នៅព្រឹកថ្ងៃអង្គារនេះ អតីតបុគ្គលិកសន្តិសុខស្ថានទូតអាមេរិកប្រចាំកម្ពុជាជាង២០នាក់ ប្រមូលផ្តុំគ្នានៅមុខស្ថានទូតអាមេរិក ដើម្បីតវ៉ាទាមទាររកដំណោះស្រាយនិងសំណងជំងឺចិត្ត ដោយចោទថាស្ថានទូតនេះបញ្ឈប់ពួកគេពីការងារទាំងអយុត្តិធម៌ និងមិនមានភស្តុតាងច្បាស់លាស់។
កំពុងឈរតវ៉ានៅខាងមុខស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក ឡុង សេងប៊ុនហុងដែលអះអាងថា លោកបានធ្វើជាសន្តិសុខនៅស្ថានទូតអាមេរិកអស់រយៈពេលជាង១៩ឆ្នាំមកហើយ បានរៀបរាប់ថា ស្ថានទូតនេះបានបញ្ឈប់សន្តិសុខជាង៣០នាក់ពី ការងារ ក្នុងអំឡុងខែមេសា ដោយចោទថា ពួកគេមើលនិងចែកចាយរូបអាសអាភាសរបស់កុមារ ក្នុងសារជាក្រុមក្នុងហ្វេសប៊ុក ឬ Group Facebook Messenger។
លោកបន្ថែមថា ការចោទប្រកាន់នេះមិនមានភស្តុតាង ឬស៊ើបអង្កេតច្បាស់លាស់ និងថា ជាការចោទប្រកាន់ធ្ងន់ធ្ងរដែលមានចេតនារៀបចំទុកជាមុន ដើម្បីបញ្ឈប់ពួកគេពីការងារដោយមិនផ្តល់សំណងនិងប្រាក់អត្ថប្រយោជន៍។
លោក ឡុង សេងប៊ុនហុង បានបញ្ជាក់ថា៖
«ខ្ញុំមិនអាចទទួលយកបានទេ កំហុសទាំងអស់ហ្នឹង ជាពិសេសកំហុសដូចគ្នា។ ហើយមួយទៀតដែលពាក់ព័ន្ធរឿងហ្នឹង គឺការដែលគំរាមកំហែង មុននឹងយើងវិនិច្ឆ័យទោស នរណាម្នាក់ យើងមិនអាចទៅដល់ភ្លាមហៅគ្នាទៅដល់ វាយអ្នកឯង បញ្ឈប់អ្នកឯងទេ។ នៅពេលដែលរឿងអត់ទាន់ដឹងអី គំរាមបញ្ឈប់គ្នាមុនទៅហើយ។ យើងត្រូវមើលការងារហ្នឹង តើការងារហ្នឹងវាយ៉ាងម៉េច? អាចបញ្ឈប់គ្នាបានទេ? គាត់ទៅដល់និយាយថាបញ្ឈប់តែម្តង។ អញ្ចឹងអាការដែលគេបញ្ឈប់អីហ្នឹង ជាការរៀបចំរបស់គេតែម្តង»។
បើតាមក្រុមអ្នកតវ៉ាឲ្យដឹងថា កាលពីខែមេសា ឆ្នាំ២០១៨ កន្លងទៅ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបញ្ឈប់បុគ្គលិកផ្នែកសន្តិសុខដែលជាជនជាតិខ្មែរនិងខ្មែរ-អាមេរិកាំងចំនួន៣២នាក់ដោយចោទប្រកាន់ថា ពួកគេបានចែកចាយរូបភាពអាសអាភាសកុមារ ក្នុងសារជាក្រុមក្នុងហ្វេសប៊ុកឬ Group Facebook Messenger របស់ពួកគេ។ ពួកគេបញ្ជាក់ថា ពួកគេទទួលបានថវិកា១២ភាគរយ ពីស្ថានទូតមុនពេលបញ្ចប់ការងារផងដែរ។
យ៉ាងណាក៏ដោយលោក ញ៉រ សីហា ដែលអះអាងថាជាអតីតបុគ្គលិកសន្តិសុខស្ថានទូតដែរនោះ បញ្ជាក់ថា កាលពីខែមីនា មន្រ្តីជាន់ខ្ពស់ផ្នែកសន្តិសុខក្នុងស្ថានទូតបានហៅសន្តិសុខជាច្រើននាក់ ដែលស្ថិតក្នុង Group Facebook Messenger ដែលជា Group Facebook មានការចែកចាយរូបភាពអាសអាភាសនោះទៅសួរនាំ និងដកហូតកាតបុគ្គលិក ដោយចោទថា រូបភាពអាសអាភាសក្នុងសារជាក្រុម នោះជាក្មេងស្រីអាយុក្រោម១៨ឆ្នាំ។ លោកបន្ថែមថា ក្រោយការដកហូតកាតបុគ្គលិកពីពួកគេទាំងជាង៣០នាក់ មន្រ្តីស្ថានទូតបានទុកពេលឲ្យពួកគេ២សប្តាហ៍ដើម្បីតវ៉ា ប៉ុន្តែលោកថា រហូតមកដល់ពេលនេះមិនមានការដោះស្រាយណាមួយក្រៅតែពីការផ្តល់ប្រាក់១២ភាគរយ ឲ្យពួកគេនោះទេ។
លោកបញ្ជាក់ដោយដៃកំពុងកាន់បដាមានសរសេរទាមទារដំណោះស្រាយថា៖
«ពួកខ្ញុំចង់ទាមទារជំងឺចិត្តដែលគាត់ចោទប្រកាន់ខ្ញុំអញ្ចឹង ព្រោះអីវាធ្វើឲ្យប៉ះពាល់ ដល់ពេលអ្នកគេអត់ដឹងគេថា ពួកខ្ញុំមកធ្វើការហើយ ម៉េចបានទៅលេងរូបអីអញ្ចឹង? ទៅធ្វើអីអញ្ចឹង? អ្នកគេអត់ដឹងគេចោទប្រកាន់ខ្ញុំអញ្ចឹង ព្រោះអីកិត្តិយសរបស់ខ្ញុំដែលគាត់បញ្ឈប់ចោលហ្នឹង ខ្ញុំរកការងារធ្វើអត់បានទេ»។
អតីតបុគ្គលិកស្ថានទូតទាំងនោះបានអះអាងស្រដៀងគ្នាថា ក្រោយពីស្ថានទូតបញ្ឈប់ពីការងារ ធ្វើឲ្យពួកគេប្រឈមបញ្ហាក្នុងជីវភាពគ្រួសារ ខណៈរង់ចាំដំណោះស្រាយពីស្ថានទូតអស់រយៈពេលជាង៣ខែកន្លងទៅនេះ។ ពួកគេបន្ថែមថា ពួកគេនឹងបន្តការតវ៉ានិងប្តឹងទៅកាន់ស្ថាប័នពាក់ព័ន្ធផ្សេងៗរហូតមានដំណោះស្រាយ។
លោក David Josar អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការបណ្តេញបុគ្គលិកសន្តិសុខទាំងជាង៣០នាក់ចេញពីស្ថានទូតកាលពីខែមេសា ដោយអះអាងថា ជាបញ្ហាផ្ទៃក្នុងរបស់បុគ្គលិក។
ទោះយ៉ាងណា លោកបានប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលនារសៀលថ្ងៃអង្គារនេះ តាមសម្រង់ន័យដើមជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«យើងគោរពសិទ្ធិទាំងអស់គ្នាដើម្បីតវ៉ាដោយសន្តិភាព រួមទាំងអតីតសន្តិសុខទាំងនោះផង។ រដ្ឋាភិបាលអាមេរិកចាត់វិធានកាលើហេតុការណ៍ផ្សេងៗដែលមានពាក់ព័ន្ធនឹងរូបអាសអាភាសរបស់កុមារ និងការកេងប្រវ័ញ្ចលើកុមារយ៉ាងធ្ងន់ធ្ងរ»។
អតីតបុគ្គលិកសន្តិសុខរបស់ស្ថានទូតទាំងនោះមួយចំនួនបញ្ជាក់ក្នុងអំឡុងពេលកំពុងតវ៉ាថា ពួកគេបានដាក់ញតិ្តទៅក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងក្រសួងការបរទេស ដើម្បីឲ្យជួយដោះស្រាយនិងផ្តល់ភាពយុត្តិធម៌ដល់ពួកគេរួចហើយ។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានទេ រហូតដល់ល្ងាចថ្ងៃអង្គារនេះ។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់VOA ថា ការដោះស្រាយវិវាទការងារ គឺត្រូវសម្រេចលើការអនុវត្តបទបញ្ជាផ្ទៃក្នុង ឬលក្ខន្តិកៈរបស់រដ្ឋាភិបាលសាម៉ី។ ទោះយ៉ាងណាលោកថា ស្ថានទូតអាមេរិកប្រចាំកម្ពុជាគួរតែបកស្រាយពីមូលហេតុនៃការបណ្តេញអតីតសន្តិសុខទាំងនោះឲ្យបានច្បាស់។
លោកមានប្រសាសន៍ថា៖
«ខ្ញុំក៏មិនដឹងថានៅក្នុងកុងត្រា ឬក៏លក្ខន្តិកៈ ឬក៏បទបញ្ជាផ្ទៃក្នុងរបស់ស្ថានទូតជាមួយបុគ្គលិកហ្នឹងវាយ៉ាងមេចដែរ អាហ្នឹងវាអាស្រ័យទៅលើបទបញ្ជាផ្ទៃក្នុង លក្ខន្តិកៈនិងកុងត្រារបស់ភាគីទាំងពីរហ្នឹង។ ហើយបញ្ហាសំខាន់ខ្ញុំគិតថា វាជាដំណោះស្រាយល្អ គឺការដោះស្រាយ និងការចរចាគ្នាដោយសន្តិវិធីពាក់ព័ន្ធនឹងបញ្ហាទាំងអស់ហ្នឹង ដើម្បីឲ្យមានការទទួលយកបានណាមួយរវាងភាគីទាំងពីរហ្នឹង»។
ក្នុងការតវ៉ាដែលធ្វើឡើងតាំងពីម៉ោង៨ព្រឹក និងបញ្ចប់នៅម៉ោង១១ព្រឹកនេះ គេឃើញមានការឃ្លាំមើលពីសមត្ថកិច្ចប្រមាណជាជាង៣០នាក់ ឈរលើខឿនមុខស្ថានទូតខណៈអ្នកតវ៉ាកាន់ជាបដារទាមទាររកដំណោះស្រាយ និងរូបថតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រូបថតប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ព្រមទាំងមានទង់ជាតិកម្ពុជានិងអាមេរិកផងដែរ។
អតីតបុគ្គលិកទាំង៣២នាក់ដែលធ្វើការចាប់ពីជាង៥ឆ្នាំដល់ជិត២០ឆ្នាំ ហើយត្រូវបានបណ្តេញចេញពីការងារនេះ ទាមទារឲ្យស្ថានទូតអាមេរិកដោះស្រាយ ជូនពួកគេចំនួន៧ចំណុច។
ក្នុងនោះពួកគេរកយុត្តិធម៌ពីការបញ្ឈប់ដោយបង្ខំ និងមិនបង្ហាញភស្តុតាង។ ទាមទារឲ្យស្ថានទូតកែពាក្យពីការបណ្តេញចេញ មកជាការកាត់បន្ថយបុគ្គលិក។ ទាមទារសំណង៦ខែទៅតាមច្បាប់កាត់បន្ថយបុគ្គលិក។ ប្តឹងពីបទរំលោភសិទ្ធិបុគ្គលិក ដោយដកហូតយកទូរស័ព្ទ ទៅឆែកមើលគ្រប់រូបភាពនិងឯកសារផ្សេងៗ។ ទារសំណងជំងឺចិត្តទៅលើការបង្ខូចកេរ្តិ៍ឈ្មោះ និងកិតិ្តយស ដោយការចោទប្រកាន់គ្មានភស្តុតាងជាដើម៕