ចំនួនទេសចរដែលមកទស្សនាប្រទេសកម្ពុជា បានកើនឡើងដល់ទៅ៥លាន៦សែននាក់ នៅក្នុងឆ្នាំ២០១៧ គឺកើនជិត១២ភាគរយធៀបនឹងឆ្នាំមុន ហើយបានទាញយកចំណូលរួមដែលមានប្រមាណ ៣,៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក គឺកើនប្រមាណ១៣ភាគរយធៀបនឹងឆ្នាំ២០១៦។ នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីនៅក្រសួងទេសចរណ៍ និងអាជ្ញាធរអប្សរា ដែលជាអង្គភាពអភិរក្ស និងអភិវឌ្ឍន៍តំបន់ឧទ្យានទេសចរណ៍ប្រាសាទអង្គរវត្តនៅខេត្តសៀមរាប។
អង្គភាពទាំងពីរ ក៏បានបញ្ជាក់ផងដែរថា ប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា នៅតែឈរនៅលំដាប់ទីមួយសម្រាប់សំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យ និងជាគោលដៅទេសចរណ៍ទី៨របស់ពិភពលោក។ ចំនួនភ្ញៀវទេសចរចិន បានឈរនៅលំដាប់កំពូល ធៀបនឹងចំនួនទេសចរមកពីប្រទេសផ្សេងទៀត។
លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់ VOA ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការបង្កើតគោលដៅទេសចរណ៍កម្ពុជាថ្មីៗ និងការសម្រួលបែបបទធ្វើដំណើរផ្សេងទៀត បានញ៉ាំងឲ្យមានការកើនឡើងនៃចំនួនភ្ញៀវទេសចរមកកាន់កម្ពុជា។
លោកបានថ្លែងយ៉ាងដូច្នេះ៖
«កំណើនទេសចរមែនទែនទៅ វាទីមួយ គឺ យើងផ្អែកមកលើ គេហៅថាផលិតផលទេសចរណ៍ដែរ បាទផលិតផលទេសចរណ៍ដូចអូនមានប្រសាសន៍មិញ គឺថាមានប្រាសាទអង្គរវត្ត មានព្រៃព្រឹក្សា ជ្រោះធម្មជាតិអីហ្នឹង។ ហ្នឹងជាការទាក់ទាញទេសចរមួយដែរអាហ្នឹងបាទ។ បាទទីពីរទៀត គឺយើងបានន័យថា សម្រួលបែបបទនៃការធ្វើដំណើររវាងប្រទេសជិតខាង ឬក៏ប្រទេសក្នុងតំបន់យើងហ្នឹង គឺបានន័យថា វាមិនមានការលំបាក។ ឧទាហរណ៍ យើងមាន VISA on Arrival ឬក៏យើងមាន ជើងហោះហើរដែលមានតម្លៃធូរថ្លៃ ដូចជាប្រភេទគេហៅថា ប្រភេទយន្តហោះ low cost carrier (LCC) ហ្នឹង ប្រភេទយន្តហោះហ្នឹងគឺមានការហោះច្រើន ដូចជា Air Asia ហើយហ្នឹង Jet Star អីហ្នឹង ដែលគាត់ហោះមកស្រុកខ្មែរយើងកើនច្រើន ដូច្នេះដែលនាំឲ្យយើងមើលឃើញថា ជំរុញនូវកំណើនទេសចរហ្នឹងបាទ»។
ភ្ញៀវទេសចរចិន បានកើនដល់ ១,២ លាននាក់ គឺមានកំណើនស្មើនឹង៤៦ភាគរយ ខ្ពស់ជាងចំនួនភ្ញៀវទេសចរឯទៀត។ នេះបើតាមការបញ្ជាក់របស់លោក គង់ សុភារក្ស។
មន្ត្រីទទួលបន្ទុកស្ថិតិទេសចរណ៍រូបនេះ បានបញ្ជាក់ឲ្យដឹងទៀតថា បើគិតពីឆ្នាំ២០១៣មក រហូតដល់ឆ្នាំ២០១៨នេះ ចំនួនភ្ញៀវទេសចរ បានកើនជាមធ្យមក្នុងកម្រិត ៩,៥ភាគរយ ហើយថា កំណើននេះ នឹងបន្តកើនទៅមុខទៀតដោយសារក្រសួងទេសចរណ៍ បានខិតខំផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាទៅក្រៅប្រទេស អភិវឌ្ឍន៍ ផលិតផលទេសចរណ៍តាមស្តង់ដារដែលភ្ញៀវអាចទទួលយកបាន និងរៀបចំបដិសណ្ឋារកិច្ច និងសេវាកម្មផ្សេងៗ ទទួលភ្ញៀវឲ្យបានល្អប្រសើរ និងប្រកបដោយសុវត្ថិភាពក៏ដូចជា ការបន្តឲ្យមានចលនាទីក្រុងស្អាត និងធ្វើឲ្យផ្ទះសំណាក់ និងមានសណ្ឋាគារមានស្តង់ល្អដើម្បីផ្គាប់ចិត្តភ្ញៀវទេសចរ។
លោក គង់ សុភារក្ស អះអាងថា កំណើនភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា នឹងនៅតែបន្តកើនឡើងនៅក្នុងឆ្នាំបោះឆ្នោតជាតិដ៏សំខាន់នៅឆ្នាំ ២០១៨នេះ។ លោកថា ហើយភ្ញៀវទេសចរចិន នៅតែបន្តនាំមុខ ភ្ញៀវទេសចរមកពីប្រទេសផ្សេងទៀត ដោយសារតែមានកំណើននៃការហោះហើរដោយផ្ទាល់និងប្រយោលពីប្រទេសចិនមកកាន់រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាបនៅក្នុងប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖
«ខ្ញុំមើលទៅនៅក្នុងឆ្នាំ ២០១៨ ហ្នឹង យើងរក្សានូវកំណើនទេសចរដដែល និយាយចឹងណា៎ ខ្ញុំគិតថា ទោះបីជាមានការបោះឆ្នោតអី វាមិនជាបញ្ហាសម្រាប់អ្នកទេសចរទេ និយាយទៅ។ ការបោះឆ្នោតវាជារឿងធម្មតា នៃប្រទេសនីមួយៗ តែងតែមានការរៀបចំការបោះឆ្នោតសាកលអីៗចឹង ប៉ុន្តែខ្ញុំគិតថា កំណើនទេសចរ វានៅរក្សានូវកំណើនដដែល»។
របាយការណ៍សង្ខេបរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេល ១២ខែ ឆ្នាំ ២០១៧ ភ្ញៀវទេសចរសរុបមានចំនួន ៥,៥៤៣,៤៣៤នាក់ គឺកើន៩,៩៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០១៦។
របាយការណ៍បានឲ្យដឹងថា ភ្ញៀវទេសចរចិនបានឈរនៅលេខរៀងទីមួយ ដោយតាមពីក្រោយដោយភ្ញៀវទេសចរ កូរ៉េ អាមេរិក អង់គ្លេស ជប៉ុន បារាំង អូស្ត្រាលី អាល្លឺម៉ង់ ថៃ និងវៀតណាម។ ភ្ញៀវទេសចរមកពីតំបន់មជ្ឈិមបូព៌ា ក៏មានវត្តមានលើទឹកដីប្រាសាទបុរាណខេត្តសៀមរាបផងដែរ។
គ្រាដែលចំនួនភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា បានបន្តកើនឡើង សួនឧទ្យានប្រាសាទអង្គរវត្ត ត្រូវបានគេបោះឆ្នោតឲ្យជាប់ចំណាត់ថ្នាក់លេខមួយ ជាសំណង់ប្រវត្តិសាស្ត្រអស្ចារ្យបំផុត និងជាទិសដៅទេសចរណ៍លំដាប់ទី៨ នៅជុំវិញពិភពលោក។
ប្រាសាទអង្គរវត្តបានទទួលចំណាត់លេខ១ ជាសំណង់ប្រវត្តិសាស្ត្របួនឆ្នាំជាប់គ្នា បើផ្អែកតាមគេហទំព័រផ្ដោតលើតំបន់បុរាណ និងប្រវត្តិសាស្ត្រនៅទូទាំងសាកលលោក ឈ្មោះថា ArchaeoMadness។ នេះបើតាមអត្ថបទព័ត៌មានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុក របស់អាជ្ញាធរជាតិអប្សរាកាលពីដើមខែមករា ឆ្នាំ២០១៨។
ទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា បានសរសេរក្នុងន័យដើមថា៖
«នេះជាមោទនភាពមួយរបស់ជាតិខ្មែរយើងទាំងមូល ដែលអង្គរវត្តរបស់កម្ពុជាទទួលបានការគាំទ្រពីបណ្ដាប្រជាជនជុំវិញពិភពលោក។ ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សូមចូលរួមអបអរសាទរ និងសូមអំពាវនាវដល់សាធារណជនទាំងអស់ បន្តចូលរួមថែរក្សា ការពារនូវបេតិកភណ្ឌរបស់ដូនតាយើងឲ្យបានខ្លាំងក្លាដើម្បីភាពគង់វង្សយូរអង្វែងតទៅ»។
ជាផ្នែកមួយនៃការឆ្លើយតបទៅនឹងកំណើនហោះហើរពីប្រទេសបណ្ដាប្រទេសនានាមកកាន់កម្ពុជា រដ្ឋាភិបាលកម្ពុជាទើបតែបានបើកភ្លើងខៀវឲ្យមានការសាងសង់ព្រលានយន្តហោះថ្មីមួយ បន្ថែមលើអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានស្រាប់នៅរាជធានីដ៏ចំណាស់មួយនេះ។
គម្រោងសង់អាកាសយានដ្ឋានថ្មីនេះ គឺផ្ដើមចេញពី កិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការណ៍ហិរញ្ញប្បទាន សម្រាប់គម្រោងអាកាសយានដ្ឋានភ្នំពេញ(ថ្មី)ប្រទេសកម្ពុជាដែលរដ្ឋាភិបាលកម្ពុជា និងចិនបានព្រមព្រៀងគ្នាក្នុងពិធីចុះហត្ថលេខាជាច្រើនផ្សេងទៀត នៅពេលលោកនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង (Li Keqiang) មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាកាលពីដើមខែមករា។
តាមសេចក្តីរាយការណ៍របស់កាសែតភ្នំពេញប៉ុស្តិ៍ គម្រោងនេះ នឹងត្រូវចំណាយប្រាក់ប្រមាណ ១,៥ពាន់លានដុល្លារ ហើយនិងនៅត្រូវសង់លើផ្ទៃដី២,៦០០ហិកតា ក្នុងខេត្តកណ្ដាល ស្ថិតនៅចម្ងាយ៣០គីឡូម៉េត្រពីរាជធានីភ្នំពេញ។
នៅក្នុងរបាយការណ៍ចុងក្រោយស្ដីពីកំណើនសេដ្ឋកិច្ចកម្ពុជា ធនាគារពិភពលោក បានចាត់ទុកថាវិស័យទេសចរណ៍ ជាកត្តាចាំបាច់មួយសម្រាប់រក្សាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលធនាគារមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ បានព្យាករណ៍ថា នឹងកើនក្នុងកម្រិត ៦.៩ ភាគរយក្នុងឆ្នាំ ២០១៨នេះ។
ដោយសារទេសចរណ៍ជាវិស័យដែលមានសក្ដានុពលមួយរបស់កម្ពុជា ធនាគារពិភពលោក ក៏បានស្នើឲ្យធ្វើកំណែទម្រង់មួយចំនួន រួមមាន អភិវឌ្ឍតំបន់អភិរក្សទេសចរណ៍ ជាមួយនឹងផលិតផលមានតម្លៃខ្ពស់ អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ ដោយសារកម្ពុជាស្ថិតក្នុងលំដាប់ទាបសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគោក ការដោះស្រាយបញ្ហាធ្លាយចំណូលទេសចរណ៍ និងការពង្រីក និងលើកកម្ពស់ជំនាញក្នុងវិស័យទេសចរណ៍ជាដើម៕