ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ក្រោយ​ជាប់​ពន្ធនាគារ​ជាង​៩ខែ


រូប​ឯកសារ៖ លោក យាង សុធារិន ហៅ​យាង សុជាមេត្តា និង​លោក អ៊ួន ឈិន អតីត​អ្នកសារព័ត៌មាន​អាស៊ី​សេរី​ដេល​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។
រូប​ឯកសារ៖ លោក យាង សុធារិន ហៅ​យាង សុជាមេត្តា និង​លោក អ៊ួន ឈិន អតីត​អ្នកសារព័ត៌មាន​អាស៊ី​សេរី​ដេល​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។

បន្ទាប់​ពី​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​​រង​ការ​ចោទ​ប្រកាន់​ ​និង​​​ជាប់​ឃុំ​អស់​រយៈ​ពេល​៩ខែ​ក្នុង​ពន្ធនាគារ​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​តុលាការ​សម្រេច​ឲ្យ​អ្នក​ទាំង​ពីរ​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។​ ​អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា​ ​ការ​ដោះ​លែង​នេះ​ធ្វើ​ឡើង​ដោយ​សារ​រដ្ឋាភិបាល​ព្យាយាម​សម្រាល​ខ្លួន​ពី​​​ការ​ដាក់​សម្ពាធ​អន្តរជាតិ​ ​ក្រោយ​ការ​ឈ្នះ​ឆ្នោត​ដោយ​គ្មាន​ការ​ចូលរួម​ពី​គណ​បក្ស​ប្រឆាំង។

ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​បាន​ចេញ​ដីកា​ដោះលែង​ ​អតីត​អ្នក​សារ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​២រូប​ ​គឺ​លោក​ ​អ៊ួន ឈិន​ ​និង​លោក​ ​យាង សុធារិន​ ​ហៅ ​យាង​ ​សុជាមេត្តា​ ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ​ក្រោយ​ពួកគេ​ជាប់ឃុំ​អស់​រយៈ​ពេល​៩​ខែ។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​មន្រ្តី​ជាន់​ខ្ពស់​តុលាការរាជ​ធានីភ្នំពេញ។​

លោក​ ​អ៊ី រិន្ទ​ ​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ ​VOA​ ​នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ថា​ ​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ដោះ​លែង​អតីត​អ្នកសារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ទាំងពីរ​ឲ្យនៅក្រៅឃុំ​ជា​បណ្តោះ​អាសន្ន​។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ក៏​លោក​មិន​បាន​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដោះលែង​ដោយ​សារ​មូល​ហេតុ​អ្វី​នោះ​ទេ។​

លោក​ ​អ៊ី រិន្ទ​ ​ប្រាប់​ ​VOA​ ​យ៉ាង​ខ្លី​ថា៖​

«គេសម្រេច​ឲ្យដោះលែងនៅក្រៅឃុំហើយ​ ​ឯ​មូលហេតុ​ហ្នឹង​លោកចៅក្រមបានបញ្ជាក់​នៅ​ក្នុងដីការួច​ហើយ។​ ល្ងាច​នេះ​ហើយ»។​

បើតាមដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ចេញដោយចៅក្រមស៊ើបសួរ លោក ពេជ្រ វិជ្ជាធរ ដែលទើបត្រូវបានផ្សព្វផ្សាយនាយប់ថ្ងៃអង្គារនេះ បញ្ជាក់ថា សម្រេចឲ្យអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន ក្រោយការពិនិត្យពិចារណាត្រឹមត្រូវតាមច្បាប់។

ដីកានោះត្រូវបានសរសេរក្នុងន័យដើម ដោយមានការដាក់លក្ខខណ្ឌមួយចំនួនចំពោះអ្នកទាំងពីរថា៖ «ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ។ មិនត្រូវផ្លាស់ប្តូតលំនៅឋានដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ។ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ត្រូវបង្ហាញខ្លួននៅសប្តាហ៍ទី១ជារៀងរាល់ខែនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ»។

លោក​ ​អ៊ួន ឈិន​ ​និង​លោក​ ​យាង សុធារិន​ ​ហៅ​ ​យាង​ ​សុជាមេត្តា​ ​អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​កាល​ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​ពី​បទ​«​ប្រគល់ឲ្យរដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ ​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​» ​តាម​មាត្រា​៤៤៥​នៃក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។​

​ពួកគេ​ត្រូវ​បាន​ចោទ​ថា​ ​បាន​បន្ត​លួច​ផ្តល់​ព័ត៌មាន​ដល់​វិទ្យុ​អាស៊ី​សេរី​ ​ក្រោយ​ពី​វិទ្យុ​នេះ​បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​មុន​ ​ដោយ​វិទ្យុ​នេះ​បញ្ជាក់​ថា ការ​សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន​ទាំង​បង្ខំ​នា​ពេល​នោះ​ ​គឺ​ដោយ​សារ​រង​គំនាប​ពី​រដ្ឋាភិបាល​កម្ពុជា។​

លោក រ៉ូហ៊ីត ម៉ាហាចាន (Rohit Mahajan)​ ​នាយក​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​វិទ្យុ​អាស៊ី​សេរី​ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​ ​VOA​ ​តាមរយៈ​សារ​អេឡិចត្រូនិក​ថា​ ការ​ដោះលែង​អ្នក​ទាំង​ពីរ​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ ​គឺ​ជា​ការ​វិវត្ត​ដ៏​វិជ្ជមាន​មួយ​។​ ​លោក​បន្ថែម​ដោយ​សង្ឃឹម​ថា​ តុលាការ​កម្ពុជា​នឹង​លើក​លែង​បទ​ចោទ​ប្រឆាំង​នឹង​លោក​ ​អ៊ួន ឈិន​ ​និង​លោក​ ​យាង សុធារិន​ ​ហើយ​ដោះលែង​អ្នក​ទាំង​ពីរ​ឲ្យ​មាន​សេរីភាព​ពេញ​លេញ​។​

ក្នុង​សារ​អេឡិចត្រូនិក​មក​កាន់​ ​VOA​ ​លោក​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ខេមរភាសាក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖

«​ជា​ការ​ពិត​ ​នេះ​គឺ​ការ​វិវត្ត​ដ៏​វិជ្ជមាន​មួយ។​ ​ពួក​គេ​បាន​រងទុក្ខ​វេទនា​ ​ហើយ​ព្រម​ជាមួយ​គ្នានោះ​ គ្រួសារ​របស់​ពួក​គេ​ ​ក៏​បាន​ឆ្លង​កាត់​ការ​លំបាក​នេះ​ផង​ដែរ។​ ​ប៉ុន្តែ​យើង​សង្ឃឹម​ថា ​ជា​មួយ​នឹង​ការ​ដោះលែង​នេះ​ ​តុលាការ​ក៏​គួរតែ​ច្រានចោល​បទ​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​នឹង​ពួក​គេ​ផង​ដែរ»។​

នា​ពេល​ថ្មី​ៗ​នេះ​ ​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​មួយ​ចំនួន​ហៅ​ថា​ជា​ ​«ចំណាប់​ខ្មាំង​នយោបាយ»​ ​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្តបន្ទាប់​ ​ក្រោយ​ពេល​ដែលការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​បាន​បញ្ចប់​ ​និង​ការ​ប្រកាស​លទ្ធផលនៃ​ការ​បោះឆ្នោត​បង្ហាញ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ឈ្នះ​ដាច់​ ​និង​ឈាន​ទៅ​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស។

លោក​ ​មាស នី​ ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​ ​និង​ជា​អ្នក​វិភាគនយោបាយ​ឯករាជ្យ​ ​លើក​ឡើង​ថា​ ​ការ​ដោះ​លែង​អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី​ ​ការ​ដោះ​លែង​សកម្មជន​ដីធ្លី​ ​និង​អ្នកវិភាគ​នយោបាយ​ជា​បន្ត​បន្ទាប់​នេះ​ ​គឺដោយសាររដ្ឋាភិបាល​ព្យាយាមបន្ធូរបន្ថយ​នូវ​ការ​ដាក់​សម្ពាធ​របស់​អន្តរជាតិ ​ក្រោយ​ការ​បោះឆ្នោតដែល​មិន​មាន​ការ​ចូលរួម​ពី​គណបក្ស​ប្រឆាំង។

លោក​មាន​ប្រសាសន៍​ថា៖​

«គ្មាន​អី​ក្រៅ​ពី​រឿង​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​ចាប់​ផ្តើមឲ្យបាន​ទទួល​នូវ​ការ​បន្ធូរបន្ថយ​និង​ការ​ព្រមាន​ ​ឬ​វិធានការ​ដាក់​ទណ្ឌកម្ម​អី​ផ្សេងៗ​មក​លើ​រដ្ឋាភិបាល​ ​ហើយ​និង​ឈាន​ទៅ​រក ​បន្តិច​ម្តងៗ​ទៅ​រក​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ​ផង និង​ឲ្យ​មានការ​សម្រប​សម្រួល​នៅ​ខាង​ក្នុង​ផង»។

ក្រៅ​ពី​អតីត​អ្នកសារព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប​ ​គេ​ឃើញ​លោក​ ​គឹម សុខ​ ​អ្នកវិភាគ​ដែល​ធ្លាប់​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​ ​ទើប​ត្រូវ​បាន​ដោះ​លែង​កាលពី​ថ្ងៃសុក្រ​ ​ខណៈ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ពី​ការដែលអាចរងនូវបទ​ចោទ​ថ្មី​មួយ​ក្រោយ​ជាប់ឃុំ​គ្រប់​កំណត់​ឬ​យ៉ាង​ណា​នោះ។​ ​ចំណែក​ ​អ្នកស្រី​ ​ទេព វន្នី​ ​ដែល​គេ​ស្គាល់​ថា​ជា​សកម្មជន​បឹង​កក់​ដ៏​សកម្ម​និង​លេចធ្លោ ​ត្រូវ​បាន​ដោះ​លែង​ភ្លាមៗ​នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ ​ក្រោយ​មាន​ការ​លើកលែង​ទោស​ពី​ព្រះ​មហាក្សត្រ។

រដ្ឋាភិបាល​កម្ពុជាកំពុង​រង​ការ​រិះគន់​ពី​ស្ថាប័ន​ ​និង​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​ក្រោយ​ការ​បង្ក្រាប​លើមន្រ្តី​បក្ស​ប្រឆាំង​ ​សង្គម​ស៊ីវិល​ ​អ្នក​សារព័ត៌មាន​ឯករាជ្យ​ នៅ​មុន​ការ​បោះឆ្នោតនិង​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត។​ ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​មួយ​ចំនួនត្រូវ​បាន​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ និង​ហាម​មិន​ឲ្យ​ចូល​អាមេរិក​ ខណៈ​ដែល​សហភាព​អឺរ៉ុប​កំពុង​ព្រមាន​ជា​បន្ត​បន្ទាប់​ថា ​នឹង​ឈប់​ផ្តល់​ការ​អនុ​គ្រោះ​ពន្ធ​នាំចេញ​ដល់​កម្ពុជា​ ​ដែល​បាន​ផ្តល់ឲ្យ​កម្ពុជា​នូវផល​ចំណេញ​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG