ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​​ប្រើ​ចម្រៀង​និង​តន្ត្រី​ដើម្បី​ផ្សព្វផ្សាយ​អំពី​អាមេរិក​ទាក់ទាញ​អារម្មណ៍​ពលរដ្ឋ​ខ្មែរ


លោក យឹង យន (ស្តាំទី២) ច្រៀង​នៅមុន​ពេល​មាន​សនិ្នសីទកាសែត​មួយ​នៅក្នុងទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៨។ (Reuters)
លោក យឹង យន (ស្តាំទី២) ច្រៀង​នៅមុន​ពេល​មាន​សនិ្នសីទកាសែត​មួយ​នៅក្នុងទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០១៨។ (Reuters)

លោក ​យឹង យន​ បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​​ថា​ លោក​បាន​ទទួល​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ពីសហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​ប្រគុំ​តន្ត្រីមួយ​នៅ​ខេត្ត​កំពង់ធំនៅថ្ងៃទី១៧ ខែមីនា ខាងមុខនេះ។ ​ការប្រគុំ​តន្ត្រីនេះ នឹង​បន្ត​ទៀត​​​ប្រសិន​បើ​ទទួល​បាន​ជោគជ័យ។

ខណៈដែល​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​និង​កម្ពុជា​ធ្លាក់ចុះ​ ហើយ​ឥទ្ធិពល​របស់ចិន​កំពុង​កើន​ឡើង​នោះ​ ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​កំពុង​ព្យាយាម​រក​វិធីថ្មីមួយ​ដើម្បី​ទាក់ទាញ​បេះដូង​និង​ចិត្តពលរដ្ឋខ្មែរ​ ដោយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​អ្នក​ចម្រៀង​កម្ពុជា​ដ៏ល្បីមួយ​រូបដែល​ច្រៀង​ចម្រៀង​វិជ្ជមាន​អំពី​អាមេរិក។ ​

លោក យឹង យន ​អាយុ ​៣៧ឆ្នាំ ​ដែល​បាន​ចេញ​អាល់ប៊ុម​ចម្រៀង​ឈ្មោះ«Lovin' USA» របស់​លោក​នៅរាជធានី​ភ្នំពេញ​កាលពី​ថ្ងៃអង្គារ​ បាន​និយាយ​ថា៖​

«នៅពេល​មាន​ភាពតាន​តឹង​ប្រទេស​នានា​ស្វែងរក​វិធីដើម្បី​បន្ថយ​វា​ ដូច្នេះសិល្បៈ​និង​វប្បធម៌​អាច​ជួយ​បាន»។​

លោក​បាន​បន្ថែម​ថា​ លោកមិន​ព្រួយ​បារម្ភ​ទេ​ ប្រសិន​បើ​គេគិត​ថា​ វាជា​ការ​ឃោសនា​នោះ។​ លោក ​យឹង យន​ បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ថា​ លោក​បាន​ទទួល​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ពីសហ​រដ្ឋ​អាមេរិក​សម្រាប់​ការ​ប្រគុំ​តន្ត្រីមួយ​នៅ​ខេត្ត​កំពង់ធំនៅថ្ងៃទី១៧ ខែមីនា ខាងមុខនេះ។ ​ការប្រគុំ​តន្ត្រីនេះ នឹង​បន្ត​ទៀត​ប្រសិន​បើ​ទទួល​បាន​ជោគជ័យ។​ ទំនាក់ទំនង​ការទូត​រវាង​សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​កម្ពុជា​កាន់តែ​អាក្រក់​ឡើង​ក្នុង​អំឡុង​ពេល​មាន​ការ​បង្ក្រាប​ទៅ​លើ​ក្រុម​អ្នក​ប្រឆាំង​នឹង​លោក​ ហ៊ុន សែន មេដឹកនាំ​ផ្តាច់ការ ដែល​បាន​កាន់អំណាច​នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​អស់​រយៈ​ពេល​៣៣​ឆ្នាំ ហើយ​ជា​សម្ព័ន្ធមិត្ត​ជិតដិត​បំផុត​របស់​ប្រទេស​ចិននៅក្នុង​តំបន់។​

សហ​រដ្ឋ​អាមេរិក​បាន​កាត់បន្ថយ​ជំនួយ​ បន្ទាប់​ពីមេដឹកនាំ​គណបក្ស​ប្រឆាំងដ៏សំខាន់នៅ​កម្ពុជាត្រូវបាន​ចាប់ខ្លួន​ ហើយ​គណបក្ស​របស់​លោក​ត្រូវ​រំលាយ​នៅមុន​ការបោះ​ឆ្នោត​នៅ​ខែ​កក្កដា។ ​ជំនួយ​ដែល​បានគ្រោង​ទុក​សម្រាប់​កម្ពុជា​ក៏ត្រូវ​បាន​កាត់បន្ថយ​ផងដែរ​ ដែល​ជាផ្នែក​មួយនៃ​ការកាត់​បន្ថយ​ទូទៅ​នៅក្រោម​ប្រធានាធិបតី​អាមេរិក​ Donald Trump។ ​ទន្ទឹម​នឹង​នេះ​ដែរ ​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​ថា សហ​រដ្ឋ​អាមេរិក​គាំទ្រផែន​ការ​របស់​ក្រុម​ប្រឆាំង​ដើម្បី​ដណ្តើម​អំណាច។​

ស្ថានទូត​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា ​តន្ត្រីរបស់​លោក​ យឹង យន អាចជួយ​កែលម្អ​ទំនាក់​ទំនង​នេះ។ ​នាង Monica Davis​ មន្រ្តីកិច្ចការ​វប្បធម៌​ស្ថានទូត​ស.រ.អា.បាន​និយាយ​ថា​ «ខ្ញុំគិត​ថា​ វានាំ​ឱ្យ​យើង​កាន់តែខិត​ជិតនឹងគ្នា»។ ​

លោក​ហ៊ុន សែន តែងតែ​រំឭក​ប្រជាជន​កម្ពុជា​ អំពីការ​បំផ្លិច​បំផ្លាញ​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក​ដែល​បាន​ចាប់ផ្តើម​នៅចុង​ទសវត្ស​១៩៦០​ និង​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដោយ​លោកសេនាប្រមុខ ​លន់ នល់​ ​ដែលគាំទ្រ​ដោយ​អាមេរិក​ក្នុងឆ្នាំ​១៩៧០។

មិន​យូរ​ប៉ុន្មាន ក្រោយ​ពី​កងទ័ព​អាមេរិក​ដកចេញ ​សង្គ្រាម​បានរីករាលដាល​ហើយជំវិញ​ប្រទេស​ដែល​នាំទៅ​ដល់ការ​កាន់កាប់​ដោយ​ខ្មែរក្រហម​ប្រល័យ​ពូជសាសន៍ ​នៅ​ឆ្នាំ​១៩៧៥។​ យ៉ាងណាក៏ដោយ​ ទស្សនៈរបស់​សាធារណៈ​ជនចំពោះ​សហ​រដ្ឋ​អាមេរិក​ជាទូទៅ​គឺវិជ្ជមាន។ ​ការស្ទង់មតិឆ្នាំ​២០១៦​បានបង្ហាញ​ថា ​ប្រជាជន​កម្ពុជា​៨៥​ភាគរយ​មាន​ទស្សនៈ​វិជ្ជមាន​អំពីឥទ្ធិពលរបស់​អាមេរិក​នៅ​ក្នុង​តំបន់។​

លោក ​អ៊ូ វីរៈ​ អ្នកវិភាគ​នយោបាយ​បាន​និយាយ​ថា​«អាមេរិក​យល់​ថា ​ខ្លួនបាត់បង់​កម្ពជា ដែល​បាន​ទៅ​កណ្តាប់​ដៃចិន។​អ្វីដែល​អាមេរិក​បន្តមាន​គឺជា​សុច្ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា។​

និយាយ​អំពីអំណាច​ផ្លួវចិត្ត​ ​អាមេរិក​នាំមុន​ប្រទេសចិន។​ ប៉ុន្តែ​ប្រទេស​ចិន​បាន​ប្រើ​អំណាច​គ្រប់យ៉ាង​ដើម្បី​តាមទាន់​ស.រ.អា.។ ​លោក​ប្រធានាធិបតី​ Trump ​ជួយ​បន្ថែម​សន្ទុះ​របស់​ចិន​មួយ​ចំណែក​ដ៏​ធំ»។

បទចម្រៀង​ក្នុង​អាល់ប៊ុម «Lovin USA: Yorn Young Journey Across America» ​និយាយអំពី​ភាព​ស្រស់​ស្អាត​នៃ​ទីក្រុង​និង​រដ្ឋនានា​របស់​អាមេរិក​ដែល​គាត់បានទៅ​ទស្សនា​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ​ ក្នុង​ការធ្វើ​ដំណើរ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក។

«មិនគួរ​ជឿ​ថា​ជាការណ៍​ពិត។​ ទេសភាព​ញញឹម​គួរឱ្យ​ចាប់អារម្មណ៍ Florida, Florida» គឺជា​ឃ្លាមួយ​ក្នុង​ចម្រៀងមួយ​បទដែល​ច្រៀង​ចង្វាក់យឺតៗ​បែប​មនោសញ្ចេតនា។

លោក យឹង យន ​បាន​និយាយ​ថា ​សហ​រដ្ឋ​អាមេរិក​នៅ​តែមាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ប្រជាជន​កម្ពុជា។ លោក យឹង យន ​ដែល​សម្តែង​នៅក្នុង​ការ​ប្រគុំ​តន្រ្តី​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ដែរ​នោះ​ ​ បាន​និយាយ​ថា​គាត់មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​មន្រ្តី​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា។​

«នៅ​កម្ពុជា​ ប្រជាជន​ចាយ​លុយដុល្លារ​ ប្រើអ៊ីនធើណិត​អាមេរិក។​ អ្វីៗសុទ្ធតែអាមេរិក»។​

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជាគណបក្ស​កាន់​អំណាច​ បាន​ស្វាគមន៍​គំនិតផ្តួចផ្តើម​តន្ត្រីនេះ​ ដោយ​និយាយ​ថា​វាជា​សញ្ញាវិជ្ជមាន​តែ​លោកថ្កោល​ទោស​អ្វីដែល​លោក​ថា ​ការគាំទ្រ​របស់អាមេរិក​ចំពោះគណបក្ស​ប្រឆាំង​ដែលជា​អាយ៉ង។ សហ​រដ្ឋ​អាមេរិក​បានច្រាន​ចោលការ​ចោទ​ប្រកាន់​ដែល​ថា អាមេរិក​គាំទ្រ​ផែនការ​របស់លោក​កឹម សុខា​ មេដឹកនាំគណបក្ស​ប្រឆាំង​ដែល​ប្រឈម​នឹងការ​ចោទប្រកាន់​ពីបទ​ក្បត់​ជាតិ​ ដែល​លោក​និយាយ​ថា ​មានបំណង​រារាំង​មិន​ឲ្យ​លោក​ចូលរួម​ការ​បោះឆ្នោត។ សេតវិមាន​បាននិយាយ​កាលពី​សប្តាហ៍មុន​ថា ​ខ្លួនបាន​ព្យួរ​ឬបន្ថយ​កម្មវិធី​ជំនួយ​របស់​អាមេរិក​ទៅ​ទីភ្នាក់ងារ ​USAID​នៅ​កម្ពុជា​ និងកម្មវិធីជំនួយ​ផ្នែកយោធា​ដែលគាំទ្រ​ដល់​យោធា​កម្ពុជា​នាយកដ្ឋាន​ពន្ធដារ​និង​អាជ្ញាធរ​មូលដ្ឋាន។​

លោក​ ហ៊ុន សែន​បាន​ជំរុញឱ្យ​សហ​រដ្ឋ​អាមេរិក​កាត់ផ្តាច់​ជំនួយទាំង​អស់​ ហើយ​លោក​បាន​និយាយ​អំពីជំនួយ​ពីប្រទេស​ចិន​ដែល​កំពុង​កើន​ឡើង។​

តួលេខជាផ្លូវការ​ឲ្យ​ដឹង​ថា​ កម្ពុជា​រំពឹង​ថា​ ជំនួយ​ទ្វេភាគីពី​ប្រទេស​គឺមាន​ជាង​២៦០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​ គឺ​ប្រាំពីរ​ដងច្រើន​ជាង​ជំនួយ​សហ​រដ្ឋ​អាមេរិក។​ ជំនួយ​របស់ចិន​ភាគ​ច្រើន​គឺ​សម្រាប់​គម្រោងធំៗ ​ដូចជា​ទំនប់វារី​អគ្គិសនី ​ផ្លូវថ្នល់ ​និងបណ្តាញ​អគ្គីសនី ​ជាជាង​គំនិត​ផ្តួចផ្តើម​ខាង​ស្មារតី ដូចជា​សិទ្ធិ​មនុស្ស​ ប្រជា​ធិបតេយ្យ​នោះទេ៕

XS
SM
MD
LG