នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានអំពាវនាវឲ្យអាជ្ញាធរទទួលបន្ទុកលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងពលរដ្ឋខ្មែរ រួមទាំងក្រុមសិល្បៈផង បង្កើនការខិតខំប្រឆាំងនឹងគ្រឿងញៀន និងលើកកម្ពស់ការយល់ដឹងបន្ថែមអំពីគ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន។ នេះបើយោងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រីដែល VOA បានទទួលនៅសប្តាហ៍នេះ។
សារលិខិតរបស់លោក ហ៊ុន សែន ដែលបានធ្វើឡើងដើម្បីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនានេះ បានស្នើឲ្យបន្តប្រើប្រាស់ពាក្យស្លោក «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» ព្រោះថា មានតែការចូលរួមពីគ្រប់មជ្ឈដ្ឋាននៃសង្គមទេ ទើបបញ្ហាគ្រឿងញៀនអាចដោះស្រាយបានដោយជោគជ័យ។
លោក ហ៊ុន សែន បានពន្យល់ពីសារៈសំខាន់នៃការចូលរួមនោះថា៖
«ការចូលរួមទាំងអស់គ្នាគឺមានន័យថា ត្រូវមានការចូលរួមចាប់តាំងពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារនីមួយៗ សហគមន៍ រហូតដល់អង្គភាព ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ហើយធ្វើការព្រមៗគ្នា ទៅតាមតួនាទី និងភារកិច្ចពាក់ព័ន្ធ ដោយផ្ទាល់ និងដោយប្រយោល។ ក្នុងនោះ អង្គភាពដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់ យកចិត្តទុកដាក់អនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ និងជាប់ជាប្រចាំ ដោយកាន់ឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ»។
ទាក់ទិនការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអ្នកសិល្បៈនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យពួកគេបន្តចូលរួមជួយធ្វើសកម្មភាពផ្សព្វផ្សាយ បញ្ជូនសារអប់រំស្តីពីបញ្ហាគ្រឿងញៀនឲ្យបានកាន់តែសកម្មផុសផុលថែមទៀត ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា ពិសេសក្រុមគោលដៅជាយុវជន បានយល់ដឹង ចេះការពារខ្លួន និងចូលរួមចំណែកក្នុងការការពារសហគមន៍ពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រឿងញៀន។
បញ្ហាគ្រឿងញៀននៅតែជាបញ្ហាចម្បង ដែលស្ថិតក្រោមការឃ្លាំមើលរបស់អាជ្ញាធរកម្ពុជា និងបានបង្កការព្រួយបារម្ភខាងសេដ្ឋកិច្ច និងសង្គមដល់ប្រជារាស្ត្រនៃប្រទេសនេះ។ កាលពីខែមេសា ជនជាតិចិនតៃវ៉ាន់២នាក់ និងជនជាតិខ្មែរ២នាក់ ត្រូវបានចោទប្រកាន់ និងបញ្ជូនទៅតុលាការពីបទជួញដូរគ្រឿងញៀន ក្រោយអាជ្ញាធរកម្ពុជាឃាត់ខ្លួនជនទាំងនេះ ជាមួយគ្រឿងញៀនកែច្នៃជិត២៧គីឡូក្រាម។
យោងតាមសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ហាគ្រឿងញៀននេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឆ្នាំ២០១៨នេះ បានធ្វើការផ្សព្វផ្សាយ អប់រំឲ្យមានការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋបានចំនួនប្រមាណ១៦០.០០០នាក់ បានផ្តល់ការព្យាបាល និងស្តារនីតិសម្បទាដល់អ្នកញៀនគ្រឿងញៀនបានចំនួន៧០៥៦នាក់ បានបង្ក្រាបបទល្មើសបានចំនួន២៨៧០ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន៥៧០២នាក់។
ដោយឡែកនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ កែរ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន»។ នេះបើយោងតាមសុន្ទរកថារបស់នាយឧត្តមសេនីយ៍ កែរ គឹមយ៉ាន ដែល VOA បានទទួលនៅរសៀលថ្ងៃអង្គារនេះ។
សុន្ទរកថារបស់លោក កែរ គឹមយ៉ាន បានបញ្ជាក់ឲ្យដឹងថា៖ «ស្ថានភាព និងនិន្នាការនៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្នុងតំបន់ និងនៅលើសកលលោក មិនមានការថយចុះនោះទេ ហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហានេះកាន់តែមានលក្ខណៈរាលដាល កាន់តែស្មុគស្មាញឡើង និងបានប្រែក្លាយជាបញ្ហាប្រឈមមួយគួរឲ្យព្រួយបារម្ភ»។
លោក កែរ គឹមយ៉ាន បានបញ្ជាក់ទៀតថា អាជ្ញាធរមានសមត្ថកិច្ចបានរឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានចំនួន៩៣គីឡូក្រាម រួមទាំងកញ្ឆាក្រៀម១៩៩ក្រាម រកឃើញអ្នកប្រើប្រាស់គ្រឿងញៀន៩៣៦៤នាក់ និងបានផ្តល់ការព្យាបាល និងស្តារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀនចំនួន៧០៥៦នាក់គឺស្មើនឹង៧៥,៣៥ភាគរយនៃអ្នកប្រើប្រាស់និងអ្នកញៀនគ្រឿងញៀន។
នាយឧត្តមសេនីយ៍ មាស វរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ប្រាប់ VOA នៅថ្ងៃអង្គារនេះថា និន្នាការនៃការចរាចរ និងប្រើប្រាស់គ្រឿងញៀនគឺមិនមានភាពថមថយនោះទេ។
លោកថ្លែងថា៖
«បញ្ហាគ្រឿងញៀន មិនមានសកម្មភាពថយចុះទេ រួមទាំងការដំាដុះ ការផលិត និងការប្រើប្រាស់ ហើយយើងអាចប្រឈមទៅនឹងបញ្ហាគ្រឿងញៀនប្រភេទថ្មីថែមទៀតផង។ ហើយអីចឹង អ្វីដែលឯកឧត្តមនាយឧត្តមសេនីយ៍ កែរ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកបានថ្លែង គឺជាភាពត្រឹមត្រូវ»។
លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ពិភពលោកបានកំណត់ឧក្រិដ្ឋជនបួនក្រុមធំៗ ដែលនៅបន្តការផលិត និងចែកចាយគ្រឿងញៀននេះ គឺទីមួយក្រុមឧក្រិដ្ឋជនម៉ិកស៊ីកូ ទីពីរក្រុមឧក្រិដ្ឋជនអ៊ីរ៉ង់ ទីបីក្រុមឧក្រិដ្ឋជនអាហ្វ្រិក និងទីបួនក្រុមឧក្រិដ្ឋជនដែលមានសញ្ជាតិចិន។ ការណ៍នេះតម្រូវឲ្យកម្ពុជាត្រូវបង្កើនវិធានការថ្មីៗដើម្បីឆ្លើយតបនឹងសកម្មភាពជំនួញខុសច្បាប់ក្នុងបញ្ហាគ្រឿងញៀននេះ។
«ក្រុមនេះគឺជាមុខសញ្ញាដែលយើងផ្តោតការយកចិត្តទុកដាក់ ពាក់ព័ន្ធទៅនឹងអ្វីដែលពួកគាត់បានធ្វើ ធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ ឆ្លងកាត់ប្រទេសមួយទៅប្រទេសមួយ ពាក់ព័ន្ធនឹងពួកដែលមានសញ្ជាតិហ្នឹង ជាមួយនឹងមុខសញ្ញាដែលយើងមានតម្រុយសង្ស័យ ពាក់ព័ន្ធនឹងការងារអនុវត្តច្បាប់ យើងបន្តធ្វើការតាមដានស៊ើបអង្កេត ដើម្បីទប់ស្កាត់កុំឲ្យគាត់រៀបចំគម្រោងក្នុងការដឹកជញ្ជូនគ្រឿងញៀនពីតំបន់ផលិតទៅរកទីផ្សារនៃការប្រើប្រាស់»។
លោក យង់ គឺមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព មានប្រសាសន៍ថា កំណែទម្រង់សំខាន់ៗពីរអាចនឹងត្រូវធ្វើឡើងជាបន្ទាន់ ដើម្បីបន្ថយការរីកសាយភាយនៃចំនួនអ្នកប្រើប្រាស់គ្រឿងញៀន ពោលគឺការច្របាច់បញ្ចូលគ្នានៃការងាររបស់មន្ទីរប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយនិងការផ្តល់ភារកិច្ច និងបណ្តុះបណ្តាញជំនាញវិភាគសារធាតុញៀន ដើម្បីជាប្រយោជន៍ក្នុងការបង្ក្រាបការជួញដូរគ្រឿងញៀននៅថ្នាក់មូលដ្ឋានតែម្តង។
«នៅថ្នាក់មូលដ្ឋាននេះ គឺគួរតែមានក្រុមការងារដែលរឹងមាំបាទ អាចទាំងប៉ូលិស ទាំងអាជ្ញាធរឃុំ ធ្វើការជាមួយគ្នាឲ្យស្អិតរមួត បាទ ហើយដែលឃុំហ្នឹងគួរតែមានសមត្ថកិច្ចធំនៅក្នុងការដឹកនាំ ការបង្ក្រាបគ្រឿងញៀននេះ បាទ។ អាហ្នឹងបានអាចទៅរួច ហើយ ជាពិសេស គឺអាជ្ញាធរស្រុក អាជ្ញាធរអីហ្នឹងបាទ។ ប៉ុន្តែដែលខ្ញុំចង់ផ្តោត ទៅលើសំខាន់គឺសមត្ថកិច្ចរបស់ឃុំតែហ្មង»។
មេដឹកនាំអង្គការក្រៅរដ្ឋាភិបាលរូបនេះបានបន្តថា ការធ្វើឲ្យមានទំនុកចិត្តឡើងវិញនៃមណ្ឌលស្តារនីតិសម្បទា អាចជាផ្នែកមួយនៃការកាត់ផ្តាច់បណ្តាញចែកចាយគ្រឿងញៀន។ លោកបានផ្តល់ក្តីបារម្ភថា យុវជនខ្មែរអាចនឹងប្រឈមនឹងវិបត្តិញៀនថ្នាំនេះ ប្រសិនបើរដ្ឋាភិបាលខកខានមិនបានត្រៀមផែនការមានប្រសិទ្ធភាពជាងមុន ដើម្បីកម្ចាត់ចោលការចរាចរ និងការប្រើប្រាស់គ្រឿងញៀននេះ។
«អ្នកដែលមិនទាន់ប្រឡូកនៅក្នុងគ្រឿងញៀនហ្នឹង គឺជាពួកដែល ជាអ្នកដែលក្រុមដែលងាយរងគ្រោះហើយបាទ ព្រោះថា បើសិនជាទប់ស្កាត់មិនទាន់ទេគឺនឹងមានអ្នកដែលរងគ្រោះ ធ្លាក់ខ្លួនទៅប្រើប្រាស់គ្រឿងញៀនហ្នឹងច្រើនទៅទៀតបាទ ដែលជាផ្នែកមួយនៃការឈឺចាប់របស់គ្រួសារ ក៏ដូចជាការប្រឈមរបស់សង្គមផងដែរ បាទ»។
បើតាមរបាយការណ៍ក្នុងឆ្នាំ២០១៧ សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេសបានចំនួនជាង៨០០០ករណី ក្នុងនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួនជិត១៨០០០នាក់ ចាប់យកគ្រឿងញៀនសរុបចំនួនជិត៣០០គីឡូក្រាម និងមានអ្នកប្រើប្រាស់សរុបចំនួនជាង១៤០០០នាក់៕