ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរ​ក្រហម​កាត់ទោស​នួន ជា​និង​ខៀវ សំផន​ឱ្យ​ជាប់​ទោស​១​ជីវិត​ចំពោះ​អំពី​ប្រល័យ​ពូជសាសន៍


លលាដ៍​ក្បាល​របស់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ដែល​ត្រូវ​បាន​តម្កល់​ទុក​នៅ​វាលពិឃាត​ជើងឯក ក្នុងរាជធានីភ្នំពេញ។ (ស៊ុន ណារិន/VOA)
លលាដ៍​ក្បាល​របស់​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម ដែល​ត្រូវ​បាន​តម្កល់​ទុក​នៅ​វាលពិឃាត​ជើងឯក ក្នុងរាជធានីភ្នំពេញ។ (ស៊ុន ណារិន/VOA)

កាល​ពីឆ្នាំ២០១៦​ ​នួន​ ​ជា​ ​និង​ ​ខៀវ​ ​សំផន​ ​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ម្តង​រួច​មក​ហើយ​ ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​០០២/០១​ ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​និង​សម្លាប់​អ្នក​សាធារណរដ្ឋ។

អតីត​អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​ នួន ជា​ និង ​ខៀវ សំផន ​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ឬ​ខ្មែរក្រហម​ ​ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​(អ.វ.ត.ក)​ ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ជា​លើក​ទី២​ ​ចំពោះ​អំពើ​ប្រល័យ​ពូជ​សាសន៍​ទៅ​លើ​ជនជាតិ​ចាម​ ​និង​វៀតណាម​ ​ពុទ្ធសាសនិកជន​ ​ក្នុង​របប​ដ៏​ខ្មៅ​ងងឹត​នោះ។​

​នៅ​ក្នុង​សាលក្រម​បញ្ចប់​ករណី​ ​០០២/០២​ ​ប្រធាន​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​សាលា​ក្តី​ខ្មែរក្រហម​ ​លោក​ និល ណុល​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​បាន​លើក​ឡើង​ពី​ការ​ទទួល​ខុសត្រូវ​របស់​ នួន​ ជា​ និង​ ខៀវ​ សំផន​ ក្នុង​សម័យ​ខ្មែរក្រហម​ ​ពាក់ព័ន្ធ​នឹង​ការ​ឃុំឃាំង​ ​ការ​ធ្វើ​ទារុណកម្ម​ ​ការ​សម្លាប់​ ​ការ​បង្ខំ​ឲ្យ​រៀបការ​ ​ការ​បង្ខំ​ឲ្យ​រួមភេទ​ ​និង​ការ​បំពាន​លើ​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ ​និង​សាសនា​ឥស្លាម​ ​ព្រម​ទាំង​ការ​សម្លាប់​ជនជាតិ​វៀតណាម។​

​លោក​ និល​ ណុន​ បាន​បញ្ជាក់​ថា​ នួន​ ​ជា​ មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ទទួល​ខុសត្រូវ​លើ​ការ​ឃុំឃាំង​ ​ការ​ធ្វើ​ទារុណកម្ម​ ​ការ​សម្លាប់​ ​ការ​បង្ខំ​ឲ្យ​រៀបការ​ ​ការ​បង្ខំឲ្យ​រួមភេទ​ ​និង​ការបំពាន​លើ​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ ​និង​សាសនា​ឥស្លាម​ ​ព្រមទាំង​ជនជាតិ​វៀតណាម។ ​ចំណែក​ ខៀវ​ សំផន​ ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ដូច​គ្នា​ទាំង​អស់​នេះ​ ​ប៉ុន្តែ ​ខៀវ សំផន​ ត្រូវ​បាន​រក​ឃើញ​ថា​ ​មិន​មាន​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ជនជាតិ​ចាម​នោះ​ទេ។​

​យ៉ាងណា​ក្តី​ ​លោក​ និល ណុន​ បាន​ប្រកាស​ដាក់​ទោស​ ​នួន​ ​ជា​ ​ដែល​មាន​វ័យ​៩២ឆ្នាំ​ ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ​ដោយ​បូក​បញ្ចូល​នឹង​ការ​កាត់ទោស​លើក​ទី​មួយ​ ​តាម​ន័យ​ដើម​ដោយ​មាន​ជាប់​សំឡេង​អ្នក​បកប្រែ​ថា៖​

​«អង្គ​ជម្រះ​សម្រេច​ផ្តន្ទា​ទោស​ ​ជនជាប់​ចោទ​ ​នួន​ ​ជា​ ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ​ដោយ​ពិចារណា​លើ​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​គាត់​ ​នៅ​ក្នុង​សំណុំ​រឿង០០២/០១​ ​អង្គ​ជម្រះ​សម្រេច​រួមបញ្ចូល​គ្នា​នូវ​ការ​ផ្តន្ទា​ទោស​ទាំងពីរ​ ​ទៅជា​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់មួយជីវិត​តែ​មួយ»។​

​លោក​ និល ណុន​ ប្រកាស​ដាក់ទោស​ ​ខៀវ​ សំផន​ ​ដែល​មាន​វ័យ​៨៧​ឆ្នាំ​ ​យ៉ាង​ដូច្នេះ៖​

«អង្គ​ជម្រះ​សម្រេច​ផ្តន្ទា​ទោស​ ​ជន​ជាប់​ចោទ​ ​ខៀវ​ ​សំផន​ ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ​ដោយ​ពិចារណា​លើ​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​គាត់​ ​នៅ​ក្នុង​សំណុំរឿង០០២/០១​ ​អង្គ​ជម្រះ​សម្រេច​រួមបញ្ចូល​គ្នា​នូវ​ការ​ផ្តន្ទាទោស​ទាំង​ពីរ​ ​ទៅ​ជា​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​តែ​មួយ»។​

​កាល​ពី​ថ្ងៃទី២៣​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៦ នួន​ ​ជា​ ​និង​ ​ខៀវ​ ​សំផន​ ​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនា​គារ​អស់​មួយ​ជីវិត​ម្តង​រួច​មក​ហើយ​ ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​០០២/០១​ ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​និង​សម្លាប់​អ្នក​សាធារណរដ្ឋ។​

ខៀវ សំផន អតីតប្រមុខរដ្ឋ​នៃ​របប​កម្ពុជាប្រជាធិបតេយ្យ នៅពេលចៅក្រមប្រកាសសាលក្រមលើសំណុំរឿង០០២/០២ នៅតុលាការខ្មែរក្រហម រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ខៀវ សំផន អតីតប្រមុខរដ្ឋ​នៃ​របប​កម្ពុជាប្រជាធិបតេយ្យ នៅពេលចៅក្រមប្រកាសសាលក្រមលើសំណុំរឿង០០២/០២ នៅតុលាការខ្មែរក្រហម រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដោយឡែក​ ​ករណី​សំណុំ​រឿង​ ​០០២/០២​ ​ដែល​ប្រកាស​សាលក្រម​ដំបូង​នៅ​ថ្ងៃ​សុក្រ​នេះ​ ​គឺសំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​អំពើ​ប្រល័យ​ពូជសាសន៍​ ​និង​ការ​បំពារ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ ​ពាក់ព័ន្ធ​ទៅ​នឹង​ទីតាំង​ឧក្រិដ្ឋ​កម្ម​ ​និង​ការ​ចោទ​ប្រកាន់​លើ​អង្គហេតុ​ ​នៅ​តាម​ការដ្ឋាន​ការងារ​ ​សហករណ៍​ ​មន្ទីរ​សន្តិសុខ​ ​និង​ទីតាំង​សម្លាប់​មនុស្ស​ ​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ប្រជាជន​ចាម​ ​និង​វៀតណាម​ ​ការ​ប្រព្រឹត្ត​ចំពោះ​ពុទ្ធសាសនិកជន​ ​និង​អតីត​មន្រ្តី​រដ្ឋការ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ ​និង​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​ទូទាំង​ប្រទេស។

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​ប្រកាស​សាលក្រម​រយៈ​ពេល​ជាង​២​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​មុខ​ ខៀវ សំផន​ ខណៈ​ ​នួន ជា​ ​បាន​ស្នើ​សុំ​អង្គុយ​ស្តាប់​សាលក្រម​តាម​ទូរទស្សន៍​ក្នុងសម្រាក​របស់​ខ្លួនដោយ​អះអាង​មាន​បញ្ហា​សុខភាព។​

ភ្លាមៗ​ ​ក្រោយ​ការ​ប្រកាស​សាលក្រម​ដំបូង​លើ​ករណី​ ​០០២/០២​ ​លោក​ ប៊ិន​ ឈិន​ រដ្ឋមន្ត្រី​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ទទួល​បន្ទុក​ដឹកនាំ​សាលាក្តី​ខ្មែរក្រហម​ ​បាន​ប្រាប់​អ្នកសារ​សារព័ត៌មាន​ ​ដែល​រងចាំ​នៅ​ឯ​សាលាក្តី​ថា​ ​ការ​សម្រេច​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ក្នុង​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ ​នឹង​អាច​ទប់ស្កាត់​មិន​ឲ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​ណាមួយ​កើតឡើង។​

​លោក​បញ្ជាក់​ថា៖​

«កេរដំណែល​របស់​អ.វ.ត.ក​ ​ត្រូវ​បាន​ចាត់​ទុក​ជា​កត្តា​ដ៏​សំខាន់​បំផុត​ដែល​គួរ​ថែ​រក្សាទុក​ ​និង​ផ្តល់​ទុក​ឲ្យ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ដែល​រួម​មាន​ ​ការ​ចងចាំ​ ​និង​ការ​ទប់ស្កាត់​របប​ប្រល័យ​ពូជ​សាសន៍​ ​និង​ការ​អប់រំ​ ​ក៏​ដូច​ជា​ការ​កសាង​សមត្ថភាព​ និង​ការ​ពង្រឹង​ស្ថាប័ន​ក្នុង​វិស័យ​យុត្តិធម៌»។​

សវនាការ​ដេញដោល​ពិនិត្យ​ភស្តុតាង​សំណុំរឿង​ ​០០២/០២​ ​បាន​ចាប់ផ្តើម​ដោយ​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចោទ​ប្រកាន់​នៅ​ថ្ងៃ​ទី​១៧​ ​ខែតុលា​ ​ឆ្នាំ​២០១៤​ ​និង​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​១១​ ​ខែ​មករា​ ​ឆ្នាំ​២០១៧។​ ការ​ជំនុំជម្រះ​ ​រួម​ទាំង​ការ​ស្តាប់​សេចក្តី​សន្និដ្ឋាន​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​ផង​ ​មាន​រយៈពេល​សរុប​ចំនួន​ ​២៨៣​ថ្ងៃ។​ ក្រោយ​ការ​ប្រកាស​សាលក្រម​ករណី​ ​០០២/០២​ ​នេះ​ នួន ជា​ ​និង​ ខៀវ សំផន​ មាន​សិទ្ធិ​ក្នុង​ការ​ប្តឹង​ឧទ្ធរណ៍​ ប្រសិន​បើ​ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ​កូន​កាត់​ឱ្យ​ពួក​ខ្លួន​ជាប់គុក​អស់​មួយ​ជីវិត​ ​មុន​សាលក្រម​ចូល​ជា​ធរមាន។​

លោក​ អ៊ឹម ប៊ុនឈឿន​ ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយ​រូប​ដែល​បាន​ចូល​ស្តាប់​ការ​ប្រកាស​សាលក្រម​នៅ​ព្រឹក​នេះ​ ​ប្រាប់​ VOA​ ថា​ ​លោក​មិន​ទាន់​ពេញចិត្ត​នឹង​ការ​សម្រេច​ដាក់ទោស​មួយជីវិត​នៅ​ឡើយ​ទេ​ ​ដោយ​លោក​ថា​ ​ដោយសារ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំង​ពី​ត​រូប​នោះ​មិនបាន​ទទួល​ស្គាល់​ថា​ ពួក​គេ​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ការ​រក​ឃើញ​របស់​តុលាការ។​

​លោក​បញ្ជាក់​ថា៖​

​«អ្នក​ទាំង​ពីរ​ហ្នឹង​ ជន​ជាប់ចោទ​ហ្នឹង​ មេដឹកនាំ​ក្នុង​សម័យ​ខ្មែរក្រហម​ ​គាត់​អត់​សារភាព​ទទួល​កំហុស​ថា​ គាត់​បាន​បញ្ជា​ ​អ្នក​នៅ​ក្រោម​បញ្ជា​របស់​គាត់​ហ្នឹង​ ​អត់បាយ​ អត់​ទឹក​អញ្ចឹង​មែន​ ​អាហ្នឹង​យើង​ជា​អ្នក​ដើម​បន្តឹង​អស់ចិត្ត​ហើយ។​ ​តែ​គាត់​អត់​សារភាព​ថា​អញ្ចឹង​ផង​ ​គាត់​អត់​បាន​ថា​អញ្ចឹង​ផង​ ​អត់​បាន​បញ្ជា​ឲ្យ​ធ្វើ​អញ្ចឹង​ផង​ ​គាត់​គ្រាន់តែ​ថា​សុំទោស​តែ​ប៉ុណ្ណឹង​ ​អញ្ចឹង​ពួក​ខ្ញុំ​ដែល​ជា​ដើម​បណ្តឹង​ ​ដែល​ជា​ ​វា​មិន​អស់​ចិត្ត​ ​មិន​ស្ងប់​ចំពោះ​រឿង​ហ្នឹង»។​

​ដោយ​ឡែក​ ​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​លោក​ William​ Heidt​ បាន​ថ្លែង​ស្វាគមន៍​ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងពីរ​រូប​នោះ​ ​ថា ​ជា​ការ​ផ្តល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ។​

​លោក​បញ្ជាក់​តាម​រយៈ​សារ​អេឡិចត្រូនិក​ដែល​ផ្ញើ​ឲ្យ​អ្នក​សារព័ត៌មាន​ក្នុង​ន័យ​ដើម​ថា៖​

​«សហរដ្ឋ​អាមេរិក​សូម​សាទរ​ចំពោះ​ជន​រងគ្រោះ​ ​និង​អ្នកគាំទ្រ​របស់​គេ​ ​ដែល​បាន​ខិតខំ​ដោយ​គ្មាន​ស្រាកស្រាន្ត​ ​ដើម្បីអោយ​មានការ​ទទួលខុសត្រូវ​ ​និង​សូម​សាទរ​ចំពោះ​សាក្សី​ដែល​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​ប្រាប់​ពី​ការ​ពិត​ដែល​ឈឺចាប់​ ​អំពី​បទ​រំលោភបំពាន​គួរ​អោយ​រន្ធត់​ ​ដែល​ពួកគេ​បាន​ទទួល​រង។​ យើង​សូម​សាទរ​ផង​ដែរ​ ​ចំពោះ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​ដែល​បាន​ផ្តល់​ជា​កន្លែង​ផ្តល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដោយសារ​បទឧក្រិដ្ឋ​ដ៏​សែន​យង់ឃ្នង​នៃ​របប​ខ្មែរក្រហម»។​

​សាលាក្តី​ខ្មែរក្រហម​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ជំនួយ​របស់​អង្គការ​សហប្រជាជាតិ​ ​កាល​ពី​ឆ្នាំ​២០០៦​ ​ក្នុង​គោល​បំណង​ស្វែង​រក​ការពិត​ ​និង​យុត្តិធម៌​ ​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​ដែល​កើត​មាន​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិប​តេយ្យ​ ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​ ​ដឹកនាំ​ដោយ​បក្ស​កុម្មុយនិស្ត​កម្ពុជា​ ​ឬ​ដែល​គេ​ស្គាល់​ថា​ ​ជា​ក្រុម​ខោអាវ​ខ្មៅ​ខ្មែរ​ក្រហម។​

​ក្នុង​អំឡុង​ពេល​ដំណើរការ​ចាប់តាំង​ពី​ឆ្នាំ២០០៦​មក​ ​ក្រៅ​ពី​ នួន ជា​ និង​ ​អៀង សារី​ ​តុលាការ​នេះ​បាន​ឃុំ​ខ្លួន​អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ផ្សេង​ទៀត​ ​គឺ​ កាំង​ ​ហ្គេចអ៊ាវ​ ​ហៅ​ឌុច​ ​អតីត​ប្រធាន​មន្ទីរ​ស​២១​ ​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​សំណុំ​រឿង​០០១​ ​ចំណែក​ អៀង​ សារី​ និង​ អៀង​ ធីរិទ្ធ​ ស្លាប់​ក្នុង​ពេល​ដំណើរការ​កាត់ទោស​ក្នុង​ឆ្នាំង​២០១៥។​

អតីត​អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​ នួន ជា​ រង់ចាំចៅក្រមប្រកាសសាលក្រមលើសំណុំរឿង០០២/០២ នៅតុលាការខ្មែរក្រហម រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
អតីត​អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា​ នួន ជា​ រង់ចាំចៅក្រមប្រកាសសាលក្រមលើសំណុំរឿង០០២/០២ នៅតុលាការខ្មែរក្រហម រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

​សាលាក្តី​ខ្មែរក្រហម​ដែល​មាន​ការ​ចូល​រួម​សវនាការ​ពី​ចៅក្រម​អន្តរជាតិ​ផង​នោះ​ ​បាន​គ្រោង​ចាត់ការ​កាត់​ក្តី​សំណុំរឿង​០០៣​ ​និង​០០៤​ ​ប្រឆាំង​នឹង​មេ​ដឹកនាំ​ថ្នាក់​ក្រោម​ ​ឬ​ថ្នាក់​តំបន់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ប៉ុន្តែ​ដំណើរការ​នេះ​ហាក់​មាន​ភាព​ចម្រូងចម្រាស​ដោយ​សារ​មាន​ការ​ខ្វែងគំនិត​គ្នា​រវាង​ចៅក្រម​ជាតិ​ ​និង​ចៅក្រម​អន្តរជាតិ។​

​យ៉ាងណា​ក៏​ដោយ​ កន្លង​មក​ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ​ដែល​ជា​អតីត​មេបញ្ជាការ​ខ្មែរក្រហម​មួយ​រូប​ ​ធ្លាប់​បាន​ប្រកាស​រំលាយ​តុលាការ​ ​បើ​តុលាការ​នេះ​បន្ត​ ​នាំ​ខ្លួន​ជនសង្ស័យ​បន្ថែម​ ​ក្នុង​សំណុំ​រឿង​០០៣​ ​និង​០០៤​ ​ដែល​មាន​ជនសង្ស័យ​ដំបូង​៥​នាក់​ ​មក​កាត់ទោស​បន្ត។ ​ក្រោយ​មក​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​ជនសង្ស័យ​មួយ​ចំនួន​ ​ដែល​បាន​គ្រោង​យក​មក​ជំនុំជម្រះ​ជា​បន្ត​បន្ទាប់។​

ហ្វីល រ៉ូប៊ឺតសុន​ (Phil Robertson) នាយក​រង​ផ្នែក​តំបន់​អាស៊ី​ ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human​ Rights​ ​Watch ​ប្រាប់​អ្នកសារព័ត៌មាន​តាម​រយៈ​សារ​អេឡិចត្រូនិក​ ឬ​អ៊ីមែល​ថា​ ​ការ​កាត់ទោស​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​ទាំងពីរ​រូប​ ​គឺ​បាន​បង្ហាញ​ថា​ យុត្តិធម៌​ដែល​សម្រេច​បាន​នៅក្នុង​សាលក្រម​នេះ ​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​គណនេយ្យ​ភាព​អន្តរជាតិ​ ​និង​យុត្តិធម៌​សម្រាប់​ជនល្មើស​នៃ​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក។​ ​ទោះ​យ៉ាងណា​លោក​ថា​ ​លោក​មិន​មាន​ជំនឿ​ថា​ ​សំណុំ​រឿង​០០៣​ ​និង​០០៤​ ​នឹង​មិន​ត្រូវ​បាន​គេ​យក​មក​ជំនុំជម្រះ​នោះ​ទេ។​

​លោក​បាន​លើក​ជា​សំណួរ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​០០៣​ ​និង០០៤​ ​ដែល​អាច​ពាក់ព័ន្ធ​នឹង​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​ថា៖

«ជា​អកុសល​ ​ថ្នាក់​ដឹកនាំ​ខ្មែរ​ក្រហម​ផ្សេង​ទៀត​ដែល​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ចំពោះ​ឧក្រិដ្ឋកម្ម​ ​ក្នុង​សំណុំ​រឿង​ ​០០៣​ ​និង​០០៤​ ​ទំនង​ជា​នឹង​មិន​ត្រូវ​បាន​គេ​កាត់​ទោស​នោះ​ទេ​ ​ព្រោះ​ភាព​ដាច់​អហង្ការ​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្នុង​ការ​បញ្ចប់​ដំណើរ​ស្វែង​រក​យុត្តិធម៌​នេះ។​ ហ៊ុន សែន​ ​និង​រដ្ឋាភិបាល​កម្ពុជា​ ​ជំពាក់​ការ​បក​ស្រាយ​ដល់​សហគមន៍​អន្តរជាតិ​ ​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​បញ្ចប់​ដំណើរការ​កាត់ទោស​លើ​សំណុំ​រឿង​បន្ថែម​ទាំង​ពីរ​នេះ។​ របប​ខែ្មរ​ក្រហម​ ​ត្រូវ​បាន​ផ្តាច់​ផ្ដិល​ទាំង​ស្ថាប័ន​នយោបាយ​និង​យោធា​បាត់​ទៅ​ហើយ​ ​ចុះ​ហេតុ​អ្វី​បាន​រដ្ឋាភិបាល​កម្ពុជា​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ស្វែង​រក​ការ​ពិត​ក្នុង​ករណី​០០៣​ និង​០០៤​ ​ដើម្បី​ធ្វើ​ការ​សនិ្នដ្ឋាន​ចុង​ក្រោយ​របស់​ពួកគេ​ដ៏​សមហេតុ​ផល?»​

​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​ ​រហូត​ដល់​ឆ្នាំ​២០១៧​ ​សាលា​ក្តី​ខ្មែរក្រហម​ ​បាន​ចំណាយ​ថវិកា​អស់​២៩៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ​ដែល​ជា​ថវិកា​បាន​មក​ពី​រដ្ឋាភិបាល​កម្ពុជា​ ​និង​ម្ចាស់​ជំនួយ​អន្តរ​ជាតិ​ផ្សេងៗ​ ក្នុង​នោះ​ប្រទេស​ជប៉ុន​ ​ជា​ម្ចាស់​ជំនួយ​ធំជាង​គេ​ ​គឺ​ស្មើ​នឹង​ប្រមាណ​ជា​២៩​ភាគរយ​នៃ​ថវិកា​សរុប។​

​សាលា​ក្តី​កូនកាត់​មួយ​នេះ​បាន​ជំនុំជម្រះ​និង​ផ្តល់​សំណង​ដល់​ដើម​បណ្តឹ​ងរ​ដ្ឋប្បវេណី​ជា​សំណង​ផ្លូវចិត្ត​ ​និង​សំណង​សមូហភាព​ ​តាម​រយៈ​ការ​ទទួលស្គាល់​ជនរងគ្រោះ​ជា​ដើម​បណ្តឹង​ ​ការ​សាងសង់​ស្តូប​រំឭក​វិញ្ញាណក្ខន្ធ​ ​ការ​បញ្ចូល​កម្មវិធី​ផ្សព្វផ្សាយ​និង​អប់រំ​ជាដើម។​ យ៉ាងណា​ក្តី​ ​នៅ​មាន​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយ​ចំនួន​ ​ទទូច​ចង់​បាន​សំណង​ជា​ទឹកប្រាក់​សម្រាប់​បុគ្គល​ម្នាក់ៗ​ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​អង្គ​ជំនុំជម្រះ​ច្រាន​ចោល​ ​ដោយ​អះ​អាង​ថា​មិន​មាន​លទ្ធភាព​ផ្តល់​ឲ្យ៕

XS
SM
MD
LG