ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រ​ខ្មែរ​អំពាវនាវ​ឲ្យ​មាន​ការ​សាមគ្គី​និង​ការ​បង្រួប​បង្រួម​ជាតិ​ក្នុង​ថ្ងៃ​បុណ្យឯករាជ្យ​លើក​ទី​៦៥


ព្រះមហាក្សត្រ​នៃ​កម្ពុជា ព្រះ​ករុណា​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ឈរ​ក្នុង​ព្រះទីនាំង​ខណ​ដែល​ព្រះ​អង្គ​យាង​ចេញ​ដំណើរ​ទៅកាន់​ព្រះបរមរាជវាំង​បន្ទាប់​ពី​បាន​ប្រទាន​ភ្លើង​ជ័យ​នៅ​ក្នុង​វិមាន​ឯករាជ​កាលពី​ព្រឹក​ថ្ងៃទី​០៩ វិច្ឆិកា២០១៨។(ទុំ ម្លិះ/VOA)
ព្រះមហាក្សត្រ​នៃ​កម្ពុជា ព្រះ​ករុណា​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ឈរ​ក្នុង​ព្រះទីនាំង​ខណ​ដែល​ព្រះ​អង្គ​យាង​ចេញ​ដំណើរ​ទៅកាន់​ព្រះបរមរាជវាំង​បន្ទាប់​ពី​បាន​ប្រទាន​ភ្លើង​ជ័យ​នៅ​ក្នុង​វិមាន​ឯករាជ​កាលពី​ព្រឹក​ថ្ងៃទី​០៩ វិច្ឆិកា២០១៨។(ទុំ ម្លិះ/VOA)

«នៅ​ក្នុង​ឱកាស​នេះ​ ​ខ្ញុំសូម​អំពាវនាវ​បងប្អូន​ប្រជាពល​រដ្ឋកម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ ​សូម​រួបរួម​សាមគ្គី​ជាធ្លុង​មួយ​ស្ថិត​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​រដ្ឋ​ដើម្បី​ចូល​រួម​ចំណែក​ការពារ​និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ»។

ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៥​ ​របស់​ប្រទេស​កម្ពុជា​ ​បាន​ប្រារព្ធ​ឡើងយ៉ាង​ឱឡារិក​ ​ខុស​ប្លែក​ពីឆ្នាំ​មុនៗ​ ​ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​២៥.០០០​នាក់​ ​និង​មាន​កង​កម្លាំង​សន្តិសុខ​ជិត​៤.០០០​នាក់។​ ​កម្មវិធី​បុណ្យជាតិ​ដ៏​សំខាន់​នេះ​ ​បាន​ចាប់ផ្តើម​នៅ​វិមាន​ឯករាជ្យ​និង​បញ្ចប់​នៅ​ព្រះបរម​រាជវាំង។

បន្ទាប់​ពី​ព្រះ​មហាក្សត្រ​បាន​ប្រទាន​ភ្លើង​ជ័យ​នៅ​ឯវិមាន​ឯករាជ្យ​រួច​ ​ព្រះ​មហាក្សត្រ​ ​នាយក​រដ្ឋ​មន្រ្តី មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ ​កងកម្លាំង​មក​ពី​គ្រប់​អង្គភាព​ ​នៃ​ក្រសួង​ការពារ​ជាតិ​ ​ក្រសួង​មហាផ្ទៃ​មន្ត្រី​រាជការ​នា​នា​ភ្ញៀវជាតិ​និង​អន្តរជាតិ​រួម​ទាំង​សិស្សានុសិស្ស​រាប់​រយ​នាក់​បាន​បន្តហែក្បួន​ទៅ​កាន់​ព្រះ​បរម​រាជវាំង​ ​ជាទី​ដែល​មាន​ការបង្ហាញ​កងទ័ព​កម្ពុជា​ ​និងការថ្លែង​ពី​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ ​និង​ ព្រះ​មហាក្សត្រ​នៃ​កម្ពុជា​ព្រះបាទ​ ​នរោត្តម សីហមុនី។

ថ្លែង​ទៅ​កាន់ជន​រួមជាតិ​ពី​ប្រាសាទ​ចន្ទច្ឆាយា​មុខ​ព្រះ​បរមរាជវាំង​ ​ព្រះ​មហាក្សត្រ​វីរក្សត្រ​នៃ​កម្ពុជា​ ​ព្រះ​ករុណា​ព្រះបរមនាថ​ ​នរោត្តម សីហមុនី​ ​ក៏​បាន​ថ្លែង​រំឮក​គុណ​ដល់​ព្រះវរបិតា​របស់​ទ្រង់​ ​គឺ​ព្រះ​មហា​វីរៈ​ក្សត្រ​ព្រះ​បាទ​នរោត្តម​ ​សីហនុ​ ​ដែល​បាន​ទាមទារយក​សិទ្ធិ​សេរី​ភាព​និង​ឯករាជ្យភាពពេញ​លេញ​មួយ​ជូន​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​១៩៥៣​ ​ហើយ​ធ្វើ​ឱ្យ​កម្ពុជា​«មាន​ឋានៈស្មើ​នឹង​សាធារណរដ្ឋ​បារាំង​គឺ​មាន​ឋានៈជា​រដ្ឋ​ឯករាជ្យពេញ​បរិបូណ៌»។

សិស្សានុសិស្ស​ឈរ​កាន់ផ្កា​ដើម្បី​អបអរ​ពិធី​បុណ្យឯករាជ្យ​ជាតិ​លើក​ទី​៦៥ នៅ​វិមាន​ឯករាជ​កាលពី​ព្រឹក​ថ្ងៃទី​០៩ វិច្ឆិកា២០១៨។(ទុំ ម្លិះ/VOA)
សិស្សានុសិស្ស​ឈរ​កាន់ផ្កា​ដើម្បី​អបអរ​ពិធី​បុណ្យឯករាជ្យ​ជាតិ​លើក​ទី​៦៥ នៅ​វិមាន​ឯករាជ​កាលពី​ព្រឹក​ថ្ងៃទី​០៩ វិច្ឆិកា២០១៨។(ទុំ ម្លិះ/VOA)

ព្រះ​មហាក្សត្រ​នៃ​កម្ពុជា​ ​ព្រះ​ករុណា​ព្រះបរមនាថ​ ​នរោត្តម សីហមុនី​ ​ក៏​បាន​ថ្លែង​អំពាវនាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​កម្ពុជា​រួបរួម​សាមគ្គី​គ្នា​ជាធ្លុង​មួយ​ក្រោម​រដ្ឋធម្មនុញ្ញ​ជាតិ​ដែរ​ ​ដើម្បី​រក្សាឯករាជ្យ​ជាតិ​និង​សាមគ្គី​ជាតិ។

«នៅ​ក្នុង​ឱកាស​នេះ​ ​ខ្ញុំសូម​អំពាវនាវ​បងប្អូន​ប្រជាពល​រដ្ឋកម្ពុជា​គ្រប់​មជ្ឈដ្ឋាន​ ​សូម​រួបរួម​សាមគ្គី​ជាធ្លុង​មួយ​ស្ថិត​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​រដ្ឋ​ដើម្បី​ចូល​រួម​ចំណែក​ការពារ​និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ»។

ប្រទេស​កម្ពុជា​បាន​រួច​ផុត​ពី​អាណា​និគមនិយម​បារាំង​និង​បាន​ក្លាយជា​រដ្ឋ​ឯករាជ្យ​ពេញ​បរិបូរណ៍មួយ​នៅ​ក្នុង​ឆ្នាំ​១៩៥៣​ ​ថ្ងៃ​ ​ទី០៩​ ​វិច្ឆិកា​ ​បន្ទាប់​ពី​ព្រះ​មហា​វីរ​ក្សត្រ​ព្រះ​បាទ​នរោត្តម​ ​សីហនុ​ ​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​សាធារណរដ្ឋបារាំង​ ដែល​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​ប្រមាណ ៩០​ឆ្នាំ ​ចាប់​តាំង​ពី​ឆ្នាំ​១៨៦៣។​

​នៅ​ថ្ងៃ​សុក្រនេះ​ដែរ​ ​ការ​ប្រារព្ធបុណ្យ​ឯករាជ្យជាតិ​បាន​ធ្វើ​ឡើង​ព្រម​ជាមួយ​ និង​ខួប​កំណើត​នៃ​ការ​បង្កើត​កង​យោធពល​ខេរភូមិន្ទ​កម្ពុជា។

​ប្រទេស​កម្ពុជា​ ​កំពុង​រង​ការ​រិះគន់​ពី​បសិ្ចម​ប្រទេស​ពីការ​វាយប្រហារ​លើ​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​ ​ការ​រឹតត្បិត​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​សារព័ត៌មាន​ឯករាជ្យ​ ការ​រំលាយ​បក្ស​ជំទាស់​សង្គ្រោះ​ជាតិ​ ​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ​របស់​អ្នក​នយោបាយ​ប្រឆំាង​ ​ការ​ចាប់ឃុំ​ខ្លួន​មេបក្ស​ជំទាស់ ​រួម​ទាំង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ដោយ​គ្មាន​បក្ស​ជំទាស់​សង្គ្រោះជាតិ​ជា​ដើម។

កន្លង​មក​ ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ ​កាលពី​ថ្ងៃទី​២៩​ ​ខែ​កក្កដា​ ​និង​ព្រមាន​ចាត់​វិធាន​ការ​បន្ថែម​លើ​ការ​បង្កក​ទ្រព្យសម្បត្តិ​ ​និង​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ ​ចំណែក​សហ​ភាព​អឺរ៉ុប​ ​ក៏​បាន​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ ​ដោយ​ទុក​ពេល​១២ខែ​ ​ដើម្បី​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ស្តា​ស្ថានភាព​ប្រជា​ធិបតេយ្យ​ឡើង​វិញ។

យ៉ាងណា​ក៏​ដោយ​ ​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន​ ​ដែល​បាន​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​នោះ​ប្តេជ្ញា​ក្នុង​ការការពារ​ឯករាជ្យជាតិ​ ​សន្តិភាព​ ​អធិបតេយ្យ​ភាព​ ​និង​បូរណភាព​ទឹក​ដី​ ​ដោយទប់ស្កាត់​ការ​ជ្រៀតជ្រែក​ការងារ​ផ្ទៃ​ក្នុង​កម្ពុជា។​

នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ លោក ហ៊ុន សែន ស្ថិត​ក្នុង​រថយន្ត​ចេញ​ដំណើរ​ទៅកាន់​ព្រះបរមរាជវាំង​ ​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យឯករាជ្យ​ជាតិ​លើក​ទី​៦៥ នៅ​វិមាន​ឯករាជ​កាលពី​ព្រឹក​ថ្ងៃទី​០៩ វិច្ឆិកា២០១៨។(ទុំ ម្លិះ/VOA)
នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ លោក ហ៊ុន សែន ស្ថិត​ក្នុង​រថយន្ត​ចេញ​ដំណើរ​ទៅកាន់​ព្រះបរមរាជវាំង​ ​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យឯករាជ្យ​ជាតិ​លើក​ទី​៦៥ នៅ​វិមាន​ឯករាជ​កាលពី​ព្រឹក​ថ្ងៃទី​០៩ វិច្ឆិកា២០១៨។(ទុំ ម្លិះ/VOA)

លោក​បាន​ថ្លែង​ថា៖

«ទប់ស្កាត់ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​ ​និង​ប្រឆាំង​ជា​ដាច់ខាត​រាល់​សកម្ម​ភាព​ដែល​ពាក់ព័ន្ធ​នឹង​បដិវត្ត​ពណ៌​ ឬ ​ការញុះ​ញង់​ណាមួយ​ដែល​បង្កឲ្យ​មាន​អស្ថិរភាព​នយោបាយ​ឬ​ចលាចល​ក្នុង​សង្គម​ជាតិ​កម្ពុជា»។​

លោក​ ​ហ៊ុន សែន​ ​ដែល​ទើបតែ​បន្ត​តំណែង​រយៈ​ពេល​៥ឆ្នាំ​ទៅ​មុខ​ទៀត​តាម​ការ​បោះឆ្នោត​នៅ​ចុង​ខែ​កក្កដា​កន្លង​ទៅ​បាន​បង្ហាញ​អំពី​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាលទី​០៤​ ​និង​សុទិដ្ឋិនិយម​ក្នុងការ​បន្ត​កសាង​ប្រ​ទេស​ជាតិ​ឲ្យ​មាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ។

យុវជន​កាយរឹទ្ធិ​ ​គី ឡាយហុង មកពី​វិទ្យាល័យ​សាមគ្គី​ក្នុង​រាជធានី​ភ្នំពេញ​ ​បាន​សម្តែង​ក្តី​រីករាយ​ ​ដែល​ខ្លួន​បាន​មក​ចូល​រួម​អបអរ​នៅ​ក្នុង​ពិធី​បុណ្យ​ឯករាជ្យ​លើកទី​៦៥​នេះ​ ​និង​បាន​បង្ហាញពី​ការ​ដឹងគុណ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​រំដោះ​ពី​អាណានិគម​និយម​បារាំង​សេស។​ ​យ៉ាង​ណា​ក៏​ដោយ​យុវជន​វ័យ​១៨ឆ្នាំ​រូប​នេះ​បាន​បន្តថា​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ហើយ​ ​ប៉ុន្តែ​ខ្លួន​ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ខ្លាំង​ជាង​នេះ​ទៀត​នៅ​ឆ្នាំ​ខាងមុខ។

គី ឡាយហុង​បាន​បន្ត​ថា៖

«ខ្ញុំចង់​ឲ្យ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​កែប្រែ​ជាងហ្នឹង​តិច​ ​មិនចង់​អោយ​របៀប​ថា​មាន​ជម្លោះ​ទាស់​ទែង​គ្នា​ ​ដោយសារ​តែ​មាន​ការ​ខ្វែងគំនិត​អ៊ីចឹង​ណា​បង​ ​ខ្ញុំចង់​មាន​ការ​ប្រសើរ​ជាង​ហ្នឹង​បន្តិច​ទៀត»។​

មួយ​ថ្ងៃ​មុន​ការប្រារព្ធពិធី​ ​បុណ្យ​ឯករាជ្យជាតិ​ ​លើក​ទី​ ​៦៥​ ​មេដឹក​នាំ​បក្ស​ប្រឆាំង​លោក​ ​កឹម សុខា​ ​បាន​ចេញ​សារ​អបអរពិធី​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៥​ ​ក្នុង​ឆ្នាំ​២០១៨​ ​បើ​ទោះជា​លោក​កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​ក៏​ដោយ។​ ​លោក​ក៏បាន​អំពាវនាវ​ឱ្យ​មាន​ការ​ថែរក្សា​ការពារ​ឯក​រាជ្យជាតិ​និង​ការ​បង្រួប​បង្រួម​ជាតិ​និង​ថ្លែង​អំណរ​គុណ​ដល់​បុព្វបុរស​ដែល​បាន​ពលី​ជីវិត​ដើម្បី​ប្រទេស​ជាតិ​កម្ពុជា។​

​រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ ​លោក​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​អាមេរិក​ ​ម៉ៃខល បុំប៉េអូ​ ​(Michael Pompeo)​ ​បាន​អបអរសាទរ​ចំពោះ​កម្ពុជា​ ​ក្នុង​ពេល​ដែល​កម្ពុជា​ ​រៀបចំ​បុណ្យ​ខួបលើក​ទី៦៥​ ​ដែល​ជា​ថ្ងៃ​ឯករាជ្យ​ជាតិ ​ដែល​កម្ពុជា​ក្រោមការ​ដឹកនាំ​ ​របស់​សម្តេចឳ​សម្តេច​ព្រះបាទ​ ​នរោត្តម សីហនុ​ ​បាន​ដណ្តើម​ពី​បារាំង។​ ​លោក​រដ្ឋមន្ត្រី​នៃ​ប្រទេស​មហា​អំណាច​ក៏​បាន​បង្ហាញ​ពី​ការបន្ត​ទំនាក់​ទំនង​រឹងមាំ​រវាង​ ​សហរដ្ឋ​អាមេរិក​ ​និង​ប្រជាជន​កម្ពុជាដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេសទាំងពីរ​ ​ផង​ដែរ។

មុន​និង​ពិធី​បុណ្យ​ឯករាជ្យ​លើក​ទី៦៥នាព្រឹក​ថ្ងៃ​សុក្រ​នេះ​ ​ក៏​មាន​ការ​បង្ហោះប៉ោងៗ​ដោយ​ភ្ជាប់​ជា​មួយ​ពាក្យស្លោក​ និង​ការ​បួងសួង​សូម​ឱ្យ​មាន​សុខសន្តិភាព​ ការ​បង្រួប​បង្រួមជាតិ និង​សាមគ្គី​ជាតិ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG