ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​កីឡា​បេស្បល​កម្ពុជា​ប្រឈម​នឹង​កង្វះ​ខាត​​ ខណៈ​​ត្រៀម​ខ្លួន​សម្រាប់​ស៊ីហ្គេម​ទី​៣២


យុវជន​កម្ពុជា​ឈរជា​ជួរ​ដើម្បី​ត្រៀម​ចូល​លេង​កីឡា​បេស្បល​នៅ​ទីលាន​មួយ​ក្នុង​ឃុំបល្ល័ង ភូមិ​ដូង​​ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំកាលពី​ថ្ងៃទី​១៨ មីនា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)
យុវជន​កម្ពុជា​ឈរជា​ជួរ​ដើម្បី​ត្រៀម​ចូល​លេង​កីឡា​បេស្បល​នៅ​ទីលាន​មួយ​ក្នុង​ឃុំបល្ល័ង ភូមិ​ដូង​​ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំកាលពី​ថ្ងៃទី​១៨ មីនា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)

កីឡា​បេស្បល​ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​បង្អស់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០២​ ​នៅ​ក្នុង​ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង​ ​ដោយ​លោក​ ​Joe Cook​ ​ជនជាតិ​ខ្មែរ​អាមេរិកាំង។​ ​ក៏ប៉ុន្តែ​បាន​បរាជ័យ​ទៅ​វិញ​ ​អំឡុង​ឆ្នាំ​២០០៩​ មុន​នឹង​មាន​​ការ​ស្តារ​ឡើង​វិញ​នៅ​ឆ្នាំ​២០១០។

ខណៈ​ដែលកម្ពុជា​ត្រៀម​យក​កីឡា​បេស្បល​ ​(Baseball)​ ដាក់​ក្នុង​ការ​ប្រកួត​កីឡា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ​ហៅ​កាត់​ថា​ ស៊ីហ្គេម​ ​(SEA Game)​ នៅ​ឆ្នាំ​២០២៣​ ​ពេល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នោះ​ ​ធនធាន​ដូច​ជា​ថវិកា​ ​សម្ភារៈ​ ​និង​គ្រូ​បង្វឹក​សម្រាប់​កីឡា​នេះនៅ​មាន​ការ​ខ្វះខាត​នៅ​ឡើយ។​ ​ការណ៍​នេះ​ជា​ការ​ប្រឈម​មួយ​ដ៏​ធំ​ក្នុង​ការ​ហ្វឹក​ហាត់​របស់​យុវជន​ទូទាំង​ប្រទេស។​

ថ្លែង​នៅ​ក្នុង​ការ​ប្រកួត​បេស្បល​កាល​ពី​សប្តាហ៍​កន្លង​ទៅ ​ដែល​មាន​ការ​ចូល​រួម​ពី​លោក ​William Heidt​ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ លោក ​ញ៉ែម ថ្ថាវី​ នៃ​សហ​ព័ន្ធ​កីឡា​បេស្បល​កម្ពុជា​ បាន​និយាយថា​ ​គ្រូ​បង្វឹក​ជនជាតិ​ខ្មែរ​នៅ​មិន​ទាន់​មាន​នោះ​ទេ​ ដោយ​សារ​មិន​មាន​អ្នក​ណា​ចេះ​កីឡា​បេស្បល​នេះ​នៅ​ឡើយ។​ ចំណែក​ចំនួន​គ្រូ​បង្វឹក​ជនជាតិ​បរទេស​ក៏​នៅ​មានខ្វះ​ខាត​នៅ​តាម​ខេត្ត។​

លោក​បាន​និយាយ​ថា៖​

«យើង​ខ្វះខាត​សម្ភារៈ ​ហើយ​នឹង​អ្នក​ដែល​ជួយ​ ​ពី​ព្រោះ​ខ្មែរ​យើង​អត់​ទាន់​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ ​ព្រោះ​គេ​មិន​ដែល​ស្គាល់​កីឡា​នេះ។​ ​យើង​ពឹង​ផ្អែក​ទៅលើ​ជន​បរទេស​ដែល​ចូល​មក​យើង»។​

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជា​លោក​ William Heidt ថ្លែង​ទៅកាន់យុវជន​កម្ពុជា​ក្នុង​នៅ​ទីលានកីឡា​បេស្បល​មួយ​ក្នុង​ឃុំបល្ល័ង ភូមិ​ដូងស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំកាលពី​ថ្ងៃទី​១៨ មីនា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជា​លោក​ William Heidt ថ្លែង​ទៅកាន់យុវជន​កម្ពុជា​ក្នុង​នៅ​ទីលានកីឡា​បេស្បល​មួយ​ក្នុង​ឃុំបល្ល័ង ភូមិ​ដូងស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំកាលពី​ថ្ងៃទី​១៨ មីនា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)

លោក​បាន​បន្ត​ថា​ ​រហូត​មក​ដល់​ពេល​នេះ​ ​ក្រុម​យុវជន​លេង​កីឡា​បេស្បល​បាន​កើន​ឡើង​ចំនួន​១៤​ក្រុម​ ​នៅ​ទូទាំង​ប្រទេស​ ​ហើយ​លោក​គ្រោង​នឹង​ពង្រីក​ឲ្យ​បាន​២០​ក្រុម​ក្នុង​ឆ្នាំ​២០១៩។​ ប៉ុន្តែ​ធន​ធាន​មនុស្ស​ រួមទាំង​ឧបករណ៍​មាន​ការ​ខ្វះ​ខាត​ ​ដោយ​បច្ចុប្បន្ន​នេះ​គ្រូ​បង្វឹក​មាន​តែ​ប្រាំ​នាក់​ប៉ុណ្ណោះ​ ​ហើយ​ពួកគេ​សុទ្ធ​តែ​ជា​ជនជាតិ​អាមេរិកាំង។​

កីឡា​បេស្បល​ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង​បង្អស់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០០២​ ​នៅ​ក្នុង​ស្រុក​បរិបូរណ៍​ ខេត្ត​កំពង់​ឆ្នាំង​ ​ដោយ​លោក​ ​Joe Cook​ ​ជនជាតិ​ខ្មែរ​អាមេរិកាំង។​ ​ក៏ប៉ុន្តែ​បាន​បរាជ័យ​ទៅ​វិញ​ ​អំឡុង​ឆ្នាំ​២០០៩។​ រហូត​ដល់​ឆ្នាំ​២០១០​ទើប​លោក​ ​ញ៉ែម ថ្ថាវី​ ​បាន​ព្យាយាម​ប្រមូល​ផ្តុំ​យុវជន​ ​និង​ស្តារ​កីឡា​បេស្បល​ឡើង​វិញ​ ហើយ​បាន​ចុះ​ឈ្មោះ​កីឡា​នេះ​ជាមួយ​ក្រសួង​អប់រំ​ យុវជន​និង​កីឡា​អំឡុង​ឆ្នាំ​២០១១។​

យុវជន​កម្ពុជា​កំពុង​លេង​កីឡា​បេស្បល​នៅ​ទីលាន​មួយ​ក្នុង​ឃុំបល្ល័ង ភូមិ​ដូងស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំកាលពី​ថ្ងៃទី​១៨ មីនា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)
យុវជន​កម្ពុជា​កំពុង​លេង​កីឡា​បេស្បល​នៅ​ទីលាន​មួយ​ក្នុង​ឃុំបល្ល័ង ភូមិ​ដូងស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំកាលពី​ថ្ងៃទី​១៨ មីនា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)

ទោះ​បី​ជាយ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ញ៉ែម ថ្ថាវី​ ​បាន​បន្ត​ថា​ ​លោក​សង្ឃឹម​ថា​ ​នឹង​បញ្ជូន​កីឡាករកម្ពុជា​នេះ​ទៅ​ប្រកួត​ជា​មួយ​បរទេស ជា​ពិសេស​កីឡា​ស៊ីហ្គេម​ក្នុង​ឆ្នាំ​២០១៩​ ​ប្រសិន​បើ​មាន​អ្នក​ឧបត្ថម្ភ​គ្រប់​គ្រាន់។​ ប៉ុន្តែ​លោក​មាន​សុទិដ្ឋិនិយម​ ​ថា​ នឹង​នាំ​កីឡា​បេស្បល​កម្ពុជា​ចូល​ប្រកួត​ស៊ីហ្គេម​ក្នុង​ឆ្នាំ​២០២៣​ ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

លោក​បាន​និយាយ​ថា៖​

«យើង​នឹង​សង្ឃឹម​ថា​ យើង​អាច​ឈាន​ជើង​ទៅ​ប្រកួត​ជាមួយ​គេ​នៅ​បរទេស​ ជា​ពិសេស​នៅ​ក្នុង​ឆ្នាំ​២០១៩ដែល​នឹង​មាន​ស៊ីហ្គេម​នៅ​ហ្វីលីពីន​ ​បាទ។​ ​ប៉ុន្តែ​ហ្នឹង​ត្រូវ​ការ​ឧបត្ថម្ភ​ពី​ ​Sponsor​ (អ្នករ៉ាប់រង) ​ឬ​មួយ​ពី​រដ្ឋា​ភិបាល​តែ​ម្តង។​ ​យើង​នេះ​ត្រៀម​សម្រាប់​ស៊ីហ្គេម​ទី​៣២​នៅ​ក្នុង​ឆ្នាំ​២០២៣​ដែល​ប្រទេស​យើង​នឹង​ជា​ម្ចាស់​ផ្ទះ»។​

លោក ញ៉ែម​ ថ្ថាវី ថ្លែង​ទៅកាន់អ្នក​សារព័ត៌មាន​ក្នុង​នៅ​ទីលាន​កីឡា​បេស្បល​មួយ​ក្នុង​ឃុំបល្ល័ង ភូមិ​ដូងស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​កាលពី​ថ្ងៃទី​១៨ ខែ មីនា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)
លោក ញ៉ែម​ ថ្ថាវី ថ្លែង​ទៅកាន់អ្នក​សារព័ត៌មាន​ក្នុង​នៅ​ទីលាន​កីឡា​បេស្បល​មួយ​ក្នុង​ឃុំបល្ល័ង ភូមិ​ដូងស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​កាលពី​ថ្ងៃទី​១៨ ខែ មីនា ឆ្នាំ ២០១៨។(ទុំ ម្លិះ/VOA)

លោក​ William Heidt​ ​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជា​ បាន​ថ្លែងខណៈដែល​លោក​បាន​មក​ទស្សនា​ការ​ប្រកួត​កីឡា​បេស្បល​នៅ​ខេត្ត​កំពង់ធំ​ ​កាលពី​ថ្ងៃ​អាទិត្យ​នេះ​ ​ថា​ ​លោក​មាន​ការ​ចាប់អារម្មណ៍​ចំពោះ​ការ​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្ត​ ​ដើម្បី​បង្វឹក​យុវជន​បន្ថែម ហើយ​លោក​នឹងធ្វើ​ការ​ពិចារណា​ស្វែង​រក​ជន​ស្ម័គ្រ​ចិត្ត ​រួម​ទាំង​ឧបករណ៍​ផ្សេងៗ​ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​កីឡា​បេស្បល​កម្ពុជា។​

លោក​ William Heidt​ បាន​និយាយ​ថា៖​

«នៅ​អាមេរិកាំង​មាន​អ្នក​លេង​កីឡា​បេស្បល​នេះ​ជាច្រើន​លាន​នាក់​ ​អីចឹង​យើង​នឹង​ស្វែង​រក​ជំនួយ​ផ្នែក​អ្នក​បង្វឹក​ស្ម័គ្រ​ចិត្ត​ ជា​ពិសេស​គឺ​ឧបករណ៍​ ​ដោយ​សារ​មាន​ក្មេង​អាមេរិកាំងជា​ច្រើន​លេង​កីឡា​នេះ​ ហើយ​ក៏​មាន​ឧបករណ៍​ជាច្រើន​ដែរ»។​

យុវជន​កម្ពុជា​ឈរជា​ជួរ​ដើម្បី​ត្រៀម​ចូល​លេង​កីឡា​បេស្បល​នៅ​ទីលាន​មួយ​ក្នុង​ឃុំបល្ល័ង ភូមិ​ដូងស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំកាលពី​ថ្ងៃទី​១៨ មីនា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)
យុវជន​កម្ពុជា​ឈរជា​ជួរ​ដើម្បី​ត្រៀម​ចូល​លេង​កីឡា​បេស្បល​នៅ​ទីលាន​មួយ​ក្នុង​ឃុំបល្ល័ង ភូមិ​ដូងស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំកាលពី​ថ្ងៃទី​១៨ មីនា ឆ្នាំ២០១៨។(ទុំ ម្លិះ/VOA)

ការ​លេង​កីឡា​នេះ​បាន​ផ្តល់​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​យុវជន និង​ប្រទេស​កម្ពុជា។​ លោក​ ​ញ៉ែម ថ្ថាវី​ ​បាន​និយាយ​ថា​ កីឡា​បេស្បល​នេះ​បាន​ជួយ​នាំ​យុវជន​មក​ជួប​ជុំ​គ្នា​ដើម្បី​ហ្វឹក​ហាត់​ជា​រៀងរាល់​ចុង​សប្តាហ៍​ ដែល​ការណ៍​នេះ​បាន​កាត់​បន្ថយ​អំពើ​អបាយ​មុខ​ផ្សេងៗ។​ មិន​តែ​ប៉ុណ្ណោះ​វា​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​ខេត្ត​កំពង់ធំកាន់តែ​ច្រើន​ជាង​មុន​ផង​ដែរ។​

ខណៈ​កំពុង​រង់​ចាំ​វេនរបស់​ខ្លួន​ដើម្បី​ចូល​ប្រកួត​ ​កាលពី​ថ្ងៃអាទិត្យ យុវសិស្ស​ ហ៊ន សុវណ្ណារាជ​ មក​ពី​វិទ្យាល័យ​ទួលស្វាយ​ព្រៃ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដែល​បាន​មក​ប្រកួត​កីឡា​បេស្បល​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ ​បាន​និយាយ​ប្រាប់​ VOA​ ថា​ ​កីឡា​នេះ​ប្លែក​ពី​កីឡា​ផ្សេង​ទៀត ហើយ​ថែម​ទាំង​អាច​បញ្ចៀស​យុវជន​ចេញ​ឆ្ងាយ​ពី​គ្រឿង​ញៀន។

«វាខុស​ពី​គេ។​ វាខុស​ប្លែក​ ​ហើយ​វា​អាច​ជួយឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​ឡើង​ក្នុង​វិស័យ​ផ្នែក​កីឡា»។​

កីឡាបេស្បល​ ​(Baseball) ជា​កីឡា​ដែល​មាន​ប្រជា​ប្រិយភាព​ខ្លាំង​បំផុតនៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​តាំង​ពី​សតវត្សរ៍​ទី​១៨​ ​ហើយ​មាន​ប្រជា​ប្រិយភាព​ខ្លាំង​ឡើង​ក្នុង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ៕

XS
SM
MD
LG