បន្ទាប់ពីមានការត្រួតពិនិត្យចាប់បានភ្លុកដំរីជាង៣តោន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បុគ្គលិកកំពង់ផែរាជធានីភ្នំពេញដែលមានទីតាំងស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល បានពិភាក្សាគ្នានៅកន្លែងលក់កាហ្វេមួយ ខាងមុខច្រកចូលកំពង់ផែរាជធានីភ្នំពេញ។
បុគ្គលិកទាំងនោះបានលើកឡើងថា កុងតឺន័រផ្ទុកទំនិញដែលត្រូវបានត្រួតពិនិត្យនេះ ត្រូវបានដឹកដាក់ចូលកំពង់ផែជាងមួយឆ្នាំមកហើយ តែមិនមានម្ចាស់មកយក រហូតដល់អាជ្ញាធរសម្រេចបើកត្រួតពិនិត្យ។ បុគ្គលិកម្នាក់អាយុ៣៨ឆ្នាំ ដែលបានធ្វើការផ្នែកស្ទូចទំនិញចេញពីកប៉ាល់ បានថ្លែងប្រាប់ VOA ដោយសុំមិនបញ្ចេញឈ្មោះ ដោយសារបារម្ភអាជ្ញាធរតាមដាន។
បុគ្គលិកដែលបានឃើញការត្រួតពិនិត្យភ្លុកដំរីនោះបានលើកឡើងថា អាជ្ញាធរបានពិនិត្យមើលកុងតឺន័រចំនួន១២ ហើយប្រទះឃើញភ្លុកដំរីក្នុងកុងតឺន័រមួយ។ ភ្លុកដំរីនោះត្រូវបានដាក់ក្នុងការ៉ុងបន្លំជាមួយថ្ម។ លោកបន្តថា នៅក្នុងកុងតឺន័រផ្សេងទៀត មានផ្ទុកដោយម៉ូតូ និងគ្រឿងម៉ាស៊ីនផ្សេងៗ។
បុគ្គលិករូបនោះបានលើកឡើងថា៖ «ខ្ញុំគិតថា ពួកគេចង់ដឹងថា នរណាជាម្ចាស់ទំនិញ ហើយប៉ុន្តែប្រហែលជាម្ចាស់ទំនិញដឹង ហើយមិនហ៊ានមកយកទំនិញ»។
បុគ្គលិកម្នាក់ទៀតនិយាយថា ភ្លុកដំរីទាំងនោះ អាចនាំចេញតាមផ្លូវគោក ឬតាមផ្លូវទឹកក្នុងខេត្តព្រះសីហនុ ទៅប្រទេសផ្សេងទៀតផងដែរ។
នៅក្នុងរូបភាពដែលផ្តល់ដោយបុគ្គលិកដែលធ្វើការនៅទីនោះ ភ្លុកដំរីរាប់រយ ត្រូវបានរៀបដាក់នៅក្បែរកុងតឺន័រ ដើម្បីត្រួតពិនិត្យ។
ប្រតិបត្តិការត្រួតពិនិត្យរកឃើញភ្លុកដំរីនេះ ក៏មានការចូលរួមពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរ ដែលបានជូនដំណឹងអាជ្ញាធរកម្ពុជា អំពីការជួញដូរភ្លុកដំរីនេះ។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី Emily Zeeberg បានថ្លែងប្រាប់VOA ថា នៅក្នុងប្រតិបត្តិការរឹបអូសនោះ ភ្លុកដំរីដែលខ្លះមានកាត់ជាពីរកំណាត់ផង សរុបទាំងអស់មានចំនួន១០២៦ ហើយមានទម្ងន់សរុបជិត៣តោនកន្លះ។
លោកស្រីមានប្រសាសន៍តាមសារអេឡិចត្រូនិកឬអ៊ីម៉ែលថា៖
«ភ្លុកដំរីទាំងនោះត្រូវបាននាំមកពីប្រទេស Mozambique។ ប្រទេសកម្ពុជាគឺជាច្រកឆ្លងកាត់។ មិនទាន់មានព័ត៌មានថា តើភ្លុកទាំងនេះ ត្រូវជួញដូរក្នុងគោលបំណងលក់នៅកម្ពុជាឬយ៉ាងណានោះទេ»។ លោកស្រីបញ្ជាក់ថា ការស៊ើបអង្កេតកំពុងធ្វើឡើងបន្តទៀត។
លោក ស៊ុន ឆាយ ប្រធានសាខាគយកំពង់ផែស្វយ័តភ្នំពេញមានប្រសាសន៍ថា ម្ចាស់មិនមកទទួលទំនិញជាងមួយឆ្នាំហើយ ដូច្នេះហើយទើបអាជ្ញាធរពាក់ព័ន្ធសម្រេចបើកមើលទំនិញនោះ ហើយក៏បានរកឃើញភ្លុកដំរី។
លោកមានប្រសាសន៍ថា៖
«ព្រោះទំនិញហ្នឹងមក គាត់អត់ហ៊ាន Clear [មកទទួលទំនិញ]។ គាត់រកឱកាស Clear Clear អត់បាន តាមខ្ញុំដឹង។ ឲ្យម្ចាស់វាហ៊ាន Clear វាអត់ហ៊ាន Clear ទេ ព្រោះទំនិញហាមឃាត់ អ៊ីចឹងវាមិនហ៊ានទេ។ អានេះមក បើមានឱកាស វានឹងយក បើឱកាស វាយកមិនបាន វាមិនហ៊ានយកទេ»។
លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់ដឹងថាតើម្ចាស់ទំនិញ ជាខ្មែរ ឬបរទេសនោះទេ។ លោកមានប្រសាសន៍ថា៖ «វាមាន Billមួយ (វិក្កយបត្រ)របស់កប៉ាល់។ ម្ចាស់អត់មានឃើញទាំងអស់ អត់មានឃើញអី។ ខ្ញុំមិនដឹងថា ម្ចាស់វាជាបរទេសឬជាស្អី»។
មន្រ្តីរូបនោះបានឲ្យដឹងទៀតថា ភ្លុកដំរីទាំងនោះត្រូវបាននាំចូលពីប្រទេសមូហ្សំប៊ិក ដោយឆ្លងកាត់ប្រទេសវៀតណាម។ ប៉ុន្តែលោកថា អាជ្ញាធរវៀតណាមមិនមានសិទ្ធិអំណាចក្នុងការត្រួតពិនិត្យទំនិញទាំងនេះ មុនពេលមកដល់កម្ពុជា។
នៅពេលសួរអំពីចំណាត់ការបន្តទៀត លោក ស៊ុន ឆាយ បានបង្វែរសំណួរនេះទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
VOA មិនអាចសុំការឆ្លើយតបពីលោក គន់ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បាននៅឡើយទេ។
អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ លោក លី សុផាណា បានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើតុលាការបានទទួលសំណុំរឿងនេះឬយ៉ាងណា។ លោកស្នើឲ្យទាក់ទងទៅខាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករវិញ។
នេះមិនមែនជាលើកទីមួយនោះទេ ដែលកម្ពុជាចាប់បានភ្លុកដំរីនេះ។ កាលពីខែធ្នូ ឆ្នាំ២០១៧ អាជ្ញាធរកម្ពុជាចាប់បានភ្លុកដំរីប្រមាណ២៧០ដុំ នៅកំពង់ផែ ខេត្តព្រះសីហនុ។ ក្នុងឆ្នាំ២០១៦ អាជ្ញាធរចាប់បានភ្លុកដំរីប្រមាណ១តោនកន្លះ នៅទីក្រុងភ្នំពេញ និងនៅឆ្នាំ២០១៤ អាជ្ញាធរចាប់បានប្រមាណ៣តោននៅក្នុងខេត្តព្រះសីហនុ។
នៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានក្លាយជាកន្លែងនាំចូលនៃភ្លុកដំរីខុសច្បាប់ ដែលជាតម្រូវនៅក្នុងប្រទេសចិន និងវៀតណាម។
លោក Paul Chambers អ្នកវិភាគកិច្ចការនយោបាយនៅសាកលវិទ្យាល័យNaresuan នៅប្រទេសថៃ បានប្រាប់ VOA ថា កម្ពុជាអាចជាកន្លែងប្រភពនៃទំនិញនេះផង និងជាកន្លែងឆ្លងកាត់ផង។ លោកមានប្រសាសន៍ថា ប្រទេសកម្ពុជានៅមានភាពធូររលុងនៅឡើយចំពោះការនាំចូលទំនិញ ដូច្នេះហើយទើបមានការជួញដូរជំនួញបែបនេះ។
លោក មាស នី អ្នកតាមដានការវិវត្តសង្គមនៅកម្ពុជា បានថ្លែងថា ជំនួញភ្លុកដំរីនេះ មានពាក់ព័ន្ធនឹងមន្រ្តីធំៗ និងមានអំណាច ទើបមានការនាំចូលបាន។ លោកមិនមានជំនឿថា អាជ្ញាធរនឹងចាប់បានជននៅពីក្រោយនោះទេ។
លោកមានប្រសាសន៍ថា៖
«វាសំខាន់ថាគេព្យាយាមរក ឬមិនរកតែប៉ុណ្ណឹងទេ។ បើគេហ៊ានរក ទៅដល់កន្លែងណា ក៏មិនអាចគេចពីក្រសែភ្នែករបស់សមត្ថកិច្ចយើងបានដែរ»។
លោក មាស នី យល់ថា កម្ពុជាមិនមែនជាទីផ្សារធំនៃភ្លុកដំរីនោះទេ។ លោកបញ្ជាក់ថា៖ «ខ្ញុំគិតថារបស់អស់នេះ មិនមែនយើងប្រើនៅស្រុកយើងទេ។ តិចតួចណាស់ ដែលយើងប្រើនៅស្រុកយើង។ បើយើងដើរទៅតាមផ្ទះរបស់អ្នកមានៗ យើងក៏មិនសូវឃើញមានតាំងភ្លុកដំរីដែរ។ គេតាំងជាឈើមានតម្លៃអ៊ីចឹង។ តាមខ្ញុំមើល គាត់គ្រាន់តែមកសំចត ហើយគេនាំចេញទៅក្រៅទៀត»។
លោកបញ្ជាក់ថា កម្ពុជាគួរតែមានការសហការជាមួយប្រទេសផ្សេង ដើម្បីបង្រ្កាបទៅលើជំនួញទាំងនេះ និងកុំឲ្យប្រទេសកម្ពុជាខូចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ដោយសារជំនួញបំផ្លាញសត្វព្រៃ។
លោក Nick Marx នាយកអង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) មានប្រសាសន៍ថា អាជ្ញាធរកម្ពុជាបានយល់ដឹងច្រើនអំពីជំនួញខុសច្បាប់បែបនេះ ហើយចាប់ផ្តើមចាត់វិធានការប្រឆាំង ដោយសារវាជាការបំផ្លាញសត្វដំរីនៅក្នុងពិភពលោក។
លោកមានប្រសាសន៍ថា៖
«អ្វីដែលយើងមិនដឹង គឺថាតើការជួញដូរនេះ ធ្លាប់ត្រូវបានដំណើរការដោយមិនបានត្រួតពិនិត្យ ចាប់បានឬយ៉ាងណា។ រដ្ឋាភិបាលទាំងអស់គួរតែដោះស្រាយបញ្ហានេះ ដោយម៉ឹងម៉ាត់បំផុត»។
អង្គការ Save the Elephants ដែលជាមូលនិធិមួយចុះឈ្មោះនៅចក្រភពអង់គ្លេស និងមានមូលដ្ឋាននៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា បានផ្សព្វផ្សាយនូវការរកឃើញថ្មីមួយកាលពីខែតុលា ឆ្នាំនេះថា មានការកើនឡើងនូវជំនួញជួញដូរភ្លុកដំរីដោយខុសច្បាប់ រវាងប្រទេសមីយ៉ាន់ម៉ានិងប្រទេសចិន។
តម្លៃភ្លុកដំរីរបស់អាហ្រ្វិកកាលពីចុងឆ្នាំ២០១៧ គឺមានតម្លៃថេរ គឺចន្លោះពី៧៧០ទៅ៨០០ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។ អង្គការមួយនេះបានបញ្ជាក់ថា ដំរីប្រមាណជា១០ម៉ឺនក្បាលនៅអាហ្រ្វិក ត្រូវបានសម្លាប់សម្រាប់យកភ្លុកក្នុងរយៈពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ២០១០ ដល់២០១២។
បើតាមអង្គការ World Wildlife Fund ដំរីចន្លោះពី២ទៅ៣ម៉ឺនក្បាលត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំ៕