ប្រទេសកម្ពុជាមានកិច្ចព្រមព្រៀងជាមួយអ.ស.បដើម្បីចូលរូមក្នុងបេសកកម្មរក្សាសន្តិភាព ដែលតម្រូវឲ្យកម្ពុជា ចូលរួមក្នុងឋានៈជាប្រទេសសមាជិកអ.ស.ប។
ប្រទេសកម្ពុជាបានប្រកាសឲ្យដឹងថា ខ្លួននឹងបញ្ជូនកងទ័ព របស់ខ្លួន ៣ កងស្មើនឹង ចំនួន ៤២៨នាក់ ទៅកាន់សាធារណរដ្ឋ ម៉ាលី និង សាធារណរដ្ឋស៊ូដង់ខាងត្បូង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដែលចុះថ្ងៃទី៣០ ខែមេសា ហើយត្រូវចែកផ្សាយជូនបណ្តាញព័ត៌មាននៅថ្ងៃអង្គារនេះ។
ការបញ្ជូនកងទ័ពលើកចុងក្រោយរបស់កម្ពុជាដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិ ភាពរបស់អ.ស.បក្នុងប្រទេសទាំងពីរដែលជាកន្លែងកំពុងមានជម្លោះប្រដាប់អាវុធ កើតឡើងនេះ ត្រូវគេអះអាងថា កើតឡើងបន្ទាប់ពីកម្ពុជាបានបញ្ជូនកងទ័ពរបស់ខ្លួន ជាង៤ពាន់នាក់ក្នុង រយៈពេលជាង១០ឆ្នាំកន្លងមកនេះ។ ប្រទេសកម្ពុជាមានកិច្ចព្រម ព្រៀងជាមួយអ.ស.បដើម្បីចូលរូមក្នុងបេសកកម្មរក្សាសន្តិភាព ដែលតម្រូវឲ្យកម្ពុជា ចូលរួមក្នុងឋានៈជាប្រទេសសមាជិកអ.ស.ប។
អគ្គមេបញ្ជាការកងទ័ពគឺលោក នាយឧត្តមសេនីយ៍ ប៉ុល សារឿន តំណាងឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមក្នុងពិធីត្រៀមបញ្ជូនកងទ័ពទាំងបីកងនេះ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង ក្នុងរាជធានី ភ្នំពេញ។
កងទ័ពទាំងនោះ មានកងវិស្វកម្មព្រលានយន្តហោះ លេខ ១៩៨ ចំនួន ១៦៥ នាក់ ត្រូវបញ្ជូនទៅកាន់ប្រទេស ម៉ាលី។ កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ១៣២ ចំនួន ១៤៤នាក់ ត្រូវបញ្ជូនទៅកាន់ប្រទេស ម៉ាលី។ កងរាជអាវុធហត្ថលេខ ៦៨១ ចំនួន១១៩ នាក់ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសស៊ូដង់ខាងត្បូង៕