ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ល្ខោន​ខោល​ខ្មែរ​ត្រូវ​បាន​ដាក់​បញ្ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​របស់​អង្គការ​យូ​ណេស្កូ


រូបឯកសារ៖ សិល្បករល្ខោនខោលរៀបចំខ្លួនដើម្បីធ្វើការសំដែងនាល្ងាចសៅរ៍នៅក្នុងសមាគមសិល្បៈសុវណ្ណភូមិកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៨។ (ទី អូលីស្សា/VOA)
រូបឯកសារ៖ សិល្បករល្ខោនខោលរៀបចំខ្លួនដើម្បីធ្វើការសំដែងនាល្ងាចសៅរ៍នៅក្នុងសមាគមសិល្បៈសុវណ្ណភូមិកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៨។ (ទី អូលីស្សា/VOA)

ល្ខោន​ខោល​របស់​កម្ពុជា​ ​ត្រូវ​បាន​អង្គការ​យូ​ណេស្កូដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ ​នៅ​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ឆ្នាំ​២០១៨។​ ​នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រ​សួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ។

ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈបាន​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ខ្លួន​នាថ្ងៃ​ពុធ​ក្នុង​ន័យ​ដើម​ថា៖​

​«នា​ថ្ងៃ​ទី​២៨ខែវិច្ឆិកា​ឆ្នាំ​២០១៨​ ​កិច្ចប្រជុំ​លើក​ទី​១៣​នៃ​គណៈ​កម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេស្កូនៅ​ទីក្រុង​ព័រល្វី​ ​សាធារណរដ្ឋ​ម៉ូរីស​ ​បាន​អនុម័ត​យល់ព្រម​បញ្ចូល​ល្ខោន​ខោល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិតាម​សេច​ក្តី​សម្រេច​ ​Decision13.COM.10.a.3»។

ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​បាន​បន្ថែម​ក្នុង​សេចក្តី​ជូន​ដំណឹង​ដដែល​ថា​ ​បេតិក​ភណ្ឌ​វប្បធម៌​រូបី​ ​និង​អរូបី​របស់​ជាតិបាន​រួម​ចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​ល្បី​រន្ទឺ​នៅ​លើឆាក​អន្តរជាតិ​ ​ព្រមទាំង​ជា​តួអង្គ​មួយ​ដ៏​លេចធ្លោ​នៅ​លើ​វេទិកា​បេតិក​ភណ្ឌ​ពិភព​លោក​ថែម​ទៀត។​ ​ក្រសួង​ក៏​បាន​អំពាវនាវ​ដល់សាធារណជន​មេត្តា​បន្ត​ចូល​រួម​ថែរក្សា​ការពារ​ ​និង​លើក​តម្កើង​តម្លៃ​វប្បធម៌​បេតិកភណ្ឌវប្បធម៌​ជាតិ​ ​ពិសេស​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ក្នុង​សម័យ​សាកល​ភាវូបនីយ​កម្ម​នា​ពេល​បច្ចុប្បន្ន។​

កាល​ពី​ដើម​ឆ្នាំ​២០១៧​ ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ស្នើសុំ​ទៅ​អង្គការយូណេស្កូ​ដើម្បី​បញ្ចូល​មរតក​វប្បធម៌​អរូបី​ ​និង​សិល្បៈ​ខ្មែរ​បុរាណ​មួយ​ចំនួន​ទៅជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​ ​ដែល​រួមមានល្ខោន​ខោល​ ​ក្បាច់​គុណ​ល្បុក្កតោ​ ​ភ្លេង​អារក្ស​ ​និង​តម្បាញ​សូត្រ​ខ្មែរ​ជាដើម។​ ​កាលពី​ចុង​ឆ្នាំ​២០១៦​ ​អង្គការ​យូណេស្កូ​ក៏​បាន​ដាក់​បញ្ចូល​ទម្រង់​សិល្បៈ​ចាប៉ី​ដង​វែង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ដែរ។

នា​ពេល​នោះ​ដែរ​ ​ល្ខោន​ខោល​គឺជា​ប្រធាន​បទ​ក្តៅ​ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​លើក​យក​ទៅ​ជជែក​ ​រហូត​ឈាន​ដល់​ការ​វាយ​ប្រហារ​គ្នា​ដោយ​ពាក្យ​សម្តី​ ​និង​សំណេរ​ទៅវិញ​ទៅមក​ ​ដោយ​សារ​ប្រទេស​ថៃ​ក៏បាន​ត្រៀម​ស្នើដាក់ល្ខោន​របស់​ខ្លួន​ដែល​មាន​ទម្រង់​ស្រដៀង​នឹង​ល្ខោន​ខោល​ខ្មែរ​ ​ទៅ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​អន្តរជាតិ​ផង​ដែរ។​ ​ប៉ុន្តែ​ទាំង​រដ្ឋាភិបាល​កម្ពុជា​ ​និង​រដ្ឋាភិបាល​ថៃ​បាន​ស្វែង​រក​វិធី​ដើម្បី​បន្ធូរ​បន្ថយ​កំហឹង​របស់​ពលរដ្ឋ​ ​និង​ធ្វើឲ្យ​ការ​តវ៉ា​ត្រឡប់​ទៅ​ជា​ស្ងប់​ស្ងាត់​វិញ៕

XS
SM
MD
LG