ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​កម្ពុជា​អះអាង​ថា​បាន​«ជ័យជម្នះ​ធំធេង»​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា«ក្លែងក្លាយ»


លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមការបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមការបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

យោង​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត តួលេខ​អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​៨២ភាគរយ ដែល​ជា​តួលេខ​មួយ​ខ្ពស់​ជាង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ដែល​មាន​ត្រឹម​តែ​ប្រមាណ​៦៩​ភាគរយ​ប៉ុណ្ណោះ នៅ​ពេល​ដែល​មាន​គណបក្ស​ប្រឆាំង​ចូលរួម។

គណបក្ស​កាន់​អំណាច​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ខ្លួន​ទទួល​បាន​ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី នៅ​ក្នុង​ការបោះឆ្នោត​ដែល​គ្មាន​គូ​ប្រកួតប្រជែង​កាល​ពី​ថ្ងៃ​អាទិត្យ។ លទ្ធផល​ដ៏​ធំធេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​រំពឹងទុក​ជា​មុន​រួច​ទៅ​ហើយ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ធំ​បំផុត ត្រូវ​បាន​រំលាយ ដែល​ត្រួសត្រាយ​ផ្លូវ​សម្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បន្ត​កាន់​អំណាច​រយៈពេល​៣៣​ឆ្នាំ​របស់​លោក។

លោក ហ៊ុន សែន ដែល​បាន​ឡើង​កាន់​អំណាច​តាំង​ពី​ឆ្នាំ​១៩៨៥ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ពោរពេញ​ទៅ​ដោយ​សង្គ្រាម​ស៊ីវិល បាន​បង្ក្រាប​ទៅ​លើ​គូប្រឆាំង​របស់​លោក​នៅ​មុន​ការបោះឆ្នោត​ក្នុង​ឆ្នាំ​នេះ ដាក់​សម្ពាធ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​គូប្រជែង​នយោបាយ​របស់​លោក។

ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន មាន​ការ​ប្រកួតប្រជែង​តិចតួច​បំផុត ហើយ​គ្មាន​គូប្រជែង​ពិតប្រាកដ​នោះ​ទេ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន AFP កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា គណបក្ស​របស់​លោក​រំពឹង​នឹង​ឈ្នះ​បាន​ជាង​១០០​អាសនៈ​ក្នុង​រដ្ឋសភា​ ដែល​មាន​អាសនៈ​សរុប​ចំនួន​១២៥ ដោយ​យោង​ទៅ​តាម​តួលេខ​បឋម​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។

លោក សុខ ឥសាន បាន​មាន​ប្រសាសន៍​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង​៨០ភាគរយ។ នេះ​គឺ​ជា​ជ័យជម្នះ​ដ៏​ធំធេង​របស់​យើង»។

លោក ហ៊ុន សែន វ័យ​៦៦​ឆ្នាំ ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម បាន​លើកឡើង​ពី​ស្ថិរភាព​និង​កំណើន​សេដ្ឋកិច្ច​ ជា​សមិទ្ធផល​នៃ​ការ​ដឹកនាំ​របស់​លោក ដែល​នេះ​ជា​សារ​មួយ​ដែល​ត្រូវ​បាន​លើក​ឡើង​កងរំពង​ក្នុង​ចំណោម​អ្នក​គាំទ្រ​របស់​លោក។

លោក​បាន​ថ្លែង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក បន្ទាប់​ពី​ការ​បោះឆ្នោត​បាន​បញ្ចប់​ថា «អរគុណ​បងប្អូន កូន​ក្មួយ ជន​រួម​ជាតិ​ដែល​បាន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​នេះ​ដ៏​ច្រើន​លើស​លុប! បង​ប្អូន​ពិត​ជា​បាន​ជ្រើសរើស​ផ្លូវ​ប្រជាធិបតេយ្យ និង​បាន​ប្រើប្រាស់​សិទ្ធិ​របស់​បង​ប្អូន​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស»។

យោង​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត តួលេខ​អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​៨២ភាគរយ ដែល​ជា​តួលេខ​មួយ​ខ្ពស់​ជាង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ដែល​មាន​ត្រឹម​តែ​ប្រមាណ​៦៩​ភាគរយ​ប៉ុណ្ណោះ នៅ​ពេល​ដែល​មាន​គណបក្ស​ប្រឆាំង​ចូលរួម។

ប៉ុន្តែ​ក៏​មាន​សញ្ញា​នៃ​ការ​បាក់​ទឹកចិត្ត​និង​ភាព​ព្រងើយ​កន្តើយ​ផង​ដែរ ហើយ​អ្នក​ជំនាញ​ទៅ​លើ​ការ​បោះឆ្នោត​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ម្នាក់​បាន​និយាយ​ថា តួលេខ​អ្នក​ទៅ​បោះឆ្នោត​ខ្ពស់​អាច​ធ្វើ​ឲ្យ​គេ​យល់​ច្រឡំ។

លោក Lee Morgenbesser នៃ​សាលា​ទំនាក់ទំនង​រដ្ឋាភិបាល​និង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Griffith University ក្នុង​ប្រទេស​អូស្ត្រាលី បាន​និយាយ​ថា៖ «ជាទូទៅ​ការ​បោះឆ្នោត​ដែល​មាន​គណបក្ស​នយោបាយ​តែ​មួយ តួលេខ​អ្នក​ទៅ​បោះឆ្នោត​គឺ​ខ្ពស់​ជាង​មុន មិនមែន​ទាប​ជាង​មុន​នោះ​ទេ ដោយសារ​តែ​គណបក្ស​នោះ នៅ​ក្នុង​ករណី​នេះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ពឹងផ្អែក​ទៅ​លើ​ការ​ធ្វើ​ទុក្ខបុកម្នេញ​អ្នក​បោះឆ្នោត និង​ការ​ទិញ​សន្លឹក​ឆ្នោត​ជា​ដើម ដូច្នេះ​តួលេខ​អ្នក​ទៅ​បោះឆ្នោត​គួរ​តែ​ខ្ពស់​ជាង​មុន»៕

XS
SM
MD
LG