ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​រាំង​ខ្ទប់​វេបសាយ​របស់​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន


គេហទំព័រវីអូអេ និង​គេហទំព័រព័ត៌មានមួយចំនួនត្រូវបានរារាំងមិនឲ្យចូល​ទៅមើលមុន​ថ្ងៃបោះឆ្នោត​ថ្នាក់ជាតិ ឆ្នាំ២០១៨ នៅកម្ពុជា, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី​២៨ ខែកក្កដា​​ ឆ្នាំ​២០១៨។ (ខាន់​ សុគុំមនោ/ VOA)
គេហទំព័រវីអូអេ និង​គេហទំព័រព័ត៌មានមួយចំនួនត្រូវបានរារាំងមិនឲ្យចូល​ទៅមើលមុន​ថ្ងៃបោះឆ្នោត​ថ្នាក់ជាតិ ឆ្នាំ២០១៨ នៅកម្ពុជា, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី​២៨ ខែកក្កដា​​ ឆ្នាំ​២០១៨។ (ខាន់​ សុគុំមនោ/ VOA)

កន្លង​ទៅ មាន​ការបង្រ្កាប​លើប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​មាន​ការបិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ដែល​រិះគន់​រដ្ឋាភិបាល។ នៅ​មុន​ការ​បោះ​ឆ្នោត​២​ថ្ងៃ រដ្ឋាភិបាល​បាន​សម្រេច​រាំងខ្ទប់វេបសាយ​មួយ​ចំនួន ក្នុង​នោះ​មាន​វេបសាយ​របស់​ VOA ជា​ភាសា​ខ្មែរ វិទ្យុ​អាស៊ី​សេរី វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ​(VOD) និង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ផង​ដែរ។

មន្ត្រី​រដ្ឋាភិបាល បាន​បញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​ថា ខ្លួន​បាន​បញ្ជា​ឱ្យ​ក្រុម​ហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត និង​បណ្ដាញ​ទូរស័ព្ទ​ទាំង​អស់​នៅ​ក្នុង​ប្រទេស បិទ​ការ​ចូល​អាន​វេបសាយ​ព័ត៌មាន​យ៉ាង​ហោច​ចំនួន​១៥ ដែល​រិះគន់​រដ្ឋាភិបាល អំឡុង​ថ្ងៃ​ស និង​ថ្ងៃ​បោះ​ឆ្នោត ក្រោម​ហេតុ​ផល​ថា«រំខាន​ដល់​ការ​បោះ​ឆ្នោត»។

ក្នុង​បញ្ជី​មួយ​របស់​ក្រសួង​ព័ត៌មាន​ដែល​ VOA ​ទទួល​បាន វេបសាយ​ដែល​ត្រូវ​បាន​បិទ​មិន​ឲ្យ​ចូល​មើល​នោះ រួម​មាន​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ VOA​ ផ្នែក​ខេមរភាសា វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរភាសា វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ VOD វិទ្យុ​វាយោ​អេហ្វអេម វេបសាយ​ព័ត៌មាន​របស់​បណ្ដាញ​ព្រះ​សង្ឃ​ឯករាជ្យ វេបសាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​(cnrp7.org) និង​វេបសាយ​មួយ​ចំនួន​រួម​មាន Khmerpolitical.com, Khmersharingnews.com, Camnews.com, Stubes.info, Pinterest.de, Vithyu.com, Freecambodia.org, and Akppure.com។

បញ្ជី​រាយ​ឈ្មោះ​សារព័ត៌មាន​នេះ រួម​ទាំង VOA សំឡេង​សហរដ្ឋ​អាមេរិក​និង​វិទ្យុ​អាស៊ី​សេរី ដែល​គេហទំព័រ​ត្រូវ​បាន​ហាម​ឃាត់​មិន​អាច​មើល​បាន​លើ​បណ្ដាញ​អ៊ីនធឺណិត​មុន​ការ​បោះ​ឆ្នោត​។​ (រូប​ផ្ដល់​ឲ្យ​)
បញ្ជី​រាយ​ឈ្មោះ​សារព័ត៌មាន​នេះ រួម​ទាំង VOA សំឡេង​សហរដ្ឋ​អាមេរិក​និង​វិទ្យុ​អាស៊ី​សេរី ដែល​គេហទំព័រ​ត្រូវ​បាន​ហាម​ឃាត់​មិន​អាច​មើល​បាន​លើ​បណ្ដាញ​អ៊ីនធឺណិត​មុន​ការ​បោះ​ឆ្នោត​។​ (រូប​ផ្ដល់​ឲ្យ​)

អគ្គ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក លី តាយសេង បាន​បញ្ជាក់​ថា គេហទំព័រ​កាសែត​របស់​លោក​ក៏​ត្រូវ​បាន​រាំង​ខ្ទប់​ផង​ដែរ។

លោក ផុស សុវណ្ណ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ព័ត៌មាន​និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន បាន​ប្រាប់ ​VOA ថា រដ្ឋាភិបាល​ ពិត​ជា​បាន​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត ឲ្យ​រាំង​ខ្ទប់​ការ​ចូល​មើល​របស់​អ្នក​ប្រើ​ប្រាស់​សេវា​របស់​ខ្លួន។

មន្ត្រី​ក្រសួង​ព័ត៌មាន​រូប​នេះ មាន​ប្រសាសន៍​ថា៖

«ច្បាប់​កម្ពុជា​យើង យើង​ឱ្យ​ថ្ងៃ​ពីរ​ហ្នឹង ថ្ងៃ ស ហ្នឹង គឺ​យើង​មិន​ឱ្យ​ផ្សាយ​អ្វី​ទេ​ណា ប្អូន ដោយ​សារ​នៅ​ពេល​កន្លង​ទៅ អង្គភាព​ប៉ុន្មាន​ហ្នឹង​ដូច​មាន​ភាគ​ច្រើន យើង​វា​អត់​គ្រប់​គ្រង​អត់​បាន និយាយ​ត្រង់»។

ច្បាប់​បោះ​ឆ្នោត​របស់​កម្ពុជា បាន​បញ្ជាក់​អំពី​ការ​ហាម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​បណ្ដា​បក្ស​នយោបាយ​នៅ​ថ្ងៃ​ស តែ​មិន​មាន​មាត្រា​អ្វី​ជា​ដុំកំភួន​ហាមឃាត់​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នោះ​ទេ។

នៅ​ពេល​សួរ​ថា​ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​ជ្រើសរើស​គេហទំព័រ​ទាំង​១៥ លោក ផុស សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ខ្លឹមសារ​ព័ត៌មាន​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ខាង​លើ «ប៉ះពាល់​ទៅ​ដល់​ការ​រារាំង​ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​បោះ​ឆ្នោត»។

គណ​បក្ស​នយោបាយ​ចំនួន​២០​ នឹង​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ថ្ងៃ​អាទិត្យ​នេះ។ អង្គការ​អន្តរជាតិ និង​បណ្ដា​អ្នក​ជំនាញ​នៃ​អង្គការ​សហ​ប្រជា​ជាតិ បាន​រិះគន់​អំពី​ដំណើរ​ការ​បោះ​ឆ្នោត​ដែល​អ​វត្ត​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រជែង​ដ៏​ចម្បង​នឹង​គណ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច។ គណ​បក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជិត​៤៤​ភាគរយ​កាលពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខែ​មិថុនា ឆ្នាំ​២០១៧ ត្រូវ​បាន​រំលាយ​ចោល​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

រដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ចង់​ឲ្យ​ប្រជា​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​បាន​ច្រើន ខណៈ​គណ​បក្ស​ប្រឆាំង​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​ផ្ដើម​លើក​ឡើង​ថា​ ពួក​គេ​មិន​អាច​ចូល​មើល​វេបសាយ​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​ VOA អាស៊ី​សេរី វីអូឌី និង​ភ្នំពេញ​ប៉ុស្តិ៍​ជា​ដើម។

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ​(VOD) លោក ណុប វី មាន​ប្រសាសន៍​ថា វេបសាយ​របស់​លោក (www.vodhotnews.com) ក៏​ត្រូវ​បាន​រាំង​ខ្ទប់​ផង​ដែរ ចាប់​តាំង​ពី​ថ្ងៃ​សុក្រ។

លោក ណុប វី បាន​មាន​ប្រសាសន៍​ថា៖

«ការ Block វេបសាយ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន មាន​វីអូឌី VOA RFA ជា​វិធានការ​មួយ​គ្រប់​គ្រង​ទាំង​ស្រុង​តែ​ម្ដង​ទៅ​លើ​ការ​រាយការណ៍​ព័ត៌មាន​មួយ​ចំនួន​ជុំ​វិញ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ស្អែក​ហ្នឹង។​ ហើយ​អា​ហ្នឹង​ហើយ គឺជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត»។

លោក មឿន ឈាន​ណារិទ្ធិ នាយក​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារ​ព័ត៌មាន បាន​បង្ហាញ​ការ​សោក​ស្ដាយ​អំពី​ការ​រាំង​ខ្ទប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​នេះ។

លោក ឈាន​ណារិទ្ធិ មាន​ប្រសាសន៍​ថា៖

«អ្វី​ដែល​សំខាន់ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​នេះ យើង​ចង់​ឲ្យ​សាធារណជន គាត់​ទទួល​បាន​ព័ត៌មាន​ឲ្យ​បាន​ពេញ​លេញ​អំពី​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត អំពី​គោល​នយោបាយ​របស់​គណ​បក្ស​នី​មួយៗ ក៏​ដូចជា​លក្ខណ:សម្បត្តិ​របស់​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត» ។

លោក ផុស សុវណ្ណ មន្ត្រី​នៃ​ក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​ថា លោក​ចង់​ឲ្យ​បរិយាកាស​នៃ​ការ​បោះ​ឆ្នោត​ស្ងប់ស្ងាត់ ដូច្នេះ​ប្រជា​ពលរដ្ឋ​អាច​សម្រេច​ចិត្ត ដោយ​ពុំ​មាន​ការ​រំខាន​នៃ​ព័ត៌មាន​អំពី​ការ​មិន​ទៅ​បោះ​ឆ្នោត។

លោក អ៊ឹម វត្ថា អ្នក​នាំ​ពាក្យ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា ដែល​គ្រប់​គ្រង​ទៅ​លើ​ស្ថាប័ន​ផ្ដល់​សេវា​អ៊ីនធឺណិត មាន​ប្រសាសន៍​ថា ការ​បិទ​គេហទំព័រ​ទាំង​នោះ គឺ​ដោយ​សារ​ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដែល​រំខាន​ដល់​ការ​បោះ​ឆ្នោត។

លោក វុត្ថា មាន​ប្រសាសន៍​ប្រាប់​ VOA ថា៖

«វិធានការ​អ្វី​ក៏​ដោយ​ដែល​ប៉ះពាល់ ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់​ច្បាប់​បោះ​ឆ្នោត គឺ​យើង​បិទ​ហើយ។​ក្រសួង​ទាំង​បី​មាន​យន្តការ គឺ​យើង​បិទ​ហើយ។ អញ្ចឹង​អត់​មាន​អី​ត្រូវ​ឆ្លើយ​ទៀត​ទេ ខ្ញុំ​គ្រាន់​តែ​ជម្រាប​ប៉ុណ្ណឹង។ វេបសាយ​ណា​ក៏​ដោយ​ដែល​មាន​ប៉ះពាល់​ទៅ​នឹង​វិធានការ​ក្នុង​ការ​បោះ​ឆ្នោត រារាំង​ខុស​ពី​ច្បាប់​អា​ហ្នឹង​គឺ​បិទ»។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ស្ថាប័ន​របស់​លោក ក៏​បាន​ផ្ញើ​លិខិត​ទៅ​ក្រសួង​ចំនួន​បី ដោយ​ស្នើ​ឲ្យ​ចាត់​វិធានការ​ប្រឆាំង​នឹង​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​រំខាន​ដល់​ដំណើរ​ការ​បោះ​ឆ្នោត។

លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា៖

«ប្រសិន​បើ​ក្រសួង​ពាក់​ព័ន្ធ​ហ្នឹង​លោក​រក​ឃើញ​ថា ព័ត៌មាន​ដែល​ផ្សាយ​ចេញ​ពី​វេបសាយ​នោះ ក្រសួង​នឹង​ធ្វើ​ចំណាត់​ការ​តែ​ម្ដង»។

លោក ហង្ស ពុទ្ធា មិន​អាច​បញ្ជាក់​ថា តើ​គេហទំព័រ​ណាមួយ ​ត្រូវ​បាន​រាំង​ខ្ទប់​នោះ​ទេ។ លោក​បាន​បន្ថែម​ថា៖

«ប្រសិន​បើ​វេបសាយ​នោះ​ផ្សព្វ​ផ្សាយ​ក្នុង​គោល​បំណង​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត អា​នោះ​ប្រហែល​ជា​មាន​បញ្ហា​ជា​មួយ​នឹង​ទិដ្ឋភាព​ច្បាប់»។

កាលពី​ចុង​ខែ​ឧសភា ក្រសួង​ចំនួន ៣ រួម​មាន​ក្រសួង​មហា​ផ្ទៃ ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បង្កើត​ជា​ក្រុម​ងារ​មួយ ដើម្បី​ស៊ើប​អង្កេត​ព័ត៌មាន​មិន​ពិត ខណៈ​ដែល​រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ដែល​ផ្ដល់​អំណាច​ក្នុង​ការ​គ្រប់​គ្រង​ការ​រាយការណ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ​២០១៨ ដែល​ផ្ញើ​ទៅ​ក្រសួង​ព័ត៌មាន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បាន​លើក​ឡើង​ថា រាល់​ក្រុម​ហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​ទាំង​អស់​ ត្រូវ​មាន​កម្មវិធី​ software និង​បំពាក់​ឧបករណ៍​គ្រប់​គ្រង​អ៊ីនធឺណិត ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ច្រោះ ឬ​រាំង​ខ្ទប់​ចំពោះ​គណនី ឬ​ទំព័រ​របស់​បណ្ដាញ​សង្គម ដែល​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ និង​ផ្សព្វ​ផ្សាយ​ល្មើស​ច្បាប់។

កាលពី​ខែ​កុម្ភៈ រដ្ឋាភិបាល ក៏​បាន​បញ្ជា​ឲ្យ​បិទ​ការ​ចូល​មើល​វេបសាយ​កាសែត​ The Cambodia Daily ដែល​បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ក្រោយ​រដ្ឋាភិបាល​រក​ឃើញ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​មិន​បង់ពន្ធ​ចំនួន​៦,៣លាន​ដុល្លារ។ រដ្ឋាភិបាល​លើក​ឡើង​ថា នេះ​ជា​ការ​អនុ​វត្ត​ច្បាប់ មិន​ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍​ព័ត៌មាន​រសើប​នា​ពេល​កន្លង​មក​របស់​កាសែត​មួយ​នេះ​ទេ៕

XS
SM
MD
LG