ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ការពារ​ចំណាត់ការ​រដ្ឋាភិបាល​នៅ​មហាសន្និបាត​អ.ស.ប


លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ផ្តល់​បទសម្ភាសន៍​ផ្តាច់​មុខ ដល់​ VOA នៅ​ក្នុង​អំឡុង​ពេល​លោក​ចូលរួម​កិច្ច​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ២០១៧។ (ប៉ូច រាសី/VOA)
លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ផ្តល់​បទសម្ភាសន៍​ផ្តាច់​មុខ ដល់​ VOA នៅ​ក្នុង​អំឡុង​ពេល​លោក​ចូលរួម​កិច្ច​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ២០១៧។ (ប៉ូច រាសី/VOA)

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ​គឺ​លោក ប្រាក់ សុខុន បាន​យក​វេទិកា​ពិភពលោក​មួយ គឺ​មហាសន្និបាត​អ.ស.ប លើក​ទី៧២ ដើម្បី​វាយ​បក​ទៅលើ​ប្រទេស​មហាអំណាច​មួយចំនួន ដែល​បាន​រិះគន់​កម្ពុជា​ពី​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ចុងក្រោយ​នេះ។

នៅឯ​កិច្ច​ប្រជុំ​មហាសន្និបាត​ប្រចាំ​ឆ្នាំ ក្នុងបុរីញូវយ៉ក លោក ប្រាក់ សុខុន បានថ្លែងថា ការ​រិះគន់​ពី​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដែល​តម្រង់​គោលដៅ​លើ​កម្ពុជា​នេះ គឺ​ឈរ​លើ​ផលប្រយោជន៍​របស់​មហា​អំណាច ភ្នាក់ងារ​អ.ស.ប ក៏ដូចជា​អង្គការ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។

លោក ប្រាក់ សុខុន បាន​អះអាងថា ការ​វាយ​តម្លៃ​អំពី​ស្ថានការណ៍​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ គឺ​ប្រែប្រួល​ទៅតាម​ការ​ញុះញុង​របស់​មហាអំណាច​ខ្លះ ក៏ដូចជា​អង្គការ​អន្តរជាតិ​ធំៗ ដែល​កម្មវិធី​របស់ខ្លួន​មិនមាន​អព្យាក្រឹត្យភាព​នយោបាយ។ លោក​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖

«បញ្ហាសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ត្រូវបាន​គេ​លើកឡើង នៅពេល​ដែល​ហុច​ផលប្រយោជន៍​ជាក់លាក់​ទៅដល់​មហាអំណាច និង​ធ្វើឲ្យ​មាន​ចលនា​ប្រែប្រួល​តែប៉ុណ្ណោះ‍»។

រដ្ឋាភិបាល​កម្ពុជា​បាន​ទទួលរង​នូវ​ការ​រិះគន់​ជា​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​សហរដ្ឋ​អាមេរិក ក្រោយ​ពេល​ដែល​មាន​ការ​ធ្វើទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ បិទ​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ មុន​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៨​ខាងមុខ ជាពិសេស​ការចាប់​ខ្លួន​លោក កឹម សុខា មេដឹកនាំ​ក្រុមជំទាស់​ពី​‍«បទក្បត់ជាតិ‍» ហើយ​ចោទ​ប្រកាន់​ស.រ.អា ថា​នៅពី​ក្រោយ​មេដឹកនាំ​ក្រុម​ប្រឆាំង ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​នោះ។

តែ​នៅឯ​មហាសន្និបាត​អ.ស.ប ក្រោម​ប្រធានបទ​«ផ្តោតលើ​ការ​យក​ចិត្តទុក​ដាក់លើ​ប្រជាពលរដ្ឋ គឺ​ការ​ព្យាយាម​ធ្វើឲ្យ​មាន​សន្តិភាព និង​ជីវភាព​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់រូប​នៅលើ​ផែនដី​ប្រកប​ដោយ​និរន្តរភាព‍»នោះ លោក​រដ្ឋមន្ត្រី​ការបរទេស ប្រាក់ សុខុន បាន​ការពារ​រដ្ឋាភិបាល​របស់​លោក និង​ស្វះស្វែង​រក​ការ​ជឿជាក់​ពី​អ.ស.ប និង​មហាសន្និបាត​អ.ស.ប ចំពោះ​ស្ថានការណ៍​នយោបាយ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​កម្ពុជា។

លោកបាន​ធ្វើការ​រិះគន់​ក្រុម​ប្រឆាំង​ថា បាន​ធ្វើការ​អុចអាល​ពលរដ្ឋ​ឲ្យ​ដកបង្គោល​ព្រំដែន​ជាមួយ​ប្រទេសជិតខាង បញ្ឆេះ​កំហឹង​ពលរដ្ឋ​ឲ្យមាន​ការរើសអើង​ជាតិ​សាសន៍ ការប្រើ​ផ្សព្វផ្សាយ​សន្ធិសញ្ញា​និង​ផែនទី​ក្លែងក្លាយ។

អ្នក​តំណាង​កម្ពុជា ដែល​រិះគន់​អ្នក​រាយការណ៍​ពិសេស​អ.ស.ប ផ្នែក​សិទ្ធិមនុស្ស​ផង​នោះ បាន​ដាក់​សំណួរ​ថា តើ​ប្រទេស​ណា​គាំទ្រ​ទង្វើ​ដូច្នេះ នៅជិត​ចុង​បញ្ចប់​នៃ​សន្ទរកថា​របស់​លោក ក្នុងនាម​ជា​អ្នក​តំណាង​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​មហាសន្និបាត​អ.ស.ប ដែល​មាន​ប្រទេស​យ៉ាងតិច​១៩៣ ចូលរួម​នេះ។

រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ក៏បាន​ជួបប្រជុំ ហើយ​គ្រោងនឹង​ជួប​ជាមួយ​ដៃគូ​សំខាន់​ជាច្រើន រាប់​ទាំង​តំណាង​ប្រទេស​នានា និង​អ.ស.ប ផងដែរ ចាប់ពី​ថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែ​កញ្ញនោះ៕

XS
SM
MD
LG