នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាបានអញ្ជើញមកដល់បុរីញូវយ៉ក ដើម្បីត្រៀមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៣ ក្រោយពេលរាជរដ្ឋាភិបាលថ្មីប្រទេសកម្ពុជាកើតឡើងនោះ មានតំណាងពលរដ្ឋខ្មែរអាមេរិកាំងជាច្រើនមកពីតាមបណ្តារដ្ឋនានា និងរួមទាំងខ្មែរ កាណាដាផង បានមកទទួលស្វាគមន៍នៅឯសណ្ឋាគារ ដែលមេដឹកនាំកម្ពុជាកំពុងស្នាក់នៅ។
តំណាងពលរដ្ឋទាំងនោះត្រូវ ក្រុមសន្តិសុខអនុញ្ញាតដើម្បីជួបទទួល លោកនាយករដ្ឋមន្ត្រីកម្ពុជា នៅពេលក្បួនរថយន្តមកដល់នៅសណ្ឋាគារជិតទីស្នាក់ការកណ្តាលអ.ស.ប ដែលមេដឹកនាំកម្ពុជា សម្រាកត្រៀមថ្លែងសុន្ទរក ថា បង្ហាញពិភពលោកអំពីសមិទ្ធផលជាច្រើន ដែលកម្ពុជាសម្រេច បានទាំងក្នុងប្រទេសទាំងតំបន់ និងឆាកអន្តរជាតិ។ ក្រុមពលរដ្ឋខ្មែរបានបង្ហាញយោបល់រៀងខ្លួនពីការដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសារៈសំខាន់នៃវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងវេទិកាពិភពលោក ដែលមានក្រុមមេដឹកនាំជាង ១៩០ប្រទេសចូលរួមដូចប្រទេសកម្ពុជា។
លោក ពេជ្រ សារុណ តំណាងពលរដ្ឋខ្មែរអាមេរិកាំងមកពីក្រុងតាកូម៉ា (Tacoma) រដ្ឋវ៉ាស៊ីនតោន (Washington State) បានចាត់ទុកថា វត្តមានមេដឹកនាំកម្ពុជាផ្តល់កិត្តិយសដល់ប្រទេសលើឆាកអន្តរជាតិ។
«វត្តមានរបស់សម្តេចក្នុងកិច្ចប្រជុំមហាសន្និបាត អ.ស.ប គឺវាជាមោទនភាពរបស់ខ្មែរយើងទាំងអស់គ្នា បញ្ជាក់ឲ្យឃើញថា បណ្តាប្រទេសនានានៅលើសកលលោកហ្នឹងបានទទួលស្គាល់ថារាជរដ្ឋាភិបាលកម្ពុជា កម្ពុជាជាប្រទេសឯករាជ្យ អធិបតេយ្យ យើងជា សមាជិកស្របច្បាប់នៃ អ.ស.ប ហើយខ្ញុំជាខ្មែរម្នាក់ដែរ ខ្ញុំមានមោទនភាព»។
លោក ដួង តារា ជាពលរដ្ឋខ្មែរអាមេរិកាំង និងជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីតម្លៃនៃការចូលរួមរបស់មេដឹកនាំកម្ពុជា។ លោកបាននិយាយថា៖
«ហើយមោទនភាព កិត្តិយសនេះគឺជា របស់កម្ពុជាទាំងមូល។ មានន័យថា (ពលរដ្ឋកម្ពុជា) នៅក្នុងកម្ពុជា និង(ពលរដ្ឋកម្ពុជា) កម្ពុជាដែលរស់នៅស.រ.អា និង(ពលរដ្ឋកម្ពុជា) កម្ពុជា ដែលរស់នៅជុំវិញពិភពលោក។ គឺបង្ហាញថាយើងគឺជា ប្រទេសមួយមានសិទ្ធិសេរីភាព មានឋានៈ មានតួនាទីស្មើនឹងប្រទេសនានា ដូចជា សហរដ្ឋអាមេរិកដែរ។ នេះជាមោទនភាពមួយរបស់កម្ពុជា»។
លោក សាន់នី សែម ពលរដ្ឋខ្មែរអាមេរិកាំង មកពីរដ្ឋញូវជឺស៊ី បានថ្លែងពីកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានវត្តមាននៅក្នុងមហាសន្និបាត អ.ស.ប។ លោកបាននិយាយថា៖
«អ្វីដែលខ្ញុំនិយាយថា កិត្តិយសហ្នឹងមានន័យថា ក្នុងប្រទេសកម្ពុជាយើង បើសិនជាអត់មានសម្តេច ដែលជួយខិតខំ ជួយព្យាយាមកសាងប្រទេសជាតិយើងទេ ខ្ញុំគិតថាស្រុកខ្មែរយើងគឺ មិនជឿនលឿនដូចសព្វថ្ងៃនេះដែរ។ ខ្ញុំជឿជាក់ថា ស្រុកខ្មែរសព្វថ្ងៃនេះគឺ ជឿនលឿន ឡើងលឿនបំផុត គឺដោយសារតែសម្តេចតេជោរបស់យើង»។
លោក ព្រំ បេនផល្លី មកពីវេនគូវឺ (Vancouver) ប្រទេសកាណាដា បានថ្លែងពីការ អរសប្បាយ ពេលបានមកជួបលោកនាយករដ្ឋមន្ត្រី ហើយថា លោកនឹងត្រៀមសួរពីកំណែទម្រង់មួយចំនួនក្នុងប្រទេសកម្ពុជា និងឆ្លើយឆ្លងអំពីស្ថានការណ៍កម្ពុជា។
«ខ្ញុំបាទចង់ឃើញថា កម្ពុជាមានស្ថិរភាព ដូចពីដើមសម្តេចបានលើកឡើងពីបាវចនា ថា ពេលណាយើងបានបោះឆ្នោតជូនរាជរដ្ឋាភិបាលថ្មី ចងក្រងមានសណ្តាប់ធ្នាប់ កម្ចាត់អំពើពុករលួយ មានតុលាការ មាននីតិរដ្ឋត្រឹមត្រូវ»។
ទោះជាមានការគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះមែន តែលោកនាយករដ្ឋមន្ត្រីប្រឈមមុខនឹង ប្រទេសលោកខាងលិចមួយចំនួនដូចជា ស.រ.អា សហភាពអឺរ៉ុប ដែលមិនទាន់ទទួលស្គាល់រដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ចុងក្រោយកាលពីខែកក្កដាឆ្នាំ២០១៨នេះ ហើយក៏ប្រឈមនឹងការដាក់កំហិតទិដ្ឋាការលើមន្ត្រីកម្ពុជាមួយចំនួនដែលរងការចោទប្រកាន់ថា ធ្វើឲ្យខូចខាតប្រជាធិបតេយ្យកម្ពុជាដែរ ក្រៅពីបាតុកម្មពីក្រុមជំទាស់ នៅថ្ងៃបន្តបន្ទាប់ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី និង ការទាមទារស.រ.អាមិនឲ្យមន្ត្រីរាជរដ្ឋាភិបាលមួយចំនួនចូលមកស.រ.អា។
តែលោក ហ៊ុន សែន បានបញ្ជាក់ពីវត្តមានរបស់លោកតបទៅក្រុមជំទាស់វិញនៅពេល VOA សួរលោកអំពីប្រតិកម្មទាក់ទងនឹងការដាក់កំហិតទិដ្ឋាការរបស់ ស.រ.អា ចំពោះមន្ត្រីមួយចំនួននោះ។
«ពីដំបូងគេថា អាមេរិក មិនឲ្យចូលស្រុក។ ឥឡូវខ្ញុំមកដល់អាមេរិក។ អាមេរិកវាស់ដីឲ្យដើរ ពិតជាត្រឹមត្រូវ ព្រោះខ្ញុំអត់ដើរទៅផ្លូវណាផ្សេងក្រៅពីផ្លូវពីព្រលានយន្តហោះមកអូតែល ពីអូតែលចូលអ.ស.ប. ប៉ុណ្ណឹងតើ»។
លោកនាយករដ្ឋមន្ត្រី បានចំអកដូច្នេះ ដោយទំនងជាចង់បញ្ជាក់ថា លោកគ្មានកិច្ចការអ្វីផ្សេងក្រៅពីចូលរួមកិច្ចប្រជុំ អ.ស.ប និងកម្មវិធីនានា ដែលបានកំណត់ទុកជាមុនប៉ុណ្ណោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំនោះ បានចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាត អ.ស.ប ជាច្រើនលើក និងចុងក្រោយគឺ កាលពីឆ្នាំ២០១៥ ហើយលោកត្រូវបានលោកអតីតប្រធានាធិបតី ស.រ.អា បារ៉ាក់ អូបាម៉ា អញ្ជើញឲ្យមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន អាមេរិកកាលពីឆ្នាំ២០១៦ ក្នុងក្រុងសានីឡែន Sunnyland រដ្ឋកាលីហ្វ័រញ៉ា៕