ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នគបាល​ជាតិ​ថា​ការ​បង្ក្រាប​បក្ស​សង្គ្រោះ​ជាតិ​ជា​ជោគជ័យ​ដ៏​ធំធេង​ក្នុង​ការ​រក្សា​សណ្ដាប់​ធ្នាប់​សង្គម​ក្នុង​ឆ្នាំ​២០១៧


ទិដ្ឋភាពនាយនគរបាលចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់នគរបាលជាតិ ក្នុងបរិវេណក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)

នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ​ ​លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​ក៏​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំងអស់​ឃ្លាំមើល​រាល់​សកម្មភាព​របស់​​ចលនា​សង្គ្រោះ​ជាតិ​ឲ្យ​បាន​ដិត​ដល់។

លោក​ នេត សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ការ​ចាប់​ខ្លួន​អតីត​ប្រធាន​គណបក្ស​នេះ​ដាក់​ពន្ធនាគារ​ ​គឺ​ជា​ជោគជ័យ​ដ៏​ធំធេង​ដែល​នគរបាល​ជាតិ​កម្ពុជា​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៧​ ​ដើម្បី​រក្សា​សុខ​សន្តិភាព​ជូន​ប្រជាជន​កម្ពុជា។​

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​កិច្ច​ប្រតិបត្តិការ​រក្សា​សន្ដិសុខ​ ​សុវត្ថិភាព​ ​សណ្ដាប់ធ្នាប់​សង្គម​ប្រចាំ​ឆ្នាំ​២០១៧​ ​និង​លើក​ទិសដៅ​បន្ដ​របស់​អគ្គ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ​នា​រសៀល​ថ្ងៃទី៦ ខែ​កុម្ភៈ​ ​ឆ្នាំ​២០១៨​ ​នាយ​ឧត្តមសេនីយ៍​ នេត សាវឿន ​លើក​ឡើង​ថា​ ​ក្នុង​ឆ្នាំ​២០១៧​កន្លង​មក​ ​នគរ​បាល​ជាតិ​បាន​បង្ក្រាប​បទ​ល្មើស​ជាច្រើន​ករណី​ ជា​ពិសេស​បទល្មើស​ពាក់ព័ន្ធ​នឹង​ការ​រៀបចំគម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល។​

លោកនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានវត្តមានក្នុង មហាសន្និបាតប្រចាំឆ្នាំរបស់នគរបាលជាតិ ក្នុងបរិវេណក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)
លោកនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានវត្តមានក្នុង មហាសន្និបាតប្រចាំឆ្នាំរបស់នគរបាលជាតិ ក្នុងបរិវេណក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)

លោក​ នេត សារឿន ​ដែល​ជា​អគ្គ​មេបញ្ជាការ​នគរបាល​ជាតិ​ ​និង​ត្រូវជា​ក្មួយ​ប្រសារ​របស់​លោក​ ហ៊ុន សែន​ បន្ថែម​ថា​ ​នគរបាល​ជាតិ​បាន​ខិតខំ​ប្រឹងប្រែង​សម្រេច​បាន​នូវ​ជោគជ័យ​យ៉ាង​ធំ​ ​ក្រោយ​ពី​បាន​បង្ក្រាប​គណបក្ស​ប្រឆាំង​ ​តាមរយៈ​ការ​ស្រាវជ្រាវ​ ​ប្រមូល​ផ្តុំ​ភស្តុតាង​សម្រាប់បម្រើ​សវនាការ​របស់​តុលាការ​កំពូល​ ​និង​បាន​ចងក្រង​ឯកសារ​ ​ផលិត​វីដេអូបកស្រាយ​ជូន​សាធារណជន​ឲ្យ​យល់​ពី​ឧបាយកល​របស់​អតីត​គណបក្ស​ប្រឆាំង​ជាដើម។​

នាយ​ឧត្តមសេនីយ៍​ នេត សាវឿន ​មាន​ប្រសាសន៍​ថា៖​ ​

«បាន​ធ្វើ​សេនាធិការ​ជូន​ក្រសួង​មហាផ្ទៃ​ ​និង​រាជរដ្ឋាភិបាល​ក្នុង​ការ​ស្រាវជ្រាវ​ ​វែកមុខ​ ​និងប្រមូល​ផ្តុំ​ឯកសារ​ ​ភស្តុតាង​បម្រើ​សវនាការ​តុលាការ​កំពូល​ ​ដើម្បី​បញ្ចប់​ឧបាយកល​ពិសពុល​របស់​គណបក្ស​ប្រឆាំង​ ​ដែល​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋ​អំណាច​ស្រប​ច្បាប់​ ​តាម​រូបភាព​បដិវត្តន៍​ពណ៌​ ​ផ្ទុយ​ពី​គោលការណ៍​លទ្ធិ​ប្រជាធិប​តេយ្យ​ ​ដែល​ជា​លទ្ធផល​ ​កឹម សុខា​ ​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ ​គណបក្សសង្គ្រោះជាតិ​ ​តុលាការ​ប្រកាស​រំសាយ​ ​មេដឹកនាំ​១១៨​នាក់​ ​ត្រូវ​បាន​ហាម​ឃាត់​សកម្មភាព​នយោបាយ​៥​ឆ្នាំ»។​

លោក​ នេត សាវឿន ​បន្ថែម​ថា​ ​នគរបាល​ជាតិ​នឹង​ប្រមូល​ផ្តុំ​កម្លាំងដើម្បី​ចាត់​វិធានការឲ្យ​បាន​ទាន់​ពេលរាល់និន្នាការ​ប្រឆាំងផ្សេងៗ​ ដែល​អាច​កើត​មាន​ក្នុង​ឆ្នាំ​២០១៨​នេះ។​

លោក​បញ្ជាក់​ថា៖​

​«ប្រមូល​ផ្តុំ​ម្ចាស់ការ​ ស្រាវជ្រាវ​គ្រប់គ្រង​ ​គ្រប់​ឧបាយកល​ ​វិធីសាស្រ្ត​ធ្វើ​សកម្មភាព​ថ្មីៗ​របស់​និន្នាការ​ប្រឆាំង​គ្រប់​ប្រភេទ​ ​ដើម្បី​ចាត់​វិធានការ​ទាន់​ពេល​ ​មិន​ទុក​ឲ្យ​មាន​ការ​បំផ្លិចបំផ្លាញ​ ​គ្រឹះ​សន្តិសុខ​ជាតិ​ ​សាមគ្គីជាតិ​ ​ឯកភាព​ផ្ទៃ​ក្នុង​ ​រួម​ទាំង​ប្រក្រតីភាព​ដំណើរការ​របស់​ស្ថាប័ន​ជាតិ​ ​ក៏​ដូច​ជា​ដំណើរការ​បោះឆ្នោត​ទាំង​២​លើក​ ​ប្រព្រឹត្ត​ទៅ​ក្នុង​ឆ្នាំ​២០១៨»។​

លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង ថ្លែងសំកថា នៅក្រោយបិទបញ្ចប់មហាសន្និបាតប្រចាំឆ្នាំរបស់នគរបាលជាតិ ក្នុងបរិវេណក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)
លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង ថ្លែងសំកថា នៅក្រោយបិទបញ្ចប់មហាសន្និបាតប្រចាំឆ្នាំរបស់នគរបាលជាតិ ក្នុងបរិវេណក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)

ក្នុង​សន្និបាត​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ ​លោក​ ស ខេង​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​បាន​គាំទ្រ​រាល់​ចំណាត់ការ​ដែល​សម្រេច​បាន​របស់​នគរបាល​ជាតិ​ ​និង​បាន​លើកឡើង​ថា​ ​បើ​សិន​បើ​ទុក​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​នៅ​ ​នោះ​នឹង​នាំ​មហន្តរាយ​ដល់​ប្រទេស​ជាតិ​ ​ដោយ​លោក​ថា​ គណបក្ស​សង្គ្រោះជាតិបាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ ​តាមរយៈ​ការ​ចង់​ផ្តួល​រំលំ​អំណាច​ស្រប​ច្បាប់។​ លោក​ ស ​ខេង​ ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ទាំង​អស់​ឃ្លាំ​មើល​ឲ្យ​ដិតដល់​ពី​សកម្មភាព​របស់ចលនា​សង្គ្រោះ​ជាតិ​ ​ដែល​បង្កើត​ឡើង​ដោយ​លោក​ សម រង្ស៊ី។​

គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​កន្លង​ទៅ​ ​តាមបណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ចោទ​ថា​ ​គណបក្ស​នេះ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន។​ ចំណែក​អតីត​មន្រ្តី​ ​និង​តំណាងរាស្រ្ត​គណបក្ស​នេះ​ចំនួន​១១៨​នាក់​ ​ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ម្នាក់ៗ​៥ឆ្នាំ​ ​ខណៈ​ដែល​លោក កឹម សុខា​ ​អតីត​ប្រធាន​គណបក្ស​នេះ​ ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​រង​ការ​ចោទ​ពី​បទ​ល្មើស​ដូច​គ្នា។​ ការណ៍​នេះ​ធ្វើ​ឱ្យ​អតីត​តំណាងរាស្ត្រ​ជាង​ពាក់​កណ្តាល​របស់​គណបក្ស​ជំទាស់​រត់​ភៀស​ខ្លួន​ ​ទៅ​បរទេស​ ​និង​ចូល​រួម​បង្កើត​ចលនា​សង្គ្រោះជាតិ​ជា​មួយ​លោក​ សម រង្ស៊ី។​

ក្រោយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា​ ទាំង​កណ្តាល​យប់​ពី​ក្នុង​ផ្ទះ​ ​និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​គេ​ឃើញ​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ ​និង​អន្តរ​ជាតិ​ជា​ច្រើន​បាន​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន​ ជា​បន្ត​បន្ទាប់។​ ​ពួកគេ​បាន​បង្ហាញ​ការ​បារម្ភ​ពី​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ថា​ ការណ៍​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។​

VOA​ មិន​អាច​ទាក់ទង​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​រស់​នៅ​ប្រទេស​បារាំង និង​លោក​ អេង ឆៃអ៊ាង ​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ស្នាក់នៅ​សហរដ្ឋ​អាមេរិកបាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។​

លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)
លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)

​ដោយ​ឡែក​ ​លោក​ មាស នី​ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ​ប្រាប់​ ​VOA​ ​ថា ការ​ប្រកាស​ពី​ជោគជ័យ​របស់​នគរបាល​ជាតិ​ទៅ​លើ​ការ​បង្ក្រាប​គណបក្ស​ប្រឆាំង ​ដែល​មាន​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​ជាង​៣​លាន​នាក់​ ​គឺ​បង្ហាញ​ពី​ភាព​អយុត្តិធម៌​ក្នុង​សង្គម។​ លោក​បន្ថែម​ថា​ ​ការណ៍​ដែល​មន្រ្តី​ជាន់​ខ្ពស់​ដែល​ជា​មេទាហាន​ ​និង​មេ​ប៉ូលិស​ទាំងនោះបង្ហាញនូវ​ភាព​លម្អៀង​លើ​ការ​ការពារ​ប្រជាពលរដ្ឋ​ ​ដោយ​សារ​ពួកគេភាគច្រើន​មាន​ទំនោរ​គាំទ្រ​ខ្លាំង​ទៅ​លើ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច ហើយ​ថាខ្លះ​ទៀត​គឺ​ជា​សាច់ឈាម​របស់​ថ្នាក់ដឹកនាំ​ទាំង​នោះ។

អ្នក​វិភាគ​រូប​នេះ​មាន​ប្រសាសន៍​ថា៖​

«អ្វី​ដែល​នគរបាល​បាន​ប្រកាស​នេះ​គឺ​បាន​ន័យ​ថា ​នគរបាល​នេះ​គឺ​ធ្វើ​ការ​ឲ្យ​គណបក្ស​កាន់​អំណាច​ ​ក៏​ប៉ុន្តែ​មិន​បាន​ផ្តល់​នូវ​យុត្តិធម៌​សង្គម​ពិត​ប្រាកដទេ​ ​ពិសេសគឺ​ឆន្ទៈ​របស់​ពលរដ្ឋ​ប្រមាណ​ជាង​៣​លាន​នាក់​ត្រូវ​បាន​គេ​រំលោភ​ ​ត្រូវ​គេ​បំផ្លាញ។​ អញ្ចឹង​ទៅ​វា​និយាយ​បាន​មួយ​ជ្រុង​សម្រាប់​ជ័យជម្នះ​ក្នុង​ក្រសែ​ភ្នែក​គណបក្ស​កាន់​អំណាច​ ​ក៏ប៉ុន្តែ​សម្រាប់​យុត្តិធម៌​សង្គម​ ​ពលរដ្ឋ​ទូទៅ​នោះ​ ​ខ្ញុំ​គិត​ថា​ ​ពលរដ្ឋ​ហាក់​ដូច​ជា​មិន​បាន​ពេញ​ចិត្ត​នឹង​សេចក្តី​ប្រកាស​ហ្នឹង​ទាំងអស់​គ្នា​ទេ»។​

​គណបក្ស​សង្គ្រោះជាតិ​ ​គឺ​ជាគណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា ដែល​មាន​អ្នក​គាំទ្រ​រហូត​ដល់​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស។​ ការ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ ​ធ្វើ​ឡើង​មិន​បាន​ប៉ុន្មាន​មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ខែ​កក្កដា​ ​ខាង​មុខ ដែល​ជា​ពេល​ពលរដ្ឋ​ខ្មែរ​កំណត់​យក​គណបក្ស​ដឹកនាំ​ប្រទេស​សារ​ជា​ថ្មី៕

XS
SM
MD
LG