ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចូល​កាន់​សាសនា​គ្រីស្ទ​របស់​​អ្នកស្រី​អ៊ឹម ចែម​ អាច​ជា​ការ​ជំរុញ​សម្រាប់​អតីត​ខ្មែរ​ក្រហម​ផ្សេង​ទៀត​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការចូល​កាន់​សាសនាគ្រីស្ទ​របស់​អ្នកស្រី​ អ៊ឹម ចែម​ អាច​ជា​ការ​ជំរុញ​សម្រាប់​អតីត​ខ្មែរ​ក្រហម​ផ្សេង​ទៀត

អតីត​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​ក្នុង​របប​ខ្មែរ​ក្រហម​គឺ​អ្នកស្រី ​អ៊ឹម ចែម ​ធ្លាប់​ត្រូវ​បាន​ណែនាំ​ឲ្យ​ចូល​សាសនា​គ្រីស្ទ​ជាង​១០​ឆ្នាំ​មក​ហើយ ​ ប៉ុន្តែ​អ្នកស្រី​បាន​បដិសេធ​ជា​បន្ត​បន្ទាប់។​ ប៉ុន្តែ​កាល​ពី​ខែ​មករា ​អ្នកស្រី​បាន​សម្រេច​ចិត្ត​ចូល​កាន់​សាសនា​គ្រីស្ទ ដោយ​មាន​ការ​ជ្រមុជ​ទឹក​ពី​គ្រូ​គង្វាល។ អ្នកស្រី​បាន​ថ្លែង​ថា កូន​របស់​អ្នកស្រី​មាន​ជំងឺ ​ហើយ​ទទួល​បាន​ការ​ឧបត្ថម្ភ​ព្យាបាល​ដោយ​ក្រុម​អ្នក​កាន់​សាសនា​គ្រីស្ទ​នៅ​ខេត្ត​បាត់ដំបង។​ គាប់​ជួន ​អ្នកស្រី​ក៏​បាន​សម្រេច​ចិត្ត​ចូល​សាសនា​គ្រីស្ទ​នា​ពេល​នោះ​ ដែល​ត្រូវ​បាន​​មើល​ឃើញ​ថា ​អាច​ជា​ការ​ជំរុញ​មួយ​ដល់​អតីត​ខ្មែរ​ក្រហម​ផ្សេង​ទៀត។​

រស់​នៅ​ក្នុង​ស្រុក​អន្លង់​វែង ​ដែល​ជា​តំបន់​សម្បូរដោយ​អតីត​ខ្មែរ​ក្រហម ​អ្នកស្រី​ អ៊ឹម ចែម ​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់​ដែល​រង​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ​ខ្មែរ​ក្រហម​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ រួម​ទាំង​ការ​សម្លាប់​រង្គាល​ និង​ការ​បង្ខំ​ឲ្យធ្វើ​ការជា​ទាសករ។​

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មករា ​អ្នកស្រី​ អ៊ឹម ចែម ​អាយុ​៧៥​ឆ្នាំ ​បាន​ប្តូរ​ជំនឿ​សាសនា​ពីព្រះ​ពុទ្ធសាសនា​ដែល​មាន​តាំង​ពី​កំណើត​មក ហើយ​មក​កាន់​សាសនា​គ្រីស្ទ​វិញ​ ដោយ​មាន​ការ​ជ្រមុជ​ទឹក​ពី​គ្រូ​គង្វាល​នៅ​ខេត្ត​បាត់ដំបង។​

នៅ​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ភូមិ​អូរ​អង្រែ ​ឃុំ​ត្រពាំងតាវ ​ស្រុក​អន្លង់វែង ​ខេត្ត​ឧត្តរមាន​ជ័យ​ អ្នកស្រី​ អ៊ឹម ចែម​ មាន​ប្រសាសន៍​ថា ​កូន​អ្នក​ស្រី​មាន​អាការៈ​បញ្ហា​ខួរ​ក្បាល​ ដែល​អ្នក​ស្រី​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ​ក្រោយ​មាន​ការ​ណែនាំ​ពី​លោក Christopher LaPel ​ដែល​ជា​គ្រូ​គង្វាល​ខ្មែរ-អាមេរិក​ នៅ​ព្រះវិហារ​ Golden West ​Christian Church​ ក្នុង​ក្រុង​ Los Angeles ​និង​ជា​ស្ថាបនិក​នៃ​ព្រះវិហារ​ Cambodian Christian Church​ នៅ​ភាគ​ពាយព្យ​ក្នុង​ប្រទេស​កម្ពុជា​មកនោះអ្នកស្រី អ៊ឹម ចែម​ បាន​ទៅ​ខេត្ត​បាត់ដំបង​ជិត​១០​ថ្ងៃ ​កាល​ពី​ខែ​មករា​ ដើម្បី​ព្យាបាល​កូន។​

អ្នកស្រី​បាន​ថ្លែង​ថា៖​

«ខ្ញុំ​ប្រកែក​ថា​ អត់​ទៅ។ ​ដល់​លឿន (ជា​កូន​ប្រុស​លោកស្រី)​ គេ​យល់​ព្រម​ទៅឲ្យ​តែ​ជួយ​មើល​ជា។​ គេ​ថា ​គេ​ទៅ។ ​គាត់​ថា ​បើ​ចង់​ពិនិត្យ ​ចង់​អី ​ពេទ្យ​នៅ​បាត់​ដំបង»។​

អ្នកស្រី អ៊ឹម ចែម អតីត​កម្មាភិបាល​ខ្មែរ​ក្រហម ដែល​បាន​ចូលសាសនាគ្រិស្ត​កាល​ពីខែមករា ឆ្នាំ២០១៨ បាន​ផ្តល់​បទសម្ភាសន៍​ដល់ ​VOA កាល​ពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ២០១៨ នៅ​ផ្ទះ​របស់​អ្នកស្រី​នៅ​ក្នុង​ភូមិ​អូរអង្រែ ឃុំ​ត្រពាំងតាវ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរមានជ័យ។ (ស៊ុន ណារិន/VOA)
អ្នកស្រី អ៊ឹម ចែម អតីត​កម្មាភិបាល​ខ្មែរ​ក្រហម ដែល​បាន​ចូលសាសនាគ្រិស្ត​កាល​ពីខែមករា ឆ្នាំ២០១៨ បាន​ផ្តល់​បទសម្ភាសន៍​ដល់ ​VOA កាល​ពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ២០១៨ នៅ​ផ្ទះ​របស់​អ្នកស្រី​នៅ​ក្នុង​ភូមិ​អូរអង្រែ ឃុំ​ត្រពាំងតាវ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរមានជ័យ។ (ស៊ុន ណារិន/VOA)

នៅ​ទីនោះ ​អ្នកស្រី ​អ៊ឹម ចែម​ ត្រូវ​បាន​ណែនាំសាជា​ថ្មី​អំពី​ព្រះ​យេស៊ូគ្រីស្ទ​ ហើយ​អ្នកស្រី​ក៏​បាន​ជួប​មិត្ត​ចាស់​របស់​អ្នកស្រី​ក្នុង​សម័យ​ខ្មែរ​ក្រហម​ផង​ដែរ។ ​ពួកគេ​បាន​ជជែក​គ្នារហូត​ដល់​អ្នកស្រី ​អ៊ឹម ចែម ​បាន​សម្រេច​ចូល​កាន់​សាសនា​គ្រីស្ទ។ ​

អ្នកស្រី​បន្ត​ថា៖​

«ពេល​ដេក​ គាត់​ឲ្យ​យាយៗ​ពីរ​នាក់​មក​ដេក​ជាមួយ។ ​មក​ដេក​ជាមួយ ​ចេះ​សួរ​ខ្ញុំ ​ណែនាំ​ខ្ញុំ។ ​ខ្ញុំ​ថា​ ​មិន​បាច់​ឃោសនា​ទេ​ ខ្ញុំ​យល់​ហើយ។ ​ប៉ុន្តែ​គន្លឹះ​ដែល​ខ្ញុំ​មិន​ទាន់​ចូល​គឺ​ខ្ញុំ​មិន​ទាន់​ចូល»។​

ពេល​នោះ ​អ្នកស្រី ​អ៊ឹម ចែម ​បាន​ជួប​មិត្ត​ចាស់​របស់​អ្នកស្រី​ម្នាក់​ឈ្មោះ ជឿន​ ដែល​បាន​ចូល​កាន់​សាសនា​គ្រីស្ទ​ដែរ។​ អ្នកស្រី ​អ៊ឹម ចែម ​បាន​បញ្ជាក់​ថា ​ជឿន ​គឺ​ជា​អ្នក​ដែល​ធ្លាប់​នៅ​ជាមួយ​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ លោក សាឡុត ​ស​ ហៅ​ប៉ុល ពត។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖

«ថ្ងៃ​ហ្នឹង ​កុំ​គាត់​ហៅ​មិត្ត​ជឿន​មក ​កុំ​អី​ក៏​ខ្ញុំ​មិន​ងាយ​ដែរ»។​

កាល​ពី​ដើម​ឡើយ​ អ្នកស្រី​ អ៊ឹម ចែម​ មាន​ជំហរ​រឹងមិនចូល​កាន់​សាសនា​គ្រីស្ទ​នោះ​ទេ​ បើ​ទោះ​អ្នកស្រី​ធ្លាប់​ត្រូវ​បាន​ណែនាំ​កាល​ពី​ជាង​១០​ឆ្នាំមុន​ក៏​ដោយ។​

ក្រុម​គ្រួសារ​របស់​អ្នកស្រី​មួយ​ចំនួន​ ដូច​ជា​កូន​ចិញ្ចឹម​ កូន​ប្រសារ ​និង​ក្មួយ​បាន​សម្រេច​ចូល​កាន់​សាសនា​គ្រីស្ទ​ជា​ច្រើន​ឆ្នាំ ​មុន​អ្នកស្រី​ទៅ​ទៀត។​

ឈើឆ្កាង​គ្រិស្តសាសនា ដែល​ត្រូវ​បាន​សាងសង់នៅ​ខាងផ្ទះ​អ្នកស្រី អ៊ឹម ចែម ក្រោយ​អ្នកស្រី​ចូលកាន់​សាសនាគ្រិស្ត។ រូបថត​ថ្ងៃ​ទី០៤ ខែ​មេសា ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)
ឈើឆ្កាង​គ្រិស្តសាសនា ដែល​ត្រូវ​បាន​សាងសង់នៅ​ខាងផ្ទះ​អ្នកស្រី អ៊ឹម ចែម ក្រោយ​អ្នកស្រី​ចូលកាន់​សាសនាគ្រិស្ត។ រូបថត​ថ្ងៃ​ទី០៤ ខែ​មេសា ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)

នៅ​ពេល​អ្នក​ស្រី​សម្រេច​ចូល​កាន់​សាសនា​គ្រីស្ទ ​កូន​របស់​អ្នកស្រី ​គឺ ​អ៊ឹម លឿន​ អាយុ​៣៩​ឆ្នាំ ​ដែល​ទទួល​បាន​ការ​ព្យាបាលនៅ​ខេត្ត​បាត់ដំបង​ និង​មាន​ភាព​ធូរស្រាល​ជាង​មុន​ ក៏​បាន​សម្រេច​ចិត្ត​ចូល​សាសនា​គ្រីស្ទ​ដែរ។​

តែ​កូនស្រី​របស់​អ្នកស្រី​ អ៊ឹម ចែម​ គឺអ្នកស្រី​ កាំង រិន ​អាយុ​៥០​ឆ្នាំ ​មិន​ទាន់​សម្រេច​ចូល​សាសនា​គ្រីស្ទ​នៅ​ឡើយ​ទេ។​ អ្នកស្រី​ កាំង រិន ​មាន​ប្រសាសន៍​ថា ​អ្នកស្រី​មិន​ចាប់​អារម្មណ៍​នោះ​ទេ។ ​អ្នកស្រី​បញ្ជាក់​ថា​ ការ​ចូល​សាសនា​គ្រីស្ទ​របស់​ម្តាយ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​គាត់។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​មិន​ដឹង​ដែរ ​ប៉ុន្តែ​គាត់​យល់​ គាត់​រៀន​គម្ពីរ ​ថា ​ខាង​យេស៊ូ​ហ្នឹង ​ឮ​តែ​គេ​ថា ​ចូល​យេស៊ូ​ហ្នឹង​អត់​ចេះ​ធ្វើ​បុណ្យ ​ធ្វើ​អី ​ម៉ែ​ឪ​ស្លាប់​អត់​ទៅ​និមន្ត​លោក ​និមន្ត​អី។ ​ដល់​ហើយ​គាត់​ឮ​តែ​អីចឹង។ ​គេ​មក​ហៅ​ចូល​ប៉ុន្មាន​ដង ​គាត់​អត់​ចូល​ទេ។ ​ដល់​ទៅ​ ​បាន​ទៅ​រៀន​ គាត់​យល់​ថា​ មិន​មែន​អីចឹង​ទេ។ ​មក​ពី​អ្នក​អនុវត្ត​ខុស​ពី​គម្ពីរ»។

កូនស្រី​របស់​អ្នកស្រី អ៊ឹម ចែម គឺ​អ្នកស្រី កាំង រិន កំពុង​លាង​ឆ្នាំង​បាយនៅ​ពេល​ព្រឹក​ថ្ងៃ​ទី៤ ខែមេសា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
កូនស្រី​របស់​អ្នកស្រី អ៊ឹម ចែម គឺ​អ្នកស្រី កាំង រិន កំពុង​លាង​ឆ្នាំង​បាយនៅ​ពេល​ព្រឹក​ថ្ងៃ​ទី៤ ខែមេសា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

ចំណែក​ប្តី​របស់​អ្នកស្រី​ អ៊ឹម ចែម ​ក៏​មិន​ទាន់​សម្រេច​ចិត្ត​ចូលកាន់​សាសនា​គ្រីស្ទ​នៅ​ឡើយ​ដែរ។​

ក្នុង​ទីធ្លា​ផ្ទះ​របស់​អ្នកស្រី​ក្នុង​ភូមិ​អូរអង្រែ​ ក្នុង​ស្រុក​អន្លង់វែង ​អ្នកស្រី អ៊ឹម ចែម​ បាន​អនុញ្ញាត​ឲ្យ​សាងសង់​ឈើ​ឆ្កាង​តំណាង​សាសនា​គ្រីស្ទ​ធំ​មួយ​ខាង​មុខ​ផ្ទះ។​ មិន​តែ​ប៉ុណ្ណោះ​ អ្នកស្រី​បាន​ប្រែក្លាយ​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​ក្នុង​បរិវេណ​ផ្ទះ​ធ្វើ​ជា​កន្លែង​អធិដ្ឋាន​ដល់​ព្រះ ​រៀងរាល់​ថ្ងៃ​អាទិត្យ ​ដែល​នឹង​អនុញ្ញាត​ឲ្យ​អតីត​ខ្មែរ​ក្រហម​ផ្សេង​ទៀត​អាច​ថ្វាយ​បង្គំ​ព្រះ​ផង​ដែរ។​

ការ​ចូលកាន់​សាសនា​គ្រីស្ទ​របស់​អ្នកស្រី ​អ៊ឹម ចែម ​ដែល​ធ្លាប់​ជា​ថ្នាក់​ដឹកនាំ​ឃុំ​ម្នាក់​ ក៏​ត្រូវ​បាន​មើល​ឃើញ​ថា​ ជា​ការ​ជំរុញ​មួយ​សម្រាប់​អតីត​ខ្មែរ​ក្រហម​ផ្សេង​ទៀត។​

លោក ​វ័រ វ៉ា ​អាយុ​៣០​ឆ្នាំ ​កូន​ប្រសារ​របស់​អ្នកស្រី​អ៊ឹម ចែម ​ដែល​បាន​ចូល​កាន់​សាសនា​គ្រីស្ទ​ប្រហែល​ជា​៤​ឆ្នាំ​មក​ហើយ​នោះ​ បានមាន​ប្រសាសន៍​ថា ​លោក​ធ្លាប់​ហៅ​អ្នកស្រី​ អ៊ឹម ចែម​ ឲ្យ​ចូល​កាន់​សាសនា​គ្រីស្ទ​ដែរ​ ​ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ ​ដោយ​សារ​អ្នកស្រី​ខ្លាច​ចាញ់​បោក​គេ។​ លោក​យល់​ថា ​ការ​ចូល​សាសនា​គ្រីស្ទ​របស់​អ្នកស្រី​ អ៊ឹម ចែម​ ​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​អតីត​ខ្មែរ​ក្រហម​ផ្សេង​ទៀត​ដែល​រស់​នៅ​ក្នុង​ឃុំ​ត្រពាំងតាវ​ ​ចូល​កាន់​សាសនានេះ​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​សង្ឃឹម​ថា​ អ្នក​ផ្សេងៗ​ទៀត​នឹង​អាច​ចូល​តាម​គាត់​ទៀត។ ​មូល​ហេតុ​មក​ពី​គាត់​ជា​អ្នក​ដឹកនាំ​ពីមុន​មក»។​

កន្លែង​ថ្វាយ​បង្គំព្រះ​យេស៊ូ​ ដែល​អ្នកស្រី អ៊ឹម ចែម រៀបចំឡើង​នៅ​ក្នុងផ្ទះ​របស់​អ្នកស្រី ដែល​នឹង​អនុញ្ញាត​ឲ្យ​អតីត​ខ្មែរ​ក្រហម​ផ្សេង​ទៀត អាច​មក​ថ្វាយ​បង្គំ​ព្រះបាន។ (ស៊ុន ណារិន/VOA)
កន្លែង​ថ្វាយ​បង្គំព្រះ​យេស៊ូ​ ដែល​អ្នកស្រី អ៊ឹម ចែម រៀបចំឡើង​នៅ​ក្នុងផ្ទះ​របស់​អ្នកស្រី ដែល​នឹង​អនុញ្ញាត​ឲ្យ​អតីត​ខ្មែរ​ក្រហម​ផ្សេង​ទៀត អាច​មក​ថ្វាយ​បង្គំ​ព្រះបាន។ (ស៊ុន ណារិន/VOA)

អតីត​ខ្មែរ​ក្រហម​ម្នាក់​ ដែល​រស់​នៅ​ខាង​មុខ​ផ្ទះ​របស់​អ្នកស្រី​ អ៊ឹម ចែម ​គឺ​អ្នកស្រី ​ម៉ៅ ឡាន់​ អាយុ​៦៤​ឆ្នាំ ​មាន​ប្រសាសន៍​ថា​ អ្នកស្រី​ជា​អ្នក​ធ្វើ​ម្ហូប​សម្រាប់​ភ្ញៀវ​របស់​ក្រសួង​ការ​បរទេស​ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក អៀង ​សារី ​ជា​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ ដែលបាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​២០១៣។​ ម្តងម្កាល ​អ្នកស្រី​ក៏​បាន​ចូល​រួម​អធិដ្ឋាន​ដល់​ព្រះ​នៅ​ផ្ទះ​របស់​អ្នកស្រី​ អ៊ឹម ចែម​ ផង​ដែរ។ ​អ្នកស្រី​កំពុង​ពិចារណា​ចូល​កាន់​សាសនា​គ្រីស្ទ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«គង់​តែ​ថ្ងៃ​ណា​នឹង​ចូល​ដែរ​ទេ»។​

ការ​ចូល​កាន់​សាសនា​គ្រីស្ទ​របស់​អ្នក​ស្រី អ៊ឹម ចែម ​ក៏​បាន​ចោទ​ជា​សំណួរ​ទៅ​លើ​ការ​កាន់​សាសនា​ព្រះពុទ្ធ​តាំង​ពី​កំណើត ​និង​ស្នាដៃ​របស់​អ្នកស្រី​ក្នុង​ការ​កសាង​វត្ត​អារាមនៅ​ក្នុង​ភូមិ​ នៅពេល​អ្នកស្រី​ធ្វើ​ជា​មេឃុំ​ត្រពាំងតាវ។​ ​

កូនស្រី​របស់​អ្នកស្រី​ គឺ​អ្នកស្រី កាំង រិន ​បាន​ថ្លែង​ថា ​អ្នកស្រី ​អ៊ឹម ចែម ​នៅតែ​ទៅ​វត្ត​អារាម ​និងធ្វើបុណ្យ​ទាន​ផ្សេងៗ ​ បើ​ទោះ​ជា​អ្នកស្រី​ចូល​សាសនា​គ្រីស្ទ​ក៏​ដោយ។​

លោក​ លី សុខ​ឃាង ​ជា​នាយក​មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់វែង​ ដែល​ជា​គម្រោង​មួយ​របស់​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា ​(DC-CAM)​ បាន​ថ្លែង​ប្រាប់​ VOA ​ថា ការ​ចូល​កាន់​សាសនា​របស់​អ្នកស្រី ​អ៊ឹម ចែម​ មើល​ទៅ​មិន​ពេញ​លេញ​នោះ​ទេ ​គឺ​អ្នកស្រី​ចង់​បាន​តែ​ការ​ព្យាបាល​កូន​ប្រុស​តែ​ប៉ុណ្ណោះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មិន​គិត​ថា​ វា​ជា​ជំនឿ​មួយ​ដែល​គាត់​ជឿ​ពេញលេញ​ទេ ​ពី​ព្រោះ​គាត់​និយាយ​ថា ​គាត់​ទៅ​វត្ត​ ក៏​គាត់​ទៅ​ យេស៊ូ​គ្រីស្ទ​ក៏​គាត់​ជឿ​ដែរ។ ​អីចឹងវា​មាន​ន័យ​ថា​ ជឿ​ទាំង​ពីរ»។ ​

លោក​បន្ត​ថា ខ្មែរ​ក្រហម​បាន​ហាមឃាត់​មិន​ឲ្យ​ប្រណិបត្តិ​ព្រះ​ពុទ្ធសាសនា​ ដូច្នេះ​ពួកគេ​យល់​ថា ​ការ​យក​ខ្លួន​មក​ភ្ជាប់​នឹង​ព្រះ​ពុទ្ធ​សាសនា​វិញ​គឺ​ជា​«រឿង​ខ្មាស​អៀន»។​

កាលពី​ថ្ងៃ​ទី​២២ ​ខែកុម្ភៈ​ឆ្នាំ​មុន ​ ​តុលាការ​ខ្មែរ​ក្រហម​ ដែល​គាំទ្រ​ដោយអង្គការ​សហ​ប្រជាជាតិ​ បាន​សម្រេច​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អ្នក​ស្រី អ៊ឹម ចែម។​ ការ​ចោទ​ប្រកាន់​ទៅលើ​អ្នកស្រី​ អ៊ឹម ចែម​ គឺ​ដោយ​សារ​ពាក់ព័ន្ធ​លើ​មុខ​តំណែង​របស់​អ្នក​ស្រី​កាល​ពី​អតីត​កាល​ ក្នុង​សម័យ​ខ្មែរ​ក្រហម ​ក្នុង​នាម​ជា​គណៈ​ស្រុក​កោះ​អណ្តែត​ នៅ​ក្នុង​ខេត្ត​តាកែវ ​ដែល​ជា​ស្រុក​កំណើត​របស់​អ្នកស្រី ​និង​តួនាទី​របស់​អ្នកស្រីជា​ចៅហ្វាយ​ស្រុក​ព្រះនេត្រ​ព្រះ​ក្នុង​ខេត្ត​បាត់ដំបង​ សម័យ​ខ្មែរ​ក្រហម។

អ្នកស្រី​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នោះ។​ ​

គ្រូ​គង្វាល​ម្នាក់​គឺ​លោក ​វង្ស ប៊ុនលីម​ អាយុ​៣៨​ឆ្នាំ ​ដែល​បាន​ចូល​សាសនាគ្រីស្ទ​ចាប់​តាំង​ពី​ឆ្នាំ១៩៩៧ ​មាន​ប្រសាសន៍​ថា លោក​បាន​មក​លេង​អ្នកស្រី ​អ៊ឹម ចែម​ នៅផ្ទះ​របស់​អ្នកស្រី​យ៉ាងតិច​១០​ដង ​ហើយ​បាន​ណែនាំ​មាគ៌ា​ព្រះ​ដល់​អ្នកស្រី​ ប៉ុន្តែ​អ្នកស្រី​សម្រេច​មិន​ទាន់​ចូល​សាសនាគ្រីស្ទ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«មុន​ដំបូង ​គាត់​ហាក់​ដូច​ជា​ចាប់​អារម្មណ៍ ​ប៉ុន្តែ​ប្រហែល​ជា​គាត់​មាន​ការ​ភ័យ​ខ្លាច​នឹង​សេចក្តី​ជំនឿ។ ​អត់​ទុក​ចិត្ត​ ដូច​ថា​ ​ដូរ​សាសនា​អីចឹង​ យើង​ថា​ សាសនា​បរទេស ​លុប​បំបាត់​សាសនា​ព្រះ​ពុទ្ធ​ចោល​អីចឹងទៅ។​ គាត់​មាន​ការ​ភ័យ​បារម្ភ»។​

លោក​បន្ត​ថា ​ព្រះ​យេស៊ូ​គ្រីស្ទ ​អាច​ជួយ​លាង​អំពើ​បាប​របស់​អ្នកស្រី ​អ៊ឹម ចែម​ បាន។

លោក​ វង្ស ប៊ុនលីម ​មាន​ប្រសាសន៍​ថា៖

«បាទ​ ព្រោះ​ព្រះ​បាន​សន្យា​ហើយ​ថា​ នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ប្រែ​ចិត្ត ​ព្រះ​អង្គ​អត់​ទោស​បាប​ឲ្យ​គេ​ ​មិន​ថា ​អ្នក​នោះ​បាប​តូច​បាប​ធំ។ ​ព្រះ​អង្គ​អត់​ទោស​ឲ្យ​គេ ​ទោះ​បី​បាប​អតីត​កាល ​អនាគត​កាល​ បាប​បច្ចុប្បន្ន​កាល។ ​ប៉ុន្តែ​កុំ​បន្ត​ទៀត»។​

ទោះ​ជា​យ៉ាង​ណា ​អ្នកស្រី ​អ៊ឹម ចែម ​បាន​ថ្លែង​ថា​ អ្នកស្រី​មិន​ដើរ​ផ្សព្វផ្សាយ​សាសនា​គ្រីស្ទ​នៅ​តាម​ផ្ទះ​របស់​អតីត​ខ្មែរក្រហម​នោះ​ទេ ​ដោយសារ​ខ្លាច​មាន​ការ​ចោទ​ប្រកាន់​ថា​ ​អ្នក​ស្រី​ប្រឆាំង​នឹង​ព្រះពុទ្ធសាសនា៕

XS
SM
MD
LG