ខ្សែភាពយន្តឯកសារ Surviving Bokator ស្តីពីគ្រូក្បាច់គុនរស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ដែលមានបំណងស្ដារក្បាច់គុនបុរាណខ្មែរ «ល្បុក្កតោ» នឹងត្រូវដាក់បញ្ចាំងនៅទីក្រុង Philadelphia នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការសេចក្ដីប្រកាសព័ត៌មាន។
អ្នកផលិតខ្សែភាពយន្តជនជាតិកាណាដាពីររូបគឺ លោក Mark Bochsler និងភរិយា អ្នកស្រី Sandra Leuba បានចំណាយពេលជាង៥ឆ្នាំ ដើរតាមនិងចងក្រងដំណើររបស់លោកគ្រូធំក្បាច់គុនម្នាក់ និងក្រុមកូនសិស្សរបស់លោក ដែលព្យាយាមធ្វើឲ្យក្បាច់គុនល្បុក្កតោបុរាណខ្មែររស់ឡើងវិញ។ ក្បាច់គុនល្បុក្កតោស្ទើរតែរលាយសាបសូន្យនៅក្នុងអំឡុងចុងទសវត្សឆ្នាំ១៩៧០ ដោយសារគោលនយោបាយបោសសម្អាតវប្បធម៌នៃរបបខ្មែរក្រហម។
លោក Bochsler បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា លោកមានសំណាងណាស់ ដែលមានឱកាសចងក្រងចលនាតាមមូលដ្ឋានដើម្បីស្ដារឡើងវិញនូវវប្បធម៌ខ្មែរដ៏ពិសេសមួយនេះ។ យោងតាមលោក Bochsler រឿងរ៉ាវនៃតួអង្គទាំងអស់ ដែលម្នាក់ៗមានគោលបំណងនិងជីវប្រវត្តិដោយឡែកពីគ្នា បង្កើតបានជាការបំផុសគំនិតដ៏សំខាន់មួយសម្រាប់ពិភពលោកអំពី «សមត្ថភាពរបស់ជាតិសាសន៍មួយក្នុងការតស៊ូឆ្លងកាត់ភាពលំបាក ហើយក្រោកឈរឡើងវិញបន្ទាប់ពីមានការបាត់បង់ដ៏ធំធេង»។
លោក Bochsler បានថ្លែងថា៖ «ខ្សែភាពយន្តឯកសារ Surviving Bokator គឺជាសាច់រឿងផ្ទាល់ខ្លួន ដែលបង្ហាញពីរឿងរ៉ាវទូលំទូលាយនៃប្រទេសក្រោយសង្គ្រាមមួយ ដែលកំពុងតស៊ូដើម្បីកសាងអត្តសញ្ញាណប្រពៃណីរបស់ខ្លួនឡើងវិញ»។
ខ្សែភាពយន្តឯកសារដែលមានរយៈពេល ៩៧នាទី នឹងត្រូវបានចាក់បញ្ចាំងនៅម៉ោង ៦:៤៥ នាទីល្ងាច នៅថ្ងៃសុក្រទី៩ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលភាពយន្ត Lightbox ក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania។