ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​បន្ត​ពិចារណា​ដាក់​វិធាន​ការ​ទប់​ស្កាត់​ការ​នាំចូល​អង្ករ​របស់​កម្ពុជា


រូបឯកសារ៖ កសិករ​ខ្មែរម្នាក់កំពុងបាច​ស្រូវនៅវាលស្រែមួយនៅជាយក្រុងភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។
រូបឯកសារ៖ កសិករ​ខ្មែរម្នាក់កំពុងបាច​ស្រូវនៅវាលស្រែមួយនៅជាយក្រុងភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។

ទោះបី​មាន​ការ​តវ៉ា​ពី​ក្រុម​អ្នក​នាំចេញ​អង្ករ​នៅ​កម្ពុជា​ប្រឆាំង​នឹង​បណ្តឹង​របស់​​ប្រទេស​អ៊ីតាលី​ និង​អេស្ប៉ាញ​ ដែល​ចោទ​ថា​ អង្ករ​កម្ពុជា​បាន​បង្ក​ផល​ប៉ះពាល់​ដល់​កសិករ​សហភាព​អឺរ៉ុប​ក្តី​ ក៏​គណៈ​កម្មការ​សហភាព​អឺរ៉ុប​មិន​ទាន់​ទម្លាក់​ចោល​ការ​ពិចារណា​របស់​ខ្លួន​អំពី​អង្ករ​កម្ពុជា​នៅ​ឡើយ​ទេ។

គណៈ​កម្មការ​សហភាព​អឺរ៉ុប​បាន​បន្ត​នីតិវិធី​ក្នុង​ការ​សម្រេច​ដាក់​វិធាន​ការ​គាំពារ​មក​លើ​ការ​នាំ​ចូល​អង្កររបស់​កម្ពុជា​ទៅ​ក្នុង​ទីផ្សារ​របស់​សហគមន៍​ដ៏ធំ​មួយ​នេះ​ ​បន្ទាប់​ពី​មាន​ប្រទេស​សមាជិក​នៃ​សហគមន៍​នេះចំនួន​ពីរ​បាន​ប្តឹងថា​ ​ប្រទេស​កម្ពុជា​បាន​នាំចូល​អង្ករចំនួន​ច្រើន​និង​មាន​តម្លៃ​ថោក​ ដែល​បាន​បង្ក​ការ​លំបាក​ដល់​កសិករ​របស់​ខ្លួន។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​តំណាង​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​នៅ​សប្តាហ៍​នេះ។

ប្រទេស​សមាជិក​សហគមន៍​អឺរ៉ុបចំនួន​ពីរ​ ​ដែល​បាន​ប្តឹង​ប្រទេស​កម្ពុជានោះ​ ​មាន​ប្រទេស​អ៊ីតាលី​ ​និង​ប្រ​ទេស​អេស៉្បាញ។​ ​នេះ​បើ​យោង​តាម​លិខិត​តវ៉ា​របស់​ក្រុមអ្នក​ផលិត​ ​និង​នាំអង្ករ​ចេញ​ពី​កម្ពុជា។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយនា​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៧០​កាល​ពី​ដើម​សប្តាហ៍​នេះ ​លោក George Edgar​ មាន​ប្រសាសន៍​អំពី​ការ​ប្តឹង​ផ្តល់​ដោយ​មាន​ការ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​យ៉ាង​ដូច្នេះ៖​

«អ្វី​ដែលត្រូវ​បាន​លើក​នៅ​ក្នុង​ពាក្យ​បណ្តឹង​នោះ​ គឺ​បរិមាណ​អង្ករ​ដ៏ច្រើន​ ដែល​នាំ​ចេញ​ទៅ​អឺរ៉ុប ដោយមាន​តម្លៃ​ដ៏​ទាប​ ​អាច​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់អ្នក​ដែល​កំពុង​ផលិត​អង្ករ​នៅ​ក្នុង​អឺរ៉ុប»។​

លោក​ថ្លែង​បន្ថែម​ថា​ ​គណៈ​កម្មការ​សហគមន៍​អឺរ៉ុប​កំពុង​ធ្វើ​ការ​សម្រេច​ចិត្តជា​លើក​ចុង​ក្រោយក្នុង​ការ​ចាត់​វិធាន​ការ​គាំពារ​មក​លើ​អង្ករ​កម្ពុជា​ តាម​ការ​ស្នើ​សុំ​របស់​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង​ពីរ​នោះ។​

«បន្ទាប់​ពី​មាន​ការ​ដាក់​បណ្តឹង​នេះ​ គណៈ​កម្មការ​អឺរ៉ុប​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ ហើយ​កាលពី​ប៉ុន្មាន​សប្តាហ៍​នេះ​...​សប្តាហ៍​មុន​នេះ​ ​គណៈកម្មការ​អឺរ៉ុប​បាន​ចេញ​នូវ​សេចក្តី​សន្និដ្ឋាន​បឋម​ទាក់ទងការ​ស៊ើបអង្កេត​នេះ​ ហើយ​បាន​ដាក់​ជូន​ដល់​អាជ្ញាធរ​កម្ពុជា​ ក៏ដូច​ជា​អ្នក​ពាក់​ព័ន្ធ​ដទៃ​ទៀត​ ដើម្បី​ផ្តល់​ជា​យោបល់​ ហើយ​នៅក្នុង​ពេល​ឆាប់ៗ​នេះ គណៈ​កម្មការ​អឺរ៉ុប​នឹង​ចេញ​ជា​សេចក្តី​សន្និដ្ឋាន​ចុង​ក្រោយ​ ដែលពាក់​ព័ន្ធ​ការ​ស៊ើប​អង្កេត»។​

​កាល​ពី​ចុង​ខែ​វិច្ឆិកា ​ក្រុម​អ្នក​ផលិត​ និង​នាំចេញ​អង្ករ​ពី​កម្ពុជា​បាន​ឲ្យ​ដឹងអំពី​ការ​បារម្ភ​យ៉ាង​ខ្លាំងចំពោះ​វិធានការ​ទប់ស្កាត់​របស់​សហភាព​អឺរ៉ុប​ប្រឆាំង​អង្ករ​ដែល​មាន​ប្រភព​ដើម​ចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ហើយ​ថា ​វិធានការ​ទប់ស្កាត់​ណា​មួយ​អាច​ប៉ះពាល់​ជា​អវិជ្ជមាន​ទៅលើ​ការ​ធ្វើ​ស្រែ​របស់​កសិករ​ខ្មែរ​បី​លាន​នាក់។​ ​នេះ​បើយោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​(Cambodia Rice Federation)។​

សហព័ន្ធនេះ​បាន​បញ្ជាក់​ឲ្យដឹង​ថា​វិធាន​ការ​ទប់​ស្កាត់​នានានឹង​ក្លាយ​ជា​ដំណើរ​ថយ​ក្រោយ​មួយ​ទៅ​លើ​ការ​ខិតខំ​យ៉ាង​សម្បើម​ ដែល​បាន​កសាង​ឧស្សាហកម្ម​អង្ករ​នៅ​កម្ពុជា​ និង​ជួយ​កសិករ​កម្ពុជា​ឲ្យ​មាន​ជីវភាព​ល្អ​ប្រសើរ។​

ក្រុម​អ្នក​នាំ​អង្ករ​ចេញបាន​សរ​សេរ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ក្នុង​ន័យ​ដើម​ថា៖​

«សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ជឿ​ថា ​កសិករ​រាប់​លាន​នាក់​នឹង​រង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ពី​ការ​សម្រេច​ចិត្ត​របស់​សហភាព​អឺរ៉ុបក្នុង​ការ​ដាក់​ចេញ​វិធានការ​គាំពារ​ ហើយ​វា​នឹង​បង្ក​មហន្តរាយ​ដល់​ប្រទេស​ និង​ប្រាក់​ចំណូលក៏ដូច​ជា​គុណភាព​ជីវិត​របស់​កសិករ»។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ពណ៌នា​អំពី​ការ​ផលិត​ស្រូវ​ និង​អង្ករ​ពីរ​ប្រភេទ​នៅ​សហគមន៍​អឺរ៉ុប​ ដែល​កំពុង​បង្ក​ជា​បញ្ហា​មក​លើ​ការ​នាំ​អង្ករ​ចេញពី​កម្ពុជា។​ សហព័ន្ធ​ឲ្យ​ដឹង​ថា​ ផលិត​កម្ម​អង្ករ​នៅ​ប្រទេស​អ៊ីតាលី​ និង​អេស្ប៉ាញគឺ​ភាគ​ច្រើន​ជា​ការ​ផលិត​អង្ករ​ប្រភេទ​ Japonica ​ដែល​មាន​ច្រើន​ជាង​៨៥​ភាគ​រយ ​មិនមែន​ជា​អង្ករ​ប្រភេទ​ Indica ​នោះ​ទេ។ ​សហព័ន្ធ​ចាត់ទុក​ថា​ វិធានការ​ទប់ស្កាត់​របស់​សហ​ភាព​អឺរ៉ុបប្រឆាំង​នឹង​អង្ករ​ប្រភេទ​ Indica ​នេះមិន​អាច​ជួយ​ឲ្យ​ប្រសើរ​ឡើង​នូវប្រទេស​ជា​សមាជិក​សហ​ភាព​អឺរ៉ុប​ទាំងពីរ​នេះ​ទេ​ ហើយ​សហព័ន្ធ​ក៏​មិន​ជឿ​ថា​ ការ​នាំ​ចូល​អង្ករ​ប្រភេទ​ Indica ​ពីកម្ពុជា​ចូល​ទីផ្សារ​សហភាព​អឺរ៉ុប​អាច​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​កសិករ​សហភាព​អឺរ៉ុប​ផង​ដែរ។​

សហព័ន្ធ​នេះ​បានបន្ត​លើក​ឡើង​តាម​សេចក្តី​ប្រកាសរបស់​ខ្លួន​ក្នុង​ន័យ​ដើម​ថា៖​

«វា​នឹង​ជាដំណើរ​ធាក់​ថយ​ក្រោយ​ដ៏លំបាក​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ ប្រសិន​បើ​វិធាន​ការ​ទប់​ស្កាត់​នានា​ត្រូវ​បាន​គេអនុម័ត​នោះ។ ​យើង​មាន​ជំនឿ​ថា​ បើ​ទោះបី​ជា​មាន​វិធាន​ការ​គាំពារ​យ៉ាង​ណា​ក្តី​ ក៏​ការណ៍​នេះ​មិន​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវការ​រក​ទទួល​ទាន​ចិញ្ចឹម​ជីវិត​របស់​កសិករ​សហគមន៍​អឺរ៉ុប​នៅ​ប្រទេស​អ៊ីតាលី​ និង​អេស្ប៉ាញ​នោះ​ដែរ ​ជាពិសេស​គឺ​កម្ពុជា​ មិន​បាន​ប្រកួត​ប្រជែង​ជាមួយ​សមាជិក​រដ្ឋ​ទាំង​ពីរ​ក្នុង​ចំណែក​ធំណា​មួយ​នោះ​ឡើយ។​ យើង​ក៏​បាន​កត់​សម្គាល់​ឃើញ​ថា អង្ករ​ដែល​នាំចេញ​ទៅ​សហគមន៍​អឺរ៉ុប​នោះមាន​តម្លៃ​ទាប​ពេក​ដែរ»។​

បន្ថែម​លើ​ការ​ថ្លែង​តវ៉ា​របស់​ខ្លួន​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏​បាន​ស្នើ​រដ្ឋ​ដែល​ជា​សមាជិក​សហគមន៍​អឺរ៉ុបបន្ត​គាំទ្រ​កសិករ​ខ្មែរ​ និង​ទទួល​ស្គាល់​នូវ​ភាព​មិន​ត្រឹម​ត្រូវ​នៃ​ករណី​បច្ចុប្បន្ន​ ដើម្បី​បោះ​ឆ្នោត​ប្រឆាំង​នឹង​វិធានការ​គាំពារ​នោះ។​

កម្ពុជា​សម្រេច​បាន​ការ​នាំចេញ​ផលិតផល​នានា​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធចំនួន​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិកក្នុង​រយៈពេល​១​ឆមាស​នៃ​ដើម​ឆ្នាំ​២០១៨។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​ពេល​កន្លង​មក។​ ចំនួន​នេះ​មាន​ការ​កើន​ឡើង១៥​ភាគ​រយ​ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧។​

ការ​ប្តឹង​ផ្តល់​របស់​ប្រទេស​អ៊ីតាលី​ ​និង​អេស្ប៉ាញ​នេះកើត​មាន​ឡើង​ នៅគ្រា​កម្ពុជាកំពុង​ប្រឈម​នឹង​ការ​បាត់​បង់​ការ​គាំទ្រ​ខាង​ពាណិជ្ជ​កម្មតាម​កម្មវិធី​«អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែសព្វាវុធ»​ (Everything but Arms)​ ហៅកាត់​ថា​ EBA ​ប្រសិន​បើ​ប្រទេស​នេះ​ខកខាន​មិនអាច​ស្តារ​ប្រព័ន្ធ​នយោបាយ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ ដូចមុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧។ ​តាម​កម្មវិធី​ EBA ​នេះ​ កម្ពុជា​មិន​តម្រូវ​ឲ្យ​បង់​ពន្ធ​លើ​ទំនិញ​ខ្លួន​ ដែល​នាំ​ចូល​ទៅក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​នោះ​ឡើយ។

លោក​មូល សារិទ្ធ​ ​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ធ្លាប់​បាន​ប្រាប់​ ​VOA​ ​កាលពីពេល​កន្លង​មក​ថា វិធានការ​ទប់​ស្កាត់​ការនាំ​អង្ករ​ពី​កម្ពុជា​ចូលទៅក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប​នោះ​ គឺ​មាន​ភាព​ដាច់​ដោយ​ឡែក​ពី​កម្ម​វិធី​អនុគ្រោះ​ពន្ធ​ EBA។​

VOA បាន​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​មូល​ សារិទ្ធ​ ម្តងទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ តែ​ទូរស័ព្ទ​លោក​រោទិ៍ពុំមាន​អ្នក​ទទួល។​ ​VOA​ ​ក៏មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពីលោក​សៀង ថៃ​ ​អ្នកនាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ដែរ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

យ៉ាងណាក្តី​ ​តាម​ការ​បញ្ជាក់​ពី​លោក​មូល​ សារិទ្ធ​ កាលពី​កន្លង​មក​នោះ​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​នាំ​អង្ករ​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ចន្លោះ​ពី​២៥​ ទៅ​៣០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំៗ។​ ​អង្ករ​ដែល​បាន​នាំចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ គឺ​៦០​ភាគរយ​ជា​ប្រភេទ​អង្ករ​ផ្កាម្លិះ​ ហើយ​ប្រមាណ​ជា​៤០​ភាគរយ​ទៀត​ជា​ប្រភេទ​ស្រូវ​អ៊ីអ៊ែ​ ហៅ​ជា​ភាសា​អង់គ្លេស​ថា​ ​White Rice។​ ​លោក​បន្ត​ថា​ ការ​នាំ​ចេញអង្ករ​ White Rice​ របស់​កម្ពុជានេះ​បាន​ថយចុះ ​ព្រោះ​សហភាព​អឺរ៉ុប​លើក​ទឹក​ចិត្ត​កម្ពុជា​ឲ្យ​នាំ​អង្ករ​ក្រអូប​ចូល​ឲ្យ​បាន​ច្រើន។​

កាលពី​ពាក់​កណ្តាល​ខែ​ធ្នូ ​ឆ្នាំ​២០១៧​ ​សភា​សហភាព​អឺរ៉ុប​បាន​បោះឆ្នោត​ទទួល​យក​ការ​ពិចារណា​លើ​ការ​ព្យួរ​កម្មវិធី​អនុ​គ្រោះ​ពន្ធ​ ​EBA​ ​ដោយ​សភា​សហគមន៍​អឺរ៉ុប​បាន​អះអាង​ថា ​ចំណាត់​ការ​នេះ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​«ការ​ប្រព្រឹត្ត​អាក្រក់​ឡើង​វិញ​នៃ​របប​ផ្តាច់​ការ​នៅ​កម្ពុជា»។​ ​បន្ថែម​លើ​នោះ​ទៀត​ កាលពី​ដើម​ខែ​តុលា​ ឆ្នាំ​២០១៨​នេះ សហភាព​អឺរ៉ុប​បាន​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ ​ប្រ​ទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុ​គ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​ ​ដោយ​សារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស។

សហភាព​អឺរ៉ុប​ក៏​បាន​ទុក​ពេល​ឲ្យ​កម្ពុជា​១២​ខែ​ ធ្វើការ​កែខៃ​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ប្រសិន​បើ​ប្រទេស​នេះនៅ​ចង់​បន្ត​នាំ​ទំនិញ​របស់​ខ្លួន​ចូល​ក្នុង​ទីផ្សារ​សហ​ភាព​អឺរ៉ុប​ ដោយ​គ្មាន​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​នោះ៕

XS
SM
MD
LG