ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បី​ឆ្នាំ​ក្រោយ​ផ្ទុះ​ការ​ឆ្លង​មេរោគ​អេដស៍​ អ្នក​ភូមិ​រកា​២៩​នាក់​ស្លាប់​ខណៈ​ប្រឈម​បញ្ហា​ជីវភាព


មន្ទីរពេទ្យ​បង្អែក​រកា ក្នុង​ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​ជា​កន្លែង​អ្នក​ភូមិ​សម្រុក​មក​ធ្វើ​តេស្ត​ឈាម​រក​មេរោគអេដស៍។ អ្នក​ភូមិ​ចំនួន​២៩៤ បាន​ឆ្លង​មេរោគអេដស៍ ដោយ​មាន​ការ​អះអាង​ថា ឆ្លង​ដោយសារ​ពេទ្យភូមិ​ចាក់​ម្ជុល និង​ដាក់សារ៉ូម។ (ស៊ុន ណារិន/VOA)

កាល​ពី​ចុង​ឆ្នាំ​២០១៤ មាន​ករណី​ផ្ទុះ​ការ​ឆ្លង​មេរោគ​អេដស៍​ដ៏​ច្រើន​នៅ​ក្នុង​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង​ ដោយ​មាន​អ្នក​ភូមិ​ជិត​៣០០​នាក់​បាន​ឆ្លង​មេរោគ​អេដស៍។ នៅ​បី​ឆ្នាំ​ក្រោយ​មក​ អ្នក​បាន​ឆ្លង​មេរោគ​អេដស៍​​២៩​នាក់​បាន​ស្លាប់ ហើយ​សព្វ​ថ្ងៃ​នេះ​ អ្នក​នៅ​រស់រាន​កំពុង​ប្រឈម​បញ្ហា​ជីវភាព​ធ្ងន់​ធ្ងរ។

អស់​រយៈ​ពេល​៣​ឆ្នាំ​ហើយ​នៃ​ការ​ចម្លង​មេរោគ​អេដស៍​ដ៏​ច្រើន​នៅ​ក្នុង​ឃុំ​រកា ក្នុង​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង តែ​អ្នក​ភូមិ​ដែល​មាន​ក្រុម​គ្រួសារ​ផ្ទុក​មេរោគ​អេដស៍​នៅ​តែ​មាន​ភាព​ភ័យ​ខ្លាច ខណៈ​ដែល​ពួកគេ​កំពុង​ប្រឈម​ការ​លំបាក​ក្នុង​ជីវភាព។

ប្រជាជន​លក់ដូរ​ខោអាវ និង​របស់របរ​ផ្សេងៗ​នៅ​មុខ​វត្ត​រកា ក្បែរ​មន្ទីរពេទ្យ​បង្អែក​រកា ដែល​ជា​កន្លែង​អ្នក​ភូមិ​បាន​សម្រុក​ធ្វើ​តេស្ត​ឈាម​កាល​ពី​ចុង​ឆ្នាំ​២០១៤។ (ស៊ុន ណារិន/VOA)
ប្រជាជន​លក់ដូរ​ខោអាវ និង​របស់របរ​ផ្សេងៗ​នៅ​មុខ​វត្ត​រកា ក្បែរ​មន្ទីរពេទ្យ​បង្អែក​រកា ដែល​ជា​កន្លែង​អ្នក​ភូមិ​បាន​សម្រុក​ធ្វើ​តេស្ត​ឈាម​កាល​ពី​ចុង​ឆ្នាំ​២០១៤។ (ស៊ុន ណារិន/VOA)

បើ​តាម​ទិន្នន័យ​របស់​មន្ទីរពេទ្យ​បង្អែក​រកា ដែល​ពី​ដើម​ឡើយ​ជា​មណ្ឌល​សុខភាព​រកា អ្នក​ភូមិ​ចំនួន​២៩៤​នាក់ បាន​ឆ្លង​មេរោគអេដស៍ ក្រោយ​មាន​ការ​សម្រុក​ធ្វើ​តេស្ត​ឈាម​កាល​ពី​ចុង​ឆ្នាំ​២០១៤ ដោយ​ពួកគេ​អះអាង​ថា គ្រូពេទ្យ​ភូមិ​ម្នាក់​ធ្លាប់​បាន​ចាក់​ថ្នាំ និង​ដាក់​សារ៉ូម​ថ្នាំ​ដល់​អ្នក​ភូមិ។

រហូត​មក​ដល់​ពេល​នេះ អ្នក​ភូមិ​ចំនួន​២៩​នាក់​ហើយ​បាន​ស្លាប់។ នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០១៨​នេះ អ្នក​ភូមិ​ពីរ​នាក់​ក្នុង​វ័យ​ចាស់​ជរា​ បាន​ស្លាប់។

លោក សាន អាយុ​៥២​ឆ្នាំ ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍​ម្នាក់ បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ សាច់ញាតិ​របស់​លោក​ចំនួន​១៩​នាក់​បាន​ផ្ទុក​មេរោគ​អេដស៍ ដោយសារ​ការ​ចាក់ថ្នាំ និង​ដាក់​សារ៉ូម ដោយ​ពេទ្យ​ក្នុង​ភូមិ។ លោក​បន្ត​ថា ម្តាយ​របស់​លោក​អាយុ​៧៩​ឆ្នាំ ដែល​ផ្ទុក​មេរោគ​អេដស៍ បាន​ស្លាប់​កាល​ពី​ចុង​ឆ្នាំ​២០១៧ ដោយ​សារ​គាត់​មិន​បាន​ពិសារ​ថ្នាំ​ឲ្យ​បាន​ទៀងទាត់ ព្រោះ​ថ្នាំ​ធ្វើ​ឲ្យ​គាត់​ពុល និង​ស្រប​ពេល​គាត់​មាន​វ័យ​ចំណាស់​ផង​ដែរ។

ក្រុម​គ្រួសារ​របស់​លោក ក៏​មាន​ក្មេងៗ​បី​បួន​នាក់​ផង​ដែរ កំពុង​ផ្ទុក​មេរោគ​អេដស៍​នេះ ក្នុង​នោះ​មាន​អាយុ​៧​ឆ្នាំ និង​១៣​ឆ្នាំ។

ក្រោយ​ពី​ការ​ស្លាប់​ម្តាយ​បាន​ជាង​មួយ​ខែ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៨ ឪពុក​របស់​លោក អាយុ​៨៣​ឆ្នាំ ដែល​មិន​បាន​ផ្ទុក​មេរោគ​អេដស៍​ទេ បាន​ស្លាប់​ដោយសារ​ភាព​រន្ធត់​រហូត​ដល់​គាំង​បេះដូង​នៅ​ពេល​នឹក​ឃើញ​ការ​ស្លាប់​ភរិយា​របស់​លោក។ នេះ​បើ​តាម​លោក សាន។

ពិធីបុណ្យ​សព​ឪពុក​របស់​លោក សាន ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ២០១៨។ ឪពុក​របស់​លោក​បាន​ទទួល​មរណភាព ជាង​មួយ​ខែ​ បន្ទាប់​ពី​ម្តាយ​របស់​លោក សាន ​ដែល​បាន​ឆ្លង​មេរោគអេដស៍​ បាន​ស្លាប់​កាល​ពី​ចុង​ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)
ពិធីបុណ្យ​សព​ឪពុក​របស់​លោក សាន ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ២០១៨។ ឪពុក​របស់​លោក​បាន​ទទួល​មរណភាព ជាង​មួយ​ខែ​ បន្ទាប់​ពី​ម្តាយ​របស់​លោក សាន ​ដែល​បាន​ឆ្លង​មេរោគអេដស៍​ បាន​ស្លាប់​កាល​ពី​ចុង​ឆ្នាំ​២០១៧។ (ស៊ុន ណារិន/VOA)

លោក សាន បាន​រៀបរាប់​ថា ជីវភាព​របស់​លោក​មាន​ការ​លំបាក ដោយសារ​លោក​មិន​អាច​ធ្វើ​ការ​អ្វី​ធ្ងន់​បាន​ ហើយ​បច្ចុប្បន្ន​នេះ លោក​មិន​អាច​ធ្វើ​ស្រែ​បាន​ដូច​មុន​នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់​ VOA​ នៅថ្ងៃ​បុណ្យ​សព​ឪពុក​ថា៖

«វា​ពិបាក វា​ពិបាក​ហើយ យើង​កើត​រោគ​ហ្នឹង វា​អី​ខ្លាំង​ដូច​គេ​បាន ទៅ​វា​មិន​រួច។ យើង​ខំ​រស់​ដែរ តែ​រស់​ទាំង​វេទនា​ណា មិន​ដឹង​រក​អី បើ​យើង​ទៅ​លី​លើក​ដូច​គេ ទៅ​វា​មិន​រួច។ ធ្វើ​នៅ​តែ​ធ្វើ​អញ្ចឹង ប៉ុន​ថា​យើង​អស់​ទៅ​(ស្រែ) យើង​ឈប់​ទៅ​ណា ធ្វើ​មិន​ដូច​ពី​មុន កម្លាំង​មិន​ដូច​មុន។ ដូច​ថា​យើង​ធ្លាប់​មួយ​ថ្ងៃ​ វាស់​ល្ងាច​ធ្វើ​រួច ដល់​ឥឡូវ​ វា​អត់​ទេ​ មិន​អាច​ទៅ​រួច​ទេ។ បាន​មួយ​ម៉ោង​ពីរ​ម៉ោង អស់​រលីង (ស្ទើរ)ដាច់​ខ្យល់»។

បើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ លោក សាន ត្រូវ​លេប​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ឲ្យ​បាន​ទៀង​ទាត់ ហូប​ចុក​និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់។ តែ​លោក សាន មាន​ប្រសាសន៍​ថា លោក​មិន​អាច​ធ្វើ​បាន​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖

«គេ​ឲ្យ​យើង​ដេក យើង​អី​(ហូបចុក)​គ្រប់គ្រាន់​ទៅ។ យើង​បញ្ហា​អត់ ទៅ​ដេក​ម៉េច? មាន​អី​ស៊ី? និយាយ​ដោយ​ត្រង់​ហ្មង ដេក​អត់​មាន​អីស៊ី​ទេ។ តែ​ដេក​ចប់​បាត់​ហើយ មាន​អ្នកណា អ្នក​ឧបត្ថម្ភ​យើង»។

លោក សាន បាន​អះអាង​ថា លោក​ពិត​ជា​ឆ្លង​មេរោគ​អេដស៍​ដោយសារ​ការ​ចាក់​ថ្នាំ​ពី​គ្រូ​ពេទ្យ​ភូមិ។ លោក​បញ្ជាក់​ថា ពេល​នោះ លោក​មាន​ជំងឺ​ផ្ដាសាយ​ អស់​កម្លាំង រួច​ហៅ​គ្រូពេទ្យ​ភូមិ​មក​ដាក់​សារ៉ូម។ លោក​បាន​រៀបរាប់​ទៀត​ថា ម្តាយ​របស់​លោក​ដែល​បាន​ស្លាប់ ធ្លាប់​ត្រូវ​បាន​ពេទ្យ​ចាក់​ថ្នាំ​មួយ​ម្ជុល កាល​ពី​ពេល​កន្លង​ទៅ ហើយ​ចៅ​របស់​លោក​ដែល​ផ្ទុក​មេរោគ​អេដស៍​នោះ ក៏​ត្រូវ​បាន​គ្រូពេទ្យ​ចាក់​ថ្នាំ​ផង​ដែរ។

លោក យ៉ែម​ ជ្រិន (ស្តាំ) ដែល​ជា​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ អង្គុយ​ក្នុង​រថយន្ត​ប៉ូលិស​អម​ដោយ​សន្តិសុខ​ពន្ធនាគារ ក្រោយពី​តុលាការ​ខេត្តបាត់ដំបង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥។
លោក យ៉ែម​ ជ្រិន (ស្តាំ) ដែល​ជា​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ អង្គុយ​ក្នុង​រថយន្ត​ប៉ូលិស​អម​ដោយ​សន្តិសុខ​ពន្ធនាគារ ក្រោយពី​តុលាការ​ខេត្តបាត់ដំបង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥។

កាល​ពី​ឆ្នាំ​២០១៥ តុលាការ​ខេត្ត​បាត់ដំបង បាន​កាត់​ទោស​គ្រូពេទ្យ​ភូមិ​ម្នាក់​ ឈ្មោះ យ៉ែម​ ជ្រិន ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២៥​ឆ្នាំ ​ពី​បទ ​«បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ បទ​ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នក​ដទៃ​ និង​បទ​ទារុណកម្ម​ ​ដែល​មាន​ស្ថាន​ទម្ងន់​ទោស»។

អង្គុយ​ក្បែរ​លោក សាន អំឡុង​ ពេល​រៀបចំ​បុណ្យ​សព លោក ប៉ាវ អាយុ​៤៥​ឆ្នាំ ដែល​ជា​បងប្អូន​សាច់​ថ្លៃ​របស់​លោក សាន បាន​លើក​ឡើង​ថា លោក​ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​ទៅ​ធ្វើ​តេស្ត​ឈាម ហើយ​បន្ទាប់​មក​ឃើញ​ថា លោក​មាន​ផ្ទុក​មេរោគ​អេដស៍។ លោក​បាន​រៀបរាប់​ទៀត​ថា លោក​បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​ស្គម​ ដូច្នេះ​ហើយ​ទើប​ទៅ​ពិនិត្យ​ឈាម។ លោក​មាន​ប្រសាសន៍​ថា លោក​ឆ្ងល់​ថា មូលហេតុ​អ្វី​បាន​ជា​លោក​ផ្ទុក​មេរោគ​អេដស៍ ដូច្នេះ​ហើយ​ទើប​អ្នក​ភូមិ​ផ្សេង​ទៀត​ទៅ​ធ្វើ​តេស្ត​ឈាមដូច​គ្នា​ដែរ ហើយ​ពួកគេ​មាន​មេរោគ​អេដស៍​ដូច​គ្នា។

លោក​បាន​បញ្ជាក់​ថា៖ «ដល់​ពេល​អ្នក​ស្រុក​ មក​មើល​ខ្ញុំ​ហ្នឹង គេ​ឆ្ងល់​ថា ​នៅ​តែ​ហ្នឹង​ស្រែ ម៉េច​មាន​មេរោគ​អេដស៍។ ដល់​អ្នក​ភូមិ​គេ​ទៅ​វិញ គេ​ផ្អើល គេ​ជួស ជួស​ទៅ បែក​រឿង»។

លោក ឡោម អាយុ​៥៣​ឆ្នាំ ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែរ។ ​លោក​បាន​ក្លាយ​ជា​អ្នក​ស្ម័គ្រចិត្ត​ជួយ​ដល់​អ្នក​ឆ្លង​មេរោគ​អេដស៍ តាម​រយៈ​ការ​ជួយ​រំឭក​អំពី​ការ​បើក​ថ្នាំ​យក​ទៅ​ប្រើប្រាស់​ឲ្យ​បាន​ទៀង​ទាត់។ លោក​បន្ត​ថា លោក​ជួយ​រំឭក​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជាង​៦០​នាក់ ក្នុង​នោះ​មាន​ក្មេង​អាយុ​ក្រោម​១៦​ឆ្នាំ ចំនួន​១៨​នាក់។

លោក​មាន​ប្រសាសន៍​ថា៖ «ជួន​កាល​មាន​អ្នក​ខ្លះ​អត់​ទៀងទាត់​ទេ ព្រោះ​អ្នក​ខ្លះ​ឧបមា​ថា ទៅ​រក​ស៊ី​នៅ​ឆ្ងាយ​អញ្ចឹង​ទៅ នៅ​ឆ្ងាយ​ទៅ​ ឲ្យ​កូន​ចៅ​បើក​ឲ្យ ថ្នាំ​ហ្នឹង​យក​ជូន»។

លោក​បញ្ជាក់​ថា ក្នុង​ចំណោម​មនុស្ស​ដែល​លោក​ត្រូវ​រំឭក​នោះ មាន​ប្រហែល​តែ​៥នាក់​ទេ ដែល​មិន​បាន​មក​បើក​ថ្នាំ​ឲ្យ​បាន​ទៀងទាត់។

លោក ឡោម ដែល​មាន​សាច់ញាតិ​ចំនួន​៨​នាក់​ឆ្លង​មេរោគ​អេដស៍ បាន​លើក​ឡើង​ថា លោក​ក៏​មាន​ការលំបាក​ក្នុង​ការ​បំពេញ​ការងារ​ផ្សេងៗ ដោយសារ​សុខភាព​មិន​ល្អ។

លោក​បាន​បញ្ជាក់​ថា៖ «សព្វថ្ងៃ​ពិបាក ការ​ទៅ​រក​ស៊ី​ឆ្ងាយ​មិន​បាន ជីវភាព​ទន់ខ្សោយ តាំង​ពីកើត​រោគ​ហ្នឹង​ ទៅ​រក​ស៊ី​ឆ្ងាយ​មិន​បាន»។

កាល​ពី​ចុង​ឆ្នាំ​២០១៤ មណ្ឌល​សុខភាព​រកា ជា​កន្លែង​ដែល​ពលរដ្ឋ​សម្រុក​ទៅ​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍។ ដោយសារ​មាន​ការ​ឆ្លង​មេរោគ​អេដស៍​ច្រើន ក្រសួង​សុខាភិបាល បាន​ប្រែ​ក្លាយ​មណ្ឌល​សុខភាព​មួយ​នេះ ទៅ​ជា​មន្ទីរ​ពេទ្យ​បង្អែក ដើម្បី​បង្ក​ភាព​ងាយ​ស្រួល សម្រាប់​ពលរដ្ឋ​ផ្ទុក​មេរោគ​អេដស៍ មក​បើក​ថ្នាំ និង​ព្យាបាល។

លោក ប៊ី បេង ស៊ អនុ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​រកា មាន​ប្រសាសន៍​ថា អ្នក​ភូមិ​ផ្ទុក​មេរោគ​អេដស៍​ដែល​ស្លាប់ ​ភាគ​ច្រើន​ជា​មនុស្ស​ចាស់ ហើយ​ពួកគេប្រើប្រាស់​ថ្នាំ​មិន​ទៀង​ទាត់ និង​ត្រឹមត្រូវ។

លោក​មាន​ប្រសាសន៍​ប្រាប់ VOA ថា៖

«តាម​ពិត​យើង​ដឹង​ហើយ​ ធម្មតា​អ្នក​ផ្ទុក​មេរោគ​អេដស៍ ត្រូវ​តែ​ប្រើថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេដស៍។ ជា​ទូទៅ ជួស​ឈាម​ឃើញ​ភ្លាម ត្រូវ​លេប​ថ្នាំ​ភ្លាម ត្រូវ​តែ​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេដស៍ បាន​ន័យ​ថា ពន្យារ​ជីវិត។ កាល​ណា គាត់​អត់​ប្រើ​ថ្នាំ​ពន្យារ​ជីវិត ជីវិត​គាត់​មិន​វែង ហើយ​មួយ​ទៀត គាត់​ត្រូវ​ប្រើប្រាស់​ត្រឹមត្រូវ​ ទៀង​ទាត់ ជាប់លាប់​បំផុត។ អាហ្នឹង​បាន​ហៅ​ថា​ជោគជ័យ​ក្នុង​ការ​ព្យាបាល»។

លោក​បន្ត​ថា អ្នក​ភូមិ​ផ្ទុក​មេរោគ​អេដស៍​ចំនួន​១០​ទៅ​១៥​ភាគរយ​ មាន​ការ​ធ្វេសប្រហែស​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍។

លោក​មាន​ប្រសាសន៍​ថា៖ «មនុស្ស​ចាស់ គាត់​គិត​ថា គាត់​អាយុ​ច្រើន គាត់​ថា គាត់​ស្លាប់​ថ្ងៃ​ណា​ក៏​បាន។ អញ្ចឹង​ពេល​ខ្លះ​គាត់​អត់​ទទួល​ការ​ព្យាបាល ដោយសារ​ថ្នាំហ្នឹង​លេប​ទៅ វា​ធ្វើ​ទុក្ខ​គាត់។ អញ្ចឹង​គាត់​ថា គាត់​អាយុ​ច្រើន គាត់​ខ្ជិល​ គាត់​ស្លាប់​ពេល​ណា​ក៏​បាន​ដែរ»។

លោក ប៊ី បេង ស៊​ បាន​បន្ថែម​ថា អ្នក​ភូមិ​ទាំង​នោះ​កំពុង​ប្រឈម​នឹង​ការ​រក​ចំណូល ដើម្បី​ផ្គត់ផ្គង់​ជីវភាព​របស់​ពួក​គេ។

លោក​បាន​បញ្ជាក់​ថា៖

«មក​ទល់​ពេល​នេះ បញ្ហា​សុខភាព​របស់​គាត់​ចំពោះ​អ្នក​ដែល​គាត់​បាន​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ហ្នឹង ឃើញ​ថា​ សុខភាព​គាត់​មិន​សូវ​ជួប​បញ្ហា​អី​ទេ។ បញ្ហា​ដែល​គាត់​ជួប​បំផុត​ហ្នឹង គឺ​បញ្ហា​ក្នុង​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួក​គាត់​ហ្នឹង។ គាត់​ត្រូវ​ទៅ​រក​ស៊ី​តាម​ព្រំដែន​មួយ​ចំនួន។ ទី​ពី​រ​ទៀត​ គ្រួសារ​មួយ​ចំនួន គាត់​ឆ្លង​មេរោគ​អេដស៍ ក្នុង​គ្រួសារ​ខ្លះ ​មាន​បី​បួន​នាក់ អញ្ចឹង​គាត់​មាន​បន្ទុក​ខ្លាំង​ទាក់ទង​នឹង​បញ្ហា​ផ្លូវ​ចិត្ត ហើយ​គាត់​ត្រូវ​បង្ខំ​ចិត្ត​រកស៊ី​នៅ​ឆ្ងាយ»។

បើ​តាម​លោក បេង ស៊ មន្ទីរពេទ្យ​ក៏​បាន​សហការ​ជាមួយ​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ ដើម្បី​ជួយ​តាម​ដាន​ការ​បើក​ថ្នាំ​របស់​អ្នក​ភូមិ​ផង​ដែរ។

លោក​បន្ត​ថា ក៏​មាន​ការ​ទប់ស្កាត់​ការ​ចម្លង​មេរោគ​អេដស៍ ដោយ​ការ​ណែនាំ​អ្នក​ភូមិ​កុំ​ឲ្យ​ឆ្លង​ដែន ឬ​ទៅ​រក​ស៊ី​នៅ​ឆ្ងាយៗ។

លោក ប៉ុក សុជាតិ ប្រធាន​សាខា​ខេត្ត​បាត់ដំបង​របស់​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ មាន​ប្រសាសន៍​ថា អង្គការ​បាន​ស្វែង​រក​ជំនួយ​ជួយ​ដល់​ពួកគេ តាម​រយៈ​ការ​ផ្តួចផ្តើម​គំនិត​«រកា​ឆ្លើយ​តបបញ្ហា​អេដស៍»។ លោក​បន្ត​ថា អង្គការ​ក៏​បាន​ជ្រើសរើស​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​៥​នាក់ ឲ្យ​ធ្វើ​ជា​អ្នក​ស្ម័គ្រ​ចិត្ត ដើម្បី​ណែនាំ និង​តាម​ដាន​ការ​បើក​ថ្នាំ និង​ការ​ប្រើ​ប្រាស់​ថ្នាំ​របស់​ពួកគេ។

លោក​ក៏​បាន​សង្កត់​ធ្ងន់​អំពី​បញ្ហា​ជីវភាព​របស់​ពួកគេ​ផង​ដែរ ដោយ​សារ​ពួកគាត់​មិន​អាច​ធ្វើ​ការ​ងារ​ធ្ងន់ និង​ឆ្ងាយៗ​បាន មាន​តែ​ធ្វើ​ការ​នៅ​ផ្ទះ ដាំ​បន្លែ ធ្វើ​ចម្ការ និង​ស្រែ​ជាដើម។

លោក​មាន​ប្រសាសន៍​ថា៖ «គាត់​ឈឺ​អញ្ចឹង​ទៅ​ភាគ​ច្រើន​គាត់​មិន​សូវ​បាន​ទៅ​រក​អា​កន្លែង(ធ្វើការ​ធ្ងន់ៗ) បាន​តែ​ធ្វើ​ការ​នៅ​តាម​ផ្ទះ។ បញ្ហា​មុខ​របរ​ដាច់ អញ្ចឹង​បញ្ហា​សេដ្ឋកិច្ច​គាត់​ហ្នឹង​រាង​យ៉ាប់យ៉ឺន»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «មិន​ដឹង​ថា ​មាន​មុខ​របរ​អី ឲ្យ​មាន​ចំណូល​ផង។ យើង​សព្វថ្ងៃ​នេះ ត្បិត​តែ​យើង​បង្កើត​ក្រុម​ឲ្យ​គាត់​មាន​ថវិកា​ខ្ចី តែ​មុខ​របរ​វា​មិន​ដឹង​មាន​អី​ឲ្យ​វា​អាច​រកចំណូល​បាន។​ នៅ​ស្រុក​ខ្មែរ​យើង​ភាគច្រើន​ទៅ​ថៃ។ អញ្ចឹង​គាត់​អ្នក​អញ្ចឹងៗ​មិន​អាច​ទៅ​ថៃ​បាន​ទេ។ មាន​អ្នក​ខ្លះ​ក៏​ទៅ​ខ្លះ​ដែរ ដោយសារ​រក​មុខ​របរ​នៅ​នេះ មិន​មាន​មុខ​របរ​អី​សម្រាប់​រក»។

បើ​តាម​លោក ប៉ុក សុជាតិ អង្គការ​របស់​លោក ក៏​បាន​រៀបចំ​ជា​គម្រោង​ផ្តល់​ឥណទាន ដើម្បី​ជួយ​ឲ្យ​ពួក​គាត់​អាច​រក​ស៊ី​ផ្សេងៗ និង​ការ​បណ្តុះ​បណ្តាល​ជំនាញ​ដាំដុះ និង​ចិញ្ចឹម​សត្វ​មួយ​ចំនួន​ដល់​ពួកគេ។

ផ្ទះ​បុណ្យសព​ឪពុក​របស់​លោក សាន អ្នក​ឆ្លង​មេរោគ​អេដស៍ នៅ​ក្នុ​ងភូមិ​រកា ឃុំរកា ស្រុកសង្កែ ខេត្ត​បាត់ដំបង។ លោក សាន មាន​ប្រសាសន៍​ថា ក្រុមគ្រួសារ​ សាច់ញាតិ​របស់​លោក ចំនួន​១៩នាក់ បាន​ឆ្លង​មេរោគអេដស៍។ (ស៊ុន ណារិន/VOA)
ផ្ទះ​បុណ្យសព​ឪពុក​របស់​លោក សាន អ្នក​ឆ្លង​មេរោគ​អេដស៍ នៅ​ក្នុ​ងភូមិ​រកា ឃុំរកា ស្រុកសង្កែ ខេត្ត​បាត់ដំបង។ លោក សាន មាន​ប្រសាសន៍​ថា ក្រុមគ្រួសារ​ សាច់ញាតិ​របស់​លោក ចំនួន​១៩នាក់ បាន​ឆ្លង​មេរោគអេដស៍។ (ស៊ុន ណារិន/VOA)

នៅ​ក្បែរ​មន្ទីរពេទ្យ​បង្អែក​រកា ក៏​មាន​វត្ត​មួយ​ឈ្មោះ​ថា វត្ត​រកា។ ព្រះចៅ​អធិការ​វត្ត​ម្នាក់​ដែលផ្ទុក​មេរោគ​អេដស៍​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​មុន ហើយ​សាកសព​របស់​ព្រះអង្គ​ត្រូវ​បាន​បូជា​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៨។

ចំពោះ​លោក សាន ជា​អ្នក​ផ្ទុក​មេរោគ​អេដស៍ និងមាន​សាច់​ញាតិ​ផ្ទុក​មេរោគ​អេដស៍​ច្រើន​ជាង​គេ​នៅ​ក្នុង​ភូមិ​ លោក​បារម្ភ​អំពី​សុខភាព និង​អនាគត​កូន​ចៅ​ដែល​នៅ​ក្មេង។

លោក​មាន​ប្រសាសន៍​ថា៖ «នឹក​ឃើញ​តូច​ចិត្ត​ខ្លួន​ឯង​ដែរ អាណិត​ចៅ នឹក​ឃើញ​បើ​ងាប់​ល្អ​ជាង នឹក​ឃើញ​ថា បើងាប់​ទៅ​វា​ផុត​ទុក្ខ ផុត​ទោស កុំ​ឲ្យ​ឃើញ​មុខ​ចៅ នឹក​ឃើញ​ក្នុង​ចិត្ត​អញ្ចឹង​ ដល់​ពេល​នឹក​ឃើញ​ទាញ​ចិត្ត​ទៅ​ ទុក​គ្រាន់​ចៅ​មើល​មុខ»។

លោក​បន្ត​ថា លោក​បាន​ឲ្យ​កូន​ចៅ​លេប​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់ បើ​ទោះ​ជា​ដឹង​ថា ថ្នាំ​ទាំង​នោះ​មិន​ល្អ​សម្រាប់​សុខភាព​ពួកគេ​ក៏​ដោយ៕

XS
SM
MD
LG