ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​កុម្មុយនីស្តចិន​ប្តេជ្ញា​ធ្វើ​ជា​ឆ្អឹង​ខ្នង​កម្ពុជា


លោក​ លីវ​ យុន​សាន​ (Liu Yunshan) មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន បាន​ជួប​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ដែល​ត្រូវបាន​ស្នើឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថត​ដកស្រង់​ពី​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

លោក​ ហ៊ុន សែន​ថា​ ចិន​នឹង​នៅ​ជា​ខ្នង​បង្អែក​រឹងមាំ​របស់​កម្ពុជា។ ​អ្នកវិភាគ​លើក​ឡើង​ថា​ ការ​គាំទ្រ​របស់​ចិន​គឺ​ជា​ការ​ទទូច​ចង់​បាន​របស់​លោក ហ៊ុន សែន​​ក្នុងការ​ដឹកនាំ​កម្ពុជា។

មន្ត្រី​គណបក្សកុម្មុយនីស្ត​ចិន​បាន​បន្ត​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ តប​តាម​ការ​អញ្ជើញ​របស់​មេដឹកនាំ​កម្ពុជា។​ លោក​ លីវ យុនសាន​ មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​នយោបាយ​របស់​គណបក្ស​កុម្មុយ​នីស្ត​ចិន​ បាន​បញ្ជាក់​នៅ​ចំពោះ​មុខលោក​ ហ៊ុន សែន ​ប្រធាន​គណបក្ស​កាន់​អំណាច​ថា​ ចិន​នឹង​នៅ​ជា​ខ្នង​បង្អែក​រឹងមាំ​របស់​កម្ពុជា។ ​អ្នកវិភាគ​លើក​ឡើង​ថា​ ការ​គាំទ្រ​របស់​ចិន​គឺ​ជា​ការ​ទទូច​ចង់​បាន​របស់​លោក ហ៊ុន សែនក្នុងការ​ដឹកនាំ​កម្ពុជា។

គណបក្ស​កុម្មុយនីស្ត​ចិន​បាន​បន្ត​បញ្ជាក់​ជំហរ​សាជាថ្មី​ទៀត​គំាទ្រ​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បាន​លើកឡើង​ថា​ គ្មាន​បរទេស​ណា​អាច​មក​បំបែក​បំបាក់​ចំណង​ទាក់ទង​ខ្មែរ​និង​ចិន​បាន​ឡើយ។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន​ នាថ្ងៃ​ពុធនេះ។​

ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​មន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា​ រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ផង​ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ លីវ យុនសាន ​សមាជិក​គណៈ​អចិន្រ្តៃយ៍ ​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈឹម​គណបក្សកុម្មុយនីស្ត​ចិន ​ជាមួយ​មន្ត្រី​ចិន​ជា​ច្រើន​រូប​ទៀត។​

ជំនួប​រវាង​លោក​ ហ៊ុន សែន​ និង​លោក​ លីវ យុនសាន​ កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​ ហ៊ុន សែន​ បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ងើប​ក្រោក​ឈរ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ពី​បរទេស​ ​ដោយ​សំដៅ​ទៅ​ដល់​អ្វីដែល​លោក​ហៅថា ​នយោបាយ​ចក្រព័ត្តិនិយម​របស់​សហរដ្ឋ​អាមេរិក។

រូបឯកសារ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​កម្មកររោងចក្រ​ កាលពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។
រូបឯកសារ៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​កម្មកររោងចក្រ​ កាលពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។

ក្នុង​ជំនួប​របស់​លោក​ជាមួយ​លោក​ ហ៊ុន សែន ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ភ្នំពេញ​នាថ្ងៃពុធ​នេះ​ ​ លោក​ លីវ យុនសាន​ ​បាន​បញ្ជាក់​ជាថ្មី​ម្តងទៀត​ថា​ រដ្ឋាភិបាល​ចិន​គាំទ្រ​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន​ ពេញ​ទំហឹង​តែ​ម្តង​ ហើយ​នេះ​ក៏ជា​សញ្ញា​ទៅ​កាន់​ពិភពលោក​ថា​ «កម្ពុជា-ចិន​ គឺ​គ្មាន​បរទេស​ណា​មក​បំបែក​បំបាក់​បាន​ឡើយ»។ លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​ប្រាប់​មន្រ្តី​ចិន​ថា៖ «ទំនាក់ទំនង​រវាង​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​ ក្នុង​លក្ខណៈ​ជា​បង​ប្អូន​រវាង​ចិន​កម្ពុជា​ គឺ​ស្ថិត​នៅ​រឹង​មាំ ​ហើយ​ការ​រីក​ចម្រើន​របស់​កម្ពុជា​ គឺ​មិន​អាច​កាត់​ផ្តាច់​ពី​មិត្ត​ចិន​បាន​ឡើយ»។​

លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ចិន​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ទាញ​អ្នក​វិនិយោគ​មក​កម្ពុជា ​ផ្តល់​ជំនួយ​ឥណទាន​ និង​ជំនួយ​ឥត​សំណង​ជា​ច្រើន​ដើម្បី​អភិវឌ្ឍ​ប្រទេស។​ លោក​ ហ៊ុន សែន ​បាន​ឲ្យ​ដឹង​ថា​ ​ មក​ទល់​ឆ្នាំ​២០១៧​នេះ​ កម្ពុជា​ទទួល​ជំនួយ​ពី​ប្រទេស​ចិន​ជាង​ ៤.៨០០​ លាន​ដុល្លារ​អាមេរិក​ហើយ។​

នៅ​ចំពោះ​មុខ​ក្រុម​មន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា​ លោក​ ហ៊ុន សែន​ បាន​ស្នើ​សុំ​ឲ្យ​ភាគី​ចិន​ជួយ​ផ្តល់​ទុន​សម្រាប់​អភិវឌ្ឍ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ផ្លូវ​គមនាគមន៍​ជាតិ​ ​ព្រលាន​យន្តហោះ​នៅ​ខេត្ត​សៀមរាប​ ​ព្រម​ទាំង​ស្នើ​ឲ្យ​ប្រទេស​ចិន​ពន្លឿន​ការ​នាំចូល​អង្ករ​កម្ពុជា​ក្នុង​កូតា​ថ្មី​ចំនួន​៣០​ម៉ឺន​តោន។ ​លោក​ ហ៊ុន សែន​ ក៏​បាន​ស្នើ​សុំ​ឲ្យ​ភាគី​ចិន​ជំរុញ​ការ​កសាង​ផ្លូវ​តាម​ជនបទ​ សាលារៀន ​និង​ស្រះ​ទឹក ​ដើម្បី​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ពលរដ្ឋ​នៅ​តំបន់​ឆ្ងាយៗ។​ នេះ​បើ​យោង​តាម​ការ​អធិប្បាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន។​

ទំព័រ​ហ្វេសប៊ុក​លោក​ ហ៊ុន សែន ​បាន​បញ្ជាក់​ឲ្យ​ដឹងទៀត​ថា​ លោក​ លីវ យុនសាន ​បាន​អះអាង​ថា​ ​«ប្រទេស​ចិន​គឺ​ស្ថិត​ជា​ខ្នង​បង្អែក​ដ៏​រឹង​មាំ​សម្រាប់​ជួយ​កម្ពុជា​គ្រប់​កាលៈទេសៈ​ទាំង​អស់»។​

ក្រោយ​ជំនួប​នោះ​ លោក​ ហ៊ុន សែន​ និង​លោក​ លីវ យុនសាន​ បាន​ធ្វើ​ជា​សាក្សី​នៃ​ការ​ចុះ​អនុ​ស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ចំនួន៦ ​ដែល​ផ្តោត​លើ​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​គណបក្ស​ និង​គណបក្ស​ ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចិន ​និង​ប្រទេស​កម្ពុជា​ ​ ការ​អនុវត្ត​គម្រោង​លើក​កម្ពស់​ជីវភាព​ វិស័យ​សុខាភិបាល​ និង​អប់រំ​ កិច្ច​សហការ​ថត​ភាពយន្ត​ឯកសារ​រវាង​ស្ថានីយ​ទូរទស្សន៍​មជ្ឈឹម​ចិន​ និង​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ និង​ការ​សហ​ប្រតិបត្តិការ​សិក្សា​លើ​គម្រោង​សាងសង់​បណ្តាញ​ទូរទស្សន៍​ឌីជីថល​ទូទាំង​ប្រទេស​កម្ពុជា។​

នេះ​ជា​លើក​ទីពីរ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ចិន​មក​កាន់​កម្ពុជា​ក្នុង​ខែ​កញ្ញា​នេះ។ ​កាល​ពី​ដើម​ខែ​កញ្ញា​ លោក​ វ៉ាង ជារួយ ​(Wang Jiarui) ​អនុប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដោយ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ ​ហ៊ុន សែន​ និង​មេ​ដឹកនាំ​កម្ពុជា​ផ្សេង​ទៀត ​នៅ​ទីក្រុង​ភ្នំពេញ។​

ក្នុង​ដំណើរ​របស់​លោក​មក​កម្ពុជា​ លោក​Wang ក៏​បាន​បញ្ជាក់​ប្រាប់​ថ្នាក់​ដឹកនាំ​កម្ពុជា​ថា ​ទំនាក់​ទំនង​កម្ពុជា-ចិន​ ​គឺ​ជា​ទំនាក់​ទំនង​បង​ប្អូន​ ​និង​ជា​មហា​គ្រួសារ​ ​ព្រោះថា​ ​ឧបសគ្គ​របស់​កម្ពុជា ​គឺ​ជា​ឧបសគ្គ​របស់​ចិន​ ​ហើយ​ជោគជ័យ​របស់​កម្ពុជា​ ​គឺ​ជា​ជោគជ័យ​របស់​ចិន​ផង​ដែរ។

ការ​មក​បំពេញ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​របស់​មន្ត្រី​រដ្ឋាភិបាល​កុម្មុយនីស្តចិន​ និង​គណបក្ស​កុម្មុយនីស្ត​ចិន​នេះ​ កើត​មាន​ឡើង​ បន្ទាប់​ពី​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ត្រូវ​ក្រុម​អ្នក​សង្កេត​ការណ៍​នយោបាយ​នៅ​កម្ពុជា​មើល​ឃើញ​ថា​ បាន​បើក​យុទ្ធនាការ​បង្ក្រាប​លើ​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​ និង​ស្ថាប័ន​ប្រជា​ធិបតេយ្យ​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។ ​ការ​បង្ក្រាប​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ​ កើត​មាន​ឡើង​ ក្រោយ​អាជ្ញាធរ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ បាន​ចាប់​ខ្លួន​លោក​ កឹម សុខា​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ ក្រោម​បទ​សង្ស័យ​ថា​ បាន​សម​គំនិត​ជាមួយ​ជន​បរទេស​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។​

រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​នៅ​ទីស្នាក់ការ​កណ្តាលបក្ស​នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​នៅ​ទីស្នាក់ការ​កណ្តាលបក្ស​នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។

លោក​ ហ៊ុន សែន​ ​បាន​ដាក់​ការ​សង្ស័យ​ថា​ លោក​ កឹម សុខា​ បាន​ទទួល​ការ​ជួយ​ពី​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​លោក​នៅ​កម្ពុជា​ ប៉ុន្តែស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។​

លោក​ Sebastian Strangio ​អ្នក​វិភាគ​នយោបាយ​កម្ពុជា ​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ «‍ប្រទេស​កម្ពុជា​របស់​លោក ​ហ៊ុន សែន» ​បាន​បញ្ជាក់​ប្រាប់ ​VOA ​ឲ្យ​ដឹង​តាម​សារ​អេឡិចត្រូនិក​ ឬអ៊ីម៉េល​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​រដ្ឋាភិបាល​ តែង​តែ​សង្ស័យ​ថា​ សហរដ្ឋ​អាមេរិក​មាន​បំណង​មិន​ឲ្យ​ខ្លួន​កាន់​អំណាច។​

លោក​ថា​ ការ​មិន​ទុក​ចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​កើត​មាន​ឡើង​ ​តាំង​ពី​ក្នុង​ទសវត្សរ៍​១៩៨០​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​គាំទ្រ​សត្រូវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិល​ ហើយ​ការ​មិន​ទុកចិត្ត​នោះ​បាន​បន្ត​មកដល់​ក្រោយ​សម័យ​ UNTAC ​គឺ​នៅ​ពេល​ដែល​អាមេរិក​បាន​ផ្តល់​ការ​គាំទ្រ​ជា​ច្រើន​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នានា​ ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​មើល​ឃើញ​ថា​ ជា​ផ្នែក​មួយ​នៃ​ការ​ប្រឆាំង។​

អ្នក​វិភាគ​រូប​នេះ​បាន​ពន្យល់​ថា​ លោក​ ហ៊ុន សែន​ មិន​មែន​ជា​អ្នក​ប្រឆាំង​លោក​ខាង​លិច​តាំង​ពី​ដើម​ទី​នោះ​ទេ​ ប៉ុន្តែ​លោក​ប្រហែល​ជា​ចាត់​ទុក​ខ្លួន​លោក​ថា​ ជា​អ្នក​ប្រឆាំង​អាណានិគម។​ លោក​ថា​ លោក​ ហ៊ុន សែន ​ក៏​ជា​បុគ្គល​លទ្ធផល​និយម ​ហើយ​ក៏​នឹង​អន្ទះសា​ស្វាគមន៍​ទំនាក់​ទំនង​ល្អ​ជាមួយ​រដ្ឋា​ភិបាល​ក្រុង​វ៉ាស៊ីនតោន ​ ប្រសិន​បើ​រដ្ឋាភិបាល​អាមេរិក​គោរព​ «អធិបតេយ្យ​ភាព»​ កម្ពុជា ​ហើយ​ឈប់​បង្រៀន​កម្ពុជា​អំពី​លទិ្ធ​ប្រជាធិបតេយ្យ​ និង​បញ្ហា​សិទ្ធិ​មនុស្ស​នានា។​

លោក​ Sebastian ​បាន​សរសេរ​តាម​សារ​អេឡិចត្រូនិក ​មាន​ន័យ​ដើម​ថា៖​

«សហរដ្ឋ​អាមេរិក​មាន​អតីត​កាល​ច្របូកច្របល់​នៅ​កម្ពុជា។ ​ប៉ុន្តែ​ការណ៍​នេះ​មិន​អាច​បញ្ឈប់​មិន​ឲ្យ​រដ្ឋាភិបាល​មាន​ភាព​ជិតស្និទ្ធ​កាន់​តែ​ខ្លាំង​ជាមួយ​ចិន​ ដែល​បាន​គាំទ្រ​ខ្មែរក្រហម​ដោយ​ផ្ទាល់​ជិត​ពីរ​ទសវត្សរ៍​នោះ​ទេ។​ ភាព​ខុស​គ្នា​គឺនៅ​ត្រង់​ថា​ ចិន​បាន​ទុក​រឿង​ទាំងអស់​នៅ​ក្នុង​អតីតកាល​ ហើយ​ចិន​មិន​ដែល​ធ្វើ​ដូច​អាមេរិក​ ក្នុង​ការ​ទាមទារ​ឲ្យ​លោក​ ហ៊ុន សែន​ គួរ​ដឹកនាំ​ប្រទេស​ដោយ​របៀប​ណា​នោះ​ទេ»។​

កាល​ពី​ថ្ងៃ​អង្គារ​ លោក​សួស យ៉ារ៉ា​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ក្នុង​នាម​លោក​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​កាន់​អំណាច​ បាន​ប្រាប់​ VOA ​ថា​ ប្រទេស​កម្ពុជា​មិន​ហ៊ាន​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ ដែល​លោក​ចាត់​ទុក​ថា​ ជា​មហាយក្ស​នោះ​ទេ​ តែ​ដើម្បី​អធិបតេយ្យ​ភាព​ខ្លួន ​កម្ពុជា​ត្រូវ​សម្រេច​ធ្វើ​កិច្ចការ​មួយ​ចំនួន​ដោយ​ខ្លួន​ឯង។​

«កម្ពុជា​មិនមាន​ប្រឆាំង​អាមេរិកាំង​និយម​ ឬ​មិន​ប្រឆាំង​ sentiment ​[មតិ] ​របស់​អាមេរិក​ទេ។ ​ប្រទេស​កម្ពុជា​គ្រាន់​តែចង់​បាន​មួយ​....ជាប្រទេស​តូចមួយ​ គឺ​ចង់​បាន​រក្សា​នូវ​អ្វីដែល​ជា​អធិបតេយ្យភាព​របស់​ខ្លួន​ និង​ឯករាជ្យ​ដែល​ទទួល​បាន។​ អីចឹង​យើង​មិន​មាន​បំណង​ណា​ទៅ​ប្រឆាំង​ ប្រទេស​មហា​យក្ស​ទេ​ តែ​អ្វី​ដែល​ជា​សិទ្ធិ​របស់​យើង យើង​ត្រូវ​ការពារ​បាទ»។​

ទស្សនកិច្ច​របស់​លោក​ លីវ យុនសាន​ បាន​កើត​ឡើង​តែ​ពីរថ្ងៃ​ បន្ទាប់​ពី​ក្រុម​តំណាងរាស្ត្រ​អាមេរិក​ដែល​មាន​ចំនួន​៨រូប​ និង​ភាគ​ច្រើន​មក​ពី​គណបក្ស​សាធារណៈរដ្ឋ​ បាន​ស្នើ​ឲ្យ​លោក​ ​Rex Tillerson​ ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ធ្វើ​ការ​ជាមួយ​សម្ព័ន្ធមិត្ត​ថ្នាក់​តំបន់​ និង​សហគមន៍​អន្តរជាតិ​ឲ្យ​ច្រើន​ថែម​ទៀត​ ដើម្បី​ប្រើប្រាស់​រាល់​មធ្យោបាយ​ការទូត​ ​ដើម្បី​បង្ខិត​បង្ខំ​ឲ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ​ដើរ​តាម​បទដ្ឋាន​ប្រជាធិបតេយ្យ​ទាំងឡាយ​ និង​នីតិរដ្ឋ។​ ក្រុម​តំណាងរាស្ត្រ​បញ្ជាក់​ឲ្យ​ដឹង​ថា​ ភាព​មិន​ចុះ​សម្រុង​គ្នា​ ការ​រៀបចំ​គណបក្ស​ យុទ្ធនាការ​ទាម​ទារ​ការ​កែប្រែ​នៅ​ថ្នាក់​មូលដ្ឋាន​ និង​វោហារ​សាស្រ្ត​នយោបាយ​ មិន​រាប់​ជា​អំពើ​ក្បត់​ជាតិ​នោះ​ឡើយ។​

រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែងសុន្ទរកថា​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ នៅ​សណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ (REUTERS/Romeo Ranoco)
រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែងសុន្ទរកថា​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ នៅ​សណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ (REUTERS/Romeo Ranoco)

​ពួក​គេ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​ស្តារ​ឡើង​វិញ​ស្ថានភាព​ដុនដាប​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ ​ប្រសិនបើ​កម្ពុជា​មាន​បំណង​ស្វែងរក​ចំណង​ទាក់​ទង​ប្រកប​ដោយ​យុទ្ធសាស្ត្រ​ និង​សេដ្ឋកិច្ច​ធំ​ទូលាយ​ជាមួយ​សហរដ្ឋ​អាមេរិក។​

ដោយ​ឡែក ​លោក សម​ រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង ​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​កម្ពុជា​ បាន​បើក​ការ​វាយ​ប្រហារ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ កាលពីថ្ងៃ​អង្គារ​ ដោយ​បាន​ពណ៌នា​ថា​ ​ចំណង​ទាក់ទង​កម្ពុជា​ចិន​ជា​ «ការ​បំពេញ​ចិត្ត​ប្រទេស​ចិន»​ ​ដែល​មេ​ដឹកនាំ​បដិវត្តន៍​ខ្មែរក្រហម​ ​ប៉ុល ពត ​ធ្លាប់​ពឹង​ពាក់​ដើម្បី​ការពារ​របប​ព្រៃផ្សៃ​របស់​ខ្លួន។​

លោក​សម រង្ស៊ី​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«កាល​ពី​សម័យ​ខ្មែរ​ក្រហម ​(១៩៧៥-១៩៧៩) ​ប៉ុល ពត ​បាន​ទៅ​អែប​ថ្នាក់​ដឹកនាំ​ចិន ​ដើម្បី​ឲ្យ​ប្រទេស​ចិន​ជួយ​ការពារ​របប​ព្រៃផ្សៃ​របស់​គាត់ ​ដែល​គេ​ស្អប់​ខ្ពើម​ទូទាំង​ពិភពលោក។ ​តែ​នៅ​ទី​បញ្ចប់ ​ពេល​ចិន​ឈប់​ត្រូវ​ការ​ ប៉ុល ពត ​ដោយ​សារ​តែ​ស្ថាន​ការណ៍​ក្នុង​ពិភពលោក​មាន​ការ​ប្រែប្រួល ​ចិន​ក៏​ទាត់ ប៉ុល ពត ​ចោល»។

អតីត​មេ​គណបក្ស​ប្រឆាំង​ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​រូប​នេះ​ បាន​បន្ថែម​ថា​ នៅ​ទីបញ្ចប់ ​ពេល​ចិន​ឈប់​ត្រូវ​ការ​លោក​ ហ៊ុន សែន ​ដោយសារ​តែ​ស្ថាន​ការណ៍​ក្នុង​ពិភព​លោក​មាន​ការប្រែ​ប្រួល​ម្តង​ទៀត​ ​ចិន​ក៏​នឹងទាត់​លោក​ ហ៊ុន សែន ​ចោល ​ដូច​ចិន​បាន​ទាត់​ ប៉ុល ពត ​ចោល​ដូច្នោះ​ដែរ៕

XS
SM
MD
LG