ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍ ​Freedom House៖ លទ្ធិប្រជាធិបតេយ្យ​លើ​ពិភពលោក​រួម​ទាំង​កម្ពុជា​ផង​ កំពុង​ជួប​វិបត្តិ


រូប​ឯកសារ៖ ប៉ូលិស​បង្ក្រាប​កុប្បកម្ម​យាម​នៅ​កន្លែង​បិទ​ផ្លូវ​មួយ​កន្លែង​នៅ​មុខ​តុលាការ​កំពូល​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​តុលាការ​កំពូល​បើក​សវនាការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​​​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
រូប​ឯកសារ៖ ប៉ូលិស​បង្ក្រាប​កុប្បកម្ម​យាម​នៅ​កន្លែង​បិទ​ផ្លូវ​មួយ​កន្លែង​នៅ​មុខ​តុលាការ​កំពូល​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​តុលាការ​កំពូល​បើក​សវនាការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​​​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

របាយការណ៍​​នេះ​បាន​បញ្ជាក់​ចំ​ឈ្មោះ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​ធ្វើ​ការ​បង្ក្រាប​ទាំង​កម្រោល​ទៅលើ​គណបក្ស​ប្រឆាំង និង​អ្នក​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​​​ដែល​កំពុង​កាន់អំណាច​របស់​លោក កំពុង​ត្រៀម​ខ្លួន​​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​នេះ។

ខណៈ​ដែល​លទ្ធិប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក​ខ្លួន​ឯង​ផ្ទាល់​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា «កំពុង​តែ​សឹករិចរិល​ក្នុង​ល្បឿន​យ៉ាង​លឿន»​នោះ រដ្ឋាភិបាល​ជាច្រើន​ដែល​មាន​លក្ខណៈ​សង្កត់សង្កិន​នៅ​ជុំវិញ​ពិភពលោក​រួម​ទាំង​កម្ពុជា​ផង កំពុង​បង្កើន​កម្លាំង​ ក្នុង​ការ​គាបសង្កត់​ក្រុម​ប្រឆាំង ដោយ​ការធ្វើ​ទុក្ខបុកម្នេញ​អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​ការ​ចាប់អ្នក​កាសែត​ឬ​អ្នក​រិះគន់​រដ្ឋាភិបាល ដាក់​ពន្ធនាគារ​ជាដើម។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ ​Freedom House ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ទី​១៦ ខែ​មករា​នេះ។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា «‍សេរីភាព​ក្នុង​ពិភពលោក​ឆ្នាំ​២០១៨៖ លទ្ធិប្រជាធិបតេយ្យ​កំពុង​ជួប​វិបត្តិ» ឬ​ Freedom in the World 2018: Democracy in Crisis បាន​បង្ហាញ​ថា ឆ្នាំ​២០១៧ គឺ​ជា​ឆ្នាំ​ទី​១២​ហើយ ដែល​សេរីភាព​នៅ​ជុំវិញ​ពិភពលោក បាន​ធ្លាក់​ចុះ​ជាប់ៗ​គ្នា​រហូត​ក្នុង​រយៈពេល​ជាង​១ទសវត្សរ៍​មក​នេះ។ ក្នុង​នោះ ប្រទេស​ចំនួន​៧១​រួម​ទាំង​កម្ពុជា​ផង ក្នុង​ចំណោម​ប្រទេស​១៩៥នៅ​លើ​ពិភពលោក បាន​ទទួលរង​ការ​ធ្លាក់​ចុះ​នូវ​សិទ្ធិ​នយោបាយ​និង​សេរីភាព​របស់​ពលរដ្ឋ ហើយ​ប្រទេស​តែ​៣៥​ប៉ុណ្ណោះ ដែល​មាន​ការ​កើន​ឡើង​ខាង​សិទ្ធិ​សេរីភាព​នេះ។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា«‍សេរីភាព​ក្នុង​ពិភពលោក​ឆ្នាំ​២០១៨៖ លទ្ធិប្រជាធិបតេយ្យ​កំពុង​ជួប​វិបត្តិ» ឬ​ Freedom in the World 2018: Democracy in Crisis។
របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា«‍សេរីភាព​ក្នុង​ពិភពលោក​ឆ្នាំ​២០១៨៖ លទ្ធិប្រជាធិបតេយ្យ​កំពុង​ជួប​វិបត្តិ» ឬ​ Freedom in the World 2018: Democracy in Crisis។

លោក Michael J. Abramowitz នាយក​អង្គការ Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ ដែល​បាន​ចេញ​ផ្សាយ​ទន្ទឹម​ពេល​គ្នា​នឹង​ការ​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​នេះ​ថា៖

«‍លទ្ធិប្រជាធិបតេយ្យ​ កំពុង​ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លង​មក​នេះ។ គោលការណ៍​មូលដ្ឋាន​នៃ​លទ្ធិប្រជាធិបតេយ្យ​ ដូចជា​ការ​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ ការ​ធានា​ឲ្យ​មាន​សេរីភាព​សារព័ត៌មាន និង​នីតិរដ្ឋ​នោះ កំពុង​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​នៅ​ជុំវិញ​ពិភពលោក»។

លោក Michael Abramowitz ​ប្រធាន​អង្គការ Freedom House នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន កាលពី​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ២០១៧។ (ស្រេង លក្ខិណា/VOA)
លោក Michael Abramowitz ​ប្រធាន​អង្គការ Freedom House នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន កាលពី​ថ្ងៃ​ទី១៩ ខែ​កក្កដា ឆ្នាំ២០១៧។ (ស្រេង លក្ខិណា/VOA)

របាយការណ៍​ថ្មី​នេះ បង្ហាញ​ថា ការ​ធ្លាក់​ចុះ​សិទ្ធិ​នយោបាយ​និង​សេរីភាព​ពលរដ្ឋ​របស់​ប្រទេស​កម្ពុជា គឺ​ដោយសារ​ការ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង រួម​ទាំង​ការ​រំលាយ​គណបក្ស​ជំទាស់​ដ៏​សំខាន់​និង​ការ​ចោទ​ប្រកាន់​មេដឹកនាំ​គណបក្ស​នេះ ពី​បទ​ក្បត់​ជាតិ​ផង​ដែរ។

របាយការណ៍នេះ​បាន​បញ្ជាក់​ចំ​ឈ្មោះ​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​បាន​ធ្វើ​ការ​បង្ក្រាប​ទាំង​កម្រោល​ទៅលើ​គណបក្ស​ប្រឆាំង និង​អ្នក​បំពេញ​វិជ្ជាជីវៈ​សារព័ត៌មាន នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​របស់​លោក កំពុង​ត្រៀម​ខ្លួនសម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​និង​ជា​គូប្រជែង​យ៉ាង​ប្រកៀកប្រកិត​បំផុត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​តុលាការ​កំពូល ដែល​របាយការណ៍​ថ្មី​នេះ​ ពិពណ៌នា​ថា​មាន​លក្ខណៈ​នយោបាយ​នោះ រំលាយ​ចោល​កាល​ពីថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ ឆ្នាំ​មុន ក្រោយ​ពី​មេដឹកនាំ​គណបក្ស​នេះ គឺ​លោក កឹម សុខា ត្រូវ​បាន​ចាប់ខ្លួន​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ។ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ទោស​មែន នោះ​លោក កឹម សុខា អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​៣០​ឆ្នាំ។

របាយការណ៍​នេះ​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា លទ្ធិប្រជាធិបតេយ្យនៅ​ជុំវិញ​ពិភពលោក​រួម​ទាំង​កម្ពុជា​ផង​នេះ បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​១ទសវត្សរ៍​ចុងក្រោយ​នេះ ដោយ​សារ​មាន​ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក ចេញ​ពី​តួនាទី​ដឹកនាំរបស់​ខ្លួន ក្នុង​ការ​ការពារ​និង​លើកស្ទួយ​សេរីភាព​សារព័ត៌មាន​និង​នីតិរដ្ឋ។

នាយក​អង្គការ Freedom House គឺ​លោក Michael J. Abramowitz ថ្លែង​ថា ៖

«ការ​វិវត្ត​ដ៏​ធំ​មួយ​នៅ​ឆ្នាំ​២០១៧​គឺ​ការ​ដកថយ​របស់​សហរដ្ឋ​អាមេរិក ក្នុង​នាម​ជា​ជើងឯក​និង​ជា​គំរូ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក Michael J. Abramowitz ថ្លែង​បន្ត​ថា៖

«‍ការ​ដក​ខ្លួនយ៉ាង​អន្ទះសា​របស់​សហរដ្ឋ​អាមេរិក ចេញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្រៅ​ប្រទេស​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រឈម ដោយ​បាន​ធ្វើ​ឲ្យ​របប​ផ្ដាច់ការ​ទាំងឡាយ កាន់​តែ​មាន​អំណាច​ឡើង និង​មាន​លក្ខណៈ​គំរាមកំហែង​កាន់​តែ​ខ្លាំង»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​មាន​ចំនួន​តិចតួច​នៅ​កម្ពុជា រួម​ទាំង​កាសែតThe Cambodia Daily និង​ការិយាល័យ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​ ​ត្រូវ​បង្ខំ​ចិត្ត​បិទទ្វារ​ លែង​ដំណើរ​ការ​ ហើយ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ ក៏​លែង​ហ៊ាន​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​និង​ VOA ដោយសារ​តែ​ការ​ចាត់​វិធានការ​រឹត​បន្តឹង​របស់​រដ្ឋាភិបាល។

ក្រុម​សង្គម​ស៊ីវិល​ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាលដែល​ហ៊ាន​ទិតៀន​ឬ​រិះគន់​គោលនយោបាយ​របស់​រដ្ឋាភិបាល ក៏​ត្រូវ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​និង​រឹតត្បិត​សកម្មភាព ដោយ​ពួកគេ​ស្ទើរ​តែ​មិន​ហ៊ាន​សូម្បី​តែ​ធ្វើ​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ការ​រឹតត្បិត​នេះ ដោយសារ​ការ​បារម្ភ​ពី​លទ្ធភាព​នៃ​ការ​បិទ​ស្ថាប័ន​របស់​ខ្លួន​ឬ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

លោក​ សៀ ភារម្យ នាយក​ប្រតិបត្តិ​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ដែល​បច្ចុប្បន្ន​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ដោយ​បារម្ភ​អំពី​ការ​ចាប់ខ្លួន​ជាយថាហេតុ​ណាមួយ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​នោះ បាន​ថ្លែង​ប្រាប់ ​VOA ​ថា​ របាយការណ៍របស់​អង្គការ​ Freedom House ​នេះ ពិត​ជា​បាន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ជាក់​ស្ដែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។

«‍ក្នុង​កាលៈទេសៈ​ដែល​ប្រធានាធិបតី​អាមេរិក មិន​បាន​គិត​គូរ​ពី​បញ្ហា​ក្រៅ​អាមេរិក​នេះ ធ្វើ​ឲ្យ​លោក​ ហ៊ុន សែន ឆ្លៀតឱកាស​ នៅ​ពេល​ដែល​គាត់​ឃើញ​ប្រជាប្រិយភាព​នៃ​គណបក្ស​កាន់អំណាច​របស់​គាត់ កាន់​តែ​ធ្លាក់​ចុះ មិន​អាច​យក​ឈ្នះ​គណបក្ស​ដៃគូ​របស់​គាត់​គឺ​គណបក្ស​សង្គ្រោះ​ជាតិ អញ្ចឹង​គាត់​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់ ដែល​ជា​ប្រព័ន្ធ​យុត្តិធម៌​មួយ ដែល​គ្រាន់តែ​ជា​ស្ថាប័ន​ប្រថាប់ត្រា​ ឲ្យ​គាត់​ធ្វើ​បាន​តាម​អំពើ​ចិត្ត​ដូច​ជា​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​តាម​អំពើ​ចិត្ត​ដោយ​មិន​បាន​គិត​គូរ​អំពី​ឆន្ទៈ​របស់​អ្នក​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ»។

ប៉ុន្តែ​លោក សុខ ឥសាន មន្ត្រី​ជាន់ខ្ពស់​និង​ជា​អ្នក​នាំ​ពាក្យរបស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងប្រាប់​ VOA​ ថា លោក​ហាក់​មិន​ចាប់អារម្មណ៍​ ហើយ​ក៏​មិន​ចាំបាច់​មើល​របាយការណ៍​របស់​អង្គការ ​Freedom House ​នេះ​ដែរ។

«‍ខ្ញុំ​មិន​បាច់​មើល​ទេ ខ្ញុំ​សន្និដ្ឋាន​ដឹង​ហើយ ពី​ព្រោះ​ការ​វាយតម្លៃ​ពី​ខាង​ក្រៅ​ក៏​ដោយ ទាំង​អ្នក​វិភាគ​ខាង​ក្នុង​ប្រទេស​ក៏​ដោយ ខ្ញុំ​យល់​ថា មិន​ផ្អែក​លើ​គោលការណ៍​ច្បាប់​និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ទេ។ ទោះ​ជា​គាត់​ថា​គាត់​ហ្នឹង​ឯករាជ្យ ប៉ុន្តែ​ការ​វិភាគ​ហ្នឹង​ វា​អត់​ឯករាជ្យ ពី​ព្រោះ​គាត់​លម្អៀង​ទៅ​ខាង​នយោបាយ។ អញ្ចឹង យើង​មិន​អាច​យក​ជា​ការ​បាន​ទេ តែ​យើង​មិន​គិត​ទេ ទោះ​គាត់​និយាយ​យ៉ាងម៉េច អា​ហ្នឹង​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​គាត់​ ប៉ុន្តែ​មិន​បាន​ផ្សារភ្ជាប់​នឹង​តថភាព​សង្គម​ការ​ពិត​ជាក់​ស្ដែង​ដែល​កើតឡើង​នៅ​កម្ពុជា​នោះ​ទេ​បាទ»។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ស្រី មូរ សុខហួរ តំណាងរាស្ត្រ​និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​រំលាយ​ចោល​ក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែងក្នុង​បទសម្ភាសន៍ជាមួយ​ VOA ដែរ​ថា លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​ត្រដរ​ខ្យល់​ ដែល​ទាមទារ​ឲ្យ​មាន​ការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់។

«‍អ្វី​ដែល​ហៅ​ថា​ស្ថិរភាព​សេដ្ឋកិច្ច​ ស្ថិរភាព​សង្គម ស្ថិរភាព​នយោបាយ​ហ្នឹង វា​មិន​មែន​ជា​ការ​ពិត។ ការ​រំលោភបំពាន​ទៅលើ​ប្រជាពលរដ្ឋ​យើង​ធ្ងន់ធ្ងរ​ទៅៗ​ដូចសព្វថ្ងៃ​នេះ ដូច​ការ​សម្លាប់​ប្រជាធិបតេយ្យ។ ធំ​ណាស់​ រឿង​នេះ គឺ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នយោបាយ បញ្ហា​ដែល​ពាក់ព័ន្ធ​ជាមួយ​សិទ្ធិមនុស្ស​ ពាក់ព័ន្ធ​ជាមួយ​នឹង​លទ្ធិប្រជាធិបតេយ្យ»។

របាយការណ៍​ថ្មី​របស់​អង្គការ ​Freedom House នេះ ក៏​បាន​រិះគន់​ខ្លាំងៗ ទៅ​លើ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ​ត្រាំ និង​គោលនយោបាយ«‍អាមេរិកាំង​មុន​គេ» ​ឬ ​America First ​របស់​លោក​ផង​ដែរ ដោយ​បាន​លើកឡើង​ថា មេដឹកនាំ​អាមេរិកាំង​រូប​នេះ បាន​សម្ដែង​អារម្មណ៍​ស្ងើចសរសើរ និង​ថែម​ទាំង​សម្ដែង​មិត្តភាព​ផ្ទាល់ខ្លួន​ ចំពោះ​មេដឹកនាំ​ផ្ដាច់​ការ​និង​បុរស​ខ្លាំង ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​មួយ​ចំនួន​លើ​ពិភពលោក​ទៀត​ផង។

របាយការណ៍ បាន​លើក​ឧទាហរណ៍​ចំៗ ពាក់ព័ន្ធ​នឹង​ការ​ខកខាន​របស់​លោក​ដូណាល់ ត្រាំ ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​មុខ​ជំនួញ​របស់​លោក ក្រោយ​ពី​លោក​ បាន​ឈ្នះ​ការ​បោះឆ្នោត​និង​ចូលកាន់​តំណែង​ប្រធានាធិបតី​ហើយ​នោះ។ ផ្ទុយ​ទៅ​វិញ របាយការណ៍​ បាន​គូស​បញ្ជាក់​ថា លោក ត្រាំ ​ថែមទាំង​នាំ​សមាជិក​ក្រុម​គ្រួសារ​របស់​លោក ​មក​ធ្វើ​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​ និង​តែងតាំង​សមាជិក​គណៈរដ្ឋមន្ត្រី​ជាច្រើន​ដែល​គេ​ដឹង​ថា​មាន​ទំនាស់​ផលប្រយោជន៍​នៅ​ក្នុង​ការ​បំពេញ​តួនាទី​ក្នុង​រដ្ឋការ​របស់​លោក​ថែម​ទៀត​ផង។​

របាយការណ៍​ដដែល បាន​រៀបរាប់​ថា របប​អត្តាធិបតេយ្យ​ឬ​របប​ដែល​មាន​មេដឹកនាំ​យក​ខ្លួន​ឯង​ជា​ធំ​ បាន​ដាក់​ចេញ​វិធានការ​នានា​តាម​តែ​ចិត្ត​នឹកឃើញ ទៅលើ​ពលរដ្ឋ​របស់​ខ្លួន ប៉ុន្តែ ពួក​មេដឹកនាំ​ទាំង​នេះ មិន​ខ្ចី​អើពើ​ទៅ​លើ​បម្រាប​មក​លើ​ខ្លួន​ឯង​នោះ​ទេ។

លោក Michael J. Abramowitz ថ្លែង​ថា៖

«‍របប​អត្តាធិបតេយ្យ​ដែល​នាំ​មុខ​គេ​នៅ​លើ​ពិភពលោក​គឺ​ ចិន និង​រុស្សី​ បាន​ឆក់​យក​ឱកាស​នេះ មិន​ត្រឹម​តែ ដើម្បី​បង្កើន​ការ​សង្កត់សង្កិន​លើ​ក្រុម​ប្រឆាំង​តែក្នុង​ប្រទេស​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ចម្លង​ឥទ្ធិពល​ដ៏​គ្រោះថ្នាក់​នេះ ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​ថែម​ទៀត​ផង ដែល​ប្រទេស​ទាំង​នោះ កំពុង​តែ​យក​គំរូ​តាម​អាកប្បកិរិយា​របស់​ពួកគេ និង​មាក់ងាយ​លទ្ធិ​ប្រជាធិបតេយ្យ»។

នាយក​អង្គការ Freedom House រូប​នេះ​ដដែល​ ក៏​បាន​ដកស្រង់​សម្ដី​មួយ​ឃ្លា​របស់​ប្រធានាធិបតី​ចិន លោក ហ្សី ជីងពីង ដែល​បាន​ប្រកាស​ថា ប្រទេស​ចិន «‍កំពុង​តែ​ក្រាល​ថ្នាល​ថ្មី​មួយ» ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ ដើរ​តាម។

លោក Michael J. Abramowitz មាន​ប្រសាសន៍​ថា៖

«‍នោះ​គឺ​ជា​មាគ៌ា ដែល​រួម​បញ្ចូល​ទាំង​តុលាការ​ដែល​ទទួល​រង​ឥទ្ធិពល​នយោបាយ ការ​មិន​អត់​អោន​ឲ្យ​សំឡេង​ប្រឆាំង និង​ការ​កំណត់​លទ្ធផល​បោះឆ្នោត​រួច​ជា​ស្រេច​ជាដើម»។

ប៉ុន្តែ លោក សុខ ឥសាន មាន​ប្រសាសន៍​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​បាន​ចម្លង​តាម​គំរូ​ប្រទេស​ណា​មួយ​ទេ ដោយ​អះអាង​ថា​វា​មាន​លក្ខណៈ​ពិសេស​ដាច់​ដោយឡែក​ពី​គេ។

«‍ខ្ញុំ​យល់​ថា លទ្ធិប្រជាធិបតេយ្យ មាន​ចំណុច​ពិសេស​ដោយ​ឡែកៗ​ពី​គ្នា​នៅ​បណ្ដា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ មិន​អាច​ប្រទេស​ណាមួយ​យក​គំរូ​តាម​ប្រទេស​ណា​មួយ​ទេ​ អញ្ចឹង កម្ពុជា​នេះ អត់​មាន​យក​គំរូ​តាម​ប្រទេស​អាមេរិក​ឬ​មួយ​ប្រទេស​ណាមួយ​ផ្សេងទៀត​ ទោះ​បី​ថា គេ​មាន​លទ្ធិប្រជាធិបតេយ្យ​នោះ វា​ទូលំទូលាយ ឬ​មួយ​តូច​ចង្អៀត​យ៉ាងម៉េច គឺ​ថា​អត់​មាន​ពាក់ព័ន្ធ​នឹង​រឿង​កម្ពុជា​ទេ»។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យរបស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ថែម​ថា លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា ក៏​មិន​បាន​ធ្លាក់​ចុះ​ឬ​ថា​ដើរ​ថយក្រោយ​ក៏ទេ​ដែរ តែ​ផ្ទុយ​ទៅវិញ លោក​ថា វា​កំពុង​ត្រូវ​បាន​លើកកម្ពស់​និង​បន្ត​និរន្តរភាព ប្រកប​ដោយ​សុខ​សន្តិភាព​និង​ស្ថិរភាព។

ចំណែក ​មន្ត្រី​សេតវិមាន​ក្រោម​រដ្ឋការ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​ក៏​ធ្លាប់​បាន​លើកឡើង​កន្លង​មក​ដែរ​ថា សហរដ្ឋ​អាមេរិក នៅ​តែ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ការពារ​និង​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក ទោះ​បី​ជា​របាយការណ៍​របស់​អង្គការ ​Freedom House​ថ្មី​នេះ​ ហាក់​មិន​បាន​មើល​ឃើញ​សកម្មភាព​ជាក់​ស្ដែង​ដូច​ការ​លើកឡើង​នេះ​ទេ​ក៏​ដោយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG