ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ឈ្នះ​ពាន​រង្វាន់​កំណត់ត្រា​ពិភពលោក ​Guinness សម្រាប់​ក្រមា​វែង​បំផុត​


អ្នក​ចូលរួម​ម្នាក់​ត្បាញ​ក្រមា​លើ​កី​តម្បាញ​ ដែល​ដាក់​សម្រាប់​កម្មវិធី​ត្បាញ​ក្រមា​ខ្មែរ​​​វែងជាង​គេ​ ឲ្យ​បាន​ប្រវែង​​​ ​១០០០​ ម៉ែត្រ​ ដើម្បី​ចុះ​ក្នុង​កំណត់ត្រា​​ឯតទគ្គ​កម្ម​ពិភពលោក​ សម្រាប់កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ នៅ​ក្នុង​វាល​ព្រះមេរុ នៅរាជធានី​ភ្នំពេញ​, នៅថ្ងៃទី​ ១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/ VOA)
អ្នក​ចូលរួម​ម្នាក់​ត្បាញ​ក្រមា​លើ​កី​តម្បាញ​ ដែល​ដាក់​សម្រាប់​កម្មវិធី​ត្បាញ​ក្រមា​ខ្មែរ​​​វែងជាង​គេ​ ឲ្យ​បាន​ប្រវែង​​​ ​១០០០​ ម៉ែត្រ​ ដើម្បី​ចុះ​ក្នុង​កំណត់ត្រា​​ឯតទគ្គ​កម្ម​ពិភពលោក​ សម្រាប់កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ នៅ​ក្នុង​វាល​ព្រះមេរុ នៅរាជធានី​ភ្នំពេញ​, នៅថ្ងៃទី​ ១៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨។ (ខាន់ សុគុំមនោ​/ VOA)

ប្រទេស​កម្ពុជា​បាន​ឈ្នះ​ពាន​រង្វាន់​សម្រាប់កំណត់ត្រា​ពិភពលោក ​Guinness នៅ​ថ្ងៃ​អាទិត្យ​នេះ​ក្នុងការ​ផលិត​ក្រមា​ប្រជាប្រិយ​ប្រវែង ១.១០០ ម៉ែត្រ។ ​ដោយ​មាន​ការគាំទ្រ​ពី​ចលនា​យុវជន​របស់​គណបក្ស​កាន់អំណាច ​មនុស្ស​ជាង ២ម៉ឺន៣ពាន់​នាក់​បាន​ចូលរួម​ក្នុង​ការ​ប្រឡង​ប្រកួត​ប្រជែង​ត្បាញ​រយៈ​៦ខែនៅខាង​ក្រៅព្រះ​បរមរាជវាំង​ក្នុងរាជធានី​ភ្នំពេញ។

មនុស្សវ័យ​ក្មេង​រាប់ពាន់​នាក់បាន​ចេញទៅ​លាត​ក្រមានៅតាម​ដង​ផ្លូវមួយ​នៅ​រដ្ឋធានី​កាល​ពី​ថ្ងៃ​អាទិត្យ​សម្រាប់​មន្ត្រី ​Guinness វាស់​ផលិតផល​តម្បាញនេះ។ ​

លោក Swapnil Dangarikar អ្នក​សម្រប​សម្រួល​របស់​ Guinness ​បាន​ប្រាប់​ហ្វូង​មនុស្ស​ដែល​សប្បាយ​រីករាយ​នោះ​ថា «ក្រមាប្រវែង​១ពាន់​១៤៩ម៉ែត្រ​៨តឹក​នេះ​គឺជាកំណត់ត្រា​តម្បាញ​ពិភព​លោក​ថ្មីរបស់​ Guinness!»។

លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ដែល​បាន​កាន់​អំណាច​ដ៏​យូរ ​បាន​ផ្ដល់​ប្រសិទ្ធ​ពរ​ដល់​យុទ្ធនាការ​នេះ​តាម​រយៈ​ការ​ត្បាញក្រមា​នេះ​ពីរបី​សរសៃ​ជា​និមិត្តរូប។ ​កូន​ប្រុស​ពៅរបស់​លោក​ហ៊ុន​សែន​គឺ​លោក ​ហ៊ុន ម៉ានី ​ដែល​មានសក្តានុពលកើនឡើង​យ៉ាង​ឆាប់​រហ័ស ​អាច​ជា​អ្នកស្នង​តំណែង​របស់​ឪពុក​របស់​លោក​នេះ​បាន​ធ្វើជា​តំណាង​លោក​នាយក​រដ្ឋមន្រ្តី​អាយុ​៦៥​ឆ្នាំ​ក្នុង​កម្មវិធី​នៅថ្ងៃ​អាទិត្យ​នេះ។ ​លោក​បាន​និយាយ​នៅ​ឯ​ព្រឹត្តិការណ៍​នេះថា ​«កំណត់​ត្រា​ពិភពលោក Guinness ​នេះ​គឺ​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់» ។​

នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ ​លោកហ៊ុន សែន​បាន​ខិតខំប្រឹង​ប្រែង​ទាក់ទាញ​យុវជន​ដោយ​ចាប់ផ្តើម​បើក​ទំព័រ​ហ្វេសប៊ុក​ និង​បង្ហាញពី​ភាព​ត្រេក​ត្រអាល​ ហើយ​ចេញ​ដើរ​ជាសាធារណៈ។ ​

ព្រឹត្ដិ​ការណ៍ ​Guinness ​នេះធ្វើ​ឡើង​ប៉ុន្មាន​សប្តាហ៍​មុន​ការ​បោះឆ្នោត​ដ៏ចម្រូង​ចម្រាស​ដែលលោក​ហ៊ុនសែន​ត្រៀម​ខ្លួនឈ្នះ​រួចជា​ស្រេច​ បន្ទាប់ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំមុន។ ​ក្រុម​អ្នក​វិភាគ​និយាយ​ថា​ លោក​នាយក​រដ្ឋមន្រ្តី​ក៏កំពុង​ព្យាយាម​ស្ថាបនា​សន្តតិវង្ស​ដោយ​ការ​ដាក់​កូន​ប្រុស​បីនាក់​របស់លោក​កាន់មុខ​តំណែង​ដឹកនាំ។​

លោក ​ហ៊ុន ម៉ាណែត ​កូន​ប្រុសច្បង​របស់​លោក​ត្រូវបាន​ដំឡើង​ឲ្យ​កាន់​តួនាទី​យោធា​ជាន់ខ្ពស់​និង​មានអំណាច​ ខណៈ​ដែល​កូន​ប្រុស​ទី​២​របស់​លោក​គឺ​លោក​ ហ៊ុន ម៉ានីត​ គឺ​ជា​អគ្គនាយក​ស្រាវជ្រាវ​ចារកិច្ច​របស់​ក្រសួង​ការពារ​ជាតិ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG