គំនរសំរាមជាច្រើននៅតាមតំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញត្រូវបានគរទុកចោលស្ទើរពេញមួយថ្ងៃនៅថ្ងៃព្រហស្បតិ៍នេះ ខណៈបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី ធ្វើកូដកម្មមិនប្រមូលសំរាមដើម្បីទាមទារដំឡើងប្រាក់ខែនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ។
លោក កៅ សុខវ៉ាត ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍នៃក្រុមហ៊ុនស៊ីនទ្រី ខេមបូឌា ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា បុគ្គលិកក្រុមហ៊ុនស៊ិនទ្រីដែលមានទាំងអ្នកបើកបរនិងប្រមូលសំរាមប្រមាណជាង១ពាន់នាក់ បានធ្វើកូដកម្មនៅម្តុំកន្លែងចាក់សំរាមខណ្ឌដង្កោ និងនៅតាមផ្ទះរៀងៗខ្លួន តាមរយៈការមិនធ្វើការ។ លោកបន្ថែមថា កូដកម្មនោះធ្វើឡើងតាំងពីល្ងាចថ្ងៃពុធ រហូតដល់ថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារអត្ថប្រយោជន៍បីចំណុច។
លោកបញ្ជាក់ថា៖
«ពួកគាត់មិនពេញចិត្តនូវការដំឡើងប្រាក់ខែដែលក្រុមហ៊ុនឲ្យ៦ដុល្លារ ពួកគាត់ទាមទារ១៥ដុល្លារ។ តាមពិត ពួកខ្ញុំដាក់ស្នើទៅក្រុមហ៊ុនចំនួនបីចំណុច ទី១លុយឡើងប្រចាំឆ្នាំ ទី២ ការឈប់សម្រាកប្រចាំឆ្នាំហ្នឹង ថ្ងៃឈប់សម្រាកដែលនៅសល់ហ្នឹង បើយើងឈប់អត់អស់ឲ្យក្រុមហ៊ុនគិតជាលុយឲ្យវិញ ទី៣គឺអតីតភាពការងារ»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ទួន ស៊ីផេង ប្រធានក្រុមហ៊ុនស៊ីនទ្រី និងលោក អ៊ិត ចាន់ដា ប្រធានការិយាល័យអតិថិជននិងសម្អាតក្រុងនៃក្រុមហ៊ុនស៊ីនទ្រីបានទេ រហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ ដោយទូរសព្ទចូល តែពុំមានអ្នកទទួល។
ខណៈកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនស៊ិនទ្រីបាននិងកំពុងបន្ត គេឃើញមានគំនរសំរាមជាច្រើន គររាយប៉ាយនៅតាមផ្លូវ ជាពិសេសតំបន់ផ្សារ។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពាក់ព័ន្ធនឹងវិធានការលើករណីសំរាមនេះបានទេ។
យ៉ាងណាក្តី នៅថ្ងៃព្រហស្បតិ៍នេះ គេឃើញនៅតាមទំព័រហ្វេសប៊ុករបស់ខណ្ឌមួយ ចំនួនក្នុងរាជធានីភ្នំពេញ ដូចជាខណ្ឌដូនពេញ ខណ្ឌទួលគោក និងខណ្ឌសែនសុខជាដើម បានបង្ហោះសារជាមួយនឹងរូបភាពអំពីការប្រមូលសំរាមតាមតំបន់រៀងៗខ្លួន។
បើតាមទំព័រហ្វេសប៊ុករបស់ខណ្ឌដូនពេញបង្ហោះនៅថ្ងៃព្រហស្បតិ៍នេះតាមន័យដើមថា៖ «នៅក្នុងមូលដ្ឋានមានការកកស្ទះសំរាមដោយបុគ្គលិកស៊ីនទ្រីធ្វើកូដកម្មដំឡើងប្រាក់ខែ ហើយគ្មានកម្លាំងសម្អាត និងយោងតាមបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបណ្តាខណ្ឌទាំង១២ ត្រូវជួយគ្នាទទួលខុសត្រូវក្នុងការប្រមូលសំរាមនៅក្នុងមូលដ្ឋានរៀងៗខ្លួនជាបណ្តោះអាសន្ន»។
ការតវ៉ារបស់បុគ្គលិកក្រុមហ៊ុនស៊ីនទ្រីត្រូវបានបញ្ចប់នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ក្រោយមានការសម្របសម្រួលនិងទទួលយកសំណើរបស់បុគ្គលិក។
លោក កៅ សុខវ៉ាត ប្រាប់ VOA នាល្ងាចម៉ោង៦ ថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនបានយល់ព្រមទទួលយកការទាមទារទាំង៣ចំណុច ដោយចំណុចទី១បានសម្រេចដំឡើងប្រាក់ខែឲ្យបុគ្គលិកចំនួន៩ដុល្លារ។ លោកបន្ថែមថា ក្រោយការសម្រេច ភ្លាមៗក្រុមបុគ្គលិកចាប់ផ្តើមធ្វើការប្រមូលសំរាមវិញនាល្ងាចថ្ងៃដដែល។
របាយការណ៍របស់អាជ្ញាធររាជធានីភ្នំពេញនាពេលកន្លងមក បានប៉ាន់ប្រមាណថា សំរាមដែលប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញផលិតក្នុងមួយថ្ងៃ កើនឡើងដល់២៧០០តោន ដែលត្រូវបានដឹកជញ្ជូនយកទៅចាក់ចោលនៅទីលានចាក់សំរាម៕