ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​ និង​ភរិយា​លោក​បាន​ចូល​គាល់​ព្រះមហាក្សត្រ ​និង​សម្តេច​ម៉ែ​នៅ​ក្រុង​ប៉េកាំង


លោកប្រធានាធិបតី Xi Jinping និងភរិយា Peng Liyuan ស្វាគមន៍ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ ​នរោត្តម​សីហមុនី និង ​ព្រះមហាក្សត្រិយានី ​សម្តេចម៉ែ​ នរោត្តម មុនីនាថសីហនុ នៅទីក្រុងប៉េកាំង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
លោកប្រធានាធិបតី Xi Jinping និងភរិយា Peng Liyuan ស្វាគមន៍ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ ​នរោត្តម​សីហមុនី និង ​ព្រះមហាក្សត្រិយានី ​សម្តេចម៉ែ​ នរោត្តម មុនីនាថសីហនុ នៅទីក្រុងប៉េកាំង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

ប្រធានាធិបតី​ចិន​ និងភរិយា​លោក​ បាន​ចូល​គាល់​ព្រះមហាក្សត្រ ​និង​សម្តេច​ម៉ែ នៅ​ក្រុង​ប៉េកាំង។​ ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា ជំនួប​នេះ​ជា​ការ​បញ្ជាក់​ពី​ការ​គាំទ្រ របស់​ចិន​លើ​របប​រាជានិយម ​និង​រដ្ឋាភិបាល​ថ្មី ដែល​កើតចេញ​ពីការ​បោះឆ្នោត​ដែល​មាន​ភាព​ចម្រូងចម្រាស​លើ​ភាព​ស្របច្បាប់។

ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង និង​ភរិយា​របស់​លោក​គឺ​លោកស្រី ​ប៉េង លីយួន​កាលពី​ថ្ងៃពុធ​ បាន​ចូល​គាល់​ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ ​នរោត្តម​សីហមុនី និង ​ព្រះមហាក្សត្រិយានី ​សម្តេចម៉ែ​ នរោត្តម មុនីនាថសីហនុ ​មុន​ពិធីបុណ្យ​សែន​ព្រះ ខែ ​នៅក្រុង​ប៉េកាំង។ ​នេះ​បើ​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​ប្រទេសចិន ​Xinhua ​ដែល បាន​រាយការណ៍ ​ហើយ​ត្រូវគេ​ផ្សព្វផ្សាយ​នៅលើ​គេហទំព័រ​របស់​ក្រសួងការ​បរទេស ចិន។

ដោយបាន​ថ្វាយ​ព្រះពរ​ដល់​ព្រះមហាក្សត្រ​និង​ព្រះមហាក្សត្រិយានី ​ឲ្យ​មាន​ព្រះរាជ សុខភាព​ល្អ​ក្នុង​ពេល​ព្រះអង្គ​ទាំងទ្វេ​គង់​នៅ​ពិនិត្យ​ព្រះរាជ្យ​សុខភាព​ក្នុង​ប្រទេស​ចិន និង​រីករាយ​ក្នុង​ពិធី​បុណ្យ​សែនព្រះខែ​ លោក ស៊ី ​បាន​មាន​ប្រសាសន៍​ថា​ ទំនាក់​ទំនង ជិតស្និទ្ធ​និងទំនាក់​ទំនង​ពិសេស​រវាង​ចិន​និងកម្ពុជា​ មាន​លក្ខណៈ​ប្រវត្តិសាស្រ្ត​យ៉ាង ជ្រាលជ្រៅ។

លោក​ក៏បាន​សង្កត់​ធ្ងន់​អំពី​ទំនាក់ទំនង​ពិសេស​៦០ឆ្នាំ​ ជាមួយ​កម្ពុជា​ថា នឹង​ការ​បន្ត​រក្សា​មិត្តភាព​ពិសេស​ជាមួយ​រាជវង្សានុវង្ស​កម្ពុជា ​តាំងពី​ជំនាន់​សម្តេច​ឳ​ព្រះបរមរតនកោដ​ សម្តេច​ព្រះនរោត្តម ស៊ីហនុ។

ទីភ្នាក់ងារ​ព័ត៌មាន ​Xinhua ​បានដក​ស្រង់​ប្រសាសន៍ ​លោក ស៊ី ​មក​បញ្ជាក់​ទៀត​ថា ៖ «ចាប់ពីឆ្នាំ​ ២០១៦ ​រហូតមក​ដល់ពេល​នេះ​ ខ្ញុំ​បាន​ជួបជា​មួយ​ព្រះមហាក្សត្រ ​សីហមុនី និង​ព្រះមហាក្សត្រិយានី​ សម្តេចម៉ែ ​មុនីនាថ​ ជារៀង​រាល់ឆ្នាំ​ ដូចជា​ការជួបជុំ​គ្នារវាង សមាជិក​គ្រួសារ‍» ។

លោក ស៊ី​ បាន​ហៅ​ការប្រាស្រ័យ​ទាក់ទងគ្នា​ជាញឹក​ញាប់​រវាង​ប្រទេស​ទាំងពីរ​ថា​ មាន កម្រិត​ផ្លូវការ​ខ្ពស់​ ក៏ដូចជា​ក្នុងចំណោម​ប្រជាជន​ដែល​លោក​អះអាង​ថា​«ដូចជា​សាច់ ញាតិ​ជិតស្និទ្ធ»។

លោក​ក៏បាន​អបអរសាទរ​ការ​បោះឆ្នោត​សកលនៅ​កម្ពុជា ​ហើយ​លោក ស៊ី ​បាន​សម្តែង​ក្តី​ប្រាថ្នា​របស់​លោក​ថា​ ប្រទេស​អាស៊ីអាគ្នេយ៍​ទទួល​បាន​សមិទ្ធផល​ថ្មី ​និង​ធំ​ធេង​នៅក្នុង​ការអភិវឌ្ឍ​ជាតិ​របស់​ខ្លួន។

លោក ស៊ី​ បាន​មាន​ប្រសាសន៍​ថា​ ប្រទេសចិន​យក​ចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ទំនាក់ ទំនង​របស់ខ្លួន​ជាមួយ​ប្រទេស​កម្ពុជា​ ហើយនឹង​ធ្វើការ​រួមគ្នា​ជាមួយ​ភាគី​កម្ពុជា​ដើម្បី ជំរុញ​ចំណង​មិត្តភាព​ប្រពៃណី​ និង​បង្កើន​ភាព​ជាដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ ដ៏ទូលំ​ទូលាយ​ជាបន្ត​បន្ទាប់។

ថ្លែងអំណរ​គុណចំពោះ​លោក ស៊ី​ និងលោក​ស្រី ប៉េង​ ព្រះមហាក្សត្រ​ សីហមុនី​ និង សម្តេចម៉ែ ​មាន​ព្រះរាជ​បន្ទូល​ថា​ រាល់​ជំនួប​ជាមួយ​លោក ស៊ី ​និង​ លោកស្រី ​ប៉េង ​គឺដូចជា​ការជួបជុំ​ក្រុមគ្រួសារ។

ព្រះមហាក្សត្រ ​និង​សម្តេចម៉ែ ​មាន​ព្រះរាជ​អង្គការ​ទៀត​ថា ​ប្រជាជន​កម្ពុជា​សូមថ្លែង អំណរ​គុណ​ចំពោះ​ការ​គាំទ្រ​និងការ​គាំទ្រ​យ៉ាង​រឹងមាំ​ និង​យូរអង្វែង​របស់​ប្រទេស​ចិន និងការ​យកចិត្ត​ទុកដាក់​ដ៏ខ្ពង់ខ្ពស់​របស់​លោក ស៊ី ​ក្នុងការ​បង្កើត​ចំណង​មិត្តភាព​កម្ពុជា - ចិន ។

លោក​បណ្ឌិត ​ឡៅ ម៉ុងហៃ​ អ្នកវិភាគ​នៅកម្ពុជា​បានប្រាប់ ​VOA ​ថា ជំនួបនេះ​បង្ហាញ ឱ្យឃើញ​នូវអត្ថន័យ​បន្ថែមទៀត​សម្រាប់​ទំនាក់ទំនង​រឹងមាំ​រវាង​កម្ពុជា​និង​ចិន ​និង​រាជា និយម​ក្នុង​កាលទេស​នេះ។

«ក្នុងកាល​ទេស​សព្វថ្ងៃ ​ចិន​ចង់​សង្កត់ធ្ងន់​ខ្លាំង​ ថា ចិន​គាំទ្រ​ ហើយ​គាំទ្រ​ប្រព័ន្ធ​ហ្នឹងតែ ម្តង។​ ដូច្នេះ​គឺ​រួមទាំង​ស្ថាប័ន​ព្រះមហាក្សត្រ ​រាជានិយម​ហ្នឹង។ ​ហើយ​ពេលនេះ​ដែរ ប្រហែល​ជា​អាច​មានការ​បញ្ជាក់​ពិសេសៗ ​ដើម្បី​ប្រហែល​ជា​ពង្រឹង​អំណាច​របស់​ព្រះមហាក្សត្រ​យើង​ផងដែរ‍»។

ប្រទេស​កម្ពុជា​ទើប​បង្កើត​រដ្ឋាភិបាល​ថ្មីមួយ​ចេញពី​ការ​បោះឆ្នោត ​ដែល​មិន​ទាន់​មាន ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​អន្តរជាតិ​ ជាពិសេស​លោក​ខាង​លិច ​ដោយសារ​មាន ការ​រំលាយ​បក្សជំទាស់​ មេដឹកនាំ​ត្រូវជាប់​ឃុំឃាំង ​មិនអាច​ចូលរួម​ការប្រកួត​ប្រជែង ក្នុងការ​បោះឆ្នោត​កាលពី​ខែកក្កដា​ ឆ្នាំ២០១៨ ​ហើយនឹង​មានការ​ចោទ​ប្រកាន់​អំពី​ការ រឹតត្បិត​ក្រុម​សង្គមស៊ីវិល ​សារព័ត៌មាន​ជាដើម។

អ្នកវិភាគ​ប្រចាំតំបន់​លោក​បណ្ឌិត​ ឈាង វណ្ណារិទ្ធ ​បាននិយាយ​ថា វា​ជា​កាយវិការ ការទូត​ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាលថ្មី​ ដែល​កើត​ចេញ​បន្ទាប់ពី​ការបោះឆ្នោត​ដ៏​ចម្រូង ចម្រាស។

​«វា​បញ្ជាក់​អំពីមិត្តភាព​ជាប្រពៃណី​ ក៏ដូចជា​ការ​គាំទ្រ​ដ៏រឹងមាំ​របស់​ប្រទេស​ចិន​ចំពោះ រដ្ឋាភិបាលថ្មី​នៅ​រាជធានី​ភ្នំពេញ‍»។

លោក​បាន​បន្ថែម​ថា​ សម្រាប់​ប្រទេស​កម្ពុជា​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ប្រទេសចិន​នៅ តែមាន​សារៈសំខាន់៕

XS
SM
MD
LG