ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​ឧទ្ធរណ៍​ច្រានចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ជា​លើក​ទីពីរ


លោក អ៊ួន ឈិន និង​លោក យាង សុធារិន អតីតអ្នករាយការណ៍របស់វិទ្យុអាស៊ីសេរី អង្គុយនៅក្នុងរថយន្តដឹកអ្នកទោស នៅពេលដែលពួកគេបានមកដល់តុលាការឧទ្ធរណ៍ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។

មេធាវី​ការពារ​ក្ដី​អ្នកកាសែត​ទាំងពីរ​ លើក​ឡើង​ថា​ ​ការ​សម្រេច​នេះ​មាន​ភាព​អយុត្តិធម៌​ ​បន្ទាប់ពី​តុលាការ​បាន​ឃុំ​ខ្លួន​កូន​ក្តី​របស់​លោក​អស់​រយៈពេល​ជាង​៥​ខែ​ ដោយ​មិន​ទាន់​មាន​ការ​សម្រេច​ណាមួយ​នៅ​ឡើយ។

ជា​ថ្មី​ម្ដង​ទៀត​ ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ប្រកាស​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ ​ដោយ​សម្រេច​បន្ត​ឃុំ​ខ្លួន​អតីតអ្នក​សារ​ព័ត៌មានវិទ្យុ​អាស៊ី​សេរី​២​រូប​ក្នុងពន្ធនាគារ​ ដើម្បី​ស៊ើបសួរ។​

លោក​ ​អ៊ួន ឈិន​ ​និង​លោក​ ​យាង សុធារិន​ ​ហៅ​យាង សុជាមេត្តា​ អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន និង​ចោទ​ប្រកាន់​កាល​ពី​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​ ពី​បទ​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មានជា​អាទ៍​ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​ ​តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។​ ​តាម​មាត្រា​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​នេះ​ ​អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ អាច​ប្រឈម​នឹង​ការ​ដាក់​ពន្ធនាគារ​ដល់​ទៅ​ ១៥ឆ្នាំ។​

​ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​និង​ចោទ​ប្រកាន់​ លោក​ ​អ៊ួន ឈិន​ ​និង​លោក​ ​យាង សុធារិន​ ​បាន​ដាក់​ពាក្យ​បណ្ដឹង​ជា​បន្តបន្ទាប់​ដើម្បី​សុំ​នៅ​ក្រៅ​ឃុំ​ ក៏​ប៉ុន្តែ​សំណើ​របស់​ពួកគេ ​ត្រូវ​បាន​តុលាការ​គ្រប់​ជាន់​ថ្នាក់​ច្រានចោល។​

លោក​ ​កែវ វន្នី​ ​មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​អ្នក​សារ​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប​ ​ប្រាប់​ ​VOA​ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​ ​គឺ​លោក​ ​សួស សំអាត​ ​បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​កូន​ក្តី​លោក​សារ​ជាថ្មី​ និង​បន្ត​ឃុំខ្លួន​ពួក​គេ​ ​ដោយ​សំអាង​ហេតុផល​ថា​ត្រូវឃុំ​ខ្លួន​អ្នក​ទាំង​ពីរ​ដើម្បី​បន្ត​ការ​ស៊ើបសួរ។​ ​

ទោះ​យ៉ាង​ណា​លោក​ ​កែវ វន្នី​ ​បន្ថែម​ថា ការ​សម្រេច​នេះ​មាន​ភាព​អយុត្តិធម៌​សម្រាប់​កូន​ក្តី​របស់​លោក។​

លោក​មាន​ប្រសាសន៍​ថា៖​

​«ខាង​តុលាការ​នៅ​តែ​បារម្ភ​អំពី​ការ​គេចវេះ​របស់​ជន​ត្រូវ​ចោទ​របស់​កូន​ក្ដី​ទាំង​ពីរ​ ​ប្រសិនបើ​គាត់​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ ​ហើយ​អាច​មាន​ផល​លំបាក​ដល់​តុលាការ បើ​គាត់​គេចវេះ គាត់​នៅ​តែ​បារម្ភ​អញ្ចឹង។​ ​ខ្ញុំ​យល់​ថា​ វា​មិន​យុត្តិធម៌​សម្រាប់​ពួក​គាត់​ទេ​ ​ដោយ​សារ​ពេល​នេះ​ពួកគាត់​បាន​ជាប់​រយៈពេល​៥​ខែ​ហើយ អញ្ចឹង​វា​សមស្រប​សម្រាប់​តុលាការ​ក្នុង​ការ​ស្វែងរក​ការពិត»។​

លោក​ ​កែវ វន្នី​ ​បញ្ជាក់​ថា​ មិន​ត្រឹម​តែ​មិន​អនុញ្ញាត​ឱ្យកូនក្តី​របស់​លោក​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើសុំ​ប៉ុណ្ណោះ​ទេ តុលាការ ថែម​ទាំង​បាន​ចោទ​ប្រកាន់​អតីត​អ្នកសារព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប​ ​មួយ​បទ​ល្មើស​ថែម​ទៀត ពាក់ព័ន្ធ​នឹង​ការ​ផលិត​វីដេអូ​អាសអាភាស។​

ទោះ​យ៉ាងណា​លោក​ថា រហូត​មក​ដល់​ពេល​នេះ​លោក​មិន​ទាន់​បាន​ទទួល​លិខិត​ផ្លូវ​ការ​ណាមួយ​ពី​តុលាការ​ ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​បន្ថែម​នេះ​នៅ​ឡើយ។​

អតីត​អ្នក​សារ​ព័ត៌មានវិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​នាក់​ គឺ​លោក​ ​យាង សុធារិន ហៅ ​យាង សុជាមេត្តា​ ​និង​លោក​ ​អ៊ួន ឈិន​ ​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាង​៥​ខែ​មក​ហើយ​ ​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ១៤​វិច្ឆិកា​ ​ឆ្នាំ២០១៧ ​ក្នុង​បន្ទប់​ផ្ទះសំណាក់​មួយ​ ស្ថិត​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ រាជ​ធានី​ភ្នំពេញ។

តុលាការ​បាន​ចោទ​ថា​ ​អ្នក​ទាំង​ពីរ ​បាន​បន្ត​លួច​ផ្ដល់​ព័ត៌មាន​ដល់​វិទ្យុ​អាស៊ី​សេរី ក្រោយ​ពី​វិទ្យុ​នេះ​បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ដើម​ខែ​កញ្ញា​ ​ឆ្នាំ​មុន ​ដោយ​វិទ្យុ​នេះ​បញ្ជាក់​ថា ការ​សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន​នា​ពេល​នោះ​ ​គឺ​ដោយ​សារ​រង​គំនាប​ពី​រដ្ឋាភិបាល​កម្ពុជា។​

ក្រោយ​ពី​ត្រូវ​បណ្ដើរ​ចេញ​ពី​បន្ទប់​សវនាការ​នៅ​ព្រឹក​នេះ​ ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​មួយ​រូប​ដែល​កំពុង​ជាប់ចោទ​ ​គឺ​លោក​ ​យាង សុធារិន​ បាន​ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ជាថ្មី​ទៀត​ថា​ ​ការ​ចាប់​ឃុំ​ខ្លួន​ពួក​លោក​ ​និង​ការ​សម្រេច​របស់​តុលាការ​នៅ​ព្រឹក​នេះ​ ​គឺ​ជា​ការ​សងសឹក និង​បំបាក់​ស្មារតីអ្នក​សារព័ត៌មាន​ដែល​ធ្លាប់​សរសេរ​រិះ​គន់​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ទូច ថារិទ្ធ​ ​អ្នកនាំពាក្យ​សាលា​ឧទ្ធរណ៍​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​តុលាការ​បាន​អនុវត្ត​ ​និង​សម្រេច​ទៅតាម​នីតិវិធី​ច្បាប់។​

លោក​បញ្ជាក់​ថា៖​

«អា​ហ្នឹង​ជា​សិទ្ធិ​ ​ឆន្ទានុសិទ្ធិ​របស់​គាត់​ក្នុង​ការ​គាត់ឆ្លើយ​ដោះ​បន្ទុក។​ ​គាត់​ឆ្លើយ​ ​និង​គាត់​លើកឡើង​ជា​រឿង​របស់​គាត់​ ប៉ុន្តែ​តុលាការ​ធ្វើ​ទៅតាម​នីតិវិធី​ច្បាប់ ត្រឹមត្រូវ​ទៅ​តាម​គោល​ការណ៍​ច្បាប់»។​

ក្រោយ​ការ​ចាប់​ឃុំ​ខ្លួន​ ​និង​ចោទ​ប្រកាន់​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរីទាំងពីរ​ ​គេ​ឃើញ​បណ្ដុំ​អង្គការ​ការពារ​អ្នក​កាសែត​ទាំង​ជាតិ​ ​និង​អន្តរជាតិ​មួយ​ចំនួន​ ​បាន​ហៅ​ការ​ឃុំ​ខ្លួន​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប​ថា ​ជា​ទង្វើ​ ​«ដ៏​ឃោរឃៅ​ ​និង​មិន​សម​ហេតុ​ផល»​ ​ផ្ទុយ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ធានា​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ​ដូច​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា។​

កាលពី​ដើម​ខែ​មេសា​នេះ ​ក្រសួង​ការបរទេស​អាមេរិក​ ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយចាត់​ទុក​ការ​ចោទ​ប្រកាន់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ី​សេរី​ ​ថា​ជា​ការ​បំបាក់​ស្មារតី​អ្នក​កាសែត​ផ្សេង​ទៀត និង​ថា ​ជា​ការ​ប៉ុនប៉ង​ខាង​នយោបាយ​ក្នុង​ការ​ធ្វើ​ឲ្យ​ខ្សោយ​ដល់​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន។

ចំណែក​ក្រុម​អ្នក​សារ​ព័ត៌មាន​ជាតិ​ ​និង​អន្តរជាតិ​ដែល​កំពុង​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​ជា​៥០​នាក់​ ​ក៏​បាន​ផ្ដិត​មេដៃ​លើ​ញត្តិ​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​អ្នក​ទាំងពីរ​ផង​ដែរ៕

XS
SM
MD
LG