នៅថ្ងៃអង្គារនេះ សហរដ្ឋអាមេរិកបានដាក់ឲ្យប្រើប្រាស់អាគារសុខភាពថ្មីមួយទៀតសម្រាប់ផ្តល់សេវាដល់ពលរដ្ឋជាង៩ម៉ឺននាក់ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីពង្រឹងវិស័យសុខាភិបាល និងសុខមាលភាពពលរដ្ឋខ្មែរ។
នេះគឺជាអាគារមួយក្នុងចំណោមអាគារសុខភាពយ៉ាងហោចណាស់ ៣២ នៅទូទាំងប្រទេសកម្ពុជា ដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបង្ហាញពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
អាគារសម្ភពដែលមានតម្លៃជាង៤៣ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅមុនពេលដែលលោក William Heidt ត្រៀមបញ្ចប់អាណត្តិជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក្នុងពេលប៉ុន្មានខែខាងមុខ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William Heidt បានថ្លែងក្នុងពិធីសម្ពោធមណ្ឌលសុខភាពនោះថា អាគារមណ្ឌលសុខភាពដែលមាន១១បន្ទប់ នឹងនាំមកជូនប្រជាពលរដ្ឋប្រមាណជា៩ម៉ឺននាក់ក្នុងស្រុកក្រគរ និងស្រុកជិតខាងមួយចំនួនទៀត ដើម្បីលើកកម្ពស់សេវាសុខាភិបាល។
លោកបន្ថែមថា មណ្ឌលសុខភាពនេះនឹងផ្តល់សេវាពិគ្រោះជំងឺជាលក្ខណៈបុគ្គល សេវាសម្រាកព្យាបាលមុន និងក្រោយសម្រាល និងសេវាបន្ទប់សង្គ្រោះបន្ទាន់សម្រាប់កុមារជាដើម។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលមានភរិយាដើមកំណើតខ្មែររូបនេះ បានថ្លែងជាភាសាខ្មែរថា៖
«អាគារថ្មីដ៏ទំនើបនេះ គឺជាភស្តុតាងជាក់ស្តែងដែលបង្ហាញនូវភាពជាដៃគូដ៏រឹងមាំរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងដល់សេវាសុខាភិបាលសម្រាប់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស»។
អាគារមណ្ឌលសុខភាពស្រុកក្រគរនេះ គឺជាគម្រោងទី៣២ ក្នុងចំណោមគម្រោងផ្នែកសុខាភិបាល សាលារៀន និងអនាម័យបរិស្ថាន ដែលសហរដ្ឋអាមេរិកបានកសាងនៅកម្ពុជា ដោយប្រើប្រាស់មូលនិធិមនុស្សធម៌តាំងពីឆ្នាំ២០១៣ មានតម្លៃជាទឹកប្រាក់សរុបចំនួនជាង៦លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងពីប្រជាពលរដ្ឋអាមេរិក។
លោក William Heidt បន្ថែមថា គម្រោងចំនួន៦ផ្សេងទៀត ដែលជាជំនួយពីប្រជាពលរដ្ឋអាមេរិកដែរនោះ នឹងត្រូវបញ្ចប់ក្នុងអំឡុងពីរឆ្នាំខាងមុខ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានចូលរួមពិធីសម្ពោធនៅព្រឹកថ្ងៃអង្គារនេះ បានថ្លែងថា អាគារជំនួយរបស់សហរដ្ឋអាមេរិក គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុមាលភាពស្រ្តី និងកុមារនៅកម្ពុជា។ លោកបន្ថែមថា ក្រសួងស្វាគមន៍រាល់ជំនួយដែលផ្តល់ដល់កម្ពុជា ពិសេសជំនួយពាក់ព័ន្ធនឹងការពង្រឹងផ្នែកសេវាសុខាភិបាល។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះមានប្រសាសន៍បន្តថា៖
«ខ្ញុំសូមសម្តែងអំណរគុណដល់រដ្ឋបាល និងប្រជាជនសហរដ្ឋអាមេរិកដែលបានផ្តល់ឲ្យជាសម្ភពថ្មីមួយខ្នងដល់ស្រុកក្រគរ ដែលជាការរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ការផ្តល់សេវា និងគុណភាពនៃសេវាថែទាំមាតា និងទារក ដែលនឹងផ្តល់អត្ថប្រយោជន៍ផ្នែកសុខភាពផ្ទាល់ដល់ស្រ្តី និងកុមារក្នុងស្រុកក្រគរយើងនេះ»។
លោក ម៉ម ប៊ុនហេង ក៏បានណែនាំគ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ត្រូវធានាថា ការផ្តល់សេវាថែទាំសុខភាពស្របតាមបទដ្ឋានត្រឹមត្រូវ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងប្រាស្រ័យទាក់ទងល្អនិងត្រូវធានាថា មិនមានអ្នកជំងឺណាម្នាក់ ត្រូវបានបដិសេធការប្រើប្រាស់សេវាដោយសារមិនមានប្រាក់បង់ថ្លៃនោះទេ។
លោកស្រី អ៊ីត ម៉ើស ពលរដ្ឋខ្មែរឥស្លាមមួយរូប ដែលកំពុងរស់នៅស្រុកក្រគរ ប្រាប់ VOA ថា អាគារមណ្ឌលសុខភាពរួមជាមួយនឹងបរិក្ខាពេទ្យថ្មីៗនេះ នឹងអាចជួយឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកក្រគរ ទទួលបានការព្យាបាលទាន់ពេល និងងាយស្រួលជាងមុន។
ស្រ្តីដែលកំពុងមានផ្ទៃពោះរយៈពេល៨ខែរូបនេះ បញ្ជាក់ថា៖
«ផលប្រយោជន៍គឺយើងមានមណ្ឌលសុខភាពនៅជិតផ្ទះ នៅជិតភូមិ យើងស្រួលមក។ មានសុវត្ថិភាព។ ដូចយើងមានមន្ទីរពេទ្យជិតអញ្ចឹងវាស្រួល នៅជិតផ្ទះជិតអី»។
ស្រុកក្រគរ គឺជាទីកន្លែងកំណើតរបស់ភរិយាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក គឺអ្នកស្រី សុធី ហៃ ក៏ប៉ុន្តែគម្រោងសាងសង់អាគារសុខភាពនេះ ត្រូវបានកំណត់ តាំងពីមុនពេលដែលលោក William Heidt ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាឯណោះ។ នេះបើតាមការបញ្ជាក់របស់លោក William Heidt។
លោក William Heidt នឹងលោកត្រូវបញ្ចប់អាណត្តិរយៈពេល៣ឆ្នាំរបស់លោក ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ក្រោយចូលកាន់តំណែងកាលពីចុងឆ្នាំ២០១៥។ ការសម្ពោធដាក់ឲ្យប្រើប្រាស់អាគារមណ្ឌលសុខភាពស្រុកក្រគរនេះ គឺជាការសម្ពោធអាគារសុខភាពចុងក្រោយក្នុងអាណត្តិរបស់លោកជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា៕