ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​លោក​កែម ឡី​ទទួល​បាន​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្ត្រាលី


រូប​ឯកសារ៖ អ្នកស្រី ប៊ូ រចនា ភរិយា និង​កូនប្រុស​ទាំង​៥នាក់ អង្គុយ​នៅក្នុង​កន្លែង​លាក់​ខ្លួន​បណ្តោះអាសន្ន​ក្នុងប្រទេស​មួយ​ កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)
រូប​ឯកសារ៖ អ្នកស្រី ប៊ូ រចនា ភរិយា និង​កូនប្រុស​ទាំង​៥នាក់ អង្គុយ​នៅក្នុង​កន្លែង​លាក់​ខ្លួន​បណ្តោះអាសន្ន​ក្នុងប្រទេស​មួយ​ កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​នឹង​រៀបចំ​ពិធី​ស្វាគមន៍​លោកស្រី​និង​កូនៗ​នៅ​ថ្ងៃសៅរ៍​ទី​២៤ ខែ​កុម្ភៈ​នៅ​វត្ត​ពុទ្ធរង្ស៊ី។

ភរិយា​និង​កូន​ប្រាំ​នាក់​របស់​លោក ​កែម ឡី​ អតីត​អ្នកវិភាគ​នយោបាយ​ ទទួល​បាន​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស​អូស្រ្តាលី​បន្ទាប់​ពី​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ។

អ្នកស្រី ​ប៊ូ រចនា​ និង​កូនៗ​ទាំង​៥​នាក់បានទៅ​ដល់ទីក្រុង​មែលប៊ន​ (Melbourne) ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​សៅរ៍​ បន្ទាប់​ពី​រស់​នៅ​ក្រោម​ការ​ការពារ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ថៃ​អស់​រយៈពេល​ជិត​១៨​ខែ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​លោក ​ហុង លីម សមាជិកសភា​នៃ​រដ្ឋ​ Victoria។

លោក​បាន​បន្ថែម​ថា៖

«គាត់​បាន​អញ្ជើញ​មក​ដល់​កាល​ពី​ថ្ងៃ​សៅរ៍​ប្រកប​ដោយ​សុវត្ថិភាព​ ប៉ុន្តែ​មុន​អញ្ជើញ​មក​ដល់​មាន​ការ​រអាក់រអួល​ច្រើន​ ដោយសារ​ភ័យ​បារម្ភ​ខ្លាំង​ព្រោះ​នៅ​ជាប់​គាំង​ចរាចរណ៍​នៅ​វាល​យន្តហោះ​ គឺ​ពួក​យើង​ភ័យ​សម្បើម​ណាស់​ព្រោះ​ស្ថានទូត​តម្រូវ​ឱ្យ​យើង​ចេញ​ឱ្យ​បាន​ឆាប់​ព្រោះ​គេ​អាច​ដឹង​រឿង​អ្វី​ប្រកប​ដោយគ្រោះថ្នាក់​ចំពោះ​ពួក​គាត់‍»។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការណ៍​នេះ​ដោយសារតែ​អាជ្ញាធរ​ថៃ​ធ្លាប់​បញ្ជូន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​ទៅ​កម្ពុជា​វិញ ​បើ​ទោះ​បី​ជា​មាន​ការ​ការពារ​ពី​អង្គកា​រ​សហប្រជាជាតិ​ក៏ដោយ។

រូប​ឯកសារ៖ លោក ហុង លីម សមាជិក​សភា​រដ្ឋ Victoria នៃ​ប្រទេស​អូស្ត្រាលី មាន​វត្តមាន​នៅ​ទីស្នាក់ការ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៥ ខែ​តុលា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)
រូប​ឯកសារ៖ លោក ហុង លីម សមាជិក​សភា​រដ្ឋ Victoria នៃ​ប្រទេស​អូស្ត្រាលី មាន​វត្តមាន​នៅ​ទីស្នាក់ការ VOA នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៥ ខែ​តុលា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)

លោក ​ហុង ​លីម ​បន្ថែម​ថា៖

«យើង​អរ​ណាស់​ដែល​គាត់​បាន​អញ្ជើញ​មក ​ហើយ​គាត់​ក៏​បាន​សប្បាយ​រីករាយ​ណាស់។ គាត់​ឥឡូវ​នេះ​កំពុង​ស្នាក់នៅ​ផ្ទះ​ជាមួយ​ខ្ញុំ‍​សិន»។

លោកស្រី ​ប៊ូ រចនា​ បាន​នាំ​កូន​ប្រុស​បួន​នាក់​រត់​ភៀសខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ទាំង​នៅ​ក្នុង​ពោះ​មាន​ទម្ងន់​កូន​ទី​ប្រាំ។ ​លោក​ស្រី​បាន​មក​ដល់​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ​ឆ្នាំ២០១៦​គឺ​មាន​រយៈពេល​ជាង​មួយ​ខែ​ក្រោយ​ពី​លោក​ កែម ឡី​ ត្រូវ​គេ​ធ្វើ​ឃាត​ទាំង​កណ្តាល​ថ្ងៃ។ កូន​ទី​ប្រាំ​បាន​កើត​ក្នុង​ប្រទេស​ថៃ។

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​នឹង​រៀបចំ​ពិធី​ស្វាគមន៍​លោកស្រី​និង​កូនៗ​នៅ​ថ្ងៃសៅរ៍​ទី​២៤ ខែ​កុម្ភៈ​នៅ​វត្ត​ពុទ្ធរង្ស៊ី។

លោក​ ហុង លីម ​បញ្ជាក់​បន្ថែម​ថា៖

«អ្នក​ទាំង​អស់​គ្នា​បាន​ចំណាយ​ខាង​ផ្លូវចិត្ត​ ខាង​ផ្លូវ​ថវិកា​គ្រប់​បែប​យ៉ាង​ទាំង​អស់​ហើយ​ចង់​ជួប​គាត់‍»។

លោក ​កែម ឡី គឺជា​អ្នករិះគន់​ខ្លាំងៗ​ចំពោះ​ការ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន។ លោក​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦ ​ពេល​កំពុង​តែ​ហូប​កាហ្វេ​នៅ​ហាង​តូច​មួយ​ក្នុង​ស្ថានីយ​ប្រេងសាំង​កាល់តិច។

លោក​ ហុង លីម នៅ​តែ​នឹក​សរសើរ​ដល់​ស្នាដៃ​របស់​លោក កែម ឡី៖

«ក្នុង​ករណី​របស់​គ្រួសារ​លោក ​កែម ឡី យើង​ខិតខំ​ប្រឹងប្រែង​លើស​ពី​ធម្មតា​ ​ដោយសារ​គាត់​ជា​វីរជន​ ជា​វីរបុរស​របស់​ខ្មែរ​យើង​ដែល​យើង​ដឹង​ថា​យើង​ត្រូវ​មាន​តួនាទី​ទទួល​បន្ទុក​ជួយ​សម្រាល​សុវត្ថិភាព​របស់​គាត់​ជីវិត​របស់​គាត់​ទៅ​អនាគត​ទាំងអស់​ជាពិសេស​ក្មេងៗ។ ឥឡូវ​នេះ​យើង​បាន​សម្រេច​ហើយ​ខ្ញុំ​ជឿ​ថា ​បងប្អូន​ខ្មែរ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​មាន​ការ​សប្បាយ​រីករាយ​ដូច​គ្នា​ទាំងអស់‍»។​

​រហូត​មក​ដល់​ពេល​នេះ​មាន​ជន​តែ​ម្នាក់​គត់​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ សំណុំរឿង​នេះ​រង​ការ​រិះគន់​ជា​ខ្លាំង​ថា ​ជា​ការ​កាត់ទោស​បង្គ្រប់​កិច្ច។​

លោក ​យ័ប គឹមទឹង ​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​បញ្ជាក់​ថា ​លោក​«សប្បាយ​រីករាយ​ដែល​មាន​ប្រទេស​សេរី​មួយ​ជួយ​ទទួល​យក​ជន​រងគ្រោះ​ចូល​ក្នុង​ប្រទេស​របស់​គេ​ហើយ​ថែរក្សា‍»។ លោក​ គឹមទឹង ​បញ្ជាក់​ថា​ សកម្មជន​សិទ្ធិ​មនុស្ស​ជាច្រើន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​កំពុងតែ​រង​ការ​គាប​សង្កត់​ឱ្យ​បញ្ឈប់​សកម្មភាព​ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​អស់​សង្ឃឹម​ទេ ​ហើយ​ត្រូវ​តែ​បន្ត​តស៊ូ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG