ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរីក​រាលដាល​នៃ​ជំងឺ​ខូច​តម្រងនោម​​ដែលជា​​«​ឃាតកស្ងប់ស្ងាត់»​ និង​កង្វះ​ការ​ត្រៀម​ខ្លួន​​ទប់​ស្កាត់​នៅ​កម្ពុជា


អ្នក​ជំងឺ​ខូច​តម្រងនោម​ ឬជំងឺខូចគ្រលៀន​​ លាង​ឈាម​ក្នុងមជ្ឈមណ្ឌលមួយ​នៅ​ទីក្រុង​ភ្នំពេញ​។​ ការលាង​ឈាម​ ជា​ការត្រង​​​​កាកសំណល់​នានា​ ដើម្បី​បន្សុទ្ធ​ឈាម ដោយ​ប្រើម៉ាស៊ីន​ ​ពីព្រោះតម្រងនោម​ មិនអាច​បំពេញមុខ​ងារ​របស់វាបាន​។ (ខាន់​ សុគុំមនោ​​/ VOA)
អ្នក​ជំងឺ​ខូច​តម្រងនោម​ ឬជំងឺខូចគ្រលៀន​​ លាង​ឈាម​ក្នុងមជ្ឈមណ្ឌលមួយ​នៅ​ទីក្រុង​ភ្នំពេញ​។​ ការលាង​ឈាម​ ជា​ការត្រង​​​​កាកសំណល់​នានា​ ដើម្បី​បន្សុទ្ធ​ឈាម ដោយ​ប្រើម៉ាស៊ីន​ ​ពីព្រោះតម្រងនោម​ មិនអាច​បំពេញមុខ​ងារ​របស់វាបាន​។ (ខាន់​ សុគុំមនោ​​/ VOA)

អាត្រា​អ្នក​កើត​ជំងឺ​ខូច​តម្រង​នោម ​ឬ​ខ្សោយ​តម្រងនោម​រ៉ាំ​រ៉ៃ​ ដែល​ប្រជាជន​ទូទៅ​និយម​ហៅ​ថា​ ខូច​ក្រលៀន​​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។​ ប្រជាជន​ក្រីក្រ​នៅ​កម្ពុជា​​​ដែល​ត្រូវ​ការ​ការ​ព្យាបាល​ជំងឺ​តម្រងនោម​​ មិន​មាន​លទ្ធភាព​គ្រប់គ្រាន់ ​និង​មិន​មាន​វិធី​ព្យាបាល​នៅក្នុង​ស្រុក​នៅ​ឡើយ​ទេ។​ ពួក​គេ​មួយ​ចំនួន​មិន​ដឹង​ថា​ ​ពួក​គេ​មាន​ជំងឺ​តម្រង​នោម​ទេ​ រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ ព្រោះ​ជំងឺ​នេះ​ពុំ​បញ្ចេញ​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​សង្ស័យ។ ​គ្រូពេទ្យ​និង​អ្នកស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ហៅ​ជំងឺ​នេះថា​ ជា​«ឃាតក​ស្ងប់​ស្ងាត់»។​

មនុស្ស​ម្នានៅជុំៗ​ អែប​មាត់​ផ្លូវ​ដើរ​ចូល​ទៅ​ក្នុង​អគារ​លាង​ឈាម​មួយនៅ​ទីក្រុង​ភ្នំពេញក្នុង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា។ ​ពួកគេ​ភាគ​ច្រើន​ជា​គ្រួសារ ​ឬ​សាច់ញាតិ​របស់​អ្នក​ជំងឺ។ ​ពួក​គេ​រង់ចាំ​អ្នក​ជំងឺ​ដែល​កំពុង​សម្រាន្ត​លើ​គ្រែពេទ្យ​ក្នុង​បន្ទប់​លាងឈាម។​

ក្រុម​គ្រួសារ​ ឬ​សាច់ញាតិ​របស់អ្នក​ជំងឺ​ទាំង​នោះ​ ដែល​ពីមុន​មក​ពួកគេ​មិន​ដែល​ស្គាល់​គ្នា​ទេ​ តែ​មក​អង្គុយ​ជជែក​គ្នា​អំពី​ជីវិត។ ​គេ​អាច​ ឮ​ពាក្យ​ពេចន៍​ដ៏​គួរ​ឲ្យសោក​សង្រែង​មួយ​ចំនួន​អំពី​អត្ថន័យ​នៃ​ជីវិត​ចុង​ក្រោយ​ហាក់ដូចជា​ពុំ​មាន​សង្ឈឹម។ ​ពួកគេ​បាន​លក់​អស់​ទ្រព្យ​សម្បត្តិផ្ទាល់ខ្លួន​ ដើម្បី​ឲ្យអ្នក​ជំងឺ​បាន​បន្តលាងឈាមព្យាបាល​ជំងឺខូច​តម្រង​នោម​ (ឬ​ដែល​គេស្គាល់​ថា​ ជំងឺ​ខូច​ក្រលៀន)។ ​តែ​ពួកគេ​គ្មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ឲ្យ​អ្នក​ជំងឺ​បាន​វះកាត់​ប្តូរ​ក្រលៀននោះ​ទេ ​លើក​លែង​តែ​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​លើស​លប់។

ពួកគេ​សន្ទនា​គ្នា៖​

«លក់ផ្ទះ​ លក់ដី​ហើយ​ជំងឺ​នេះ!​ ​ដល់អស់​ពេល​ណា​ ​ចប់ពេល​ហ្នឹង​ទៅ!​ ​តែ​ឈឺវឹប​ ធ្ងន់​ ហើយ​ទៅ​ គឺ​អា​ជំងឺ​ហ្នឹង​ហើយ»។​

«ហើយ​បើ​ក្រ​គ្មាន​លុយ​លាង​ក៏​អត់​រស់​ដែរ។ ​ក្រ​គឺ​អត់​រស់​ទេ»។

ពួកគេនិយាយ​សំដៅជំងឺ​ខូច​តម្រង​នោម​ថា​ជា​«ជំងឺ​ដែល​លក់​ទ្រព្យ​សម្បត្តិគ្មាន​សល់»។​

ដោយ​ឡែក​ អ្នក​ជំងឺ​ដែល​កំពុង​សម្រាន្ត​នៅ​លើគ្រែ​ពេទ្យ​វិញ ដៃ​របស់​ពួកគេ​និមួយៗ​បន្តោក​ដោយ​បំពង់​បញ្ជូនឈាម​ ភ្ជាប់ទៅ​ម៉ាស៊ីន​ច្រោះ​ដើម្បី​លាង​សម្អាត​ឈាម។​ពួកគេ​ត្រូវ​ចំណាយ​ពេលយ៉ាង​ហោចណាស់​ជាង​៤​ម៉ោង ​រាល់ពេល​លាង​ឈាម​ម្តងៗ។ គេមាន​អការៈ​មើល​ទៅ​ហាក់ដូច​ជា​អស់​កម្លាំង​ខ្លាំង​ ដូច្នេះ​ភាគ​ច្រើន​ពួកគេ​សម្ងំ​គេង។​

អ្នក​ស្រី ​ឡាន់​ ស៊ុនណារ៉ា ​វ័យ​៦៣​ឆ្នាំ​ ​ជូន​ស្វាមី​អ្នកស្រីមក​លាង​ឈាម​ជាប្រចាំ​ ៣​ដង​ ក្នុង​មួយ​សប្តាហ៍។ ​អ្នកស្រី​មាន​ផ្ទះ​នៅ​ខេត្ត​កំពត​ តែត្រូវ​ចាក​ចេញ​ពីផ្ទះ​មក​ជួល​បន្ទប់​នៅ​ទីក្រុង​ភ្នំពេញ ព្រោះ​ស្វាមី​អ្នកស្រី​ត្រូវ​លាង​ឈាម​ជាប្រចាំ។​ អ្នកស្រី​ក្រៀមក្រំ​ តែ​ព្យាយាម​បន្ត​ខ្នះខ្នែង​ឲ្យស្វាមី​ខ្លួន​បាន​ទទួល​ការ​ព្យាបាល​ បើទោះ​ជាអស់រយៈ​ពេល​ជាង​៥ឆ្នាំមក​ហើយ។

អ្នកស្រី​ប្រាប់​វីអូអេ​ ដោយ​សំឡេង​អួលដើម​ក​យ៉ាង​ដូច្នេះ​ថា៖​

«អស់​សង្ឃឹម​ហើយ​កូន។ ៥​ឆ្នាំ​នេះ​ ម៉ែ​លក់​ផ្ទះ​អស់​ហើយ។​ ឥឡូវ​យើង​មាន​ប្រាក់​ចូល​និវត្ត​បន្តិច​ គ្រាន់តែ​មក​លាង​ទេ​ កូន។​ គេ​មិន​ឲ្យ​ជំពាក់​ទេ។ ​ល្មមសុំ​កូន​បាន​ម្នាក់​បន្តិចៗ។ ​មាន​អី​ទៀត​កូន​ បើ​៥​ឆ្នាំ​ហើយ»!

អ្នក​ជំងឺ​តម្រង​នោម​ដទៃ​ទៀត ​រួម​នឹង​សាច់ញាតិ​ មាន​រឿងរ៉ាវ​ប្រហាក់​ប្រហែល​គ្នា​ គឺពួក​គេ​ត្រូវ​ដោះ​ស្រាយការ​ចំណាយ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ទៅលើ​ការព្យាបាល​ជំងឺ​នេះ។​ ស្រប​ពេល​ដែល​ចំនួន​ប្រជាជន​កម្ពុជា​ដែល​មាន​ជំងឺ​តម្រងនោម​កំពុង​កើន​ឡើង​នោះ​ ​ ហេដ្ឋា​រចនាសម្ព័ន្ធ​សុខាភិបាល​របស់​កម្ពុជា​នៅ​លើ​ផ្នែក​នេះនៅមិន​ទាន់​ត្រៀម​ខ្លួន​ជា​ស្រេច​នៅ​ឡើយ​ទេ។

អ្នក​ជំងឺ​មួយ​រូប​អង្គុយ​សម្រាក​ក្រោយ​ការលាង​ឈាម​ នៅ​បរិវេន​មជ្ឃមណ្ឌលលាង​ឈាម​មួយនៅក្នុង​ទីក្រុង​ភ្នំពេញ, នៅថ្ងៃទី​២៣ ខែមករា​ ឆ្នាំ​២០១៨។ (Khan Sokummono/ VOA)
អ្នក​ជំងឺ​មួយ​រូប​អង្គុយ​សម្រាក​ក្រោយ​ការលាង​ឈាម​ នៅ​បរិវេន​មជ្ឃមណ្ឌលលាង​ឈាម​មួយនៅក្នុង​ទីក្រុង​ភ្នំពេញ, នៅថ្ងៃទី​២៣ ខែមករា​ ឆ្នាំ​២០១៨។ (Khan Sokummono/ VOA)

នៅ​ក្នុង​ប្រទេស​កម្ពុជា​ គេ​ពុំ​អាច​វះ​កាត់ប្តូរ​តម្រង​នោម​ ឬ​ក្រលៀននៅ​ឡើយ​ទេ។ ​ដូច​នេះ​វិធី​សាស្ត្រ​ដែល​គេ​អាច​ធ្វើ​បានគឺ​ការ​លាង​ឈាម។ ​មជ្ឈមណ្ឌល​លាង​ឈាម​នៅ​មាន​ចំនួន​តិចតួច ​ហើយ​អ្នក​ឯកទេស​ជំងឺ​តម្រង​នោម​នៅ​មាន​កម្រិត​តិចតួច។

វេជ្ជបណ្ឌិត​ចាន់​ សុវណ្ណឌី​ អ្នក​ឯកទេស​ព្យា​បាល​ជំងឺ​តម្រង​នោម​ និង​ជា​អនុប្រធាន​សមាគម​គ្រូពេទ្យ​តម្រង​នោម​កម្ពុជា​ដែល​មាន​សមាជិក​១១​នាក់​ បាន​ឲ្យដឹង​ថា​ អាត្រា​អ្នកកើត​ជំងឺ​តម្រង​នោម​បាន​កើន​ឡើង​ខ្លាំង ​ហើយ​នៅ​កម្ពុជា​ កត្តា​នាំមុខ​ដែល​ឲ្យ​វិវត្ត​ជា​ជំងឺ​តម្រង​នោម​នេះ​គឺ​ជំងឺ​ទឹកនោម​ផ្អែម​ និង​សម្ពាធ​ឈាម​ខ្ពស់​(ឬ​លើស​ឈាម)។​

«ស្រុក​គេ​ក៏មាន​ដូចគ្នា​ដែរ​ តែគ្រាន់​តែ​ថា​ អត្រា​នៃ​ការ​វិវត្ត​នឹង​វា​តិច ​បើយើង​គិត​តាម​ភាគរយ។​ តែ​បើស្រុក​ខ្មែរ​យើង​ គឺអ្នក​ជំងឺ​ទឹក​នោមផ្អែម​ ដូច​ខ្ញុំ​ថា ជំងឺ​ទឹក​នោម​ផ្អែម​ជា​កត្តា​ប្រឈម​មួយ​វិវត្ត​ទៅ​ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ​ហ្នឹង។​ វាវិវត្ត​ទៅ​ច្រើន​ ហើយ​លឿន។ ​អីចឹង​ហើយ​បាន​ជា​អាត្រា​អ្នក​លាង​ឈាម​របស់​យើង​កើន​ឡើង។ ​ឡើង​ហ្នឹង​ ឡើង​ខ្លាំងមែន​ទែន​ ​គួរឲ្យ​កត់​សម្គាល់»។​

នៅ​ក្នុង​ឆ្នាំ​២០១៧​ ចំនួន​អ្នក​លាង​ឈាម​ដោយសារ​តម្រង​នោម​ខូច​ ឬខ្សោយ​មាន​ប្រមាណ​៦០០​នាក់ ​ទូទាំង​ប្រទេស។​ ​នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត​ ចាន់ សុវណ្ណឌី។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​ ចំនួន​នេះ​គឺកើន​ឡើង​ប្រមាណ​ ចន្លោះ​ពី១០​ទៅ​២០ភាគ​រយពីឆ្នាំ​២០១៦។​ ​តែ​ទោះជាយ៉ាង​ណា​ក៏ដោយ ​លោក​ប្រាប់​វីអូអេ​ថា​ ​ទិន្នន័យ​នេះ​គឺគ្រាន់តែជា​ការ​អង្កេត​តាមដាន​ជាទូទៅ ​លើ​ចំនួន​អ្នក​ដែល​បានទទួល​ការ​សម្រាក​ព្យាបាល​នៅ​តាម​មជ្ឈ​មណ្ឌលនានា​តែ​ប៉ុណ្ណោះ។

ប្រជាជន​ក្រីក្រ​មួយ​ចំនួន​ទៀតដែល​ត្រូវការ​ការ​ព្យាបាល​ជំងឺ​តម្រងនោមមិន​មាន​លទ្ធភាព​ទទួល​បាន​ការ​ព្យាបាល​ទេ។​ មិន​តែ​ប៉ុណ្ណោះ​ ពួកគេ​មួយ​ចំនួនមិន​ដឹង​ថា ​ពួក​គេ​មាន​ជំងឺ​តម្រង​នោមទេ ព្រោះ​ជំងឺ​នេះ​ពុំ​បញ្ចេញ​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ​ រហូត​ដល់​ដំណាក់​កាល​ស្ទើរ​ចុង​ក្រោយ​ទៅ​ហើយ​ទើប​ដឹង។​ ដូច្នេះ​ហើយ​ទើប​គ្រូពេទ្យ ​និង​អ្នក​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រហៅ​ជំងឺ​នេះ​ថា​ ជា​«ឃាតក​ស្ងប់ស្ងាត់»។​

ការ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ នៅ​ឆ្នាំ​២០១៥​ បាន​ធ្វើ​តេស្តអ្នក​ជំងឺ​ជិត​១០០០​នាក់នៅ​កម្ពុជា ​ដែល​ពុំមាន​ប្រវត្តិ​ ឬ​រោគ​សញ្ញា​នៃ​ជំងឺ​តម្រង​នោម​ទេ។ ​គេរក​ឃើញ​ថា​ មាន​យ៉ាងហោច​ណាស់១​ភាគ​៣នៃ​អ្នក​ទាំង​នោះ​មាន​ម៉ូលេគុល​ប្រូតេអ៊ីន​ ឬ​ឈាម​នៅក្នុង​ទឹកនោម​ ដែល​ជា​រោគ​សញ្ញា​សម្គាល់​នៃ​បញ្ហាតម្រង​នោម។​ ជា​សរុប ការ​តេស្ត​ទឹក​នោម​ទូទៅ​បង្ហាញ​ថា​ មានជាងពាក់​កណ្តាល​មានពីភាព​មិន​ប្រក្រតី។​

អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នេះ​បាន​សន្និដ្ឋាន​ថា៖​

«កម្ពុជា​ត្រូវការជាចាំបាច់​ និង​ឲ្យ​បាន​លឿននូវកម្មវិធីតាម​ដាន​ពិនិត្យ​សុខភាព​ក្នុង​សហគមន៍ ដោយ​ស៊ី​ជម្រៅ​សម្រាប់​អ្នកជំងឺ​លើស​ឈាម និង​ជំងឺ​តម្រង​នោម​ដើម្បី​បង្ការ​ការ​ខូច​តម្រងនោម​ដំណាក់​កាល​ចុង​ក្រោយ»។​

ចំណែក​ឯ​ការ​ស្រាវ​ជ្រាវ​ដោយ​ឡែក​មួយ​ទៀត​ នៅ​ឆ្នាំ​២០១៥​ដែរបាន​ប៉ាន់​ប្រមាណ​ថា​ ​ជិត​៤០​ភាគ​រយ​នៃ​អ្នក​ជំងឺទឹក​នោម​ផ្អែម​នៅ​កម្ពុជាបានឈាន​ទៅដល់​ការ​ខូច​តម្រង​នោម​ គឺ​សរុប​ជិត​១០​ម៉ឺន​នាក់។​

អ្នក​ស្រាវជ្រាវ​របាយ​ការណ៍​នេះ​បាន​សរសេរ​ថា ​លទ្ធផល​នៃ​ការស្រាវ​ជ្រាវ​នេះ​ សង្កត់​ធ្ងន់​ទៅ​លើ​«សារៈ​សំខាន់​នៃ​កម្មវិធី​តាមដាន​ពិនិត្យ​សុខភាពនៅក្នុង​ប្រទេស​ខ្វះខាត​ធនធាន ​ដូចជាកម្ពុជា​ជាដើម​ ដែល​ប្រព័ន្ធ​សុខា​ភិបាល​នៅ​មាន​កម្រិត​ក្នុងការ​ទទួល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ជា​កត្តា​សំខាន់ជា​សាកល​ ក្នុង​ការ​ទទួល​បាន​ការ​ព្យាបាល​តាម​រយៈ​ការ​ថែទាំ​តម្រង​នោម​(ដែល​រួមទាំង​ការលាង​ឈាម​ជាដើម)»។​

សំណេរ​ស្រាវ​ជ្រាវ​បន្ថែម​ថា៖​

«នៅ​ប្រទេស​ទាំងនោះ​ អ្នក​ដែល​មាន​អាការៈ​ខូច​តម្រង​នោម​ដំណាក់​កាល​ចុង​ក្រោយ​ [ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ] ភាគ​ច្រើន​ប្រឈម​នឹង​ការ​ស្លាប់ក្រោយ​ពីកើត​ជំងឺ​នេះ»។​

លាង​ឈាម​និង​មិនលាងឈាម​នៅ​តែ​លំបាក

«កម្មវិធី​តាមដាន​ពិនិត្យ​សុខភាព​ក្នុង​សហគមន៍»​បានលើក​ឡើង​ថា ការ​ស្រាវ​ជ្រាវ​ទាំង​នោះ​នៅ​មិនទាន់​មាន​ជាក់ស្តែង​ទេ​នៅ​កម្ពុជា។ ​បញ្ហា​ផ្សេង​ទៀត​នោះគឺ​ការ​ទទួល​បានការព្យាបាលថែទាំ​តម្រង​នោម​តាម​រយៈ​ការ​លាងឈាម​តែម្តង​គឺ​នៅមានភាព​ខ្សត់ខ្សោយ ​(ខុស​ពីប្រទេសក្បែរ​ខាង​គឺ​នៅឯ​ប្រទេសថៃ ​ដែល​អ្នក​ជំងឺ​ខូច​តម្រង​នោម​ក៏​មាន​ចំនួន​ខ្ពស់​ដែរ​ ក៏​ប៉ុន្តែ​គេ​មាន​កម្មវិធី​ធានា​រ៉ាប់រង​ជា​លក្ខណៈ​សាកល​លើ​ការ​លាង​ឈាម​ គឺ​ការ​សម្រាល​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​ ឬ​ការ​ចាយ​វាយដើម្បី​ទទួល​បាន​សេវា​ព្យាបាល​ថែទាំ​សុខភាពរបស់​អ្នក​ជំងឺ​តម្រង​នោម)។​

តួនាទី​របស់​តម្រង​នោម​គឺ​ការ​បន្សុទ្ធឈាម ​ដោយ​ត្រង​ចេញនូវ​ជាតិពុល។​ នៅ​ពេល​ដែលតម្រងនោម​ដំណើរ​ការ​មិន​ល្អ​ អ្នកជំងឺអាច​ទទួល​យក​ជម្រើស​លាងឈាម​ ដែល​ជា​ប្រតិបត្តិការ​មួយ​ធ្វើឡើង​ដោយ​ការប្រើប្រាស់​ម៉ាស៊ីន​បូម​ឈាម​តាម​បំពង់​ចេញ​ពី​រាងកាយ​ ហើយបន្សុទ្ធ រួច​បញ្ចូល​ទៅក្នុង​រាយ​កាយ​វិញ។​

ការ​លាង​ឈាម​មាន​តម្លៃ​ថ្លៃ​ ហើយ​ចំណាយ​ពេល​វេលា​ច្រើន។ ​ផល​ប៉ះពាល់​របស់​វា​រួម​មាន​ ការ​ហត់​អស់​កម្លាំង ​សម្ពាធ​ឈាម​ចុះទាប​ និង​អាច​មាន​ហានិភ័យ​ឆ្លង​មេរោគ​ជាយថា​ហេតុ។

អ្នក​ជំងឺ​ខូច​តម្រងនោម​ ឬជំងឺខូចគ្រលៀន លាង​ឈាម​ក្នុងមជ្ឈមណ្ឌលមួយ​នៅ​ទីក្រុង​ភ្នំពេញ​។​ ការលាង​ឈាម​ ជា​ការត្រងកាកសំណល់​នានា​ ដើម្បី​បន្សុទ្ធ​ឈាម ដោយ​ប្រើម៉ាស៊ីន​ ​ពីព្រោះតម្រងនោម​ មិនអាច​បំពេញមុខ​ងារ​របស់វាបាន​។ (ខាន់​ សុគុំមនោ/ VOA)
អ្នក​ជំងឺ​ខូច​តម្រងនោម​ ឬជំងឺខូចគ្រលៀន លាង​ឈាម​ក្នុងមជ្ឈមណ្ឌលមួយ​នៅ​ទីក្រុង​ភ្នំពេញ​។​ ការលាង​ឈាម​ ជា​ការត្រងកាកសំណល់​នានា​ ដើម្បី​បន្សុទ្ធ​ឈាម ដោយ​ប្រើម៉ាស៊ីន​ ​ពីព្រោះតម្រងនោម​ មិនអាច​បំពេញមុខ​ងារ​របស់វាបាន​។ (ខាន់​ សុគុំមនោ/ VOA)

មជ្ឈមណ្ឌល​លាង​ឈាមនៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​មាន​គ្រែ​ប្រមាណ២០។ អ្នក​លាង​ឈាម​ម្នាក់ៗ​ត្រូវ​ចំណាយ​ពេល​ប្រហែល​៤​ម៉ោង​ ឬ​កន្លះ​ថ្ងៃ។ ​ក្នុង​មួយថ្ងៃ​មជ្ឈ​មណ្ឌល​លាង​ឈាមអាច​ផ្តល់​សេវា​បាន​៣​វេន មា​ន​ន័យថា​ មាន​អ្នក​ជំងឺ​ប្រហែល​៦០​នាក់​ក្នុងមួយថ្ងៃ​អាច​ទទួល​បាន​ការ​ព្យាបាល​ថែទាំ​នៅ​មជ្ឈមណ្ឌល​មួយ​នេះ។​ ​នៅមិន​ឆ្ងាយ​ពី​គ្នានេះ​ មាន​មជ្ឈមណ្ឌល​លាងឈាម​ជាស៊ីម​ នៅក្បែរមន្ទីរពេទ្យ​កាល់ម៉ែត​ ដែល​មាន​ចំនួន​គ្រែ​ប្រហាក់​ប្រហែល​គ្នា ហើយ​ទទួល​លាង​ឈាម​ជា​វេន​ដូចគ្នា​ តាម​ការ​ណាត់​របស់ពេទ្យ។ ​អ្នក​ជំងឺ​ម្នាក់​ត្រូវ​លាង​យ៉ាង​ហោច​ណាស់២​ដង​ក្នុង​មួយ​សប្តាហ៍។ ទីតាំង​លាង​ឈាម​នៅ​ភ្នំពេញ ​មាន​២​កន្លែង​ផ្សេង​ទៀត​ ដែល​គេ​ស្គាល់​ ហើយ​នៅ​តាម​ខេត្ត​ផ្សេងៗ​មាន៖​ ១កន្លែងនៅ​ខេត្តបាត់ដំបង​ ១​កន្លែង​នៅ​ខេត្ត​សៀមរាប​ និង​១កន្លែង​នៅ​ក្រុង​ព្រះ​សីហនុ។​

លោក គង់​ សៀត​ វ័យ​៦៨​ឆ្នាំ​ គឺ​ជា​អតីត​គ្រូ​បង្រៀន​បឋម​សិក្សា​នៅ​ខេត្ត​កំពត​ បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ចំណាយ​ប្រាក់​ យ៉ាងហោច​ណាស់​១០​ម៉ឺន​ដុល្លារ ហើយ​ក្នុង​រយៈ៥ឆ្នាំ​ដើម្បី​ព្យាបាល​ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ​ ដែល​លោក​ថា​ វា​វិវត្តពីជំងឺ​ទឹក​នោម​ផ្អែម​ និង​លើស​ឈាម​ដែល​លោក​ឈឺ​ មុន​ពេល​មាន​ជំងឺ​តម្រងនោម។​

ក្រោយ​លាង​ឈាម​ ​ លោក​គង់​ សៀតអង្គុយ​សម្រាកនៅលើ​បង់​ក្នុង​បរិវេណ​មន្ទីរពេទ្យ។ លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖

«មាន​ជំងឺនេះ​ មិន​ថា​ មាន​លុយ​ ឬ​អត់​លុយ​ទេ ​ដឹងតែ​ថា​ ដល់​ថ្ងៃមក​ ដល់​ថ្ងៃ​មក​ហើយ។​ ​បើយើង​មិន​មក​ វា​ធ្វើ​ទុក្ខ។​ ត្រូវតែមក​លាង​ឈាម​ ព្រោះ​យើង​អត់នោម។ ​តែមិន​អី​ចឹង​ វា​ស្តុក​ជាតិ​ពុល​ វា​ធ្វើឲ្យ​យើង​ហត់​អស់​កម្លាំង។​ វាធ្វើទុក្ខ​ច្រើន​សណ្ឋាន​ណាស់​ មិន​ថា​ ម៉េច​ទេ​កូន»។​

ប្រពន្ធ​របស់​លោកគង់ ​សៀត​គឺ​អ្នកស្រីឡាន់ ស៊ុនណារ៉ា​ ដែល​មក​កំដរ​លោក​ពេល​លាង​ឈាម​ម្តងៗ បាន​អង្គុយ​ជាមួយគ្នា​ ហើយ​និយាយ​រៀបរាប់​ឆ្លង​ឆ្លើយ​រឿង​រ៉ាវ​គ្រួសារ​របស់​ពួកគាត់ ដែល​អ្នកស្រី​ថា​ ពី​ដំបូងពួកគេ​ជាគ្រួសារ​មាន​ជីវភាព​ថ្នាក់​កណ្តាល។ ​ពួក​គាត់​ទាំងពីរធ្លាប់​ជា​គ្រូវ​បង្រៀន​ថ្នាក់ទី​៦​ ដូចគ្នា​នៅ​ស្រុក​កំណើត។​ អ្នក​ទាំង​ពីរ​ក៏​មាន​ដី​៣-៤​កន្លែង​ ហើយ​មាន​ឡាន​ដឹក​ទំនិញ​ខ្នាត​តូច២-៣​គ្រឿង​ ដែល​ពួកគាត់​ប្រើប្រាស់​ដើម្បីរក​ស៊ី​ផ្តល់​សេវា​កម្ម​ជួល​ដឹក​ជញ្ជូន។​

តែភ្លាមៗ​ក្រោយ​លោក​សៀត​ឈឺ​ អ្វីៗ​ប្រែប្រួល។ ក្រៅ​ពី​លា​ឈប់ការងារ​ដោយ​ចូល​និវត្តន៍​ ពួក​គេ​ចាក​ចេញ​មក​ព្យាបាល​ជំងឺ​លោក​សៀត​នៅ​ភ្នំពេញ​ ចោលផ្ទះ ​និងកូន​ស្រីពៅ​ ដោយ​ជួល​បន្ទប់នៅ​ជាយ​ក្រុង​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​លាងឈាម​ ៣​ដង​ក្នុង​មួយ​សប្តាហ៍​ ដោយ​មិនបាច់​ទៅមករវាង​ខេត្ត​កំពត​ និង​ភ្នំពេញ។ ​ហើយ​ពួកគេ​លក់​អស់​ទ្រព្យសម្បត្តិ ​ដី​ធ្លី​ និង​ឡាន​ដឹក​ទំនិញ។​

ស្ថាន​ភាព​អ្នក​ជំងឺ​តម្រងនោម​នៅ​តាម​បណ្តា​ខេត្ត​គឺប្រហាក់​ប្រហែល​គ្នានឹង​គ្រួសារ​អ្នក​ទាំង​ពីរ​ត្រង់​ថា​ ពួក​គេ​ត្រូវ​ចំណាយ​លុយ​លាង​ឈាម​ជា​មធ្យម​៦០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ក្នុង​១ខែ​ ដើម្បី​លាង​ឈាម​បាន​ទៀងទាត់ ​ក្រៅ​ពី​នោះ​មាន​ថ្លៃ​ថ្នាំ​សង្កូវ​បន្ថែម​ ថ្លៃ​ឈ្នួល​ផ្ទះ​ និង​ថ្លៃ​ធ្វើ​ដំណើរ​ទៅផ្ទះ​និង​មក ​មជ្ឈមណ្ឌល​លាងឈាម​ ហើយ​ពួក​គេ​មួយ​ចំនួន​ត្រូវការ​ចំណាយ​កម្លាំង​មនុស្ស​ម្នាក់ទៀត​ជូន​ទៅ​មក ព្រោះ​ពួកគេ​ខ្សោយ​កម្លាំង។

និយាយអំពីសេដ្ឋកិច្ច​កម្ពុជា​វិញ ​ជា​មធ្យម​ពលរដ្ឋម្នាក់​រក​ចំណូល​បាន​ប្រមាណ​ជាង​១០០​ដុល្លារក្នុង​មួយ​ខែ។​

អ្នក​ស្រី​ស៊ុន​ណារ៉ាប្រាប់វីអូអេ​បន្ត​ថា៖​

«ខ្ញុំ​ធ្លាប់​ថា​ លោក​គ្រូ​ [ពេទ្យ] ​បើ​មិនឲ្យ​ជំពាក់ទេ​មាន​តែ​ស្លាប់ ​[ព្រោះ]​៥ឆ្នាំ​ហើយ​ណា​លោកគ្រូ​ ខ្ញុំ​លក់​ខ្ទេច​ខ្ទី។ ​នៅ​សល់​ចាន​ឆ្នាំង​ទៀត​មិន​ទាន់លក់។​ តែ​ថ្ងៃ​ណា​គេ​មិន​ឲ្យ​ចូល​លាង​ស្លាប់​ប៉ុណ្ណឹង។​ យើង​អស់​លុយ​ហើយ»។​

អ្នកស្រី​បន្ថែម​ថា​ អ្នក​ដទៃ​ទៀត​ រួម​ទាំង​ក្រុម​គ្រូពេទ្យ​ផង​ ក៏​តែង​តែ​ជជែក​រឿង​នេះ​ដែរ៖​

«ខ្ញុំ​ទៅ​កន្លែង​ពេទ្យ​មុន​ហ្នឹង​ក៏គេ​ថា​ ដែរ។​ គេ​ថា ​អ៊ំ​អើយ​ រយៈពេល​ប៉ុណ្ណឹង​ហើយ​ តាម​ពិត​គួរ​តែ​ត្រូវ​មាន​កន្លែង​គេ​សង្គ្រោះ​យើង ​មាន​ហិប​អី​គេ​អនុគ្រោះ​ខ្លះ។ ​ខ្ញុំ​ថា​ មិន​ដឹង​ទៅ​ណា​ទេ​ ខ្ញុំ​សុញ​ហើយ។ ​បើ​ថា​ ដើរ​ ជិះ​រក​អស់​លុយ​ទៀត​ហើយ។ ខ្ញុំ​ចង់​វង្វេង​ហើយ ​ខ្ញុំ​គិត​ច្រើន​ពេក»។​

ការ​វះ​កាត់​ផ្លាស់​ប្តូរ​តម្រង​នោម​ឬ​ក្រលៀនពុំអាច​ធ្វើ​បាន​ទេ​នៅ​កម្ពុជា​

ការ​ព្យាបាល​តែ​មួយ​គត់​ដែល​អាច​ឲ្យ​អ្នក​ជំងឺ​ជា​សះស្បើយពីខូច​តម្រង​នោម ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ​នោះ​គឺ​ការ​វះ​កាត់​ផ្លាស់​ប្តូរ​សរីរាង្គតម្រង​នោម។​ ការវះ​កាត់នេះ​គឺ​ការ​ជា​ការ​ផ្លាស់​សរីរាង្គ​ដែល​ខូច​ ឬ​ខ្សោយ​ ដោយ​ជំនួស​មក​វិញ​ដោយ​សរីរាង្គ​តម្រង​នោម​ដែល​នៅ​ល្អ ​អាចបំពេញ​មុខងារ​បាន​ធម្មតា។ ​ការ​ផ្តល់​សរីរាង្គ​តម្រង​នោមត្រូវធ្វើ​ឡើង​តាម​ទម្រង់​បរិច្ចាគពីមនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​ និង​វះកាត់ដោយ​គ្រូពេទ្យ​ឯកទេស។​

ក៏​ប៉ុន្តែ​នៅ​កម្ពុជា ​ពុំ​ទាន់​មាន​សេវា​កម្ម​ផ្លាស់ប្តូរ​សរីរាង្គ​នេះ​ទេ​ ហើយ​ក៏​ពុំ​មានកម្មវិធី​តាម​ដាន​ពិនិត្យ​ ដើម្បី​ផ្គូផ្គង​រវាងអ្នក​បរិច្ចាគ​ ​ និង​អ្នកទទួល​សរីរាង្គ​នោះ​ដែរ។ ​ដូច​នេះ​ ប្រជាជន​កម្ពុជាទូទៅពុំ​មាន​លទ្ធភាព​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​ឡើយ​ លើក​លែង​តែ​អ្នកមាន ដែល​មាន​សមត្ថភាព​ចំណាយលុយ​ច្រើន​ក្នុងការ​វះ​កាត់ ដោយ​រួមទាំង​ការ​ចំណាយ​លើ​ថ្លៃ​យន្តហោះ​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ ប្រទេស​ថៃ​ ឬ​ប្រទេស​សិង្ហបុរី​ជា​ដើម។

នៅ​ឆ្នាំ​២០១៦​ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ហាមឃាត់​ពុំ​ឲ្យ​មាន​ការ​ទិញ​ដូរ​សរីរាង្គដើម្បី​លុប​បំបាត់​ការ​ជួញ​ដូរ​ខុស​ច្បាប់។ ​បញ្ហា​កាន់​តែ​ស្មុគស្មាញ​ ព្រោះ​អ្នក​ជំងឺ​ពុំអាច​ទទួល​បាន​ការព្យាបាល​ឲ្យ​ជា​សះស្បើយ​ដោយ​ការ​វះ​កាត់ផ្លាស់​ប្តូរតម្រងនោម​ដោយ​ស្រប​ច្បាប់​បាន​នោះ​ទេ ​លុះត្រា​គេ​អាច​បញ្ចុះ​បញ្ចូល​នរណា​ម្នាក់​ដើម្បី​ផ្តល់សរីរាង្គ​ដោយ​ឥត​គិត​ថ្លៃ។​

កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ​មាន​ក្រុម​គ្រូពេទ្យ​យោធា​មួយក្រុម​ដែល​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​ ដែល​ក្នុង​នោះ​មានឧត្តម​សេនីយ៍​ពីររូប​ផង​ ត្រូវ​បាន​ចាប់​ខ្លួន​ ដោយសារ​តែ​បាន​បង់​ប្រាក់​ទិញ​តម្រង​នោម​ពីប្រជាជន​កម្ពុជា។ ​ក្រោម​ការ​ណែនាំ​ពីក្រុម​គ្រូពេទ្យ​ចិន​ ពួកគេ​បាន​ធ្វើការ​វះកាត់​ប្តូរ​តម្រង​នោម​ឲ្យអ្នកជំងឺ​ជនជាតិ​ចិន​យ៉ាង​ច្រើន​នាក់។​

ក្រោយ​ពី​ករណី​នេះ​ត្រូវ​បានដឹង​ឮ​ជា​សាធារណៈ ​ អាជ្ញាធរ​បាន​ដក​ការចោទ​ប្រកាន់​ ​ហើយ​មន្ទីរពេទ្យ​ក៏បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​អះអាង​ថា ​ការ​ប្តូរ​សរីរាង្គ​នេះ​គឺជាផ្នែក​មួយ​នៃ​កម្មវិធី​របស់​ក្រុម​គ្រូពេទ្យ​ជនជាតិ​ចិន​ដើម្បី​បណ្តុះ​បណ្តាល​ក្រុម​គ្រូពេទ្យ​ផ្នែក​ឯកទេសវះកាត់​របស់​កម្ពុជា។ បួន​ឆ្នាំ​ក្រោយ​មក ​រហូត​ដល់​បច្ចុប្បន្ន​នេះ​ កម្ពុជា​នៅ​មិនទាន់​ធ្វើការ​វះកាត់ព្យាបាល​ជំងឺខូច​តម្រង​នោម​ដល់​ប្រជាជន​កម្ពុជាតាម​រយៈ​ការវះកាត់​ប្តូរ​តម្រងនោម​បាន​នៅ​ឡើយ​ទេ។

អ្នក​ឯកទេសជំងឺ​តម្រង​នោម​ លោក​សុវណ្ណឌី​បាន​ឲ្យ​ដឹង​ថា​ នៅ​កម្ពុជា​គឺមាន​តែ​វិធី​សាស្ត្រ​លាង​ឈាម​តែ​ប៉ុណ្ណោះ ​ដែល​អាច​ថែ​រក្សា​ជីវិត​អ្នក​ជំងឺ​ខូច​តម្រង​នោម​បាន។​

«យើង​នៅ​មិន​ទាន់​មាន​ពេទ្យ​ដែល​អាច​ដូរ​តម្រង​នោម​ដែល​មាន​ការ​សិក្សា​ច្បាស់​ទេ​ ព្រោះ​យើង​មិន​ទាន់​សិក្សា​ច្បាស់ ​ហើយ​[បច្ចេកទេស]នេះ​ទាក់ទង​នឹងពេទ្យ​វះកាត់។​ ហើយ​ក៏យើង​ធ្វើអត់​បាន​ដែរ វា​ទាក់ទង​នឹង​ច្បាប់។ ​ដូច្នេះ​យើង​មាន​តែមួយ​គឺ​ជួយ​សង្គ្រោះ​តាម​រយៈ​ការ​លាង​ឈាម​តែ​ប៉ុណ្ណឹង»។​

លោក​ សាំង សុឥន្ទរិទ្ធ​ ជា​អ្នក​កាសែត​ជើង​ចាស់​នៅ​កាសែត​ឌឹ ឃែមបូឌា ​ដេលីមួយ​រូប​បាន​រក​ឃើញ​ថា ​លោក​មាន​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃនៅ​ឆ្នាំ​២០១៦ ដោយ​ជំងឺ​តម្រង​នោម​នេះ​វិវត្ត​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​លោក​មាន​អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ​លោក​ត្រូវ​ឈប់​ពីការងារ​ជា​អ្នក​កាសែត ​ដោយសារ​តែ​វា​ធ្វើឲ្យ​លោក​អស់​កម្លាំង​ខ្លាំង​ ហើយ​ចំណាយ​ពេល​ដល់​ទៅ​២​ឬ​៣​ដង​ ក្នុង​មួយ​សប្តាហ៍​ដើម្បី​លាងឈាម។​

រហូតដល់​សព្វ​ថ្ងៃ​ លោក​លាង​ឈាម​បាន​ជាង​២០០​ដង​ហើយ។ ​លោក​ប្រាប់​វីអូអេ​ថា៖

«កាល​មុន​ពូលាង​ឈាម​ហើយ​បើកឡានមក​ផ្ទះវិញ​បាន​ តែ​ឥឡូវ​ខ្សោយ​ ខ្សោយ​ដល់​ឲ្យកូន​បើក​ជូន​មក​ផ្ទះ​[ទើប]​បាន»។​

លោក សុឥន្ទរិទ្ធទទួល​បន្ទុក​ជា​ឪពុក​មើល​ថែកូនបី​នាក់។​ លោក​បាន​ព្យាយាម​សន្សំ​ប្រាក់​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុងក្រោយដើម្បី​ឲ្យ​មានគ្រប់គ្រាន់​ល្មម​នឹង​ចំណាយ​ក្នុងការ​ប្តូរ​តម្រងនោម​នៅ​ប្រទេស​ឥណ្ឌា។​ លោក​ត្រូវ​ការ​ប្រាក់​យ៉ាងតិច៤​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​បន្ថែម។ ​ប៉ុន្តែ​ដោយ​គ្មាន​ការងារ​ផង និង​ត្រូវ​ថែទាំ​កូន៣​នាក់​ផង​ វា​លំបាក​ខ្លាំង​សម្រាប់​លោក។ ​ក្តីសង្ឃឹម​ចុង​ក្រោយ​គឺ​លោក​នឹង​លក់ដី​ដែល​លោក​បាន​រៀប​ចំ​ទុក​ដាក់​ និង​ពឹងពាក់សម្រាប់​ពេល​ចូល​និវត្តន៍។

«ឆ្នាំ​នេះ​បើអត់​បាន​ទៅ​ទេ​ គឺ​ខ្ញុំ​ហួស​ពេល​ហើយ។ ​សំខាន់​បំផុត​ខ្ញុំលក់​ដី​ដាច់​[...]​ ព្រោះ​ខ្ញុំ​ចង់​ជា។ ​យើង​អត់​ចង់​លាងឈាម​រហូត​ទេ។​ ពីរថ្ងៃ​ទៅ​ពេទ្យៗ។​ ទៅ​ម្តង​១០០[ដុល្លារ]​ ៥៥​យ៉ាង​តូច ​ដូចយើង​ដូរ​ទុយោ ​ចាក់ថ្នាំ​ទៀត​បាន​១០០»។​

វិបត្តិ​សុខភាព​សាធារណ​នៅ​ក្នុង​តំបន់​

ជំងឺ​ខូច​តម្រង​នោម​ ឬ​ខ្សោយ​តម្រង​នោមរ៉ាំរ៉ៃគឺ​ជា​បញ្ហា​សុខភាព​សាធារណៈដ៏​សំខាន់​បំផុត​មួយ​ត្រូវតែ​ដោះស្រាយនៅ​ក្នុង​តំបន់​[អាស៊ី]។​

អង្គការ​សុខភាព​ពិភព​លោក​បាន​ឱ្យ​ដឹង​ថា​ អត្រា​មរណភាព​ប្រចាំ​ឆ្នាំ​នៃ​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំរ៉ៃ​ (Chronic kidney disease)​១០​ម៉ឺន​នាក់នៅតំបន់​អាស៊ី​ កើន​ឡើង​ដល់​៧៧,៩​ភាគរយ ពី​ឆ្នាំ​១៩៩០​មក​ហើយ​គេ​ប៉ាន់​ប្រមាណ​ជា​មធ្យម​ថា​ មាន​៣,៤​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ។​

ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ​នៅ​អាស៊ី​បាន​កើន​ឡើង​៧៧,៩​ភាគ​រយ​ចាប់​តាំងពី​ឆ្នាំ១៩៩0​ ​ដែល​ជា​មធ្យម​គឺ​៣,៤​ភាគរយ​ក្នុង​មួយ​ឆ្នាំ ​ហើយ​ឡើង​ដល់​ប្រមាណ១០​ម៉ឺននាក់។​

ការ​ផ្លាស់ប្តូរ​របៀប​របប​រស់នៅ​ ដែល​រង​ឥទ្ធិពល​ពីការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ក៏​ជា​កត្តា​មួយ​ ដែល​ដឹក​មុខ​ទៅរក​ការ​ប្រឈម​នឹង​ជំងឺ​នេះ​ផង​ដែរ ​ដែលអ្នក​ស្រាវ​ជ្រាវស្គាល់​ថា ​«ជំងឺ​ដែល​កើត​ឡើង​ដោយសារ​ភាព​សម្បូរបែប»។ ​ជំងឺ​រ៉ាំរ៉ៃ​ទាំង​នោះ​គឺ​កើត​ឡើង​ដោយសារ​បែប​បទ​រស់​នៅ​មិនមាន​ទម្លាប់​ល្អ​ ដូចជា​ការ​បរិភោគ​ហួស​កម្រិត​ និងខ្វះ​ការ​បញ្ចេញ​ថាមពល​ដែលទាមទារ​ការធ្វើ​ឲ្យកាយ​សម្បទា​មាន​ភាពសកម្ម។​

នៅ​ទូទាំង​ពិភពលោក​គឺ​ជំងឺ​លើស​ឈាម​ ឬ​សម្ពាធ​ឈាម​ខ្ពស់​នេះ​ឯង​ ដែល​ជា​មូលហេតុ​ចម្បង​នៃ​មូលហេតុ​ផ្សេង​ទៀត​ដែល​វិវត្ត​ទៅ​រក​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ ​ព្រោះវា​បំផ្លាញ​សរសៃ​ឈាម​តូចៗ​ដែល​មាន​សារៈ​សំខាន់​ចំពោះ​ដំណើរ​ការ​នៃមុខងារ​តម្រង​នោម។​

នៅពេលតម្រង​នោម​ចាប់ផ្តើម​ខ្សោយ​ ឬ​ខូច​ វា​ក៏កាន់តែ​បន្តឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែរ​ ដែល​វា​នឹង​បង្កើត​បញ្ហា​បន្ថែម​មួយ​កម្រិត​ទៀត​ ប្រសិន​បើ​វា​មិន​ទទួល​បាន​ការ​ព្យាបាល។​ ប្រជាជន​ខ្មែរ​ជាច្រើន​នៅ​មិន​ទាន់​បាន​ទទួល​ការ​ថែទាំ​ ពិនិត្យ​សុខភាព​ជា​ប្រចាំ ​តាម​ទម្លាប់​ឲ្យ​ទៀងទាត់​នៅ​ឡើយ​ទេ។​ ហេតុនេះ​ហើយ​ទើប វា​ជា​ការ​ពិបាកក្នុង​ការ​ដឹង​ថា​ ខ្លួន​មាន​ជំងឺ​តម្រង​នោម​ នៅ​ដំណាក់​កាល​ដំបូងៗ​ ហើយ​ពន្យារ​ការ​ព្យាបាល​ដែល​ស្ទើរ​យឺតពេល ដែល​ខុសគ្នា​ពី​ប្រទេស​អភិវឌ្ឍន៍។​

ឯ​ជំងឺ​ទឹក​នោម​ផ្អែម​វិញ​ ក៏មាន​អាត្រា​កំណើន​ឡើង​ខ្លាំង​ដែរ​នៅ​កម្ពុជា។ ​វា​ជា​ជំងឺ​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អង់ដូគ្រីន​ ដែល​បង្កផល​ប៉ះពាល់​ដំណើរ​បញ្ជូន​ជាតិ​ស្ករ​នៅ​ក្នុង​រាយ​កាយ។​ វា​ក៏បង្ក​ផល​វិបាក​ខូច​ដល់​សរីរាង្គ​ផ្សេងៗ ពិសេសសរីរាង្គ​តម្រង​នោម​ជា​ដើម។​

អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ដែល​ធ្វើការ​លើ​ផ្នែក​សុខភាពគឺ​អង្គការ​មណ្ឌល​ព័ត៌មាន​អ្នក​ជំងឺ(MoPoTsyo)​ ​ហៅ​ការ​រីករាល​ដាល​នៃ​ជំងឺ​ទឹកនោម​ផ្អែម​នៅក្នុង​ប្រទេស​កម្ពុជា​ថា ជា​ការ​កើនឡើង«ខ្ពស់​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល» ​ដោយ​មើល​លើ​អត្រា​នៃ​ភាព​ក្រីក្រ​របស់​ប្រទេស​នេះ ​ហើយ​នៅ​តាម​តំបន់​មួយ​ចំនួន​រាល​ដាល​អាច​មាន​កម្រិត​ខ្ពស់​រហូត​ដល់​១០​ភាគរយ។​

កាលពី​ឆ្នាំមុន​ លោកម៉ម​ ​ប៊ុន​ហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ​បាន​ថ្លែង​ថា​ ប្រជាជន​ខ្មែរលើស​ពី៦០​ម៉ឺន​នាក់នឹង​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​នៅ​ឆ្នាំ​២០២៥។​

លោក​វេជ្ជបណ្ឌិត​ សុវណ្ណឌី​បានឲ្យដឹងថា​ ​ ស្រប​ពេល​ដែល​ប្រទេស​នានា និង​កម្ពុជា​កំពុង​ប្រឹង​ប្រែង​អភិវឌ្ឍ​សេដ្ឋកិច្ចដើម្បី​ការជឿន​លឿនទៅមុខ​នោះ​ បញ្ហា​សុខភាព​ប្រជា​ពលរដ្ឋក៏​អាច​ប្រឈម​ទាក់ទិន​នឹង​បំលាស់​របៀប​រស់នៅ ​ពិសេស​របប​អាហារ។

«ស្រុក​យើង​ចាប់​ផ្តើម​ញ៉ាំ​ នែ..ព្រោះ​ថា​ អា​ហ្នឹង​ច្រើន​តែ​កើត​នៅស្រុក​ដែល​មាន​សន្តិភាព​ ហើយ​ញ៉ាំ​ដូច​សម្បូរ​សប្បាយ​ញ៉ាំ។ ​ញ៉ាំ​រាល់ថ្ងៃ អត់​ដឹង​ខ្លួន​ឯង​ញ៉ាំ​ខ្លាញ់​ប៉ុន្មាន​ ប្រូតេអ៊ីន​ប៉ុន្មាន​អី។ ហើយ​បើ​ញ៉ាំ​មិនគិត​ វា​កើត​ជំងឺ​ក្រពេញ​ (endocrine disorder)​ទឹក​នោមផ្អែម​អី​ហ្នឹង​ឯង»។

លោក​វេជ្ជបណ្ឌិត​ សុវណ្ណឌី​ បាន​ឲ្យ​ដឹង​ថា ​នៅ​កម្ពុជា ​ការស្រាវ​ជ្រាវស៊ី​ជម្រៅ​ពាក់ព័ន្ធ​នឹង​ជំងឺ​តម្រង​នោម​ ដែល​អាច​យក​មក​ឆ្លុះ​បញ្ចាំង ​និង​តាមដាន​បញ្ហា​នេះ​ផ្អែក​លើ​លក្ខខណ្ឌក្នុង​ប្រទេស​គឺ​នៅ​មាន​កម្រិត​ ហើយ​លោក​បន្ថែម​ថា​ ធនធាន​មនុស្ស​ផ្នែក​វេជ្ជសាស្ត្រ​ខាង​ជំងឺ​តម្រង​នោមនៅ​មាន​តិចតួច​នៅ​ឡើយសម្រាប់​ធ្វើ​ការងារ​អស់ទាំង​នេះ។​

«ស្រុក​គេ គេ​មាន​ diet ​[ការ​ញ៉ាំតម​តាម​លក្ខខណ្ឌ​សុខភាព]។ ​អីចឹង​បាន​ខ្ញុំ​ចង់​ព្យាយាម​សិក្សា​ឲ្យ​ច្បាស់​ ឲ្យ​មាន​អ្វី​មួយ​ឲ្យ​ច្បាស់​អំពី​ Diet Therapy ​ហើយ​ចាំ​យើង​មក​ប្រាប់​ប្រជាជន​យើង។ ​អា​ហ្នឹង​អត់​អស់លុយ​ទេ!​ ​ចុះ​យើង​ពន្យល់​គាត់​ពី​របៀប​ញ៉ាំ​មាន​អស់លុយ​ឯណា?​ ​ឧទាហរណ៍​កើត​ទឹក​នោម​ផ្អែម​ លើស​ឈាម​ តម្រង​នោម​គេ​ត្រូវ​ញ៉ាំ​យ៉ាង​ម៉េច?»

ដោយ​យល់​ឃើញ​អំពី​ភាព​ចាំបាច់​ខ្លាំង លោក​ចាន់​ សុវណ្ណឌី​យល់​ថា​ ការ​បង្កើន​និង​ជំរុញជំនាញ​វេជ្ជសាស្ត្រ​ផ្នែក​បច្ចេកទេស​ជំងឺ​តម្រងនោម​នេះគឺ​សំខាន់​ខ្លាំង​សម្រាប់​ត្រៀម​ខ្លួន​ក្នុងការ​កាត់​បន្ថយ​ហានិភ័យ​ដែល​អាច​ប្រមើល​ដឹង​មុន៕

XS
SM
MD
LG