នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរងើបក្រោកឈរប្រឆាំងនឹងការឈ្លានពានពីបរទេស និងបានបង្កើនការវាយប្រហារលើសហរដ្ឋអាមេរិកដែលលោកចោទថា ជាប្រទេសគ្មានគុណធម៌ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស។
ថ្លែងទៅកាន់ក្រុមកម្មកររាប់ពាន់នាក់នៅក្នុងពិធីជួបជុំមួយធ្វើឡើងនាទីក្រុងភ្នំពេញ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលទើបបានបញ្ចប់ទស្សនកិច្ចខាងពាណិជ្ជកម្មនៅប្រទេសចិនកុម្មុយនីស្ត បានរំឭកដល់រដ្ឋប្រហារគាំទ្រដោយសហរដ្ឋអាមេរិកផ្តួលរំលំរបបដឹកនាំដោយអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្តេចនរោត្តម សីហនុ ហើយបានប្រកាសឲ្យពលរដ្ឋកម្ពុជាក្រោកឈរប្រឆាំងការជ្រៀតជ្រែកពីបរទេស។
«បងប្អូនជនរួមជាតិ សូមមេត្តាក្រោកឈរឡើង ប្រកាន់នយោបាយជាតិនិយម ការពារអធិបតេយ្យជាតិរបស់ខ្លួន ប្រឆាំងនឹងការជ្រៀតជ្រែករបស់បរទេស។ អតីតកាលដ៏ឈឺចាប់ ដោយសារការឈ្លានពានរបស់ពួកចក្រពត្តិអាមេរិក យើងមិនទាន់ភ្លេចទេ។ គ្រាប់បែក គ្រាប់មិនទាន់ផ្ទុះនៅច្រើនណាស់លើទឹកដីរបស់យើង។ រឿងរ៉ាវបានចាប់ផ្តើមសារជាថ្មី»។
ការលើកឡើងរបស់លោក ហ៊ុន សែន កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីលោកនាយករដ្ឋមន្ត្រីដែលកាន់អំណាចជាងបីទសវត្សរ៍មកនេះ បានអំពាវនាវឲ្យពលរដ្ឋកម្ពុជារៀនភាសាចិនឲ្យបានជ្រៅជ្រះ និងក្រោយការប្រកាសរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា ដែលបានច្រានចោលការចោទប្រកាន់ទាំងឡាយពាក់ព័ន្ធនឹងតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងសកម្មភាពនយោបាយរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំឃាំងពីបទប្រព្រឹត្តអំពើក្បត់ជាតិ។
ក្នុងការថ្លែងរបស់លោកទៅកាន់ក្រុមកម្មករនៅថ្ងៃសុក្រនេះ លោកហ៊ុន សែន ក៏បានបញ្ជាឲ្យកម្លាំងប៉ូលិស និងមន្ត្រីអន្តោប្រវេសន៍ស្រាវជ្រាវរកពលរដ្ឋអាមេរិកាំងដែលសង្ស័យថា បានធ្វើសកម្មភាពចារកម្មនៅកម្ពុជាមុន និងក្រោយឆ្នាំ ២០១៣។ លោក ហ៊ុន សែន បានចោទសហរដ្ឋអាមេរិកផងដែរថា ជាប្រទេសគ្មានគុណធម៌ និងសីលធម៌ចំពោះការត្រៀមបញ្ជូនពលរដ្ឋខ្មែរដែលបានប្រព្រឹត្តបទឧក្រិដ្ឋនៅអាមេរិកមកកម្ពុជាវិញ។
លោកបានទាមទារឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបញ្ជាក់ឲ្យបានច្បាស់ពីតួនាទីរបស់សហរដ្ឋអាមេរិក នៅពីក្រោយសកម្មភាពនយោបាយរបស់លោកកឹម សុខា។ លោកក៏បានដាក់ការសង្ស័យទៅលើការប្រកាសរបស់លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលស្នើឲ្យពលរដ្ឋអាមេរិកាំងប្រុងប្រយ័ត្នចំពោះបញ្ហាសន្តិសុខនៅប្រទេសកម្ពុជា។
«តើឯកឧត្តមត្រៀមវាយប្រហារចូលកម្ពុជា ទើបឲ្យជនជាតិអាមេរិកត្រូវប្រុងប្រយ័ត្ន ឬឯកឧត្តមមានព័ត៌មានថា ពួកភេរវកម្ម ISIS ឬ អាល់កៃដា (Al-Qaeda) ត្រៀមនឹងវាយប្រហារភេរវកម្មនៅកម្ពុជា? បើមានដូច្នេះមែន ម៉េចមិនចែករំលែកក្នុងភាពជាដៃគូនៃការប្រយុទ្ធប្រឆាំងភេរវកម្ម»។
កាលពីថ្ងៃទី១២ ខែកញ្ញា លោកឯកអគ្គរដ្ឋទូត William Heidt បានឆ្លើយតបខ្លាំងៗទៅនឹងការចោទប្រកាន់របស់លោក ហ៊ុន សែន ដែលថា អាមេរិកកំពុងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ដោយបាននិយាយថា ការចោទប្រកាន់នេះមិនមែនជាការណ៍ពិត ភូតកុហក និងគ្មានហេតុផល។
លោក Arend Zwartjes មន្ត្រីអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានបដិសេធមិនផ្តល់ការអធិប្បាយអំពីការវាយប្រហារដោយសម្តីរបស់លោក ហ៊ុន សែនមកលើសហរដ្ឋអាមេរិកនោះទេ។
ការបង្កើនវោហារសាស្ត្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វាយប្រហារលើរដ្ឋាភិបាលសហរដ្ឋអាមេរិក បានកើតឡើង បន្ទាប់ពីលោក វ៉ាង ជារួយ (Wang Jiarui) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ប្រាប់លោក ហ៊ុន សែនថា ទំនាក់ទំនងកម្ពុជា-ចិនគឺជាបងប្អូន និងជាមហាគ្រួសារ ព្រោះថា «ឧបសគ្គរបស់កម្ពុជា គឺជាឧបសគ្គរបស់ចិន» ហើយជោគជ័យរបស់កម្ពុជា គឺជាជោគជ័យរបស់ចិនផងដែរ។ ក្នុងជំនួបនេះដែលធ្វើឡើងនៅរាជធានីភ្នំពេញកាលពីសប្តាហ៍មុន លោក Wang បានសង្កត់ធ្ងន់ថា ចំណងទាក់ទងចិន និងកម្ពុជា គឺមិនអាចមានអ្នកណាមកបំបែកបំបាក់បានឡើយ។
ដោយឡែក កញ្ញា កឹម មនោវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិ បានប្រតិកម្មនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធការអំពាវនាវឲ្យពលរដ្ឋខ្មែរងើបប្រឆាំងសកម្មភាពឈ្លានពានរបស់បរទេស ដោយបានថ្លែងនៅក្នុងគណនីរបស់កញ្ញាលើបណ្តាញសង្គម Twitter ថា ការទទូចរបស់លោក ហ៊ុន សែន «ជាវោហារសាស្ត្រប្រកបដោយគ្រោះថ្នាក់ និងបង្កឲ្យមានការវាយបកមកវិញយ៉ាងងាយស្រួល»។
ពាក់ព័ន្ធនឹងការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្នើឲ្យអាជ្ញាធរកម្ពុជាបើកការស៊ើបអង្កេតលើពលរដ្ឋអាមេរិកាំងដែលត្រូវសង្ស័យថា បានប្រព្រឹត្តអំពើចារកម្មនៅកម្ពុជា នោះ កញ្ញាមនោវិទ្យាថ្លែងតាមគណនីរបស់កញ្ញាលើបណ្តាញសង្គម Twitterថា «ការបង្ក្រាបនាពេលនេះបានរាលដាលដល់ពលរដ្ឋអាមេរិកាំង»។
លោកហ៊ុន សែន ជាអតីតមេបញ្ជាការទ័ពខ្មែរក្រហមថ្នាក់តំបន់ម្នាក់ ដែលបានកាន់អំណាចក្នុងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ។ លោកបានពង្រីកវោហារសាស្រ្តរបស់លោកប្រឆាំងនឹងសហរដ្ឋអាមេរិកនៅពេលដែលមានការបង្ក្រាបយ៉ាងរន្ថើនទៅលើគណបក្សប្រឆាំង និងបណ្តាញព័ត៌មានដែលមិនចំណុះគណបក្សកាន់អំណាច មុនពេលការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
នៅថ្ងៃសុក្រដដែលនេះ លោក ហ៊ុន សែន ក៏បានព្រមានឲ្យសហរដ្ឋអាមេរិកដកអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps Cambodia ដែលមានគោលបំណងកសាងសមត្ថភាពរបស់មនុស្សប្រុស ស្រី នៅក្នុងប្រទេសពាក់ព័ន្ធនឹងការលើកកម្ពស់ការយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងប្រទេសដទៃ៕