ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានសាទរចំពោះការដោះលែងសកម្មជនការពារសិទ្ធិដីធ្លី និងអតីតអ្នកយកព័ត៌មានពីរនាក់របស់វិទ្យុអាស៊ីសេរី ដែលបានបិទទ្វារការិយាល័យ របស់ខ្លួននៅកម្ពុជាកាលពីឆ្នាំទៅមិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ដែលបានចេញផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃពុធ។
តាមទំព័រហ្វេសប៊ុករបស់ OHCHR បានបញ្ជាក់ឲ្យដឹងថា ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស «សូមស្វាគមន៍ចំពោះការដោះលែងសកម្មជនសិទ្ធិដីធ្លីនិងលំនៅដ្ឋាន គឺអ្នកស្រីទេព វន្នី កាលពីថ្ងៃចន្ទ និងអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូបគឺ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ កាលពីថ្ងៃអង្គារ»។
ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក្នុងន័យដើមថា៖
«ការវិវត្តថ្មីៗនេះគឺជាជំហានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ។ យើងសង្ឃឹមថា អ្នកដទៃទៀតដែលត្រូវបានជាប់ឃុំ ដោយសារតែពួកគេអនុវត្តសិទ្ធិមនុស្សរបស់ពួកគេនោះ ក៏នឹងត្រូវដោះលែងផងដែរ រាប់ទាំងអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា»។
អង្គការសហប្រជាជាតិអះអាងថា ការឃុំខ្លួនលោក កឹម សុខា ជាការឃុំខ្លួនដោយបំពាន តែមិនបានបញ្ជាក់ពីមូលហេតុនោះទេ។
ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានរំឭកថា អ្នកស្រី ទេព វន្នី ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០១៦ នៅពេលអ្នកស្រី បានធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីសុំឲ្យមានការដោះលែងអ្នកការពារសិទ្ធិមនុស្សដទៃទៀត។
ទាំងឧត្តមស្នងការនិងអ្នករាយការណ៍ពិសេស បានអំពាវនាវជាសាធារណៈ ឲ្យមានការដោះលែងអ្នកស្រី។ អ្នកស្រីត្រូវបានលើកលែងទោសដោយព្រះមហាក្សត្រ។ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ក្រោមបទចោទចារកម្ម និងទទួលបានការធានាឲ្យនៅក្រៅឃុំ។
យ៉ាងណាក៏ដោយ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលតាមបណ្តឹងរបស់រដ្ឋាភិបាលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មិនត្រូវបានតុលាការកំពូល អនុញ្ញាតឲ្យលោកស្ថិតនៅក្រៅឃុំនោះទេ នៅថ្ងៃពុធនេះ។ តុលាការអះអាងថា ខ្លួនមិនអាចដោះលែងលោក កឹម សុខា ដែលត្រូវបានចោទថា បានប្រព្រឹត្តបទល្មើសសន្ទិដ្ឋិភាពជាមួយបរទេស ជាបទឧក្រិដ្ឋដែលតម្រូវឲ្យមានការស៊ើបសួរហ្មត់ចត់ត្រឹមត្រូវ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់ VOA នៅថ្ងៃពុធនេះថា ប្រទេសកម្ពុជាតែងតែជួបស្ថានភាពទាល់ច្រកខាងនយោបាយមុន និងក្រោយការបោះឆ្នោត រាប់ចាប់តាំងពីឆ្នាំ១៩៩៣មក។
លោកមានប្រសាសន៍ថា ការដោះលែងសកម្មជនដីធ្លី និងអតីតអ្នកកាសែតពីរនាក់របស់វិទ្យុអាស៊ីសេរី បង្ហាញសញ្ញាណធូរស្រាលមួយខាងសិទ្ធិមនុស្សនៅក្រោយការបោះឆ្នោត ហើយថា អ្នកទោសមនសិការប្រមាណ២០នាក់ផ្សេងទៀតទាំងនៅតាមខេត្តនិងនៅរាជធានី អាចនឹងត្រូវបានដោះលែងក្នុងពេលខាងមុខនេះ។
ក៏ប៉ុន្តែលោកថា លំហសេរីភាពរបស់ពលរដ្ឋនៅមិនមានភាពប្រសើរនៅឡើយទេ ដោយសារតែមុនការបោះឆ្នោតជាតិខែកក្កដា កន្លងទៅនេះ រដ្ឋាភិបាលបានធ្វើច្បាប់រឹតត្បិតសិទ្ធិសេរីភាពជាច្រើន។
«ដរាបណាច្បាប់ ដែលមានលក្ខណៈក្នុងន័យរឹតត្បិត ដែលផ្ទុយអំពីគោលការណ៍ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ឬក៏រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់យើង កំពុងមានធរមាននៅឡើយហ្នឹង អីចឹងសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអង្គការសង្គមស៊ីវិល ឬក៏អ្នកនយោបាយ ឬក៏គណបក្សនយោបាយហ្នឹង យើងនៅតែមើលឃើញថា មិនទាន់មានលំហ ទូលំទូលាយនៅឡើយទេ គឺប្រៀបបានទៅនឹងការធ្វើសកម្មភាពមួយដោយមានការចាំឃ្លំាមើលអំពីកំហុសឆ្គង ដោយយកឧបករណ៍ច្បាប់នេះប្រើប្រាស់»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ អះអាងថា ស្ថានភាពធាក់ថយនៃប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជានៅមុននិងក្រោយពេលបោះឆ្នោតនេះ នឹងអាចដាក់ប្រទេសកម្ពុជាឲ្យស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ផងដែរ។ លោកថា ក្រុមអ្នកនយោបាយគួរនាំគ្នាកែទម្រង់នូវវប្បធម៌មិនត្រូវរ៉ូវគ្នានេះ។
លោកថ្លែងថា៖ «កាលណាយើងមានជំងឺមួយ ដែលកើតឡើងរ៉ាំរ៉ៃរបៀបនេះ តើរាងកាយយើងហ្នឹងវាលូតលាស់ឡើងដោយរបៀបម៉េច? អាហ្នឹងគឺវាប្រៀបដូចជាជំងឺចឹង ចឹងបានន័យថា ជំងឺយើងនេះ វាព្យាបាលអត់ជាទេ។ អីចឹងបញ្ហារបស់យើង នឹងអាចមានវិបត្តិដល់ទៅការដួលរលំនូវផ្នែកសេដ្ឋកិច្ច ឬផ្នែកណាមួយជាមិនខាន បើសិនជាយើងមិនមានការដោះស្រាយឲ្យបានជាក់លាក់ណាមួយ»។
ការដោះលែងអ្នកស្រីទេព វន្នី និងអតីតអ្នកកាសែតពីរនាក់របស់វិទ្យុអាស៊ីសេរី កើតមានឡើង បន្ទាប់ពីមានការអំពាវនាវពីក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិ។ ក្រុមអង្គការសិទ្ធិមនុស្សអះអាងថា បទចោទប្រកាន់លើអ្នកទាំងអស់នោះ ត្រូវបានធ្វើឡើងដោយមិនសមហេតុផល ឬជាការប្រឌិតរឿងឡើងតែប៉ុណ្ណោះ។
ដោយឡែក មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានចេញសេចក្តីប្រកាសមួយនៅថ្ងៃពុធនេះ ស្វាគមន៍ការដោះលែងអតីតអ្នកយកព័ត៌មានពីរនាក់របស់វិទ្យុអាស៊ីសេរីឲ្យស្ថិតនៅក្រៅឃុំ។ មជ្ឈមណ្ឌលនេះ ជឿជាក់យ៉ាងខ្លាំងថា នឹងមានការវិវត្តច្រើនថែមទៀតចំពោះរឿងនេះ ដែលអាចនាំដល់ការទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងអ្នកទាំងពីរនេះតែម្តង ដើម្បីឲ្យពួកគេមានសេរីភាពពេញលេញ។ មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអះអាងថា បទចោទអំពីចារកម្មប្រឆាំងអ្នកទាំងពីរគឺជាបទចោទមិនពិតប្រាកដនោះទេ៕