ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការ​បរទេស​ពន្យល់​លម្អិត​ពី​ស្ថានការណ៍​កម្ពុជា​​តប​នឹង​ការ​រិះគន់​ជា​អន្តរជាតិ


 រូបឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។
រូបឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។

លោក​សុខ ខេមរា នៃ VOA បាន​ជួប​ធ្វើ​កិច្ច​សម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ លោក ប្រាក់ សុខុន ​ដែល​ជា​អ្នក​តំណាង​កម្ពុជា​នៅ​ឆ្នាំ​នេះ ​បាន​យក​វេទិកា​ពិភពលោក​មួយ​ គឺ​មហា​សន្និបាត​អ.ស.ប ​លើក​ទី​៧២ ដើម្បី​វាយបក​ទៅ​លើ​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ ដែល​បាន​រិះគន់​កម្ពុជា​ពី​បញ្ហា​សិទ្ធិ​មនុស្ស ​និង​ប្រជាធិបតេយ្យ​ចុងក្រោយ​នេះ។

កំណត់និពន្ធ៖ ទេសរដ្ឋមន្ត្រី ​លោក​ ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ​កាលពី​ថ្ងៃសៅរ៍​ ទី២២ ​ខែកញ្ញា​ ឆ្នាំ២០១៧ ​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ប្រចាំ​ឆ្នាំ​តំណាង​ឲ្យ​កម្ពុជា​ ក្នុង​កិច្ច​ប្រជុំ​មហាសន្និបាត​អ.ស.ប ​នៅ​ឯ​បូរី​ញូវយ៉ក​ អំពី​ស្ថានការណ៍​នយោបាយ​កម្ពុជា​ បញ្ហា​សិទ្ធិ​មនុស្ស ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ បញ្ហា​ទំនាក់ទំនង​កម្ពុជា​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​ចិន ​បញ្ហា​វិវាទ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន​ និង​អាស៊ាន ​និងបញ្ហា​បាញ់​កាំជ្រួច​មីស៊ីល ក៏ដូចជា​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ផង​ដែរ។ លោកប្រាក់ សុខុន​បាន​ឆ្លៀត​ប្រើ​វេទិកា​ពិភព​លោក​មួយ​នេះ​ វាយបក​ទៅ​លើ​ការ​រិះគន់​របស់​ក្រុម​បស្ចិម​ប្រទេស​មួយ​ចំនួន​រួម​ទាំង​ស.រ.អា.​ផង​ដែរ ទាក់ទង​នឹង​ការរិះគន់​ជា​អន្តរជាតិ​ចំពោះ​ការ​ចាប់ខ្លួន​មេដឹកនាំ​ក្រុម​ប្រឆាំង ​និង​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ក្រុម​ជំទាស់​ ការ​បិទ​កាសែតបរទេស​មួយក្នុង​ស្រុក​ ​អង្គការ​សង្គម​ស៊ីវិល​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ខាងមុខ។ ​លោក សុខ ខេមរា​ នៃ VOA ​បាន​ជួប​សម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​លោក ​ប្រាក់ សុខុន​ នៅ​ឯ​បូរី​ញូវ​យ៉ក​ បន្ទាប់​ពី​លោក​រដ្ឋ​មន្រ្តី​ការបរទេស​បាន​ថ្លែង​ការណ៍​នៅ​ឯ​អ.ស.ប។​ សូម​អាន ​ស្តាប់​ និង​ទស្សនា​កិច្ច​សម្ភាសន៍​ទាំងស្រុង​ដូច​តទៅ៖

លោកសុខ ខេមរា៖ បាទ! សូម​ជម្រាប​សួរ​ប្រិយមិត្ត​ និង​អ្នក​ដែល​តាមដាន​ស្តាប់ ឬ​ក៏​ទស្សនា​កម្មវិធី​ផ្សាយ​របស់​វិទ្យុ VOA ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​នៅ​បុរី​ញូវ​យ៉ក​នេះ។ ​ឥឡូវ​នេះ​ VOA សំឡេង​សហរដ្ឋ​អាមេរិក​មាន​កិត្តិយស​ ដែល​បាន​ទទួល​ការ​ផ្តល់​កិច្ចសម្ភាសន៍​ពី​លោក​ទេសរដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​គឺ​ លោក​ ប្រាក់ សុខុន ​ដែល​បាន​អញ្ជើញ​មក​ចូលរួម​ថ្លែងការណ៍​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី៧២ នៅ​ឯ​បុរី​ញូវ​យ៉ក​នេះ​អំពី​ស្ថានការណ៍​កម្ពុជា ​និង​បញ្ហា​សាកល​មួយ​ចំនួន។​ ដូច្នេះ​ សូម​ប្រិយមិត្ត​រង់ចាំ​តាម​ដាន​កិច្ចសម្ភាសន៍​របស់​ខ្ញុំ​បាទ​ដោយ​ផ្ទាល់​ជាមួយ​នឹង​លោក​ទេស រដ្ឋមន្ត្រី។​ អញ្ចឹង​ សូម​ជម្រាប​សួរ។

លោកប្រាក់ សុខុន៖ សូម​ជម្រាប​សួរ​ បាទ។

លោក​សុខ ខេមរា៖ សូម​អរគុណ​ច្រើន​ដែល​បាន​ផ្តល់​កិច្ចសម្ភាសន៍​ដល់ ​VOA ​សំឡេង​សហរដ្ឋ​អាមេរិក។​ ខ្ញុំ​បាទ​បាន​ស្តាប់​សុន្ទរកថា​ [របស់] ​លោក​ទេសរដ្ឋមន្ត្រី​ច្រើន​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ បញ្ហា​សាកល​ បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​បញ្ហា​មួយ​ចំនួន​ទៀត​នៅ​ឯ​កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ។ ​ប៉ុន្តែ​ជា​ដំបូង​ ការ​ចាប់​ផ្តើម​ សូម​លោក​បញ្ជាក់​ពី​បញ្ហា​គោលជំហរ​កម្ពុជា​អំពី​រឿង​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ ដែល​បាន​ថ្លែង​នៅ​ឯ​អង្គការ​សហប្រជាជាតិ​ ហាក់​ដូច​ជា​មាន​ការ​រិះគន់​ទៅ​លើ​មហាអំណាច​មួយ​ចំនួន​នៅ​ទីនោះ។​ តើ​ [កម្ពុជា] ​មាន​គោលជំហរ​យ៉ាង​ម៉េច? ​សូម​អញ្ជើញ​បាទ។

លោក​ប្រាក់ សុខុន៖ បាទ​ សូម​អរគុណ​ចំពោះ​សំណួរ​នេះ។​ ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្ញុំ​ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ កាលពី​ម្សិលមិញ​នេះ ​គឺ​យើង​ផ្តោត​ទៅ​លើ​ផ្នែក​ពីរ​ជា​សំខាន់។​ ផ្នែក​ទី១​គឺ​ យើង​និយាយ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​អន្តរជាតិ។​ ហើយ​ផ្នែក​ទី២​ពាក់ព័ន្ធ​ផ្ទាល់​ទៅ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ហ្នឹង​ឯង​ ដូច​លោក​បាន​តាមដាន​ស្តាប់​រួច​មក​ហើយ។​ គ្រាន់​តែ​សូម​បញ្ជាក់​ថា ​ទាក់ទង​នឹង​បញ្ហា​អន្តរជាតិ​ យើង​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង​ ចូលរួម​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ​ជា​ទូទៅ​ នៅ​ក្នុង​ការ​សម្រេច​របៀបវារៈ​ការ​អភិវឌ្ឍចិរភាព​របស់​អង្គការ​សហ​ប្រជាជាតិ​រហូត​ទៅ​ដល់​ឆ្នាំ២០៣០​ ហើយ​ដោយ​ផ្តោត​ទៅ​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ផង​ដែរ។​

ទាក់ទង​ទៅ​នឹង​ចំណុច​ក្តៅៗ​សាកលលោក​មួយ​ចំនួន​ហ្នឹង គឺ​យើង​បាន​សម្តែង​នូវ​ជំហរ​របស់​យើង​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ភេរវកម្ម​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម ​បញ្ហា​កូរ៉េ​ខាង​ជើង​ ហើយ​ក៏​ដូចជា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចូលរួម​របស់​កម្ពុជា​នៅ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ​ ដែល​នេះ​គឺ​ជា​ សមិទ្ធិផល​មួយ​ដ៏​ធំ​ធេង​ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​រយៈពេល​កន្លង​ទៅ​នេះ។​

ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ ដែល​ជា​ការ​ចាំបាច់​មួយ​ដែល​យើង​ត្រូវ​តែ​លើក​ឡើង​ ត្រូវ​តែ​និយាយ។​ ខ្ញុំ​សុំ​កែសម្រួល​បន្តិច​ មិន​មែន​ជា​ការ​រិះគន់​ទេ។ ប៉ុន្តែ​ចំពោះ​មហា​អំណាច​មួយ​ចំនួន​ យើង​ចង់​ស្នើ​ថា​ ឲ្យ​គាត់​វិនិច្ឆ័យ​ចំពោះ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដោយ​យុត្តិធម៌​ផង​ដែរ​ ពីព្រោះ​មាន​ការ​ពិនិត្យ​ពិចារណា​ការ​វាយតម្លៃ​ចំពោះ​សភាព​ការណ៍​នៅ​កម្ពុជា​ហ្នឹង​តាម​តែ​របៀប​ម្យ៉ាង​ ដោយ​មិន​បាន​មើល​គ្រប់​ជ្រុងជ្រោយ​ទាំង​អស់​ ដោយ​មិន​បាន​អើពើ​ទៅ​នឹង​ការ​ដែល​កម្ពុជា​ រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​តែ​គោរព​ និង​អនុវត្ត​ទៅតាម​ច្បាប់​ជា​ធរមាន​នៅ​កម្ពុជា​ ពិសេស​គឺ ​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព ​ស្ថិរភាព ​និង​ការពារ​ឲ្យ​បាន​នូវ​អធិបតេយ្យភាព​ ឯករាជ្យភាព​របស់​ប្រទេស​យើង​ប្រឆាំង​ទៅ​នឹង​ការ​លូកលាន់​ ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​យើង។ ​អញ្ចឹង​បាន​ជា​ ក្នុង​ភាគទី២​ យើង​ថា ​ភាគទី២​ទៅ​ចុះ។​

ភាគទី១​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​អន្តរជាតិ។​ ភាគទី២​ពាក់ព័ន្ធ​ទៅ​នឹង​កម្ពុជា​ហ្នឹង គឺ​ខ្ញុំ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​បញ្ហា​ទាំង​នេះ ​ហើយ​ដែល​អាច​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ពន្យល់​ចំពោះ​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​ថ្មីៗ​នេះ ដូចជា​លោក​បាន​ជ្រាប​ស្រាប់​ហើយ។

លោកសុខ ខេមរា៖ លោក​ទេសរដ្ឋមន្ត្រី​មាន​ប្រសាសន៍​អំពី​ថា ការ​ដែល​វាយតម្លៃ​គ្រប់​ជ្រុងជ្រោយ​ តើ​មាន​ន័យ​យ៉ាង​ដូចម្តេច​ចំពោះ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ពី​អន្តរជាតិ ឬ​ក៏​ពី​មហាអំណាច​ហ្នឹង?

លោកប្រាក់ សុខុន៖ ការ​វាយតម្លៃ​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ហ្នឹង​គឺ ​មិន​ត្រូវ​វាយតម្លៃ​តែ​ពី​ម្ខាង​តែ​ប៉ុណ្ណោះ​ទេ​ ដូចជា​នៅ​ក្នុង​ឱកាស​ដែល​មាន​បញ្ហា​កើត​ឡើង​នៅ​កម្ពុជា​ថ្មីៗ​ហ្នឹង ដូច​លោក​បាន​ជ្រាប​ស្រាប់​ហើយ​ ករណី​ចាប់​ខ្លួន​លោក​ កឹម សុខាករណី​បញ្ឈប់​សកម្មភាព​របស់​អង្គការ​ NDIករណី​បិទ​កាសែត​ Cambodia Daily​ និង​ករណី​បិទ​វិទ្យុ​មួយ​ចំនួន គឺ​វា​ពាក់ព័ន្ធ​យ៉ាង​ខ្ជាប់​ខ្ជួន​ជាមួយ​នឹង​ការ​អនុវត្ត​ច្បាប់។​

ខ្ញុំ​សូម​ជម្រាប​ថា មុន​នឹង​យើង​ឈាន​មក​ដល់​បញ្ហា​ចុង​ក្រោយ​នេះ​ គឺ​កម្ពុជា​យើង​បាន​ដើរ​តាម​ផ្លូវ​មួយ​ប្រកប​ទៅ​ដោយ​ស្ថិរភាព​ ដោយ​សន្តិភាព​ល្អ​ណាស់​ ហើយ​យើង​បាន​ដំណើរការ​បោះឆ្នោត​ថ្នាក់​ឃុំសង្កាត់​ ដែល​ជា​ការ​បោះឆ្នោត​មួយ​ដែល​កម្ពុជា​យើង​ចាត់​ទុក​ថា ជា​ការ​បោះឆ្នោត​ដែល​រៀបចំ​ល្អ មាន​សណ្តាប់ធ្នាប់​ មាន​សន្តិភាព​ មាន​សេរីភាព​ មាន​តម្លាភាព ​ជាង​ពេល​ណាៗ​ទាំង​អស់ ​ហើយ​ដែល​ប្រទេស​មួយ​ចំនួន​ អ្នក​សង្កេតការណ៍​មួយ​ចំនួន​ គាត់​ទទួល​ស្គាល់​ចរិត​នេះ​ដែរ ​លើក​លែង​តែ​ប្រទេស​មួយ​ចំនួន​ដែល​គាត់​មិន​ហ៊ាន​និយាយ​ថា វា​សេរី ​យុត្តិធម៌​ និង​អាច​ទុក​ចិត្ត​បាន​ (បកប្រែ​ពី​សម្តី​ដើម​ free, fair​ and ​credible) ​តែ​ប៉ុណ្ណឹង​ទេ​ ប៉ុន្តែ​តាម​ការ​ពិត​ [ពាក្យ​ថា] free​ មាន​សេរីភាព​ហ្នឹង​គឺ​សេរីភាព​ត្រឹមត្រូវ​ហើយ ​[ពាក្យ​ថា] fair ហ្នឹង​គឺ​ថា​គ្រប់​គណបក្ស​ទាំង​អស់​ចូលរួម​ គ្រប់​គណបក្ស​ទាំង​អស់​បាន​ទទួល​យក​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត។​

អញ្ចឹង​ហើយ​បាន​យើង​ចាត់​ទុក វា​អាច​ជា​ credible ក៏​បាន​ដែរ ​ជា​លទ្ធផល​ដែល​ជឿ​ទុក​ចិត្ត​បាន​ដោយសារ​តែ​គណបក្ស​ទាំង​អស់​បាន​ទទួល​យក​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត។ អញ្ចឹង​ចាប់ពី​ពេល​នោះ​មក​យើងបាន​ក្រាល​ផ្លូវ​មួយ​ល្អ​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ​ ជា​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ។​ ប៉ុន្តែ​ទន្ទឹម​នឹង​ហ្នឹង​ រដ្ឋាភិបាល​យើង​ក៏​មាន​ការ​ចាំបាច់​នៅ​ក្នុង​ការ​គិត​គូរ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ពី​ព្រោះ​ច្បាប់​យើង​មាន។​ កន្លង​ទៅ​ ច្បាប់​យើង​មាន ​មាន​ច្រើន​ យើង​ខំប្រឹង​កសាង​ច្បាប់​ រដ្ឋសភា​ខំ​ប្រឹង​អនុម័ត​ច្បាប់​ ប៉ុន្តែ​ច្បាប់​នោះ​មិន​ត្រូវ​បាន​គោរព​ដោយ​ពេញលេញ​ទេ។​

រូបឯកសារ៖ កាសែត​ជា​ភាសាអង់គ្លេស ​The Cambodia Daily បាន​សម្រេច​បិទទ្វារ​ចាប់ពី​ចន្ទ​ ទី៤​ ខែកញ្ញា​នេះ​តទៅ​ បន្ទាប់​ពី​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​នៅ​កម្ពុជា​អស់រយៈពេល​ ២៤ឆ្នាំ​និង​១៥ថ្ងៃ​ តាំងពី​ឆ្នាំ១៩៩៣​មក​ រាជធានីភ្នំពេញ​ ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ កាសែត​ជា​ភាសាអង់គ្លេស ​The Cambodia Daily បាន​សម្រេច​បិទទ្វារ​ចាប់ពី​ចន្ទ​ ទី៤​ ខែកញ្ញា​នេះ​តទៅ​ បន្ទាប់​ពី​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​នៅ​កម្ពុជា​អស់រយៈពេល​ ២៤ឆ្នាំ​និង​១៥ថ្ងៃ​ តាំងពី​ឆ្នាំ១៩៩៣​មក​ រាជធានីភ្នំពេញ​ ថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

មនុស្ស​មួយ​ចំនួន ​អង្គការ​មួយ​ចំនួន​មិន​គោរព ​ហើយ​ខ្ញុំ​បាន​លើក​ឧទាហរណ៍​មួយ​ជាមួយ​ក្រុម​អង្គទូត​នានា​ ដែល​បាន​មក​ស្តាប់​ខ្ញុំ​បកស្រាយ​ពី​បញ្ហា​ ព្រឹត្តិការណ៍​កន្លង​ទៅ​ហើយ​នេះ គឺ​ខ្ញុំ​បាន​ជម្រាប​ជូន​គាត់​ដែរ​ថា ច្បាប់​មាន​ ប៉ុន្តែ​យើង​មិន​អនុវត្ត។​ ខ្ញុំ​ទាញ​ឧទាហរណ៍។​ រឿង​ជិះ​ម៉ូតូ​ពាក់​មួក​ អា​ហ្នឹង​វា​ការពារ​ជីវិត​របស់​អ្នក​ជិះ​ម៉ូតូ​ផ្ទាល់។​ យើង​សង្កេត​ឃើញ​ថា ​ប្រហែល​ជា​២០ ភាគរយ​ទៅ​៣០ភាគរយ​ តាម​ពេល​វេលា​ តាម​ម៉ោង​ តាម​ថ្ងៃ​ នៃ​ប្រជាជន​យើង​មិន​គោរព​ច្បាប់​ហ្នឹង​ទេ។

ប៉ុន្តែ​បើ​ពិនិត្យ​មើល​បរទេស​ ដែល​ជិះ​ម៉ូតូ​នៅ​ស្រុក​ខ្មែរ​វិញ ​គឺ​រហូត​ដល់​៨០ភាគរយ​ទៅ​ ៩០ភាគរយ​មិន​គោរព​តែ​ម្តង។ ​អញ្ចឹង​ខ្ញុំ​ក៏​បាន​ជម្រាប​ជូន​ឯកអគ្គរដ្ឋទូត​យើង​ ហើយ​នឹង​អង្គទូត​យើង​ដែល​ប្រចាំ​នៅ​កម្ពុជា​ថា​ អ្នក​ឯង​តែងតែ​មក​ឲ្យ​ដំបូន្មាន​ ឲ្យ​មេរៀន​ មក​ដល់​ខ្ញុំ ប៉ុន្តែ​អ្នក​ឯង​ផ្ទាល់​អត់​គោរព​ច្បាប់​របស់​ខ្ញុំ​ទេ។​ អញ្ចឹង​ច្បាប់​នេះ​មាន​ អ្នក​អត់​គោរព​ ខ្ញុំ​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​នេះ​ឲ្យ​បាន​ត្រឹមត្រូវ។ អញ្ចឹង​ហើយ​បាន​ជា​យើង​អនុវត្ត​ច្បាប់​ស្តី​ពី​ពន្ធដារ។​ ពាក់ព័ន្ធ​នឹង​ Cambodia Daily​ ឧទាហរណ៍។​ នៅ​កម្ពុជា​យើង​មាន​កាសែត​ជា​ភាសា​អង់គ្លេស​៣ធំ ​Cambodia Daily​ [កាសែត]​ Phnom Penh Post ​និង​ Khmer Times។ ​Phnom Penh Post​ និង​ Khmer Times ​គេ​បង់​ពន្ធ។ គេ​អនុវត្ត​ច្បាប់។​ ហេតុអ្វី ​Cambodia Daily​ ត្រូវ​រួច​ខ្លួន? ​មិន​អាច​ទេ។​

វិទ្យុ​មួយ​ចំនួន​ វិទ្យុ​យើង​ច្រើន​ណាស់​នៅ​ស្រុក​ខ្មែរ ​ហើយ​វិទ្យុ​គេ​ភាគច្រើន​ គេ​គោរព​ទៅ​តាម​កិច្ចព្រម​ព្រៀង​ដែល​គេ​មាន​ជាមួយ​នឹង​ក្រសួង​ព័ត៌មាន។​ ប៉ុន្តែ​វិទ្យុ​មួយ​ចំនួន​មិន​គោរព ​អញ្ចឹង​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់។ ​ចំពោះ​ករណី​ដែល​ធ្ងន់ធ្ងរ​ដែរ គឺ​ការ​ចាប់​ខ្លួន​លោក​កឹម សុខា​នេះ​គឺ​ជា​ ការ​អនុវត្ត​ច្បាប់​សុទ្ធសាធ ​ប៉ុន្តែ​យើង​អាច​វិល​ត្រឡប់​មក​និយាយ​ពី​រឿង​ហ្នឹង​វិញ ​នៅ​ពេល​ក្រោយ​ក៏​បាន​ដែរ ​ប៉ុន្តែ ខ្ញុំ​គ្រាន់​តែ​សូម​ជម្រាប​ថា ​នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ដែល​អាច​ប៉ះពាល់​ដល់​សន្តិភាព​ សន្តិសុខ​ សណ្តាប់ធ្នាប់​ ស្ថិរភាព​របស់​កម្ពុជា​ទាំង​មូល​ ពីព្រោះ​វា​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ក្បត់ ​ជា​ការ​ស៊ុមគ្រលុំ​ជាមួយ​នឹង​មហាអំណាច​បរទេស​មួយ ​ដើម្បី​ផ្តួល​រំលំ​របប​ស្រប​ច្បាប់ ​ព្រោះ​របប​ស្រប​ច្បាប់​គឺ​ជា​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត។

​អញ្ចឹង​ អំពើ​ណា​ដែល​ផ្តួល​រំលំ​របប​ស្រប​ច្បាប់​កើត​ឡើង​ពី​ការ​បោះ ឆ្នោត​គឺ​ជា​ អំពើ​ខុស​ច្បាប់​ហើយ។ ​ជាង​ហ្នឹង​ទៅ​ទៀត​ ដោយសារ​មាន​ការ​ស៊ុមគ្រលុំ​ជាមួយ​នឹង​មហាអំណាច​បរទេស ​ដើម្បី​ផ្តួល​រំលំ​របប​ហ្នឹង​ទៀត​ ហើយ​ទាញ​វេញ​ត្រឡប់​កម្ពុជា​ឲ្យ​ទៅ​ដល់​ដំណើរការ​នៃ​ការ​ចលាចល​ ឬ​ក៏​ចូល​សង្គ្រាម​ស៊ីវិល​ឡើង​វិញ​ អា​ហ្នឹង​គឺ​ថា ជា​អំពើ​ក្បត់​ជាតិ​ធ្ងន់ធ្ងរ​ជា​ទីបំផុត​ ដែល​យើង​បាន​សម្រេច​ថា ​ត្រូវ​តែ​ចាប់​ខ្លួន​ ដោយសារ​ផ្នែក​ទៅ​លើ​ច្បាប់។​ ឧទាហរណ៍​មាត្រាទី៨០​ នៃ​រដ្ឋធម្មនុញ្ញ​ មាត្រា​ទី៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ ​និង​មាត្រា​ទី១២​នៃ​ច្បាប់​ស្តី​ពី​តំណាងរាស្ត្រ។ ​នេះ​គឺ​ថា​ ការ​អនុវត្ត​តាម​ច្បាប់។

រូបផែនទីកម្ពុជា បង្ហាញពីចំនួនហ្រ្វេកង់ FM ទាំង៣២ នៅក្នុង ខេត្តទាំង២០ ដែលត្រូវបានបិទផ្សាយការផ្សាយបន្តពី VOA វិទ្យុ RFA និង VOD។ (រូបថតដោយលីកាដូ)
រូបផែនទីកម្ពុជា បង្ហាញពីចំនួនហ្រ្វេកង់ FM ទាំង៣២ នៅក្នុង ខេត្តទាំង២០ ដែលត្រូវបានបិទផ្សាយការផ្សាយបន្តពី VOA វិទ្យុ RFA និង VOD។ (រូបថតដោយលីកាដូ)

លោកសុខ ខេមរា៖ លោក​ទេសរដ្ឋមន្ត្រី ​នៅ​ពេល​ដែល​មាន​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា​ ក្រោយ​ពេល​នោះ​ភ្លាមៗ​ មាន​ប្រតិកម្ម​ច្រើន​ពី​សហរដ្ឋ​អាមេរិក​ក្តី ពី​សហគមន៍​សហភាព​អឺរ៉ុប​ក្តី ពី​ប្រទេស​ផ្សេងៗ​ទៀត​ក្តី ​ហាក់​ដូចជា​ផ្តល់​យុត្តិធម៌​ទៅ​ដល់​លោក​ កឹម សុខា​ទៅ​វិញ​ ហើយ​នៅ​ខាង​ក្នុង​ប្រទេស​ ហាក់​ដូច​ជាមុននឹង​ការ​បោះឆ្នោត​ឆ្នាំ២០០៨​បន្តិច ​ការ​រិះគន់​ខ្លះ​ទៅ​លើ​គណបក្ស​គ្រប់គ្រង​ប្រទេស​ថា ធ្វើ​យ៉ាង​ដូច្នេះ​ដើម្បី​រឹតត្បិត​ មិន​ចង់​ឲ្យ​មាន​ការ​ចូលរួម​ចំណែក​ដោយ​ភាព​ស្មើ​គ្នា​ទៅ​នឹង​ការ​បោះ ឆ្នោត​ឆ្នាំ​២០១៨​ តើ​រឿង​នេះ​ទទួល​យក​បាន​ប៉ុណ្ណា?

លោកប្រាក់ សុខុន៖ លោក ខេមរា​ លើក​ឡើង​ថា​ មាន​ការ​ផ្តល់​យុត្តិធម៌​ទៅ​ដល់​លោក​ កឹម សុខា​ ពី​សំណាក់​ប្រទេស​មួយ​ចំនួន។​ អ្នក​ណា​ដែល​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​លោក​ កឹម សុខា ​បាន​មាន​តែ​តុលាការ​ទេ។​ មិន​អញ្ចឹង?​ អញ្ចឹង​ លោក​ កឹម សុខា ​បាន​ប្រព្រឹត្ត​អំពើ​ខុស ​ហើយ​មិន​មាន​នរណា​ទៅ​ចោទប្រកាន់​ដោយ​ទទេៗ​ទេ។ ​លោក​ កឹម សុខា ​បាន​សារភាព​ខ្លួន​ឯង​នូវ​អំពើ​របស់​ខ្លួន ​នៅ​ក្នុង​វីដេអូ​ដែល​គេ​មើល​បាន​គ្រប់​គ្នា។​ តាម​ការ​ពិត​ វីដេអូ​ហ្នឹង​ថត​នៅ​ឆ្នាំ​២០១៣​ មែន​ពិត​ ប៉ុន្តែ​យើង​ទើប​តែ​បែក​ធ្លាយ​នៅ​ពេល​ថ្ងៃទី២​ ខែ​កញ្ញា​ ឆ្នាំ២០១៧​នេះ។ ​បែកធ្លាយ​នៅ​ពេល​ល្ងាច​ហ្នឹង​តែ​ម្តង​ ចាប់​ពី​ម៉ោង​ប្រហែល​ជា​ម៉ោង​ជិត​៦ល្ងាច​ហ្នឹង ​ចាប់​ផ្តើម​បែកធ្លាយ​ ផ្សព្វផ្សាយ​ពេញ​តែ​បណ្តាញ​សង្គម​នៅ​ស្រុក​ខ្មែរ​របស់​យើង។​

អញ្ចឹង​រដ្ឋាភិបាល​យើង​ក៏​ចាប់​ចំណុច​នេះ​បាន។ ​មាន​ការ​ប្រជុំ​ធំ​ណាស់។​ ថ្នាក់​ដឹកនាំ​ប្រទេស​ជាតិ​សឹង​ទាំង​មូល​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា។​ មិន​មែន​ជា​ការ​សម្រេច​ធ្វើ​ការ​ចាប់​ខ្លួន​ដោយ​អត្តនោម័តិ​ពី​បុគ្គល​ណា​មួយ​នោះ​ទេ។​ មាន​ការ​ប្រជុំ​គ្នា មាន​ការ​កោះ​ហៅ​អ្នក​ច្បាប់​កំពូលៗ​របស់​ប្រទេស​មក​ ដើម្បី​ពិភាក្សា​គ្នា ហើយ​រក​ឃើញ​ថា​ មាន​ទោស​កំហុស​អញ្ចឹង​មែន។​ ប៉ុន្តែ​ប្រតិកម្ម​ពី​ខាង​ក្រៅ​មើល​ទៅ​ថា​ ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​ វា​ជា​អំពើ​មួយ​ដែល​អាច​ជា​ការ​រឹតត្បិត​ការ​ចូលរួម​របស់​គណបក្ស​ប្រឆាំង​ពី​សំណាក់​រដ្ឋាភិបាល។​ អា​ហ្នឹង​ក៏​អាច។ ​

គាត់​ថា​ អញ្ចឹង ​ប៉ុន្តែ​ដោយ​សារ​តែ​ហេតុ​ហ្នឹង​ហើយ ​ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ហ្នឹង​ហើយ​ បាន​ជា​ព្រឹក​ថ្ងៃទី៣ ​ខែ​កញ្ញា​ហ្នឹង ​ដែល​ជា​ថ្ងៃ​អាទិត្យ​ខ្ញុំ​បាន​កោះហៅអង្គទូត​ទាំង​អស់​ នៅ​វេលា​ម៉ោង ​១០​ព្រឹក ឲ្យ​មក​ប្រជុំ ​និង​បើក​ផ្សព្វផ្សាយ​រៀបរាប់​អំពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​របស់​លោក ​កឹម សុខា នេះ។​ អង្គទូត​គាត់​បាន​ទទួល​ហើយ។ ​ក្រោយ​មក​គាត់​បាន​មាន​ប្រតិកម្ម​ ប៉ុន្តែ​ប្រតិកម្ម​ហ្នឹង​ វា​មាន​ជា​ហូរហែ​អញ្ចឹង​ហើយ។ ​អញ្ចឹង​ហើយ ​បាន​ខ្ញុំ​ថា ឲ្យ​មើល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ​កុំ​ឲ្យ​មើល​តែ​ម្ខាង។​ ពីព្រោះ​យើង​ធ្វើ​នេះ​ ធ្វើ​ស្រប​ទៅ​តាម​ច្បាប់។ ​

ឧទាហរណ៍​ ប្រទេស​ទាំង​អស់​ដែល​បាន​ជួយ​កម្ពុជា​ ហ្នឹង​យើង​អរគុណ​ហើយ ​ខ្ញុំ​ក៏​មិន​ភ្លេច​អរគុណ​ពួកគាត់​ទេ។​ អរគុណ​ចំពោះ​ជំនួយ​អភិវឌ្ឍ​ប្រទេស អរគុណ​ចំពោះ​សហប្រតិបត្តិការ ​អរគុណ​ចំពោះ​ដំណើរការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​កម្ពុជា​យើង​បាន​រីកចម្រើន​ដល់​សព្វ​ថ្ងៃ​នេះ ​ប៉ុន្តែ​ខ្ញុំ​បាន​ជម្រាប​ជូន​គាត់​ថា​ ម្ខាង​គាត់​មក​បង្រៀន​យើង​ឲ្យ​អនុវត្ត​ច្បាប់​ ដូច​ជា​ EU គាត់​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ បន្ទាប់​ពី​ការ​បោះឆ្នោត​ថ្នាក់​ឃុំ​ទៅ​ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ទៅ​ឆ្នាំ​ក្រោយ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ហ្នឹង​ទៅ​ទៀត។​

វា​ល្អ​ហើយ​ គាត់​ចង់​បាន​ល្អ​ជាង​ហ្នឹង​ទៅ​ទៀត។ ​អញ្ចឹង ​គាត់​ផ្តល់​អនុសាសន៍។​ អនុសាសន៍​ខ្លះយើង​មើល​ទៅ​ថា វា​សម​ហេតុផល ​អនុសាសន៍​ខ្លះ​វា​មិន​សម​ហេតុផល ​យើង​ធ្វើ​ការ​ឆ្លើយតប​ជាមួយ​នឹង​គាត់។ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់។​ សំខាន់​ត្រង់​ថា ​គាត់​ខំ​ប្រឹង​ប្រាប់​យើង ​ឲ្យ​ដំបូន្មាន​មក​យើង​ ឲ្យ​អនុសាសន៍​មក​យើង​ដើម្បី​ឲ្យ​ដំណើរការ​ការ​បោះឆ្នោត​ប្រកប​ទៅ​ដោយ​ភាព​ត្រឹមត្រូវ ​ភាព​យុត្តិធម៌​ និង​ជឿ​ទុក​ចិត្ត​បាន។ ​ប៉ុន្តែ​ហេតុអ្វី​បាន​ទៅ​គាំទ្រ​មនុស្ស​ដែល​មាន​គំនិត​ធ្វើ​បដិវត្តន៍​ពណ៌ ​ហើយ​ដែល​បដិវត្តន៍​ពណ៌​នេះ​គឺ​ជា ​ការ​ផ្លាស់​ប្តូរ​របប​ក្រៅ​ប្រព័ន្ធ​នៃ​ការ​បោះ​ឆ្នោត​ទៅ​វិញ។​ អញ្ចឹង​ពីរ​រឿង​ហ្នឹង វា​អត់​ស៊ី​គ្នា អត់​ត្រូវ​គ្នា។ ជំហរ​ហ្នឹង​វា​អត់​ត្រូវ​គ្នា។

​មាន​ជំហរ​មួយ​ជា​ជំហរ​ផ្លូវ​ការ​ មាន​ជំហរ​មួយ​ជា​ជំហរ​លាក់លៀម។ អញ្ចឹង​ហើយ​ បាន​ខ្ញុំ​សុំ​ស្នើ​ថា​ យើង​គោរព​គ្នា​ទៅវិញ​ទៅមក។​ ខ្ញុំ​គោរព​អ្នក អ្នក​គោរព​ខ្ញុំ។ ​គោរព​ខ្ញុំ​ហ្នឹង​ មិន​មែន​គោរព​បុគ្គល​ខ្ញុំ​ទេ។ គោរព​កម្ពុជា​ គោរព​អធិបតេយ្យភាព​របស់​កម្ពុជា​ គោរព​ឯករាជ្យភាព​របស់​កម្ពុជា​ កុំ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។ ​អញ្ចឹង​រឿង​នេះ​គឺ មើល​មក​ពី ក្រៅ​មក វា​ឃើញ​អញ្ចឹង​មែន។​ ប៉ុន្តែ​បើ​សិន​ជា​យើង​យក​រឿង​ហ្នឹង​មក​ពិនិត្យ​ពិចារណា​តាម​ច្បាប់​ទម្លាប់​មក​ បាន​យើង​ឃើញ​ថា​ រឿង​នេះ​គឺ ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ​ហើយ​ដែល​ចូល​ទៅ​ក្នុង​រឿង​ក្បត់​ជាតិ។ ​

រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ (រូបផ្តល់ឲ្យ)
រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ (រូបផ្តល់ឲ្យ)

លោក​ កឹម សុខា ខ្ញុំ​សូម​ជម្រាប ​អត់​មាន​អ្នក​ណា​ទៅ​ប្រាប់​គាត់​ឲ្យ​គាត់​មាន​ប្រសាសន៍​អញ្ចឹង​ទេ។​ មាន​អ្នក​ណា​ទៅ​បញ្ចេះ​គាត់​ឲ្យ​និយាយ​អញ្ចឹង? ​គាត់​ទេ​លើក​បញ្ហា​ហ្នឹង​ដោយ​ខ្លួន​ឯង​ ហើយ​គាត់​ប្រាប់​គេ​ឯង​ទៀត​ថា ​គ្មាន​អ្នក​ណា​ដឹង​រឿង​ហ្នឹង​ទេ ​ហើយ​គាត់​ថែម​ទាំង​លើក​ឡើង​ទៀត​ថា ខ្ញុំ​មិន​មែន​ធ្វើ​អ្វីៗ​តាម​ចិត្ត​ខ្ញុំ​ទេ ខ្ញុំ​មាន​អ្នក​ជំនាញការ​ ទីប្រឹក្សា ​អ្នក​ដែល​ជំនាញ​ពី​សាកល​វិទ្យាល័យ​នានា ​អាមេរិកាំង​ក៏​មាន​ កាណាដា​ក៏​មាន ដែល​អាមេរិកាំង​គាត់​ជួល​ឲ្យ​មក​ប្រាប់​ថា គាត់​ត្រូវ​ធ្វើ​អ្វី​ខ្លះ ធ្វើ​អ្វី​ខ្លះ។​

គេ​ប្រាប់​គាត់​ឲ្យ​ធ្វើ​អី គាត់​ថា គាត់​ធ្វើ​ហ្នឹង។​ គេ​ប្រាប់​គាត់​ឲ្យ​គាត់​ដក​ខ្លួន​ចេញ​ពី​នយោបាយ​ គាត់​ដក​ខ្លួន​ចេញ​ពី​នយោបាយ។​ គេ​ប្រាប់​គាត់​ឲ្យ​ចូល​ក្នុង​នយោបាយ​វិញ គាត់​ចូល​ក្នុង​នយោ​បាយ​វិញ។ ​អញ្ចឹង​មាន​ន័យ​ថា​ម៉េច? ​មាន​ន័យ​ថា ​គាត់​ជា​ឧបករណ៍​សុទ្ធសាធ​នៃ​មហា​អំណាច​មួយ ​ដែល​មាន​បំណង​ធ្វើ​ការ​ផ្លាស់​ប្តូរ​របប ​Regime Change​នេះ ​ទៅ​តាម​ប្រព័ន្ធ​មួយ​ដែល​មិន​មែន​ជា​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​យើង​ស្គាល់​គ្រប់​គ្នា។

លោកសុខ ខេមរា៖ លោក​ទេសរដ្ឋមន្ត្រី​ នៅ​ពេល​នេះតើ​មាន​ការ​ជជែក​ជាមួយ​នឹង​សហរដ្ឋអាមេរិក​យ៉ាង​ណា​ អំពី​រឿង​លោក ​កឹម សុខា ​ហ្នឹង? ​តើ​អាច​នឹង​មាន​ការ​ប្តឹង​ផ្តល់​ទៅ​តុលាការ​អន្តរជាតិ​ ឬ​ក៏​ទៅ​ខាង​ណា​ទេ? ​ឃើញ​លោក​ទេសរដ្ឋមន្ត្រី​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ខ្លះ ​ប៉ុន្តែ​វា​ហាក់​ដូច​ជា​មិន​ចំ។​ តើ​ទៅ​មុខ​វា​នឹង​ទៅ​ជា​យ៉ាង​ណា? ​មានន័យ​ថាបើ​សិន​ជា​សហ​រដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ​លោក​ កឹម សុខា ​អញ្ចឹង​តើអាច​នឹង​មាន​ការ​ប្តឹង​ផ្តល់​សហរដ្ឋ​អាមេរិក​ ឬ​ក៏ប្រទេស​ណាមួយ​យ៉ាងណាទៅ​បាទ?

លោកប្រាក់ សុខុន៖ ជា​ផ្លូវ​ការ​យើង​អត់​ដែល​ចោទ​ប្រកាន់​ថា អាមេរិក​នៅ​ពី​ក្រោយ ឬ​ក៏​អាមេរិក​មាន​បំណង​ ធ្វើ​អី​ៗនេះ​ហ្នឹង​ទេ​ គឺ​យើង​ផ្អែក​លើ​ពាក្យ​សម្តី​របស់​លោក ​កឹម សុខា ទាំង​អស់ ​ដើម្បីដាក់​ទោស​ទណ្ឌ​លោក​ កឹម សុខា ​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់​ជា​ធរមាន​របស់​កម្ពុជា​ និង​សំខាន់​បំផុត​ ដើម្បី​ការពារ​អធិបតេយ្យ​ ឯករាជ្យ​ភាព​របស់​កម្ពុជា ​និង​ការពារ​សន្តិភាព​ ដែល​យើង​ពិបាក​កសាង ​ទម្រាំ​មក​ដល់​ពេល​នេះ​ ពិបាក​ណាស់​ ទម្រាំ​សម្រេច​បាន​សន្តិភាព ​ស្ថិរភាព ​និង​ការ​អភិវឌ្ឍ។ ដូច​លោក ខេមរា​ ដឹង​ហើយ ​ក្នុង​រយៈ​ពេល​២០​ប្លាយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជា​មធ្យម ​យើង​អភិវឌ្ឍបាន​៧,៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ។​

ប្រទេស​តិច​ណាស់​ដែល​បាន​ស្គាល់​នូវ​ការ​អភិវឌ្ឍ​របៀប​នេះ។ អញ្ចឹង​រឿង​ការ​ប្តឹង​ផ្តល់​អី ​យើង​អត់​និយាយ​គ្នា​ទេ។​ ប៉ុន្តែ​ស្អី​ដែល​យើង​និយាយ​គ្នា គឺ​ការ​ពន្យល់​គ្នា​ទៅ​វិញ​ទៅ​មក ​ពីព្រោះ​សភាព​ការណ៍​ចុង​ក្រោយ ​ជាមួយ​អាមេរិក ​ហាក់​ដូច​ជា​តានតឹង​ មិន​អញ្ចឹង។​ វា​មាន​ការ​តាន​តឹង​ ហើយ​មាន​ការ​ដាក់​វិធានការ​តឹងរ៉ឹង​ទៅ វិធានការ​តឹង​រ៉ឹងមក។​

បើ​សិន​ជា​អនុញ្ញាត​ ខ្ញុំ​សូម​ជម្រាប​អំពី​ទំនាក់​ទំនង​ជាមួយ​អាមេរិក​ហ្នឹង​តិច។​ មុន​នេះ ​រហូត​មក​ដល់​ខែ​៥ ​ឆ្នាំ​នេះ ​យើង​មើល​ទៅ​ទំនាក់រវាង​កម្ពុជា និង​សហ​អាមេរិក​ ស្ថិត​នៅ​ក្នុង​ផ្លូវ​ដ៏​ល្អ​ប្រសើរ​មួយ។​ យើង​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ហ្នឹង​ល្អ​ណាស់​ ផ្នែក​សេដ្ឋកិច្ច​ ផ្នែក​ពាណិជ្ជកម្ម។​ ការ​ផា្លស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ មាន​ទំហំ​ទៅ​ដល់​ ៣.២០០លានដុល្លារ​អាមេរិក​នុះ។​ ក្នុង​នោះ​ យើង​នាំ​ចូល​មក​អាមេរិក​ ច្រើន​ណាស់​ គឺនាំ​ចូល​មក​អាមេរិក​ គឺ​២.៨០០លាន។​

នៅ​ពេល អាមេរិក​ គាត់នាំទៅស្រុក​ខ្មែរ​យើង ​ តែ​៤០០លាន​តែ​ប៉ុណ្ណោះ​ទេ។​ អញ្ចឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អ​ ទំនាក់​ទំនងកិច្ច​សហប្រតិបត្តិ​ការ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​ ជួញ​ដូរ​មនុស្ស​ ក្នុង​នេះ​ជួញដូរ​មនុស្ស​ តាម​របាយការណ៍​របស់​អាមេរិក​ ទាក់ទង​នឹង​ការ​ជួញដូរ​មនុស្ស​ យើង​ក៏បាន​កើន​កម្រិត​ពី Tier Two Watch List ​តាមដាន ​មកជាTier Two ​ទទេ ​អញ្ចឹង​អត់​មាន​ការ​តាមដាន​អី​ទៀត​ទេ។ ​កម្រិត​នេះ​បាន​ល្អ។​ នៅ​ពេល​ប្រទេស​ថៃ ​ប្រទេស​អី ​នៅ​ក្នុង​កម្រិត​អាក្រក់​ជាង​យើង។​

សហ​ប្រតិបត្តិការ​ខាង​ការ​បោស​សម្អាត​មីន​ សហ​ប្រតិបត្តិការ​ខាង​ផ្នែករក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ​ក៏​យើង​មាន​ការ​ជួយបង្វឹក​ ហ្វឹក​ហាត់​ពី​សហរដ្ឋ​អាមេរិក​ ដើម្បី​បំពាក់​បំប៉ន​សមត្ថភាព​របស់​កង​កម្លាំង​រក្សា​សន្តិភាព​របស់យើង ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។​ ហើយ​នឹង​សហប្រតិបត្តិការ​ខាង​ផ្នែក​អភិវឌ្ឍន៍ ​ទំនាក់ទំនង​រវាង​មនុស្ស ​នឹង​មនុស្សប្រជាជន​ នឹង​ប្រជាជន​ តាម​រយៈ ​Peace Corps Volunteersនេះ ​គឺថា​ជា​ការ​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ហ្នឹង​ល្អ។ ខ្ញុំ​បាន​ជួប​ពិភាក្សា​ ជជែក​ការងារ​ រក​វិធី​ដើម្បីឲ្យ​ទំនាក់​ទំនង​ទ្វេ​ភាគី​យើងនេះ​ កាន់​តែ​ប្រសើរ​ថែម​ទៀត ​ជាមួយនឹង​លោក​ Daniel Russel ​ដែល​កាល​ពីមុន​ គាត់​ជា​ឧបការី​រង​របស់​រដ្ឋមន្រ្តី​ការ​បរទេស​ក្រសួង​សហរដ្ឋអាមេរិក​ បន្ទាប់​មក​ខ្ញុំ​បាន​ជួប​ជាមួយ​នឹង​ លោក​ Patrick Murphy ​ដែល​ជា​ឧប​ការី​រដ្ឋមន្រ្តី​ការ​បរទេស ​លោក Thomas Shannon ​ឧបការី​រដ្ឋមន្រ្តី​ការបរទេស។​

ហើយ​ចុង​ក្រោយ​នេះ​ ពី​ម្សិលមិញ ​ខ្ញុំ​ជួប​ជាមួយ​លោក ​ជំទាវ Susan Thornton​ ដែល​ជា​ឧបការី​រង​រដ្ឋមន្រ្តី​ការបរទេស​ ប៉ុន្តែ​គាត់​ជា​ស្តីទី​ទេ​ យើង​ដឹង​ថា​អាមេរិក ​គាត់​បាន​តែង​តាំង​មនុស្ស​ជាច្រើន​នៅ​ក្នុង​លក្ខណៈ​ជា​ស្តីទី​នៅ​ឡើយ​ គាត់​មិន​ទាន់​សម្រេច​ថា​ តែង​តាំង​អ្នក​អស់​នោះ​ជា​ផ្លូវការ​ទេ។ ​ប៉ុន្តែ​អ្នក​អស់​នោះ​ធ្វើ​ការ​ពេញលេញ​ជា​ផ្លូវ​ការ​ជាមួយ​នឹង​យើង។​ អញ្ចឹង​យើង​បាន​ជជែក​គ្នា ​ដើម្បី​រក​វិធី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​សភាព​ការណ៍​ហ្នឹង វា​បាន​ល្អ​ប្រសើរ​មក​វិញ។​ មូលហេតុ​អី? ​

មូលហេតុ​កន្លងទៅ​ វា​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​៣​ករណីដែល​ខ្ញុំលើក​ឡើង​ សុទ្ធ​តែ​ទាក់​ទង​ជាមួយ​នឹង​អាមេរិក​ទាំងអស់។ ​Cambodia Daily ​ពីព្រោះជាកាសែត​របស់​អាមេរិក​ NDI ជា​ស្ថាប័ននៃគណបក្ស​នយោបាយ​ ប្រជាធិបតេយ្យ​របស់​អាមេរិក​ ហើយ​នឹង​ការ​ចាប់​លោក​ កឹម សុខា ​ដែល​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​នឹង​ការ​សេពគប់​រឿង​មួយ​ចំនួន ​ជាមួយ​នឹង​អាមេរិក​។ ប៉ុន្តែ​ដរាបណា​ តុលាការ​មិន​ទាន់​កាត់​សេចក្តី ​យើង​អត់​ទាន់អាចដឹង ​សន្និដ្ឋាន​បាន​នេះ​ទេ។ ​

យើង​អត់​ទាន់​អាច​ថា យើង​ធ្វើ​ការ​ចោទប្រកាន់​ ឬ​ក៏យ៉ាង​ម៉េច​នោះបាន​ទេ​ អញ្ចឹង​ខ្ញុំ​សូម​ទុក​លទ្ធភាព​នេះ ទុក​សមត្ថកិច្ច​នេះជូន​ទៅខាង​តុលាការ។​ ប៉ុន្តែ​ដោយ​សារ​រឿង​មួយ​ទៀត​ គឺរឿងការ​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ ឲ្យ​ទៅ​ ដោយបង្ខំ​ឲ្យ​ទៅស្រុក​ខ្មែរ​វិញ។​ អានេះ​គេ​ហៅ​ថា Repatriation ​Program (កម្មវិធីធ្វើ​មាតុភូមិ​និវត្តន៍) ​ប៉ុន្តែ​ការ​ពិត​ វា​ជា ​Deportation​ (ការ​បណ្តេញ​ចេញ)ទេ។​ ជា​ការ​ការ​បញ្ជូន​មនុស្ស ​បណ្តេញ​មនុស្ស​ពី​ស្រុក​អាមេរិក​ហ្នឹង​ទៅ​កាន់កម្ពុជា។​ កាល​ពី​ឆ្នាំ​២០០២ ​កម្ពុជា​ និង​អាមេរិក​បាន​ចុះ​MOU ​ជាមួយ​គ្នា ជា​អនុស្សរណៈ​នៃ​ការ​យោគ​យល់​ជាមួយ​គ្នា ​ទាក់​ទង​នឹង​ការ​ទទួល​យក​ពលរដ្ឋ​ខ្មែរ​យើង ដែល​ចប់​ទោស​ទណ្ឌ​នៅ​ស្រុក​អាមេរិក​ ហើយ​ដែល​អាមេរិក​បញ្ជូន​ទៅ​ឲ្យ​នៅ​ស្រុក​ខ្មែរ​វិញ។​ យើង​បាន​ទទួល ​តាំង​ពីហ្នឹង​មក​ ជាង​៥០០នាក់ ​តាំង​ពី​ឆ្នាំ​២០០២ ​រហូត​មក​ដល់​២០១៧​នេះ។​

ហើយ​លុះ​ឆ្នាំ​មុន​ហ្នឹង ដោយ​សារតែ​ឆ្លើយ​តប​ទៅនឹង​សំណូម​ពរ​ជាច្រើន ដ៏​ទទូច​របស់​សហគមន៍​ខ្មែរ​យើងនៅ​អាមេរិក ​ហើយ​ក៏ដូច​ជា​សំណូរពរ​របស់ Congressmen ​អ្នក​តំណាង​រាស្រ្តរបស់​អាមេរិក​ផ្ទាល់​មួយ​ចំនួនផង​នោះ​ គឺ​យើង​បាន​ធ្វើ​ការ​ពិចារណា​ឡើង​វិញ ​ហើយស្នើ​សុំ​ទៅ​អាមេរិកថា​គួរ​តែ ​យើង​ធ្វើ​វិសោធនកម្ម ​MOU ​នេះ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទិដ្ឋភាព​មនុស្ស​ធម៌ ​និង​មេត្តា​ធម៌ ​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​បញ្ជូន​មក​នេះ។ ​ពីព្រោះ​អី?

​ពីព្រោះ​ទីមួយ​ គ្នា​ចប់​ទោស​ទណ្ឌ​ហើយ​ ធម្មតា​នៅ​ស្រុក​នេះ​ បើ​ចប់​ទោសទណ្ឌ​ហើយ ​ចេញ​ពី​ពន្ធនាគារ ​ជា​មនុស្ស​មាន​សេរីភាព​ពេញ​លេញ​ឡើងវិញ​ហើយ។​ ប៉ុន្តែ​ចប់​ទោសទណ្ឌ​ហើយ​ បណ្តេញ​ចេញ​ពី​អាមេរិក​ ឲ្យ​ទៅ​នៅ​ស្រុក​ខ្មែរ​ ដែល​ភាគច្រើន​មិន​ដែល​ស្គាល់​ទេ​ ភាគ​ច្រើន ​អត់​ដែល​ស្គាល់​ទេ។ ​ទីពីរ​ជា​ការ​បំបែក​បំបាក់​ក្រុម​គ្រួសារ​ជាអចិន្រ្តៃយ៍​តែ​ម្តង ​(Permanent ​Family ​Separation)​ ហើយ​នេះគឺ​ជា ​បញ្ហា​ដ៏ធ្ងន់ធ្ងរ​បំផុត​ ព្រោះ​ អ្នក​អស់​នោះ​ មាន​កូន​ មាន​ប្រពន្ធ ​មាន​ប្តី ​មាន​ឪពុក ​មាន​ម្តាយ​ អី​ចឹង​ទៅ។​ ដល់​ពេល​ត្រូវ​គេ​បញ្ជូន​មក​នៅ​ស្រុក​ខ្មែរ​វិញ​ ដាច់​ខ្សែ​រយៈ​ជាមួយ​នឹង​ក្រុម​គ្រួសារ​ជា​អចិន្រ្តៃយ៍។

រូបឯកសារ៖ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាននៅក្នុង​សន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាននៅក្នុង​សន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧។

លោក​សុខ ខេមរា៖ បាទ​សូម​អរគុណ​លោក​ទេសរដ្ឋមន្រ្តី​ ដែល​បាន​បង្ហាញ​អំពី​រឿង​នេះ។​ វិល​ទៅ​រក​រឿង​ការ​បោះឆ្នោត​ឆ្នាំ ​២០១៨វិញ​ នឹង​មាន​ការ​ពិភាក្សា​ នឹង​មាន​សំណួរ​ទាក់​ទង​នឹង​ការ​បញ្ជូន​ពលរដ្ឋខ្មែរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ នៅ​ពេល​ក្រោយ​ ប៉ុន្តែ​វិល​ទៅ​រក​លោក​ កឹម សុខា ​ដែល​ជា​មេដឹកនាំ​គណបក្ស​ជំទាស់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​តើ​លោក​ទេសរដ្ឋមន្រ្តី​អាច​បញ្ជាក់​ នៅ​ឆ្នាំ២០១៨នេះ ​គាត់​នឹងមិន​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​បាន​ទេ​ឬ​យ៉ាង​ណា​ ក៏​ដូច​ជា​លោក​ សម រង្ស៊ី​ដែរ?

លោក​ប្រាក់ សុខុន៖ សព្វ​ថ្ងៃ ​ក្នុង​ករណី​លោក​ កឹម សុខា ​នេះ ​គឺ​ថា​មាន​ការ​ចោទប្រកាន់​ហើយ។​ ខាង​ផ្នែក ​លោក​ កឹម សុខា​ មាន​មេធាវី​ចំនួន​៧នាក់ ​ដែល​កំពុង​តែធ្វើការ​ ជួយ​ករណី​របស់​លោក ។​ ហើយ​នៅ​ពេល​ខាង​មុខ​ នឹង​មាន​ករណី​កាត់ (សេចក្តី)នៅ​ថ្នាក់​ឧទ្ធរណ៍​បន្ត​បន្ទាប់​ទៀត។​ អា​ហ្នឹង​ ខ្ញុំ​មិន​ទាន់​ហ៊ាន​ថា ​ពីព្រោះ​កិច្ច​ការងារ​ហ្នឹង​ វា​នៅ​លើ​ខាង​ផ្នែក​តុលាការ​ទាំង​អស់។​ អញ្ចឹង​ទុក​ឲ្យ​តុលាការ​គេ​កាត់​សេចក្តី។​

ប្រសិន​បើ​គេ​រក​ឃើញ​ថា​ ទោស​ហ្នឹង​មិន​ត្រឹមត្រូវ​យ៉ាង​ម៉េច ​អាហ្នឹង​គាត់នឹង​រួចខ្លួន។​ តែ​បើ​សិន​បើ​ថា​ ការ​ចោទ​ប្រកាន់​ហ្នឹង ជា​ការ​ចោទ​ប្រកាន់​ ត្រឹម​ត្រូវ។​ អាហ្នឹង​គាត់​នឹង​ត្រូវ​ជាប់​តទៅ​ទៀត។​ បើ​គាត់​ត្រូវ​ជាប់​ត​ទៅ​ទៀត ​បើ​តាម​ខ្ញុំ​យល់ ​មាន​ជម្រើស​តែ​មួយ​ទេ​ សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ​ គឺ​ការឲ្យ​គាត់​លាលែង​ចេញ​ពី​ប្រធាន​គណបក្ស ​ហើយ​នឹង​ជ្រើស​រើស​ប្រធាន​គណបក្ស​ថ្មី ​ដើម្បី​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ហ្នឹង​ ឈាន​ឆ្ពោះ​ទៅ​កាន់​ការ​បោះ​ឆ្នោតនៅ​ពេល​ខាងមុខ​ ឆ្នាំ​២០១៨​ នៅ​ពេល​ខាង​មុខ​នេះ។​

លោកសុខ ខេមរា៖​ នៅ​ពេល​ដែល​លោក​ទេសរដ្ឋមន្រ្តី​អញ្ជើញ​មក​កាន់​អង្គការ​សហប្រជាជាតិ​ ឃើញ​មាន​បាតុកម្ម​ កាល​ពី​ម្សិល​មិញដូចថា ​តវ៉ា​ទៅដល់​ការ​ដោះលែង​លោក​ កឹម សុខា ឬ​ថា​ការ​ចោទប្រកាន់​ហ្នឹង​មិន​ត្រឹមត្រូវ។​ មាន​ការ​រិះគន់​រដ្ឋាភិបាល​ច្រើន​អំពី​រឿង​ហ្នឹង​ ស្រប​ពេល​ដែល​នៅ​ក្បែរ​គ្នា​ហ្នឹង ​ខាង​ប្រទេស​ភូមា​ ឃើញ​គេ​បាតុកម្ម​ដែរ​ ប៉ុន្តែ​បាតុកម្ម​ទៅ​គាំទ្រ​មេ​ដឹកនាំ​ថា​ គេ​នឹង​ឈរ​ជាមួយ​មេដឹកនាំ​ប្រទេ​ស​ភូមា​ទៅ​វិញ។​ តើ​លោក​មាន​អត្ថាធិប្បាយ​យ៉ាងម៉េច​ទៅ​ចំពោះ​បាតុកម្ម​របស់​ពលរដ្ឋ​កម្ពុជា?

លោកប្រាក់ សុខុន៖ រឿង​ពីរ វាខុសគ្នា យើង​មិន​អាច​យក​មក​ប្រៀបធៀប​គ្នា​ទេ។ រឿង​ភូមា ជា​រឿង​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​ជម្លោះ​ជនជាតិ ​នៅ​ផ្ទៃ​ក្នុង​របស់ប្រទេស​ភូមា។​ ហើយ​រឿង​យើង​នេះ​ វា​ជា​រឿង​ច្បាប់​ទម្លាប់​មួយ​ដោយឡែក។​ ខ្ញុំ​បាន​ពន្យល់​ជូន​លោក​ ខេមរា ​ហើយ​ថា​លក្ខណៈ​ច្បាប់​នោះ​យ៉ាង​ម៉េច។​ មាត្រា​អី​ខ្លះ?

​មាត្រា​ ៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ​ មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ ដែល​ពិត​មែន​តែ​ទទួល​ស្គាល់​អភ័យ​ឯកសិទ្ធិ​សមាជិក​សភាព​មែនពិត​ តែ​លើក​លែង​តែ​ក្នុង​ករណី​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង ហើយ​នេះ​គឺ​ថា ​ត្រូវ​ចាត់ទុក​ថា ជា​បទល្មើស​ជាក់​ស្តែង​ហើយ។​ ហើយ​បទល្មើស​ជាក់​ស្តែង​នេះ​ មិន​ថា​អភ័យ​ឯកសិទ្ធិ​សភា​ទេ មិន​ថា​ពេល​វេលា​ណា​ដែល​ត្រូវ​ចាប់​ខ្លួន​ទេ មិន​ថា​ទីកន្លែង​ណា​ទេ​ ពីព្រោះ​កន្លងទៅ​បាន​លើក​ឡើង​ថា ​ចាប់​នៅ​ក្នុង​ផ្ទះ ​ហើយ​ចាប់​ទាំង​កណ្តាល​អធ្រាត្រ​ទៀត។​

អត់​ទេ​ តែ​គេ​រក​ឃើញ​ថា ​មាន​បទល្មើស​ជាក់​ស្តែង ពេល​នោះគឺ​ មាន​នគរបាល​យុត្តិធម៌​ អម​ដោយ​ព្រះរាជអាជ្ញា​ បាន​ទៅកាន់​ផ្ទះ​លោក កឹម សុខា​ ហើយ​បាន​ចាប់​នាំ​ខ្លួន​លោក ​កឹម សុខា​ ទៅ​តែ​ម្តង។​ អានេះ​ផ្អែក​ទៅ​លើ​បទល្មើស​ជាក់​ស្តែង​ ​ផ្អែក​ទៅ​លើ​ច្បាប់​មាន​ជាធរមាន​នៅ​កម្ពុជា។​ អញ្ចឹង​យើង​ធ្វើ​តាមច្បាប់​ផង។​

ច្បាប់​នេះ​ គឺ​ដើម្បី​ឲ្យ​ការពារ ​ការ​អនុវត្ត​ ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជាផង ហើយ​យើង​ការពារ ​ដោយសារវា​ករណីធ្ងន់ធ្ងរ​ យើង​ការពារ ​ទីមួយ ​ការ​ពារ​អធិបតេយ្យភាព ​បូរណភាព​ទឹកដី ​ទាំង​ឯករាជ្យ​ភាព​ ប្រឆាំង​ទៅនឹង​ការ​ជ្រៀតជ្រែង​ពីខាង​ក្រៅ។ ហើយ​ខ្ញុំ​សូម​ជម្រាបណារឿង​អំពើក្បត់ជាតិ​នេះ​ ប្រទេស​ណា​ក៏​មាន​ដែរ។​ នៅ​អាមេរិក​ គឺគាត់​មាន​ច្បាប់​ស្តី​ពី​ចារកម្ម​ ច្បាប់​ស្តី​ពី​ឧក្រិដ្ឋកម្ម ​ហើយ​ក្នុង​នោះ​មាន​មាត្រា​ពាក់ព័ន្ធទៅនឹង​អំពើ​ក្បត់​ជាតិ​ ដែល​ច្បាប់​ទាំង​នេះ​ គឺ​អាមេរិក​ចែង​ច្បាស់​ណាស់​ គឺ​ការ​ពារ​ការ​ជ្រៀតជ្រែក​ពី​ប្រទេស​ក្រៅ ចូល​មក​ចូល​ក្នុង​ប្រទេស​របស់​អាមេរិក។​

ប្រទេស​អាមេរិក​ មហា​អំណាច​ប៉ុណ្ណា​ណី​ គេ​នៅ​មាន​ច្បាប់​ការពារ​ការ​ជ្រៀតជ្រែក​ពី​ខាង​ក្រៅ​ ចុះ​ទម្រាំ​យើង ​ប្រទេសតូចតាច ​បើ​យើង​អត់​មាន​ច្បាប់​ការពារ​ចឹងៗ ​តើ​ប្រទេស​យើងទៅជា​យ៉ាងណា? ​អញ្ចឹង​រឿង​ថា​តើ​លោក​ កឹម សុខា ​នឹង​ចូលរួម ​(ការ​បោះឆ្នោត)​ នៅ​ពេល​ខាង​មុខ​យ៉ាង​ម៉េច។ ​ខ្ញុំ​បាន​ឆ្លើយ​ហើយ​ រឿង​បាតុកម្ម​ ទាមទារ​ គឺ​ខ្ញុំឆ្លើយ​ហើយ។​ ហើយ​កុំ​យក​រឿង​កម្ពុជា​ប្រៀប​ធៀប​ជាមួយ​នឹង​រឿង​ភូមា ពីព្រោះរឿង​ភូមា ​ជា​រឿង​ដោយ​ឡែក​ មិន​ដូច​គ្នា​ទេ។​

លោកសុខ ខេមរា៖ នៅ​ពេល​មាន​បាតុកម្ម ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​សម្តែង​ការ​មិន​ពេញ​ចិត្ត​អញ្ចឹង​ មាន​ន័យ​ថា​ពួកគាត់​ពិបាក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា​ អាច​ថា​នឹង​មាន​ការ​ពាក់ព័ន្ធ​ជាមួយនឹង​លោក​កឹម សុខា​ ឬ​ក៏​ការ​សេព​គប់​ក្នុង​រឿង​ហ្នឹង ​តើ​ការ​ព្រួយ​បារម្ភ​នោះ​មាន​ការ​ធានា​យ៉ាង​ម៉េច​ ក្នុង​ការ​ដើរហើរ ​ឬ​ក៏​ចេញ​ចូល​ទៅ​ថ្ងៃ​ក្រោយ?

លោកប្រាក់ សុខុន៖ ទេ ​ការ​ធ្វើ​បាតុកម្ម​នៅ​ស្រុក​ក្រៅ​នេះ ​ជា​សិទ្ធិ​របស់គាត់​ទេ។​ ជា​ការ​សម្តែង​មតិ​ ហើយ​យើង​តែង​គោរព​នូវ​ការ​សម្តែង​មតិ។ ​គាត់​ពន្យល់​ពី​មតិ​របស់​គាត់ ការ​យល់​ឃើញ​របស់​គាត់​ គាត់​មិន​ពេញ​ចិត្ត​ចំពោះ​ចំណាត់​ការ​របស់​យើង​ យើង​បាន​ពន្យល់​ទៅ​វិញ។​ ដូច​ខ្ញុំ ​ការ​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា មក​ជួប​ជាមួយ​លោក ​ខេមរា​ ដើម្បី​ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ ​VOA នេះ​ គឺ​ដើម្បី​ពន្យល់​ ពន្យល់​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ អំពី​ហេតុផល​នៃ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ចំពោះ​លោក ​កឹម សុខា ក៏ដូច​ជា​បញ្ហា​ផ្សេងៗ​ទៀត ​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ក្នុង​ពេល​ថ្មីៗ​នេះ។​

លោកសុខ ខេមរា៖ លោក​ទេសរដ្ឋមន្រ្តី ​ប្រហែល​ជា​បានទទួល​ព័ត៌មាន​ច្បាស់ហើយ ​អំពី​ការ​លើក​ឡើង​របស់​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​ចំនួន​៨រូប​ នេះ​ជា​តំណាងរាស្រ្ត​មក​ពី​គណបក្ស​ទាំង​ពីរ​ ដែល​ធ្វើ​កិច្ច​ការ​ទាក់ទង​នឹង​រឿង​កម្ពុជា។​ ហើយ​ឭថា​មាន​ការរិះគន់​នៅ​ក្នុង​លិខិត​មួយ​ ឭថា​រិះគន់ទៅដល់រដ្ឋាភិបាល​អំពី​រឿង​ចាប់​ខ្លួន​លោក​ កឹម សុខា ​ព្រួយ​បារម្ភ​អំពី​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨។​ នៅ​ក្នុង​ហ្នឹង ​មាន​តំណាងរាស្រ្ត​មួយ​ចំនួន​ បាន​បង្ហាញ​ការ​ដែលចង់​ឲ្យ​មាន​ការ​ផ្អាក ​ឬ​ជំនួយ​ស្អី​ផ្សេងៗ​ទៅ​ដល់​ប្រទេស​កម្ពុជា។​ តើ​រឿង​នេះ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ណា​ ឬក៏​មាន​ការ​ពន្យល់​ទៅ​វិញ​យ៉ាង​ណា​ទៅ​បាទ?

លោកប្រាក់ សុខុន៖ រឿង​នេះ​ យើ​ងកំពុង​តែ​រៀបចំ​នូវការ​ឆ្លើយ​តប​ពី​សំណាក់​សភា​របស់​យើង​ សភា​របស់​កម្ពុជា​ ពីព្រោះ​តំណាងរាស្រ្ត​របស់​ខាង​អាមេរិក​ គាត់​ធ្វើ​មក​ អញ្ចឹង​យើង​ឆ្លើយ​តប​របស់​តំណាងរាស្រ្ត​របស់​កម្ពុជា​យើង​ ត្រឡប់​ទៅ​វិញ។ ហើយ​រដ្ឋាភិបាលយើង ក៏​ធ្លាប់​បាន​ធ្វើ​ការ​បកស្រាយ​បំភ្លឺ ​ឆ្លើយ​តប​ ទាំងខ្លួន​ខ្ញុំផ្ទាល់ ​ទាំង​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ សភា​ខ្លួន​ឯង​ផ្ទាល់​ ក៏​ធ្លាប់​បាន​ធ្វើ​ការ​ស្រាយ​បំភ្លឺ​ តុលាការ​ក៏បាន​ធ្វើ​ការ​ស្រាយ​បំភ្លឺ​ ក្រសួង​យុត្តិធម៌​ក៏បាន​ធ្វើ​ការ​ស្រាយ​បំភ្លឺ។​ ការ​ស្រាយ​បំភ្លឺ​ហ្នឹង​ជាច្រើន។​

អញ្ចឹង​ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​ពី​ដើម​ទី​មក​ថា​ សូម​ឲ្យ​មានការ​ពិចារណា​គ្រប់​ជ្រុង​ជ្រោយ​ទាក់ទង​ទៅ​នឹង​ករណី​ទាំង​នេះ។ អញ្ចឹង​អ្នក​ផ្សេង​មាន​មតិ​យោបល់​ ខ្ញុំ​ស្តាប់​ ប៉ុន្តែ​សូម​ឲ្យ​នៅ​ពេល​ដែល​ខាង​ភាគី​រដ្ឋាភិបាល​មាន​មតិ​យោបល់ ​បកស្រាយ​បំភ្លឺ ​សូម​ស្តាប់​ផង។​ បើ​សិន​ថា​ ខ្ទប់​តែ​ត្រចៀក ហើយ​ចាំ​តែ​ស្រែក​ ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​ដែរ​ទេ។​ អញ្ចឹងកន្លង​ទៅ​ យើង​បានធ្វើ​ការ​ពន្យល់​ បកស្រាយ​ហើយ​ ហើយ​យើង​នឹង​ខិតខំ​ធ្វើ​ការ​បកស្រាយ​ពន្យល់​ត​ទៅ​ទៀត។​ ហើយ​នឹង​មាន​ការ​ជួប​គ្នា​ជា​បន្ត​បន្ទាប់​ទៅ​ទៀត​ ព្រោះ​កន្លង​ទៅ​ បន្ទាប់​ពី​ខ្ញុំ​បាន​ធ្វើ​ការ​បកស្រាយ​ជូន​អង្គ​ទូតទាំង​មូល​ហើយ។​

ខ្ញុំ​ក៏​បាន​ជួប​ដោយឡែក​ទៀត​ ខ្ញុំ​ជួប​ជាមួយ​អង្គ​ទូត​ថ្ងៃទី​៣ ​ខែកញ្ញា ​ថ្ងៃ​១២ ​ខែកញ្ញា ​ខ្ញុំ​បាន​ជួប​ជាមួយ​ក្រុម​អង្គទូត ​យើង​ហៅ​ថា​អង្គទូត​លោក​ខាង​លិច​ ដែល​ក្នុង​នោះ​មាន​អាមេរិក​ មាន​កាណាដា​ ​មាន​ EU (សហភាព​អឺរ៉ុប)​ មាន​អង់គ្លេស ​មាន​បារាំង ​មាន​អូស្រ្តាលី ​មាន​ជប៉ុន​ជាដើម។ ​អញ្ចឹង​ខ្ញុំ​បានបកស្រាយ​ អញ្ចឹង​គាត់​ក៏​ទទួល​យក​ទៅ។ ​ហើយ​យើង​នឹង​ធ្វើ​ការ​បន្ត​បក​ស្រាយ​ទៀត។ ​ស្អី​ដែលខ្ញុំ​កត់សម្គាល់​ឃើញ​ថា​ កន្លងទៅ​ដែល​គាត់​មិន​បាន​យល់​ច្បាស់​ ឥឡូវ​នេះ​ គាត់​ចាប់ផ្តើម​យល់​ខ្លះ​ហើយ។​ អញ្ចឹង​វា​មាន​ការ​ចាំបាច់​នៅក្នុងការ​ជួប​គ្នា ​ជជែក​គ្នា ​បកស្រាយ​ជាមួយ​គ្នា ​បំភ្លឺ​ជាមួយ​គ្នា ​ដើម្បី​ឲ្យ​យល់​ពី​សភាព​ការណ៍​ទៅ​វិញ​ទៅ​មក។​

រូបឯកសារ៖ ទង់ជាតិសហភាពអឺរ៉ុប និងទង់ជាតិសហរដ្ឋអាមេរិក នៅក្រសួងការបរទេសអាល្លឺម៉ង់ កាលពីឆ្នាំ២០១១។
រូបឯកសារ៖ ទង់ជាតិសហភាពអឺរ៉ុប និងទង់ជាតិសហរដ្ឋអាមេរិក នៅក្រសួងការបរទេសអាល្លឺម៉ង់ កាលពីឆ្នាំ២០១១។

លោកសុខ ខេមរា៖ លោក​ទេសរដ្ឋមន្រ្តី​ នៅពេល​ដែល​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​នេះ ​នឹង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាងស្វិត​ស្វាញ​ ហើយ​ខាងសង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ក៏​មាន​បញ្ហា​ខ្លះ​ទាក់ទង​នឹងរឿង​ពន្ធដារអី។​ តើ​បញ្ហា​ហ្នឹង​អាច​នឹង​ប៉ះទង្គិច​ដល់កិច្ចការ​ងារ​ពួកគាត់​ក្នុង​ការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ទេ?​ ឬ​បញ្ហា​ហ្នឹង​អាច​ជះ​ឥទ្ធិពល​យ៉ាងណា​ ដូច​ការ​ដែលព្រួយ​បារម្ភ​អន្តរជាតិ​មួយ​ចំនួន​ដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កន្លងមក?​ ឬ​ក៏​មាន​ការ​ធានា​យ៉ាង​ម៉េច​ចំពោះ​សេរី​ភាព​សង្គម​ស៊ីវិល ​នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨។

លោកប្រាក់ សុខុន៖ សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​ សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការ​តាម​ដានព័ត៌មាន​អី​ផ្សេងៗ​ គឺ​ថា​នៅ​តែ​រក្សា​ធានា​ដដែល​ទេ។​ សូម​តែ​ម្យ៉ាង​ កុំ​ឲ្យ​ធ្វើ​ខុស​ច្បាប់។​ រឿង​អី​ យក​អា​រឿង​ពន្ធ​នេះ​យក​មក​ចោទ​ជា​បញ្ហា​វិញ។​ ខ្ញុំ​បាន​ជូន​ឧទាហរណ៍​ហើយ​ដូច​ Cambodia Daily។ ​នៅ​ពេល​ដែល​ភ្នំពេញ​ប៉ុស្តិ៍ ​និង ​Khmer Times ​គេ​បង់​ពន្ធ ​ហេតុ​អ្វី Cambodia Daily​មិន​បង់​ពន្ធ?​ អ្នក​ខ្លះ​ចោទ​ប្រកាន់​ថា ការ​បិទ​ដោយ​ប្រញាប់​ប្រញាល់នូវ​កាសែត​ឯករាជ្យ​មួយ។​

ទីមួយ​ ការ​បិទ​ដោយ​ប្រញិបប្រញាប់។​ ខ្ញុំ​សូម​ជម្រាប​ថា អត់​មាន​ការ​បិទ​ដោយ​ប្រញិបប្រញាប់​ទេ ​មាន​ការ​ជូន​ដំណឹង​ទៅកាសែត ​Cambodia Daily​ ថា ​អ្នក​ឯង​ជំពាក់​ប៉ុណ្ណេះៗ ​ហើយ​អាហ្នឹង​គិត​តែ​១០ឆ្នាំ​ផង​។ បើ​គិត​តាំង​ពីឆ្នាំ​ដែល​គាត់​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៩៣ ​វា ​២៣ឆ្នាំ ​២៤​ឆ្នាំ​ហ្នឹង ​រឹត​តែ​ច្រើន​ទៀត​ហើយ។ ​ប៉ុន្តែច្បាប់​ស្តី​ពី​ពន្ធដារ​ ឲ្យ​ធាក់​ថយមក​ត្រឹម​១០ឆ្នាំ​ ដើម្បី​ប្រមូល​ពន្ធ​មក​វិញ។ អញ្ចឹង​ការ​ប៉ាន់​ស្មាន​ពន្ធ​ហ្នឹង​ គឺ​ប៉ាន់​ស្មាន​នៅ​ក្នុ​ងកម្រិត​ទាប​បំផុត​ ដែល​ផ្អែក​ទៅលើ​អាជីវកម្ម ​ចំណូល​ចំណាយ​ស្អី​ផ្សេងៗ ​គឺ​មាន​ ៦លាន​៣សែន​ ១០ឆ្នាំ​នេះ។​ អញ្ចឹង​ហេតុ​អ្វី​គាត់​មិន​បង់​ អាហ្នឹង​រឿង​ទី​មួយ ​រឿង​ពន្ធ។

​ទីពីរ ​ពាក្យ​ថា​ ឯករាជ្យ​ តើ​ពាក្យ​ឯករាជ្យ​ យក​ទៅ​ដូរ​នឹង​សិទ្ធិ​មិន​បង់​ពន្ធ​បានទេ។​ គ្មាន​នរណាអាច​អួតអាង​ខ្លួន​ឯងថា​ឯករាជ្យ​ យក​អា​ហ្នឹង​ទៅ​ដូរ​នឹង​ការ​មិនបង់​ពន្ធ​ទេ។​ ហើយ​ឯករាជ្យ​ភាព​ហ្នឹង​ មិន​មែន​មាន​ន័យ​ថា​ ឲ្យ​រួច​ពន្ធ​ទេ។ឯករាជ្យ ​ឯករាជ្យ​ហើយ​ ប៉ុន្តែ​ការ​រកស៊ី​របស់​ខ្លួន​ ពី​ព្រោះ​ Cambodia Daily ហ្នឹង​ មានការផ្សាយ​ពាណិជ្ជកម្ម ​ជា​អី​ហូរហែ ​កាសែត​របស់​គាត់​លក់​ទៅ​ទៀត​ មិនមែន​ជាអង្គការ​ដែល​មិន​រក​កម្រៃ​ទេ​ ជា​អង្គការ​ដែល​រក​កម្រៃ។​ អញ្ចឹង​ហើយ​គាត់​ត្រូវ​តែ​បង់​ពន្ធ ​ទៅ​តាម​ចំណូល​របស់​គាត់​នៅ​ក្នុង​ការ​រក​កម្រៃ។

​ប៉ុន្តែ​និយាយ​ត្រឡប់​មក​វិញឲ្យ​តែ​ធ្វើ​តាម​ច្បាប់ ​អ្នក​ដែល​ត្រូវ​បង់​ពន្ធ ​បង់​ពន្ធ​ទៅ ​អ្នក​ដែល​ត្រូវ​ចុះ​ឈ្មោះ ​ក្នុង​បញ្ជី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ចុះ​ឈ្មោះ​ទៅ ​ព្រោះ​ឥឡូវ​យើង​ធ្វើ​ការ​រំឭក​ឡើង​វិញ​ទៀត​ហើយ ​ហើយ​ឆាប់​មក​ ឆាប់​ចុះ​ឈ្មោះ ​ឆាប់​ចុះ​ MOU​ ជាមួយនឹងក្រសួង​ការបរទេស​ ដូច​ NDI ​តាំង​ពី​មុន​មាន​ច្បាប់​ស្តី​អំពី​សមាគម​ និងអង្គការ​ក្រៅ​រដ្ឋាភិបាល ​គាត់​ក៏​មិន​ដែល​ចុះ​ឈ្មោះ​ គាត់​ក៏​មិន​ដែល​មាន​អនុស្សរណៈ​ស្តី​ពីការយោគ​យល់​ជាមួយ​ក្រសួង​ការបរទេស​ដែល​គេ​តម្រូវ​នោះ។​

អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ត្រូវ​តែ​មាន​ការ​ចុះ​ MOU​ ជាមួយ​ក្រសួង​ការបរទេស។ ​មុន​ច្បាប់​ហ្នឹង​ចេញ ​ក៏​គាត់​មិន​ចុះ ​ក្រោយ​ច្បាប់​ហ្នឹង​ចេញ​ ក៏​គាត់​មិន​ចុះ។​ អញ្ចឹង​គាត់​ធ្វើ​ខុស។​ គាត់ធ្វើខុស​ ក្រសួង​ការបរទេស​មាន​សិទ្ធិ​សម្រេច​ត្រូវបិទ​អង្គការ​ហ្នឹង​ ដោយ​មិន​បាច់​ផ្តល់​ហេតុផល​ ក្នុង​ច្បាប់​គេ​មាន។​ គេ​មិន​ចាំបាច់ផ្តល់​ហេតុផល​ អាហ្នឹង​ដូច​ករណីយើង​ទៅ​សុំ​ទិដ្ឋាការ (VISA) ​សុំ​ទិដ្ឋាការ​ បើ​គេ​បដិសេធ ​គេ​អត់ប្រាប់​យើង​មក​ពីមូលហេតុ​អ្វី​បាន​ជា​គេ​បដិសេធ​ទេ។

គេហទំព័រដើមរបស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​ជា​អង្គការ​មួយ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការពង្រឹង​លទ្ធិប្រជាធិប្បតេយ្យ​នៅ​កម្ពុជា។ (រូបភាព​ដកស្រង់​ចេញ​ពី​គេហទំព័រ)
គេហទំព័រដើមរបស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​ជា​អង្គការ​មួយ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការពង្រឹង​លទ្ធិប្រជាធិប្បតេយ្យ​នៅ​កម្ពុជា។ (រូបភាព​ដកស្រង់​ចេញ​ពី​គេហទំព័រ)

លោកសុខ ខេមរា៖ លោក​ទេសរដ្ឋមន្ត្រី​ ប្រហែល​ជា​បាន​ជ្រាប​តាម​ទំព័រ​ហ្វេសប៊ុក ឬ​ក៏​ការ​រិះគន់​ផ្សេងៗ​ជុំ​វិញ​ការ​សុំ​ច្បាប់​ អង្គការ​សង្គម​ស៊ីវិល​ក្តី ​សហជីព​ក្តី​ អង្គការ ​NDI ក្តី។ អង្គការ ​NDI ​បាន​ពន្យល់​ថា​ បាន​ដាក់​ពាក្យ​មុន​សឹង​មួយ​ឆ្នាំ​ហើយ​ ប៉ុន្តែ​មិន​បាន​ទទួល​ការ​ឲ្យ​ច្បាប់​មក​វិញ​ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ ដែល​ខ្ញុំ​ថា​ មាន​ការ​រិះគន់​តាម​ហ្វេសប៊ុក​ហ្នឹង​គឺ​ចង់​និយាយ​ថា​ ពាក្យ​សម្តី​មួយ​ចំហៀង​គឺ​ថា ​មិន​ទទួល​ស្គាល់​អ្វី​ដែល​រដ្ឋា​ភិបាល​បាន​ផ្តល់​ឲ្យ។​ មាន​ន័យ​ថា ​ពេល​ដែល​គាត់​ដាក់​ច្បាប់​ទៅ ​គេ​ហាក់​ដូចជា​គិត​ថា កាលណា​ដែល​ជា​អង្គការ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល ​ឬ​អង្គការ​ដែល​ឯករាជ្យ ​ឬ​ក៏​ធ្វើ​ការ​ដោយ​តម្លាភាព​ ខាង​អាជ្ញាធរ​ហាក់​ដូច​ជា ​មិន​ជូន​ជា​ច្បាប់​អាជ្ញាប័ណ្ណ​អី​ទៅ​វិញ?​ តើ​រឿង​ហ្នឹង​ លោក​ទេសរដ្ឋមន្ត្រី​បកស្រាយ​យ៉ាង​ដូចម្តេច?

លោកប្រាក់ សុខុន៖ អត់​ទេ។ អង្គការ​ក្រៅ​រដ្ឋាភិបាល​រាប់​ពាន់​គេ​បាន​ចុះ​ឈ្មោះ​ត្រឹមត្រូវ ព្រោះ​នៅ​កម្ពុជា​យើង​ មាន​ជាង៤.០០០​អង្គការ​ក្រៅ​រដ្ឋាភិបាល។​ ភាគច្រើន​លើសលប់​ហ្នឹង​ គេ​បាន​ចុះ​ឈ្មោះ​ស្រួលបួល​ត្រឹមត្រូវ​អស់​ហើយ។​ មិន​មាន​បញ្ហា​អី​បែប​នេះ​ទេ។ ហើយ​អ្នក​ដែល​ថា​ហ្នឹង ច្រើន​តែ​មាន​ខ្លួន​ហ្នឹង​ទេ។

​ពីព្រោះ​នៅ​ក្នុង​ច្បាប់​ហ្នឹង​ យើង​មាន​បញ្ហា​មួយ​ ចំណុច​មួយ​ជា​តម្រូវការ​ឲ្យ​ដើម្បី​បញ្ជាក់​អំពី​ហិរញ្ញប្បទាន ​ហើយ​អ្នក​អស់​នោះ​ គាត់​បាន​ទទួល​ហិរញ្ញប្បទាន​សម្ងាត់​ពី​ខាង​ក្រៅ​មក​ (ខ្ញុំ​គ្រាន់​តែ​ស្មាន​ទេ)​ ដើម្បី​ធ្វើ​ការងារ​សម្ងាត់​ផ្សេង​ទៀត​យើង​ក៏​មិន​ដឹង។​ តែ​ការ​ពិត​ យើង​ដឹង។ ​តែ​ការ​ពិត​យើង​ដឹង។​ អ្នក​អស់​ហ្នឹង​ហើយ​ដែល​ថា​ មាន​ខ្លួន​ហ្នឹង​ ហើយ​ចេះ​តែ​លើក​បញ្ហា​អញ្ចេះ​អញ្ចោះ​អញ្ចឹង​ទៅ។ ​តាម​ការ​ពិត​ អត់​ទេ។​ ឲ្យ​តែ​ធ្វើ​ការ​ត្រឹមត្រូវ ​គោរព​ច្បាប់​ទម្លាប់​គឺ ​អ្នក​ទាំង​អស់​ហ្នឹង​គឺ​ថា ​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នៅ​ស្រុក​ខ្មែរ ​ដោយ​សិទ្ធិ​សេរីភាព​ពេញ​លេញ។ ​

លោក​សុខ ខេមរា៖ ​លោក​ទេសរដ្ឋមន្ត្រី ​នៅ​ពេល​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ចុង​ឆ្នាំ​នេះ​ ហើយ​នឹង​មាន​ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​ចូលរួម​ច្រើន ​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ​ គ្រោង​នឹង​អញ្ជើញ​ទៅ​ដែរ។​ តើ​អ្វី​ដែល​លោក​ទេសរដ្ឋ មន្ត្រី​មាន​ប្រសាសន៍​ពី​ខាង​ដើម​ថា​ ទំនាក់ទំនង​ហ្នឹង​ហាក់​ដូចជា​មាន​ភាព​តានតឹង​ខ្លះ​នៅ​ចុង​ក្រោយ​នេះ ​អាច​នឹង​មាន​ការ​លើក​យក​មក​ពិភាក្សា​ ឬ​ក៏​ជជែក​គ្នា​យ៉ាង​ណា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នឹង​អញ្ជើញ​ទៅ​ដែរ​ ឬ​ក៏​មាន​គម្រោង​យ៉ាង​ណា?

លោកប្រាក់ សុខុន៖ ​ខ្ញុំ​អត់​មាន​ដំណឹង​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​នៃ​ជំនួប​ហ្នឹង​ទេ។​ ប៉ុន្តែ ​រាល់​ដង​គឺ​ ប្រធានាធិបតី​អាមេរិក​ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​អញ្ចឹង ​គឺ​គាត់​មាន​ពេលវេលា​តិច​ណាស់​ដើម្បី​ជួប​ទ្វេភាគី​ជាមួយ​នឹង​ដៃគូ​ផ្សេងៗ​នៅ​ក្នុង​ចំណោម​សមាជិក​របស់​អាស៊ាន​នេះ។ ​

ទី​១​គឺ​ថា ​អាស្រ័យ​ទៅ​លើ​ពេល ​អាស្រ័យ​ទៅ​ឆន្ទៈ​របស់​លោក​ប្រធានាធិបតី​អាមេរិក។ ​ហ្នឹង​គឺ​ថា ​បុព្វសិទ្ធិ​របស់​ខាង​អាមេរិក​ហ្នឹង​ទេ។​ ទី២​ យើង​សង្ឃឹម​ថា ​ជា​បណ្តើរៗ ​ដោយសារ​យោង​ទៅ​តាម​ស្មារតី​នៃ​ការ​ជួប​គ្នា​រវាង​ខ្ញុំ​ និង​លោក​ជំទាវ​ Susan Thornton ​កាលពី​ម្សិលមិញ​នេះ​គឺ យើង​នឹង​ខិត​ខំ​ធ្វើ​ការ​សម្រួល​ទំនាក់ទំនង​ជាមួយ​គ្នា​ហ្នឹង​ឲ្យ​បាន​ស្រួល​ យ៉ាង​ហោច​ណាស់​ក៏​បាន​ដូច​ដើម​ឡើង​វិញ​ដែរ។

លោកសុខ ខេមរា៖ មាន​ការ​ធានា​យ៉ាង​ណា​ពី​គាត់? ​រយៈពេល​វេលា​ប៉ុណ្ណា​ដែល​អាច​ថា​ ដោះ​ស្រាយ​បាន? ​ឧទាហរណ៍​មួយ​ថា រឿង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​ទៅ​កម្ពុជា​ហ្នឹង​ តើ​ត្រូវការ​ពេល​វេលា​ប៉ុន្មាន? ​តើ​សហរដ្ឋ​អាមេរិក​មាន​ការ​បញ្ជាក់​ដែរ​ឬ​ទេ?

លោកប្រាក់ សុខុន៖ ​រឿង​បញ្ចូន​ហ្នឹង​មាន​បញ្ហា​ពីរ​រឿង។​ ​ខ្ញុំ​ពី​ម្សិលមិញ​ហ្នឹង​ ខ្ញុំ​ក៏​បាន​ជម្រាប​លោក​ជំទាវ​ Susan Thornton ​ផង​ដែរ។​ ខ្ញុំ​ហាក់​ដូច​ជា​នៅ​ចន្លោះ​ជ្រុញ ​និង​ញញួរ។ ​បើ​ខ្ញុំ​ទទួល​យក​លក្ខខណ្ឌ​របស់​រដ្ឋាភិបាល​អាមេរិក​ សហគមន៍​ខ្មែរ​នៅ​អាមេរិក​ គេ​នឹង​ជេរ​ខ្ញុំ ​ដោយសារ​ថា ​កន្លង​មក​គាត់​បាន​សំណូមពរ​ស្នើសុំ​ថា​ កុំ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​ទទួល​យក​ដើម្បី​ទុក​ឲ្យ​ពលរដ្ឋ​ខ្មែរ​របស់​យើង​រួច​ទុក្ខទោស​ហើយ​ នៅ​ទីនេះ។​ តែ​បើ​ខ្ញុំ​មិន​ទទួល​យក​ ឃើញ​ទេ ​ឃើញ​គាត់​ដាក់​ទណ្ឌកម្ម​អញ្ចេះ​ដាក់​ទណ្ឌកម្ម​អញ្ចោះ​ទេ?​ អញ្ចឹង​ វា​មិន​មែន​ប៉ះពាល់​ត្រឹម​តែ​បុគ្គល​មួយ​ពីរ​ហ្នឹង​ទេ។​

ប្រសិន​បើ​យើង​នៅ​តែ​រឹង​ទទឹង​បែប​នេះ​ទៀត វា​អាច​ប៉ះពាល់​ទៅ​ដល់​ការ​សុំ​ទិដ្ឋាការ​របស់​និស្សិត ​របស់​ប្រជាពលរដ្ឋ​យើង​ខ្មែរ​ជា​ទូទៅ​ ដែល​គាត់​ចង់​មក​លេង​បងប្អូន​នៅ​អាមេរិក​នេះ ​ហើយ​នឹង​អ្នក​រកស៊ី​ថែម​ទៀត។ ​អញ្ចឹង ​រវាង​អ្នក​ទាំង​ពីរ​ តើ​ខ្ញុំ​ត្រូវ​យក​អ្នក​ណា? ​អញ្ចឹង​បាន​យើង​គិត​ថា ​ឲ្យ​តែ​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ស្រួល​ ឥឡូវ​ខ្ញុំ​បាន​ជម្រាប​ជូន​លោកជំទាវ​ Susan ហើយ។ ​យើង​ប្រាប់​គាត់​ថា ​យើង​ត្រៀម​ខ្លួន។ ​ឥឡូវ​សុំ​ឲ្យ​តែ​ខាង​អាមេរិក​ប្រាប់​ថា ពេល​ណា​ដែល​ខាង​កម្ពុជា​អាច​មក​បាន​ ដើម្បី​សម្ភាសន៍​អ្នក​ទាំង​២៦នាក់​ដែល​កំពុង​តែ​រង់ចាំ​នេះ។ ​ពេល​នោះ ​យើង​នឹង​បញ្ជូន​មន្ត្រី​យើង​មក​ភ្លាម។​

រូបឯកសារ៖ អ្នក​ស្រី Jenny Srey (ឆ្វេង) ឈរ​នៅ​ក្បែ​ស្វាមី​របស់​អ្នកស្រី គឺ​លោក ជិត នីន (Ched Nin) ដែល​បាន​ជួបជុំ​គ្រួសារ​វិញ ក្រោយ​ពេល​ដែល​ចៅក្រម​នៃ​តុលាការ​ប្រចាំ​រដ្ឋ Minnesota បាន​ចេញ​សេចក្តី​សម្រេច​លុប​ចោល​បញ្ជា​បញ្ជូន​រូបលោក​ទៅ​កាន់​ប្រទេស​កម្ពុជា ដោយ​សារ​តែ​ឧក្រិដ្ឋកម្ម​ដែល​លោក​បាន​ប្រព្រឹត្ត​ពី​អតីតកាល។ (ទែន សុខស្រីនិត/VOA)
រូបឯកសារ៖ អ្នក​ស្រី Jenny Srey (ឆ្វេង) ឈរ​នៅ​ក្បែ​ស្វាមី​របស់​អ្នកស្រី គឺ​លោក ជិត នីន (Ched Nin) ដែល​បាន​ជួបជុំ​គ្រួសារ​វិញ ក្រោយ​ពេល​ដែល​ចៅក្រម​នៃ​តុលាការ​ប្រចាំ​រដ្ឋ Minnesota បាន​ចេញ​សេចក្តី​សម្រេច​លុប​ចោល​បញ្ជា​បញ្ជូន​រូបលោក​ទៅ​កាន់​ប្រទេស​កម្ពុជា ដោយ​សារ​តែ​ឧក្រិដ្ឋកម្ម​ដែល​លោក​បាន​ប្រព្រឹត្ត​ពី​អតីតកាល។ (ទែន សុខស្រីនិត/VOA)

អញ្ចឹង ​វា​ជា​សញ្ញា​មួយ​ដែល​ឲ្យ​ឃើញ​ថា ​កម្ពុជា​មិន​មែន​ផ្អាក​ មិន​មែន​បញ្ឈប់​កម្មវិធី​ទទួល​យក​ជនជាតិ​ខ្មែរ​យើង ​ពលរដ្ឋ​ខ្មែរ​យើង​ត្រឡប់​ទៅ​ស្រុក​វិញ​ទេ។ ​បាន​ន័យ​ថា ​ការ​ដែល​ដាក់​ទណ្ឌកម្ម​ខាង​ផ្នែក​ VISA ​(ទិដ្ឋាការ)​នេះ​គឺ​អស់​មាន​ន័យ​ទៀត​ហើយ។​ អញ្ចឹង ​កម្មវិធី​នេះ​ចាប់​ផ្តើម​ឡើង​វិញ ​VISA​ បើក​មក​វិញ ការ​រុករក​អដ្ឋិធាតុ​យុទ្ធជន​បាត់​ខ្លួន​របស់​អាមេរិក​នៅ​កម្ពុជា​ដំណើរការ​ឡើង​វិញ។ ​

អញ្ចឹង​ទំនាក់ទំនង​វា​ធូរស្រាល​ឡើង​វិញ​ទាំង​អស់​ជាមួយ​គ្នា។ ​អញ្ចឹង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត ​យើង​នឹង​ដោះស្រាយ​ជា​បណ្តើរៗ​ទៀត​ជាមួយ​គ្នា។ ​អញ្ចឹង​ វា​អាច​ថា ​ឲ្យ​ខ្ញុំ​ថា ​ពេលវេលា​ប៉ុន្មានៗ​ ខ្ញុំ​មិន​ហ៊ាន​ទាយ​ទេ។ ​ប៉ុន្តែ​ប្រហែល​ជា​ពេល​ឆាប់ៗ​នេះ ​ខាង​សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ព័ត៌មាន​ថា​ ពេល​ណា​ទៅ​ដែល​មន្ត្រី​កម្ពុជា​យើង​អាច​សម្ភាស​អ្នក​ទាំង​ ២៦នាក់ ​ដែល​កំពុង​តែ​រង់ចាំ។

លោកសុខ ខេមរា៖ លោក​ទេស​រដ្ឋមន្ត្រី​នៅ​ពេល​ដែលមាន​បញ្ហាតាន​តឹង​រវាងកម្ពុជា​និង​សហរដ្ឋ​អាមេរិក​ចុងក្រោយ ​តើ​មាន​បញ្ហ​ប៉ះទង្គិច​យ៉ាងណាដល់​ការវិនិយោគទុន​ឫក៏ ពាណិជ្ជកម្ម​នាំ​ចេញ នាំ​ចូល​រវាង​កម្ពុជា​និងសហរដ្ឋ​អាមេរិក​ ហើយ​នឹង​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​។​ ដូច​មាន​ចេញ​សេចក្តី​ថ្លែងការណ៏​ច្រើន​អំពី​រឿងហ្នឹង ​តើ​មាន​ការ​ខ្វល់ ខ្វាយ​យ៉ាងណា​អំពី​រឿង​នេះ?

លោកប្រាក់ សុខុន៖ ​ជា​ធម្មតា​យើង​តែង​តែ​គិតគូរ​ ហើយ​អញ្ចឹងបាន​ថា ក្នុង​ករណី​ដែល​ខ្ញុំ​បាន​ជម្រាប​ជូន​មុន​នេះ​ថា ​មុន​នឹង​សម្រេច​ចាត់​វិធានការ​ខាងផ្លូវច្បាប់​ខាងផ្លូវ​តុលាការ​ចំពោះ​លោក​កឹម សុខា​គឺថា ​មានការ​ប្រជុំ​ជំនុំ​គ្នា​ក្នុង​កម្រិត​កំពូលៗ​របស់​រដ្ឋាភិបាល​កម្ពុជា ​ហើយ​យើង​បាន​ថ្លឹង​ថ្លែង​គ្រប់​កន្លែង​ទាំង​អស់។ ​ប៉ុន្តែ​មក​ដល់​ម៉ោង​នេះ​គឺ​ មិន​ទាន់​មាន​សញ្ញា​អី ​ដែល​ថា​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ និង​ការ​ធ្វើពាណិជ្ជកម្មរវាង​កម្ពុជា​ជាមួយ​នឹង​សហគមន៍​អឺរ៉ុប​ ដែល​មាន​ទំហំ​ធំជាង​អាមេរិក​ទៅ​ទៀត​ជាង ៤ពាន់​លាន។

អញ្ចឹង​វា​អត់​មាន​ស្អី​ត្រូវ​ប៉ះពាល់​នៅ​ឡើយ​ទេ ប៉ុន្តែមាន​ការ​ចាំបាច់ក្នុង​ជជែក​គ្នា​ជួប​គ្នា​ពន្យល់​គ្នា​ទៅវិញទៅមក​ និង​ការ​ដោះ ស្រាយ​បញ្ហា​មួយ​ចំនួន ​ដែល​អាច​ដោះស្រាយ​បាន​ ប៉ុន្តែ​បើ​ការទាម​ទារ​ណាមួយដែល​កម្ពុជា​មិន​អាច​ទទួល​យក​បាន​អាហ្នឹង​កម្ពុជា​គឺ​ ដាច់​ខាត​ត្រូវ​តែ​រក្សា​ជំហរ​របស់​ខ្លួន​ដើម្បី​ផល​ប្រយោជន៏​របស់​ប្រទេស​ជាតិ​មិន​មែន​ផលប្រយោជន៏​របស់​បុគ្គល​ណា​នោះទេ។ អានេះ​គឺ​ជា​បញ្ហា​លំបាក​តែ​វា​ជា​បញ្ហា​ចាំបាច់​ដើម្បី​កុំ​ឲ្យ​កម្ពុជា​វិល​ត្រឡប់​ទៅ​រក​សោកនាដកម្ម​ ដែល​យើង​ធ្លាប់​ជួប​ប្រទះ​ជា​ឧទាហរណ៍ ​នៅ​ពេល​ដែល​កម្ពុជា​ត្រូវ​បាន​ចាប់​បង្ខំ​ផ្លូវ​មួយ​ ដែល​គេ​ចាំ​បង្ខំ​ពី​ខាង​ក្រៅ។

កម្ពុជា​បាន​មើល​ឃើញ​ថា ​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សោកនាដកម្ម​ដ៏​គួរ​ឲ្យ​សោកសៅ​ជាទី​បំផុត​។​ ឧទាហរណ៏​ដូច​ជា​ការ​សម្រេច​ចិត្ត​ការ​ទម្លាក់​គ្រាប់​បែក​ពី​សហរដ្ឋ​អាមេរិក​ ការ​ធ្វើ​រដ្ឋ​ប្រហារ​ ដើម្បី​ផ្លាស់​ប្តូរ​របប​ឆ្នាំ​១៩៧០​ អញ្ចឹង​ឃើញ​ទេ​ប្រទេស​យើង​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​បើក​ផ្លូវឲ្យ​ខ្មែរក្រហម​ចូល​មក​កាន់​កាប់​អំណាច​ បើក​ផ្លូវ​ឲ្យខ្មែរ​ក្រហម​ដាក់​របប​ប្រល័យ​ពូជ​សាសន៏​នៅ​កម្ពុជា​របស់​យើង ​សោកនាដ​កម្ម​ធំណាស់។ ​អញ្ចឹង​មិន​មែន​គ្រប់​វិធី​ទាំង​អស់​គ្រប់​មាគ៌ា​ទាំងអស់​ដែល​ពី​ខាង​ក្រៅ​ដាក់​ឲ្យ​យើងហ្នឹង​ជា​វិធី​ត្រឹម​ត្រូវ​ទេ​ ផ្ទុយទៅ​វិញ​ពិធី​យើងទេ​ ដែល​កម្ពុជា​មើល​ឃើញ​ទៅ​ជា​វិធី​ត្រឹម​ត្រូវ។​

ខ្ញុំ​សូម​បញ្ជាក់​ត្រង់​ហ្នឹង​បន្តិច។ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ហ្នឹង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ ហើយ​ហ្នឹង​យើង​តែង​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​ទាក់​ទិន​ទៅ​ហ្នឹង​មាគ៌ា​ដែល​កម្ពុជា​ត្រូវ​ដើរ​តាម​វា​មាន​មាគ៌ា​តាម​ផ្លូវ​លោក​ខាង​លិច​ ដែល​ប្រកាន់​ប្រជាធិបតេយ្យ​មក​ហូរ​ហែរ​អញ្ចឹង​ហើយ​មាន​មាគ៌ា​មួយ​ដែល​កម្ពុជា​យល់​ឃើញ​ថា ​ជា​មាគ៌ា​ដែល​ស្រប​តាម​កាលៈទេសៈ​របស់​កម្ពុជា​ស្រប​តាម​តម្រូវ​ការ​របស់​កម្ពុជា​។​

អញ្ចឹង​ខ្ញុំ​បាន​ពន្យល់​ហើយ​មាន​មាគ៌ា​ពី​ខាង​ក្រៅ​មក​ទម្លាក់​គ្រាប់​បែក​ ​ធ្វើ​រដ្ឋ​ប្រហារ​ ​ហើយ​នាំ​ទៅ​រក​របប​ប្រល័យ​ពូជសាសន៏​ ​ហើយ​ក្រោយ​របប​ប្រល័យ​ពូជ​សាសន៍ហ្នឹង​ទៀត​សោត​គឺ​ប្រទេស​ភាគ​ច្រើន​លោក​ខាង​លិច​ដែល​កំពុងតែ​ផ្តល់​ដំបូន្មាន​ឲ្យ​យើង​ហ្នឹង​បាន​គាំទ្រ​ខ្មែរ​ក្រហម​។​ ​ខ្មែរ​ក្រហម​ជា​តំណាង​កម្ពុជា​នៅ​អង្កការ​សហប្រជាជាតិ​ ហើយ​ជា​មួយ​ហ្នឹង​គាត់​បាន​ដាក់​គំនាប​ ខាង​ផ្នែក​សេដ្ឋកិច្ច​ embargo​ (ហ៊ុំព័ទ្ធ)អស់​រយៈ​ពេល​១២​ឆ្នាំ​។​ ហ្នឹង​មាគ៌ា​របស់​គាត់​ដាក់​ឲ្យយើង​ ​ហើយ​យើង​រង​ទុក្ខ​វេទនា​ប៉ុណ្ណា​ ​តែ​ផ្ទុយ​ទៅ​វិញ​ក្រោយ​ថ្ងៃ​រំដោះ​ពី​របប​ប៉ុលពត​ឆ្នាំ​១៩៧៩​ ​យើង​បាន​ជ្រើសរើស​ ​មាគ៌ា​មួយ​របស់​យើង។​ ​

ទី១​ ​គឺ​រារាំង​មិន​ឲ្យរបប​ប្រល័យ​ពូជ​សាសន៍​វិល​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​ ​ទី​២​ ​គឺ​កសាង​ប្រទេស​ជាតិ​វិញ​ពី​គំនរ​ផេះផង់​ ​អស់​រលីង​។ ​អស់រលីង​ ​ ​លោក​ ​ខេមរា​ ​ដឹង​ហើយ ​អស់​រលីង​ឆ្នាំ១៩៧៩​។​ ​

អញ្ចឹង​កសាង​ប្រទេស​ជាតិ​ និង​ការពារ​ប្រទេស​ជាតិ​កុំឲ្យ​របប​ប្រល័យ​ពូជសាសន៍​វិល​ត្រឡប់​មកវិញ​ផង​ ​ក្នុង​ខណៈ​ដែល​គេ​ដាក់​គំនាប​សេដ្ឋកិច្ច​មក​លើ​កម្ពុជា​ផង​មិន​មែន​ជា​រឿង​តូច​តាច​ទេ។​ ស្អី​ដែល​យើង​ឯក​ភាព​គ្នាមាគ៌ា​ ​ទាំង​ពីរ​ហ្នឹង​បាន​រក​ផ្លូវ​ត្រូវ​គ្នា​គឺ​នៅ​ពេល​ដែល​ចប់​សង្គ្រាម​ត្រជាក់​ ​យើង​បាន​ឯក​ភាព​គ្នា​រក​ការចរចា​ និង​ការ​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ​ហើយ​បន្ទាប់​មក​មាន​ការ​បោះ​ឆ្នោត​ ​អាហ្នឹង​គឺ​មាន​ការ​ឯក​ភាព​គ្នា​ហើយ​។​ ​ស្អី​ដែល​ខ្ញុំ​គ្មានការ​ឯកភាព​គឺ​ការ​ដាក់​ (Embargo)​ មក​លើ​កម្ពុជា​ ​ស្អី​ដែល​ខាង​យើង​បាន​ឯក​ភាព​គឺ​ ការ​ផ្តល់​ជំនួយ​ផ្នែក​អភិវឌ្ឍន៏​មក​កាន់​កម្ពុជា​វិញ​ក្រោយ​ឆ្នាំ​ ១៩៩១​ ១៩​៩២​ ១៩៩៣​ ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាន​រស់​រាន​មាន​ជីវិត​ ​បាន​កសាងនិងអភិវឌ្ឍ​សេដ្ឋកិច្ច​មក​ដល់​សព្វ​ថ្ងៃ​នេះ​។

​អញ្ចឹង​ផ្លូវ​ពីរ​មាន​ការ​ខុស​គ្នា​ ​មាន​ពេល​ខ្លះ​ត្រូវ​គ្នា​ ​ ​ប៉ុន្តែ​សំខាន់​ឲ្យ​គោរព​នូវ​ផ្លូវ​របស់​កម្ពុជា​ខ្លួន​ឯង​ផង​ ​ពីព្រោះ​ការ​ដាក់​បង្ខំ​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​លោក​ខាង​លិច​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ពេល​ខ្លះ​ ​ហើយ​ភាគ​ច្រើន​តែងតែ​នាំ​ទៅ​ដល់​ផ្លូវ​ខុស​ ​នាំ​ទៅ​ដល់​សោកនាដកម្ម​។​ អញ្ចឹង​ផ្លូវ​របស់​កម្ពុជា​ដែល​រក​សន្តិភាព​ពេញ​លេញ​ ​នៅ​ក្រោយ​ពី​អ៊ុនតាក់​បរាជ័យ​ក្នុង​ការ​នាំមក​នូវ​សន្តិភាព​នៅ កម្ពុជា​ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គោល​នយោបាយ​ឈ្នះ​ៗ​របស់​សម្តេច​តេជា​នាយក​រដ្ឋ​មន្ត្រីទេ​ ​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​សុខ​សន្តិភាព​ឡើងវិញ​ ​ហើយ​មាន​ការ​អភិវឌ្ឍន៍ ៧​ជាង​ភាគ​រយ​ប្រចាំ​ឆ្នាំ​អស់​រយះ​ពេល​ជាង​ ២០​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ។

រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរកំពុងធ្វើការនៅក្នុងរោងចក្រមួយ​នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៧។
រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរកំពុងធ្វើការនៅក្នុងរោងចក្រមួយ​នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០០៧។

លោកសុខ ខេមរា៖ លោក​ទេស​រដ្ឋមន្ត្រី ​ ​នៅ​ពេល​ជាមួយ​សហរដ្ឋ​អាមេរិក​មាន​បញ្ហា​ទំនាក់​ទំនង​រាង​មិន​សូវ​ល្អ​នៅ​ពេល​នេះ​ ​ហើយ​ជាមួយ​សហភាព​អឺរ៉ុប​វិញ​ក៏​ហាក់​បី​ដូចជា​ មាន​សេចក្តី​ថ្លែង​ការណ៍​មួយរយៈ​ចុង​ក្រោយ​នេះ​។​ ប៉ុន្តែ​ខ្ញុំ​ចង់​ដឹង​ថា​គោល​នយោបាយ​ Everything But Arms ( EBA ​)​ ទៅ​កាន់​អឺរ៉ុប​ ​ការ​នាំ​ចូល​ទំនិញ​ទៅ​កាន់​សហភាព​អឺរ៉ុប​វិញ។​ តើ​នឹង​មាន​បញ្ហា​យ៉ាង​ណា​ទៅ​បើ​សិន​ជា​ស្ថានការណ៏​ហ្នឹង​អញ្ចឹង​ហើយ​សហភាព​អឺរ៉ុប​ហាក់​ដូច​ជា មាន​ចេញ​សេចក្តី​ថ្លែងការណ៏​ដល់​កម្ពុជា​ដែរ​ទៅ​ដល់​បញ្ហា​ចុង​ក្រោយ​នេះ?​

លោកប្រាក់ សុខុន៖ ឥឡូវ​អញ្ចេះ​។​ នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទី​ក្រុង​ហ្សឺណែវ​ថ្មីៗ​នេះ ​គេ​បាន​ដាក់​បញ្ជី​ឈ្មោះ ​២៦​ប្រទេស​ ដែល​មាន​បញ្ហា​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ផ្នែក​ប្រជាធិបតេយ្យ​។ ក្នុង​ចំណោម​ហ្នឹង​អត់មាន​កម្ពុជា​ទេៗ​។​ ​អញ្ចឹង​បញ្ហា​សភា​អឺរ៉ុប​ដែល​ធ្វើ​ការ​រិះ​គន់​មក​ដល់​កម្ពុជា​ ​អាហ្នឹង​ជារឿង​មួយ​ ​ ​បញ្ហា​យើង​ធ្វើ​ទំនាក់​ទំនង​ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​ជា​រឿង​មួយ​ទៀត។​ ថ្វីត្បិត​ថា ពេល​ខ្លះ​រឿង​ទាំង​ពីរ​ហ្នឹង​វា​ពាក់ព័ន្ធ​ជាមួយ​គ្នា​ ដោយ​សារ​តែ​ឥទ្ធិពល​របស់​សភា​ ​ឥទ្ធិពល​របស់​គណៈកម្មការ​សហភាព​អឺរ៉ុប​ជះ​មក​លើ​បញ្ហា​ហ្នឹង​ក្នុង​ករណី​វា​មាន​បញ្ហា​ធ្ងន់ធ្ងរ។

ប៉ុន្តែ​ឧទាហរណ៍​ដែល​ខ្ញុំ​បាន​លើក​ឡើង​ថា ​ក្នុង​ចំណោម​ ២៦​ប្រទេស ​ដែល​ត្រូវ​ចាត់​ទុក​ថា​ មាន​បញ្ហា​ខាង​ផ្នែក​សិទ្ធិ​មនុស្ស​ហ្នឹង។ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ ​អត់​មាន​ដាក់​កម្ពុជា​នៅ​ក្នុង​ហ្នឹង​ទេ។​ អញ្ចឹង​យើង​គិត​ថា​ ​មិន​មែន​បាន​ចិត្ត​ទេ​ ​យើង​គិត​ថា​ ស្អី​ដែល​យើង​ធ្វើ​គឺ ត្រឹម​ត្រូវ​ហើយ​យើង​នឹង​ខិត​ខំ​ពន្យល់​ដូច​ខ្ញុំ​បាន​ជម្រាប​ហើយ​ជម្រាប​ទៀត​ថា​យើង​នឹង​ខិតខំ​ពន្យល់​។ ​ពីព្រោះ​មាន​ការ​ពន្យល់​ខ្លះ​អញ្ចឹង​ទៅ​នាំ​ឲ្យមាន​ការ​យល់​ខុស​ ​។​ ​

អញ្ចឹង​យើង​មាន​ការ​ខិត​ខំ​ពន្យល់​ឲ្យ​មាន​ការ​យល់​ត្រូវ​ទៅ​វិញ​ថា​ ​ស្អី​ដែល​យើង​ធ្វើ​គឺ​ស្រប​ទៅ​តាម​ច្បាប់​ទាំង​អស់​ ​ហើយ​សិទ្ធិ​សេរីភាព​ខាង​សារព័ត៌មាន​ក៏​មិន​ត្រូវ​ប៉ះពាល់​ ​ ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​ធ្វើ​នយោបាយ​ក៏​មិន​ត្រូវ​ប៉ះពាល់។​ អ្នក​ដែល​មិន​មាន​បញ្ហា​រំលោភ​បំពាន​ទៅ​លើ​ច្បាប់​នៅ​តែមាន​សិទ្ធិ​សេរី​ភាព​ពេញលេញ​ក្នុង​ការ​អនុវត្តន៍​សកម្ម​ភាព​នយោបាយ​របស់​ខ្លួន​ ​មាន​តែ​អ្នក​នយោបាយ​ដែល​មាន​បញ្ហា​ជាមួយ​ផ្លូវ​ច្បាប់​ ​ខាង​ផ្លូវ​តុលាការ​ទេ​ដែល​មិន​មាន​សិទ្ធិ​បំពេញ​សកម្ម​ភាព​ដូច​គេ​ឯង។​

រូបឯកសារ៖ ក្រុមសកម្ម​ជនដីធ្លី​ និង​ពលរដ្ឋ​មកពីតំបន់​បឹងកក់​ប្រមាណ​ជាង​៤០​នាក់​ ប្រមូលផ្តុំគ្នានៅមុខ​សាលាឧទ្ធរណ៍​កាលពីថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១៧ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី​ ទេព​ វន្នី។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ ក្រុមសកម្ម​ជនដីធ្លី​ និង​ពលរដ្ឋ​មកពីតំបន់​បឹងកក់​ប្រមាណ​ជាង​៤០​នាក់​ ប្រមូលផ្តុំគ្នានៅមុខ​សាលាឧទ្ធរណ៍​កាលពីថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១៧ ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នកស្រី​ ទេព​ វន្នី។ (ហ៊ុល រស្មី/VOA)

លោកសុខ ខេមរា៖​ ប្រហែល​ជា​លោក​ទេស​រដ្ឋមន្ត្រី​បាន​ដឹង​ហើយ​ថា​ ​មានការ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ខ្លះ ​ដែល​ងាក​បែរ​ទៅ​រក​ចិន​ដែល​កៀក​ស្និទ្ធ​ជាង​បណ្តា​ប្រទេស​ដ៏ទៃ​ចុង​ក្រោយ​នេះ​ហើយ​មាន​ការ​ព្រួយ​បារម្ភ​ថា​ ខ្លាច​ក្រែង​របប​ខ្មែរ​ក្រហម​វិល​ត្រឡប់​មក វិញ​នៅ​សម័យ​នេះ​អញ្ចឹង។​ តើ​គិត​យ៉ាង​ម៉េច​ដែរ​អំពី​បញ្ហា​នេះ?​

លោកប្រាក់ សុខុន៖ ខ្ញុំ​មិន​យល់​ថា​ សំណួរ​ទាំង​ពីរ​ហ្នឹង​វា​ពាក់​ព័ន្ធ​គ្នា​យ៉ាង​ម៉េច​ទេ​។ ពី​ព្រោះ​របប​ខ្មែរ​ក្រហម​បាន​ចប់​បាត់​ទៅ​ហើយ យើង​មិន​និយាយ​តទៅ​ទៀត​ទេ។ ​អាច​មាន​ជា​សង្គ្រាម​ស៊ីវិល​ ​ដោយ​សារ​តែ​មាន​អ្នក​នយោបាយ​មួយ​ចំនួន​គាត់​ប្រកាន់​នូវ​ទ្រឹស្ដី​ញុះញង់​ ​ប្រកាន់​ពូជសាសន៏​ ​ ​ភូត​កុហក​ខាង​ផ្នែក​ផែន​ទី​ខាង​ផ្នែក​ព្រំ​ដែន​ ​ជា មួយ​ប្រទេស​ជិត​ខាង​យើង​នាំ​ឲ្យប្រជា​ពល​រដ្ឋ​មាន​ការ​យល់ច្រឡំ​ហើយ​ខឹង​សម្បារ​អី​ ​អាហ្នឹង​អាច​មាន​ទៅ​ជា​ការ​កើត​បញ្ហា​រកាំរកូស​ផ្ទៃក្នុង​យើង​ហ្នឹង​ដែរ។​

ក៏ប៉ុន្តែ​ការ​ដែល​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន​គឺ ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​ និង​ប្រជាជន​កម្ពុជា​ទេ​ ​ពីព្រោះ​ទំនាក់​ទំនង​ជាមួយ​ចិន​គឺ​ ផ្អែក​ទៅ​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​នឹង ផ្អែក​ទៅ​លើ​ការ​ផ្តល់​ផល​ប្រយោជន៏​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។​ យើង​បាន​ទទួល​ផល​ប្រយោជន៏​ច្រើន​ពី​ជំនួយ​របស់​ចិន​ ​ពី​សហប្រតិ​បត្តិការ​របស់​ចិនពី​ការ​វិនិយោគ​របស់​ចិន​។​ ​ចិន​គាត់​មក​វិនិយោគ​លើ​វារីអគ្គិសនី​ ​មាន​ជំនួយ​ខ្លះ​មាន​ការ​វិនិយោគ​ខ្លះ​ ​ មាន​កិច្ច​សហប្រតិបត្តិការ​ខ្លះ​។​ វារីអគ្គិសនី​ចំនួន​៧​នៅ​ស្រុក​ខ្មែរ​ ​គឺថា​សព្វ​ថ្ងៃនេះ​គឺ ថា ​មាន​ចំនួន​៦មាន​ចំណែក​របស់​ចិន​ហើយ​ ​មាន​កន្លែង​ខ្លះ​ជាលុយ ជំនួយ​ កន្លែង​ខ្លះ​ជាលុយ​កម្ចី​ ​កន្លែង​ខ្លះ​ជា​ Joint venture ​គឺថា​ការ​រួម​សហការ​គ្នារវាង​ក្រុម​ហ៊ុន​ចិន​ជាមួយ​ក្រុម​ហ៊ុន​ខ្មែរ​។​

អញ្ចឹង​នេះ​វា​បាន​ផ្តល់​ផល​ប្រយោជន៏​ដូច​ជា​ស្ពាន​ផ្លូវ​ដែល​ជា​ជំនួយ​ឥត​សំណង​ភាគច្រើន​គឺ ការ​ផ្តល់​ផល​ប្រយោជន៏​សម្រាប់​លើក​តម្កើង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​យើង ​ពីព្រោះ​កាល​ណា​មាន​ផ្លូវ​គាត់​ធ្វើ​ដំណើរ​ក៏​ស្រួល​គាត់​ដឹក​ទំនិញ​មក​ឯ​រាជធានី​ហ្នឹង​ក៏​ស្រួល​ ​ឬ​ក៏​ដឹក​ទៅ​ខេត្ត​ណា​ផ្សេង​ទៀត​ក៏​ស្រួល។​ ​សម្រួល​គ្រប់​យ៉ាង​ទាំង​អស់​ដល់​ជីវភាព​របស់​ពួកគាត់​។​ អញ្ចឹង​ទំនាក់​ទំនង​នេះ​គឺ​ជា​ទំនាក់​ទំនង​ ដែល​គិត​ទៅ​ដល់​ផល​ប្រយោជន៍​ដល់​កម្ពុជា​មិន​មែន​ថា​កម្ពុជា​ក្លាយ​ជា​រណប​របស់​ចិន​នោះ​ទេ​ ពីព្រោះ​យើង​រក្សា​ច្បាស់​លាស់​ណាស់​នូវ​គោល​នយោបាយ​ឯករាជ្យ​ ​ ​អព្យាក្រឹត្យ​អចិន្ត្រៃយ៍​របស់​កម្ពុជា​។

យើង​ជា​ប្រទេស​អព្យាក្រឹត្យ​មិន​ចូល​បក្ស​សម្ព័ន្ធ​។​ អញ្ចឹង​យើង​រក្សា​ និង​ការ​ពារ​គោល​នយោបាយ​នេះ​បាន​ត្រឹម​ត្រូវ​ ។​ហើយ​ខ្ញុំ​មិន​យល់​ថា​ ​ហេតុ​អ្វី​បាន​ជា​គេ​ចោទ​ប្រកាន់​មក​លើ​កម្ពុជា​អញ្ចឹង?​ នៅ​ពេល​ដែល​អ្នក​ដែល​ចោទ​ប្រកាន់​ហ្នឹង​ភាគ​ច្រើន​គាត់​ទាញ​ថា​ ឲ្យ​កម្ពុជា​ទៅ​រក​អាមេរិក​។​ អញ្ចឹង​ខ្ញុំ​មិន​យល់​ថា​យ៉ាង​ម៉េច​បាន​ជា​ចោទ​ប្រកាន់​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន?​ហើយ​នៅ​ពេល​ដែល​ខ្លួន​ឯង​ចង់​ទាញ​ទំនាក់​ទំនង​ឲ្យដូច​គ្នា​ហ្នឹង​ជាមួយ​ហ្នឹង​អាមេរិក​។ ​

ក៏​ប៉ុន្តែ​យើង​ចង់​ឲ្យ​មាន​ទំនាក់​ទំនង​ណាស់​ ​ជាមួយ​នឹង​គ្រប់​ប្រទេស​ទាំង​អស់​ ​ជា​ទំនាក់​ទំនង​មិត្តភាព​ ​ឈរ​ទៅ​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ​និង​ស្មើភាព​គ្នា​ទៅ​វិញ​ទៅ​មក។​ ខ្ញុំ​យល់​ហើយ​ថា ​ពាក្យ​ថា​ ស្មើភាព​វា ​មាន​ន័យ​របស់​វា​មាន​កម្រិត​ ​ព្រោះ​វា​អាស្រ័យ​ទៅ​លើ​ឥទ្ធិពល​ប្រទេស​ ​ទំហំ​របស់​ប្រទេស​ ​ឬ​អំណាច​នៅ​ក្នុង​ប្រទេស​ដែល​មាន​នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​នឹង​យើង។ ​ការ​ពិត​វា​អញ្ចឹង​មែន។ ​ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ឲ្យ​មាន​ការ​គោរព​គ្នា​ទៅ​វិញ​ទៅមក​ ​ការ​គោរព​អធិបតេយ្យ​ភាពការ​គោរព​ឯករាជ្យ​ភាព​គ្នា​ទៅ​វិញ​ទៅ​មក​។​

រូបឯកសារ៖​ មេដឹកនាំកម្ពុជា​និងចិន ចាប់ដៃ​គ្នា​នៅមុនកិច្ចប្រជុំមួយ នាវិមាន Great Hall of the People កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤។​
រូបឯកសារ៖​ មេដឹកនាំកម្ពុជា​និងចិន ចាប់ដៃ​គ្នា​នៅមុនកិច្ចប្រជុំមួយ នាវិមាន Great Hall of the People កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤។​

លោកសុខ ខេមរា៖ លោក​ទេស​រដ្ឋមន្ត្រី​ ​វិល​ត្រឡប់​ទៅ​រក​រឿង​បញ្ហា​មួយ​ផ្នែក​នៃ​ទំនាក់​ទំនង​ជាមួយ​និង​ចិន​ដែរ។​ទាក់​ទិន​នឹង​បញ្ហា​ការ​តាក់​តែង​ក្រម​ប្រតិបត្តិ​ (COC)​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​ដែល​ធ្វើ​ឲ្យមាន​បញ្ហា​នៅ​ក្នុង​តំបន់​អាស៊ាន​ខ្លះ។​តើ​អ្វីខ្លះ​ជា​ជំហរ ​កម្ពុជា​មកដល់​ពេល​ចុង​ក្រោយ​នេះ?​

លោកប្រាក់ សុខុន៖ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ពី​ឆ្នាំ​ទៅ​មិញ ​មាន​ភាព​តាន​តឹង​ខ្លាំង​ ​ដោយ​សារ​តែ​ការ​ចេញ​នូវ​សាលដីកា​របស់​តុលាការ​មជ្ឈត្តកម្ម​អចិន្ត្រៃយ៍ ​ឆ្លើយ​តប​ទៅ​នឹង​បណ្តឹង​របស់​ប្រទេស​ហ្វីលីពីន​ ​ប្រឆាំង​ទល់​នឹង​ចិន​។​ ប៉ុន្តែ​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រទេស​អព្យាក្រឹត្យ​ហ្នឹង​ម្តង​ទៀត​ហើយ​។

​យើង​អព្យាក្រឹត្យ​ ​យើង​មិន​ត្រូវ​កាន់​ជើង​ខាង​ណា​ ​យើង​អត់​លូកលាន់​ខាង​ណា​ទេ​ទី១​ ​។​ ទី២​យើង​មិន​មែន​ជា​ប្រទេស​ដែល​ដណ្តើម​ទាមទារ​អធិបតេយ្យ​នៅ​ក្នុង​តំបន់​ហ្នឹង​ទេ​ហើយ​ទី​៣​គឺ​ថា ​យើង​ខិត​ខំ​យ៉ាង​ម៉េច​រក្សា​សន្តិភាព​ ​រក្សា​ផល​ប្រយោជន៍​របស់​អាស៊ាន​ទាំង​មូល​នៅ​ក្នុង​ហ្នឹង។ ​ដោយ​ពិនិត្យ​មើល​ឃើញ​ថា​ ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ​បញ្ហា​តុលាការ​មជ្ឈត្តកម្ម​អចិន្ត្រៃយ៍​នេះ​គឺ​ពាក់ព័ន្ធ ​តែ​នឹង​ប្រទេស​ពីរ​ទេ​គឺ​ ប្រទេស​ហ្វីលីពីន​ ​ជាមួយ​នឹង​ចិន​ ​ហើយ​ចុង​ក្រោយ​នេះ​នៅ​ក្នុង​ជំនួប​កំពូល​ខែ​ ៤​កន្លង​ទៅ​ហ្នឹង​។ ​

លោក​ប្រធានាធិបតី​ ឌូធើតេ (Rodrigo Duterte )​ នៃ​ប្រទេស​ហ្វីលីពីន​ខ្លួន​ឯង​ ក៏គាត់​បាន​ប្រកាស​ដែរ​ថា ​បញ្ហា​នេះ​មិន​មែន​ជាបញ្ហា​រវាង​អាស៊ាន​នឹង​ចិន​ទេ​ ​គឺ​ជា​បញ្ហា​រវាង​ហ្វីលីពីន​ ​និង​ចិន​។ អញ្ចឹង​គាត់​មិន​បាន​លើក​បញ្ហា​ហ្នឹង​ថា ជា​បញ្ហា​យក​មក​ចោទ​នៅ​ក្នុង​កិច្ច​ប្រជុំកំពូល​នោះ​ទេ​។ ​អញ្ចឹង​ជំហរ​របស់​កម្ពុជា​គឺ​ ខិត​ខំធ្វើ​យ៉ាង​ម៉េច​ឲ្យមាន​ការ​រក្សា​ឲ្យបាន​នូវ​សន្តិភាព​ ស្ថិរភាព​នៅ​ក្នុង​តំបន់​ដែល​ជា​បុរេ​លក្ខខណ្ឌ​ ​និង​វិបុល​ភាព​សម្រាប់​តំបន់​។ អញ្ចឹង​យើង​អត់​កាន់​ជើង​ខាង​ណា​ទេ​។ ​

អញ្ចឹង​យើង​ខិត​ខំធ្វើ​យ៉ាង​ម៉េច​ឲ្យ​ ​មុនដំបូង​ឲ្យការ​អនុវត្ត​ឲ្យបាន​ពេញ​លេញ​នូវ ​(DOC) ​មុនដំបូង​(DOC)​ បើ​សិន​ជា​សេចក្តី​ប្រកាស​របស់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំងអស់​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​ក្នុង​នោះ​វា​មាន​បទដ្ឋាន​មួយ​ចំនួន​តម្រូវ​ឲ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​អនុវត្ត​តាម​ ​ហើយ​បន្ទាប់​ពី​ហ្នឹង​មក​យើង​បាន​ឯកភាព​គ្នា​ ដើម្បី​បន្ធូរ​បន្ថយ​ និងបង្ការ​កុំ​ឲ្យមាន​ជម្លោះ​នោះ​កើត​ឡើង​នៅ​ក្នុង​តំបន់​ហ្នឹង។​

ទី១​គឺ​ថា ​យើង​បង្កើត​ Hot Line ​រវាង​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​សមាជិក​អាស៊ាន​ជាមួយ​ក្រសួង​ការបរទេស​នៃ​ប្រទេស​ចិន​ ​ហើយ​មួយ​ទៀត​យើង​បង្កើត​នូវ​ក្រម​មួយ​សម្រាប់​ប្រតិបត្តិ​ក្នុង​ពេល​ដែល​យើង​បាន​ជួប​ប្រទះ​បញ្ហា​ដែល​យើង​អត់​បាន​គ្រោង​ទុក​នៅ​ក្នុង​តំបន់​សមុទ្រ​នេះ​។​ អញ្ចឹង​ប្រសិន​បើ​មាន​ការ​ពាក់​ព័ន្ធ​អ្វី​ប៉ះទង្គិច​អ្វី​ ​យើងខំប្រឹង​អត់ធ្មត់​អ្វី​យ៉ាងម៉េច​មាន​នៅ​ក្នុង​ក្រម​ហ្នឹង​ ដើម្បី​ចៀសវាង​កុំ​ឲ្យមាន​ការ​យល់​ច្រឡំ​គ្នា​បាន​ហើយ។​ហើយ​បន្ទាប់​មក​ថ្មី​ៗ​នេះ​ក្នុង​ខែ​៨​កន្លង​ទៅ​នេះ​ នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន​គឺ​ យើង​បាន​ឯកភាព​គ្នា​បាន​អនុម័ត​នូវ​ក្រប​ខណ្ឌ​នៃ​ក្រម​ប្រតិបត្តិ​របស់​សមុទ្រ​ចិន​ខាង​ត្បូង​។​

រូបឯកសារ៖ កោះ​ Southwest Cay ដែល​វៀតណាម​បាន​ទាម​ទារ​ស្ថិត​នៅក្នុង​ប្រជុំកោះ Spratly ដែល​ត្រូវ​បាន​ថត​ពី​លើ​អាកាស​ដោយ​យន្ត​ហោះ​ C-130 របស់​កង​ទ័ព​អាកាស​ហ្វីលីពីន។
រូបឯកសារ៖ កោះ​ Southwest Cay ដែល​វៀតណាម​បាន​ទាម​ទារ​ស្ថិត​នៅក្នុង​ប្រជុំកោះ Spratly ដែល​ត្រូវ​បាន​ថត​ពី​លើ​អាកាស​ដោយ​យន្ត​ហោះ​ C-130 របស់​កង​ទ័ព​អាកាស​ហ្វីលីពីន។

ក្រប​ខណ្ឌ​នេះ​ជា​គោល​គំនិត​ធំៗ​សម្រាប់​តាក់​តែង ​(COC) ​នេះ។​ អញ្ចឹង​ឥឡូវ​យើង​បាន​អនុម័ត និង​ឯកភាព​គ្នារួច​ ហើយ​នូវ​ក្រប​ខណ្ឌ ​(COC) ​នេះ​។ អញ្ចឹង​ផ្អែក​លើក​ក្រប​ខណ្ឌ ​(COC) ​នេះ​យើង​នឹង​សហការ​គ្នា​ដើម្បី​តាក់​តែង​នូវ​ (COC)​ អញ្ចឹង​ជំហរ​របស់​កម្ពុជា​គឺ ​គាំទ្រ​ដំណើរ​ការ​ដោយ​សន្តិវិធី​ចំពោះ​ដំណោះ​ស្រាយ​នៅ​សមុទ្រ​ចិន​ខាង​ត្បូងនេះ​។​

សាមគ្គីភាព​នៅ​ក្នុង​សមាគម​អាស៊ាន​ក្នុង​ការ​រក្សា​សន្តិភាព​ យើង​ឆ្លើយ​ Yes ​(ព្រម)បើ​ឲ្យយើង​ទៅ​សាមគ្គី​រួម​គ្នា​ជាមួយ​ហ្នឹង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ការ​បង្ក​ជម្លោះ​ជាមួយ​នឹង​ចិន​ជាមួយ​នឹង​អ្នកណា​ផ្សេង​ No​ (មិនព្រម) ។​ អញ្ចឹង​ជំហរ​របស់​យើង​គឺ សាមញ្ញ​ណាស់​គឺ​ថា​ ខិត​ខំ​ធ្វើ​យ៉ាងម៉េច​ឲ្យភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ខិតខំ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​របស់​ខ្លួន​ដោយ​សន្តិវិធី​ស្រប​ទៅ​តាម​ច្បាប់។​

លោកសុខ ខេមរា៖ នៅ​ក្នុង​សេចក្តី​រាយការណ៍​ព័ត៌មាន​ក៏​ដូច​ជា ​ការ​អត្ថាធិប្បាយ​របស់​មន្ត្រី​អាស៊ាន​ជាច្រើន​រាប់​ទាំង​កម្ពុជា​ផង​ហាក់​ដូចជា​មិន​បាន​ផ្តោត​ទៅ​លើ​ដូច​ថា​ ​តើ​តួអង្គ​ណា​ ​ ​តុលាការ​ណា ​ដែល​អាច​ជួយ​ដល់​ការ​សម្របសម្រួល​នៅ​ពេល​ដែល​មាន​ការ​ជម្លោះ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​?​ តើ​កម្ពុជា​អាច​ពន្យល់​បាន​អំពី​រឿង​ហ្នឹង​ថា​ ហេតុអ្វី​បាន​ជា​ មិន​មាន​ប្រើ​ពាក្យ​ពេចន៍អ្វី​នៅ​ក្នុង​ហ្នឹង​ថា​ បើសិនជា​មាន​រឿង​អ្វី​ទៅ​ថា​តើ​ខាង​ណា​ តុលាការ​ណា​ ​អាច​នឹង​កាត់​សេចក្តី​បាន?​

លោកប្រាក់ សុខុន៖ អានេះ​វា​សំខាន់​ទៅ​លើ​ភាគី​ដែល​ពាក់ព័ន្ធ​ជាមួយ​គ្នា​ហ្នឹង​ទេ​។ដូច​បាន​ជម្រាប​ជូន​ហើយ​ថា ​បញ្ហា​ជម្លោះ​ទាំង​អស់​នេះ​មិន​មែន​ជា​បញ្ហា​រវាង​ចិន​ជាមួយ​អាស៊ាន​ទាំងមូល​ទេ​។ ជា​បញ្ហា​រវាង​ប្រទេស​ជា​មួយ​នឹង​ប្រទេស​។ ​ចិន​ជាមួយ​នឹង​ប្រទេស​ហ្វីលីពីន​ ​ឬ​ ​ក៏​ជាមួយ​នឹង​ប្រទេស​ប្រ៊ុយណេ​ ​វៀតណាម​។​ ប៉ុន្តែ​មិនមែន​ជា​បញ្ហា​រវាង​ចិន​នឹង​អាស៊ាន​ទេ​។ អញ្ចឹង​អាស៊ាន​អត់មាន​ការ​ចាំបាច់ ហើយ​មិន​ត្រូវ​បញ្ចូល​បញ្ហា​អស់នេះ​នៅ​ក្នុង​ឯក​សារ​ផ្លូវការ​របស់​ខ្លួន​នោះ​ទេ​ ពីព្រោះ​មិន​មែន​ពាក់​ព័ន្ធ​ជាមួយ​អាស៊ាន​។​

លោកសុខ ខេមរា៖ លោក​ទេស​រដ្ឋមន្រ្តី​ ​វិល​ត្រឡប់​ទៅ​រក​ប្រទេស​កូរ៉េ​ខាងជើង​វិញ។​លោក​ទេសរដ្ឋមន្ត្រី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ​ឬរាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជាច្រើន​ទាក់ទិន​ទៅ​នឹង​ការ​សាកល្បង​កាំជ្រូច​មីស៊ីល​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​។​ តើមកដល់​ពេលនេះ​មានការ​វិវត្ត​យ៉ាង​ណា​ ​ឬ​ ​មាន​ការ​ជជែក​គ្នា​យ៉ាង​ណា​ ​នៅ​ក្នុង​កិច្ចប្រជុំ​គ្នា ​យ៉ាង​ណា​ទេ​អំពី​រឿង​នេះ?​

លោកប្រាក់ សុខុន៖ យើង​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​សភាព​ការណ៏​នៅ​ឧប​ទ្វីបកូរ៉េ​។ ​ខ្ញុំ​សូម​កែ​បន្តិច​ត្រង់​បញ្ហា​កូរ៉េខាង​ជើង​ និង​បញ្ហា​ឧបទ្វីបកូរ៉េ​ ពី​ព្រោះ​បើ​យើង​និយាយ​ពី​ឧបទ្វីបកូរ៉េទៅ​វា​ពាក់​ព័ន្ធ​ជាមួយ​នឹង​ដៃ​គូ និង​តួអង្គ​ផ្សេង​ទៀត​នៅ​ក្នុង​ឧប​ទ្វីបនេះ។​ ​កូរ៉េខាង​ជើង​គាត់​ជា តួអង្គមួយ​ ហើយ​តែ​មិន​មែន​តួអង្គ​តែឯង​ទេ​។

អញ្ចឹង​ចំពោះ​បញ្ហា​ឧបទ្វីប​កូរ៉េ​នេះគឺ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ជា​ពិសេសប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​សភាព​ការណ៍​កាន់​តែ​ធ្ងន់​ធ្ងរទៅៗ ​ដោយ​សារ​តែ​ ​គូរ​ទំនាស់​នឹង​គ្នា​កាន់​តែ​បង្កើន​សកម្មភាព​ដែល​ផ្គើន​ផង​ ​ដែល​ធ្វើ​ឲ្យ​សភាព​ការណ៍​ហ្នឹង​កាន់​តែ​តាន​តឹង​ផង។ ​ផ្គើន​ពី​ម្ខាង​ប្រទេស​កូរ៉េ​ខាង​ជើង។​ លោក​ ​ខេមរា​ ​ជ្រាប​ស្រាប់​ហើយ​គឺ​ កម្ពុជា ​និង​កូរ៉េ​ខាង​ជើង​មាន​ទំនាក់​ទំនង​ជាមួយ​គ្នា​ ពិសេស​ដោយសារ​តែ​ព្រះករុណា​សម្តេច​ឪ​ព្រះនរោត្តម​សីហនុពី​ដើម​មក​លោក​មាន​ទំនាក់​ទំនង​ពិសេស​ជាមួយ​លោក​អតីត​ប្រធានាធិបតី ​គឹម អ៊ីលស៊ុង។

ចាប់​តាំង​ពី​ពេល​នោះ​មក​យើង​រក្សា​ទំនាក់​ទំនង​ហ្នឹង​គឺ​ថា​ជា​ទំនាក់​ទំនង​ពិសេស​មួយ​ រហូត​មក​ដល់​ពេល​នេះ។ ប៉ុន្តែ​ដោយ​សារ​សកម្មភាព​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ហ្នឹង​គាត់​ទៅ​ជ្រុល​ហួស​ហេតុ​ ហើយ​ក្នុង​ឋានៈ​មួយ​ជា​សមាជិក​មួយ​នៃ​អង្គការ​សហប្រជាជាតិ​កម្ពុជា​ចាំបាច់​ត្រូវ​តែ​រំឭក​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​ថា ​ខ្លួន​ត្រូវ​គោរព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​សេចក្តី​សម្រេច​នានា​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ ហើយ​មាន​ជា​ហូរហែរ​មក​ហើយ។​

សេចក្តី​សម្រេច​មួយៗ​ឥឡូវ នេះ​កាន់​តែ​តានតឹង​ឡើងៗ​ចំពោះ​កូរ៉េ​ខាង​ជើង​ ​មាន​ការ​កាត់​ផ្តាច់​ការ​ធ្វើ​ពាណិជ្ជកម្ម​ ​ការ​រក​ស៊ី​អ្វី​ផ្សេង​ៗទៀត​ ដើម្បី​កាត់​ផ្តាច់​នូវ​ហិរញ្ញប្បទាន​ទាំងឡាយ​ ដែលអាច​យក​ទៅ​ចិញ្ចឹម​ដល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង​។ ​អញ្ចឹង​ទោះបី​ទំនាក់​ទំនង​ជាពិសេស​ និង​ល្អ​ជាមួយ​កូរ៉េ​ខាង​ជើង​ ក៏ដោយ​ក៏​កម្ពុជា​យើង​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៏​ពីរ​ដោយ​ឡែក​ពីរ​កាល​ពី​ឆ្នាំ​២០១៦ ​និង​ពីរ​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ​ពាក់​ព័ន្ធ ​និង​ការ​បាញ់​កាំជ្រួច​ផង​ ​និង​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ក្រោម​ដី​ផង។

​អញ្ចឹង​យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ជាមួយ​កូរ៉េ​ខាង​ជើង​អំពី​ជំហរ​របស់​យើងបើ​អ្នក​នៅ​ចង់​បន្ត​នៅ​ធ្វើ​ជា​មិត្ត​អ្នក​ត្រូវ​តែ​គោរព​ដល់​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ ​គោរព​ទៅដល់​ការ​សម្រេច​ទាំង​អស់​របស់​ប្រទេស ​ដែល​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ ​គោរព​សហគមន៍​អន្តរជាតិ​ និង​បោះបង់​ចោល​នូវ​កម្មវិធី អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​ទៅ។​

មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un ថ្លែង​ក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​នៃ​គណបក្ស​ពលករ​របស់​កូរ៉េ​លើក​ទី៧ នៅ​វិមាន Kumsusan Palace of the Sun។
មេដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jong Un ថ្លែង​ក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​នៃ​គណបក្ស​ពលករ​របស់​កូរ៉េ​លើក​ទី៧ នៅ​វិមាន Kumsusan Palace of the Sun។

ឯ​ម្ខាង​ទៀត​យើងក៏​គិតថា ​រឿង​វា​កើត​ឡើង ​ក៏​ដោយ​សារ​មាន​ការ​ញុះទៅ​ញុះ​មក ​វា​វិល​ជុំ​។​ ខាង​អាមេរិក​ ​និង ​កូរ៉េខាង​ត្បូង​ក៏​បង្កើន​សមយុទ្ធ​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ទៅៗ​ ​។ ​ដល់​អីចឹង​ទៅ​ធ្វើ​ឲ្យប្រទេស​កូរ៉េ​ខាង​ជើង​កាន់​តែ​បារម្ភ​ខ្លាំង​ទៅៗ​ ​គាត់​រុញ​កម្មវិធី​របស់​គាត់​រឹត​តែខ្លាំង​ទៅ​។ អញ្ចឹង​នាំគ្នា​គេហៅ​ថា​ វិល​ចុះ​វិល​ឡើង​ទៅ វា​ជា​ជុំមួយ​ដែល​នាំ​សភាព​ការណ៍​ហ្នឹង​កាន់តែ​តានតឹង។​

អញ្ចឹង​បាន​ជា​ជំហរ​របស់​កម្ពុជា ​នៅ​ពេល​ដែល​យើង​ធ្វើ​សេចក្តី​ថ្លែងការណ៍​នានា​គឺថា​ ​ទី១​ ​យើង​ស្នើសុំ​ឲ្យកូរ៉េ​ខាង​ជើង​គោរពនូវសេចក្តី​សម្រេច​នានា​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្កការ​សហប្រជាជាតិ​ ​គោរព​នូវ​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​ខ្លួន​ ប៉ុន្តែ​ទី២​យើង​អំពាវនាវ​ឲ្យគ្រប់​ភាគី​ទាំង​អស់​មាន​ការ​អត់ធ្មត់​នឹង​ជៀស​វាង​រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ ដែល​នាំ​ឲ្យ​សភាព​ការណ៍ ​ហ្នឹង​កាន់​តែ​តាន​តឹង​ថែម​ទៀត។ ​ពីព្រោះ​យើង​បារម្ភ​ដល់​ដំណាក់​កាល​ណាមួយ​វា​ទប់​មិន​បាន​វា​ផ្ទុះ​សង្គ្រាម​ទៅ​វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ប្រទេស​ទាំង​ពីរ​ជាប់​គ្នា​ហ្នឹង​ទេ​ ​វា​ប៉ះពាល់​ដល់​តំបន់​ទាំង​មូល​ ​ដល់​ពិភព​លោក​ទាំង មូល។​ ហើយទី៣​យើង​ក៏​បាន​ស្នើសុំ​ឲ្យ​មាន​ការ​ពិចារណា​រាល់​សំណើ​របស់​ចិន​ និងរុស្ស៊ី​ដែល​គាត់​បាន​លើក​សំណើ​គេហៅ​ថា​ Double Free ​ផ្អាក​ទាំង​សង ខាង​ផ្អាក​ទាំង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់កូរ៉េខាង​ជើង​ និង​ផ្អាក​ទាំង​ការ​សម​យុទ្ធ​ ​ឬ​ក៏​បន្ថយ​កម្រិត​សម​យុទ្ធ​ដែល​អាច​ទទួល​យក​បាន​ដែរ។​ ពីព្រោះ​ថា​សម​យុទ្ធ​ហ្នឹង​ ក៏វាជា​អណ្តាត​ភ្លើងមួយ​បញ្ឆេះ​កម្ដៅ​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​នាំ​ឲ្យ​កូរ៉េ​ខាង​ជើង​ខឹង សម្បា​តទៅ​ទៀត។​

ហើយ​ជាមួយ​ហ្នឹង​ក៏​យើង​បាន​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​គេហៅ​ថា ​គំនិត​ផ្តួចផ្តើម​ទីក្រុង​ប៊ែរឡាំង​ ពីព្រោះ​លោក​ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង​លោក ​មូន​ ​(Moon Jae-in) គាត់​បាន​ធ្វើ​គំនិត​ផ្តួចផ្តើម​ហ្នឹង​ប្រកាស​នៅ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៊ែរឡាំង​គឺ ការ​ហុច​ដៃ​ទៅ​កូរ៉េ​ខាង​ជើង​ដើម្បី​ចរចា​គ្នា​ឡើង​វិញ​ដើម្បី​រក​ដំណោះ​ស្រាយ​ ​រក​សន្តិភាព​រវាង​កូរ៉េទាំង​ពីរ​ ​។ ​អាហ្នឹង​យើង​បាន​គាំទ្រ​នូវ​គំនិត​ផ្តួច​ផ្តើម​នេះ ​ដែល​ជា​គំនិត​ផ្តួច​ផ្តើម​ឆ្ពោះ​ទៅ​រកការ​បន្ទូរ​បន្ថយ​សភាព​ការណ៍តាន​តឹង​រវាង​កូរ៉េ​ទាំងពីរ​នេះ។​

លោកសុខ ខេមរា៖ លោក​ទេសរដ្ឋ​មន្ត្រី ​នៅ​ពេល​ដែល​មាន​ការ​ព្រមាន​ឲ្យដឹង​ពី​ជំហរ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​កូរ៉េ​ខាង​ជើង​យ៉ាង​ដូច្នេះ​។ តើ​នៅ​ពេល​នេះ​មាន​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​កូរ៉េ​ខាង​ជើង​អាច​ត្រូវ​ផ្អាក​ ឬក៏​បន្ថយ​ពី​រឿង​ហ្នឹង​ ឬ​ក៏មាន​ទំនាក់​ទំនង​ហ្នឹង​អាច​បន្ធូរបន្ថយ​ទៅ​តាម​ហ្នឹង​ ឬក៏​យ៉ាងណា?​

លោកប្រាក់ សុខុន៖ ជម្រាប​ឲ្យត្រង់​ទៅ​យើង​បាន​បដិសេធ​រាល់​សំណើ​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​ទាំងអស់។ ​រដ្ឋមន្ត្រីការបរទេស​គាត់​សុំ​មក​កម្ពុជា​យើង​ក៏​ស្នើ​សុំថា​ មិន​ទទួល​ ​ប្រធាន​រដ្ឋសភា​សុំ​មក​ក៏​យើង​មិន​ទទួល​ ​អនុ​រដ្ឋ​មន្ត្រី​ការបរទេស​មក​ក៏​យើង​មិនទទួល​ ​ថ្នាក់​អគ្គនាយក​សុំ​មក​ក៏​យើង​អត់​ទទួល​ដែរ។​ ដើម្បី​បង្ហាញ​ឲ្យ​យល់​ថា​អ្នក​ត្រូវ​តែ​គោរព​នូវ​រាល់​សេចក្តី​សម្រេច​នានា​របស់​អង្គការ​សហប្រជាជាតិ​ ដើម្បី​ឲ្យខាង​ខ្ញុំ​នេះ​មាន​លទ្ធភាព​កសាង​ទំនាក់​ទំនង​ប្រក្រតី​ឡើង​វិញ​ជាមួយ​អ្នក​ឯង។

ពី​ព្រោះ​ថា​បើ​យើង​ធ្វើ​ការ​ទទួល​អីចឹង​គឺ កម្ពុជា​ខ្លួន​ឯង​ផ្ទាល់​នឹង​រំលោភ​បំពាន​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជា​ជាតិ​តែ​ម្តង ​ហើយ​ចំពោះ​សកម្ម​ភាព​ពាណិជ្ជកម្ម​នានា​ហ្នឹង​ក៏​យើង​បាន​ធ្វើការ​ស្រាវជ្រាវ​ដកស្រង់​ព័ត៌មាន​ទាំងអស់​ទាក់​ទង​ទៅ​នឹង​សកម្មភាព​សេដ្ឋកិច្ច​ ដែល​កូរ៉េ​ខាង​ជើង​អាច​មាន​នៅ​កម្ពុជា ​ដើម្បី​យើង​ចាត់​វិធានការ​ស្រប​ទៅ​តាម​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ។​

លោកសុខ ខេមរា៖ ​បញ្ហា​ចុង​ក្រោយ​មួយ​រវាង​ពលករ​ចំណាក​ស្រុក​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ​ ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ ​អំពី​រឿង​នេះ​តើ​មាន​ការ​ដូច​ថា​ជួយ​សម្រួល​យ៉ាងណា​ក្នុង​ការ​ផ្តល់​ប៉ាស្ព័រ​ ​វីសា ​ឬ​ក៏​ការ​សិទ្ធិ​ធ្វើ​ការ​ងារ​នៅ​ក្នុង​ប្រទេស​ថៃ​ ឬ​ក៏នៅ​ប្រទេស​កូរ៉េខាង​ត្បូង ដែល​កំពុងតែ​កើត​មាន​ទន្ទឹម​គ្នា​នឹង​កើតមាន​ការ​ដែល​មាន​សេចក្តី​ថ្លែងការណ៍​នៅ​អង្គការ​សហប្រជាជាតិ​ពី​ការ​លើក​កម្ពស់​កម្រិត​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ?​

លោកប្រាក់ សុខុន៖ ទី១​ ​ចំពោះ​នៅ​កូរ៉េខាង​ត្បូង​ដូច​ជា​អត់មាន​បញ្ហា​អ្វី​ទេ​។ ពីព្រោះ​នៅ​កូរ៉េខាង​ត្បូង​ជា​ប្រទេស​ឆ្ងាយម្ល៉ោះ​ ហើយ​ធ្វើ​ដំណើរ​ទៅ​មិន​អាច​រត់​ចូល​តាម​របៀង​ដូច​ដែល​យើង​ធ្វើ​ជាមួយ​ប្រទេស​ថៃ​អញ្ចឹង​ទេ។ អញ្ចឹង​គាត់​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​គាត់​ត្រូវ​មាន​ឯកសារ​ធ្វើ​ដំណើរស្រប​ច្បាប់​ទាំង​អស់​ ​បាន​ន័យ​ថា ​គាត់​ត្រូវ​មាន​ប៉ាស្ព័រ​ ​ហើយ នឹង​ វីសា​។ ​

ទៅ​ដល់​នៅ​គាត់​ត្រូវ​មាន​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ អាច​មាន​ករណី​តិចតួច​ជា​ ករណី​មិន​ស្របច្បាប់​នោះ​គឺ​ ពេល​ដែល​មាន​ពលករ​មួយ​ចំនួន​គាត់​ចប់​ការងារ​របស់​គាត់​ជាមួយ​ក្រុម​ហ៊ុន​មួយ ​ហើយ​គាត់​ទៅ​ថ្ពក់​ការងារ​ជាមួយ​ក្រុម​ហ៊ុន​មួយ​ផ្សេង​ទៀត​ដោយ​យើង​អាច​ហៅ​ថា​ក្រៅ​អំពី​កិច្ច​សន្យា​ដែល​គាត់បាន​ជាប់។​

ប៉ុន្តែមាន​ករណី​តិចតួច​ណាស់​ ដែល​យើង​បាន​ដឹង​ហើយ​កន្លង​ទៅ​យើង​ក៏​បាន​ណែនាំ​ឲ្យ​ពលករ​របស់​យើង​គោរព​ទៅ​តាម​ច្បាប់​ ដើម្បី​ធានា​សុវត្ថិភាពរបស់​គាត់​ផង​ ​ ​ភាព​ស្របច្បាប់​របស់​គាត់​ ហើយ​កុំឲ្យគាត់​មាន​បញ្ហា​ជាមួយ​នឹង​អាជ្ញាធរ​ជាមួយ​ប្រទេស​គេហ្នឹង។ ​ប៉ុន្តែ​ជាមួយ​នឹង​ប្រទេស​ថៃ​យើង​មាន​ពលករ​ច្រើន​ដែល​ស្តាប់​ទៅ​តាម​ការ​អូស​ទាញ​ពី​មេខ្យល់​មួយ​ចំនួន​ដែល​គាត់​រក​កម្រៃ​ក្នុង​ពេល​ដែល​ពលករ​ ​កម្មករ​របស់​យើង​រក​ការងារ​ធ្វើ។​ អញ្ចឹង​គាត់​រក​កម្រៃ​ជិះជាន់​ពី​លើ​ពី​ពលករ​របស់​យើង។​ ជួន​កាល​ក៏​គាត់​នាំ​រក​ការងារ​ធ្វើ​បាន​ទៅ​ ​ជួនកាល​ក៏​គាត់​បោក​ប្រាស់​អញ្ចឹង​ទៅ។​

ករណី​បោក​ប្រាស់​វា​មាន​តិច​ជាង​ច្រើន​ ហើយ​ប៉ុន្តែ​គាត់​នៅ​តែ​ជា​បញ្ហា​មួយ​ដែល​យើង​ខិតខំ​ដោះស្រាយ​ដែរ​។​ ចំពោះ​ភាព​ស្រប​ច្បាប់​របស់​គាត់​គឺថា​ យើង​បាន​បើក​យុទ្ធនាការ​ធំ​ណាស់​ក្នុង​រយៈ​កាល​កន្លង​ទៅ​ចំពោះ​ប៉ាស្ព័រ​ជាង​២សែន​ច្បាប់​ដែល​យើង​បាន​សម្រេច​ធ្វើ​ហើយ​សម្រាប់​ពលករ​យើង​បាន​ចាប់​ផ្តើម​ចែក​ទៅជូន​ពួក​គាត់។

ពីព្រោះ​នេះ​វា​ជាការ​លំបាកដែរ​ គាត់​មកធ្វើ​ប៉ាស្ព័រ​ហើយ​គាត់​ត្រឡប់​ទៅ​ធ្វើការ​នៅ​រោងចក្រ​នៅ​តាម​ខេត្ត​របស់​គាត់​វិញ​ ហើយ​អញ្ចឹង​វា​ពិបាក​ក្នុង​ការ​ជូន​ព័ត៌មាន​ ពិបាក​ក្នុង​ការ​យក​ប៉ាស័្ពរ​ទៅ​ចែក​ ​យើង​អាច​ស្រង់​បញ្ជី​ហ្នឹង​បាន​ហើយ​ ​យើង​អាច​ដឹង​ថា​គាត់​ធ្វើ​ការ​នៅ​កន្លែងណា​ ​យើង​យក​ប៉ាស័្ពរ​ទៅ​ចែក​ជូន​គាត់​ដល់​ទីកន្លែង​។​ ហើយ​នៅ​ពេល​ហ្នឹង​គឺ យើង​ដំណើរការ​មួយទៀត​គឺថា​ស្រង់​នូវ​អត្តសញ្ញាណ​ខែ្មរ​នៃ​ពលករ​របស់​យើង ​ដែល​កំពុង​ធ្វើ​ការ​មិន​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​។

ផ្អែក​លើ​បញ្ហា​ហ្នឹង​យើង​កសាង​ឯក​សារ​ Travel Document​ គឺថា​ឯកសារ​ធ្វើ​ដំណើរ​ក្នុង​នោះ​ប៉ាស្ព័រ​គឺ​ជា​រឿង​បញ្ហា​ធំជាង​គេ​ដើម្បី​ជូន​ទៅ​គាត់។​ ហើយ​យើង​ដាក់​កម្លាំង​ទៅ​ច្រើន​មែនទែន​សូម្បីតែ​ស្ថានទូត​ខ្មែរ​យើង​នៅ​ទៅ​ក្រុង​បាងកក​ក៏​ត្រូវ​រៀបចំ។​ កន្លែង​ចត​រថយន្ត​ពី​ដើម​គឺថា​ដកចេញ​អស់​រៀបចំ​កែសម្រួល​ដាក់​ម៉ាស៊ីន​ត្រជាក់​ដើម្បី​ទទួល​ពលករ​យើង​ដើម្បី​មក​បំពេញ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​ធ្វើការ​នៅ​ប្រទេស​ថៃ។​ អញ្ចឹង​យើង​ខិត​ខំ​ច្រើន​ដើម្បី​ឲ្យគាត់​ទទួល​ភាព​ស្របច្បាប់​ ដើម្បី​កុំ​ឲ្យ​គាត់​ទទួល​ការ​ជិះ​ជាន់​ជាយថាហេតុ​ពី​ថៅ​កែ។

ពីព្រោះ​កាលណា​យើង​មិន​ស្រប​ច្បាប់​យើង​ងាយ​ទទួល​រង​នូវ​ការ​ជិះជាន់​ការ​ធ្វើ​បាបពី​ថៅកែ​ណា​ដែល​អត់មាន​ភាព​សុចរិត​នោះ។​ អញ្ចឹង​យើង​ខិតខំ​ការពារ​គាត់​ ​យើង​ជួយ​សម្រួល​ដល់​គាត់​ហើយ​គាត់​មាន​បញ្ហា​អ្វីគាត់​អាច​មក​រក​នៅ​ស្ថានទូត​របស់​យើង​បាន​គ្រប់​ពេល​វេលា​ទាំង​អស់​។​

រូបឯកសារ៖ ពលករចំណាកស្រុក​កម្ពុជាឈរនៅក្នុងឡានដែលបានដឹកពួកគេចេញពីប្រទេសថៃមកដល់ច្រកព្រំដែនខ្មែរថៃនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។
រូបឯកសារ៖ ពលករចំណាកស្រុក​កម្ពុជាឈរនៅក្នុងឡានដែលបានដឹកពួកគេចេញពីប្រទេសថៃមកដល់ច្រកព្រំដែនខ្មែរថៃនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។

លោកសុខ​ ខេមរា៖ ជាមួយ​នឹង​អាជ្ញាធរ​ថៃវិញ​មាន​ការ​សហការ​ជាមួយ​គ្នា​ល្អ​ប៉ុណ្ណា​ទៅ​ ពី​ព្រោះ​មាន​រឿង​ខ្លះ​កើត​ឡើង​ភាគី​ថៃ​ហាក់​បី​ដូច​ជា មិន​បាន​ជូន​ដំណឹង​មក​កម្ពុជា​ទេ​។​ ប៉ុន្តែ​ឃើញ​តែ​មាន​ការ​ចាប់​បណ្តេញ​ពលករ​តែ​ម្តង។ ​តើ​មាន​ការពិភាក្សា​គ្នា​យ៉ាងណា​អំពី​រឿង​នេះ?​

លោកប្រាក់ សុខុន៖ ​យើង​បាន​ពិភាក្សា​ច្រើន​ណាស់​ទាំង​ក្នុង​កម្រិត​ក្រុម​ការងារ​ ​ទាំង​ក្នុង​កម្រិត​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​ និង​រដ្ឋមន្ត្រី​ការបរទេស​។ ខ្លួន​ខ្ញុំផ្ទាល់​ហ្នឹង​ក៏​បាន​ជជែក​ច្រើន​ជាមួយ​ឯក​ឧត្តម​ Don Pramudwinai​ រដ្ឋមន្ត្រី​ការបរទេស​ថៃ​ដើម្បី​ឲ្យ​យកចិត្ត​ទុកដាក់​ចំពោះ​ពលករ​របស់​យើង។​ ប៉ុន្តែ​ធម្មតា​ក្រសួង​ការ​បរទេស​មិន​មែន​ជា​អ្នក​គ្រប់​គ្រង​ពលករ​ទាំង​ស្រុង​ទេ​ យើង​គ្រាន់​តែមាន​ការ​ជួយ​សម្រួល​បែបបទ​មួយ​ចំនួន​ឲ្យ​ទេ​តែ​សំខាន់​នៅ​លើ​ក្រសួង​ការងារ​របស់​ថៃ​ ​ផ្នែក​អន្តោប្រវេសន៏​របស់​ថៃ​។​

ប៉ុន្តែ​មាន​ការ​ស្នើ​សុំ​ឲ្យ​សហការ​ឲ្យសម្រួល ​ហើយ​ខ្ញុំ​ក៏បាន​សំណូម​ពរ​ដល់​ឯក​ឧត្តម​ ប្រាយុទ្ធ​ ​ចាន់​អ៊ូចា​ នាយករដ្ឋ​មន្ត្រី​ថៃ​។ ​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ពិភាក្សា​បញ្ហានេះ​ជាមួយ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ថៃ​ដែរ​លើក​ចុង​ក្រោយ​នេះ​ នៅ​ពេល​ដែល​ឯក​ឧត្តម​ប្រាយុទ្ធមក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ថ្ងៃទី៧​ ខែកញ្ញា ​យើងនេះ​។​ ប៉ុន្មាន​អាទិត្យ មុន​នេះ​ក៏បាន​ពិភាក្សា​អំពី​បញ្ហា​ហ្នឹង​ដែរ​ហើយ​ ក៏បាន​ឯកភាព​គ្នា​ថា​ ខិត​ខំ​សម្រួល​ជា ​អតិបរមា​ដើម្បី​ឲ្យពលករ​របស់​យើង​ទទួល​បាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ខាង​ភាគី​ថៃ​កុំ​ឲ្យ​មាន​ការ​ធ្វើ​បាប។

​ហើយ​ក្នុង​រឿង​ធ្វើ​បាប​នេះ​ក៏​យើង​មាន​ការ​ជជែក​គ្នា ដែរ​ពី​បញ្ហា​ប្រើ​ប្រាស់​អាវុធ​ប្រឆាំង​អ្នក​កាប់​ឈើ​ខុសច្បាប់​ ពីព្រោះ​និយាយ​ទៅ​កម្ពុជា​យើង​មួយ​ចំនួន​ចាញ់​បោក​គេ​ ឲ្យ​ទៅ​កាប់​ឈើ​គ្រញូង​នៅ​ក្នុង​ដី​ថៃ​ ហើយ​ដឹក​យក​មក​វិញ​។ អញ្ចឹង​ទៅ​មាន​បញ្ហា​ឃាត់​ឃាំង​ទៅ​មាន​ការ​តដៃ​ ​ឬ​ក៏​មិន​តដៃ​យើង​ទៅ​យើង​ក៏ពិបាក​ដឹង​ដែរ​គឺ​ យើង​ស្នើសុំ​ឲ្យមាន​ការ​សហការ​គ្នា​ឲ្យ​បាន​ជិតស្និទ្ធ​ថែម​ទៀត​ទាក់​ទង​បញ្ហា​ហ្នឹង ​ដើម្បី​កុំ​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត​ដល់​ប្រជាពលរដ្ឋ​យើង​ទោះជា​គាត់​ខុស​ឆ្គង​យ៉ាង​ណា​ក៏ដោយ។​

លោកសុខ ខេមរា៖ លោក​ទេស​រដ្ឋ​មន្ត្រី​ដោយ​សារ​ខ្ញុំ​ជិតដល់​ពេល​វេលា​។តែ​ខ្ញុំ​ចង់​ឲ្យលោក​បញ្ជាក់​សារ​ដើម​អំពី​កិច្ច​សហប្រតិបត្តិការ​ពី​រឿង​ភេវកម្ម​ និង​បម្រែបម្រួល​អាកាសធាតុ​។​ តើ​កម្ពុជា​បាន​ចូល​រួម​អ្វី​ខ្លះ​ជា​សំខាន់ៗ?​

លោកប្រាក់ សុខុន៖ ​បញ្ហា​ភេវកម្ម​ទី១ ​យើង​ថ្កោល​ទោស​ យើង​ប្រឆាំង​ដាច់​ខាត​ចំពោះ​អំពើ​ភេវកម្ម​ទោះ​ក្នុង​រូបភាព​ណាក៏​ដោយ ​និង​ដោយ​មូលហេតុ​ណា​ក៏ដោយ​ពី​ព្រោះ​ថា​ យើង​មិនអាច​ទទួល​បាន​ទេ​នូវ​អំពើ​សម្លាប់​ប្រជាជន​ស្លូត​ត្រង់​ដោយ​ឥត​រើស​មុខ​បែប​នេះ។ ​ទី២​យើង​ក៏​ដឹង​ដែរ​ថា​ ភេវកម្ម​គ្មាន​ប្រទេស​ណាមួយ​អាច​រួច​ខ្លួន​បាន​ទេ​ទោះ​ជា​មក​ដល់​ម៉ោង​នេះ​កម្ពុជា​ យើង​មិន​ទាន់​ទទួល​បាន​នូវ​អំពើ​ភេវកម្ម​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ក៏ដោយ​។​

ក៏ប៉ុន្តែ​យើង​ត្រូវ​តែ​ត្រៀម​ជាប់​ជានិច្ច​ដើម្បី​ប្រឆាំង​ទប់​ទល់​នឹង​យថាភាព​នៃ​ការ​ប្រពឹត្ត​អំពើ​ភេវកម្ម។​ ទី៣​គឺ ​យើង​ត្រូវ​ដោះ​ស្រាយ​អំពើ​ភេវកម្ម។​ ទី១​គឺ​ដោះស្រាយ​ចំពោះ​មូល​ហេតុ​ដើម​ដែល​នាំ​ឲ្យមាន​អំពើ​ភេវកម្ម​ ​មូលហេតុ​ទាក់​ទង​ទៅ​នឹង​អតុល្យភាព​នៅ​ក្នុង​សង្គម​ ​ ​ការ​រើស​អើង​ ​ការ​ចង​កំហឹង​រវាង​សាសនា​ខុស​គ្នា​។​ ក៏​ប៉ុន្ត​នៅ​កម្ពុជា​យើង​សាសនា​ទាំង​អស់​រួម​រស់​ជាមួយ​គ្នា​ដោយ​សុខ​សន្តិភាព​។

នេះ​ជា​គោល​នយោបាយ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ដែល​លោក​លើក​ទឹក​ចិត្ត​ទាំង​សាសនា​ឥស្លាម​ ​ទាំង​សាសនា​គ្រឹស្ត ​ហើយ​ច្បាស់​ហើយ​គឺ​ សាសនា​ព្រះ​ពុទ្ធ​របស់​យើង​នេះ​ ហើយ​បញ្ហា​ដែល​ត្រូវ​ចូល​រួម​មួយ​ទៀត​គឺ​ បញ្ហា​ដែល​ត្រូវ​ចូល​រួម​ទប់​ស្កាត់​ការ​ធ្វើ​ហិរញ្ញប្បទាន​ដល់​សកម្មភាព​ភេវកម្ម​។​ ពីព្រោះ​ធម្មតា​ធ្វើអ្វី​ក៏​ដោយ​វា​ត្រូវតែ​មាន​លុយ​ ហើយ​បើ​យើង​កាត់​ផ្តាច់​ហិរញ្ញប្បទាន​ហ្នឹង​បាន​ យើង​អាច​ទប់ស្កាត់​ភេវកម្ម​បាន​ច្រើន។

​ហើយ​ចំណុច​មួយ​ទៀត​ ដែលគួរ​ឲ្យចាប់​អារម្មណ៍​ដែរ​គឺ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​ទីក្រុម​ម៉ារ៉ាវី​ (Marawi) ប្រទេស​ហ្វីលីពីនគឺ​ជា ការ​បញ្ជាក់​ឲ្យឃើញ​ថា​ភេវករ​កំពុង​តែរក​ទីតាំង​មូល​ដ្ឋាន​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​យើង​។ ​អញ្ចឹង​ប្រទេស​អាស៊ាន​ទាំង​អស់​ខំប្រឹង​ប្រែង​រួបរួម​កម្លាំង​គ្នា​ ដើម្បី​ទប់​ស្កាត់​កុំឲ្យ​បញ្ហា​នេះ​កើត​ឡើង ​ដូច​វា​បាន​កើត​ឡើង​នៅ​ប្រទេស​អ៊ីរ៉ាក់​ ​និងប្រទេស​ស៊ីរី​ ​នេះ​ជា​ដើម​។​

ឯចំពោះ​ការ​បម្រែបម្រួល​អាកាស​ធាតុ​គឺ​ យើង​បាន​ចុះ​ហត្ថលេខា​នៅ​លើ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ស្តី​ពី​ការ​ប្រែប្រួល​ធាតុ​អាកាស​ហើយ​។ ហើយ​រដ្ឋសភា​យើង​ក៏បាន​ផ្តល់​សច្ចាប័ន​ទៅ​ដល់​កិច្ច​ព្រមព្រៀង​នោះ​ហើយ​កាល​ពី​ដើម​ឆ្នាំនេះ។​

អញ្ចឹង​យើង​រួម​ចំណែក​ដោយ​អស់ពី​ចិត្ត​ពី​ថ្លើម​ក្នុង​ការ​ទប់​ស្កាត់​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ​ដែល​កន្លង​ទៅ​យើង​ឃើញ​ថា ​ការ​ប្រែប្រួល​ធាតុ​អាកាស​ក៏បាន​ជះឥទ្ធិពល​ធំ​ណាស់​ដែរ​មក​ដល់​កម្ពុជា​យើង។ ​អញ្ចឹង​យើង​ក៏​ចាត់​វិធានការ​នានា​ដើម្បី​រួម​ចំណែក​ក្នុង​ការ​ចាត់​វិធានការ​ប្រឆាំង​ជាមួយ​នឹង​ការ​ប្រែប្រួល​ធាតុ​អាកាស​ហ្នឹង​ជាមួយ​នឹង​សហគមន៍​ពិភពលោក​ផង​ដែរ។​

លោកសុខ ខេមរា៖ ​បាទ​តើ​ជា​ចុង​ក្រោយ​នេះ​លោក​ទេស​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​យ៉ាង​ណា​ពី​បូរី​ញូវយ៉ក​ទៅកាន់​ពលរដ្ឋ​កម្ពុជា? ​បាទ​សូម​អញ្ជើញ។

លោកប្រាក់ សុខុន៖ បុណ្យ​ភ្ជុំបិណ្ឌ​ទើប​បញ្ចប់​ថ្មីៗ​នេះ។ ​ខ្ញុំ​មិន​មាន​អ្វីវែង​ឆ្ងាយ​ទេ​គ្រាន់ តែ​ថា ​សុំ​ឲ្យប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​រស់​នៅ​អាមេរិក​ ​ក៏​ដូច​ជា​រស់​នៅ​ប្រទេស​ផ្សេងៗ​ទៀត​គឺ​ថា​ មានការ​ស្វែងយល់ឲ្យបាន​ត្រឹម​ត្រូវ​ទាក់​ទិន​ទៅ​នឹង​សភាព​ការណ៍​នៅកម្ពុជា​ មាន​ការ​ថ្លឹងថ្លែង​មុន​ធ្វើ​ការ​ចោទ​ប្រកាន់​ហើយ​ធ្វើ​ការ​វិនិច្ឆ័យ​ប្រកប​ទៅ​ដោយ​ភាព​គ្រប់​ជ្រុង​ជ្រោយ​ដូច​ខ្ញុំ​បាន​ជម្រាប​ជូន​ខាង​ដើម​នេះ​។ ​

ហើយ​ឆ្លៀត​ក្នុង​ឱកាស​នេះ​ខ្ញំ​សូម​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំងអស់​ ​សូម​ឲ្យ​មាន​សុខភាព​ល្អ​បរិបូរ​ ​កម្លាំង​ពលំ​មាំមួន​ធ្វើ​យ៉ាងណា​សូម​ឲ្យ​ឈ្នះ​គ្រប់​មារ​សត្រូវ​ និង​សម្រេច​ឲ្យគ្រប់​កិច្ចការ​ទាំងអស់ ​ដែល​ខ្លួន​កំពុង​បំពេញ​ប្រកប​ទៅ​ដោយ​ភាព​ជោគជ័យ​និង​មាន​សុភមង្គល​ក្នុង​គ្រួសារ។​

លោកសុខ ខេមរា៖ ​បាទសូម​អរគុណ​ច្រើន​លោក​ទេសរដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ​និង​ជា​អ្នក​តំណាង​កម្ពុជា​ ដែល​បាន​មក​ថ្លែង​ការណ៍​នៅ​ឯ​មហាសន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ ​ដែល​បាន​ផ្តល់​កិច្ច​សម្ភាសន៏​ជាមួយ​ខ្ញុំ​បាទ​ ​សុខ​ ​ខេមរា​ ​អ្នក​យក​ព័ត៌មាន​របស់​ VOA​ ​និង​ក្រុម​ការងារ​របស់​ VOA មាន​លោក​ ប៉ូច រាសី​ ​និង​ ​លោក​ ​ពិន ស៊ីសុវណ្ណ​ ​មក​កាន់​បូរី​ញូវយ៉ក​នេះ​ ​ហើយ​ដោយ​សារ​ពេល​វេលា​ខ្លី​ខ្ញុំ​សូម​អរគុណ​ហើយ​សូម​ជម្រាប​លា។

លោកប្រាក់ សុខុន៖ ​បាទ សូម​អរគុណ៕

XS
SM
MD
LG