ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​កឹម សុខា​ ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ ​តែ​ដាក់​ឱ្យ​នៅ​ឃុំឃាំង​ក្នុង​ផ្ទះ


រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែង​នៅក្នុង​ពិធី​ខួប១៨ឆ្នាំនៃព្រឹត្តិការណ៍ផ្ទុះគ្រាប់បែកឆ្នាំ១៩៩៧ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥។
រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែង​នៅក្នុង​ពិធី​ខួប១៨ឆ្នាំនៃព្រឹត្តិការណ៍ផ្ទុះគ្រាប់បែកឆ្នាំ១៩៩៧ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥។

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទនេះ ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ដោះលែង​លោក​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ​ខណៈ​មាន​ការ​លើកឡើង​ថា​ ការ​ដោះ​លែង​នេះ​ធ្វើ​ឡើង​ ដោយ​សារ​រង​សម្ពាធ​ពី​អន្តរជាតិ។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បញ្ជាក់​ថា ការ​ដោះ​លែង​លោក​កឹម សុខា គឺ​ជា​ការ​សម្រេច​របស់​តុលាការ។

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ដោះលែង​ពី​ឃុំ​ក្នុង​ពន្ធនាគារ​ ​ក៏ប៉ុន្តែ​ត្រូវ​ដាក់ឱ្យ​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ​ជំនួស​វិញ​ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​អ្នក​គាំទ្រ ​ឬ​ចូលរួម​សកម្ម​ភាព​នយោបាយ​អ្វី​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​តុលាការ​រាជធានី​ភ្នំពេញ​ដែល​ ​VOA​ ​បាន​ទទួល។​

ក្នុងវ័យ​៦៤​ឆ្នាំ​ លោក​កឹម សុខា​ ត្រូវ​បាន​តុលាការ​ដោះ​លែង​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ​ និង​ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​ទៅ​គេហដ្ឋាន​របស់​លោក​ក្នុង​សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក​ ​រាជធានី​ភ្នំពេញ​វិញ ​ទាំង​ព្រឹក​ព្រលឹម​ម៉ោង​៣។

ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ​ចេញ​ដោយ​លោក​ចៅក្រម​គី ឫទ្ធី កាលពី​ថ្ងៃ​អាទិត្យ ទី៩ ​ខែកញ្ញា​ ឆ្នាំ២០១៨​នេះ ​បញ្ជាក់​ថា ការ​សម្រេច​ដោះ​លែង​លោក​កឹម សុខា​ ឲ្យ​នៅ​ក្រៅ​ឃុំ​គឺ​ដោយសារ​ហេតុ​ផល​សុខភាព​របស់​ជន​ត្រូវ​ចោទ​ ​និង​ដើម្បី​ធានា​ឲ្យ​ជន​ត្រូវ​ចោទ​មាន​វត្តមាន​ចំពោះ​មុខ​តុលាការ​ ​និង​ដើម្បី​ចៀស​វាង​ការ​រាំង​ស្ទះ​នីតិវិធី​ស៊ើបសួរ។

លោកគី ឫទ្ធី ជា​ចៅក្រម​ដែល​ទើប​ប្រកាស​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​កឹម សុខា​ ក្នុង​ពន្ធនាគារ​រយៈពេល​៦​ខែ​ទៀត​ ​កាលពី​ចុង​ខែ​សីហា។​

ដីកា​ដដែល​បញ្ជាក់​ពី​ការ​សម្រេច​របស់​ចៅក្រម​ក្នុង​ន័យ​ដើម​បន្ថែម​ថា៖​

«ក្រៅ​ពីលំនៅដ្ឋាន​ដែល​មាន​ទីតាំង​ស្ថិត​លើ​ផ្លូវ​លេខ​៣១៣​ ​មិន​ត្រូវ​ចេញ​ក្រៅពី​ព្រំ​ប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ​ផ្លូវ​លេខ​៣១១ ​និង​ផ្លូវ​លេខ​៦០៨ […]។ ក្នុង​ករណី​ចាំបាច់​ដោយសារ​ហេតុ​ផល​សុខភាព​ដែល​ត្រូវ​ចាកចេញ​ពី​ព្រំ​ប្រទល់​ដែនដី​នេះ​ត្រូវ​រាយ​ការណ៍​សុំ​ការ​អនុញ្ញាត​ពី​ចៅ​ក្រម​ស៊ើប​សួរ​ ឬ​ចៅក្រម​ដែល​មាន​សមត្ថកិច្ច»។​

ដីកា​ចេញ​ដោយ​ចៅក្រម​គី ឫទ្ធី​ នោះ​ក៏​បាន​ហាម​មិន​ឲ្យ​លោក​កឹម សុខា ជួប​ជាមួយ​បុគ្គល​មួយ​ចំនួន​ដូច​ជា៖

«អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ​និង​បុគ្គល​ដែល​អាច​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ជន​បរទេស​ ​ជាពិសេស​ជន​បរទេស​ដែល​អាច​មាន​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង។ ក្នុង​ករណី​មាន​មន្ទិល​ត្រូវ​រាយ​ការណ៍​ជូន​ចៅក្រម​ស៊ើបសួរ​ ​ឬ​ចៅក្រម​មាន​សមត្ថកិច្ច​ដើម្បី​សុំ​ការ​អនុញ្ញាត​ទទួល​ជួប​បុគ្គល​ណា​មួយ។​ ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ជួបជុំ​ក្នុង​គោលដៅ​នយោបាយ​ ​ឬ​សកម្មភាព​នយោបាយ​ផ្សេង​ទៀត»។​

(រូបភាពដកស្រង់ពីបណ្តាញ Twitter បង្ហាញរូបលោក កឹម សុខា នៅគេហដ្ឋានរបស់លោក បន្ទាប់ពីលោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។)

ក្រោយ​ការ​បញ្ជូន​លោក​កឹម សុខា​ ទៅ​គេហដ្ឋាន​របស់​លោក​វិញ គេ​ឃើញ​អ្នក​សារ​ព័ត៌មាន និង​អ្នក​គាំទ្រ​លោក​កឹម សុខា​ ជាច្រើន​នាក់​បាន​ទៅ​ជួប​ជុំគ្នា​នៅ​មុខ​ផ្ទះ​របស់​លោក​ក្នុង​ខណ្ឌ​ទួល​គោក។ ប៉ុន្តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ ​លោក​កឹម សុខា​ បន្ត​ស្ថិត​ក្នុង​ផ្ទះ​ ​ដោយ​មិន​ជួប​ជាមួយ​អ្នក​សារ​ព័ត៌មាន និង​អ្នក​គាំទ្រ​ទេ។

យ៉ាង​ណាក្តី​ អ្នកស្រី​ម៉េង សុភារី​ ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​៤រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា ​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ខាង​ក្រៅផ្ទះ​របស់​លោក​ ​កឹម សុខា​ ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​លោក​កឹម សុខា​ មិន​ទាន់​អាច​ចេញ​មក​ជួប​ជា​មួយ​អ្នក​សារ​ព័ត៌មាន​ ​មន្រ្តី​បក្ស​ប្រឆាំង ​ឬ​អ្នកគាំទ្រ​បាន​នៅ​ឡើយ ​ដោយ​អ្នកស្រី​អះអាង​ថា​ នេះ​ជា​បម្រាម​របស់​តុលាការ។​ ​អ្នកស្រី​បន្ថែម​ថា តុលាការ​អាច​ចាប់​លោក​កឹម សុខា បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​វិញ​ ​ប្រសិន​បើ​លោក​កឹម សុខា បំពាន​បម្រាម​របស់​តុលាការ។​

អ្នក​ស្រី​បញ្ជាក់​ថា៖​

«ការ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន គឺ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​នៅ​ឡើយ។ មាន​ន័យ​ថា ​តុលាការ​បាន​ដាក់​កាតព្វកិច្ច​មួយ​ចំនួន​ឲ្យ​គាត់​ត្រូវ​តែ​អនុវត្ត​តាម។​ ​បើ​សិន​ជា​មិន​អនុវត្ត​តាម​ទេ​ គឺ​គេ​នឹង​យក​គាត់​ទៅ​ពន្ធនាគារ​វិញ​[…]។ គាត់​មិន​អាច​ចេញ​មក​ជួប​បងប្អូន គឺ​គាត់​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​បងប្អូន​យើង​ទាំងអស់​គ្នា ដែល​បាន​មកជួយ​លើក​ទឹកចិត្ត​គាត់​នៅ​ទី​នេះ។ ប៉ុន្តែ​គាត់​អត់​ទាន់​អាច​ចេញ​មក​ជួប​បាន​ ​ដោយសារ​ជាប់​លក្ខខណ្ឌ​មួយ​ចំនួន ​បម្រាម​របស់​តុលាការ»។

អ្នកស្រី​ម៉េង សុភារី​ បន្ថែម​ថា​ ​រហូត​មក​ដល់​ពេល​នេះ​ លោក​កឹម សុខា​ មិនទាន់​កំណត់​ពី​ពេល​វេលា​ដើម្បី​ព្យាបាល​ជំងឺ​ត្បៀត​សសៃ​ ​និង​ជំងឺ​ផ្សេងៗ​ទៀតរបស់​លោក​នៅ​ឡើយ។

លោក​កឹម សុខា​ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​១​ឆ្នាំ ​និង​១​សប្តាហ៍​គត់ បន្ទាប់​ពី​លោក​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ចេញ​ពី​ក្នុង​ផ្ទះ​ទាំង​កណ្ដាល​យប់​រំលង​អាធ្រាត្រ​ ​ឈាន​ចូលថ្ងៃទី៣ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ​ទាំង​មាន​អភ័យ​ឯក​សិទ្ធិ។​ ​ការ​ចាប់​ខ្លួន​នោះ​ធ្វើ​ឡើង ក្នុង​ពេល​បី​ខែ​ ក្រោយ​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ដណ្ដើម​បាន​ការ​គាំទ្រ​ប្រហាក់​ប្រហែល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្នាក់​មូល​ដ្ឋាន​ ​កាល​ពី​ឆ្នាំ​២០១៧។​

តុលាការ​បាន​ចោទ​ប្រកាន់​ថា​ លោក​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន និង​បញ្ជូន​លោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ឯ​ខេត្ត​ត្បូងឃ្មុំ។

លោក​កឹម សុខា​ ត្រូវ​បាន​ចៅ​ក្រម​បើក​សវនាការ​ក្នុង​ពន្ធនាគារ​ ​ដោយ​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ជា​បណ្តោះ​អាសន្ន​រយៈពេល​៦​ខែ​ចំនួន​៣​ដង។​ ​កាល​ពី​ថ្ងៃទី​៣០​ ខែ​សីហា​ ឆ្នាំ​២០១៨ ​ចៅ​ក្រម​គី ឫទ្ធី បាន​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក​ចំនួន​៦​ខែ​ទៀត​ ដើម្បី​សាកសួរ​ ​បន្ទាប់​ការ​ឃុំ​ខ្លួន​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ នាពេ​ល​នោះ ​ជិត​ដល់ពេល​កំណត់។​

មេធាវី​ការពារ​ក្តី​របស់​លោក​កឹម សុខា​ បាន​ស្នើ​ឲ្យ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ឲ្យ​ដោះ​លែង​កូនក្តី​របស់​ពួកគេនៅ​ក្រៅ​ឃុំ​ ដើម្បី​ព្យាបាល​ជំងឺ​លើស​ឈាម​ ​ទឹក​នោម​ផ្អែម​ ​និង​ជំងឺ​ត្បៀត​សរសៃ​ ​ប៉ុន្តែ​តុលាការ​ទាំង​នោះ​ច្រាន​ចោល​ ​ដោយ​អះអាង​ថា ​បទ​ល្មើស​របស់​លោកកឹម សុខា​ ជា​ប្រភេទ​បទ​ល្មើស​ធ្ងន់ធ្ងរ ​និង​ថា ពន្ធនាគារ​មាន​គ្រូ​ពេទ្យ​ដើម្បី​ពិនិត្យ​ និង​ព្យាបាល​ទៅ​តាម​សមត្ថភាព​របស់​ពន្ធនាគារ។​

ការ​ដោះលែង​លោក​កឹម សុខា​ ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ជា​ច្រើន​រូប​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ ​«ចំណាប់​ខ្មាំង​នយោបាយ»​ ​បន្ទាប់ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះ​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូកដី​ ​ដោយ​គ្មានវត្តមាន​របស់​គណបក្ស​ប្រឆាំង។ ការ​ឈ្នះ​ឆ្នោត​នោះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ធំៗ​ជា​ច្រើន​រិះគន់​ថា ​ជា​ការ​បោះឆ្នោត​ដែល​មិន​ត្រឹមត្រូវ​ ​និង​មិន​អាច​ទទួល​យក​បាន។​

ថ្មីៗ​នេះ​ ​សហគមន៍​អឺរ៉ុប​ដែល​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំរបស់​កម្ពុជា​ ​និង​ជា​សហគមន៍​ដែល​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ប្រមាណ​ជិត​៧០០​ដុល្លារ​ក្នុង​១​ឆ្នាំៗ​ ​បាន​ព្រមាន​ដក​ការ​អនុ​គ្រោះ​នេះ ប្រសិន​បើ​កម្ពុជា​មិន​ដោះ​លែង​លោក​ កឹម សុខា​ ​និង​មិន​ធ្វើ​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដែល​ពួកគេ​លើកឡើង​ថា​ ​«កំពុង​ខ្ទេចខ្ទាំ»​ ​ដោយ​សារ​ការ​បង្ក្រាប​បក្ស​ប្រឆាំង​ ​ការ​បង្ក្រាប​សង្គម​ស៊ីវិល ​និង​សារព័​ត៌មាន​ឯករាជ្យ​ ​បាន​ប្រសើរ​ឡើង​ទេ​នោះ។ ក្រៅ​ពី​សហគមន៍​អឺរ៉ុប​ ​សហរដ្ឋ​អាមេរិក​ដែល​បាន​ផ្តល់​ពន្ធ​អនុគ្រោះ​ផ្សេងៗ​ដល់​កម្ពុជា ក្នុង​តម្លៃ​ប្រមាណ​ជា​ជិត​៣០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ​ក៏​បាន​ព្រមាន​ដូចគ្នា​ផង​ដែរ។

កាលពី​ដើម​ខែ​ឧសភា​ ​ក្រុម​ការ​ងារ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ដោះស្រាយ​ការ​ឃុំ​ខ្លួន​ដោយ​បំពាន​ ​និង​អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ ​បាន​ហៅ​ការ​ចាប់​ឃុំ​ខ្លួន​លោក​កឹម សុខា ​ថា​ ​ជា​ទង្វើ​ដែល​គួរ​ឲ្យ​អាម៉ាស់​ ​និង​អ​មនុស្សធម៌​ ​ព្រម​ទាំង​បាន​ទាម​ទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​លោក​ជា​បន្ទាន់។

បើ​ទោះបី​ជា​មាន​ការ​រិះគន់​ ​និង​មាន​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​លោកកឹម សុខា ក្តី​ ​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ដែល​កាន់អំណាច​ជាង​៣ទសវត្សរ៍​មក​ហើយ​នោះ​ ​តែងតែ​ប្រកាស​ជា​រឿយៗ​យ៉ា​ង​ដាច់​អហង្ការ​ថា​ ​លោក​កឹម សុខា​ នឹង​មិន​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ទេ។​

លោកសុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​អ្នកសារ​ព័ត៌មាន​តាម​រយៈបណ្តាញ​សង្គម​តេលេក្រាម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​ការ​ដោះលែង​លោក​កឹម សុខា មិនមែនធ្វើ​ឡើង​ដោយ​សារ​រង​សម្ពាធ​ពី​អន្តរជាតិ​នោះ​ទេ។

លោក​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ករណី​ជន​ត្រូវ​ចោទ​កឹម សុខា​ បាន​ និង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ។​ ​ដូច្នេះ​ការ​ដោះលែង​ ​ឬ​មិន​ដោះលែង​ជន​ត្រូវ​ចោទ ​គឺ​ជា​ឆន្ទានុ​សិទ្ធិ​របស់​តុលាការ​ទាំង​ស្រុង​ ​មិនមាន​ការ​លូក​ដៃ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ណាមួយ​ឡើយ»។​

លោក​អ៊ា សុផល សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ទូត​ ​និង​កិច្ចការ​ពិភព​លោក​នៃ​មហាវិទ្យាល័យ​ Occidental រដ្ឋ​កាលីហ្វ័រញ៉ា​ ​និង​ជា​អ្នកវិភាគ​គោល​នយោបាយ​ ​ប្រាប់​ ​VOA​ ​តាម​រយៈ​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​ថា​ ការ​ដោះលែង​លោក​កឹម សុខា​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ បង្ហាញ​ពី​ការ​វិវឌ្ឍ​ជា​វិជ្ជមាន​តិចតួច​សម្រាប់​កម្ពុជា។ លោក​បន្ថែម​ថា​ ​ការ​បន្ត​ឃុំ​ខ្លួន​លោក​កឹម សុខា​ មិន​មាន​ប្រយោជន៍​ណាមួយ​សម្រាប់​អាជ្ញាធរ​កម្ពុជា​នោះ​ទេ។​

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ការ​ដាក់​នរណា​ម្នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​ ​និង​នៅ​ក្រោម​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​ គឺ​ប្រសើរ​ជាង​ការ​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ។​ ​ជា​មេរៀន​ ខ្ញុំ​គិត​ថា​ ​ការ​បន្ត​ឃុំខ្លួន​លោក​កឹម សុខា​ ក្នុង​ពន្ធនាគារ​តាម​ទំនើង​ចិត្ត​ គឺ​វា​គ្មាន​ប្រយោជន៍​ណា​មួយ​សម្រាប់​អាជ្ញាធរ​ទេ​ ​ចំណែក​ឯ​ការ​ដោះលែង​លោក​កឹម សុខា​ គឺ​គ្មាន​ខាត​បង់​ណា​មួយ​ទេ​ ​ដូច្នេះ​ពួក​គេ​ដោះលែង​គាត់»។​

ចំណែក​លោក​ ​Phil Robertson​ ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ​Human Rights Watch​ ​លើក​ឡើង​ថា​ ​ការ​ដោះ​លែង​លោក​កឹម សុខា ធ្វើ​ឡើង​ដោយ​សារ​រដ្ឋាភិបាល​កម្ពុជា​បារម្ភ​ពី​មហន្តរាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជា​អន្តរជាតិ។​ ​លោក​បន្ថែម​ថា​ ​ការ​ដោះ​លែង​លោក​កឹម សុខា​ ឲ្យ​នៅ​ក្រៅ​ឃុំ​មិនមែន​ជា​យុត្តិធម៌​សម្រាប់​លោក​នោះ​ទេ។​

លោក​បញ្ជាក់​តាម​ន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖​

«វិធី​តែ​មួយ​គត់​ដែល​យុត្តិធម៌​នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ ​គឺ​នៅ​ពេល​ការ​ចោទ​ប្រកាន់​ប្រឆាំង​លោកកឹម សុខា ត្រូវ​បាន​ដក​ចេញ​ដោយ​គ្មាន​លក្ខខណ្ឌ​ ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ​ហើយ​សិទ្ធិ​នយោបាយ​របស់​លោក​កឹម សុខា​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៧​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ស្តារ​ឡើង​វិញ​យ៉ាង​ពេញ​លេញ។ ថ្វី​បើ​មាន​ក្តី​រំភើប​ទាក់ទង​នឹង​ការ​ដោះលែង​នៅ​ថ្ងៃ​នេះ​ក៏​ដោយ​ ​ក៏​យើង​នៅ​តែ​ស្ថិត​ក្នុង​ផ្លូវ​យ៉ាង​ឆ្ងាយ​ពី​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​ការ​គោរព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា​នៅ​ឡើយ»។

ការ​ដោះលែង​លោក​កឹម សុខា​ ​ប្រធាន​បក្ស​ជំទាស់​ នៅ​ពេល​ព្រឹក​ព្រហាម​ថ្ងៃ​ច័ន្ទ​នេះ ធ្វើឡើង​មិន​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ការ​ដោះលែង​សកម្មជន​ ​មន្ត្រី​ ​និង​អតីត​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះជាតិ​១៥រូប​ ​និង​ក្រោយ​ការ​ទទួល​ជ័យជម្នះ​ដ៏​ត្រចះ​ត្រចង់​របស់​បក្សកាន់​អំណាចក្នុង​ការ​បោះឆ្នោត​ជាតិ​ ​ដែល​គ្មាន​គូប្រជែង​ដ៏​សំខាន់។

កាល​ពី​សប្តាហ៍​កន្លង​ទៅ​ គណបក្ស​ដឹកនាំ​របស់​លោកហ៊ុន សែន បាន​ប្រកាស​ពី​សមាសភាព​គណៈរដ្ឋ​មន្ត្រី​ និង​ការ​ដឹកនាំ​ប្រទេស​រយៈពេល​៥ឆ្នាំ​ទៅ​មុខ​ទៀត​ ​ដោយ​បក្សតែ​មួយ​ទាំង​ក្នុង​សភា​និង​រដ្ឋាភិបាល៕

XS
SM
MD
LG