សំឡេងសហរដ្ឋអាមេរិក (VOA) ជាបណ្តាញផ្សាយពហុព័ត៌មានដ៏សកម្មដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ដើម្បីផ្សាយព័ត៌មាននិងដំណឹងដែលមានភាពសុក្រឹត មិនលម្អៀង និងទូលំទូលាយទៅកាន់ទស្សនិកជនអន្តរជាតិ។
VOA បង្កើតឡើងនៅឆ្នាំ១៩៤២។ ដំបូង VOA ជាវិទ្យុផ្សាយព័ត៌មានសម្រាប់អ្នករស់នៅក្នុងសង្គមដែលបិទជិត និងសង្គមដែលត្រូវបានហែកហួរដោយសារសង្គ្រាម។ VOA ក្រោយមកបានក្លាយទៅជាបណ្តាញផ្សព្វផ្សាយពហុព័ត៌មាន។ បច្ចុប្បន្ននេះមនុស្សគ្រប់គ្នាអាចទទួលព័ត៌មានរបស់ VOA បានតាមរយៈទូរស័ព្ទចល័តនិងបណ្តាញសង្គម Facebook ឬ Twitter ហើយនិងតាមកម្មវិធីដែលប្រិយមិត្តអាចហៅទូរស័ព្ទ ដើម្បីចូលរួមនៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់របស់យើង ដោយប្រើប្រាស់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយណាដែលមានប្រសិទ្ធភាពជាទីបំផុតសម្រាប់ប្រិយមិត្តរបស់យើង។
រាល់កិច្ចការនិងខ្លឹមសារនៃការផ្សាយជាគ្រប់ភាសានិងតាមគ្រប់មធ្យោបាយផ្សព្វផ្សាយទាំងអស់របស់ VOA ត្រូវគោរពទៅតាមធម្មនុញ្ញនៃ VOA ដែលត្រូវបានចុះហត្ថលេខាឲ្យទៅជាច្បាប់ដោយលោកប្រធានាធិបតី Gerald Ford នៅក្នុងឆ្នាំ១៩៧៦។
ធម្មនុញ្ញនេះបានលើកឡើងមួយផ្នែកថា៖ «VOA សំឡេងសហរដ្ឋអាមេរិក ត្រូវបំពេញតួនាទីជាប្រភពនៃព័ត៌មានដែលអាចទុកចិត្តបាន និងមានភាពសុក្រឹត។ ព័ត៌មានរបស់ VOA សំឡេងសហរដ្ឋអាមេរិកនឹងត្រូវតែជាជាព័ត៌មានពិត មិនលម្អៀង និងគ្រប់ជ្រុងជ្រោយ »។ ហេតុនេះហើយទើបយើងភ្ជាប់ពាក្យទាំងនោះនៅលើផ្ទាំងខាងលើនៃគេហទំព័ររបស់យើងគឺ voanews.com។ ធម្មនុញ្ញនេះក៏បានចែងដែរថា៖ «VOA សំឡេងសហរដ្ឋអាមេរិក នឹងបង្ហាញឲ្យឃើញនូវមាគ៌ានយោបាយរបស់សហរដ្ឋអាមេរិកដោយច្បាស់លាស់និងដោយមានប្រសិទ្ធភាព ហើយក៏នឹងផ្សាយជូននូវការពិភាក្សានិងមតិដែលមានការទទួលខុសត្រូវ ចំពោះមាគ៌ានយោបាយទាំងនោះផងដែរ»។
អ្នកយកព័ត៌មានរបស់ VOA ក៏គោរពទៅតាមក្រមវិជ្ជាជីវៈសារព័ត៌មាន ដែលចែងអំពីបទដ្ឋានត្រឹមត្រូវក្នុងការរាយការណ៍ព័ត៌មានដែលសុក្រឹត មិនលម្អៀង និងគ្រប់ជ្រុងជ្រោយ។ ក្រមនេះកំណត់គោលការណ៍និងការអនុវត្តសម្រាប់ VOA ក្នុងការសរសេររឿងដោយផ្អែកលើប្រភពព័ត៌មានត្រឹមត្រូវ និងធានានូវសុក្រឹតភាព តុល្យភាព យុត្តិធម៌ ខ្លឹមសារ និងភាពគ្រប់ជ្រុងជ្រោយនៃព័ត៌មានផងដែរ។ គ្រប់ស្ថាប័នអ្នកកាសែតអនុលោមទៅតាមបទដ្ឋានស្រដៀងគ្នានេះ។
នាយិកាបច្ចុប្បន្នរបស់ VOA គឺលោកស្រី Amada Bennett ដែលបានចាប់ផ្តើមធ្វើការនៅ VOAកាលពីខែមេសា ឆ្នាំ២០១៦។ លោកស្រីគឺជានាយកទី២៩ របស់ VOA។ លោកស្រីមានបទពិសោធន៍វិជ្ជាជីវៈខាងកាសែតជាច្រើនឆ្នាំ។
អំពី VOA ខេមរភាសា
ក្រុមផ្សាយជាភាសាខ្មែររបស់ VOA (VOA ខេមរភាសា) ផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយនិងផ្សាយកម្មវិធីព័ត៌មានច្រើនប្រភេទអំពីប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក និងពីជុំវិញពិភពលោក។ រៀងរាល់ថ្ងៃ កម្មវិធីវិទ្យុរបស់យើងខ្ញុំផ្តល់ជូនព័ត៌មានថ្មីៗបំផុត។ យើងខ្ញុំក៏ផ្សាយជូនសេចក្តីរាយការណ៍និងបទវិភាគដ៏ស៊ីជម្រៅអំពីនយោបាយអន្តរជាតិ សិទ្ធិមនុស្ស សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល ពាណិជ្ជកម្ម និងកម្មវិធីកម្សាន្ត ហើយនិងកម្មវិធីរៀនភាសាអង់គ្លេសផងដែរ។
កម្មវិធីវិទ្យុរបស់ VOA ខេមរភាសា ចាប់ផ្សាយជាលើកដំបូងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៥៥។ សព្វថ្ងៃនេះ VOA ស្ថិតក្នុងចំណោមបណ្តាញផ្សាយព័ត៌មានជាភាសាខ្មែរដ៏ធំបំផុតមួយនៅលើពិភពលោក។ បន្ថែមពីលើកម្មវិធីផ្សាយ ៩០នាទីតាមវិទ្យុរបស់យើងទៅកាន់ប្រទេសកម្ពុជានិងតំបន់អាស៊ីអាគ្នេយ៍ VOA ខ្មែរ ក៏មានព័ត៌មានជាវីដេអូដែលផ្សាយតាមរយៈស្ថានីយទូរទស្សន៍ជាដៃគូនិងបណ្តាញព័ត៌មានតាមអ៊ីនធឺណិតជាដៃគូរបស់យើងនៅក្នុងប្រទេសកម្ពុជាផងដែរ។ VOA ខ្មែរក៏មានផ្សាយព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតនិងទូរស័ព្ទដៃ រួមមានតាមបណ្តាញសង្គម Facebook Twitter YouTube និង Instagram ជាដើម និងគេហទំព័រជាភាសាអង់គ្លេសផងដែរ៕