ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រ្តី​ក្នុង​វិស័យ​នយោបាយ ​មាន​ចំនួន​តិច​នៅ​ឡើយ ​ប៉ុន្តែ​ពួកគេ​បន្ត​ចូលរួម​លើក​កម្ពស់​


រូប​ឯកសារ៖ ស្ត្រី​ជន​ពិការ​ម្នាក់​បោះឆ្នោត​នៅ​វត្ត​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ (Damir Sagolj/REUTERS)
រូប​ឯកសារ៖ ស្ត្រី​ជន​ពិការ​ម្នាក់​បោះឆ្នោត​នៅ​វត្ត​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ (Damir Sagolj/REUTERS)

ចំនួន​ស្រ្តី​នៅ​ក្នុង​វិស័យ​នយោបាយ​នៅ​មាន​កម្រិត​នៅ​ឡើយ ​បើ​គិត​មក​ដល់​ពេល​នេះ​ បើ​ទោះ​ជា​មាន​ការ​ជំរុញ​ជា​បន្ត​បន្ទាប់​ក៏​ដោយ។ ​ឃុំ​សង្កាត់​រាប់​រយ​ក្នុង​ចំណោម​ឃុំ​ជាង​១៦០០​នៅ​ទូទាំង​ប្រទេស ​មិន​មាន​វត្តមាន​ស្រ្តី​ជា​ក្រុម​ប្រឹក្សា​ ឬ​មេ​ឃុំ​នោះ​ទេ។ ​ប៉ុន្តែ​គេ​មើល​ឃើញ​ថា ​តាម​រយៈ​ការ​បណ្តុះ​បណ្តាល​របស់​អង្គការ​មួយ​ចំនួន​ សំឡេង​របស់​ស្រ្តី​ត្រូវ​បាន​បន្លឺ​ឡើង​ ហើយ​ស្រ្តី​មាន​ភាព​ក្លាហាន​ និងទំនុក​ចិត្ត​ច្រើន​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ។

អ្នកស្រី ​ម៉ាន់ ចំប៉ា ​អាយុ​៣៧​ឆ្នាំ ​ធ្លាប់​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជា​ច្រើន​ ទាក់​ទង​នឹង​ស្រ្តី ​ក្នុង​នោះ​មាន​ការ​ពង្រឹង​ភាព​ជា​អ្នក​ដឹកនាំ​ស្រ្តី​ក្នុង​វិស័យ​នយោបាយ​ផង​ដែរ។​

អ្នកស្រី​ ចំប៉ា ​អតីត​មេឃុំ​ឃុំ​លាង​ដៃ ​ក្នុង​ស្រុក​អង្គរធំ ​ខេត្ត​សៀមរាប ​បាន​ថ្លែង​ប្រាប់ ​VOA ​ថា ​អ្នកស្រី​បាន​ចូលរួម​សកម្មភាព​ជា​ច្រើន​ដែល​បណ្តុះ​បណ្តាល​ដោយ​អង្គការ​បន្ទាយស្រី ​ទើប​អ្នកស្រី​បាន​ក្លាយ​ជា​ស្រ្តី​ដែល​មាន​ភាព​ក្លាហាន​ជាង​មុន ​និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​ក្លាយ​ជា​ស្រ្តី​ម្នាក់​ដែល​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​ ពេល​ដែល​យើង​ធ្វើ​អី​មួយ។ ​មិន​ថា ​រាល់​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​គ្រួសារ ឬ​ក៏​នៅ​ក្នុង​ការងារ​សហគមន៍​ផ្សេងៗ​ទេ​ អ៊ីចឹងខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ខ្ញុំ»។​

អ្នកស្រី ​ចំប៉ា ​ដែល​បាន​ប្រឡូក​នយោបាយ​តាំង​ពី​ឆ្នាំ​២០០០ជាមួយ​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ មាន​ប្រសាសន៍​ថា​ អ្នកស្រី​បាន​ជាប់​ឆ្នោត​ជា​មេឃុំ​ឃុំ​លាង​ដៃ ស្រុក​អង្គរ​ធំ ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៧​ ប៉ុន្តែ​អ្នកស្រី​បាន​បាត់​បង់​តំណែង​ទៅ​វិញ ​ក្រោយ​គណបក្សនេះ​ត្រូវ​បាន​រំលាយ ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។​

អ្នកស្រី ​ចំប៉ា​បាន​ចូលរួម​ក្នុង​គម្រោង​«ស្រ្តី​ក្នុង​វិស័យ​នយោបាយ» ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ដោយ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។​ ក្រោម​គម្រោង​រយៈ​ពេល​បី​ឆ្នាំ​នេះ ​អ្នក​ចូលរួម​ប្រមាណ​១២០​នាក់​ត្រូវ​បាន​បណ្តុះ​បណ្តាល​ដោយ​មណ្ឌល​ព័ត៌មាន​ស្រ្តី​កម្ពុជា ​អង្គការ​បន្ទាយស្រី ​រួម​ជាមួយ​អង្គការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាល្លឺម៉ង់​ DW Akademie។ ​គម្រោង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​៣​គឺ​បាត់​ដំបង ​កំពង់ធំ ​និង​សៀមរាប​ ហើយ​ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ក្នុង​ខែ​វិច្ឆិកា​នេះ។​

គោល​ដៅ​នៃ​គម្រោង​នេះ​គឺ​ដើម្បី​បង្កើត​ការ​ចូលរួម​របស់​ស្រ្តី​នៅ​ក្នុង​ដំណើរ​ការ​នយោបាយ ​ជាពិសេស​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ​២០១៧ ​និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨។ ស្រ្តី​ត្រូវ​បាន​បណ្តុះ​បណ្តាល​ជំនាញ​ទំនាក់​ទំនង ជំនាញ​និយាយ​ជា​សាធារណៈ ​និង​ការ​បង្កើន​ចំណេះ​ដឹង​សម្រាប់​ការ​បោះ​ឆ្នោត និង​ការ​ចូលរួម​ក្នុង​ដំណើរ​ការ​នយោបាយ។​

គម្រោង​មួយ​នេះ ​មាន​ការ​ចូលរួម​ពីស្រ្តី​មក​ពី​គណបក្ស​ផ្សេងៗ ​ក្នុង​នោះ​មាន​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន ​និង​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ផង​ដែរ។ ​ស្រ្តី​ដែល​ត្រូវ​បាន​បណ្តុះ​បណ្តាល​បាន​ជាប់​ឆ្នោត​ជា​មេឃុំ ​និង​ក្រុម​ប្រឹក្សា ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៧។​

ក្នុង​ពិធី​បិទ​បញ្ចប់​គម្រោង​ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ លោក ​Franck Viault ​ប្រធាន​ផ្នែក​សហ​ប្រតិបត្តិ​ការ​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ​បាន​ថ្លែង​ថា ​នេះ​ជា​ជោគជ័យ​មួយ​សម្រាប់​ការ​លើក​កម្ពស់​ស្រ្តី​ក្នុង​គ្រប់​វិស័យ​នានា​ ជាពិសេស​នយោបាយ។ ​លោក​បញ្ជាក់​ថា​ ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ធ្វើ​ឲ្យ​ស្រ្តី​មួយ​ចំនួន​ ដែល​បាន​ចូលរួម​ជាមួយ​គម្រោង​នេះ​ បាត់​បង់​ឱកាស​ក្នុង​ការ​ប្រើប្រាស់​ចំណេះ​ដឹង​របស់​ពួកគេ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​មួយ​រូប​ក្នុង​ឃុំ។​

អ្នក​ចូលរួម​គម្រោង​ម្នាក់​គឺ​លោកស្រី ​ម៉ែន សុភី ​អាយុ​៣៨​ឆ្នាំ​ ជា​ក្រុម​ប្រឹក្សាឃុំ​ឃ្លាំង​មាស​ មក​ពី​ខេត្ត​បាត់ដំបង ​មាន​ប្រសាសន៍​ថា​ លោកស្រី​ចង់​ក្លាយ​ជា​មេឃុំ​នៅ​ពេល​ខាង​មុខ ​ហើយ​លោកស្រី​គិត​ថា​ លោកស្រី​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ។ ​បច្ចុប្បន្ន​នេះ ​លោកស្រី​ទទួល​បន្ទុក​ផ្នែក​ស្រ្តី ​និង​កុមារ​នៅ​ក្នុង​ឃុំ​របស់​លោកស្រី។​

លោកស្រី ម៉ែន សុភី អាយុ៣៨ឆ្នាំ ជា​ក្រុមប្រឹក្សា​ឃុំ​ឃ្លាំងមាស ខេត្តបាត់ដំបង មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូលរួម​ក្នុង​គម្រោង«ស្រ្តី​ក្នុង​វិស័យ​នយោបាយ» ដែល​បាន​ទទួល​ការឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប។ (ស៊ុន ណារិន/VOA)
លោកស្រី ម៉ែន សុភី អាយុ៣៨ឆ្នាំ ជា​ក្រុមប្រឹក្សា​ឃុំ​ឃ្លាំងមាស ខេត្តបាត់ដំបង មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូលរួម​ក្នុង​គម្រោង«ស្រ្តី​ក្នុង​វិស័យ​នយោបាយ» ដែល​បាន​ទទួល​ការឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប។ (ស៊ុន ណារិន/VOA)

លោកស្រី​បន្ត​ថា ​ក្នុង​ចំណោម​ក្រុម​ប្រឹក្សា​ទាំង​៩​នាក់​នៅ​ក្នុង​ឃុំ​របស់​លោកស្រី​ មាន​តែ​លោកស្រី​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​ស្រ្តី។ ​លោក​ស្រី​បន្ត​ថា​ វត្តមាន​របស់​ស្រ្តី​ក្នុង​ការ​ដឹកនាំ​ឃុំ​អាច​ធ្វើ​ឲ្យ​សហគមន៍​មាន​ការ​រីក​ចម្រើន។

លោកស្រី​បាន​បញ្ជាក់​ថា៖​

«គោល​បំណង​ដែល​យើង​ចង់​ធ្វើ​គឺ​យើង​ចង់​លើក​កម្ពស់​ស្រ្តី ​ដើម្បី​ឲ្យ​មាន​ការ​ចូលរួម​ច្រើន ​ព្រោះ​ពេល​ដែល​មាន​គាត់​ចូលរួម​ជាមួយ​យើង​ ល្អ​សម្រាប់​យើង​នៅ​ក្នុង​សហគមន៍​ ​ជាពិសេស​ដែល​យើងកាន់​តួនាទី​សព្វ​ថ្ងៃ​ហ្នឹង ​ដែល​យើង​ចុះ​ទៅ​តាម​សហគមន៍​មួយៗ ​គឺ​យើង​ឃើញ​ផល​លំបាក​ច្រើន​ចំពោះ​ស្រ្តី។ ​ចំណេះ​ដឹង​របស់​គាត់​មាន​កម្រិត​ខ្លាំង​ ជួន​កាល​ការ​ចូលរួម​របស់​គាត់​នៅ​ក្នុង​សហគមន៍​មិនសូវ​ជា​មាន​ការ​ចូលរួម»។​

លោកស្រី ឆាយ សាត អាយុ ៦៣ឆ្នាំ ជា​ក្រុម​បប្រឹក្សា​ឃុំដូនកែវ ខេត្តសៀមរាប មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូលរួម​ក្នុង​គម្រោង «ស្រ្តី​ក្នុង​វិស័យ​នយោបាយ» ដែល​បាន​ទទួល​ការឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប។ (ស៊ុន ណារិន/VOA)
លោកស្រី ឆាយ សាត អាយុ ៦៣ឆ្នាំ ជា​ក្រុម​បប្រឹក្សា​ឃុំដូនកែវ ខេត្តសៀមរាប មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចូលរួម​ក្នុង​គម្រោង «ស្រ្តី​ក្នុង​វិស័យ​នយោបាយ» ដែល​បាន​ទទួល​ការឧបត្ថម្ភ​ពី​សហភាព​អឺរ៉ុប។ (ស៊ុន ណារិន/VOA)

ចំណែក​អ្នក​ចូលរួម​ម្នាក់​ទៀត​គឺ​លោកស្រី ​ឆាយ សាត ​អាយុ​៦៣​ឆ្នាំ ​ជា​ក្រុម​បឹក្សា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា ​លោកស្រី​ចង់​ឃើញ​ចំនួន​ក្រុម​ប្រឹក្សា​ជា​ស្រ្តីមាន​ច្រើន​បន្ថែម​នៅ​ក្នុង​ឃុំ​របស់​លោកស្រី ​ខណៈ​ដែល​ក្រុម​ប្រឹក្សា​ស្រ្តី​មាន​តែ​២​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​៧​នាក់។ ​លោកស្រី​ក៏​បាន​លើក​ឡើង​ថា ​អ្នក​ដឹកនាំ​ជា​ស្រ្តី​អាច​ចូលរួម​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ស្រ្តីនៅ​ក្នុង​សហគមន៍។​

លោកស្រី​បាន​ថ្លែង​ថា៖​

«ខ្ញុំ​ថា ​ក្នុង​ឃុំ​របស់​ខ្ញុំ ​បើ​សិន​ស្រ្តី​ជាប់​ក្រុម​ប្រឹក្សា​ឃុំ​ច្រើន ​ខ្ញុំ​ថា​ ​អាច​នឹង​រីក​ចម្រើន​ ព្រោះ​ការងារ​អ្វី​ដែល​ពលរដ្ឋ​មក​រក​ក្នុង​ឃុំ​គឺ​រក​តែ​ស្រ្តីៗ ​ទាំង​ការងារ​អំពើ​ហិង្សា​ រំលោភ​ផ្លូវ​ភេទ ​ផ្លូវ​អី​គឺ​មក​អត់​និយាយ​នឹង​បុរស​ទេ ​គឺ​មកមក​រកតែស្រ្តី។ ​ស្រ្តី​យើង​មាន​ការ​លាក់​លៀម​អាថ៌​កំបាំង ​អត់​មាន​ថា ​គាត់​មក​និយាយ​ហើយ​សើច​អត់​ទេ»។​

លោកស្រី​ និន ចិន្តា​ ប្រធាន​អង្គការ​បន្ទាយ​ស្រីប្រចាំ​ខេត្ត​សៀមរាប ​មាន​ប្រសាសន៍​ថា ​បញ្ហា​ប្រឈម​របស់​ស្រ្តី​បច្ចុប្បន្ន​នេះ​គឺ​ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​ស្រ្តី ​ភាព​ក្រីក្រ ​និង​ការ​មិន​អនុញ្ញាត​របស់​ក្រុម​គ្រួសារ ​ជា​ពិសេស​ស្វាមី ​មិន​ឲ្យ​ស្រ្តី​ចូលរួម​សកម្ម​ភាព​សង្គម ​និង​នយោបាយ។​

នៅ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ជាង​១៦​លាន​នាក់ ​ចំនួន​ស្រ្តីមាន​ប្រមាណ​៥២​ភាគ​រយ។ ​តែចំនួន​ស្រ្តី​នៅ​ក្នុងតំណែង​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ​នៅ​ទាប​នៅ​ឡើយ។ ​ក្នុង​ចំណោម​សមាជិក​រដ្ឋសភា ​សរុប​ទាំង​១២៥​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​តែ​ស្រ្តី​២៥​នាក់​តែ​ប៉ុណ្ណោះ​គឺ​ស្មើ​នឹង​២០​ភាគរយ។ ​សមាជិក​ព្រឹទ្ធ​សភា​ស្រ្តី​មាន​ប្រមាណ​១៨​ភាគរយ។ ​សម្រាប់​តំណែង​មន្រ្តី​រដ្ឋាភិបាល ​ទាំង​គ្រប់​កម្រិត​ភាគ​ច្រើន​គ្រប់​ដណ្តប់​ដោយ​បុរស។​

ក្នុង​ចំណោម​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​១១៥៧២​នាក់ ​ស្រ្តី​មាន​ចំនួន​២៣២៣​នាក់​គឺ​ស្មើ​នឹង​ប្រមាណ​២០​ភាគរយ។ ​នៅ​ក្នុង​ចំណោម​ឃុំ​សង្កាត់​ទូទាំង​ប្រទេសសរុប​១៦៤៦ឃុំ​សង្កាត់​ មាន​ឃុំ​សង្កាត់​ជាង​៣០០​មិន​មាន​ក្រុម​ប្រឹក្សា​ស្រ្តី​សូម្បី​តែ​ម្នាក់។​ ប៉ុន្តែការងារ​ដឹកនាំ​ឃុំ​សង្កាត់​តម្រូវ​ឲ្យ​មាន​ក្រុម​ប្រឹក្សា​ម្នាក់ទទួល​បន្ទុក​ផ្នែក​ស្រ្តី​និង​កុមារ ​នៅ​ក្នុង​ឃុំ។​

លោក ​សុខ ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ប្រសាសន៍​ថា​ គណបក្ស​កាន់​អំណាច​តែង​តែ​យក​ចិត្ត​ទុក​ក្នុង​ការ​លើក​កម្ពស់​តួនាទី​របស់​ស្រ្តី ​តែ​លោក​ថា​ ចំនួន​ស្រ្តី​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​នៅ​មាន​កម្រិត​នៅ​ឡើយ។​

លោក​បាន​ថ្លែង​ថា៖​

«និយាយ​រួម ​យើង​វា​ខ្សត់​ស្រ្តី​ មិន​មែន​ការ​លើក​កម្ពស់​យេនឌ័រ​ហ្នឹង ​មិន​មែន​ចេះ​តែ​លើក​ទទឹង​ទទែង​ទេ។ ​វា​ត្រូវ​តែ​យក​អ្នក​គ្រប់​លក្ខណៈ​សម្បត្តិ​មក​បម្រើ​ការងារ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ទើប​មាន​ផល​ប្រយោជន៍»។​

លោកស្រី ធីតា ឃឹះ ​នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ​ដែល​ធ្វើ​ការ​លើ​សិទ្ធិ​ស្រ្តី​ មាន​ប្រសាសន៍​ថា ​ចំនួន​ស្រ្តី​កាន់មុខ​តំណែង​ធំ ​ដែល​មាន​ការ​សម្រេច​ចិត្ត​ មាន​កម្រិត​ទាប​នៅ​ឡើយ។ ​លោកស្រី​បន្ត​ថា​ ការ​រើស​អើង​ចំពោះ​ស្រ្តី​នៅ​តែ​មាន​នៅ​ឡើយ​ ដូច​ជា​ការ​មិន​ស្តាប់​យោបល់​របស់​ស្រ្តី​ជា​ដើម។​

លោកស្រី​មាន​ប្រសាសន៍​ថា៖​

«(បុរស)​អត់​ស្តាប់​(ស្រ្តី)​ បើ​ប្រើ​ឲ្យ​រៀបចំ​ម្ហូប​អាហារ ​ដើរ​បោស​ជូត​ ធ្វើ​ម្ហូប ​ធ្វើ​អាហារ​ អាហ្នឹង​ប្រើ​ស្រី។ ​ហើយ​ដើរ​ចែក​អំណោយ​ពេល​ប្រជា​ពលរដ្ឋ​ឈឺ ​អា​ហ្នឹង​ស្រី​រត់​មុខ។​ ​ប៉ុន្តែ​ដល់​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ជា​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​ប៉ះពាល់​ដល់​ការ​អនុវត្ត​ផ្សេងៗ​គឺ​បុរស»។​

លោកស្រី ធីតា ឃឹះ នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ​ដែល​ធ្វើការ​លើ​សិទ្ធិ​ស្រ្តី​ចូលរួម​ក្នុង​ពិធី​បិទ​បញ្ចប់​គម្រោង​«ស្រ្តី​ក្នុង​វិស័យ​នយោបាយ» ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​សហភាព​អឺរ៉ុប។ (ស៊ុន ណារិន/VOA)
លោកស្រី ធីតា ឃឹះ នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ​ដែល​ធ្វើការ​លើ​សិទ្ធិ​ស្រ្តី​ចូលរួម​ក្នុង​ពិធី​បិទ​បញ្ចប់​គម្រោង​«ស្រ្តី​ក្នុង​វិស័យ​នយោបាយ» ដែល​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​សហភាព​អឺរ៉ុប។ (ស៊ុន ណារិន/VOA)

លោកស្រី​បន្ត​ថា ​បុរស​ត្រូវ​បាន​លើក​តម្កើង​ និង​គាំទ្រ​តែ​ក្នុង​ក្រុម​របស់​ពួក​គេ​ផង​ដែរ។ ​លោក​ស្រី​បញ្ជាក់​ថា៖​

«ហើយ​បុរស​ច្រើន​តែ ​promote​(លើក​តម្កើង)​បុរស​គ្នា​ឯង​ ដោយសារ​គេ​ស្គាល់​គ្នា ហើយ​គេ​ដើរ​លេង​ស៊ី​ផឹក​ជាមួយ​គ្នា។​ គេ​ស្គាល់​គ្នា​ច្បាស់»។​

ទោះ​ជា​ចំនួន​ស្រ្តី​ក្នុង​វិស័យ​នយោបាយ​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ ​លោក​ស្រី ធីតា ឃឹះ​ នៃ​អង្គការ​សីលការ​បាន​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​បន្ត​លើក​តម្កើង​តួនាទី​ស្រ្តី ​និង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​វត្តមាន​ស្រ្តី​យ៉ាង​តិច​៣០​ភាគរយ ​នៅ​ក្នុង​ស្ថាប័ន​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ៕

XS
SM
MD
LG