ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី រ៉ូណា ស្មីត៖ កម្ពុជា​បាន​មក​ដល់​ផ្លូវបំបែក ហើយ​លទ្ធិ​ប្រជាធិបតយ្យ​នឹង​កាន់តែ​ធ្ងន់ធ្ងរ​បើ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម​ការបោះឆ្នោត


អ្នកស្រី រ៉ូណា ស្មីត (ឆ្វេង) អ្នករាយការណ៍​ពិសេស​របស់​​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ធ្វើ​សន្និ​សីទ​ព័ត៌មាន អំពី​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​ ១៤ ខែ​ មីនា​ ឆ្នាំ​​ ២០១៨។ (ហ៊ុល រស្មី/VOA)
អ្នកស្រី រ៉ូណា ស្មីត (ឆ្វេង) អ្នករាយការណ៍​ពិសេស​របស់​​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ធ្វើ​សន្និ​សីទ​ព័ត៌មាន អំពី​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​ ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​ ១៤ ខែ​ មីនា​ ឆ្នាំ​​ ២០១៨។ (ហ៊ុល រស្មី/VOA)

អ្នកស្រី រ៉ូណា​ ស្មីត៖​ «ខ្ញុំ​សូម​បញ្ជាក់​ឡើងវិញ​ជាថ្មី​ម្តង​ទៀត​ថា​ សិទ្ធិ​មនុស្ស​គឺ​សំខាន់​ណាស់​សម្រាប់​សន្តិភាព ​ស្ថិរភាព​ និង​ការ​អភិវឌ្ឍន៍​​ដែល​ស្ថិតស្ថេរ»។

​អ្នកស្រី​ ​រ៉ូណា ស្មីត​ ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ​បាន​បន្តបង្ហាញ​ក្តី​បារម្ភ​ ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែល​មិនមាន​ភាពប្រសើរ​ឡើងនៅ​កម្ពុជា ហើយថា​ ប្រទេស​នេះ បាន​ដើរ​មក​ដល់​ផ្លូវ​បំបែក​ហើយ​ ​ដោយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជ្រើសរើស​ដើរតាម​មាគ៌ា​សិទ្ធិមនុស្ស។​ នៅ​ក្នុងថ្ងៃ​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​លើកទី​ប្រាំ​មក​កាន់​កម្ពុជា​ អ្នក​ជំនាញការ​សិទ្ធិមនុស្ស​រូបនេះ​ ​បាន​ថ្លែង​ក្នុង​សន្និ​សីទ​ព័ត៌មាន​មួយថា​ ​អនាគត​ប្រជាធិបតេយ្យ សេរីពហុបក្ស​ នៅ​កម្ពុជា​ ​នឹង​ជួបបញ្ហាដែល​កាន់​តែ​ធ្ងន់ធ្ងរ​ បើ​គណ​បក្ស​សង្គ្រោះជាតិ​ខក​ខាន​មិន​បាន​ចូល​រួម​ការ​បោះឆ្នោត​នៅ​ក្នុង​ខែ​កក្កដា​ ខាង​មុខ​នេះ។​

នៅថ្ងៃ​បិទ​បញ្ចប់​បេសកកម្ម​ស្វែង​យល់​ពីស្ថានភាព​សិទ្ធិមនុស្ស​រយៈពេល​១០​ ​ថ្ងៃ​នៅ​កម្ពុជា​ អ្នកស្រី​ ​រ៉ូណា ស្មីត​ ​(Rhona Smith)​ ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ ​(អ.ស.ប)​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​បាន​ថ្លែង​ថា​ ​«ប្រទេស​កម្ពុជា​បាន​មកដល់​ផ្លូវ​បំបែកហើយ»​ ​និង​បាន​ស្នើ​បាន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​តម្កល់​ការ​គោរព​សិទ្ធិ​មនុស្ស​ជាធំ​ ដែល​ជា​គ្រឹះ​មូលដ្ឋាន​នៃ​ការ​រក្សា​ឲ្យ​បាន​សន្តិភាព​ ស្ថិរភាព​ និង​ការអភិវឌ្ឍន៍​ យូរអង្វែង។​

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅការិយាល័យឧត្ដម​ស្នងការ​អ.ស.ប​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​ក្នុង​ទីក្រុង​ភ្នំពេញ​ អ្នកស្រី​ ស្មីត​ ​បាន​និយាយ​ថា​ ការ​រឹតត្បិត​សំឡេង​ប្រជា​ពលរដ្ឋ​កម្ពុជា​ នៅ​ទីបំផុត​អាច​ជាការ​គំរាម​កំហែង​ដល់​ស្ថិរភាព​ ​ដែល​រដ្ឋាភិបាល​ ​និង​ប្រជាពលរដ្ឋ​បាន​ធ្វើការយ៉ាង​លំបាក​ដើម្បី​កសាង​វា។​ ​សេរីភាព​ខាង​សមាគម សេរីភាព​ក្នុងការ​បញ្ចេញមតិ​ និង​សេរីភាព​ក្នុង​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ ត្រូវ​បាន​ការ​ពារ​ និង​ត្រូវធ្វើ​ឲ្យប្រសើរ​ឡើង​ ​(ដោយមិន​ត្រូវរឹតត្បិត​ឡើយ)​ ​នៅ​ក្នុង​សង្គម​ប្រជាធិប​តេយ្យ​សេរីពហុបក្ស។​

អ្នកស្រី​ស្មីត ​ថ្លែង​ពី​សារសំខាន់​នៃការគោរព​សិទ្ធិមនុស្ស​យ៉ាង​ដូច្នេះ៖ ​

«​ហេតុដូច្នេះហើយ​ ខ្ញុំ​សូម​បញ្ជាក់​ឡើងវិញ​ជាថ្មី​ម្តង​ទៀត​ថា​ សិទ្ធិមនុស្ស​គឺ​សំខាន់​ណាស់ សម្រាប់​សន្តិភាព ស្ថិរភាព​ និង​ការ​អភិវឌ្ឍន៍ដែល​ឋិតឋេរ។​ សិទ្ធិ​ទាំងអស់​មិន​អាច​ត្រូវបាន​គេ​ជ្រើសរើស​ ដើម្បី​ការគោរព​ ឬ​ធ្វើមិនដឹងមិន​ឮ​នោះទេ។ ហើយសិទ្ធិ​ទាំងអស់​ក៏មិនត្រូវបាន​លះបង់​ឡើយ»។​

អ្នកស្រី ​ស្មីត​ ​អ្នកជំនាញ​ការ​របស់​អង្គការ​សហប្រជាជាតិទទួល​បន្ទុក​សិទ្ធិមនុស្សនៅ​កម្ពុជា​ បាន​ផ្តើម​ទស្សនកិច្ច​នៅក្នុង​ប្រទេស​នេះ​ តាំងពីថ្ងៃ​ទី​ ៥ ខែ​ ​មីនា​ ដោយបាន​ជួបក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋា​ភិបាល​ជាច្រើនរូប​ ដែលរួមមាន​ប្រធាន​សភាជាតិ​ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ និង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ជាដើម។​

ក្នុង​សន្និសីទ​សារព័ត៌មាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១០​ ​ថ្ងៃ​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ ​អ្នក​ស្រីស្មីត​ ​ក៏​បាន​ពណ៌នា​អំពី​ ​ការរំលាយ​ ​និង​ការ​បែង​ចែក​អាសនៈជា​តំណាង​នៅ​សភា​ ​និង​នៅ​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះជាតិ​ ដែល​ទទួលបាន​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត ​ជាង​៤១ភាគ​រយ​ក្នុង​ការ​បោះ​ឆ្នោត​ពីរលើក​ចុង​ក្រោយ​គឺ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ​២០១៣​ ​និងការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧។

អ្នក​ស្រី​ថ្លែងថា​ ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅថ្ងៃ​ទី​ ១៦​ ​ខែវិច្ឆិកា​ ​ការ​ហាម​ឃាត់​សមាជិក​១១៨ រូប​ នៃគណបក្ស​សង្គ្រោះជាតិ​ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ សម្រាប់​រយៈពេល​ប្រាំឆ្នាំ​ ហើយ​និង​ការ​បែងចែង​អាសនៈ​ទាំងអស់​របស់​គណបក្ស​នេះ​ឡើងវិញ​ ទាំងនៅថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ ​ហើយ​ចែកទៅ​ឲ្យ​សមាជិក​ផ្សេង​ទៀត​ ដែល​ប្រជាពលរដ្ឋ​មិនបាន​បោះឆ្នោត​ឲ្យ​ ​ដែល​សមាជិក​ទាំង​នោះ​ ​មក​ពីគ​ណបក្ស​កាន់​អំណាច​ និង​គណបក្ស​ផ្សេង​ៗ ​«គឺ​ជាការ​បដិសេធ​សិទ្ធិ​ជ្រើស​រើស​អ្នក​តំណាង​សម្រាប់​កិច្ចការ​សាធារណៈ​តាមរយៈ​មធ្យោបាយ​ជ្រើស​រើស​ដោយ​សេរី​ ហើយ​ដែល​សិទ្ធិ​នោះ​ត្រូវបាន​ប្រើ​ប្រាស់ដោយ​ប្រជាជនដែល​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់»។​

​អ្នកស្រី​ ស្មីត​ ដែល​ជា​បុគ្គល​ឯករាជ្យ​របស់​អ.ស.ប​ ​បាន​ស្នើ​ឡើងវិញ​ដល់​រដ្ឋាភិបាល​ឲ្យ​ស្តារ​លំហ​សម្រាប់​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់រូប​អាច​អនុវត្ត​សិទ្ធិ​ឈរ​ឈ្មោះ​ ឲ្យ​គេបោះឆ្នោត​ឡើងវិញ​ដោយ​គ្មាន​សេចក្តី​ភ័យ​ខ្លាច​ ឬ​ការ​បំភិតបំភ័យ​ ហើយ​ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​មានការ​ពិចារណា​ឡើងវិញ​ ជា​បន្ទាន់​មួយ​ទៅលើ​បម្រាម​ជាទូទៅ​ហាម​ឃាត់​តួអង្គ​នយោបាយ​ទាំង​១១៨រូបនោះ។​

នៅ​ពេល​ ​VOA​ ​សួរ​អ្នកស្រី​យល់​ដូចមេ្តច​ចំពោះ​ ​អនាគត​លទ្ធិប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ ​ប្រសិន​បើ​គណ​បក្ស​ប្រឆាំង​សង្គ្រោះជាតិ​ មិនបាន​ចូលរួម​ការបោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ ​អ្នកស្រី​បាន​ថ្លែង​ថា​ ​បញ្ហា​នឹង​កាន់​តែធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​ផ្សេង​ទៀត​ដែលប្រកាន់​យក​របប​នយោបាយ​សេរី​ពហុបក្ស​ ​ហើយ​ក៏នឹង​មានបញ្ហា​ដល់​និយម​ន័យ​នៃ​រដ្ឋធម្មនុញ្ញ​របស់ប្រទេសកម្ពុជា​ ​ប្រសិន​បើ​គណ​បក្ស​ប្រឆាំង​មិន​អាច​ចូលរួម​ប្រកួតក្នុងការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ ខាង​មុខ។​

VOA​ ​មិនទាន់​អាច​ទាក់​ទង​ក្រុម​មន្ត្រី​ ​នាំពាក្យ​របស់​រដ្ឋាភិបាល​ ​និង​គណបក្ស​គ្រប់​គ្រងប្រទេស​បាន​ទេ​ មក​ដល់​ល្ងាច​ថ្ងៃ​ពុធនេះ។ ​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ កែវ រ៉េមី​ ប្រធានគណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ​បាន​ប្រាប់​ ក្រុម​អ្នក​កាសែត​ ​ក្រោយ​ការជួប​ពិភាក្សា​ជាមួយ​អ្នកស្រី​ ​ស្មីត​កាលពីពេល​សប្តាហ៍​កន្លង​ទៅ​ ​ថា រដ្ឋា​ភិបាល​កម្ពុជា​មិន​អាច​ទុក​ឲ្យ​បញ្ហា​សិទ្ធិ​មនុស្ស​មក​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​កិច្ច​អភិវឌ្ឍ​សង្គម​នោះ​ទេ។ ​លោក​ថា​ ដើម្បី​ប្រយោជន៍​ពលរដ្ឋ​មួយ​ភាគ​ធំ​ រដ្ឋាភិបាល​ត្រូវ​ហ៊ាន ​អារ​កាត់​ចំណែក​រាំងស្ទះ​ណា​មួយ​ ដែល​លោក​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ទេ។​

លោក​ ​កែវ រ៉េមី​ ​បានថ្លែង​ក្នុង​ន័យ​ដើម​ថា៖​

«តួនាទី​រដ្ឋាភិបាល​ ខុស​ពី​តួនាទី​ ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្សរបស់​គាត់។​ រដ្ឋាភិបាល ​ដើម្បី​គ្រប់​គ្រង​ប្រទេស​មួយ​ បើសិនជា​យើង​ចង់​ការ​ពារ​មនុស្ស​ធំ​ ចំនួន​ធំ​ណា​មួយ​ រាប់​លាន​នាក់​ យើង​ត្រូវ​ហ៊ាន​អារ​កាត់​ ​ប៉ះពាល់​មិនខាន​ទេ​ នៅ​ជ្រុង​ណា​មួយ។ ​ហើយ​ជា​ពិសេសគឺ​យើង​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់»។​

លោក​ ​កែវ រ៉េមី​ ​អះអាងថា​ ពេល​វេលា​នឹង​បង្ហាញ​ឲ្យ​អ្នកស្រី​ ស្មីត បាន​ឃើញ​ថា​ ចំណាត់​ការ​នានា​របស់​រដ្ឋាភិបាល​ ដែល​បាន​ធ្វើ​ឡើង​ដើម្បី​ថែ​រក្សា​ការ​អភិវឌ្ឍ​ និង​ស្ថិរភាព​នោះ​ ​គឺ​ជា​កិច្ច​ការ​ត្រឹមត្រូវ​មួយ។​ ​លោក​ថា​ អ្នកស្រីស្មីត ​បាន​យល់​ខុសមកលើ​រដ្ឋាភិបាល​ ​តែថ្ងៃ​ណាមួយ​ អ្នកស្រី​នឹង​យល់​ថា​ អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​គឺជារឿង​ត្រឹម​ត្រូវដើម្បី​ភាព​សុខសាន្ត​របស់​កម្ពុជា។​

តាម​សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ​របស់​អ្នកស្រី​ស្មីត​ ​ក្នុង​សន្និសីទ​ព័ត៌មាន​ ​ដែល​បាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​ពុធ​ដដែល​នេះ​ អ្នកជំនាញការ​សិទ្ធិមនុស្ស​រូបនេះ​ ​បាន​ថ្លែងបញ្ជាក់​ជាថ្មី​ថា​ «សិទ្ធិមនុស្ស​ គឺសំខាន់​ចាំ​បាច់​ខ្លាំង​ណាស់​សម្រាប់​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ដ៏ស្ថិតស្ថិរ​ជានិរន្ត៍។ សិទ្ធិមនុស្ស​មិន​អាច​គោរព​ដោយ​អន្លើៗ​ ឬមើល​រំលងនោះ​ទេ​ ហើយ​សិទ្ធិមនុស្ស​ក៏មិន​ត្រូវបាន​លះបង់​ឡើយ។ សន្តិភាព​ដែល​ខ្វះយុត្តិធម៌​ ​គឺមិន​ស្ថិតស្ថិរ​ទេ​ ហើយ​ការ​អភិវឌ្ឍដែល​ខ្វះ​សេរីភាព​ គឺជាការ​បោះបង់​ប្រជាជន​ចោល»។​

ក្នុង​អំឡុង​ទស្សនកិច្ច​រយៈ​ពេល​១០ថ្ងៃ​នៅ​កម្ពុជា​ ​អ្នកស្រី​ ក៏​បាន​ទទួល​របាយ​ការណ៍​ អំពីការ​បាញ់ប្រហារ​ នៅ​ថ្ងៃទី​ ៨ ខែ​មីនា​ ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ទៅ​លើអ្នក​តវ៉ា​ ទាក់ទង​នឹង​ទំនាស់​ដីធ្លីជាមួយ​ក្រុម​ហ៊ុន​ ចម្ការ​កៅស៊ូ​ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ។​ ​អ្នកស្រី​បាន​សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​របាយ​ការណ៍អំពីការ​បាញ់​ប្រហារ​នេះ​ ​ហើយបាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ និង​ដោយ​ឯករាជ្យ​៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG