លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះបានប្រកាសរៀបចំសម្ពោធវិមានឈ្នះ-ឈ្នះក្នុងខណ្ឌជ្រោយចង្វារ រយៈពេល៣យប់៣ថ្ងៃ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី២០នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាតាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់លោក។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីនៅខេត្តកណ្តាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា កម្ពុជានឹងរៀបចំខួបអនុស្សាវរីយ៍លើកទី២០ នៅវិមានឈ្នះ-ឈ្នះ ក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីអបអរសារទរការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ។ លោកបន្ថែមថា ក្នុងរយៈពេលបីថ្ងៃនោះនឹងមានបើកឲ្យប្រជាពលរដ្ឋរាំលេងកម្សាន្ត រួមជាមួយនឹងការឆ្លងឆ្នាំផងដែរ។
លោកបញ្ជាក់ថា៖
«ដាក់រាំវង់ឲ្យពេញហ្នឹងតែម្តង។ រួចទូរទស្សន៍ប៉ុន្មាន ទូរទស្សន៍ភ្នំពេញក៏មានទូរទស្សន៍អី។ ហើយអង់តែនទូរទស្សន៍អា PNN នៅហ្នឹងស្រាប់ ដាក់ទៅ ឆាកណា ទូរទស្សន៍ណាផ្សាយ ដាក់ទៅ រាំវង់ឲ្យពេញហ្នឹងទៅ។ ថ្ងៃ ២៩-៣០-៣១ ឆ្លងឆ្នាំយើងរួមគ្នាមកឆ្លងឆ្នាំបាញ់កាំជ្រួច ឆ្លងឆ្នាំ២០១៨ ចូល២០១៩ នៅវិមានឈ្នះ-ឈ្នះរបស់យើង»។
លោកនាយករដ្ឋមន្រ្តីដែលកាន់អំណាចជាង៣ទសវត្សរ៍មកហើយនោះបន្ថែមថា ខួបលើកទី២០ នៃថ្ងៃដែលបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះ-ឈ្នះ គឺជាថ្ងៃដែលលោកនិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀតបានលះបង់គ្រប់បែបយ៉ាងដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព ពេញលេញជូនកម្ពុជា។
លោកមានប្រសាសន៍ថា៖
«នយោបាយឈ្នះ-ឈ្នះនោះហើយ ដែលធ្វើឲ្យប្រទេសកម្ពុជារបស់យើងទទួលបាននូវសន្តិភាព និងការឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ ហើយតាមរយៈនៃសន្តិភាពដែលយើងរកបានដោយលំបាក តាមរយៈនយោបាយឈ្នះ-ឈ្នះនេះ ដែលនាំមកនូវការអភិវឌ្ឍ ទាំងសេដ្ឋកិច្ចសង្គម ការកាត់បន្ថយភាពក្រីក្រ និងប្រជាជនមិនស្លាប់ទៀតទេដោយសារសង្គ្រាម»។
វិមាន «នយោបាយឈ្នះ-ឈ្នះ» កំពុងត្រូវបានសាងសង់នៅតំបន់អភិវឌ្ឍន៍ លី យ៉ុងផាត់ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ លើផ្ទៃដីទំហំ៨ហិកតា។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានអះអាងថា វិមានឈ្នះ-ឈ្នះ នេះ បានបង្ហាញពីការលះបង់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការរំដោះកម្ពុជាពីរបបខ្មែរក្រហម និងការបញ្ចប់សង្គ្រាមក្នុងស្រុកទាំងស្រុងកាលពីឆ្នាំ១៩៩៨ បន្ទាប់ពីការដកចេញកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣។
ក្រុមមន្រ្តីរដ្ឋាភិបាលកម្ពុជា តែងបដិសេធមិនប្រាប់ពីចំនួនទឹកប្រាក់នៃការចំណាយលើការសាងសង់វិមានឈ្នះ-ឈ្នះនោះ ដោយគ្រាន់តែប្រាប់ថា វិមាននេះសាងសង់ឡើងដោយប្រើប្រាស់ថវិការបស់សប្បុរសជន។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ ប្រាប់ VOA នារសៀលថ្ងៃពុធនេះថា ការប្រកាសថាការបញ្ចប់សង្គ្រាមនៅប្រទេសកម្ពុជាជាស្ថាពរ គឺកើតឡើងពីគោលនយោបាយឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្រ្តី គឺជាការលើកឡើងដើម្បីផលចំណេញផ្នែកនយោបាយប៉ុណ្ណោះ។
លោកមានប្រសាសន៍ថា៖
«កិច្ចការ ឬបេសកកម្មរបស់អ៊ុនតាក់ហើយនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីសអីហ្នឹង វាបានបញ្ចប់ធាតុផ្សំធំៗនៃសង្គ្រាមនៅប្រទេសកម្ពុជា រ៉ាំរ៉ៃតាំងពីកងទ័ពវៀតណាមចូលមកឈ្លានពាន នៅចុងឆ្នាំ១៩៧៨មកម្ល៉េះ។ ប្រសិនជាអត់មានអ៊ុនតាក់ អត់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសអីទេ ក៏អត់មានអាដេញឈ្នះ-ឈ្នះអីហ្នឹងដែរ»។
អ្នកវិភាគចាស់វស្សារូបនេះបន្ថែមថា គោលនយោបាយឈ្នះ-ឈ្នះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាធាតុផ្សំចុងក្រោយមួយ បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថាអ៊ុនតាក់ បានបញ្ចប់ដើមចមសំខាន់ៗនៃសង្គ្រាមស៊ីវិលនៅកម្ពុជារួចទៅហើយ។
លោកបញ្ជាក់ថា៖
«ធាតុផ្សំចុងក្រោយទេនៃការបញ្ចប់សង្គ្រាមនៅប្រទេសកម្ពុជាហើយថាអាហ្នឹងជាបេសកកម្មធំហើយបានជោគជ័យទាំងស្រុងតែឯងនោះ គឺខ្ញុំថាអត់សមរម្យទេ»។
បើតាមព័ត៌មានពាក់ព័ន្ធនឹងវិមានឈ្នះ-ឈ្នះ ដែលត្រូវបានបង្ហោះជាបន្តបន្ទាប់លើទំព័រហ្វេសប៊ុករបស់លោក ណឹម សុវត្ថិ អនុប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ បញ្ជាក់ថា ក្រោយពេលបញ្ចប់ការសាងសង់វិមានឈ្នះ-ឈ្នះ នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជានឹងកសាងស្តូបឈ្នះ-ឈ្នះជាច្រើនទៀតនៅតាមបណ្តាខេត្តមួយចំនួននៅទូទាំងប្រទេស។
ទន្ទឹមនឹងការប្រកាសពីការអបអរខួប២០ឆ្នាំនៃការបង្កើតគោលនយោបាយឈ្នះ-ឈ្នះ ដោយអះអាងថាជាជោគជ័យដែលកើតពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានវាយប្រហារក្រុមប្រឆាំងថាបានភូតកុហកប្រជាពលរដ្ឋបីចំណុច ពាក់ព័ន្ធនឹងការធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចក្រៅប្រទេសរបស់លោកនាពេលថ្មីៗនេះ។
លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា ចំណុចទាំងបីនោះរួមមានថាលោក ហ៊ុន សែន មិនអាចចូលទឹកដីអាមេរិកបាន ទី២ថាអាសនៈរបស់កម្ពុជាត្រូវបានព្យួរនិងទី៣ថា លោក ហ៊ុន សែន មិនអាចចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិបាន។ យ៉ាងណាក្តី លោកនាយករដ្ឋមន្រ្តីអះអាងថា ការភូតរបស់ក្រុមប្រឆាំងទាំង៣ដងនោះ ត្រូវបានបញ្ចប់នៅទីក្រុងញូវយ៉ក ក្រោយពេលដែលលោកបានចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ៕