ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុណ្យ​កាន់បិណ្ឌ ​និង​ភ្ជុំបិណ្ឌ​​រយៈពេល​១៥ថ្ងៃ ​​ចាប់​ផ្តើម​នៅ​សប្តាហ៍​នេះ​ ​ជា​មួយ​ក្តី​រំពឹង​ថា ​មាន​អ្នក​ចូលរួម​ច្រើន​ជាង​ឆ្នាំមុន


នៅ​ឱកាស​ការ​កាន់​បិណ្ឌ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ ​គេ​ឃើញ​មាន​ពុទ្ធសាសនិក​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​អារាម​នានា​ជា​បន្តបន្ទាប់។​ ​ស្របពេល​ដូចគ្នា​នេះ​ ​ក្រសួង​ធម្មការ​ និង​សាសនា​បាន​ព្យាករណ៍​ថា​ ​ចំនួន​ពលរដ្ឋ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នឹង​កើន​ឡើង​ធៀប​នឹង​ឆ្នាំ​មុនៗ។​

ពលរដ្ឋ​ខ្មែរ​នៅ​រាជធានី​ភ្នំពេញ​និង​បណ្តាខេត្តនានា​ក្នុងប្រទេសកម្ពុជា​ ​បាន​ចូលរួម​ប្រារព្ធ​ការ​កាន់​បិណ្ឌ​និង​ភ្ជុំបិណ្ឌជាបន្តបន្ទាប់​ចាប់​តាំង​ពី​ដើម​សប្តាហ៍​នេះ។​ ​ពុទ្ធសាសនិក​ខ្មែរ​ជាច្រើន​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ជីដូន​ជីតា​ និង​ញាតិ​មិត្ត​ ដែល​បាន​ចែក​ឋាន​ចាប់​តាំង​ពី​ព្រហាម​ថ្ងៃអង្គារ​ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​សាសនា​រយៈ​ពេល​១៥ថ្ងៃ​នេះ។

នៅ​ក្នុង​វត្ត​កោះ​ ​ដែល​ស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ​ក៏​គេ​ឃើញ​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃផង​ដែរ។​

លោក​ ​សេង ណាត​ ​ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​ ​ដែល​បាន​មក​ចូលរួម​ថ្ងៃ​កាន់​បិណ្ឌ​ទី​ពីរ​នៅ​វត្ត​កោះ​ ​បាន​រៀបរាប់​ពី​ទំនៀមទម្លាប់​ទាក់ទិន​នឹង​បុណ្យ​ភ្ជុំ​បិណ្ឌ ស្រប​ពេល​លោក​សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​សាមគ្គីភាព​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​នៅ​អំឡុងពេល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ។​ លោក​បាន​និយាយ​ថា៖​

«ជា​រៀងរាល់​ឆ្នាំ​ ប្រជាពលរដ្ឋ​របស់​ខ្មែរ​យើង​គឺ​ថា​បើ​បុណ្យភ្ជុំ​បិណ្ឌ​តាម​ទំនៀមទម្លាប់​តែង​មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​វត្ត យក​ចង្ហាន់​ទៅ​បិណ្ឌ​បាត​មក​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​ផល​បុណ្យ​ហ្នឹង​មក​ ជូន​ជីដូនជីតា​ញាតិ្តកា​ប្រាំពីរ​សន្តាន។​...​ ​ជា​ពិសេស​សំខាន់​រឿង​បុណ្យភ្ជុំបិណ្ឌគឺ​ដូចអញ្ចឹង​ ​គឺ​យើង​ជួបជុំគ្នា​ ​ដូច​នឹង​ការ​សាមគ្គីភាព​រវាង​ខ្មែរ​ និង​ខ្មែរ​យើង​ដែរ»។​

ជា​ទូទៅ​លោក​ ​សេង ណាត​ ​ទម្លាប់​ទៅ​ពី​បួន​ទៅ​ប្រាំ​វត្ត​នៅ​អំឡុង​ពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។​ ​លោក​បាន​បញ្ជាក់​ថា​ ​តាម​ការ​សង្កេត​របស់​លោក​ ​លោក​ឃើញ​ចំនួន​ពលរដ្ឋ​មក​ធ្វើ​បុណ្យ​នៅ​វត្ត​កោះ​ ​ថយ​ចុះ​ធៀប​នឹង​ឆ្នាំ​មុន។​ ​យ៉ាងណាក្តី លោក​បាន​និយាយ​ថា​លោក​មាន​សេចក្តី​សប្បាយ​រីករាយ​ ដែល​បាន​មក​ធ្វើ​បុណ្យ​នៅ​ថ្ងៃ​កាន់​បិណ្ឌ​ទីពីរ​នេះ។​

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ឆ្នាំ​ទៅ​ខ្ញុំ​មក​បិណ្ឌ​មួយ​គឺ​ថា​មាន​ប្រជាពលរដ្ឋ​ច្រើន។​ ​ប៉ុន្តែ​ខ្ញុំ​នឹក​ឃើញ​ថា​ ​ច្រើន​ បាន​ជា​ឆ្នាំ​នេះ​ ខ្ញុំ​មក​បិណ្ឌ​ពីរ។​ ​ប៉ុន្តែ​បិណ្ឌ​ពីរ​ ឃើញ​ថា​ប្រជាពលរដ្ឋ​យើង​រៀងថយ​ចុះ​ទៅណា។... អារម្មណ៍​របស់​ខ្ញុំ​មក​វត្ត​គឺ​សប្បាយ​ ​សប្បាយ​ណាស់»។​

យ៉ាង​ណាក្តី​ ​អ្នកស្រី​ ​រស់ ទូច​ ​ពលរដ្ឋ​រស់​នៅ​ក្រុង​ភ្នំពេញ​តាំង​ពី​របប​ប៉ុលពត​បាន​បញ្ចប់​ ​បាន​ប្រាប់​ VOA​ ​ថា​អ្នកស្រី​ក៏​មាន​សេចក្តីរីករាយ​ផង​ដែរ​ ​ពេល​បាន​មក​ធ្វើ​បុណ្យ​នៅ​វត្ត​កោះ​ ​ទោះ​បី​ជា អ្នកស្រី​បាន​កត់​សម្គាល់​ឃើញ​ថា​ ​ចំនួន​ពលរដ្ឋ​មក​វត្ត​នៅ​អំឡុងពេល​កាន់​បិណ្ឌ​ទី​ពីរ​នេះ​ ​បាន​ថយ​ចុះ​ ​ធៀប​នឹង​ឆ្នាំ​មុនៗ​ ​ក៏​ដោយ។​

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា៖​ «ឆ្នាំ​ហ្នឹង​ដូចជា​ ​មាន​មនុស្ស​តិច។​ ​មើល​ ​មើល​ ​ដូច​អត់​មានមនុស្ស​ផង»។​ ​

ចំណែក​ឯ​លោក​យាយ​សៅ អ៊ិន​ អាយុ ៩០​ឆ្នាំ​ បាន​លើក​ឡើង​ថា លោក​យាយ​មិនបាន​ឃើញ​ថា ចំនួន​ពលរដ្ឋ​មក​វត្ត​ថយ​ចុះ​ទេ ដោយសារ​តែ​អំឡុងពេល​នេះ​ទើប​ជា​ពេល​ចាប់​ផ្តើម​កាន់​បិណ្ឌ​ដំបូង​ប៉ុណ្ណោះ។​ ​

លោក​យាយ​បាន​មាន​ប្រសាសន៍ថា៖​ «ទេ​ មិន​តិច​ទេ។​ ​ទើប​បិណ្ឌ​ពីរ​ ​ដល់​បិណ្ឌ​បី​បួន​ទើប​មនុស្ស​ច្រើន»។

យ៉ាងហោច​ណាស់​វត្ត​អារាម​ចំនួន​ ​៥.២២៥​ ​ទូទាំង​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​រយៈពេល​១៤ថ្ងៃ​ ​និង​បុណ្យ​ភ្ជុំបិណ្ឌដែល​ជាថ្ងៃ​បញ្ចប់។​ នេះបើតាម​ ​លោក​ ​សេង សុមុនី​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ​ ​និង​សាសនា​។​ លោក​បន្ថែម​ថា ​បាន​លើកឡើង​ថា​ ​ចំនួន​ពលរដ្ឋ​មក​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម​នៅ​អំឡុង​ពេល​ពិធី​នេះ​គឺ​ជាមធ្យមមាន​ច្រើន​ជាង​ឆ្នាំ​មុន ។​ លោក​ ​សេង សុមុនី​ ​បាន​មាន​ប្រសាសន៍​ថា៖​

«នៅ​ឆ្នាំនេះ បើ​គិត​ជា​មធ្យម​គឺ​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ ជា​បី​បួន​ថ្ងៃ​នេះ។​ ​មតិ​មួយ​ចំនួន​គឺ​ថា ហាក់​ដូចជា​ តិច ​អ្នក​ទៅ​វត្ត។ ប៉ុន្តែ​បើ​គិត​ជា តួលេខ​ទាំងអស់​រួម​ទៅ​ ដែល​យើង​ទទួល​បាន​ព័ត៌មាន​ក្នុង​ចំណោម ៥.២២៥ វត្ត គឺ​ថា​ ​យើង​ទទួល​បាន​ព័ត៌មាន​មក​ថា​ ​ពុទ្ធបរិសិទ្ទ​ទៅ​វត្ត​ច្រើន​ជាង​ឆ្នាំ​មុន»។

​អ្នក​នាំពាក្យ​រូប​នេះ​រំពឹង​ថា ​នឹង​មានពល​រដ្ឋ​ខ្មែរ​ច្រើន​ថែម​ទៀតនឹង​ចូលរួម​បុណ្យ​ផ្នែក​ពុទ្ធ​សាសនា​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ​ស្ថេរភាព​ក្នុង​ប្រទេស ​និង​កំណើន​សេដ្ឋ​កិច្ច។​

​ជាទូទៅ​ ​នៅ​អំឡុង​ពេល​ចាប់​ផ្តើម​កាន់​បិណ្ឌ​ ​គេ​តែង​ប្រទះ​ឃើញ​មាន​ជន​ក្រីក្រ អ្នក​សុំ​ទាន​ ​ឬ​ក្មេង​អនា​ថា​ ​មក​អង្គុយ​រងចាំ​នៅ​ខាង​ក្រៅ​សាលាឆាន់​ ​ដើម្បី​សុំ​ប្រាក់​កាស​ពី​ពលរដ្ឋ​ទៅ​ធ្វើ​បុណ្យ​ ​ក៏​ដូចជា​ ​រង់ចាំ​ទទួលអាហារ​ថ្ងៃ​ត្រង់​ បន្ទាប់​ពី​ព្រះសង្ឃ​ឆាន់​រួច។​ ការណ៍​នេះ​ ​បាន​បង្ក​ឲ្យ​មតិ​មួយ​ចំនួន​រិះគន់​ពី​ភាព​អាណាធិបតេយ្យ​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​ ​ដែល​ភាព​អាណាធិបតេយ្យ​នេះ​អាច​បង្ក​ឲ្យ​មាន​ជា​បទ​ល្មើស​ចោរកម្ម​ផ្សេងៗ។​

លោក ​ប៉ាត់ ឥដ្ឋ​ អ្នក​យាម​ប្រចាំ​វត្ត​កោះ​អស់​រយៈពេល​ ១៥​ឆ្នាំ​កន្លង​មក​នេះ បាន​លើក​ឡើង​ថា កត្តា​អ្នកសុំ​ទាន​ជា​បញ្ហា​មួយ​ទៅ​លើ​សណ្តាប់​ធ្នាប់​នៅ​ក្នុង​វត្ត ហើយ​លោក​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​នេះ។​

លោក​បាន​និយាយ​ថា៖ «អញ្ចឹង​គឺ​ថា អ្នកសុំទាន​អី​គឺ​អត់​សណ្តាប់​ធ្នាប់​ទេ។​ ​ខ្ញុំ​ចង់​និយាយ​ថា​ ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​រឿង​ក្មេងៗ​សុំ​ទាន។​ ​ឲ្យ​សុំ​មែន ប៉ុន្តែ​ឲ្យ​វា​ម៉េចៗ​ទៅ​តាម​ជួរ​ទៅ​ណា អញ្ចឹង​ទេ»។

យ៉ាង​ណាក្តី​លោក​ ​សេង ណាត​ ​ពលរដ្ឋ​មក​ធ្វើ​បុណ្យ​នៅ​វត្ត​កោះ​អំឡុងពេល​កាន់​បិណ្ឌ​ទី​ពីរ​ បាន​និយាយ​ថា​ លោក​ទទួលស្គាល់​ថា​ មាន​អ្នក​សុំ​ទាន​ តែ​ការណ៍​នេះ​មិនមែន​ជា​បញ្ហា​ចោទ​នោះ​ទេ។​

លោក​បាន​និយាយ​ថា៖ «ធ្វើ​ម៉េច​ក្មួយ​អើយ​ ​គាត់​អត់​ ​បាន​គាត់​មក។​ ​អញ្ចឹង​ធ្វើ​ម៉េច​ ​មិន​ដឹង​ជា​បញ្ហា​អី​ជាមួយ​យើង​ទេ​ ​ព្រោះ​គាត់​នៅ​ឯ​ក្រៅ​នោះ​តើ​ យើង​ចង់​ដាក់​ឲ្យ​គាត់​ដាក់​ទៅ»។​

ចំពោះ​បញ្ហា​អ្នកសុំ​ទាន ឬ​ក្មេង​អនាថា​តាម​វត្ត​អារាម​អំឡុង​ពេល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ លោក​សេង សុមុនី អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា​ ​បាន​ស្នើ​សុំ​ឲ្យ​មាន​ភាព​អត់ធ្មត់​ ​និង​ការ​សម្របសម្រួល​នៅ​តាម​បណ្តា​វត្ត​អារាម​នានា​ ​ជៀសវាង​ការ​ប្រើប្រាស់​អំពើហិង្សា​ផ្សេងៗ។​

លោក​បាននិយាយថា៖ «យើង​បាន​ធ្វើការ​ណែនាំ​ឲ្យ​មាន​ការ​អត់ធ្មត់ សុំ​ឲ្យ​ព្រះសង្ឃ​ ​អាចារ្យ​ ​គណៈកម្មការ​ មន្រ្តី​ជំនាញ​របស់​យើង​ហ្នឹង​សហការ​ជាមួយ​នឹង​អាជ្ញាធរ​ដែនដី​ឲ្យ​មាន​ការ​សម្រប​សម្រួល។​ ​កុំ​ឲ្យ​មាន​ការ​ប្រើ​ហិង្សា ឬ ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​ព្រះ​ពុទ្ធ​សាសនា​ ​ដែល​ជា​សាសនា​របស់​រដ្ឋ»។​

ក្រៅ​ពី​នេះ​ ​លោក​ សេង សុមុនី​ ​បាន​ស្នើ​ឲ្យ​មាន​ការ​ចូលរួម​ជ្រោម​ជ្រែង​កាន់​ច្រើន​ពី​សំណាក់​ពុទ្ធ​សាស​និក​ចំពោះ​វត្តអារាម​ ដែល​មាន​បញ្ហា​ខ្វះខាត​ផ្សេងៗ​ ​ស្របពេល​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន ដើម្បី​បញ្ជៀស​ករណី​កើត​មាន​អគ្គិភ័យ​ជាយ​ថា​ហេតុ​ផ្សេងៗ​តាម​ទីវត្ត​អារាម។

ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ រយៈ​ពេល​១៥ថ្ងៃ​ ​នឹង​ត្រូវ​បញ្ច​ប់នៅ​ថ្ងៃទី​១០​ខែ​តុលា​ខាង​មុខ​ ​ដែល​ជាថ្ងៃ​ទី១៥​នៃ​ពិធី​នេះ។​ ​ជា​ទម្លាប់​ពលរដ្ឋ​ខ្មែរ​ជាច្រើ​ន ​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​កំណើត​របស់​ខ្លួន​ ​តាម​បណ្តា​ខេត្ត​នា​នា​ដើម្បី​ជួប​ជុំ​គ្រួសារ​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​នេះ​ ​ដែល​ធ្វើ​ឱ្យ​មាន​ការ​បារម្ភ​ផង​ដែរ​ចំពោះ​បញ្ហា​ចរាចរណ៍៕​​

XS
SM
MD
LG