ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ប្រធាន​អង្គរក្ស​លោក ហ៊ុន សែន


នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជា​ការរង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​អង្គរក្ស​សម្តេច​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (រូប​កណ្តាល​សម្លៀកបំពាក់​ព័ណ៌​ប្រផះ) ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​របស់​កង​ពលតូច​ទ័ព​ពិសេស​ឆ័ត្រយោង ៩១១ នៅទីលាន​ក្តាន់រយ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី១៥ មិនា ២០១៦។ (រូបថត​ដកស្រង់ពី​ទំព័រ​ហ្វេសប៊ុកឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង)
នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជា​ការរង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​អង្គរក្ស​សម្តេច​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (រូប​កណ្តាល​សម្លៀកបំពាក់​ព័ណ៌​ប្រផះ) ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​របស់​កង​ពលតូច​ទ័ព​ពិសេស​ឆ័ត្រយោង ៩១១ នៅទីលាន​ក្តាន់រយ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី១៥ មិនា ២០១៦។ (រូបថត​ដកស្រង់ពី​ទំព័រ​ហ្វេសប៊ុកឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង)

បញ្ជាការដ្ឋាន​អង្គរក្សរបស់​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​មានជាប់ពាក់ព័ន្ធ​នឹង​ការវាយ​ប្រហារ​​ជាច្រើន​លើ​ពលរដ្ឋ​កម្ពុជា​ដែល​គ្មានអាវុធ​ក្នុង​រយៈពេល​ជាច្រើនឆ្នាំមកនេះ​ ក្នុងនោះ​មាន​ការវាយ​ប្រហារ​កាលពីឆ្នាំ​២០១៣ ​នៅ​ក្បែរវត្តភ្នំ​និង​ឆ្នាំ​២០១៥​នៅ​មុខ​រដ្ឋ​សភាជាតិកម្ពុជា។ នេះ​បើតាម​ការរៀបរាប់​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក។

ស​ហរដ្ឋ​អាមេរិក​បាន​សម្រេច​នៅ​ថ្ងៃ​អង្គារ​នេះ​ដាក់ទណ្ឌកម្ម​លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង​ អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមភូមិន្ទ និង​ជា​មេបញ្ជាការ​នៃបញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ដោយសារតែ​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​និង​វាយប្រហារ​លើជនរងគ្រោះជាច្រើនក្នុងនោះមានពលរដ្ឋ​អាមេរិកាំង​ម្នាក់ផងដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងរតនាគារ​សហរដ្ឋ​អាមេរិកដែល​ VOA ​ទទួល​បាន​ ​បាន​បញ្ជាក់​ថា ការដាក់ទណ្ឌកម្ម​នេះ​ដោយផ្អែកលើ​ច្បាប់​សិទ្ធិមនុស្ស​ Global Magnitsky ឆ្នាំ​២០១៦​ ​ដែល​អនុញ្ញាត​ឱ្យ​សហរដ្ឋ​អាមេរិកដាក់ទណ្ឌកម្ម​ដោយបង្កកទ្រព្យសម្បត្តិ​ជនណាដែល​រំលោភសិទ្ធិមនុស្ស​ឬ​ប្រព្រឹត្ត​អំពើពុករលួយ។

សេចក្តីប្រកាសព័ត៌មាននេះ​បន្ថែមថា៖

«លោក ហ៊ីង ប៊ុនហៀង និង​បញ្ជាការដ្ឋាន​អង្គរក្ស​មានជាប់ពាក់ព័ន្ធ​នឹង​ឧប្បទ្ទវហេតុ​ជាច្រើន​ដែល​ក្រុមយោធា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​គំរាម​កំហែង​ក្រុមបាតុករ​និង​គណបក្ស​ប្រឆាំង​តាំងពីឆ្នាំ​១៩៩៧ មក​ក្នុងនោះ​មានការគប់​គ្រាប់បែក​ដែល​មានពលរដ្ឋ​អាមេរិកាំង​ម្នាក់​បាន​រងរបួស‍»។

បញ្ជាការដ្ឋាន​អង្គរក្សរបស់លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​មានជាប់ពាក់ព័ន្ធ​នឹង​ការវាយ​ប្រហារជាច្រើន​លើ​ពលរដ្ឋ​កម្ពុជា​ដែល​គ្មានអាវុធ​ក្នុង​រយៈពេល​ជាច្រើនឆ្នាំមកនេះ​ ក្នុងនោះ​មាន​ការវាយ​ប្រហារ​កាលពីឆ្នាំ​២០១៣ ​នៅ​ក្បែរវត្តភ្នំ​និង​ឆ្នាំ​២០១៥​នៅ​មុខ​រដ្ឋ​សភាជាតិកម្ពុជា។ នេះ​បើតាម​ការរៀបរាប់​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក។

កាលពីឆ្នាំ​២០១៥​ មាន​អង្គរក្ស​បីនាក់​របស់​បញ្ជាការដ្ឋានអង្គរក្ស​លោក ​ហ៊ុន សែន​ បានសារភាព​ថា​ ពួកគេ​បានវាយ​តប់ទាត់ធាក់​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ចំនួន​ពីរនាក់​គឺ​លោក គង់ សភា ​និង​លោក ​ញ៉យ ចំរើន​ឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ប៉ុន្តែ​ពួកគេ​ជាប់ពន្ធនាគារ​តែ​រយៈពេល​ខ្លី​ហើយ​ថែមទាំងទទួល​បាន​ការដំឡើង​ឋាន្តរស័ក្តិ​បន្ទាប់ពីចេញ​ពីពន្ធនាគារ។

លោក ហ៊ីង ប៊ុនហៀង ក៏ជា​មន្ត្រី​ជាន់​ខ្ពស់​នៃគណបក្ស​ប្រជាជនកម្ពុជា​ហើយ​ទើបតែ​បាន​បញ្ចូល​ជាសមាជិកគណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​នេះ​កាលពីឆ្នាំ​២០១៥។

នេះជាការប្រើប្រាស់​ច្បាប់​ថ្មី ​Global Magnitsky ​ដាក់​ទណ្ឌកម្ម​មន្ត្រីកម្ពុជា​ដំបូងបន្ទាប់ពី​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ចុះហត្ថលេខា​បន្ថែម​លើ​ផ្នែក​នៃ​ការបង្កកទ្រព្យ​សម្បត្តិ​នេះ​នៅថ្ងៃ​ទី​២០ ខែ​ធ្នូ ​ឆ្នាំ​២០១៧។

ក្រសួងរតនាគារសហរដ្ឋ​អាមេរិក​ក៏បានប្រើច្បាប់​នេះដាក់ទណ្ឌកម្ម​លោក ​Felix Ramon Bautista Rosario ​សមាជិកព្រឹទ្ធសភា​មួយរូប​ទៀត​នៃ​សាធារណរដ្ឋ​ដូមីនិក​ផងដែរ​។​

ជាលទ្ធផល​នៃ​ការដាក់ទណ្ឌកម្មនេះ​ រាល់ទ្រព្យ​សម្បត្តិ​ឬ​ផលប្រយោជន៍​ពីទ្រព្យ​សម្បត្តិ​របស់​ជន​ទាំង​នេះ​នៅក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​ហាមឃាត់​ចាប់ពីថ្ងៃនេះតទៅហើយ​ជា​ការបន្ថែម​គឺ​ហាមឃាត់​ពលរដ្ឋ​អាមេរិកាំង​មិន​ឱ្យ​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង​ការងារជាមួយ​នឹង​ជនទាំងនេះ​ទេ៕

XS
SM
MD
LG