ឃុំស្រែគរ ខេត្តស្ទឹងត្រែង — លោកហ្វុត ឃឿន ជាជនជាតិដើមភាគតិចនៅតំបន់ស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងបើកទូកម៉ាស៊ីនរបស់លោកមើលភូមិជនជាតិដើមភាគតិចនៅតំបន់ស្រែគរ១ និង២ដែលបានលិចទឹក ដោយសារទំនប់វារីអគ្គិសនីសេសានក្រោម២។ ផ្ទះ វត្តអារាម សាលារៀន ទីសក្ការៈដូនតា ដើមឈើ និងរុក្ខជាតិរបស់សហគមន៍ជនជាតិដើមភាគតិចត្រូវបានលិចលង់នៅសល់តែដំបូល និងចុងឈើតិចៗតែប៉ុណ្ណោះ។
លោកហ្វុត ឃឿន អាយុ៣៩ឆ្នាំ ជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋរាប់សិបគ្រួសារទៀត ដែលបានបដិសេធមិនទទួលសំណងពីរដ្ឋាភិបាល និងក្រុមហ៊ុន។ បច្ចុប្បន្ននេះ លោកបន្តរស់ទីទួលសុវត្ថិភាពនៅក្បែរតំបន់លិចទឹកនោះ។
កំពុងបើកទូកម៉ាស៊ីន លោកហ្វុត ឃឿន ជាជនជាតិដើមភាគតិចគ្រឹង បានចង្អុលបង្ហាញសាលារៀនមួយដែលកូនរបស់លោកនិងក្មេងផ្សេងទៀតធ្លាប់បានរៀនសូត្រ។ លោកបានថ្លែងប្រាប់ VOA ថា ប្រជាជនកំពុងបារម្ភពីការសិក្សារបស់ក្មេងៗនៅទីនោះ ខណៈពួកគេបានស្នើសុំឲ្យអាជ្ញាធររៀបចំទីទួល ដែលពួកគេកំពុងរស់នៅឲ្យមានហេដ្ឋរចនាសម័ន្ធជាភូមិត្រឹមត្រូវ។
លោកមានប្រសាសន៍ថា៖
«សោកស្តាយណាស់ដែលកូនមិនបានរៀន ហើយគាត់ទៅនៅលើទីទួលសុវត្ថិភាព ហើយសាលាហ្នឹងក៏លិចទឹកទៀត ហើយគាត់មិនបានរៀនតាំងពីឆ្នាំ២០១៤ម៉្លេះ។ ហើយមួយទៀត គេមិនឲ្យបង្រៀន ដោយសារតែជាអ្នករឹងទទឹងជាមួយគម្រោងរាជរដ្ឋាភិបាល»។
ទំនប់វារីអគ្គិសនីសេសានក្រោម២នៅខេត្តស្ទឹងត្រែង មានទំហំថាមពល៤០០មេហ្គាវ៉ាត់ និងត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន។ ទំនប់នេះមានភាគហ៊ុនអភិវឌ្ឍន៍ដោយក្រុមហ៊ុនចំនួន៣ ក្នុងនោះមានភាគហ៊ុនពីក្រុមហ៊ុនចិន ខ្មែរ និងវៀតណាម។
ក្នុងចំណោមប្រជាជនរងគ្រោះសរុបចំនួន៨៤៦គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទំនប់នេះ ភាគច្រើនពួកគេបានសម្រេចទទួលសំណងរួចហើយ គឺការតាំងទីលំនៅថ្មីនៅកន្លែងដែលរៀបចំដោយក្រុមហ៊ុន ការផ្តល់ជាផ្ទះ ដីភូមិ និងថវិកាមួយចំនួន។
តំបន់ស្រែគរ១និង២ ដែលកំពុងលិចទឹកនេះជាកន្លែងរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច ដែលពួកគេបានរស់នៅយូរមកហើយ។ ជនជាតិដើមភាគតិចមានជំនឿលើផ្នូរដូនតារបស់ពួកគេ ដែលពួកគេថា បានលិចលង់នៅបាតទឹកទៅហើយ។
លោកឃឿន អះអាងថា ប្រជាពលរដ្ឋជាង៦០គ្រួសារទៀតនៅតំបន់ស្រែគរនៅបន្តទាមទារសំណងឲ្យបានប្រសើរជាងនេះ គឺការផ្តល់ជាថវិកាសម្រាប់ផ្ទះ ដីភូមិ ដីចម្ការ ស្រែនិងផលដំណាំដែលលិចលង់។
ប្រជាពលរដ្ឋម្នាក់ទៀតគឺអ្នកស្រីណាត់ ស៊ូតា អាយុ៦៥ឆ្នាំ ក៏បានបដិសេធមិនទទួលសំណងផងដែរ។ រហូតមកដល់ពេលនេះ អ្នកស្រីកំពុងរស់នៅទីទួលក្បែរនោះ ហើយប្រកបការរស់នៅថ្មីនៅទីនោះ ដោយរង់ចាំដំណោះស្រាយ។ អ្វីដែលអ្នកស្រីបារម្ភជាងគេគឺតំបន់ទីទួលនោះមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធជាភូមិត្រឹមត្រូវ និងជាពិសេសក្មេងៗមិនបានចូលរៀន។ អ្នកស្រីបញ្ជាក់បន្ថែមថា ទីលំនៅថ្មីដែលផ្តល់ដោយក្រុមហ៊ុនមានស្ថានភាពលំបាករស់នៅ។
អ្នកស្រីមានប្រសាសន៍ថា៖
«ខ្លាចបាត់បង់ដូនតា ខ្លាចបាត់បង់អត្តសញ្ញាណ តាំងពីជីដូនជីតាខ្ញុំមក ហើយម្យ៉ាងកន្លែងសក្ការៈបូជាដូនតាពួកខ្ញុំ គឺនៅទីនេះទាំងអស់។ ធ្លាប់នៅមាត់ទន្លេតាំងពីជីដូនជីតា ធ្លាប់នៅមាត់ទន្លេស្រួល ពីព្រោះពួកខ្ញុំជាស្រ្តីក៏ត្រូវដាក់សន្ទូចបាន ប្រុសក៏ត្រូវដាក់សន្ទូចបាន ពីព្រោះនៅក្បែរទឹក វាស្រួលរកម្ហូបអាហារ ថែមទាំងដំណាំដាំដុះ យើងដាំហូបខ្លួនឯងក៏បាន។ ចុះទៅនៅភូមិថ្មី វាឆ្ងាយពីទន្លេ ហើយទឹកក៏ទិញ បានអីមកស្រោចបន្លែគឺអត់មាន»។
អ្នកស្រីណាត់ សូតា មានប្រសាសន៍ថា អ្នកស្រីមិនមានបំណងប្រឆាំងនឹងគម្រោងរបស់រដ្ឋាភិបាលនោះទេ តែអ្នកស្រីចង់បានសំណងសមរម្យជាងនេះ។
អ្នកស្រីបានប្រាប់ VOA ថា៖
«អត់មានអីថ្នាំងថ្នាក់ជាមួយរដ្ឋាភិបាល ឬខាងអភិវឌ្ឍន៍ប្រទេសជាតិទេ។ ខ្ញុំអត់ថ្នាំងថ្នាក់ទេ។ ខ្ញុំពេញចិត្តដែរ។ គាត់ធ្វើអ៊ីចឹង ព្រោះអភិវឌ្ឍប្រទេសជាតិរបស់យើង។ ខ្ញុំអត់ជំទាស់ជាមួយគាត់ទេ តែពួកខ្ញុំនៅនេះ សុំតែដីធ្វើស្រែ និងធ្វើចម្ការ ហើយនិងផ្ទះ បើបានប៉ុណ្ណឹងអរហើយ»។
អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល លោកវិចទ័រ ហ្សូនា មានប្រសាសន៍ថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋជាង៤០គ្រួសារបានបដិសេធមិនទទួលយកសំណង តែរដ្ឋាភិបាលនៅតែបន្តអំពាវនាវឲ្យពួកគេទទួលយកសំណងទាំងនោះ។
លោកមានប្រសាសន៍ថា៖
«សម(រម្យ) មិនដឹងនិយមន័យយ៉ាងម៉េច? ទាល់តែ Lexus ម្នាក់មួយបានសមហើយឬអី? យើងអត់ដឹងទេ។ ក៏ប៉ុន្តែសំខាន់តើគាត់ភាគតិច ឬភាគច្រើនក្នុងចំណោម៨០០ជាង និង៤០ជាងហ្នឹង»។
លោកបន្តថា រដ្ឋាភិបាលក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងថ្មីឲ្យបានល្អសម្រាប់ពួកគេ តែលោកទទួលស្គាល់ថា ការចាប់ផ្តើមដំបូងគឺមានការលំបាកបន្តិចហើយ។
លោកវ៉ាន់ ហុង អតីតប្រជាពលរដ្ឋនៅតំបន់ស្រែគរ១ បានសម្រេចទទួលសំណងពីក្រុមហ៊ុន ដោយទៅរស់នៅភូមិថ្មី។ សំណងទាំងនោះរួមមានផ្ទះឈើមួយខ្នងនៅលើដីទំហំ២០ម៉ែត្រ គុណនឹង៥០ម៉ែត្រ ដីចម្ការ៥ហិកតា និងតម្លៃដំណាំរបស់លោកជាង៤២០០ដុល្លារ។ លោកបញ្ជាក់ថា សំណងនេះមិនសមរម្យនោះទេ តែលោកថា ត្រូវតែទទួលយក ដោយសារប្រជាពលរដ្ឋភាគច្រើនបានសម្រេចទទួលសំណងរួចទៅហើយ។
លោកមានប្រសាសន៍ថា៖
«បើថាមិនសមរម្យ យើងតវ៉ាគេក៏មិនបានដែរ មិនដឹងតវ៉ារបៀបណាផង»។ លោកក៏បារម្ភអំពីកង្វះខាតទឹកស្អាតប្រើប្រាស់នៅទីនោះ ភ្លើងនៅមានតម្លៃថ្លៃ និងខ្វះគ្រូបង្រៀនផងដែរ។ លោកវ៉ាន់ ហុង បញ្ជាក់ថា បើមានជម្រើស លោកនឹងត្រឡប់ទៅភូមិចាស់វិញ ដោយសារអាចរស់នៅក្បែរទឹក និងជាទីកំណើតរស់នៅយូរមកហើយ។
អង្គុយនៅផ្ទះកន្លែងទីទួលសុវត្ថិភាព លោកណយ ហ្វុត ឪពុករបស់លោកហ្វុត ឃឿនក៏បានបាត់បង់ផ្ទះសម្បែងរបស់លោកផងដែរ។ លោកហ្វុត អាយុ៨៥ឆ្នាំមានប្រសាសន៍ថា ដូនតារបស់លោកមិនសប្បាយចិត្ត ហើយបានធ្វើឲ្យប្រជាពលរដ្ឋឆាប់ឈឺនៅតំបន់ថ្មី។ លោកក៏ចង់បានសំណងពីក្រុមហ៊ុនជាលុយកាក់ ប្រសិនបើមានការផ្តល់ឲ្យ។
លោកមានប្រសាសន៍ថា៖
«យើងយកលុយហ្នឹងហើយ យកដុល្លារហ្នឹងហើយ បើគេសង។ បើគេមិនសង មិនដឹងម៉េចទេ»។
ទោះជាយ៉ាងណា លោកឃឿន ដែលជាតំណាងប្រជាពលរដ្ឋមិនទទួលសំណង មានប្រសាសន៍ថា លោកនៅតែបន្តរស់នៅទីទួលក្បែរទឹកនោះ ហើយបន្តទាមទារសំណងពីក្រុមហ៊ុនដោយសង្ឃឹមថា មិនមានការបណ្តេញចេញប្រជាពលរដ្ឋពីតំបន់នេះនោះទេ៕