដេរសេឌូណូ​ ខេមបូ នីតធីង(Seduno Cambo Knitting Co., Ltd) ក្នុងស្រុកបាទី ខេត្តតាកែវ​ បាន​ធ្វើកូដកម្ម​ដោយមិនចូលធ្វើការ ​និង បិទកំណាត់ផ្លូវជាតិលេខជាតិ​២ ដើម្បីទាមទារប្រាក់អតីតភាពការងារ។

(រូបថតដោយលោក ហ៊ុល រស្មី នៃវីអូអេ)