វាជារឿងចម្លែកមួយនៅពេលដែលប្រជាពលរដ្ឋទៅសុំលិខិតឆ្លងដែន ហើយចង់បំពេញឯកសារដោយខ្លួនឯង។ បើទោះជាប្រជាពលរដ្ឋចង់បំពេញដោយខ្លួនឯង តែហាក់ដូចជាមិនអាចទៅរួចនោះទេ ដោយសារមានអ្នកចាំទទួលស្វាគមន៍ក្នុងការជួយសម្រួលកិច្ចការនេះ។
គ្រាន់តែទៅដល់ខាងមុខខ្លោងទ្វារការិយាល័យចេញលិខិតឆ្លងដែនដែលស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីទីប្រជុំជននៅភ្នំពេញ អ្នករត់ការឲ្យមន្រ្តីចេញលិខិតឆ្លងដែនបានមកស្វាគមន៍ ហើយសួរថា«មានណាត់ហើយឬនៅ» ដែលសំដៅថាតើមានអ្នកជួយរត់ការធ្វើលិខិតឆ្លងដែនហើយឬនៅ?
ប្រសិនបើនៅទេ ពួកគេនឹងនាំទៅជួបមន្រ្តីចេញលិខិតឆ្លងដែន ដែលនឹងជួយសម្រួលកិច្ចការទាំងនេះ។ ពលរដ្ឋខ្លះដែលធ្លាប់ស្គាល់មន្រ្តីនៅទីនោះអាចមកជួបមន្រ្តីដោយផ្ទាល់ ហើយមន្រ្តីនោះនឹងជួយបំពេញឯកសារប្រវត្តិរូបមួយច្បាប់ ការថតចម្លងអត្តសញ្ញាណប័ណ្ណ និងឯកសារផ្សេងៗ។
មន្រ្តីស្លៀកពាក់ឯកសណ្ឋានការិយាល័យចេញលិខិតឆ្លងដែននៅទីនោះបានយកតម្លៃលើសពីការកំណត់ ជាថ្នូរនឹងការជួយបំពេញឯកសារ ការជួយសម្រួលដំណើរការ និងការជូនដំណឹងពេលលិខិតឆ្លងដែនធ្វើរួចហើយ។ តម្លៃដែលមន្រ្តីទាំងនោះយកគឺអាស្រ័យលើពួកគេម្នាក់ៗ មិនដូចគ្នានោះទេ។ ប៉ុន្តែជាទូទៅ ពួកគេយកពី១០ដុល្លារទៅ២០ដុល្លារលើសតម្លៃកំណត់។ ប៉ុន្តែមានអ្នកខ្លះយករហូតទៅដល់៥០ដុល្លារ។
ការធ្វើលិខិតឆ្លងដែនមានបែងចែកជាបីសេវា គឺសេវាធម្មតាត្រូវបង់តម្លៃ១០០ដុល្លារអាមេរិក ហើយមានរយៈពេលកំណត់ធ្វើគឺ២០ថ្ងៃនៃថ្ងៃធ្វើការ សេវារហ័សកម្រិតមធ្យមតម្លៃ១៥០ដុល្លារ រយៈពេលកំណត់១០ថ្ងៃនៃថ្ងៃធ្វើការ និងតម្លៃ២០០ដុល្លារសម្រាប់សេវារហ័ស រយៈពេលមួយថ្ងៃប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីឆ្នាំ២០១៦។ ប៉ុន្តែកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានប្រកាសថា រយៈពេលនៃការធ្វើលិខិតឆ្លងដែន២០ថ្ងៃ ត្រូវប្តូរមក១៥ថ្ងៃវិញ។ ចំណែក១០ថ្ងៃត្រូវប្តូរមក៧ថ្ងៃវិញ ហើយតម្លៃសេវាគឺនៅដដែល។
នៅការិយាល័យចេញលិខិតឆ្លងដែន តារាងតម្លៃធ្វើលិខិតឆ្លងដែនត្រូវបានដាក់ព្យួរនៅលើជញ្ជាំងដើម្បីឲ្យប្រជាពលរដ្ឋបានដឹង។ តែនេះមិនមានន័យសម្រាប់អ្នកសុំលិខិតឆ្លងដែននោះទេ ដោយសារពួកគាត់មានអ្នកជួយរត់ការឲ្យទៅហើយ។
បុរសម្នាក់ដែលជាអ្នកនាំភ្ញៀវឲ្យមន្រ្តីចេញលិខិតឆ្លងដែនបាននិយាយដោយមិនបញ្ចេញឈ្មោះថា លោកធ្លាប់បាននាំភ្ញៀវឲ្យមន្រ្តីនៅទីនោះ ដោយទទួលបានប្រាក់ពីមន្រ្តីចាប់ពី១០០០០ទៅ១៥០០០រៀលសម្រាប់ភ្ញៀវម្នាក់។
អ្នកស្រីកុលាប អាយុ៤១ឆ្នាំ រស់នៅក្នុងខេត្តសៀមរាប និងជាអ្នកលក់គ្រឿងរថយន្តម្នាក់ មានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ អ្នកស្រីបានធ្វើដំណើរមករាជធានីភ្នំពេញដើម្បីសុំលិខិតឆ្លងដែន ទុកគ្រាន់ធ្វើដំណើរទៅទិញសម្ភារៈរថយន្តនៅប្រទេសថៃ។ អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីបានចំណាយប្រាក់សម្រាប់ធ្វើលិខិតឆ្លងដែនចំនួន១១៥ដុល្លារ និងបង់ថ្លៃរូបថតចំនួន១៦០០០រៀល។
អ្នកស្រីបានបញ្ជាក់ថា ការរកជំនួយពីអ្នករត់ការដែលមានទំនាក់ទំនងជាមួយមន្រ្តីចេញលិខិតឆ្លងដែន គឺដើម្បីកុំឲ្យចំណាយពេលយូរ នៅពេលមករាជធានីភ្នំពេញ ដើម្បីបំពេញឯកសារសុំលិខិតឆ្លងដែន។
អ្នកស្រីបានថ្លែងប្រាប់ VOA ថា៖
«កាលហ្នឹងថា យើងនៅឆ្ងាយ។ បងចង់ថា ឲ្យសេវាគេធ្វើទៅ ដើម្បីយើងចំណាយពេលទៅគេងនៅភ្នំពេញឆាប់ ដូចថា តែមួយយប់ទៅ យើងអាចធ្វើហើយ។ យើងអាចវិលមកវិញ។ ប៉ុន្តែបើយើងទៅធ្វើដោយខ្លួនឯង បងខ្លាចចំណាយពេលយូរ»។
អ្នកស្រីបន្ថែមថា ការរកឯកសារបំពេញដោយខ្លួនឯងជារឿងលំបាកមួយ។ អ្នកស្រីមានប្រសាសន៍ថា៖
«បងគិតថា ពិបាកត្រង់ថា ទៅសុំពាក្យគេហ្នឹង គេថា ក៏យ៉ាប់នឹងសុំដែរ។ បងអត់បានទៅសុំអាពាក្យដែលយើងត្រូវបំពេញហ្នឹង បងអត់បានទៅសុំទេ។ ប៉ុន្តែអ្នកដែលឈរជិតយើង គេនិយាយគ្នាគេហ្នឹងគឺគេថា អត់ស្រួលទេ។ គេថា អីចឹង»។
អ្នកសុំលិខិតឆ្លងដែនរូបនោះបានឲ្យដឹងទៀតថា អ្នកបំពេញឯកសារឲ្យអ្នកស្រី ជាអ្នកស្លៀកពាក់ស៊ីវិលធម្មតា និងជាភ្នាក់ងាររបស់មន្រ្តីនៅទីនោះ។
ទោះជាយ៉ាងណា អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីអាចមានសមត្ថភាពបំពេញឯកសារសុំលិខិតឆ្លងដែនបានដោយខ្លួនឯង។
អ្នកស្រីបានថ្លែងថា៖
«បងបំពេញបានអីតើអូន! ព្រោះបងចេះអក្សរទេតើ! ប៉ុន្តែបងអត់ដឹង ចង់ថា ដំបូង គឺបងត្រូវការពឹងគេ ហើយវាស្រួល។ បើតាមថា បំពេញខ្លួនឯង បងធ្វើបានទេតើ»។
ប្រជាពលរដ្ឋប្រមាណ១៥នាក់ ដែល VOA បានសាកសួរនៅកន្លែងចេញលិខិតឆ្លងដែន បានអះអាងដូចៗគ្នាថា ឯកសាររបស់ពួកគេត្រូវបានបំពេញឲ្យតាមរយៈមន្រ្តីនៅទីនោះ អ្នករត់ការឲ្យមន្រ្តី ឬភ្នាក់ងារក្រុមហ៊ុនដែលផ្តល់សេវាធ្វើលិខិតឆ្លងដែន។
អ្នកសុំលិខិតឆ្លងដែនម្នាក់ក្នុងវ័យ២៤ឆ្នាំបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា មិត្តភ័ក្តិរបស់កញ្ញាបានណែនាំឲ្យស្គាល់មន្រ្តីចេញលិខិតឆ្លងដែននៅទីនោះ ហើយមន្រ្តីបានរៀបចំឯកសារឲ្យកញ្ញា។ កញ្ញាបន្តថា កញ្ញាបានចំណាយថវិកា១១០ដុល្លារសម្រាប់លិខិតឆ្លងដែនរយៈពេល២០ថ្ងៃ។
កញ្ញានិយាយថា៖
«គេសរសេរឲ្យ។ មន្រ្តីចេញលិខិតឆ្លងដែនបំពេញឲ្យ»។
ពលរដ្ឋម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះដែរ បានលើកឡើងថា អ្នកនាងបានចំណាយប្រាក់២៥០ដុល្លារសម្រាប់សុំលិខិតឆ្លងដែនរយៈពេលមួយថ្ងៃ ហើយមន្រ្តីនៅទីនោះបំពេញឯកសារឲ្យ។
ឯកសារមួយច្បាប់ដែលមន្រ្តី ឬអ្នករត់ការជួយបំពេញឲ្យនោះគឺជាពាក្យសុំចេញលិខិតឆ្លងដែនដែលបំពេញព័ត៌មានតាមអត្តសញ្ញាណប័ណ្ណ បញ្ជាក់មុខរបរ អាស័យដ្ឋានបច្ចុប្បន្ន ឈ្មោះឪពុកម្តាយ និងអាយុរបស់ពួកគាត់ និងឈ្មោះបងប្អូនសម្រាប់ទំនាក់ទំនង។
បន្ទាប់ពីបំពេញពាក្យសុំធ្វើលិខិតឆ្លងដែន មន្រ្តីនោះនឹងថតចម្លងអត្តសញ្ញាណប័ណ្ណភ្ជាប់នឹងពាក្យសុំនោះ ហើយបញ្ជូនទៅវាយត្រាថា«បានចម្លងត្រឹមត្រូវតាមច្បាប់ដើម» ដោយយកប្រាក់១ពាន់រៀលពីអ្នកសុំលិខិតឆ្លងដែន។ បន្ទាប់ពីវាយត្រារួចហើយ ដំណើរការបន្ទាប់គឺអ្នកសុំលិខិតឆ្លងដែនត្រូវធ្វើខ្លួនឯងទាំងអស់គឺត្រូវចាប់លេខរង់ចាំ ដើម្បីផ្តិតយកស្នាមខ្ចៅម្រាមដៃ ថតរូប បិទរូបថត វាស់កម្ពស់ និងសម្ភាស ដែលជាដំណាក់កាលចុងក្រោយ។ អ្នកសុំលិខិតឆ្លងដែនត្រូវចំណាយពេលយ៉ាងតិចមួយម៉ោងកន្លះ ខណៈមានប្រជាពលរដ្ឋច្រើនមកធ្វើដំណាលគ្នា។
បន្ទាប់ពីផ្តិតខ្ចៅម្រាមដៃ អ្នកសុំលិខិតឆ្លងដែនត្រូវបង់ថ្លៃថតរូបចំនួន១៦០០០រៀល។ នៅលើតុមន្រ្តីបិទរូបថតមានកាតទំនាក់ទំនងរបស់មន្រ្តីចេញលិខិតឆ្លងដែន ដែលទុកឲ្យអ្នកសុំលិខិតឆ្លងដែនយកទុកដើម្បីទាក់ទងសុំលិខិតឆ្លងដែននៅពេលក្រោយ។
បន្ទាប់ពីបំពេញដំណើរការទាំងអស់នេះ ពួកគេត្រូវយកឯកសារមួយច្បាប់នេះទៅឲ្យមន្រ្តីរត់ការរបស់ខ្លួន ហើយបង់ប្រាក់។ ការបង់ប្រាក់នោះមិនមានវិក្ក័យប័ត្រនោះទេ ហើយក៏មិនមានចុងសន្លឹកណា ដែលបញ្ជាក់ពេលវេលាមកយកលិខិតឆ្លងដែននោះដែរ។
បើតាមព័ត៌មានដែលបិទនៅលើជញ្ជាំង មន្រ្តីត្រូវចេញបង្កាន់ដៃបង់ប្រាក់ និងចុងសន្លឹកសម្រាប់មកទទួលលិខិតឆ្លងដែន តាមពេលកំណត់។
អ្នកសុំលិខិតឆ្លងដែនរង់ចាំការហៅទូរស័ព្ទពីមន្រ្តី នៅពេលលិខិតឆ្លងដែនធ្វើហើយ ឬអ្នកសុំលិខិតឆ្លងដែនត្រូវហៅទូរស័ព្ទសួរថា តើលិខិតឆ្លងដែនធ្វើហើយឬនៅ។
មន្រ្តីចេញលិខិតឆ្លងដែនម្នាក់គឺអ្នកស្រី ស៊ីម ថានី បានទទួលស្គាល់ថា អ្នកស្រីពិតជាបានជួយបំពេញឯកសារជូនដល់ប្រជាពលរដ្ឋមួយចំនួន ដែលអ្នកស្រីថា មិនអាចបំពេញឯកសារបាន។ អ្នកស្រីក៏បានទទួលស្គាល់ថា អ្នកស្រីពិតជាបានទទួលប្រាក់កម្រៃមួយចំនួនពីអ្នកមកសុំលិខិតឆ្លងដែន។
អ្នកស្រីមានប្រសាសន៍ថា៖
«ធម្មតាគាត់អីចឹងមកពីខេត្ត គាត់អត់ដឹងរបៀបរបបបំពេញឯកសារ។ ដល់ពេលអីចឹង យើងជួយបំពេញគាត់ទៅ។ យើងរត់ពីទីនេះទៅទីនោះ សព្វកន្លែងអីចឹង។ នៅហ្វូតូ នៅពិនិត្យឯកសារ ដល់ពេលអីចឹង គេរុញចុះ រុញឡើងៗ។ អីចឹងទៅ គាត់ពឹងយើងឲ្យជួយ។ ជួយថា ឲ្យបងតិចតួចទៅ បងជួយបាន»។
អ្នកស្រីបានបញ្ជាក់បន្ថែមថា៖
«ធម្មតា អ្នកខ្លះគេជូនយើងអីចឹងទៅអូន។ ដូចថា យើងខំជួយខ្នះខ្នែងឲ្យគាត់អីចឹង គាត់អាណិតយើង គាត់ឲ្យ»។
មន្រ្តីចេញលិខិតឆ្លងដែនម្នាក់ទៀត លោក វិន សុវិចិត្របានបដិសេធថា លោកមិនបានជាប់ពាក់ព័ន្ធនឹងការយកតម្លៃលើសការកំណត់នោះទេ។
លោកមានប្រសាសន៍ថា៖
«ខាងមន្រ្តីយើងខ្ញុំអត់មានយកអីចឹងទេ។ អត់មានរឿងសេវាកម្មជូនចុះ ជូនឡើងអីអីចឹងទេ។ មន្រ្តីខាងយើងខ្ញុំគឺអត់មានសេវាកម្មណាយកបន្ថែមទេ។ តម្លៃអាករ បង់ចូលរដ្ឋហ្មង»។
លោកបញ្ជាក់បន្ថែមថា៖
«ខ្ញុំចង់បញ្ជាក់ថា តើសមត្ថកិច្ចមួយណាដែលយកសេវាបន្ថែមទៀតហ្នឹង បង?»
លោកប្រុក ម៉ៃឧត្តម អគ្គនាយករង និងជាអ្នកនាំពាក្យរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានប្រសាសន៍ថា លោកមិនបានដឹងអំពីករណីមន្រ្តីការិយាល័យចេញលិខិតឆ្លងដែន ជួយបំពេញឯកសារយកតម្លៃលើសច្បាប់កំណត់នោះទេ។ តែលោកជំរុញឲ្យប្រជាពលរដ្ឋជួបប្រទះបញ្ហានេះ ដាក់ពាក្យបណ្តឹងទៅនាយកដ្ឋានចេញលិខិតឆ្លងដែន ដើម្បីលោកអាចចាត់វិធានការ។
លោកបានថ្លែងប្រាប់ VOAថា៖
«ខ្ញុំមិនបានជ្រាបឡើយរឿងហ្នឹង ព្រោះវាអត់ទាន់មានបណ្តឹងណាប្តឹងមកដល់ខ្ញុំថា មន្រ្តីក មន្រ្តីខ គាត់បានប្រើប្រាស់តួនាទីគាត់ យកតម្លៃជើងសារលើស។ ចង់និយាយអីចឹងណា អាហ្នឹងទីមួយ។ ទីពីរប្រយ័ត្នគាត់ពឹងទៅក្រុមហ៊ុន គាត់ចេះតែថា មន្រ្តីខាងខ្ញុំដែរ។ អីចឹងបានថា អ្នកទាំងនោះ គាត់មានការច្រឡូកច្រឡំគ្នា»។
លោកក៏បានទទួលស្គាល់ថា មានអ្នករត់ការមួយចំនួននៅកន្លែងចេញលិខិតឆ្លងដែន ជាភ្នាក់ងាររបស់ក្រុមហ៊ុនទទួលធ្វើលិខិតឆ្លងដែន។ តែលោកថា មិនបានដឹងពិតប្រាកដថា មានអ្នកណាខ្លះទៀតនោះទេ ដោយសារក្តាប់ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំនឹងយកព័ត៌មាននេះ។ ខ្ញុំនឹងឆែកជាមួយប្រធាននាយកដ្ឋានដើម្បីដឹងថា តើមានកិច្ចការហ្នឹងឬអត់? ហើយខ្ញុំសូមអញ្ចេះ កុំឲ្យប្រជាពលរដ្ឋនិយាយ សុំឲ្យគាត់ប្តឹងមក! អ្នកណា? ចង់និយាយចញ្ចេះ! ព្រោះកាលណា យើងនិយាយជាទូទៅអីចឹង ប៉ះពាល់ដល់គេច្រើន»។
មន្រ្តីរូបនោះបានឲ្យដឹងទៀតថា អ្នកសុំលិខិតឆ្លងដែននឹងទទួលបានចុងសន្លឹក ដែលមានកំណត់ថា តើអាចមកយកលិខិតឆ្លងដែននៅពេលណា។ លោកបញ្ជាក់ថា ជាធម្មតា លិខិតឆ្លងដែនត្រូវធ្វើហើយ តាមកាលកំណត់ មិនដែលយឺតយ៉ាវនោះទេ។
បើតាមលោក ប្រុក ម៉ៃឧត្តម ជាមធ្យម ក្នុងមួយថ្ងៃ ប្រជាពលរដ្ឋប្រមាណ៣០០០ទៅ៤០០០នាក់ បានមកសុំលិខិតឆ្លងដែន ក្នុងនោះ១០ភាគរយប៉ុណ្ណោះ ដែលត្រូវការសេវាឆាប់រហ័ស។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានចាត់ទុកការយកលុយលើសពីការកំណត់សម្រាប់សេវាសាធារណៈគឺជាភាពមិនប្រក្រតី ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
លោកមានប្រសាសន៍ថា៖
«ប្រសិនជាគាត់ទារលើសពីតម្លៃកំណត់ដោយច្បាប់គឺជាបទល្មើសហើយ ហើយបទល្មើសហ្នឹង វាអាចជាបទល្មើសទារប្រាក់បន្ថែមលើសចំនួនកំណត់ នៅក្នុងហ្នឹងជាបទល្មើសពុករលួយហើយ»។
លោកបន្តថា ករណីមន្រ្តីយកកម្រៃជើងសារនេះ នៅតែកើតមានឡើងនៅតាមស្ថាប័នរដ្ឋ បើទោះជាមានការធ្លាក់ចុះក៏ដោយ។
លោក ព្រាប កុល ជំរុញឲ្យមន្រ្តីពាក់ព័ន្ធដោះស្រាយបញ្ហានេះ និងដាក់ទោសទណ្ឌមន្រ្តីដែលប្រព្រឹត្តបែបនេះ។ លោកមានប្រសាសន៍ថា៖
«ក្រសួងដែលមានសមត្ថកិច្ច ដែលមានសិទ្ធិក្នុងការផ្តល់សេវាកម្មហ្នឹង ត្រូវពិនិត្យការអនុវត្តច្បាប់របស់មន្រ្តីក្រោមឱវាទដែលចេញលិខិតឆ្លងដែនហ្នឹង។ គាត់ត្រូវតែទប់ស្កាត់ គាត់ត្រូវតែហាមឃាត់ ហើយត្រូវតែដាក់ទោសមន្រ្តីដែលប្រព្រឹត្តខុសច្បាប់ហ្នឹង។ មិនអាចឲ្យអីចឹងតទៅទៀតទេ ត្រូវតែធ្វើការស៊ើបអង្កេត ហើយឲ្យអ្នកដែលគាត់ប្រព្រឹត្តខុសហ្នឹងឈប់ប្រព្រឹត្តហើយនិងដាក់ទោសទណ្ឌគាត់ ទៅតាមច្បាប់ កុំឲ្យមានរឿងនេះបន្តទៀត»។
VOA បានព្យាយាមសុំអត្ថាធិប្បាយពីលោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) តែមិនទាន់អាចសុំការបាននៅឡើយទេ។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ក៏បានសង្កេតឃើញមានមន្រ្តីរត់ការនៅការិយាល័យចេញលិខិតឆ្លងដែនផងដែរ។ លោកមានប្រសាសន៍ថា ការរត់ការនេះបង្ហាញរូបភាពមិនល្អដល់ការផ្តល់សេវាសាធារណៈ និងនាំឲ្យមានភាពរញ៉េរញ៉ៃ។
លោកមានប្រសាសន៍ថា៖
«ចុងក្រោយដែលយើងចង់ឲ្យមានការដោះស្រាយហ្នឹងគឺលុបបំបាត់ការរត់ការ ឬក៏ការជួយសម្រួលណាដែលជាថ្នូរនឹងលុយកាក់»។
លោកបន្តថា រដ្ឋាភិបាលអាចបង្កើតការិយាល័យសម្រាប់ពលរដ្ឋដែលមិនមានសមត្ថភាពក្នុងការបំពេញឯកសារដោយខ្លួនឯង ហើយមន្រ្តីអាចជួយបំពេញឲ្យពួកគេ។ លោកក៏បានជំរុញឲ្យមានកំណែទម្រង់មួយ ដែលអនុញ្ញាតឲ្យមានការបំពេញឯកសារ និងបង់ប្រាក់ជាមុនតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីកាត់បន្ថយការងារនៅហ្នឹងកន្លែង៕