ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​កម្ពុជា​ដាក់​បង្ហាញ​ថ្ម​ពី​ភពព្រះ​ច័ន្ទ​សារ​ជា​ថ្មី​នៅ​សារមន្ទីរ​ជាតិ​ដើម្បី​ជំរុញ​ការ​សិក្សា STEM


លោក​ Michael Newbill ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ស្តី​ទី ​ថ្លែង​ទៅកាន់​ភ្ញៀវ​កិត្តិយសក្នុង​ពិធីបើក​សម្ពោធ​ពិព័រណ៍​ដាក់តាំង​ថ្មដែល​អ្នកអវកាស​សហរដ្ឋអាមេរិក​យកមក​ពីឋាន​ព្រះច័ន្ទ កាលពី​ព្រឹក​ថ្ងៃចន្ទ ទី​១៨ ខែ មិថុនា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)
លោក​ Michael Newbill ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ស្តី​ទី ​ថ្លែង​ទៅកាន់​ភ្ញៀវ​កិត្តិយសក្នុង​ពិធីបើក​សម្ពោធ​ពិព័រណ៍​ដាក់តាំង​ថ្មដែល​អ្នកអវកាស​សហរដ្ឋអាមេរិក​យកមក​ពីឋាន​ព្រះច័ន្ទ កាលពី​ព្រឹក​ថ្ងៃចន្ទ ទី​១៨ ខែ មិថុនា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ​តំណាង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ និង​សារ​មន្ទីរ​ជាតិ​កម្ពុជា​បាន​សម្ពោធ​ពិព័រណ៍​នៅ​សារមន្ទីរ​ជាតិ​​ដើម្បី​ដាក់​តាំង​បង្ហាញ​«ថ្ម​ពី​ភព​ព្រះ​ច័ន្ទ»​ ​ដែល​អ្នក​អវកាស​សហរដ្ឋ​អាមេរិក​យក​មក​ពី​ភព​ព្រះ​ច័ន្ទ​ ​កាលពី​ឆ្នាំ​១៩៧២​ ​និង​បាន​ផ្តល់​ឲ្យ​កម្ពុជា​កាលពី​ឆ្នាំ​១៩៧៣។

សារមន្ទីរ​ជាតិ​កម្ពុជា​ ​និង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​ដាក់​តាំង​ពិព័រណ៌​ថ្ម​ភព​ព្រះ​ច័ន្ទ​ ​ឬ​ Moon Rock​ ​សារជា​ថ្មី​នៅ​សារមន្ទីរ​ជាតិ​ដោយ​មាន​ព័ត៌មាន​លម្អិត​អំពី​ថ្ម​ដ៏​មាន​តម្លៃ​នេះ​ ​ក្រោយ​ពេល​កម្ពុជា​ដាក់​ចូល​ក្នុង​ឃ្លាំង​របស់​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ។​

កម្ពុជា ​និង​សហរដ្ឋ​អាមេរិក​សង្ឃឹម​ថា​ ​ការ​ដាក់​តាំង​ពិព័រណ៌ថ្មពី​ភព​ព្រះ​ច័ន្ទ​នេះ​នឹង​អាច​ជំរុញ​ឲ្យ​យុវជន​ខ្មែរ​ចាប់​យក​ជំនាញ​ និង​អាជីព​ពាក់ព័ន្ធ​នឹង​មុខ​វិជ្ជា​វិទ្យា​សាស្រ្ត​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គណិត​វិទ្យា​ ​ហៅ​កាត់​ថា​ STEM​ ឲ្យ​កាន់​តែ​ច្រើន​ទៀត។

ក្នុង​ពិធី​សម្ពោធ​ការ​តាំង​ពិព័រណ៍​«ថ្មភព​ព្រះ​ច័ន្ទ»​ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោក​ ​Michael Newbill​ ​ឯក​អគ្គរដ្ឋទូត​ស្តីទី​នៃ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ថ្លែង​ថា​ ​កាលពី​ឆ្នាំ​ទៅ​មិញ​ ​សារមន្ទីរ​ជាតិ​កម្ពុជា​បាន​ស្នើ​ទៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ឲ្យ​ស៊ើប​អង្កេត​ពី​ប្រវត្តិ​នៃ​ថ្ម​មួយ​ដុំ​ ​ដែល​បាន​រក្សា​ទុក​ក្នុង​សារមន្ទីរ​ជាតិ​កម្ពុជា​ ​ជា​យូរឆ្នាំ​មក​ហើយ​ ​ដែល​ក្រោយ​មក​ត្រូវ​បាន​បញ្ជាក់​ថា ​ជា​ថ្ម​ពី​ភព​ព្រះច័ន្ទ។​លោក​បន្ត​ថា​ ​នៅ​ថ្ងៃ​ទី​១៧​ ​ខែ​ធ្នូ​ ​ឆ្នាំ​១៩៧២​ ​យាន​អាប៉ូឡូ​ទី​១៧​របស់​សហរដ្ឋ​អាមេរិក​បាន​ទៅ​ដល់​ភព​ព្រះ​ច័ន្ទ​ជា​លើក​ចុង​ក្រោយ​ ​ដោយ​បាន​នាំ​យក​ថ្ម​ភព​ព្រះ​ច័ន្ទ​នេះ​មក​កាន់​ផែន​ដី។​

(ចុចមើលកម្រងរូបភាពពិពរណ៌ថ្មភពព្រះច័ន្ទនៅសារមន្ទីរជាតិកម្ពុជា)

លោក​ ​Michael​ ​បន្ថែម​ថា​ ​ថ្ម​នេះ​ស្ថិត​ក្នុង​ចំណោម​សំណាក​ថ្ម​ភព​ព្រះ​ច័ន្ទ​ «សុឆន្ទៈ»​ ​ដែល​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ប្រទេស​ចំនួន​១៣៥​ ​ដើម្បី​ចែក​រំលែក​ឲ្យ​ពិភព​លោក​នូវ​ដំណើរ​ផ្សង​ព្រេង​របស់​បេសក​កម្ម​យាន​អាប៉ូឡូ​ទី១៧​នោះ។​ ​សហរដ្ឋ​អាមេរិក​ ​នៅ​ក្នុង​ឆ្នាំ​១៩៧៣​ ​ក៏​បាន​ផ្តល់​ថ្មភព​ព្រះ​ច័ន្ទ​នេះ​ឲ្យ​កម្ពុជា​ ​ដើម្បី​ជា​និមិត្ត​រូប​នៃ​សុឆន្ទៈ​យូរ​អង្វែង​រវាង​សហរដ្ឋ​អាមេរិក​ ​និង​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក​ ​Michael Newbill​ ​បន្ថែម​ក្នុង​ន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​

«យើង​សង្ឃឹម​ថា​ ​ការ​ដាក់​តាំង​នេះ​នឹង​បំផុស​ឲ្យ​យុវជន​កម្ពុជា​មាន​ក្តី​ស្រម៉ៃ​ខ្ពស់។​ ​សូម​កុំ​ឲ្យ​ព្រំដែន​នៃ​អ្វី​ដែល​យើង​គិត​ថា​ អាច​ធ្វើ​ទៅ​បាន​រាំង​ស្ទះ​ដំណើរ​របស់​អ្នក​ ​[…]​ ​ការ​អប់រំ​លើ​មុខ​វិជ្ជា​វិទ្យា​សាស្រ្ត ​បច្ចេក​វិទ្យា​ វិស្វកម្ម​ ​និង​គណិត​វិទ្យា​ ​(STEM) ​បាន​នាំ​មនុស្ស​ដល់​ភព​ព្រះ​ច័ន្ទ ហើយ​វា​ពិត​ជា​នាំ​យើង​ទៅ​ឆ្ងាយ​ជាង​នេះ​ទៀត​ នៅ​ពេល​អនាគត។​ ​ប្រហែល​មាន​អ្នក​ខ្លះ​ដែល​កំពុង​ឈរ​នៅ​ទី​នេះ​នឹង​បាន​ឃើញ​ ​បាន​ ឮ​ ​ឬ​ចូល​រួម​ក្នុង​បេសក​កម្ម​ដ៏​អស្ចារ្យ​បន្ទាប់​ទៀត​ក្នុង​ការ​បញ្ជូន​មនុស្ស​ទៅ​កាន់​ភព​ព្រះ​អង្គារ៍»។​

សហរដ្ឋ​អាមេរិក​គឺ​ជា​ជាតិ​សាសន៍​ទី​១​ដែល​បាន​ទៅ​ដល់ ​និង​ដោត​ទង់ជាតិលើ​ភព​ព្រះច័ន្ទ​ ​នៅ​ឆ្នាំ​១៩៦៩ ដែល​មាន​ចម្ងាយ​ជាង​៣៨៤​ពាន់​គីឡូ​ម៉ែត្រ​ពីភព​ផែនដី។​ ​ការណ៍​នេះ​ធ្វើ​ឲ្យ​អាមេរិក​ ​នាំ​មុខ​ប្រទេស​ផ្សេងៗក្នុង​ការ​ស្រាវជ្រាវ​នៅ​ទី​អវកាស​ ​និង​ភព​នានា។​ ​សព្វ​ថ្ងៃ​អង្គការ​ NASA​ របស់​អាមេរិក​កំពុង​ស្រាវជ្រាវ​និង​ព្យាយាម​បញ្ជូន​មនុស្ស​ទៅ​ភពព្រះ​អង្គារ៍​បន្ថែម​ទៀត។​

ការ​ដាក់​តាំង​ពិព័រណ៍​ថ្ម​ពី​ភព​ព្រះ​ច័ន្ទ​ដែល​មាន​ទំហំ​ប៉ុនមេ​ដៃ​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ខួប​១០០​ឆ្នាំ​របស់​សារមន្ទីរ​ជាតិ​កម្ពុជា​ ​ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​ក្នុង​ខែ​មេសា​ ​ឆ្នាំ​២០២០​ខាង​មុខ។​

លោក​ ​គង់ វីរៈ​ ​ប្រធាន​សារមន្ទីរ​ជាតិ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​ពិធី​តាំង​ពិព័រណ៍​នោះ​ថា​ ថ្ម​នេះ​ធ្លាប់​ត្រូវ​បាន​ដាក់​តាំង​ម្តង​រួច​មក​ហើយ​ក្នុង​សារមន្ទីរ​ជាតិ ក៏​ប៉ុន្តែ​ត្រូវ​បាន​ដក​ទុក​វិញ​ដោយ​សារ​មិន​មាន​ព័ត៌មាន​ច្បាស់​លាស់​អំពី​ថ្ម​នេះ។​ ​មន្ត្រី​កម្ពុជា​ដដែល​ក៏​បាន​បន្ត​ថា​ ​ការ​តាំង​បង្ហាញ​វត្ថុ​ដែល​មាន​លក្ខណៈ​វិទ្យា​សាស្រ្ត​ ​ជាមួយ​ព័ត៌មាន​លម្អិត​របស់​វា​ ​អាច​នឹង​ជួយ​ទាក់​ទាញ​ទេសចរណ៍​ជាតិ​ ​និង​អន្តរជាតិ​ ​ជា​ពិសេស​យុវជន​ខ្មែរ​ ​ចូល​មក​ទស្សនា​សារមន្ទីរ​ជាតិ​កាន់​តែ​ច្រើន។ ​លោក​បន្ថែម​ថា​ ​ថ្មភព​ព្រះ​ច័ន្ទ​នេះ ​បើ​ទោះ​ជា​មាន​ទំហំ​តូច​ ​ប៉ុន្តែ​លោក​ថា​ ​ថ្ម​នេះ​មាន​តម្លៃ​សម្រាប់​មនុស្ស​ជាតិ​យ៉ាង​ច្រើន។​

លោក​មាន​ប្រសាសន៍​ថា៖​

«កាលណា​យើង​បង្ហាញ​អីចឹង​ទៅ​ ​ជា​ពិសេស​យុវជន​ ​ដើម្បី​ឲ្យ​យុវជន​ហ្នឹង​មាន​ក្តី​ស្រម៉ៃ​ធំ​ ​មាន​ក្តី​ស្រម៉ៃ​ហ្នឹង​ខ្ពស់។​ ​កាលណា​ឃើញ​ថ្ម​ឋាន​ព្រះ​ច័ន្ទហ្នឹង​ ​មនុស្ស​មាន​ក្តី​ស្រម៉ៃ​ថា​ ​តើ​យើង​ធ្វើ​បាន​ ​ឬ​អត់?​ ​អីចឹងគួរ​តែ​បង្ហាញ​អ្វី​មួយ​ដើម្បី​ឲ្យ​មនុស្ស​ហ្នឹង​មាន​មហិច្ឆតា​ធំ។​ ​អីចឹង​បាន​យើង​សម្រេច​ចុង​ក្រោយ​ថា ​ត្រូវ​ធ្វើ​ការ​តាំង​បង្ហាញ»។

លោក​ ​គង់ វីរៈ​ ​បន្ថែម​ថា​ ​រយៈពេល​នៃ​ការ​ដាក់​តាំង​បង្ហាញ​ថ្ម​ភព​ព្រះ​ច័ន្ទ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ចំណាប់​អារម្មណ៍​នៃ​ការ​ទស្សនា​របស់​ទេសចរ​ ​ឬ​អាច​រហូត​ដល់​ការ​រៀបចំ​ខួប​១០០​ឆ្នាំ​របស់​សារមន្ទីរ​ជាតិ​ នៅ​ឆ្នាំ​២០២០។

ថ្ម​ពី​ភព​ព្រះច័ន្ទ​ ដែល​ត្រូវ​បាន​នាំ​យក​មក​តាម​អាប៉ូឡូ​លេខ​១៧​ ​និង​បែង​ចែក​ទៅ​ឲ្យ​ប្រទេស​ទាំង​១៣៥​លើ​ពិភព​លោក​ គឺ​បាន​ពីថ្ម​មួយ​ដុំ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ ​«ថ្ម៧០០១៧»។​ ​ថ្ម​ព្រះ​ច័ន្ទ​នេះ​ជា​ប្រភេទ​ថ្ម​បាសាល​ ​ដែល​មាន​ចំ​ណាស់​ប្រហែល​៣ពាន់៧០០​លាន​ឆ្នាំ៕

XS
SM
MD
LG