កូដកម្មរបស់កម្មករជាង២០០០នាក់នៅរោងចក្រកាត់ដេរសេឌូណូ ខេមបូ នីតធីង (Seduno Cambo Knitting Co., Ltd) ក្នុងស្រុកបាទី ខេត្តតាកែវ បានឈានមកដល់ថ្ងៃទី៤ នៅថ្ងៃច័ន្ទនេះ ក្នុងការទាមទារឲ្យថៅកែរោងចក្រផ្តល់ប្រាក់អតីតភាពការងារដល់ពួកគាត់។ នេះបើតាមការបញ្ជាក់របស់ក្រុមកម្មករដែលធ្វើកូដកម្មតាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
នៅថ្ងៃច័ន្ទនេះ ក្រុមកម្មករមិនបិទកំណាត់ផ្លូវជាតិលេខ២ ដូចកាលពីសប្តាហ៍មុនទេ ដោយសារការបង្កើនចំនួនក្រុមអាជ្ញាធរមានសមត្ថកិច្ច មានកងកម្លាំងនគរបាល និងមន្ត្រីកងរាជអាវុធនៅមុខរោងចក្រ។ នេះបើតាមកាបញ្ជាក់របស់កម្មករមួយចំនួនដែលបានបដិសេធមិនចូលធ្វើការនៅថ្ងៃច័ន្ទនេះ។
កម្មករមួយរូបសុំមិនបញ្ចេញឈ្មោះដោយសារតែបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួននោះ បានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ក្រុមកម្មករនៅតែទាមទារបា្រក់បំណាច់អតីតភាពការងារក្នុងចំនួនសរុបសម្រាប់ឆ្នាំនីមួយៗពីថៅកែរោងចក្រ ដោយមិនអាចទទួលយកការបង់រំលោះបាននោះទេ។
«គ្រាន់តែគុណអាលុយបំណាច់ឆ្នាំ ពួកយើងប៉ុន្មានឆ្នាំៗហ្នឹង ឲ្យហើយមកគាត់នៅថា ចាំបង់រំលោះជំពាក់យើងបើកម្តងប្រាំមួយខែ ម្តងប្រាំមួយខែ»។
ការទាមទាររបស់កម្មករឲ្យថៅកែរោងចក្របង់ប្រាក់បំណាច់អតីតភាពការងារនេះកើតមានឡើង នៅខណ:ដែលថៅកែរោងចក្រនឹងត្រូវធ្វើតាមការប្រកាសរបស់រដ្ឋាភិបាលដែលតម្រូវឲ្យម្ចាស់រោងចក្រនិងគ្រឹះស្ថានជំនួញ និងសហគ្រាសស្ថិតក្រោមច្បាប់ការងារបង់ប្រាក់បំណាច់អតីតភាពការងារនេះពីរដងក្នុងមួយឆ្នាំដោយគិតចាប់ពីឆ្នាំ២០១៩ខាងមុខ។
កញ្ញា គឹម បញ្ញា វ័យ២៧ ឆ្នាំ បានប្រាប់ VOA កាលពីថ្ងៃសៅរ៍ថា ខាងក្រុមកម្មករបានផ្តើមធ្វើកូដកម្មតាំងពីថ្ងៃព្រហស្បតិ៍ ដើម្បីស្នើឲ្យថៅកែរោងចក្របង់ប្រាក់បំណាច់អតីតភាពការងារទាំងអស់សម្រាប់ឆ្នាំនីមួយៗ។ បន្ទាប់មកខាងភាគីរោងចក្រព្រមបង់ តែការបង់នោះ ត្រូវធ្វើឡើងជាលក្ខណៈរំលោះ។
កញ្ញា គឹម បញ្ញា ដែលបានបម្រើការនៅរោងចក្រ សេឌូណូ ខេមបូ នីតធីង អស់រយៈពេលបីឆ្នាំមកនោះ អះអាងថា ក្រុមកម្មករបានច្រានចោលនូវលក្ខខណ្ឌរបស់ថៅកែរោងចក្រ។
កញ្ញាគឹម បញ្ញាបានបន្ថែមថា៖
«ចង់ឲ្យប្រាក់អតីតភាពហ្នឹងបង់ផ្តាច់តែខាងក្រុមហ៊ុនគាត់អត់ព្រមទេ គាត់ចង់បង់រំលោះមួយឆ្នាំ បានពីរដង»។
តាមប្រកាសរបស់ក្រសួងការងារចុះថ្ងៃទី២១ ខែកញ្ញា និងមានហត្ថលេខារបស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានបញ្ជាក់ថា ដំណើរនៃការផ្តល់ប្រាក់បំណាច់អតីតភាពការងារនឹងត្រូវធ្វើឡើងពីរដងក្នុងមួយឆ្នាំ។
ការផ្តល់ប្រាក់បំណាច់អតីតភាពការងារ២ (ពីរ) ដងក្នុងមួយឆ្នាំ ត្រូវអនុវត្តចាប់ពីឆ្នាំ២០១៩តទៅ ដោយនិយោជកត្រូវផ្តល់ឲ្យកម្មករនិយោជិត ដែលកំពុងបម្រើការងារនូវប្រាក់បំណាច់អតីតភាពការងារដែលស្មើនឹងប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំចំនួន១៥ ថ្ងៃ ក្នុង១ (មួយ)ឆ្នាំ។ ប្រាក់បំណាច់នេះ ត្រូវបើកជូនកម្មករនិយោជិត ចំនួន ៧,៥ (ប្រាំពីរកន្លះ)ថ្ងៃ នៅក្នុងខែមិថុនា នៃឆ្នាំនីមួយៗ និងចំនួន៧,៥(ប្រាំពីរកន្លះ) ថ្ងៃនៅក្នុងខែធ្នូ នៃឆ្នាំនីមួយៗ។
កម្មករមួយចំនួនដែលធ្វើកូដកម្មនៅរោងចក្រកាត់ដេរសេឌូណូ ខេមបូ នីតធីងបានប្រាប់ VOA ថា ពួកគេបានដឹងអំពីខ្លឹមសារនៃប្រកាសនេះ តែពួកគេនៅតែទទូចសុំឲ្យថៅកែរោងចក្រផ្តល់ប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំនីមួយៗទាំងដុលតែម្តង។ ពួកគេថា ពួកគេនឹងបាត់បង់ផលប្រយោជន៍ពីការទទួលបានប្រាក់អតីតភាពនេះ ប្រសិនបើពួកគេមិនអាចស៊ូទ្រាំនឹងឥរិយាបថមិនល្អពីថៅកែ រួចដាក់ពាក្យស្នើសុំឈប់នោះ។
ក្រុមកម្មករក៏បានស្នើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជួយអន្តរាគមន៍ក្នុងការតវ៉ារបស់ពួកគេដើម្បីឲ្យបានប្រាក់បំណាច់អតីតភាពទាំងអស់ពីឆ្នាំមុនៗ មុននឹងឈានចូលដល់ការអនុវត្តន៍ប្រកាសរបស់រដ្ឋាភិបាលក្នុងការផ្តល់ប្រាក់អតីតភាពការងារពីរដងក្នុងមួយឆ្នាំ គិតចាប់ពីឆ្នាំ២០១៩ខាងមុខនេះទៅ។
លោកប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាមានប្រសាសន៍ថា ភាគីពាក់ព័ន្ធត្រូវរកចំណុចកណ្តាលមួយ ដើម្បីដោះស្រាយការតវ៉ារបស់កម្មករ មុនពេលរឿងនេះ កាន់តែរីករាលដាលធំនោះ។
លោកមានប្រសាសន៍ថា៖
«រឿងដែលបន្តនេះ វាអាចជាបញ្ហាកាន់តែធំ ខណៈដែលយើងឃើញថា ជំហរនិយោជកនៅតែរឹងទទឹង ហើយកម្មករនៅតែទាមទារទាំងស្រុង ហើយភាគីពាក់ព័ន្ធមិនអាចសម្រុះសម្រួលបាន។ អ៊ីចឹង វាឲ្យបញ្ហា វាកាន់នឹងរីកធំទៅ។ អ៊ីចឹងអ្វីដែលសំខាន់ គឺយើងរកចំណុចកណ្តាល។ ចំណុចកណ្តាលដូចខ្ញុំលើកមិញថា ទីមួយ កម្មករអ្នកទាមទារស្នើសុំឲ្យផ្តាច់។ ឯនិយោជក គាត់អត់បានផ្តាច់ទេ។ ដូច្នេះ វាចំណុចដែលយើងត្រូវរកចំណុចកណ្តាល ថាតើកម្មករគាត់មានលទ្ធភាពបន្ធូរបន្ថយបានប៉ុន្មាន ហើយនិយោជកគាត់មានលទ្ធភាពបង់ប៉ុន្មាន?»។
លោក អ៊ូច ភា អភិបាលខេត្តតាកែវមានប្រសាសន៍ថា អាជ្ញាធរខេត្តកំពុងបន្តធ្វើការជាមួយមន្ត្រីក្រសួងការងារដើម្បីស្វែងរកដំណោះស្រាយ។ ទាក់ទិនការបង្កើនចំនួនអាជ្ញាធរមានសមត្ថកិច្ចនៅទីតាំងរោងចក្រ អភិបាលខេត្តរូបនេះ បញ្ជាក់ថា ជាការរក្សាសណ្តាប់ធ្នាប់សាធារណៈ។
«អានេះ គ្រាន់តែយើងការពារសណ្តាប់ធ្នាប់ ធ្វើការអាហ្នឹងមានអី»។
លោក ហេង សួ អ្នកនាំពាក្យក្រសួងការងារមានប្រសាសន៍ការពារប្រកាសថ្មីរបស់រដ្ឋាភិបាល ដែលនឹងតម្រូវឲ្យថៅកែរោងចក្របង់ប្រាក់បំណាច់អតីតភាពការងារពីរដងក្នុងមួយឆ្នាំ។ លោកថា ភាគីពាក់ព័ន្ធកំពុងធ្វើការសម្របសម្រួលជាមួយកម្មករ ដែលកំពុងទាមទារប្រាក់បំណាច់អតីតភាពការងារទាំងស្រុងនេះ។
«ចរចាគឺកំពុងតែចរចាហើយ ហើយកំពុងតែពន្យល់ ហើយកម្មករនិយោជិតភាគច្រើន គឺគាត់ទទួលយក ក៏ប៉ុន្តែ នៅមានមួយចំនួនគាត់កំពុងតែរង់ចាំពិនិត្យមើលទៀត ទាមទារទៅក្រែងលោបាន។ ប៉ុន្តែយើងនឹងព្យាយាមធ្វើការសម្របសម្រួល ហើយនិងពន្យល់បងប្អូនយើងឲ្យបានយល់បន្ថែមទៀត»។
លោកបានបន្ថែមថា ក្រុមកម្មករគួរតែអត់ធ្មត់នឹងព្រមព្រៀងជាមួយប្រកាសថ្មីរបស់រដ្ឋាភិបាល ដែលមានគោលដៅជួយសម្រួលលំហូរសាច់ប្រាក់របស់និយោជក ហើយរក្សាបានស្ថិរភាពការងាររបស់កម្មករ។
«ពីព្រោះពេលខ្លះ យើងចង់បានអតីតភាពភ្លាមក្នុងរយៈពេលបីខែ យើងបានប្រាក់ខែរយៈពេលបីខែមែន ប៉ុន្តែវាអាចបង្ខំឲ្យរោងចក្រនោះក្ស័យទុន ចឹងបងប្អូននឹងបាត់ប្រាក់ខែជាអចិន្ត្រៃយ៍។ ផ្ទុយទៅវិញ បើសិនជាយើង បន្តធ្វើការងារនៅទីនោះ បងប្អូនមានប្រាក់ខែជាអចិន្ត្រៃយ៍ ប្រចាំខែហើយ អ្វីដែលមានអតីតភាពហ្នឹង គឺនិយោជកនឹងសង នៅក្នុងខែមិថុនា និងខែធ្នូជារៀងរាល់ឆ្នាំ។ អ៊ីចឹង បើសិនជាយើងយកជម្រើសទៅតាមអ្វីដែលយើងបានធ្វើវិសោធនកម្មនេះ បងប្អូនចំណេញទាំងការងារ ចំណេញទាំងប្រាក់ខែដែលកំពុងមានហ្នឹងផងហើយអតីតភាពក៏ត្រូវបានគេសងជាបណ្តើរៗផងដែរ»។
កម្មករជាច្រើនរយនាក់នៅសាខារោងចក្រសេឌូណូ ខេមបូ នីតធីង ដដែលនេះក្នុងទីក្រុងភ្នំពេញ ក៏បានធ្វើកូដកម្មស្រដៀងគ្នានេះដែរ។
លោកប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បានបញ្ជាក់ឲ្យដឹងទៀតថា បាតុកម្មទាមទារប្រាក់បំណាច់អតីតភាពការងារនេះក៏បានផ្ទុះឡើងនៅរោងចក្រមួយផ្សេងទៀត នៅរាជធានីភ្នំពេញផងដែរ។ លោកជឿថា ការតវ៉ាទាមទារប្រាក់បំណាច់អតីតភាពការងារនេះ នឹងអាចកើតមានឡើងនៅតាមបណ្តារោងចក្រកាត់ដេរផ្សេងទៀត៕