ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​លុបចោល​ច្បាប់​នានា​ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព


អង្គការ​សង្គម​ស៊ីវិល​ ​ក្រុម​សហជីព និង​សកម្មជន និងប្រជាពលរដ្ឋ​នានា​ ចូលរួម​ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ​ជាតិ១០ធ្នូ ​លើក​ទី៧០, នាទីលាន​ប្រជាធិបតេយ្យ​, នៅរាជធានីភ្នំពេញ​,​ នៅថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨។ (អូន​ ឆេង​ប៉រ​​​/ VOA)

​រដ្ឋាភិបាល​​ថា អង្គការ​សង្គម​ស៊ីវិល​​មិន​ចាំបាច់​ត្រូវ​ឲ្យ​អង្គការ​ទាំងនោះ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មុន​បីថ្ងៃ​នៃ​ការ​ចាប់ផ្តើម​ធ្វើសកម្ម​ភាព​ណាមួយ។ ប៉ុន្តែអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​​ថា ​ការណ៍​នេះ​មិន​ទាន់​គ្រប់គ្រាន់​ ហើយថា រដ្ឋាភិបាល​ត្រូវតែ​លុប​បំបាត់​ចោល​ច្បាប់​ដែល​រឹតត្បិត​នានា។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ​(Human Rights Watch)​ ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​ច្បាប់​ទាំងឡាយ​ណា​ ដែល​មាន​ការ​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​ពលរដ្ឋ​កម្ពុជា​ ​ដោយ​បាន​សំដៅ​ដល់​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ហៅកាត់ថា (LANGO)​ ​និង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ពីរ​ផ្សេង​ទៀត។​ ​នេះបើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដែល​ VOA​ ​បាន​ទទួល​កាលពី​ថ្ងៃ​សៅរ៍។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ Human Rights Watch​ ​ក៏បាន​ចាត់​ទុក​ថា​ ការ​ប្រកាស​របស់​រដ្ឋាភិបាល​នាពេល​ថ្មីៗ​នេះ​ ​មិន​តម្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជូន​ដំណឹង​មុន​បីថ្ងៃ​ដល់​អាជ្ញាធរ​មូលដ្ឋាន មុន​ការ​ធ្វើ​សកម្មភាព​នៅ​តាម​សហគមន៍​នោះ​ គឺ​មិនទាន់​គ្រប់​គ្រាន់​នៅឡើយ។

រូបឯកសារ៖ លោក​ ​Phil Robertson​ ​នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥។
រូបឯកសារ៖ លោក​ ​Phil Robertson​ ​នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥។

លោក​ ​Phil Robertson​ ​នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ ​ត្រូវ​បាន​ស្រង់​ប្រសាសន៍​ជា​ភាសា​អង់គ្លេស​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ក្នុង​ន័យ​ដើម​ថា៖

«ការ​លុបចោល​របស់​រដ្ឋាភិបាល​កម្ពុជា​នូវ​តម្រូវការ​ការជូន​ដំណឹង​មុនបី​ថ្ងៃនោះ​ គឺ​វា​គ្រាន់​តែ​ជា​ជំហាន​តូចមួយ​ឆ្ពោះ​ទៅកាន់​គោលដៅ​ត្រឹមត្រូវ​មួយ ប៉ុន្តែ​ការណ៍​នេះ​ វា​នឹង​មិន​អាច​បញ្ចប់​ការ​យាយី​ និង​ការ​គំរាម​កំហែង​ផ្សេងៗ​មក​លើ​ក្រុម​សកម្មជន​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ»។

លោក​ត្រូវ​បាន​ស្រង់​សម្តីបន្ថែមថា៖

«​អ្វីដែល​ជា​ការ​ចង់​បាន​នោះ​ គឺ​ការ​ប្តេជ្ញា​ដ៏​ហ្មត់​ចត់​របស់​រដ្ឋាភិបាល​ដើម្បី​លុប​ចោល​ច្បាប់​ទាំង​អស់​ ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​គាបសង្កត់​សកម្មភាព​របស់​ក្រុម​ឯករាជ្យ​នានា​នោះ»។

កាល​ពី​ឆ្នាំ​កន្លង​ទៅ​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើន​ការ​បង្ក្រាប​របស់​ខ្លួន​មក​លើ​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​និង​ក្រុម​សហជីព។​ ​អង្គការ​ដែល​ធ្វើ​ការ​លើការ​ការពារ​សិទ្ធិមនុស្ស​ និង​ការការពារ​ធនធាន​ធម្មជាតិ​និង​ដីធ្លី កម្មករ និង​លទ្ធិប្រជា​ធិបតេយ្យ​បាន​ប្រឈម​ជាមួយ​ការ​តាមដាន​យ៉ាង​ជាប់លាប់ ការ​គំរាម​កំហែង​ផ្សេងៗ ការ​ចាប់ខ្លួន​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​តាមតែ​អំពើ​ចិត្ត និង​ការ​ឃុំខ្លួន​មុន​ការកាត់​ទោស​ក្នុង​រយៈពេល​ដ៏យូរ»។ នេះ​បើតាម​ការ​បញ្ជាក់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ។

​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​មួយ​នេះ​បាន​បន្ត​ថា ចាប់​តាំងពីឆ្នាំ​២០១៥​មកនោះ រដ្ឋាភិបាល​បាន​អនុម័ត​ច្បាប់​ជាច្រើន​និង​ដាក់បន្ថែម​ខ​រឹតត្បិត​ផ្សេងៗ​នៅ​ក្នុង​លក្ខន្តិកៈ​ដែល​មានស្រាប់។​ ​ការ​កែប្រែ​ទាំងនេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លាក់​លៀម ​និង​គ្មាន​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ជាមួយ​ក្រុម​មនុស្ស​ដែល​រង​ផល​ប៉ះពាល់​ដោយ​សកម្មភាព​កែប្រែ​ទាំងនេះ។

អង្គការ​សិទ្ធិមនុស្ស​ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​មិន​សំចៃ​មាត់​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា​ រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ បាន​ដាក់​នូវ​ការ​រឹតបន្តឹងធ្ងន់ធ្ងរ​មក​លើ​សិទ្ធិ​ក្នុងការ​បញ្ចេញ​មតិ​ដោយ​សេរី​ ការ​ជួប​ប្រជុំ​ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី។ បទប្បញ្ញត្តិ​ថ្មីៗ​ដែល​រំលោភ​សិទ្ធិ​ទាំង​នោះ​ រួម​មាន​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​(LANGO)​ ​ច្បាប់​ស្តីពី​សហជីព​ច្បាប់ ​ស្តីពី​ការ​ជេ​ប្រមាថ​ព្រះ​មហាក្សត្រlese majeste ក្នុង​ក្រម​ព្រហ្មទណ្ឌ​ និង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជា​ច្រើន​ទៀត។​

ចាប់ពីតាំង​ពី​ការ​អនុម័ត​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១៥​នោះមក​ អង្គការ​ជាច្រើន​បាន​ឲ្យ​ដឹង​ពី​បទ​ពិសោធន៍​នៃ​ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​យ៉ាង​ខ្លាំងក្លា។ អាជ្ញាធរ​មូលដ្ឋាន​ជា​ញឹកញាប់​បាន​អាន​ខុស និង​បកស្រាយ​ច្បាប់​មិន​ត្រឹមត្រូវ​ ដោយ​ការ​ទាមទារ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ស្វែងរក​ការ​អនុញ្ញាត​ជាមុន​សិន មុនពេល​ការ​ធ្វើ​សកម្មភាព​នានា។ អង្គការ​ជាច្រើន​បាន​រាយការណ៍​មក​ថា​ អាជ្ញាធរ​និង​ប៉ូលិស​មូលដ្ឋាន​បាន​ជ្រៀត​ជ្រែក​ចូល​ក្នុង​ការ​ប្រជុំ​និង​ការ​បណ្តុះបណ្តាល​របស់​ពួកគេ ហើយ​ជា​ញឹកញាប់​ខិតខំ​បិទចោល​ព្រឹត្តការណ៍​ទាំង​នោះ​ ឬ​ក៏​អង្គុយ​ខាង​ក្រោយ​បន្ទប់​ ថត​យក​រូបភាព​និង​ស្នើ​សុំ​យក​បញ្ជី​នៃ​អ្នក​មាន​វត្តមាន​ក្នុងការ​ប្រជុំ​ និង​ការ​បណ្តុះ​បណ្តាល​ទាំងនោះ។

នៅ​ក្រោម​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ អាជ្ញាធរ​បាន​បិទចោល​ក្រុម​ឯករាជ្យ​ជាច្រើន​ ឬ​ក៏​បដិសេធ​ចោល​ពួកគេ​មិន​ឲ្យ​ចុះ​បញ្ជី​ ដោយ​សំអាង​លើ​ទស្សនៈ​ដែល​មាន​លក្ខណៈ​ឆ្គាំឆ្គង​ជា​ច្រើន​ផងដែរ​ និង​មិន​អាច​កំណត់​និយមន័យ​បាន​នៃ​ «ការ​អព្យាក្រឹត​ពី​នយោបាយ» ជា​ដើម។ មន្ត្រី​ក៏​បាន​ដាក់​បន្ទុក​ដល់​ក្រុម​សមាគម​តូចៗ​ឲ្យធ្វើ​សេចក្តី​រាយការណ៍​ជាច្រើន​ដែល​ពួកគេ​មិន​អាច​ធ្វើ​បាន។

លោក​ Phil Robertson ត្រូវបាន​ស្រង់​ប្រសាសន៍​តាម​ន័យដើម​បន្ថែមថា៖​

«រដ្ឋាភិបាល​កម្ពុជា​គួរតែ​បញ្ឈប់​ការគិតថា ​ពួក​ក្រុម​សកម្មជន​ទាំងអស់​នោះ​គឺ​ជា​ការ​គំរាម​កំហែង ​ហើយត្រូវ​ចាប់​ផ្តើម​មើល​ឃើញ​ពួកគេ​ថា ​ជាដៃគូ​ដែល​មាន​ប្រយោជន៍ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាន​ប្រសើរ​ឡើង»។

​លោក​ត្រូវ​បាន​គេ​ស្រង់​សម្តី​បន្ថែម​យ៉ាង​ដូច្នេះ៖​

​«រដ្ឋាភិបាល​បរទេស​និង​ម្ចាស់​ជំនួយ​ជាច្រើន​ដែល​បាន​គ្រាំ​ទ្រ​សង្គម​ស៊ីវិល​នៅក្នុងប្រទេស​កម្ពុជា​ គួរ​តែ​អំពាវនាវ​ឲ្យ​មាន​ការ​លុប​ចោល​ច្បាប់​ដែល​រឹតត្បិត​ទាំង​នេះជា​បន្ទាន់»។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​មួយ​ចំនួន​នៅ​កម្ពុជា​បាន​ថ្លែង​បន្ទរ​តាម​សេចក្តី​អំពាវនាវ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សអន្តរជាតិ​ Human Rights Watchដោយ​ពួកគេ​នៅបន្ត​មាន​ ការព្រួយ​បារម្ភ​នៅ​ឡើយ​ ចំពោះ​ចេតនា​បន្ធូរ​បន្ថយ​តិច​តួច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​លើ​ការ​រឹតត្បិត​សកម្មភាព​របស់​ពួកគេក្នុង​ពេលចុះ​ធ្វើ​សកម្មភាព​ការងារ។

លោក​ អំ សំអាត ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) មាន​ប្រសាសន៍​បញ្ជាក់​ ​VOA​ ​នៅថ្ងៃ​ចន្ទ​នេះថា​ វា​អាច​ជា​រឿង​ពិបាក​មួយ​ក្នុង​ការ​ទម្លាក់​ចោល​ច្បាប់​ទំាង​ឡាយ​ណា​ ដែល​ត្រូវ​បាន​អនុម័ត​ និង​ដាក់​ឲ្យ​ប្រើប្រាស់​មក​ហើយ​នោះ។ តែ​លោក​ថា​ ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ទាំង​អស់នោះ​ អាច​ជា​ជម្រើស​មួយ​ទៀត​ ដែល​កែ​សម្រួល​ចំណុច​ណា​ ដែល​មាន​លក្ខណៈ​រឹតត្បិត​ខ្លាំង​នោះ។

«បើសិន​ជា​យើង​មាន​ចេតនា​ នៅ​ក្នុង​ការ​កែ​លម្អ​ បើ​យើង​មិន​ទម្លាក់​ចោល​ទេ​ យើង​អាច​ធ្វើ​វិសោធនកម្ម​ទៅ​លើ​មាត្រា​មួយ​ចំនួន​ ដែល​គេចាត់​ទុក​ថា​ វា​រឹត​ត្បិត​សេរីភាព​របស់​សមាគម​ អង្គការ​ មិនមែន​រដ្ឋាភិបាល​ ក៏ដូច​ជា​ សហជីព​ហ្នឹង​ ដើម្បី​សម្រួល​ឲ្យ​សមាគម​ និង​អង្គ​ការ​មិនមែន​រដ្ឋាភិបាល​ ក៏ដូច​ជា​សហជីព​ហ្នឹង​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ពេញ​ដៃ​ ពេញ​ជើង​ មិនមាន​ភាព​រឹតត្បិត​ អានេះ​ យើង​អាច​ធ្វើ​បាន»។

យោង​តាម​សេចក្តី​ប្រកាស​ដដែល​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចុះ​នៅ​ថ្ងៃទី៨ ខែ​ធ្នូ​ឆ្នាំ ២០១៨​ បាន​លើក​ឡើង​ថា នៅ​ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០១៦​ រដ្ឋាភិបាល​បាន​កំណត់​គោលដៅ​លើ​បណ្តុំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​ធ្វើ​ការខាង​ការពារ​សិទ្ធិ​មនុស្ស និង​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ដែល​ហៅថា​ ​«បន្ទប់​ស្ថានការណ៍»​ ​ដោយ​សំអាង​លើ​ហេតុផល​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​ថា បណ្តុំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​បាន​បំពាន​លើ​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការក្រៅ​រដ្ឋាភិបាល​ ហើយ​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល។

ត​មក​ទៀត​ នៅ​ខែសីហា​ ឆ្នាំ២០១៧ ក្រសួង​ការបទេស​កម្ពុជា​បាន​បញ្ជា​ឲ្យ​បិទ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​ជាតិ​ ​(NDI)​ ​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​និង​បណ្តេញ​ចេញ​បុគ្គលិក​បរទេស​ ​ដោយ​យោង​ទៅ​លើ​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​និង​ច្បាប់ពន្ធ​ដារ​ឆ្នាំ​១៩៩៧។​ ​នៅ​ខែតុលា​ ​ឆ្នាំ​២០១៧​ ​រដ្ឋាភិបាលបាន​ព្យួរទុក​តាម​តែអំពើចិត្ត​ក្រុម​អ្នក​ការពារ​សិទ្ធិដីធ្លី សមធម៌​កម្ពុជា ​(Equitable Cambodia)​ ​និង​បាន​រារាំងក្រុម​នេះ មិន​ឲ្យ​ធ្វើ​សកម្មភាព​របស់​ខ្លួន​ ឈរ​លើ​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភស្តុតាង។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​សង្កត់​ធ្ងន់​ថា​ ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចានុម័ត​លើ​សន្ធិ​សញ្ញា​ស្នូល​ស្តីពី​សិទ្ធិមនុស្ស​អន្តរជាតិ​ជាច្រើន​ ដើម្បី​តម្កល់​ទុកសេរីភាព​ក្នុងការ​បញ្ចេញ​មតិ​ និង​ការ​ប្រមូល​ផ្តុំ។ តែ​ទោះ​ជា​យ៉ាងណាក៏ដោយ​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ច្បាប់​ បទប្បញ្ញត្តិ និង​គោល​នយោបាយ​ជា​ច្រើន​ ដែល​បំពាន​លើ​សិទ្ធិ​ទាំង​អស់​នោះ។

នាយឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ មានប្រសាសន៍​ថា​ កម្ពុជា​នឹង​នៅ​តែ​ការពារ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ ដើម្បី​ពង្រឹង​នីតិរដ្ឋ​ក្នុង​ប្រទេស​ខ្លួន។

​លោក​ថ្លែង​ថា៖​

«ជា​ធម្មតា​ទេ​ នៅ​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ​ តែង​តែ​មាន​មតិ​ប្រឆាំងជំទាស់។ យើង​ទទួល​ ក៏​ប៉ុន្តែ​អ្វីដែល​យើង​ធ្វើ​នេះ​ គឺធ្វើក្នុង​នាម​ជា​រដ្ឋ​មួយ​ដែល​ត្រូវ​បាន​បោះឆ្នោត​ ដោយ​ប្រជាពលរដ្ឋ​ ភាគច្រើន​ មតិ​ភាគច្រើន​បាទ។ ហើយ​គាត់​ គាត់​យល់​យ៉ាងណា​ក៏​ដោយ​ គឺ​ចាត់​ទុក​ជា​សិទ្ធិ​របស់​គាត់​ចុះ​ តែ​យើង​ចង់​បាន​អ៊ីចឹង»។

​ការ​ចេញ​សេចក្តី​ប្រកាសរបស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​(Human Rights Watch)​បាន​ធ្វើ​ឡើង​ ពីរថ្ងៃ​មុនការ​ប្រារព្ធ​ «ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ លើក​ទី​៧០»​ នៅថ្ងៃទី​១០​ ខែធ្នូនេះ។​

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចំា​នៅ​កម្ពុជា នៅ​រសៀល​ថ្ងៃចន្ទ​នេះ​ ក៏បាន​ផ្ញើ​សារ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ សុំ​ឲ្យ​មាន​ការ​ទម្លាក់​ចោលបទ​ចោទ​ប្រកាន់​ប្រឆាំង​រាល់​អ្នក​នយោបាយ​ទាំងអស់។

ដោយ​មាន​ភ្ជាប់​ជាមួយ​រូបថត​លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែលកំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ​ ក្រោម​បទ​ចោទ​ក្បត់ជាតិ​នោះ​ ​ស្ថានទូតសហរដ្ឋ​អាមេរិក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«នៅ​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​យើង​អំពាវ​នាវ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ទៅ​លើ​គ្រប់​អ្នក​ទោស​នយោបាយ​ទាំងអស់»។

ចំណែក​លោក​ ​កឹម សុខា​ ​ក៏​បាន​ថ្លែង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​អបអរ​ទិវា​សិទ្ធិ​មនុស្ស​សាកល​នេះ។​ ​លោក​ កឹម សុខា​ ​បាន​អំពាវនាវ​ឲ្យ​មានការ​គោរព​សិទ្ធិ​មនុស្ស​ ដែល​នាំ​ទៅ​រក​ការ​មាន​សាមគ្គី​ជាតិ​មួយ។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​ កឹម សុខា​ ​ដែល​ជា​អតីតមន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​មួយ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«សិទ្ធិ​មនុស្ស​គឺ​ជា​គ្រឹះ​នៃ​ជីវិត​របស់​មនុស្ស​គ្រប់រូប​ ព្រោះ​ថា​បើ​មនុស្ស​ម្នាក់ៗ​គ្មាន​សិទ្ធិ​មូលដ្ឋាន​ទេ សន្តិភាព​ ​អភិវឌ្ឍន៍ និង​ការ​បង្រួប​បង្រួម​ជាតិ​ក៏មិន​អាច​មាន​និរន្តរភាព​ដែរ។ សិទ្ធិ​មូលដ្ឋាន​គឺ​ជា​ច្បាប់​ធម្មជាតិ​ ពោល​គឺ​មនុស្ស​គ្រប់​រូប​កើត​មក​ដោយ​មាន​សិទ្ធិ​ទាំង​នេះ​ជាប់​ខ្លួន។ សង្គម​មួយ​ដែល​មាន​ការ​រំលោភ​សិទ្ធិ​ទាំង​នេះ មិន​ថា​តាម​រូបភាព​ណា​ក៏​ដោយ តែង​តែ​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់។ ហើយ​សង្គម​មួយ​ដែល​ពោរពេញ​ដោយ​ការ​ឈឺចាប់​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​បែក​បាក់​សាមគ្គី»។

លោក កឹម សុខា បាន​បន្ថែម​ថា៖​

«ដូច្នេះ​ ​ដើម្បី​ឲ្យ​សង្គម​យើង​មាន​សាមគ្គីភាព សន្តិភាព និង​អភិវឌ្ឍន៍​ ខ្មែរ​គ្រប់រូប​គួរ​បញ្ឈប់​ការ​ធ្វើ​ឲ្យ​ខ្មែរ​ដូចគ្នា​ឈឺចាប់ ដោយ​ចាប់​ផ្តើម​ពី​ការ​គោរព​សិទ្ធិគ្នា​ទៅវិញ​ទៅ​មក ដោយ​បង្កើត​ឲ្យ​មាន​បរិយាកាស​សង្គម​មួយ​ដែល​ខ្មែរ​គ្រប់​និន្នាការ​មាន​សិទ្ធិ​មូលដ្ឋាន​ដូច​ជា​ សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​ទីលំនៅ ពិសេស​គឺ​សិទ្ធិ​ក្នុង​ការបញ្ចេញ​មិតិ​យោបល់​និង​ចូលរួម​កសាង​សង្គម​ដោយ​គ្មាន​ការ​ភ័យខ្លាច​និង​រើសអើង»។

ស្របពេល​ដែល​មាន​ការ​រៀប​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា​ អង្គការ​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្ស​ក្នុងស្រុក​មួយ​បាន​រាយការណ៍​ឲ្យ​ដឹង​អំពី​ការ​រឹតត្បិត​សេរីភាព​ពី​សំណាក់​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​មក​លើ​ពលរដ្ឋ​ និង​ក្រុមអ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​តាម​កន្លែង​ជួប​ជុំ​ជាច្រើន។

អង្គការ​សិទ្ធិម​នុស្ស​លីកាដូ​ ​(Licadho)​ បាន​ឲ្យ​ដឹង​តាម​សេចក្តី​ប្រកាស​របស់​ខ្លួន​មួយ​នៅថ្ងៃ​ចន្ទ​នេះថា​ ​សាលារាជធានី​ភ្នំពេញ​ បាន​ហាម​ឃាត់​ទៅលើ​ការ​ហែក្បួន​នៃ​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​នា​ព្រឹក​នេះ​ ​ប៉ុន្តែ​ការ​ប្រារព្ធ​ទិវានេះ​ នៅតែ​អាច​ប្រព្រឹត្ត​ទៅ​បាន​ ទោះបី​ជា​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីតាំង​ប្រារព្ធ​ទិវា​ ប្រហែល​ជា​បួន​គីឡូម៉ែត្រ​ពី​កណ្តាល​រាជធានី​ភ្នំ​ពេញ​ ​ដែល​អាជ្ញាធរ​បាន​អនុញ្ញាត។

សេចក្តី​ប្រកាស​របស់​អង្គការ​សិទ្ធិម​នុស្ស​លីកាដូ បាន​សរសេរ​ក្នុងន័យ​ដើមថា៖​

«សាលា​រាជធានី​ភ្នំពេញ​បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវច្បាប់​ ប្រសិន​បើ​អ្នក​រៀបចំ​កម្មវិធី​នៅ​តែ​ធ្វើ​ការ​ហែក្បួន​ ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ សុវត្ថិភាព​ សណ្តាប់​ធ្នាប់​ និង​របៀប​រៀប​រយ​សាធារណៈ​ ទោះបី​ជាថ្ងៃ​ទី​១០ ខែ​ធ្នូ​ ជា​ថ្ងៃ​ឈប់​សម្រាក​ ដែល​មិន​សូវ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ក៏ដោយ»។

អង្គការ​សិទ្ធិម​នុស្ស​លីកាដូ បាន​ឲ្យដឹង​ទៀតថា​ ទោះបីជា​មាន​ការប្រកាស​របស់​រាជ​រដ្ឋាភិបាល​នាពេល​ថ្មីៗនេះ​ អំពី​ការ​ឈប់​រឹតត្បិត​លើ​ក្រុម​សង្គម​ស៊ីវិល​ក្តី​ ​ក៏​អាជ្ញាធរ​នៅ​តែ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ នៅ​តែ​បន្ត​ការ​រឹតត្បិត​លើ​ចលនា​របស់​សហគមន៍​នៅ​ទូទាំង​ប្រទេស​ ដោយ​ហាម​ឃាត់​អ្នក​ទាំងនោះ​ មិន​ឲ្យជួប​ជុំគ្នា​ជា​សាធារណៈ​ និង​ទាម​ទារ​ឲ្យ​មាន​លិខិត​អនុញ្ញត​ ថែម​ទាំង​ចាត់​ចែង​ទីតាំង​ជួប​ជុំ​គ្នា​របស់​អ្នក​ទាំង​នោះ​ទៅ​វិញ។ អង្គការ​សិទ្ធិម​នុស្ស​លីកាដូ ក៏​បាន​រាយការណ៍​ថា​ មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ និង​រារាំង​ពី​អាជ្ញាធរ​មិន​ឲ្យ​រៀបចំ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ផង​ដែរ ​ក្នុង​នោះ​មាន​ខេត្ត​រតនគិរី​ ​បន្ទាយមានជ័យ​ ​និង​ខេត្ត​កោះកុង​ជាដើម៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG