ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ត្រូវ​បាន​ចោទ​ជា​សំណួរ​ក្នុង​ប្រទេស​កម្ពុជា


នេះ​ជា​ផ្ទាំងនៃ​គេហទំព័រ​ជា​ភាសា​អង់គ្លេស​របស់​វិទ្យុអាស៊ីសេរី។
នេះ​ជា​ផ្ទាំងនៃ​គេហទំព័រ​ជា​ភាសា​អង់គ្លេស​របស់​វិទ្យុអាស៊ីសេរី។

វិទ្យុអាស៊ី​សេរី​បាន​ស្ថិត​​ក្នុង​ជួរ​ជាមួយ​បណ្តាញ​ផ្សាយ​ព័ត៌មាន​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​បិទ​ដែល​ឥឡូវនេះ​ស្ទើរ​តែ​កម្ទេច​ទាំង​ស្រុង​នូវ​សារព័ត៌មាន​ឯករាជ្យ​​ក្នុង​ប្រទេស​កម្ពុជា ​នៅ​ពេល​ដែល​ការ​ខំ​ប្រឹងប្រែង​ខាង​ការទូត​របស់​សហរដ្ឋ​អាមេរិក​ និង​អឺរ៉ុប​បាន​ទទួល​បរាជ័យ​រហូត​មក​ទល់​ពេល​នេះ​ដើម្បី​ទប់​ស្កាត់​ប្រទេស​នេះ​កុំ​ឲ្យ​ធ្លាក់​ចូល​ទៅ​នឹង​លទ្ធិ​ផ្តាច់​ការ​មុន​ពេល​បោះឆ្នោត​​នៅ​ឆ្នាំ​ក្រោយ។

ការ​បិទ​បណ្តាញ​ព័ត៌មាន​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ផ្តល់​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​ជា​អ្វី​ដែល​គេ​ហៅថា ​ការ​បំភិត​បំភ័យ​ដែល​ជា​ការ​ធ្វើ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​ការ​រីក​កាន់​តែ​ធំ​ឡើង​នៅ​ក្នុង​ការ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដោយ​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន។

វោហាសាស្ត្រ​សម្របសម្រួល​ដែល​បានធ្វើ​ឡើងនៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​អង្គារ​ដោយ​លោក William Heidt ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក ​មិន​បាន​បញ្ឈប់​យុទ្ធនាការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន​ ដើម្បី​លាប​ពណ៌​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​ ជា​មេខ្លោង​គំនិត​នៃ​ការ​ឃុបឃិត​ដែល​ពាក់​ព័ន្​ធយ៉ាង​ខ្លាំង​នឹងពួក​ប្រឆាំង​រដ្ឋាភិបាល​ទេ។

​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ថា «ទាំងអស់​នេះ​ជា​ការ​ចោទប្រកាន់​ធ្ងន់​ធ្ងរ​បំផុត។ កិច្ចការ​ការទូត​ជា​ធម្មតា​បាន​ត្រូវ​ធ្វើ​ឡើង​ដោយ​ប្រើ​ភាសា​មាន​ការ​ប្រុងប្រយ័ត​ និង​ការ​គោរព​បំផុត ​ភាសា​បែបនេះ​ដែល​ខ្ញុំ​បាន​ប្រើ​ប្រាស់​នៅ​ពេល​សព្វថ្ងៃ​នេះ។ សារ​ដ៏​ពិបាក​ត្រូវ​បាន​គេបញ្ជូន​ជា​លក្ខណៈ​ឯកជន​ជាមុន។ ប្រទេស​ជា​មិត្ត​ស្វះស្វែង​រកមធ្យោបាយ​ដើម្បី​ផ្សះផ្សា​ការ​ខ្វែង​គំនិត​គ្នា​នេះ‍»។

២​ថ្ងៃ​ក្រោយ​មក ​សារព័ត៌មាន Fresh News ​ដែល​គាំទ្រ​រដ្ឋាភិបាល ​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ដែល​បាន​ប្រកាស​ថា ​សហរដ្ឋ​អាមេរិក «ត្រូវ​តែ​យក​ឧទ្ធម្ភាគចក្រ​ដឹក​ជញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​មក​ពី​ប្រទេស​កម្ពុជា ​ដូច​ដែល​ខ្លួន​បាន​ធ្វើ​កាល​ពី​ខែមេសា ​ឆ្នាំ១៩៧៥‍»។

ដោយ​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​ដុល្លារ​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ និង​ប្រជាធិបតេយ្យ​មាន​តែ​សម្បក​នៅ​កម្ពុជា ​នៅ​ពេល​នេះ​ សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​មាន​គណបក្ស​ប្រឆាំង​ ដែល​រង​ការរំខាន​ តែ​មួយ​គត់​ដើម្បី​បង្ហាញ​ពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ។ លោកកឹម សុខា ​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ដើម​ខែនេះ​នៅ​ក្នុង​ការទាក់​ទិន​ទៅនឹង​ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

លោក អ៊ា សុផល ​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​មាន​ចំណង​ជើងថា​ «ការ​ពឹង​ផ្អែក​ជំនួយក្នុង​ប្រទេស​កម្ពុជា៖ ​តើ​ជំនួយ​បរទេស​ធ្វើ​ឲ្យ​អន្តរាយ​លទ្ធិ​ប្រជាធិបតេយ្យ​យ៉ាង​ដូចម្តេច‍?» បាន​និយាយ​ថា «ជាទូទៅ ​បន្ទាប់​ពី​ប្រាក់​រាប់​ពាន់​លានដុល្លារ​បាន​ត្រូវ​វិនិយោគក្នុង​ប្រទេស​កម្ពុជា ​យើង​បាន​វិលត្រឡប់​ទៅ​កាន់​ទី​កន្លែង​ដែល​យើង​បាន​ស្ថិត​កាលពី​២៥​ឆ្នាំ​មុន‍»។

ធនធាន​ហិរញ្ញវត្ថុ​ដ៏​សន្ធឹក​សន្ធាប់​របស់​ប្រទេស​ចិន ​ជារឿយៗ​បាន​ត្រូវគេ​ចាត់​ទុក​ជា​កម្លាំង​ដែល​មិន​អាច​បញ្ឈប់​បាន​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​អានុភាព​របស់​ប្រទេស​លោក​ខាង​លិចក្នុង​ប្រទេស​កម្ពុជា ​ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានគាំទ្រ​ជា​សាធារណៈ​ដល់​ការ​ចាប់​ខ្លួនលោក​ កឹម សុខា ​ក្នុង​ប្រទេស​កម្ពុជា។

​ពេល​វិល​ត្រឡប់​មកពី​ប្រទេស​ចិន​វិញកាល​ពី​ថ្ងៃ​ពុធ ​លោក ហ៊ុន សែន ​បាន​សរ​សើរ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា ​«ជាអ្នកគាំទ្រ​ដ៏​ខ្លាំង​មួយ​ដែល​បន្ត​ជួយ​កម្ពុជា​គ្រប់​កាលៈទេសៈ ​ដែល​គ្មាន​ប្រទេស​ណា​អាច​បំបែក​បាន‍»។

ក៏ប៉ុន្តែ ការ​ជំពាក់​ជំពិន​ខាង​សេដ្ឋ​កិច្ច​របស់​កម្ពុជា​បាន​ធ្វើ​ឲ្យ​មាន​ការ​ស្មុគ្រស្មាញ​កាន់តែ​ខ្លាំង​ឡើង​ជាង​ការ​រួមវិភាគ​ទាន​ជំនួយ ​ហើយ​នៅ​ពេល​ដែល​មាន​ការ​តានតឹង​ជាមួយ​ប្រទេស​លោកខាង​លិច​រីកកាន់តែធំ​ឡើង ​វិធានការ​ដ៏​គំហុក​ដែល​នឹង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​មិន​អាច​គិត​ដល់​នៅ​ក្រោម​កាលៈទេសៈ​ធម្មតា​អាច​ដើរ​តួនាទី​ដ៏​សំខាន់។

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

​ជំនួយ​ទៅ​កាន់​ប្រទេស​កម្ពុជា​មាន​ប្រាក់​រាប់លាន​ដុល្លារ ក៏ប៉ុន្តែ ​ទីផ្សារ​នាំ​ចេញ​ទំនិញ ​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ទីផ្សារ​នាំ​ចេញ​ទំនិញ​ដ៏​ធំ​បង្អស់​របស់​កម្ពុជា​ដែល​មាន​ទឹក​ប្រាក់​៣,៥០០​លាន​ដុល្លារ​ ឬ​ស្មើ​នឹង​២២ភាគរយ​នៃ​ចំនួន​សរុបនាំ​ចេញ​ទាំង​អស់ នេះ​យោង​តាម​អង្គការ The Observatory of Economic Complexity ឬ (OEC) ។ កម្ពុជា​នាំ​ចេញ​ទៅ​ប្រទេស​ចិន​មាន​តែ​៤.៤ភាគរយ។

ទិន្នន័យ OEC បង្ហាញ​ថា កម្ពុជា​ក៏​ទទួល​បាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​អនុគ្រោះ​ការ​នាំ​ទំនិញ​ចេញ​ទៅ​កាន់​ទីផ្សារ​នៅ​អឺរ៉ុប ​ដោយ​ការនាំ​ទំនិញ​ចេញ​របស់​ខ្លួន មាន​ការ​កើន​ឡើង​ពី​៥៩៥លាន​ដុល្លារ​នៅ​ឆ្នាំ​២០០៦​ទៅ​ដល់​៥,២៥០​លាន​ដុល្លារនៅ​ឆ្នាំ​២០១៦ នៅ​ក្រោម​ផែនការ​ដែល​មាន​ទាំង​នៅ​ក្នុង​ច្បាប់​ការងារ​និង​សិទ្ធិ​មនុស្ស។​ បើ​ធ្វើ​ប្រៀបធៀប ​កម្ពុជា​មាន​ឱនភាព​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំង​ជា​មួយ​ប្រទេស​ចិន​ដែល​មាន​ទឹក​ប្រាក់​ប្រហែល​៣,០០០​លាន​ដុល្លារ។

មាន​ប្រទេស​ដែល​សហភាព​អឺរ៉ុប​បាន​ដក​មិន​ឲ្យ​នាំ​ទំនិញ​ចូល​ក្នុង​ទីផ្សារ​របស់​ខ្លួន​គឺ៖ ​ប្រទេស​ស្រីលង្កា​នៅ​ឆ្នាំ២០១០​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្សដែល​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​នៃ​សង្គ្រាម​ស៊ីវិល​របស់​ប្រទេស​នោះ ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ឆ្នាំ​១៩៩៧ ចំពោះ​ពលកម្ម​ដោយ​ការ​បង្ខំ​ហើយ​និង​ប្រទេស​បេឡារុស​នៅ​ឆ្នាំ​២០០៧ ​ចំពោះ​ការ​មិន​គោរព​សិទ្ធិ​របស់​សហជីព។

​អ្នកនាំ​ពាក្យ​សហភាព​អឺរ៉ុប​បាន​ប្រាប់ VOA ថា «អ្វី​ដែលកើត​មាន​ឡើង​នូវ​ទម្រង់​ការបែប​នេះ​ជា​ការ​រំលោភ​ដ៏​ធ្ងន់​ធ្ងរ​និង​ជា​ប្រព័ន្ធ​នៃ​សិទ្ធិ​មនុស្ស​ដ៏​សំខាន់​ ឬ​អនុសញ្ញា​សិទ្ធិ​ការងារ‍»។

ដូច្នេះ ខណៈ​ដែល​ការណ៍​នេះ​ជា​ការ​ពិត​ដែល​ការ​វិនិយោគទុន​បរទេស​ និង​ជំនួយ​របស់​ចិន​នៅ​កម្ពុជា​បាន​កើនឡើង​យ៉ាង​ខ្លាំង​នោះ ការ​និយាយ​ថា ​ទំនាក់​ទំនង​ប្រទេស​លោក​ខាង​លិច​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​មិន​បាន​ការ​ជា​ការ​មិន​អាច​ជឿ​បាន​ទេ។ នៅ​ឆ្នាំ​២០១៥ ការ​វិនិយោគ​ទុន​ដោយ​ផ្ទាល់​របស់​បរទេស (FDI) របស់​ចិន​មាន​ចំនួន​លើសលប់​លើ​ប្រទេស​ទាំងអស់​ដែល​មាន​ទឹក​ប្រាក់​សរុប​១,០០០​លាន​ដុល្លារ។

លោក Carl Thayer ​ជាសាស្ត្រាចារ្យ​នៅ​បណ្ឌិតសភា​ការពារ​ប្រទេស​អូស្ត្រាលី​បាន​និយាយ​ថា «បញ្ហា​ចុងក្រោយ​ដែល​លោក​ ហ៊ុន សែន​ ចង់​បាន​គឺ​បង្ក​រឿង​ជា​មួយសហរដ្ឋ​អាមេរិក​ មិន​ថា​តើ​សភា ​សេតវិមាន ឬ​អ្នក​តំណាង​ពាណិជ្ជកម្ម​សហ រដ្ឋ​អាមេរិក​នោះ​ទេ ក្នុង​គោលបំណង​បង្កើន​ការ​នាំ​ទំនិញ​ចេញ​របស់​កម្ពុជា​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។ ​ភាព​ចលាចលរបស់​ពួក​កម្មករ​រោងចក្រ​កាត់ដេរ​នឹង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ដល់​របប​លោក ហ៊ុន សែន ​ហើយ​និង​ផ្តល់​ប្រយោជន៍​ដល់​ពួក​ប្រឆាំង‍»។

មាន​កម្មករ​រោងចក្រ​កាត់​ដេរ​ជាង​៧សែន​នាក់​នៅប្រទេស​កម្ពុជា​ដែល​ជា​ឧស្សាហកម្ម​មួយ​ដែល​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ទីផ្សារ​ប្រទេស​លោក​ខាង​លិច។

សហរដ្ឋ​អាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ចេញ​ការ​ព្រមាន​ការ​ធ្វើ​ដំណើរ​ដល់​កម្ពុជា​ហើយ​ការ​រឹតត្បិត​ទិដ្ឋាការ​ថ្មី​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឡើង​លើ​មូលបទ​មិន​ទាក់​ទង​គ្នា​បាន​ត្រូវបកស្រាយ​ដោយ​អ្នក​វិភាគ​ខ្លះ​ថា​ជា​វិធានការ​នៃ​ការ​ដាក់​ទណ្ឌកម្ម។

ក៏ប៉ុន្តែ ​ក្រៅ​ពី​បញ្ហា​ខាង​លើ​ហើយ​និងសេចក្តី​ថ្លែងការណ៍​ធម្មតា​ដែល​សម្តែង​នូវ​ការ​ព្រួយ​កង្វល់​ហើយ​និង​ជំរុញ​ឲ្យ​មាន​តម្លាភាព ​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាលប្រលោក​ខាង​លិច​មាន​ភាព​ស្ងប់ស្ងៀម ​ជាពិសេស​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

លោក Thayer បាន​និយាយ​ទៀត​ថា «ខ្ញុំ​អាច​សន្និដ្ឋាន​ថា ​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ស្ថិត​នៅ​ក្នុង​ភាព​ច្របូក​ច្របល់​ជាមួយ​នឹង​រដ្ឋបាល​ថ្មី​របស់​លោក​ត្រាំ​ដែល​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ថ្មី​មាន​បទ​ពិសោធន៍​បន្តិច​បន្តួច​ក្នុង​វិស័យ​ការទូត​ មាន​កន្លែង​ទំនេរ​នៅ​កម្រិត​ជាន់​ខ្ពស់ ​ហើយ​និង​ឧបសគ្គ​នៃ​ការ​កាត់​បន្ថយ​ថវិកា‍»។

លោក Thayer និយាយ​ថា «មិន​មាន​ការឆ្លើយ​តប​ពី​រដ្ឋបាល​របស់​លោក​ត្រាំ​ដល់​ការ​លុប​ចោលការ​ធ្វើ​សមយុទ្ធ​ខាង​យោ​ធា​របស់​លោក ហ៊ុន សែន​ ជាមួយ​សហរដ្ឋ​អាមេរិក​កាល​ពី​ដើម​ឆ្នាំ​នេះ។ ​ចាប់​តាំង​ពីនោះ​មក ​សុន្ទរកថា​របស់​លោក​ប្រធានាធិបតី​ត្រាំ​ស្តី​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ក្នុង​នោះ​ដែល​លោក​មិន​បាន​និយាយ​ពីការ​ស្ថាបនា​ប្រទេស​ឡើង​វិញ​ និង​ផ្សព្វផ្សាយ​លទ្ធិ​ប្រជា​ធិបតេយ្យ ​តើ​នរណា​នៅ​ក្រសួង​ការបរទេស​នឹង​ផ្តួចផ្តើម​ប្រឆាំង​នឹង​លោក ​ហ៊ុន សែន ​នោះ?‍»។

លោក​ប្រធានា​ធិបតី​ត្រាំ​ក៏​បាន​លុបចោល​ឧបករណ៍​ខាង​ការទូត​ដ៏​សំខាន់​របស់​ក្រសួង​ការបរទេស​នៅ​ក្នុង​តំបន់​អាស៊ីគឺ កិច្ច​ព្រម​ព្រៀង​ឆ្លង​កាត់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​ឬ (TPP)។

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​អាទិភាពសំខាន់ៗ​មាន​ច្រើន មាន​ទាំង​នៅ​ក្នុង​តំបន់​អាស៊ី​ផង​ដែរ។ លោក​ស្រី Barbara Lochbihler ​អនុ​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​របស់​សភា​សហភាព​អឺរ៉ុប​បាន​និយាយថា «ទោះ​បី​យើង​ចូល​ចិត្ត​ ឬ​មិន​ចូលចិត្ត​ក៏ដោយ ​ប្រទេស​កម្ពុជា​មិនមែន​ស្ថិត​នៅ​ចំណុច​មួយ​ដែល​ហៅ​ថា ចំណុច​ក្តៅ​នៃ​នយោបាយ​សាកលលោក​ដូចជា ​ប្រទេស​អាហ្វហ្គានីស្ថាន ប៉ាគីស្ថាន ​ឬ​ប្រទេស​មីយ៉ាន់ម៉ា​ទេ‍»៕

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG