ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.​កំណត់​លេខ​រៀង​គណបក្ស​នយោបាយ​ទំាង​២០​លើ​សន្លឹក​ឆ្នោត​​សម្រាប់​ការ​បោះឆ្នោត​ខែ​កក្កដា​ខាងមុខ


គណបក្ស​ប្រជាជនកម្ពុជា​ ទទួលបាន​លេខ២០ ​សម្រាប់​ការបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អណត្តិ​ទី៦, នៅរាជធានី​ភ្នំពេញ, នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/VOA)
គណបក្ស​ប្រជាជនកម្ពុជា​ ទទួលបាន​លេខ២០ ​សម្រាប់​ការបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អណត្តិ​ទី៦, នៅរាជធានី​ភ្នំពេញ, នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/VOA)

គ.ជ.ប.​បាន​ការ​ចាប់​ឆ្នោត​កំណត់​លេខ​រៀង​របស់​គណ​បក្ស​នយោបាយ​ទាំង​២០​នៅលើ​សន្លឹក​ឆ្នោត​ នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​ក្នុង​នោះ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ទទួល​បាន​លេខ​រៀង​ទី​២០​ ដែល​ជា​លេខ​រៀង​ចុង​ក្រោយ​បង្អស់។

នៅ​ថ្ងៃ​អង្គារ​នេះ​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បានរៀបចំ​ពិធី​ចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀងគណ​បក្ស​នយោបាយ​ចំនួន​២០​លើ​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៦​ ​នៅថ្ងៃ​ទី​២៩​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ ​ខាង​មុខ។​

ក្នុង​ពិធី​ចាប់​ឆ្នោត​ដែល​មាន​តំណាង​របស់​គណ​បក្ស​ទាំង​២០​ចូល​រួម​នោះ​ ​ ​សម្តេច​សង្ឃ​ទាំង​ពីរ​គណៈ​បាន​ចាប់​សន្លឹក​ឆ្នោត​ម្តង​មួយៗ​ ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​លេខ​រៀង​ទី​២០​ ​ដែល​ជា​លេខ​រៀង​ចុង​ក្រោយ​បង្អស់។​ ​ចំណែក​លេខ​រៀង​ទី៤​ ​ដែល​ជា​លេខ​រៀង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​កាលពីអាណត្តិ​មុន ​បាន​ទៅគណ​បក្ស​សញ្ជាតិ​កម្ពុជា​ ​ចំណែក​លេខ​រៀង​ទី៧​ ​ដែល​ជា​លេខ​រៀង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មុនពេលតុលា​ការ​រំលាយ​ក្នុង​អាណត្តិ​មុន​ បានទៅ​គណបក្ស​ប្រជា​ធិបតេយ្យ​មូល​ដ្ឋាន ​ដែល​ជាគណ​បក្ស​ទើប​បង្កើតឡើង​នៅ​ដើម​ឆ្នាំ​២០១៥។

គណកម្មាធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត​ (គ.ជ.ប) រៀបចំ​ការចាប់ឆ្នោត​ដាក់លេខរៀង​ដល់​គណបក្ស​នយោបាយ​សម្រាប់ការបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អណត្តិ​ទី៦, នៅរាជធានី​ភ្នំពេញ, នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/VOA)
គណកម្មាធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត​ (គ.ជ.ប) រៀបចំ​ការចាប់ឆ្នោត​ដាក់លេខរៀង​ដល់​គណបក្ស​នយោបាយ​សម្រាប់ការបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អណត្តិ​ទី៦, នៅរាជធានី​ភ្នំពេញ, នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/VOA)

លោក​ ​ស៊ិក ប៊ុនហុក​ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប.)​ ​ថ្លែង​ក្នុង​ពិធី​ចាប់​ឆ្នោត​កំណត់​លេខ​រៀងគណ​បក្ស​នោះ​ថា​ ​ការ​ចាប់​ឆ្នោត​កំណត់​លេខ​រៀង​នេះ​ប្រព្រឹត្ត​តាម​នីតិ​វិធី​ត្រឹម​ត្រូវ​ ​ច្បាស់​លាស់​ ​និង​ប្រកប​ដោយ​តម្លាភាព។​ ​លោក​បន្ថែម​ថា ​ការ​កំណត់​លេខ​រៀង​សម្រាប់​គណ​បក្ស​នយោបាយ​នីមួយៗ​ ​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គណ​បក្ស​នយោបាយ​ក្នុង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ។​

ប្រធាន​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​គ.ជ.ប.​ដែល​តែង​អះអាង​ថាគ.ជ.ប.​មាន​ភាព​ឯករាជ្យ​នោះ មាន​បញ្ជា​ក់​ថា៖​

«ការ​កំណត់​លំដាប់​លេខ​រៀងគណ​បក្ស​នយោបាយ​នីមួយៗ​លើ​សន្លឹក​ឆ្នោត​ ​នឹង​ជួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​គណ​បក្ស​នយោបាយ​ពាក់​ព័ន្ធ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​ ​ការ​បោះ​ឆ្នោត​ ​និង​ជួយ​ឲ្យ​អ្នក​បោះ​ឆ្នោត​អាច​ស្គាល់​បាន​ដោយ​ងាយ​ស្រួល​ ​នូវ​គណ​បក្ស​នយោបាយ​ដែល​គាត់​ស្រលាញ់​ពេញ​ចិត្ត»។

ក្រោយ​ការ​ចាប់​ឆ្នោត​កំណត់​លេខ​រៀង​គណ​បក្ស​នយោបាយ​នីមួយៗ​បាន​បញ្ចប់​ ​គេ​ឃើញ​តំណាង​មកពី​គណ​បក្ស​នយោបាយ​ទាំង​២០បាន​ចុះ​ហត្ថ​លេខា​ទទួល​យក​នូវ​ការ​កំណត់​លេខ​រៀង​នោះ​ ​រៀងៗ​ខ្លួន។​

គណបក្ស​នយោបាយ​ទាំង២០​ ទទួលបាន​លេខរៀងតំណាងសម្រាប់​ឃោសនា​ពេល​បោះឆ្នោតជ្រើសរើស​តំណាងរាស្ត្រ​អណត្តិ​ទី៦, នៅរាជធានី​ភ្នំពេញ, នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/VOA)
គណបក្ស​នយោបាយ​ទាំង២០​ ទទួលបាន​លេខរៀងតំណាងសម្រាប់​ឃោសនា​ពេល​បោះឆ្នោតជ្រើសរើស​តំណាងរាស្ត្រ​អណត្តិ​ទី៦, នៅរាជធានី​ភ្នំពេញ, នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/VOA)

​លោក ​អ៊ក គី​មហាន​ ​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​ពិធី​ចាប់​ឆ្នោត​នោះ​ថា​ ​ការ​ប្តូរ​ពី​លេខ​រៀង​ទី៤​ទៅ​លេខ​រៀង​ទី​២០​ ​ដែល​ជា​លេខ​រៀង​ចុង​ក្រោយ​បង្អស់​នេះ ​នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋកាន់​តែ​ងាយ​ស្រួល​ក្នុង​ការគូស​សន្លឹក​ឆ្នោត​ក្នុង​ពេល​បោះ​ឆ្នោត​ខាង​មុខ។​

លោកបញ្ជា​ក់​ថា៖​

«គណ​បក្ស​ប្រជាជន​ដែល​ទទួល​បាន​លំដាប់​លេខ​រៀង​ទី២០​ ​គឺ​ថា​ ទី​ខាង​ក្រោម​គេ​បំផុត​ហ្នឹង​ ​ក៏​ជា​រឿង​មួយ​ដ៏​ល្អ​ដែរ​ ​ពី​ព្រោះ​នៅ​ពេល​ដែល​សកម្ម​ជន​របស់​ខ្ញុំ​ទៅ​ពន្យល់​ប្រជា​ពលរដ្ឋ ​ប្រាប់​គាត់​ថា ​អា​លេខ​ចុង​ក្រោយ​ហ្នឹង​ហើយ​គណ​បក្ស​យើង​ ​ឲ្យ​គាត់​ស្រួល​គូស»។

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ ​ដោយ​បាន​ចូល​រួម​អបអរសាទរ​ដែល​គណ​បក្ស​របស់​លោក​ទទួល​បាន​លេខ​រៀង​ទី​២០​ ​ក្នុង​ការ​ចាប់​ឆ្នោត​កំណត់​លេខ​រៀង​ថ្មី​នេះ។​

លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«គណ​បក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ចាប់​លេខ​រៀង​បាន​លេខ​ទី​២០​ ​ដែល​ជា​លេខ​ងាយ​ស្រួលចំណាំ​ដល់​ពលរដ្ឋ​ទូ​ទាំងប្រទេស។​ ​គ.ជ.ប.​នឹង​ដាក់​បង្ហាញ​ការ​បោះ​ពុម្ព​ទម្រង់​សន្លឹក​ឆ្នោត​នៅ​ពេល​ឆាប់ៗ​នេះ»។​

ក្រៅ​ពី​គណ​បក្ស​ដែល​ទទួល​បាន​លេខ​៤​ ​លេខ​៧​ ​និង​លេខ​២០​ ​លទ្ធផល​នៃ​ការ​ចាប់​លេខ​រៀង​គណ​បក្ស​នយោបាយ​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​បង្ហាញ​ថា៖​

លេខ​រៀងទី១​បានទៅ​គណ​បក្ស​ខ្មែរ​រួប​រួម​ជាតិ​

លេខ​រៀងទី២​ បានទៅ​គណ​បក្ស​មាតុ​ភូមិ​យើង​

លេខ​រៀងទី៣​ ​បានទៅគណ​បក្ស​ពន្លឺ​ថ្មី​ ​

​លេខ​រៀងទី៥​ ​បាន​ទៅ​គណ​បក្ស​ខ្មែរ​ក្រោក​

លេខ​រៀងទី៦​ ​បាន​ទៅ​គណ​បក្ស​សំ​បុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ ​

លេខ​រៀងទី៨​ ​បានទៅ​គណ​បក្ស​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​

លេខ​រៀងទី៩​ បាន​ទៅ​គណ​បក្ស​រស្មីខេមរា​

​លេខ​រៀងទី១០​ បានទៅ​គណ​បក្ស​សម្ព័ន្ធដើម្បីប្រជា​ធិបតេយ្យ​

លេខ​រៀងទី១១​បានទៅ​គណ​បក្ស​ខ្មែរ​សាធារណ​រដ្ឋ​

​លេខ​រៀង​ទី១២​ ​បានទៅ​គណ​បក្ស​ខ្មែរ​ឈប់​ក្រ​

​លេខ​រៀងទី១៣​ បានទៅ​គណ​បក្ស​ហ៊្វុនស៊ីនប៉ិច​ ​

​លេខ​រៀងទី១៤​ បានទៅ​គណ​បក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​

​លេខ​រៀងទី១៥ ​បាន​ទៅ​គណ​បក្ស​យុវជន​កម្ពុជា​

​លេខ​រៀង​ទី១៦ ​បាន​ទៅគណ​បក្ស​ធម្មាធិបតេយ្យ​

លេខ​រៀងទី១៧​ បានទៅ​គណ​បក្ស​ឆន្ទៈ​ខ្មែរ

លេខ​រៀងទី១៨ បានទៅគណ​បក្ស​ជន​ជាតិ​ដើម​ប្រជា​ធិប​តេយ្យ​កម្ពុជា​ និង

​លេខ​រៀង​ទី១៩ បានលើ​គណ​បក្ស​ខ្មែរ​តែ​មួយ។​

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលបាន​លេខ៧ ​សម្រាប់​ការបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អណត្តិ​ទី៦, នៅរាជធានី​ភ្នំពេញ, នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/VOA)
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទទួលបាន​លេខ៧ ​សម្រាប់​ការបោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​អណត្តិ​ទី៦, នៅរាជធានី​ភ្នំពេញ, នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/VOA)

លោក​ ​ហេង សំអ៊ន​ ​ប្រធាន​នាយក​ដ្ឋាន​កិច្ចការ​បោះ​ឆ្នោត​នៃ​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ ដែល​ទទួល​បាន​លេខ​រៀង​ចាស់​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នា​អាណត្តិ​មុន​ ​លើក​ឡើង​ថា​ ​ការ​ទទួល​បាន​លេខ​រៀង​ទី៧​នេះអាច​នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋកាន់​តែឆាប់​ស្គាល់​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន។ ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​តុលា​ការ​រំលាយ​ទទួល​បាន​លេខ​រៀងទី៧​ ​និង​មាន​ប្រជា​ពលរដ្ឋគាំទ្រ​ជាង​៣​លាន​នាក់​ កាលពី​អាណត្តិ​មុន។​ ​លោក​បន្ថែម​ដោយ​រំពឹង​ថា​ ​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​នឹង​ទទួល​បាន​ជោគ​ជ័យ​ក្លាយ​ជា​អ្នកដឹក​នាំប្រទេស​ក្នុង​អាណត្តិ​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​អាច​បាន​សំឡេង​ពី​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ហើយ​យើង​ក៏​អាច​បាន​សំឡេង​ពី​អតីត​អ្នក​គាំទ្រ​គណ​បក្ស​ប្រជាជន​ដែរ​ ​ដោយ​សារតែ​គោល​នយោបាយស៥របស់​យើង​ ​ជា​គោល​នយោបាយ​ដែល​ល្អ»។​

ចំណែក​លោក​ ​សេង សុខេង​ ​ប្រធាន​គណ​បក្ស​សញ្ជាតិ​កម្ពុជា ​ដែល​ទទួល​បាន​លេខ​រៀង​ទី​៤​ ​ដែល​ជា​លេខ​រៀង​ចាស់​របស់​គណ​បក្ស​កាន់​អំណាច​កាលពី​អាណត្តិ​មុន​ ​និយាយ​ថា​ ​គណ​បក្ស​សញ្ជាតិ​កម្ពុជា​របស់​លោក​នឹង​ទទួល​បាន​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ ​ដោយ​ថា​ ​លេខ​៤ជា​លេខ​រៀង​របស់​គណ​បក្ស​ដែល​ទទួល​បាន​ជ័យ​ជំនះ​កាល​ពី​អាណត្តិ​កន្លង​ទៅ។

លោកបញ្ជា​ក់​ថា៖​

«អាណត្តិ​នេះ​គឺថា​ លេខ​៤​នឹង​ទទួល​បាន​ជោគ​ជ័យ​១០០​ភាគរយ ​ដោយ​សារតែ​មូល​ហេតុ​ដូច​ខ្ញុំបញ្ជា​ក់​ថា​ ​ជា​លេខ​មួយ​គេ​ហៅ​ថា​ លេខ​ព្រហ្មវិហារ​ធម៌ ​ហើយ​កាលពី​មុន​ គណ​បក្ស​ប្រជាជន​កម្ពុជា​ចាប់​បាន​លេខ​៤​ ​ក៏​ជា​លេខ​ព្រហ្ម​វិហារធម៌​ដែរ​ ​ទទួល​បាន​ជោគ​ជ័យ​ ហើយ​នេះ​ជា​លេខ​ព្រហ្មវិហារ​ធម៌​៤ ​ត្រូវ​តែ​ទទួល​ជោគ​ជ័យ»។​

កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​ ​នៅ​ថ្ងៃ​ទី២៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ ​ដោយ​មិន​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​បន្ទាប់​ពីគណ​បក្ស​នេះ​ត្រូវ​បាន​តុលា​ការ​កំពូល​រំលាយ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដោយ​ចោទ​ថា​ ​បាន​ឃុបឃិត​ជា​មួយ​បរទេស ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែលដឹក​នាំដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន។​

ក្រោយ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូ​ទាំងប្រទេស​នេះ​ ​គេ​ឃើញ​អង្គការ​ ​និង​ស្ថាប័ន​ជាតិ​អន្តរជាតិមួយ​ចំនួន​បង្ហាញ​ការ​បារម្ភ​ថា​ ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មិនមានតម្លាភាព​ ​និង​មិន​យុត្តិធម៌៕​

XS
SM
MD
LG