ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការពារ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​កាត់ទោស​ពី​បទ​សូក​ប៉ាន់​សាក្សី​​ក្នុង​សំណុំ​រឿង​ស្នេហា​របស់​លោក​ កឹម សុខា​​​គួរ​ឲ្យ​មន្ទិល


រូបឯកសារ៖ អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​ រួម​មាន​លោក នី​ សុខា លោក យី សុខសាន្ត​ លោក ណៃ វ៉ង់ដា និង​លោកស្រី លឹម មុនី នៃ​សមាគម​អាដហុក ហើយ​និង​ លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ជា​អតីត​បុគ្គលិក​នៃ​សមាគម​អាដហុក។ (រូបថត​ដោយ Martin Ennals Award)
រូបឯកសារ៖ អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំង​៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​ រួម​មាន​លោក នី​ សុខា លោក យី សុខសាន្ត​ លោក ណៃ វ៉ង់ដា និង​លោកស្រី លឹម មុនី នៃ​សមាគម​អាដហុក ហើយ​និង​ លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ជា​អតីត​បុគ្គលិក​នៃ​សមាគម​អាដហុក។ (រូបថត​ដោយ Martin Ennals Award)

នៅ​​​ថ្ងៃ​ពុធ​​នេះ​ ចៅក្រម​តុលាការ​​ភ្នំពេញ​បាន​សម្រេច​កាត់​ទោស​មន្រ្តី​ ​និង​អតីត​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​៥​រូប​របស់​សមាគម​អាដហុក ​ឲ្យ​ជាប់​ពន្ធនាគារ​​ម្នាក់ៗ​​ចំនួន​៥​ឆ្នាំ​ ពីបទ​​សូក​ប៉ាន់​សាក្សី​ និង​​សម​គំនិត​សូកប៉ាន់​សាក្សី​​ក្នុង​សំណុំរឿង​​ស្នេហា​គួរ​ឲ្យ​មន្ទិល​របស់​មេបក្ស​ប្រឆាំង​​ជាមួយ​នារី​កាត់​សក់​វ័យ​ក្មេង​ម្នាក់។​ក្រុម​​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​​ទាំង​ជាតិ​និង​អន្តរជាតិ​បាន​រិះគន់​ថា​ ការ​កាត់​ទោស​​នេះ​​មាន​ចរិត​នយោបាយ​ ​និង​​​ប៉ះពាល់​​​​​​​ដំណើរ​ការ​​​​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ​បាន​សម្រេច​កាត់​ទោស​មន្រ្តី​ ​និង​អតីត​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​៥​រូបរបស់​សមាគម​អាដហុក​ ម្នាក់ៗ​មាន​ទោស​ជាប់​ពន្ធនាគារ​ចំនួន​៥ឆ្នាំ ពី​បទសូក​ប៉ាន់សាក្សី​ ​និង​សម​គំនិត​សូកប៉ាន់​សាក្សី​ ​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​របស់​មេបក្ស​ប្រឆាំង​ ​ជាមួយ​នាង​ខុម ចាន់​តារ៉ាទី។ ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ។​ ​

មន្ត្រី​ទាំង​៥​រូប​រួម​មាន​ លោកនី សុខា​ ​លោកយី សុខសាន្ត​ ​ លោកណៃ វ៉ង់ដានិង​អ្នកស្រីលឹម មុនី​ ​ជា​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ ​និង​លោក​នី ចរិយា​ ​អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប.)និង​ជា​អតីត​មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០១៨​ បាន​បើក​សវនាការលើ​អ្នក​ទាំង​ប្រាំអស់​រយៈពេល​ជិត​១០​ម៉ោង​ ​ដោយ​មិនមាន​វត្តមានរបស់​នាងខុម ចាន់តារ៉ាទីហៅ​ស្រី​មុំ។​

ក្នុង​ការ​ប្រកាស​សាលក្រម​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ គេ​ឃើញ​មាន​វត្តមានរបស់​អ្នកស្រីលឹម មុនី​ ​លោកនី សុខា​និង​លោក​នី ចរិយាព្រម​ទាំង​តំណាង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ(ACU)​ជា​ច្រើន​នាក់​ ​និង​តំណាង​ស្ថាន​ទូត​មួយ​ចំនួន​ផង។​

ក្នុង​សវនាការ​ដែល​មាន​មន្រ្តី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថត​វីដេអូ​ដោយ​សេរី​នោះ​ លោក​ចៅ​ក្រម​ឌុច សារិនបាន​អាន​កំណត់​ហេតុ​នៃការ​សួរ​ចម្លើយអ្នក​ពាក់ព័ន្ធ​អស់​រយៈពេល​៣០​នាទី ​ទើប​ប្រកាស​ថា ​កាត់ទោស​មន្រ្តី​អាដហុក​ចំនួន៤​រូប​គឺ​លោកនី សុខា​ ​លោកយី សុខសាន្ត​ ​លោកណៃ វ៉ង់ដា​និង​អ្នកស្រី​លឹម មុនី​ ដាក់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន​៥​ឆ្នាំពីបទ​សូក​ប៉ាន់​សាក្សីនិង​កាត់​ទោស​លោកនី ចរិយា​ អតីត​មន្រ្តី​អាដហុក​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​ដូចគ្នា​ ពីបទ​សមគំនិត​សូកប៉ាន់​សាក្សី។ ​យ៉ាង​ណាក្តី​ ​លោក​ចៅក្រម​បាន​ប្រកាស​ព្យួរទោសពួកគេ​ដែល​នៅ​សល់រយៈពេល​ជាង​៣​ឆ្នាំ​ ដោយ​មូល​ហេតុ​ថា​ ​ពួកគេ​បាន​ធ្វើ​ការងារ​សង្គម​ដោយជួយ​ការពារ​ផ្នែក​សិទ្ធិ​មនុស្ស​ជា​ច្រើន​ឆ្នាំ។​

លោកឌុច សារិនប្រកាស​តាម​ន័យ​ដើម​ថា៖​

«ទោស​នេះ​ត្រូវ​កំណត់​ពី​ការ​ដាក់​ពន្ធនាគារពី​ថ្ងៃ​ទី​២ ​ខែ​ឧសភា​ ឆ្នាំ​២០១៦រហូត​ដល់​ថ្ងៃ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ​កាល​ពី​ថ្ងៃទី​២៩​ខែ​មិថុនា​ឆ្នាំ​២០១៧ ​ក្រៅ​ពី​នេះត្រូវ​ព្យួរ»។​

លោក​ចៅក្រម​បាន​អះអាង​ថា​ មន្រ្តី​អាដហុក​ទាំង​បួន​រូប​បានបង្គាប់​ឲ្យ​នាងខុម ចាន់តារ៉ាទីឆ្លើយ​កុហក​សមត្ថកិច្ច​ និង​ថា ​លោក​នី ចរិយា ​អតីត​មន្រ្តី​អាដហុក ​និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រងគណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ ​(គ.ជ.ប.)​ ជា​អ្នក​សមគំនិត​សូកប៉ាន់​សាក្សី​តាម​រយៈការ​ជួយ​រៀបចំ​គម្រោងឲ្យ​នាងខុម ចាន់តារ៉ាទី​ចេញ​ទៅ​ក្រៅ​ប្រទេស។​ ចំណែក​ការ​ចោទ​លោក​នី ចរិយាត្រូវ​បាន​ចៅក្រម​បញ្ជាក់​ថា ​ធ្វើ​ឡើង​តាម​រយៈ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយដែល​ថត​សំឡេង​នៃ​ការ​សន្ទនា​ឯកជន​តាមទូរស័ព្ទ​រវាង​លោកនី ចរិយានិង​មន្រ្តីអង្គការ​សហ​ប្រជាជាតិ​ជជែក​ពី​គម្រោង​នោះ។​ ​យ៉ាង​ណា​ក្តី​ លោក​ចៅ​ក្រម​លើក​ឡើងថា​ មន្រ្តី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​បុព្វសិទ្ធិក្នុង​ការ​ថត​សំឡេង​នៃ​ការ​សន្ទនា​ឯកជន​នោះ។

រូបឯកសារ៖ លោក​នី ចរិយា​ អគ្គ​លេខាធិការ​រង​គ.ជ.ប.​ និង​មន្ត្រី​សមាគម​អាដហុក​បួន​រូប​ផ្សេង​ទៀត​ រួម​មាន​លោក​នី សុខា​ លោក​ណៃ វ៉ង់ដា​ លោក​យី សុខសាន្ត​ និង​លោក​ស្រី​លឹម មុន្នី ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក​នី ចរិយា​ អគ្គ​លេខាធិការ​រង​គ.ជ.ប.​ និង​មន្ត្រី​សមាគម​អាដហុក​បួន​រូប​ផ្សេង​ទៀត​ រួម​មាន​លោក​នី សុខា​ លោក​ណៃ វ៉ង់ដា​ លោក​យី សុខសាន្ត​ និង​លោក​ស្រី​លឹម មុន្នី ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​ និង​នាំ​ទៅ​សាកសួរ​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ២០១៧។

​មន្រ្តី​អាដហុក​ទាំង​៥​រូប ​ដែល​ជាប់​ចោទ​ពី​បទ​សូក​ប៉ាន់​សាក្សីនិង​សម​គំនិត​សូក​ប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​គួរ​ឲ្យ​មន្ទិល​របស់អ្នក​នយោបាយគណបក្សប្រឆាំង​នេះ ​ត្រូវ​បាន​ចាប់​ខ្លួន​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​កាលពី​ខែ​មេសា​ ​ឆ្នាំ​២០១៦។​ ​ពួកគេ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ឆ្នាំចុង​ខែ​មិថុនាឆ្នាំ​២០១៧​កន្លង​ទៅ​ ​បន្ទាប់​ពី​តុលាការ​ឃុំ​ខ្លួន​ពួកគេ​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ។​

​នៅ​ខាង​ក្រៅ​តុលាការ ក្រោយ​ចេញ​ពី​ស្តាប់​ការ​ប្រកាស​សាល​ក្រម​ ​អ្នកស្រី លឹម មុនី​ ​មន្រ្តី​អាដហុក​ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​ការ​សម្រេច​របស់​តុលាការ​មាន​ភាព​អយុត្តិធម៌​សម្រាប់​មន្រ្តី​ និង​អតីត​មន្រ្តី​អាដហុក​ទាំង​៥​នាក់។​ អ្នកស្រី​បញ្ជាក់​ថា ​ អ្នក​ស្រីមិន​បាន​បង្គាប់​នាង​ខុម ចាន់តារ៉ាទី​ឲ្យ​និយាយ​កុហក​សមត្ថកិច្ច​ដូចការ​ចោទ​ប្រកាន់​របស់​តុលាការនោះ​ទេ។​

អ្នកស្រី​បញ្ជាក់​ថា៖​

«មាន​ការ​បំផ្លើស​ខ្ញុំ​ ​និង​ពួកខ្ញុំ​ទាំង​៥​នាក់​នេះ​ជាច្រើន​ចំណុច​ ​ដែល​ពួកខ្ញុំ​បាន​ឆ្លើយ​បំភ្លឺនៅ​តុលាការ​ ដោះ​បន្ទុក​អស់​ហើយ។​ ​ចំពោះ​ខ្ញុំគឺ​អត់​ទាល់​តែ​សោះ»។​

ចំណែក​លោក​ ​នី សុខា​ ​មន្រ្តី​អាដ​ហុក​មួយ​រូប​ទៀត​ដែលធ្លាប់​ដួល​សន្លប់​ក្នុង​ពន្ធនាគារ​កាលពី​អំឡុង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ​ប្រាប់​អ្នកសារ​ព័ត៌មាន​ដែរ​ថា​ ការ​សម្រេច​របស់​តុលាការ ធ្វើ​ឡើង​ដោយ​មិនសម​ហេតុ​ផល និង​ថា លោក​មិនបានធ្វើ​ដូចការ​ចោទ​ប្រកាន់​នោះទេ។

លោកបញ្ជាក់ថា៖ «យើងបាន​ឆ្លើយ​តប​រួច​ហើយ​កាល​ពី​ពេល​សវនាការ​សួរ​ដេញ​ដោល គឺថា​ពួក​យើង​បាន​បដិសេធ​ហើយ​ថា​យើង​មិន​បាន​ទៅ​បញ្ចេះ​បង្គាប់​បញ្ជា​ឲ្យ​ ខុម ចាន់តារ៉ាទី ទៅ​ឆ្លើយ​បង្វៀង ឬ​ក៏​ឆ្លើយ​មិន​ពិតនៅ​ក្នុង​ប្រការ​ណាមួយ​ទេ គឺយើង​បាន​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា​យើង​ធ្វើ​ការ​ក្នុង​នាម​ជួយ​សង្គម​ដើម្បីធ្វើ​ម៉េច​ឲ្យ​មាន​ភាព​យុត្តិធម៌​តែ​ប៉ុណ្ណឹង​ទេ យើង​មិន​បាន​បង្គាប់​បញ្ជា​នរណា​ទេ»។

​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​មន្រ្តី​អាដហុក​ទាំង​៥​យក​ទៅ​ឃុំខ្លួន​កាល​ពី​ខែមេសា​ឆ្នាំ​២០១៦​គឺ​ផ្តើម​ចេញ​ពី​ការ​ផ្តល់​សេវា​ផ្លូវ​ច្បាប់​ដល់នាងខុម ចាន់តារ៉ាទីហៅស្រី​មុំ​ដែល​ពេល​នោះ​នាង​បាន​រងការវាយ​ប្រហារ​តាម​រយៈការ​បង្ហោះផ្សព្វ​ផ្សាយ​ខ្សែ​អាត់​សំឡេង​មួយ​ចំនួន​ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ព្យាយាម​បង្ហាញ​ថា ​នាង​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​លោក​កឹម សុខា។​

ក្រោយ​ទទួល​បាន​ជំនួយពីមេធាវី​គឺអ្នកស្រី​ ​ទ្រី ​ឈួន​ ជា​អ្នក​ការពារ​ក្តី​ចាត់​តាំង​ដោយ​អង្គការ​អាដហុក​ នា​ពេល​នោះ ​រួម​និង​ទឹក​ប្រាក់​ប្រមាណ​ជា​២០០​ដុល្លារ​ពី​មន្រ្តី​អាដហុក​ទាំង​៥​ ដូច​ដែល​តែង​ជួយ​ជន​រងគ្រោះ​ផ្សេងៗ​នា​ពេល​កន្លង​ទៅនោះ​ ​នាង​ខុម ចាន់តារ៉ាទី​ហៅ​ស្រីមុំ​បាន​ធ្វើ​ឲ្យ​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជា​ស្រ្តី​ ​និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​មាន​ការ​ភ្ញាក់​ផ្អើល​ និង​សោក​ស្តាយ​ ​បន្ទាប់​ពី​នាង​បាន​ចោទ​ក្រុម​មន្រ្តី​អាដហុក​ទាំង​នោះ​ថា​ ​បាន​ធ្វើ​សកម្មភាព​បង្គាប់​មិន​ឲ្យ​នាង​ទទួល​ស្គាល់​ខ្សែ​អាត់​សំឡេង​ ដែល​គេ​សង្ស័យ​ថា​ ជា​សំឡេង​របស់​នាងនិង​សំឡេង​របស់​លោកកឹម សុខានោះ។​

ក្រោយ​ពី​នាង​ខុម ចាន់តារ៉ាទី​បាន​ផ្តល់​ចម្លើយ​នៅ​អគ្គនាយក​ដ្ឋាន​ប្រឆាំង​ភេរវ​កម្ម ​និង​បទ​ល្មើស​ឆ្លង​ដែន​នៃ​ក្រសួង​មហា​ផ្ទៃ ​និង​នៅ​តុលាការ​ខុស​ពី​ចម្លើយ​នៅ​សមាគម​អាដហុក​ ​នាង​មិន​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ផ្ទាល់​ជា​មួយ​អ្នក​យក​ព័ត៌មាន​ទេ។​ ​ហើយ​រហូត​មក​ដល់​ពេល​នេះ​ ​ក៏​បាត់មុខ​ស្ងាត់​ឈឹង​ ដោយ​មិន​មាន​ដំណឹង​ណា​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​អំពី​នាង​នោះ​ឡើយ។​

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ទាំង​ជាតិ ​និង​អន្តរជាតិ​បាន​រិះគន់​ការ​សម្រេច​របស់​តុលាការ​ ​ដោយ​ថា​ ជា​ការ​កាត់​ទោស​ដែល​មាន​ចរិត​នយោបាយ​ ​និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​នៃ​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

លោកអំ សំអាត​ ​មន្រ្តី​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​ដែល​បា​ន​ចូលរួម​ឃ្លាំ​មើល​ដំណើរ​ការ​សវនាការ​ ​និង​ការ​ប្រកាស​សាលក្រម​នោះ​ ​បានថ្លែង​ថា​ ​លោក​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​នា​រសៀល​នេះ។​ ​លោក​បន្ថែម​ថា​ ​ការ​សម្រេច​កាត់​ទោស​មន្រ្តីនិង​អតីត​មន្រ្តី​អាដ​ហុក​ទាំង​៥​រូបនេះ​នឹង​ធ្វើស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជារង​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង។​

លោក​មាន​ប្រសាសន៍​ថា៖​

«វា​ជះ​ឥទ្ធិ​ពល​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ស្មារតី​ ​និង​អារម្មណ៍​របស់​បុគ្គលិក​ ​ឬ​ក៏​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត​ ​ដែល​មាន​ការ​ភិត​ភ័យនៅក្នុង​ការបំពេញការងារ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​បាន​ន័យ​ថា ​ជា​ការ​ជួយ​ទៅ​លើ​សកម្មជន​ផ្សេងៗ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស ឬ​ក៏​ប្រជា​ពលរដ្ឋ​ដែល​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស»។​

ចំណែក​លោក​ ​Brad Adams​ ​ប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​តំបន់​អាស៊ី​បាន​ចេញសេចក្តី​ថ្លែង​ការណ៍ភ្លាមៗ​មួយ​ ​ក្រោយ​ការ​ប្រកាស​សាលក្រម​នោះ​ ​ដោយ​បាន​ហៅ​ការ​កាត់​ទោស​នោះ​ថា មាន​ចរិត​នយោបាយ​ ​និង​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​មន្រ្តី​ ​និង​អតីត​មន្រ្តី​អាដ​ហុក​ទាំង​៥ជា​បន្ទាន់។​

លោក​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​តាម​ន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖​

«ការ​ផ្តន្ទាទោស​គ្មាន​មូលដ្ឋាន​ទាំងនេះ​បង្ហាញ​ថា​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​មាន​បំណង​ធ្វើ​ទុក្ខ​បុកម្នេញ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ​បើ​ទោះ​បីគាត់​បានពង្រឹង​អំណាច​របស់​គាត់​តាម​រយៈ​ការ​បោះឆ្នោត​ក្លែងក្លាយ​កាល​ពី​ខែ​កក្កដា​ហើយ​ក៏​ដោយ»។​

ជាមួយ​គ្នានោះ​ ​លោក​ ​Charles Santiago​ ប្រធាន​សមាគម​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ ​ ​ក៏​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទចោទ​ ​និង​បាន​និយាយ​ថា​ ​ការ​ប្រកាស​សាលក្រម​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សង្គម​ស៊ីវិល​នៅ​ទូទាំង​ប្រទេស​កម្ពុជា។​

លោក​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​តាម​ន័យ​ដើម​ថា៖

«នេះ​ក៏​បង្ហាញ​យ៉ាង​ច្បាស់​ផងដែរ​ថា​ ​បើ​ទោះបី​ជា​សម្បទាន​តូចៗ​ជាច្រើន​ដែល​លោកហ៊ុន សែនផ្តល់​ឲ្យ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ក្តី​ ​ក៏​វា​ជា​រឿង​សាមញ្ញ​មួយ​ ​នៅ​ពេល​និយាយ​អំពី​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​ ​សហគមន៍​អន្តរជាតិ​ត្រូវ​តែ​បន្ត​ជំរុញ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ជា​មូលដ្ឋាន​ ​រួម​ទាំង​ការ​ទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​ប្រឆាំង​សកម្មជន​សន្តិភាព​ និង​ក្រុម​ប្រឆាំង​រដ្ឋាភិបាល»។

រដ្ឋាភិបាល​កម្ពុជា​ នា​ពេល​ថ្មីៗ​នេះ កំពុង​ព្យាយាម​បន្ធូរ​បន្ថយ​កំដៅនយោបាយ​ ​តាម​រយៈការ​ធ្វើ​អន្តរាគមន៍​ជា​បន្ត​បន្ទាប់​ឲ្យ​មាន​ការ​ដោះ​លែង​ ​និង​លើក​លែង​ទោស​ដល់​សកម្មជន​នយោបាយ​ សកម្ម​ជន​សិទ្ធិ​មនុស្ស​ ​សកម្មជន​ដីធ្លី ​និង​អ្នកសារព័ត៌មាន​ ​ដែល​ជាប់​ទោស​ក្នុង​ពន្ធនា​គារ​នា​ពេល​កន្លង​មក។​

ក្រោយ​ការ​ទទួល​បាន​សេរីភាព​វិញ​នៅ​ឆ្នាំ​២០១៧​ ​អតីត​អ្នក​ការពារ​សិទ្ធិ​ ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ​ទាំង​ប្រាំនាក់​ ​ទទួល​បាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ Martin Ennals Prize។​

រង្វាន់​ ​Martin Ennals​ គឺសម្រាប់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​គឺ​ជា​រង្វាន់​ដែល​សហការ​ផ្តល់​ដោយ​អង្គការ​សិទ្ធិ​មនុស្សដ៏​ធំ​លើ​ពិភព​លោក​ចំនួន​១០ ​ដែល​មាន​ដូចជា​អង្គការ ​Amnesty International និង​ Human Rights Watch ដើម្បី​ផ្តល់​ជាកិត្តិយសដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភព​លោក។​

ការ​ចាប់​ខ្លួន​មន្ត្រី​ទាំង​៥​ឃុំ​ខ្លួន​នា​ពេល​កន្លង​ទៅ​ត្រូវ​បាន​សហគមន៍​អន្តរ​ជាតិ​ ​និង​អង្គការ​សហ​ប្រជាជាតិ​ចាត់​ទុក​ថា​ ​វា​គ្រាន់តែ​ជា​លេស​ដើម្បី​គាប​សង្កត់​ ​និង​រារាំង​ការ​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​សម្ដែង​មតិ ​និង​ដើម្បី​បំបិទ​សំឡេង​អ្នក​ការពារសិទ្ធិ​មនុស្ស។​ ​ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​តែង​ច្រាន​ចោល​ការ​លើក​ឡើង​ទាំង​នេះ ​ដោយ​អះអាង​ថា ​វា​ជា​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ៕

XS
SM
MD
LG