នៅថ្ងៃអង្គារនេះ លោក មាជ សុវណ្ណារ៉ា អតីតមន្រ្តីព័ត៌មានគណបក្សសង្គ្រោះជាតិ ដែលទើបត្រូវបានដោះលែងពីពន្ធនាគារជាមួយសកម្មជនបក្សប្រឆាំង១៣នាក់ផ្សេងទៀត បានអំពាវនាវឲ្យលោកនាយករដ្ឋមន្រ្តីបញ្ឈប់ការចាប់អ្នកនយោបាយដាក់ពន្ធនាគារ និងបែរមកធ្វើការជាមួយពួកគេដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។
លោកមាជ សុវណ្ណារ៉ាលើកឡើងបែបនេះ បន្ទាប់ពីលោក និងសមាជិកគណបក្សប្រឆាំងជាង១០នាក់ផ្សេងទៀតត្រូវបានព្រះសង្ឃនៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារស្រោចទឹក នៅថ្ងៃអង្គារនេះ ក្រោយត្រូវបានដោះលែងចេញពីពន្ធនាគារទាំងពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។ លោកនិយាយថា លោកនឹងបន្តធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ដោយប្រកួតប្រជែងគោលនយោបាយជាមួយគណបក្សកាន់អំណាច ដែលមានកូនៗរបស់លោកនាយករដ្ឋមន្រ្តីជាអ្នកថ្នាក់ដឹកនាំ ក៏ប៉ុន្តែនៅពេលនេះលោកត្រូវការ ដកឃ្លាសម្រាកនឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិកដើម្បីជួបជុំគ្រួសាររបស់លោកមួយរយៈសិន។
អតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលមានសញ្ញាតិខ្មែ-អាមេរិកាំងរូប បញ្ជាក់ថា៖
«យើងធ្វើនយោបាយខ្ញុំមានគណបក្សខ្ញុំមួយ គាត់មានគណបក្សគាត់មួយ។ យើងប្រកួតប្រជែងគោលនយោបាយគ្នាដើម្បីប្រយោជន៍ជាតិ ប្រយោជន៍សេដ្ឋកិច្ចនយោបាយទៅ យើងកុំប្រើហិង្សាចាប់មនុស្សដាក់គុក។ ចាប់ពីពេលនេះទៅ ខ្ញុំសូមអំពាវលោកនាយករដ្ឋមន្រ្តីហ៊ុន សែនសូមឲ្យលោកជួយមើលអ្នកដែលខូចហ្នឹង បញ្ចប់ទៅអាវប្បធម៌ចាប់អ្នកនយោបាយដាក់គុក ហើយកុំឲ្យគិតថា អាពួកនយោបាយតែធ្វើនយោបាយ បើមិនជាប់គុក ងាប់ រត់ចោលស្រុក។ ខ្ញុំសូមអំពាវនាវតែប៉ុណ្ណឹង»។
លោកមាជ សុវណ្ណារ៉ាបន្ថែមថា លោកគ្រោងនឹងស្នើសុំចូលគាល់ព្រះមហាក្សត្រ ព្រមទាំងសុំជួបលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីរៀបរាប់ពីបញ្ហា និងអំពើពុករលួយដែលលោកបានជួបប្រទះក្នុងពន្ធនាគារ។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច និងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេ រហូតដល់ល្ងាចថ្ងៃអង្គារនេះ។
លោកមាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៣នាក់ផ្សេងទៀត ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃស បន្ទាប់ពីព្រះមហាក្សត្របង្គាប់ឲ្យលើកលែងទោសទៅតាមសំណើរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ អ្នកទាំង១៤ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពី៧ដល់២០ឆ្នាំពីបទដឹកនាំកុបកម្ម និងចូលរួមកុបកម្មនៅទីលានប្រជាធិបតេយ្យចាស់ក្បែរវត្តភ្នំ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៤។
នៅមុនការដោះលែងពួកគេនៅកណ្តាលយប់ថ្ងៃចន្ទ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ មន្ត្រី និងសកម្មជនជិត៣០០នាក់បានប្រមូលផ្តុំនៅមុខពន្ធនាគារព្រៃសតាំងពីរសៀល។ យ៉ាងណាក៏ដោយ អ្នកទាំង១៤រូបត្រូវបានបញ្ជូនតាមរថយន្តរបស់ពន្ធនាគារនិងដោយមានការហែរហមការពារសុវត្ថិភាពទៅកាន់គេហដ្ឋានរបស់ខ្លួន។
ក្រោយត្រូវបានដោះលែងភ្លាមៗនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែសីហា មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងដែលមានសញ្ជាតិអាមេរិកាំងរូបនេះនិយាយថា ការដោះលែងរូបលោក និងសកម្មជនផ្សេងទៀតនេះគឺជាសញ្ញានៃការឯកភាពជាតិ។ លោកមាជ សុវណ្ណារ៉ាក៏បានអំពាវនាវឲ្យមានការដោះលែង លោកកឹម សុខា ប្រធានគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុងផងដែរ។
លោកនិយាយថា៖
«ខ្ញុំអំពាវនាវដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយខ្ញុំអំពាវនាវដោយស្នាមញញឹមជាមួយព្រះករុណាជីវិតតម្កល់លើត្បូង ខ្ញុំសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងពិចារណា ទោះបីនីតិវិធី នីតិរដ្ឋតុលាការក៏ដោយ តែខ្ញុំសង្ឃឹមថា មេគណបក្សរបស់ខ្ញុំគឺលោកកឹម សុខានឹងត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់ ព្រោះបើទុកទៀតវែងឆ្ងាយណាស់»។
ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ សកម្មជនដីធ្លីដ៏លេចធ្លោមួយរូបគឺអ្នកស្រីទេព វន្នី និងសកម្មជនផ្សេងទៀត ព្រមទាំងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូបគឺលោកអ៊ួន ឈិន និងលោកយាង សុធារិន ព្រមទាំងលោកគឹម សុខ អ្នកវិភាគនយោបាយដែលតែងរិះគន់រដ្ឋាភិបាលលោកហ៊ុន សែនមិនសំចៃមាត់ ត្រូវបានដោះលែង។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ដែលត្រូវបានឃុំខ្លួនជាង១ឆ្នាំពីបទញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់មេបញ្ជាការ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍នោះ ត្រូវបានដោះលែង ក្រោយពីលោកបានសរសេរលិខិតសុំទោសលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
ចំណែកលោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តសៀមរាប ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប កាលពីខែមេសា ឆ្នាំ២០១៦ ក្រោមបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់ឲ្យមានការរើសអើង បន្ទាប់ពីលោកបានបង្ហោះឯកសារផែនទីស្ដីពីព្រំដែនកម្ពុជា-វៀតណាម ត្រូវបានដោះលែងកាលពីថ្ងៃសៅរ៍។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីសប្តាហ៍មុន បានប្រកាសថា ការលើកលែងទោសដល់អ្នកជាប់ឃុំទាំងនោះ គឺដោយសារពួកគេបានសរសេរលិខិតសុំទោសលោក។ លោកក៏បានព្រមានថា នឹងប្តូរចិត្ត ប្រសិនបើមានការលើកឡើងណាមួយដែលថា ការលើកលែងទោសនេះធ្វើឡើងដោយរងសម្ពាធពីបរទស។
លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានរិះគន់ថា ការដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនលើកលែងទោសដល់អ្នកជាប់ឃុំទាំងនោះគឺជាការធ្វើដោយបង្ខំចិត្ត ដោយមានសម្ពាធពីសហគមន៍អន្តរជាតិ។
ក្រោយអ្នកជាប់ឃុំ ដែលត្រូវបានគេហៅថាជាចំណាប់ខ្មាំងនយោបាយទាំងនោះ ត្រូវបានដោះលែងជាបន្តបន្ទាប់ គេឃើញមានការរំពឹងថា លោកកឹម សុខា ប្រធានគណបក្សប្រឆាំង ដែលត្រូវបានឃុំខ្លួនអស់រយៈពេលជិតមួយឆ្នាំមកហើយនោះ នឹងត្រូវបានដោះលែងផងដែរ។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះមិនទាន់មានតម្រុយណាមួយត្រូវបានបង្ហាញថា លោកកឹម សុខាអាចនឹងត្រូវបានដោះលែងទេ ហើយមានដីកាកោះរបស់ចៅក្រមសាលាដំបូងរាជធានី ដែលបានហៅមេធាវីការពារក្តីរបស់លោកកឹម សុខាទៅចូលរួមសវនាការលើការបន្តការឃុំខ្លួនលោក នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះប៉ុណ្ណោះ។
ចាប់តាំងពីមានការចាប់ខ្លួនមន្រ្តីគណបក្សប្រឆាំង ការបង្ក្រាបលើសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ការរំលាយគណបក្សសង្គ្រោះជាតិ និងការព្យួរសិទ្ធិនយោបាយមន្រ្តីជាន់ខ្ពស់គណបក្សនេះជាង១០០នាក់ ព្រមទាំងការចាប់ខ្លួនប្រធានគណបក្សនេះគឺលោកកឹម សុខាយកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ឯខេត្តត្បួងឃ្មុំនោះ គេឃើញមជ្ឈដ្ឋានអន្តរជាតិធំៗនានា រិះគន់រដ្ឋាភិបាលរបស់លោកហ៊ុន សែន និងដាក់ទណ្ឌកម្មចំពោះជនដែលធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជាមួយគ្នានោះ សហភាពអឺរ៉ុប ដែលជាទីផ្សារដ៏ធំសម្រាប់ឧស្សាហកម្មកាត់ដេរនៅកម្ពុជា ក៏បានព្រមានដកកិច្ចអនុគ្រោះពន្ធលើទំនិញនាំចូលពីកម្ពុជា ក្រោមកម្មវិធី«អនុគ្រោះពន្ធលើអី្វៗទំាងអស់លើកលែងតែអាវុធ» ឬ Everything But Arms។
ការដោះលែងសកម្មជននយោបាយ អ្នកការពារសិទ្ធិដីធ្លី អ្នកសារព័តមានជាបន្តបន្ទាប់ដូច្នេះ ធ្វើឡើងក្រោយលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ដែលគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈ្នះដាច់នឹងឈានទៅដឹកនាំប្រទេសដោយឯកបក្ស។
រដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែនរយៈពេល៥ឆ្នាំទៀតនោះ នឹងត្រូវបង្កើតឡើងនៅថ្ងៃទី៦កញ្ញាខាងមុខ ក្រោយការប្រជុំសភាជាតិលើកដំបូងនៅមុននោះមួយថ្ងៃគឺនៅថ្ងៃទី៥កញ្ញា៕