ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​បន្ត​បារម្ភ​ពី​ទំនប់​លើ​ទន្លេ​មេគង្គ


នាយក​រដ្ឋមន្រ្តី​នៃ​បណ្តា​ប្រទេស​ជាប់​ទន្លេ​មេគង្គ រួមមាន​ថៃ ឡាវ កម្ពុជា និង​វៀតណាម ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ទន្លេ​មេគង្គ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
នាយក​រដ្ឋមន្រ្តី​នៃ​បណ្តា​ប្រទេស​ជាប់​ទន្លេ​មេគង្គ រួមមាន​ថៃ ឡាវ កម្ពុជា និង​វៀតណាម ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ទន្លេ​មេគង្គ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​ចាប់​ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៥ ​ខែមេសា ​នៅ​ក្នុង​ខេត្ត​សៀមរាប​ ​ដែល​ជា​កិច្ច​ប្រជុំ​អនុម័ត​​ផែន​ការ​៤​ឆ្នាំ​ ខណៈ​ដែល​មាន​ការ​ព្រួយ​បារម្ភ​លើ​ទំនប់​វារី​អគ្គិសនី​ដែល​កំពុង​ត្រូវ​បាន​សាងសង់​លើ​តួ​ទន្លេ​មេគង្គ។​

ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បញ្ជាក់​នូវ​ការ​ប្តេជ្ញា​ចិត្ត​សា​ជា​ថ្មី​ទៅ​លើ​ការ​អភិវឌ្ឍ​ទន្លេ​មេគង្គ​ប្រកប​ដោយ​ចីរភាពខណៈ​មេដឹកនាំ​ប្រទេស​វៀតណាម​បាន​លើក​ឡើង​ចំៗ​អំពី​ការ​ព្រួយ​បារម្ភ​ពីទំនប់​វារីអគ្គិសនី​លើ​ដង​ទន្លេ​និង​ផល​ប៉ះពាល់​ដែល​កំពុង​កើត​ឡើង​លើ​ប្រជាជន​វៀតណាម។

ប្រទេស​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រជុំ​ចាប់​ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៥ ​ខែមេសា ​នៅ​ក្នុង​ខេត្ត​សៀមរាប​ ​ដែល​ជា​កិច្ច​ប្រជុំ​អនុម័តផែន​ការ​៤​ឆ្នាំ​ ខណៈ​ដែល​មាន​ការ​ព្រួយ​បារម្ភ​លើ​ទំនប់​វារី​អគ្គិសនី​ដែល​កំពុង​ត្រូវ​បាន​សាងសង់​លើ​តួ​ទន្លេ​មេគង្គ។​

នេះ​ជា​កិច្ច​ប្រជុំ​លើក​ទី​៣ ​ដែល​ធ្វើ​ឡើង​ជា​រៀង​រាល់​៤​ឆ្នាំ​ម្តង។ កិច្ច​ប្រជុំ​កំពូល​នេះ ធ្វើ​ឡើង​ក្រោម​ការ​រៀបចំ​ដោយ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ (MRC) ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ឡាវ ​និង​ត្រូវ​ចូល​រួម​ដោយ​ថ្នាក់​ដឹកនាំ​ពី​ប្រទេស​ទន្លេ​មេគង្គ ​រួម​មាន​ប្រទេស​ថៃ​ ឡាវ ​កម្ពុជា​ វៀតណាម​ និង​មន្រ្តី​ជាន់​ខ្ពស់​ពី​ប្រទេស​ចិន ​និង​ភូមា ឬ​មីយ៉ាន់ម៉ា ​ដែល​ជា​ដៃគូ​ពិភាក្សា។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ក្រុង​សៀម​រាប​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ថ្នាក់​ដឹកនាំ​ប្រទេស​ជា​សមាជិក​ទាំង​អស់​បាន​បញ្ជាក់ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​នយោបាយ​ខ្ពស់​បំផុត​ក្នុង​ការ​អនុវត្ត​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​នៃ​កិច្ច​ព្រម​ព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥។ ប្រទេស​ទាំង​នោះ ក៏​បាន​លើក​ឡើង​អំពី​ការ​ប្រឈម​របស់​ទន្លេ​មេគង្គ ក្នុង​នោះ​មាន​ការ​អភិវឌ្ឍ​នានា​នៅ​លើ​ទឹក គ្រោះ​ធម្មជាតិ​ ដូចជា​ទឹក​ជំនន់ និង​ផល​ប៉ះពាល់​ដែល​កើត​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ។

សេចក្តី​ថ្លែង​ការណ៍​បាន​បញ្ជាក់​ថា៖ «កត់​សម្គាល់​ថា​ ខណៈ​ដែល​ការ​អភិវឌ្ឍ​នៃ​ទន្លេមេគង្គ មាន​សារៈសំខាន់​សម្រាប់​ការ​រីកចម្រើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​អស់វា​ក៏​បង្កើត​នូវ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ​សេដ្ឋកិច្ច​សង្គម​ រួម​ទាំង​ផល​ប៉ះពាល់​ឆ្លង​ដែន ដែល​ត្រូវ​តែ​ដោះស្រាយ​រួមគ្នា»។

មេដឹកនាំ​នៃ​ប្រទេស​ទាំង​នោះ ក៏​បាន​ទទួល​ស្គាល់​បញ្ហា​ប្រឈម​នានា​នៅ​ទន្លេ​មេគង្គ ដោយសារ​កំណើន​ប្រជាជន ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស និង​កំណើន​នៃ​តម្រូវ​ការ​ផ្នែក​សន្តិសុខ​ទឹក ស្បៀង និង​ថាមពល ​នៅ​ក្នុង​បណ្តា​ប្រទេស​តាម​ដង​ទន្លេ​មេគង្គ។

ប្រទេស​ទាំង​អស់​ក៏​បាន​ឯកភាព​លើ​រូបមន្ត​បង់​វិភាគ​ទាន​ថវិកា​បន្ថែម​របស់​ប្រទេស​ជា​សមាជិក​ ដើម្បី​ឈាន​ដល់​គោលដៅ​នៃ​ភាព​ជា​ម្ចាស់​ការ​ផ្នែក​ហិរញ្ញវត្ថុ​ទាំង​ស្រុង ដោយ​គណៈកម្មការ​ទន្លេមេគង្គ​(MRC)នៅ​ឆ្នាំ​២០៣០។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​រួម។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ទន្លេ​មេគង្គ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ទន្លេ​មេគង្គ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បាន​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក បន្ត​ផ្តល់​អាទិភាព​ដោះស្រាយ​បញ្ហា​ចម្បងៗ​ដែល​ពាក់ព័ន្ធ​នឹង​និរន្ត​រភាព​នៃ​អាង​ទន្លេមេគង្គ ​រួមមាន​ការ​គ្រប់គ្រង​បរិស្ថាន​ និង​កាក​សំណល់ ​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន ដែល​កើត​ចេញ​ពី​បម្រែបម្រួល​អាកាសធាតុ ការ​ប្រើប្រាស់ ​និង​ការ​បំពុល​ទឹក​ទន្លេ និង​ការ​គ្រប់គ្រង​គម្រោង​នានា ដែល​ពាក់ព័ន្ធ​នឹង​ចីរភាព​អាង​ទន្លេ​មេគង្គ ​និង​ជីវ​ចម្រុះ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ទាំង​អស់​នេះ​បង្ហាញ​ពី​ភាព​ចាំបាច់ ដែល​ត្រូវ​រួមគ្នា​គិតគូ​ដោះស្រាយ ដោយ​ឈរ​លើ​ស្មារតី​មេគង្គ​និង​កិច្ច​សហប្រតិបត្តិការ​ល្អនៅ​ក្នុង​ចំណោម​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់»។

នាយករដ្ឋមន្រ្តី​វៀតណាម លោក Nguyen Xuan Phuc បាន​ថ្លែង​ចំៗ​អំពី​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​លើ​ទន្លេ​មេគង្គ ដែល​នេះ​ខុស​ពី​ការ​ថ្លែង​របស់​មេដឹកនាំ​ផ្សេងៗ។ លោក​បាន​បញ្ជាក់​ថា​«ប្រព័ន្ធ​អេកូឡូស៊ី និង​បរិស្ថាន​កំពុង​តែ​រេចរឹល​កាន់​តែ​ធ្ងន់ធ្ងរ» ដែល​ប៉ះពាល់​ដល់​មនុស្ស​រាប់​លាន​នាក់។

នាយក​រដ្ឋមន្រ្តី​វៀតណាម​បាន​ថ្លែង​ថា ៖ «ភាព​អវិជ្ជមាន​ទាំង​អស់នោះ គឺ​ជា​ប្រភព​នៃ​ទន្លេ​មេគង្គ ដែល​មាន​ភាព​រេច​រឹល អំពី​បរិមាណនិង​គុណភាព កំពុង​ប្រឈម​មុខ​នឹង​ការ​រេច​រឹល​យ៉ាង​ធ្ងន់ធ្ងរ។ សញ្ញា​អវិជ្ជមាន​ទាំង​អស់​នោះ ​កំពុង​លេច​ឡើង​យ៉ាង​ច្បាស់​ជាង​ពេល​ណាៗ​ទាំង​អស់…»។

នាយក​រដ្ឋមន្រ្តី​វៀតណាម​បាន​ឲ្យ​ដឹង​ទៀត​ថា ភាពអវិជ្ជមាន​ទាំង​នេះ បាន​ប៉ះពាល់​ទៅ​លើ​ដី​សណ្ត​នៅ​វៀតណាម ការ​បាក់​ច្រាំង​ទន្លេ ច្រាំង​សមុទ្រ ​និង​ដី​ជាដើម ​ដែល​លោក​ថា កំពុង​តែ​គំរាមកំហែង​ដល់​ប្រជាជន​វៀតណាម​ជាង​២០​លាននាក់។

លោក Nguyen Xuan Phuc ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​ទឹក ​ដោយ​សន្សំ​សំចៃ និង​ពិនិត្យ​មើល​និន្នាការ​នៃ​ការ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ​ ដូច​ជា​ព្រះអាទិត្យ​ និង​ខ្យល់​ជា​ដើម។

លោក​មាន​ប្រសាសន៍​ថា៖ «តាម​រយៈ​នេះ ខ្ញុំ​សូម​ស្នើ​MRC(គណៈ​កម្មការ​ទន្លេមេគង្គ)​របស់​យើង ប្រមូល​ផ្តុំ ក្នុង​ការ​ប្រើប្រាស់​ប្រកប​ដោយ​សមភាព​ សម​ស្រប​ និង​ចរីភាព​ ប្រភព​ធនធាន​ទឹក​មេគង្គ និង​ប្រភព​ធនធាន​ពាក់ព័ន្ធ​ទាំង​ឡាយ»។

​នាយក​រដ្ឋមន្រ្តី​ឡាវ​ លោក Thongloun Sisoulith ក៏​បាន​ថ្លែង​ពី​ការ​ប្តេជ្ញា​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​លើ​ទន្លេ​មេគង្គ ​ខណៈ​ប្រទេស​ឡាវ​កំពុង​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​ចំនួន​ពីរ​នៅ​លើ​តួ​មេ​ទន្លេ​មេគង្គ ​ដែល​ត្រូវ​បាន​មើល​ឃើញ​ថា បង្ក​ផល​ប៉ះពាល់​ដល់​ត្រី និង​ជីវចម្រុះ​ក្នុង​ទឹក។ តែ​នាយក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា ប្រទេស​ឡាវ​នឹង​បន្ត​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន តែ ដោយ​មិន​បាន​ប្រាប់​លម្អិត​នោះ​ទេ។

លោក​បាន​ថ្លែង​ថា ៖ «ត​ទៅ​នេះ ខ្ញុំ​បាទ​សូម​អះអាង​ថា ប្រទេស​ឡាវ​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ពាក្យ​សន្យា​ផ្សេងៗ​ដែល​បាន​ផ្តល់​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត និង​ចីរភាព​បំផុត»។

​នាយក​រដ្ឋមន្រ្តី​ថៃ លោក Prayuth Chan-ocha បាន​លើក​ឡើង​ពី​ការ​ប្តេជ្ញា​របស់​ប្រទេស​ថៃ​ក្នុង​ការ​ការពារ​ទឹក​ទន្លេ តែ​មិន​បាន​លើក​ឡើង​អំពី​ការ​ស្ថាបនា​ទំនប់​វារី​អគ្គិសនី​នោះ​ទេ។

ប្រទេស​ឡាវ​កំពុង​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​ចំនួន​នៅ​លើ​តួ​មេ​ទន្លេ​មេគង្គ​ក្រោម ​ក្នុង​នោះ​មាន​ទំនប់​សាយ៉ាប៊ូរី ​(Xayaburi)​ និង​ដន សាហុង​ (Don Sahong) ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​លើ​ធនធាន​ទឹក ​និង​ត្រី។​ ប្រទេស​ឡាវ​ក៏​មាន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​ទៀត ​ឈ្មោះប៉ាក់ បេង​ (Pak Beng) ​ដែល​ផ្ដល់​ថាមពល​៩១២​មេហ្គាវ៉ាត់ ​និង​មាន​តម្លៃ​ប្រមាណ​២.៣៧២​លាន​ដុល្លារ​អាមេរិក។ ​បច្ចុប្បន្ន​នេះ ​គម្រោង​មួយ​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ពិគ្រោះ​យោបល់ ​តាម​យន្តការ​របស់​គណៈ​កម្មការ​ទន្លេមេគង្គ។

លោក ​ដាវង់ ផនកែវ ​(Daovong Phonekeo) ​លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួង​ថាមពល​និង​រ៉ែ​របស់​ប្រទេស​ឡាវ​ បាន​ថ្លែង​ប្រាប់​ VOA​ថា ភាគី​ឡាវ​សង្ឃឹមថា ប្រទេស​ទាំង​អស់​នឹង​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​បន្ថែម​ទៀត​លើ​ការ​អភិវឌ្ឍ​នៅ​ទន្លេ​មេគង្គ។​

លោក​បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា៖​

«ខ្ញុំ​នឹង​រំពឹង​ថា​ យើង​នឹង​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​លើ​ការ​អភិវឌ្ឍ​តួ​មេទន្លេ​មេគង្គ​បន្ត​ទៀត»។​

លោក ដាវង់ ផនកែវ ​បាន​ថ្លែង​ការពារ​ថា​ មិន​មាន​ផល​ប៉ះពាល់​ពី​ទំនប់​វារី​អគ្គិសនី​ដែល​សាងសង់​ដោយ​ប្រទេស​ឡាវ​នោះ​ទេ។ ​លោក​មាន​ប្រសាសន៍​ថា៖​

«ពី​មុន​ ​គេ​និយាយ​ថា​ ប្រសិន​បើ​ទំនប់​ដន សាហុង​រាំង​ខ្ទប់​ទឹក​ ​នោះ​ចំនួនត្រី​នឹង​មាន​ការ​ធ្លាក់​ចុះ។​ ប៉ុន្តែ​ឥឡូវ​នេះ​ទំនប់​បាន​ខ្ទប់ទឹក​ជាង​២​ឆ្នាំ​ហើយ ​ប៉ុន្តែ​មិន​មាន​អ្វី​កើត​ឡើង​ចំពោះ​ត្រី​នោះ​ទេ។ ​យើង​មាន​ការ​សិក្សា ​និង​មាន​ការ​រៀបចំ​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​បាន​ត្រឹមត្រូវ»។​

ប្រទេស​ឡាវ​មាន​ផែនការ​ក្លាយ​ជា​អ្នក​លក់​ថាមពល​ដ៏​ធំ​មួយ​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន។ ​បើ​តាម​មន្រ្តី​ឡាវ​ ទំនប់សាយ៉ាប៊ូរី ​(Xayaburi) ​ត្រូវ​បាន​សាងសង់បាន​ប្រហែល​៨០​ភាគរយ​ហើយ​ រីឯ​ទំនប់​ដន សាហុង​ (Don Sahong) ​សង់​បាន​ប្រមាណ​៥០​ភាគរយ។ ​មន្រ្តី​ឡាវ​បាន​បញ្ជាក់​ថា​ ទំនប់​ទាំង​ពីរ​នឹង​ត្រូវ​បញ្ចប់​ការ​សាង់សង់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៩។​

លោក​ Brian Eyler ​នាយក​កម្មវិធី​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ Stimson Center ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​លោក​ ខណៈ​លោក​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៅ​ខេត្ត​សៀមរាប​ថា លោក​ជំរុញ​ឲ្យ​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ ពិចារណា​បង្កើត​នូវ​ថាមពល ក្រៅ​ពី​ទំនប់​វារី​អគ្គិសនី។

លោក​មាន​ប្រសាសន៍​ថា ៖ «ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​ល្អ​បំផុត យើង​អាច​ទាញ​យក​ប្រយោជន៍​ពី​ការ​កែច្នៃ​ថ្មីនៅ​ក្នុង​ប្រភព​ថាមពល​កកើត​ឡើង​វិញ​ដែល​មិន​មែន​ទំនប់​វារីអគ្គិសនី ដូចជា​ថាមពល​ព្រះអាទិត្យ ខ្យល់ និងជីវសាស្រ្ត​ចម្រុះ​ ហើយ​គិត​ឡើង​វិញ​ថា​តើ​ថាមពល​កកើត​ឡើង​វិញ​នេះ អាច​បំពេញ​ និង​ប្រកួត​ជាមួយ​ការ​បង្កើត​ថាមពល​ទំនប់​វារី​អគ្គិសនី»។

កិច្ច​ប្រជុំ​កំពូល​នេះ​ធ្វើ​ឡើង​ពីរ​បី​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ-ឡាន​ឆាង​លើក​ទីពីរ​ ​(LMC)​ ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ​ កាល​ពី​ខែ​មករា ​ដោយ​មាន​វត្តមាន​របស់​នាយក​រដ្ឋមន្រ្តី​ចិន ​លោក​ ​លី គឺឈាំង ​(Li Keqiang)។​ ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​នេះក៏​បាន​អនុម័ត​ផែនការ​៥ឆ្នាំ​នៃ​ការ​អភិវឌ្ឍ​ទន្លេ​មេគង្គ​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG